ឯកឧត្តម ចូហ្សេ រ៉ាម៉ូស ហតតា ប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
ឯកឧត្តម ហ្សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រី
ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
អស់លោក លោកស្រី អ្នកនាងកញ្ញា ជាភ្ញៀវកិត្តិយសទាំងអស់!
ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដោយមានឱកាសមកចែករំលែកបទពិសោធផ្ទាល់ខ្លួនស្តីពី មេរៀនរបស់ខ្ញុំ៖ ដំណើរកម្ពុជាពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅរកសេរីភាព និងការរីកចម្រើន។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ប្រធានាធិបតី ចូហ្សេ រ៉ាម៉ូស ហតតា និងឯកឧត្តមនាយករដ្ឋមន្ត្រី ហ្សាណាណា ហ្គូសម៉ៅ ដែលបានរៀបចំកម្មវិធីបាឋកថាជាពិសេស ក្នុងឱកាសទស្សនកិច្ចរបស់ខ្ញុំនៅទីនេះជាលើកទី២។ ទស្សនកិច្ចលើកទី១ គឺក្នុងឆ្នាំ២០១៦ ដែលកាលនោះ ខ្ញុំនៅជានាយករដ្ឋមន្រ្តី។
ខ្ញុំបានសរសេរ និងចែករំលែកយ៉ាងក្រាស់ក្រែលអំពីដំណើរជីវិតរបស់ខ្ញុំ ដែលពាក់ព័ន្ធនឹងជោគវាសនានៃមាតុភូមិកម្ពុជា។ ថ្មីៗនេះ ក្នុងឱកាសកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំបានលើកចំណុចសំខាន់ៗជាច្រើនអំពីការកសាងសន្តិភាព និងការអភិវឌ្ឍជាតិតាម នយោបាយឈ្នះ-ឈ្នះ។ ពីម្សិលមិញ ខ្ញុំក៏បានធ្វើបាឋកថាលើប្រធានបទនេះដែរ ក្នុងសិក្ខាសាលារៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
ជាការពិតណាស់ថា បទពិសោធ បរិបទ និងស្ថានភាពនយោបាយ ក៏ដូចជាប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗមិនដូចគ្នាទេ។ ដូច្នេះហើយ អ្វីដែលជាបទពិសោធល្អរបស់កម្ពុជា អាចលំបាកនឹងអនុវត្តនៅក្នុងបរិបទរបស់ប្រទេសផ្សេង។ ប៉ុន្តែ ខ្ញុំជឿជាក់ថា គោលគំនិត និងគោលដៅរួមនៃ “នយោបាយឈ្នះ-ឈ្នះ” ដែលឆ្លើយតបសេចក្តីប្រាថ្នាចង់រស់នៅក្នុងភាពសុខដុមរុងរឿងរបស់ប្រជាជនទាំងអស់ ពិតជាមានតម្លៃសម្រាប់ជាមូលដ្ឋានគ្រឹះនៃការកសាងសន្តិភាពយូរអង្វែង និងមានបរិយាប័ន្ន។ ហេតុនេះ ខ្ញុំពេញនឹងចិត្តចែករំលែកឱ្យបានយល់ដឹងទូលំទូលាយ ថាតើកម្ពុជាងើបចេញពីចំណុចសូន្យរហូតសម្រេចបានវឌ្ឍនភាពដូចសព្វថ្ងៃដោយរបៀបណា។
