សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា​នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី​​ «ដំណើរកម្ពុជាពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅសេរីភាព និងការរីកចម្រើន»

ឯកឧត្តម ចូហ្សេ រ៉ាម៉ូស ហតតា ប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេឯកឧត្តម ហ្សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេអស់លោក លោកស្រី អ្នកនាងកញ្ញា ជាភ្ញៀវកិត្តិយសទាំងអស់! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដោយមានឱកាសមកចែករំលែកបទពិសោធផ្ទាល់ខ្លួនស្តីពី មេរៀនរបស់ខ្ញុំ៖ ដំណើរកម្ពុជាពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅរកសេរីភាព និងការរីកចម្រើន​។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ប្រធានាធិបតី ចូហ្សេ រ៉ាម៉ូស ហតតា និងឯកឧត្តមនាយករដ្ឋមន្ត្រី ហ្សាណាណា ហ្គូសម៉ៅ ដែលបានរៀបចំកម្មវិធីបាឋកថាជាពិសេស ក្នុងឱកាសទស្សនកិច្ចរបស់ខ្ញុំនៅទីនេះជាលើកទី២។ ទស្សនកិច្ចលើកទី១ គឺក្នុងឆ្នាំ២០១៦ ដែលកាលនោះ ខ្ញុំនៅជានាយករដ្ឋមន្រ្តី។ ខ្ញុំបានសរសេរ និងចែករំលែកយ៉ាងក្រាស់ក្រែលអំពីដំណើរជីវិតរបស់ខ្ញុំ ដែលពាក់ព័ន្ធនឹងជោគវាសនានៃមាតុភូមិកម្ពុជា។ ថ្មីៗនេះ ក្នុងឱកាសកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំបានលើកចំណុចសំខាន់ៗជា​ច្រើនអំពីការកសាងសន្តិភាព និងការអភិវឌ្ឍជាតិតាម នយោបាយឈ្នះ-ឈ្នះ។ ពីម្សិលមិញ ខ្ញុំក៏បានធ្វើបាឋកថាលើប្រធានបទនេះដែរ ក្នុងសិក្ខាសាលារៀបចំឡើងដោយវិទ្យាស្ថាន​សេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។…