សម្រាប់អ្នកដែលពុំសូវស្គាល់កម្ពុជា ខ្ញុំសូមបញ្ជាក់ជូនបន្តិចថា ក្រោមការផ្តួចផ្តើម និងដឹកនាំអនុវត្តរបស់ខ្ញុំ “នយោបាយឈ្នះ-ឈ្នះ” បានសម្រេចនូវសន្តិភាព និងឯកភាពទឹកដីនៅឆ្នាំ១៩៩៨ ដោយបញ្ឈប់ជាស្ថាពរនូវចម្បាំងបង្ហូរឈាមរវាងខ្មែរ និងខ្មែរ។ នេះគឺជាសន្តិភាពពេញលេញ និងយូរអង្វែង ដែលប្រជាជនខ្មែរពុំធ្លាប់ស្គាល់ទាល់តែសោះ ក្នុងអំឡុងពេល ៥០០ ឆ្នាំ មកហើយ ក្រោយពីការធ្លាក់ចុះនៃអាណាចក្រអង្គរ។ ការបង្រួបបង្រួមជាតិដោយគ្មានប្រើគ្រាប់កាំភ្លើង និងការបង្ហូរឈាមនេះ ប្រហែលមានតែនៅកម្ពុជាប៉ុណ្ណោះ។ នេះមិនមែនជាអំណួតទេ តែជាមោទនភាពក្នុងការនាំមកនូវសន្តិភាព និងការផ្សះផ្សាបង្រួបបង្រួមជាតិ ដោយសន្តិវិធី បន្ទាប់ពីប្រជាជនយើងបានឆ្លងកាត់ប្រវត្តិសាស្ត្រនៃការបែកបាក់គ្នា និងសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ឯង នៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។
[ផ្ដើមសេចក្ដីអធិប្បាយ១]
ថ្ងៃនេះ មិនដូចជាថ្ងៃមុនទេ។ បឋកថានេះ មានការខុសប្លែកបន្ដិច។ ខ្ញុំសូមលើកយក ៧ចំណុច មកបញ្ជាក់និង បង្ហាញជូននៅទីនេះ។ ប៉ុន្ដែ វាក៏មានចំណុចដូចគ្នាទៅនឹងចំណុចដែលបានលើកពីមុន ដោយគ្រាន់តែបំបែកចេញនូវចំណុចដែលទាក់ទិនទៅនឹងដំណើរជាតិកម្ពុជា។
[ចប់សេចក្ដីអធិប្បាយ១]
ក. ឆ្នាំសូន្យរបស់កម្ពុជា
ថេរវេលាពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ត្រូវបានអ្នកប្រវត្តិសាស្ត្រចាត់ទុកថា ជាយុគសម័យដ៏ខ្មៅងងឹត ឬជាឆ្នាំសូន្យរបស់កម្ពុជា ដែលគេស្គាល់ថាជារបបខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ និងចុងក្រោយ គេហៅថារបបប្រល័យពូជសាសន៍។ របបកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើង ក្រោយពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ គឺតែ ១ ថ្ងៃក្រោយបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ត្រង់នេះ ខ្ញុំសូមបញ្ជាក់ថា ក្នុងសង្គ្រាមស៊ីវិលនៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ ១៩៧៥ មានភាគីម្ខាងគឺរបប លន់ នល់ និងម្ខាងទៀតមានកងកម្លាំងនៃចលនារំដោះជាតិសីហនុនិយម និងកងទ័ពខ្មែរក្រហម តែពួកខ្មែរក្រហមបានដណ្តើមយកអំណាចគ្រប់គ្រងតាមមនោគមវិជ្ជារបស់គេ ខណៈអ្នកមាននិន្នាការសីហនុនិយម ដែលក្នុងនោះមានរូបខ្ញុំម្នាក់ដែរ ត្រូវគេតាមប្រមាញ់កំទេចចោល។ ដើម្បីរក្សាជីវិត ខ្ញុំត្រូវលាក់កំបាំងទស្សនៈ និងមូលហេតុពិតប្រាកដ ដែលនាំឱ្យខ្ញុំបោះបង់សិក្សាទៅចូលរួមជាមួយកងកម្លាំងរំដោះជាតិ ក្រោយពីមានរដ្ឋប្រហារទម្លាក់ព្រះករុណា នរោត្តម សីហនុ ពីតំណែងជាប្រមុខរដ្ឋ។
[ផ្ដើមសេចក្ដីអធិប្បាយ២]
ត្រង់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនបន្ដិចថា «ហេតុអ្វីបានជាខ្ញុំបានជ្រើសរើសចូលរួមជាមួយចលនាតស៊ូរបស់សម្ដេចព្រះ នរោត្ដម សីហនុ»។ មានជម្រើស ៤ យ៉ាងដែលខ្ញុំអាចជ្រើសរើសនៅពេលនោះ។ ទី១ ខ្ញុំត្រឡប់ចូលទៅទីក្រុងភ្នំពេញវិញ ដើម្បីបន្ដការសិក្សា។ ទី២ ខ្ញុំអាចចូលធ្វើជាទាហានរបស់ លន់ នល់ ក្រោយពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ដោយមានការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅ។ ទី៣ ខ្ញុំអាចចូលរួមជាមួយចលនាតស៊ូដើម្បីរំដោះជាតិ តាមការអំពាវនាវរបស់សម្ដេចព្រះ នរោត្ដម សីហនុ និងទី៤ ខ្ញុំមិនធ្វើអីទាំងអស់។ ប៉ុន្ដែ ប្រទេសកម្ពុជាមិនទុកឲ្យអ្នកណានៅដោយមិនអាចក្លាយទៅជាចំណាប់ខ្មាំងនៃសង្គ្រាមនោះទេ។ ក្នុងចំណោមជម្រើសដែលនៅសល់ ខ្ញុំបានសម្រេចចិត្តប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បរទេស។ បន្ទាប់ពីរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ខ្ញុំត្រូវលះបង់ការសិក្សា ហើយសម្រេចចិត្តតស៊ូរំដោះប្រទេស។ ប៉ុន្ដែ ជាអកុសល ក្រោយប្រទេសត្រូវបានរំដោះ ខ្លួនខ្ញុំក៏ដូចជាយុវជនដទៃទៀត និងប្រជាជនកម្ពុជាទាំងមូល ក៏បានក្លាយទៅជាជនរងគ្រោះនៃការរំដោះប្រទេសមួយនេះ។
[ចប់សេចក្ដីអធិប្បាយ២]
ក្នុងរបបខ្មែរក្រហមនេះ ប្រជាជាជនខ្មែរជាងបីលាននាក់ត្រូវបានសម្លាប់ ស្លាប់ដោយជំងឺ និងការអត់ឃ្លាន។ ដោយសារការប្រកាន់មនោគមវិជ្ជានយោបាយយ៉ាងងងឹតងងុល មិនបានស្វែងយល់អោយហ្មត់ចត់ពីភូមិសាស្ត្រនយោបាយ ប្រជាជន វប្បធម៌ និងស្ថានភាពតំបន់ និងអន្តរជាតិ ពួកខ្មែរក្រហមបានធ្វើបដិវត្តវប្បធម៌បោសសម្អាតផ្នត់គំនិត និងប្រពៃណីពីសង្គមចាស់ រួមទាំងតាមរយៈការប្រហារជីវិតមនុស្សតែម្តង។ សាលារៀន និងវត្តអារាមត្រូវបានកំទេច ឬប្រែក្លាយជាគុក ឬឃ្លាំងជីកសិកម្ម និងជង្រុកស្រូវ។ ប្រព័ន្ធសេដ្ឋកិច្ច និងប្រព័ន្ធអប់រំត្រូវលុបបំបាត់ អ្នកប្រាជ្ញ បញ្ញវន្ត គ្រូបង្រៀន និងសូម្បីតែអ្នកចេះអក្សរជ្រៅជ្រះ ក៏ត្រូវសម្លាប់ដែរ។ ប្រជាជនកម្ពុជាភាគច្រើន ដែលបានឆ្លងកាត់សម័យប្រល័យពូជសាសន៍មានបញ្ហាផ្លូវចិត្ត ខ្លាចរអារ ដោយសារតែអំពើឃោរឃៅក្នុងសម័យនោះ។ កម្ពុជាបានក្លាយជាវាលពិឃាដ ជាប្រទេសដែលគ្មានដួងព្រលឹង និងជាគុកឥតជញ្ជាំង ខណៈដែលប្រជាជនត្រូវរងទុក្ខវេទនាដោយការរំលោភបំពានសិទ្ធិមនុស្សគ្រប់បែបយ៉ាង រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ របបខ្មែរក្រហមធ្វើសង្គ្រាមលើប្រជាជនឯងផង និងប្រឆាំងវៀតណាមជាអ្នកជិតខាងផងដែរ។
ខ. ការលះបង់របស់សម្តេចតេជោ
[ផ្ដើមសេចក្ដីអធិប្បាយ៣]
ចំណុចទី២ ខ្ញុំចង់និយាយពីការលះបង់របស់ខ្ញុំ។ អម្បាញ់មិញ ពីខាងលើ ខ្ញុំបាននិយាយអំពីការលះបង់របស់ខ្ញុំក្នុងដំណាក់កាល១៩៧០ ដល់១៩៧៥។ ខ្ញុំក៏គួរជម្រាបថា ខ្ញុំបានចូលរួមក្នុងសង្គ្រាម ១០៥សមរភូមិ ដោយមិនទាន់គិតពីការទម្លាក់គ្រាប់បែក ឬគ្រាប់ផ្លោងនោះទេ។ ខ្ញុំត្រូវរបួស ៥ដង រាប់ទាំងពិការភ្នែកម្ខាង គឺពិការភ្នែកឆ្វេង នៅថ្ងៃទី ១៦មេសា ១៩៧៥ មួយថ្ងៃប៉ុណ្ណោះមុនរំដោះទីក្រុងភ្នំពេញពីរបប លន់ នល់។
[ចប់សេចក្ដីអធិប្បាយ៣]
ក្នុងស្ថានភាពដ៏អាក្រក់នោះ រូបខ្ញុំជាមេបញ្ជាការគ្រប់គ្រងកម្លាំង ២ ពាន់នាក់ មានជម្រើស ៤។ ទី១. ងើបបះបោរជាមួយកម្លាំងតែ ២ ពាន់នាក់ ដែលអាចឈរជើងតស៊ូបានមួយរយៈខ្លី ហើយប្រាកដជានឹងត្រូវគេកម្ទេចចោលទាំងអស់គ្នាតែម្តង។ ខ្ញុំមិនជឿថា កងទ័ពជាង២ពាន់នាក់នេះ អាចយកឈ្នះទៅលើកងទ័ព ដែលមានជាង១៨ម៉ឺននាក់កាលពីពេលនោះបានឡើយ ទី២. ភៀសខ្លួនទៅប្រទេសវៀតណាមដើម្បីប្រមូលកម្លាំងធ្វើការតស៊ូ ទី៣. នៅស្ងៀមបណ្តោយឱ្យពួក ប៉ុល ពត បន្តកាប់សម្លាប់ជាតិឯង រួមទាំងរូបខ្ញុំផងដែរ និងទី៤. ធ្វើអត្តឃាត ព្រោះមិនអាចទ្រាំទ្រនឹងទុក្ខវេទនាផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។ តែទីបំផុត ខ្ញុំយកជម្រើសទី២ គឺភៀសខ្លួនទៅវៀតណាម ដោយយល់ថា ទោះបីជាមានសង្ឃឹមតិចប៉ុណ្ណា ឬត្រូវអស់ជីវិត ក៏ខ្ញុំត្រូវតែសាកល្បង។ សម្រាប់ជម្រើសនេះ ក្រុមគ្រួសាររបស់ខ្ញុំទាំងអស់គ្នាក៏ត្រូវប្រឈមនឹងហានិភ័យ ពីការសម្លាប់របស់ពួកខ្មែរក្រហមផងដែរ។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
ដល់ទីនេះ ខ្ញុំគិតថា នៅលើពិភពលោក គ្មានមេដឹកនាំប្រទេសណាមួយមានភ័ព្វវាសនាអាក្រក់ជាងខ្ញុំទៀតទេ។ [ដាច់សម្លេង] ឯកឧត្តម ហ្សាណាណា ហ្គូសម៉ៅ ក៏សុទ្ធតែជាជនរងគ្រោះ និងជាអ្នកតស៊ូ។ ប៉ុន្ដែខ្ញុំគិតថា លើលោកនេះ ក្នុងចំណោមមេដឹកនាំ គ្មានអ្នកណាដែលអភ័ព្វនិងលំបាកជាងខ្ញុំទៀតទេ។ ក្នុងសង្គ្រាមរំដោះជាតិ ខ្ញុំត្រូវរងរបួស។ ការរបួសវាឈឺចាប់ណាស់ទៅហើយ ប៉ុន្ដែអ្វីដែលជាការឈឺចាប់ជាងនេះទៀតនោះ គឺ(អ្វីដែលបានកើត)នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ អ្នកទាំងអស់គ្នាអាចប្រមើលមើលថា ខ្ញុំនិងភរិយាត្រូវរៀបការ ១៣គូ ក្នុងមួយពេល។ ជាអាពាហ៍ពិពាហ៍ដ៏ចំលែក។ ការដែលរៀបការម្តង ១៣គូនេះ ក៏ចាត់ទុកថាជាសំណាងហើយ។ ក្នុងរបប ប៉ុល ពត ជាទូទៅការរៀបការម្ដងៗ ពី១០០ ទៅ២០០ ទៅ៣០០ គូក៏មាន។ ប៉ុន្ដែ ត្រង់នេះ ខ្ញុំក៏អាចទាញជាការសន្និដ្ឋានបានថា សុភមង្គលរបស់គ្រួសារមិនកើតឡើងដោយសារការរៀបការអធិកអធមទេ។
នៅឆ្នាំក្រោយនេះ ជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងមានអាយុគ្រប់ ៥០ឆ្នាំ ជាមួយកូន ៥នាក់ និងចៅ ២២នាក់។ កូនប្រុសច្បង ដែលកាលពីឆ្នាំ១៩៧៩ ហៅខ្ញុំថា “ពូ” ដោយសារ(ពេល)ដែលខ្ញុំចាកចេញទៅដឹកនាំកម្លាំងតស៊ូ គេនៅក្នុងពោះម្ដាយនៅឡើយ។ គេបានជាប់គុកជាមួយម្ដាយ បានរត់លូននៅក្នុងព្រៃជាមួយម្ដាយ។ នៅពេលដែលជួបខ្ញុំ អ្នកទាំងអស់គ្នាអាចស្មានបានថា តើមានអារម្មណ៍បែបណាពេលដែលកូនហៅពូ រយៈពេល ២ខែ ទម្រាំកូនស្គាល់ថាជាឪពុក។ នេះជាសោកនាកម្មដែលបានកើតសម្រាប់រូបខ្ញុំ។ រឿងនេះក៏បានប្រែក្លាយខ្លួនខ្ញុំ ឲ្យទៅជាការខិតខំដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខិតខំស្វែងរកសន្ដិភាព។ ប្រសិនបើគ្មានការជិះជាន់ សង្កត់សង្កិន កាប់សម្លាប់ សង្គ្រាមបែកបាក់ វាក៏មិនចាំបាច់ឲ្យយើងមានការខិតខំប្រឹងប្រែងដែរ។ ប៉ុន្ដែ ដោយសារអតីតកាលដ៏ឈឺចាប់នេះហើយ ដែលយើងត្រូវខិតខំដើម្បីងើបឈរឡើង រំដោះប្រទេសជាតិ និងរក្សាសន្ដិភាព សម្រាប់ការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃ។
[ចប់សេចក្ដីអធិប្បាយ៤]
ខ្ញុំមានឱកាសក្នុងការសំងំសុខ ក្នុងពេលដែលខ្ញុំមានអាយុត្រឹមតែ ២៥ ឆ្នាំប៉ុណ្ណោះ និងអាចជ្រកក្រោមសិទ្ធិនយោបាយនៅបរទេសទៀតផង តែប្រជាជនកម្ពុជាប្រហែលជាមិនបានជួបនូវសន្តិភាពពេញលេញទេ។ ខ្ញុំបានតស៊ូដោយមានការជ្រោមជ្រែងពីមិត្តវៀតណាម និងបានរំដោះកម្ពុជា ពីរបបខ្មែរក្រហមនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនខ្មែរនៅមានជីវីតសល់ពីរបបព្រៃផ្សៃនេះ ប្រសិទ្ធនាមថាជាថ្ងៃកំណើតទី២ របស់ខ្លួន។ ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលបានក្លាយជាមនុស្សម្នាក់ ចាប់ផ្តើមការតស៊ូដោយមានកម្លាំងមនុស្សតែ ៤ នាក់ ដើម្បីរំដោះប្រទេសដ៏កម្សត់របស់យើង ឱ្យបានចាកចេញផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ដោយយកជីវិតខ្លួនឯងធ្វើជាដើមទុន យកមនសិការស្នេហាជាតិដ៏ធំធេងរបស់ខ្ញុំ ធ្វើជាកម្លាំងនៃសេចក្តីក្លាហាន និងយកបញ្ញាញាណ ធ្វើជាត្រីវិស័យនាំផ្លូវ។ ទោះរបបខ្មែរក្រហមបានដួលរលំនៅដើមឆ្នាំ១៩៧៩ តែប្រជាជនខ្មែរមិនបានរស់នៅក្នុងសុខសន្តិភាពនោះទេ ដោយកម្ពុជាបន្តនៅជាទីលានប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ក្នុងសង្រ្គាមត្រជាក់រវាងលោកខាងលិច និងសម្ព័ន្ធមិត្តរបស់សហព័ន្ធសង្គមនិយមសូវៀត។
គ. កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពសម្រាប់កម្ពុជា
ពួកខ្មែរក្រហមបានឆក់យកជីវិតប្រជាជនខ្មែរជាង ៣ លាននាក់ ក្រោយពីបានកាន់កាប់អំណាចត្រឹមតែ ៣ ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។ តែរឿងដែលនឹកស្មានមិនដល់ គឺពួកខ្មែរក្រហមត្រូវបានអនុញ្ញាតឱ្យកាន់កាប់អាសនៈស្របច្បាប់របស់កម្ពុជា នៅអង្គការសហប្រជាជាតិ និងបន្តធ្វើសង្រ្គាមដណ្តើមយកអំណាចមកវិញ អស់រយៈកាល ១២ ឆ្នាំបន្ថែមទៀត គឺរហូតដល់ឆ្នាំ១៩៩១។ សហគមន៍អន្តរជាតិមិនត្រឹមតែមិនទទួលស្គាល់រដ្ឋាភិបាល ដែលបានរំដោះជាតិពីការកាប់សម្លាប់បំផ្លិចបំផ្លាញនោះទេ គឺថែមទាំងដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយយ៉ាងពេញទំហឹងទៀតផង ដែលបង្ខំឱ្យជនរងគ្រោះសល់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវទ្រាំរស់ និងតស៊ូស្តារប្រទេសជាតិឡើងវិញ ក្រោមទម្ងន់នៃទណ្ឌកម្ម និងគ្រោះថ្នាក់នៃការវិលត្រឡប់មកវិញនៃរបប ប៉ុល ពត។
ការភ័យខ្លាចរាលដាលមនោគមវិជ្ជាពិតជាមានទំហំធំធេង រហូតធ្វើឱ្យសហគមន៍អន្តរជាតិសុខចិត្តបិទភ្នែកឱ្យពួកខ្មែរក្រហម ដែលមានបាតដៃប្រឡាក់ឈាម បន្តគំរាមកំហែងដល់ការរស់រានឡើងវិញនៃសង្គមជាតិ និងអរិយធម៌ខ្មែរ។ …
[ចប់សេចក្ដីអធិប្បាយ៥]
ក្នុងឋានៈជារដ្ឋមន្ដ្រីការបរទេស ដែលមានវ័យត្រឹម ២៧ឆ្នាំ កាលពីពេលនោះ ខ្ញុំទទួលបានការប្រមាថ ហើយក៏មានការឈឺចាប់រហូតមកដល់ពេលនេះ។ ខ្ញុំមិនមានកំហឹងណាមួយចំពោះពួកគេទេ តែខ្ញុំត្រូវប្រឹងប្រែងងើបឈរឡើង ដើម្បីធ្វើឲ្យកម្ពុជាមានមុខមានមាត់ស្មើគេ ត្រូវបានទទួលស្គាល់ជាអន្ដរជាតិថាជាប្រទេសមួយដែលបានចូលរួមចំណែកកសាងប្រទេសខ្លួនឯង និងចូលរួមរក្សាសន្ដិភាពនៅលើពិភពលោកផងដែរ។ ចាប់ពីឆ្នាំ២០០៦ រហូតដល់ពេលនេះ កម្ពុជាបានបញ្ជូនកងទ័ពជាង ១ម៉ឺននាក់ទៅកាន់ប្រទេស១០ ដើម្បីចូលរួមរក្សាសន្ដិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ យើងពិតជាមានការលំបាកខ្លាំងណាស់។ ប្រជាជនរបស់យើងពិតជាបានរងគ្រោះ។
ខ្ញុំសូមបញ្ជាក់បន្ដិចថា ធ្វើជារដ្ឋមន្ដ្រីការបរទេសក្នុងវ័យ ២៧ឆ្នាំ នៅក្នុងវ័យ ២៩ឆ្នាំ ខ្ញុំបានធ្វើជាឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីការបរទេស ហើយនៅក្នុងវ័យ ៣២ឆ្នាំ ខ្ញុំធ្វើជានាយករដ្ឋមន្ដ្រី។ ការកាន់តំណែងនាយករដ្ឋមន្ដ្រីនេះមានរយៈពេល ៣៨ឆ្នាំ។ មានន័យថា (ធ្វើនាយករដ្ឋមន្ត្រី)ពីវ័យក្មេងជាងគេ ទៅយូរជាងគេនៅលើពិភពលោក។ កាលពីសម័យនោះ មិនមាននាយករដ្ឋមន្រ្ដីដែលមានអាយុតិចជាងខ្ញុំទេ។ កន្លងទៅ នៅពេលដែលខ្ញុំលាលែងមិនធ្វើនាយករដ្ឋមន្ដ្រីបន្ដទៀត នាយករដ្ឋមន្ដ្រីបច្ចុប្បន្ននេះបានចូលកាន់ការនៅឆ្នាំ២០២៣ ក្នុងអាយុ ៤៥ឆ្នាំ។ គេថាជានាយករដ្ឋមន្ដ្រីដែលក្មេង។ ប៉ុន្ដែ ពេលដែលខ្ញុំចូលធ្វើនាយករដ្ឋមន្ដ្រី គឺតាំងពីអាយុ ៣២ឆ្នាំ គឺក្មេងជាងនាយករដ្ឋមន្រ្តីបច្ចុប្បន្ន។ ដូច្នេះ នាយករដ្ឋមន្ដ្រីបច្ចុប្បន្ន មិនមែនជានាយករដ្ឋមន្ដ្រីដែលក្មេងនោះទេ បើប្រៀបធៀបជាមួយខ្ញុំ។
ក្រោយពេលដែលខ្ញុំក្លាយជានាយករដ្ឋមន្ដ្រី ចំណុចដែលខ្ញុំធ្លាប់បានលើកគឺការដាក់ការកែទម្រង់ ដែលមានគោលដៅធំពីរ គឺកែទម្រង់នយោបាយនិងសេដ្ឋកិច្ច។ នេះជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ជីវិតនយោបាយរបស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំនិយាយថាជាគ្រោះថ្នាក់? ខ្ញុំធ្លាប់បានលើកមកជំរាបេជូននៅ ហ្សាកាតា។ មានកម្លាំងសង្កត់ ៣ យ៉ាងមកលើខ្លួនខ្ញុំ។ ទី១ ផ្ទៃក្នុងខ្លួនឯងមិនយល់ថា អ្វីទៅដែលហៅថាកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច។ ពួកគេដឹងតែពីច្បាំងនិងវាយគ្នា កាប់សម្លាប់គ្នា ក្នុងពេលដែលខ្ញុំដាក់ចេញនូវគោលដៅថា ត្រូវរកដំណោះស្រាយនយោបាយ តាមរយៈការចរចាដោយសន្ដិវិធី រវាងខ្មែរនិងខ្មែរដើម្បីបញ្ចប់ជម្លោះ។ តើមានប៉ុន្មាននាក់គាំទ្រ? សូម្បីតែរដ្ឋមន្ដ្រីការពារជាតិ និងរដ្ឋមន្ដ្រីការបរទេសរបស់ខ្ញុំនៅពេលនោះ ក៏ជំទាស់នឹងការចរចានេះដែរ។ ខ្ញុំត្រូវបង្ខំចិត្តដូររដ្ឋមន្ដ្រីការបរទេសនិងរដ្ឋមន្ដ្រីការពារជាតិ។ ខ្ញុំ(ខ្លួនឯងត្រូវ)វិលត្រឡប់ទៅកាន់(តួនាទី)ជារដ្ឋមន្ដ្រីការបរទេសវិញ។
ពេលចូលកាន់តំណែងជានាយករដ្ឋមន្ដ្រី ខ្ញុំក៏កាន់តួនាទីជារដ្ឋមន្ដ្រីការបរទេសផងដែរ ក៏ប៉ុន្ដែបានផ្ទេរទៅឲ្យមនុស្សម្នាក់ទៀតធ្វើរដ្ឋមន្ដ្រីការបរទេស។ គេពុំមានមនោសញ្ចេតនា ឬការខិតខំណាមួយដើម្បីជំរុញការចរចាទេ។ គេជំទាស់ការចរចា។ ដូច្នេះ យើងគ្មានជម្រើសអ្វីឲ្យល្អជាងការដោះដូររដ្ឋមន្ដ្រីការបរទេស និងការពារជាតិចេញ ដើម្បីបើកផ្លូវឲ្យធ្វើការចរចា។ សូម្បីនៅក្នុងជួរគណៈរដ្ឋមន្រី្ដ និងអ្នកកាន់តួនាទីគន្លឹះនៅក្នុងកងទ័ព និងកិច្ចការបរទេស ក៏មិនស្រុះស្រួលក្នុងការចរចាដែរ។ ដូច្នេះការមិនយល់របស់ផ្ទៃក្នុងមិនមែនជារឿងតូចតាចទេ។ (ជាបញ្ហា)ធំណាស់ ហើយអាចធ្វើឲ្យគ្រោះថ្នាក់ដល់ហោចណាស់ក៏ជីវិតនយោបាយរបស់ខ្ញុំ។
ទី២ ខ្ញុំធ្វើកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច ក្នុងពេលដែលកងទ័ពវៀតណាមមានវត្ដមាននៅកម្ពុជានៅឡើយ។ ពេលនោះវៀតណាមមិនទាន់ធ្វើការកែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនទេ។ ប៉ុន្ដែ វៀតណាមបានគោរពការសម្រេចចិត្តរបស់កម្ពុជាទាក់ទិននឹងនយោបាយ និងការជ្រើសរើសមាគ៌ាអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជាភ័ព្វសំណាងរបស់ខ្ញុំ ដែលខ្ញុំមានសិទ្ធិសេរីភាពគ្រប់យ៉ាងក្នុងការសម្រេចចិត្ត ទោះបីមានវត្ដមានកងទ័ពវៀតណាមនៅកម្ពុជា ហើយវៀតណាមមិនទាន់ធ្វើការកែទម្រង់នោះក៏ដោយ។
ឯគ្រោះថ្នាក់ទី៣ តើជាអ្វី? ពេលនោះ យើងមានជំនួយតែពីអតីតសហភាពសូវៀតនិងអឺរ៉ុបខាងកើត ដែលហៅថាអង្គការ Comecon ហើយជាពិសេស ជំនួយធំបំផុតគឺចេញមកពីសហភាពសូវៀត។ គ្រានោះ សហភាពសូវៀតមិនទាន់មាន Perestroika ឬ Glasnost របស់ Gorbachev នៅឡើយទេ។ ខ្ញុំសូមបញ្ជាក់នៅទីនេះថា នៅទីក្រុងមូស្គូ នាឆ្នាំ១៩៨៧ ជាមួយសម្តេច ហេង សំរិន ខ្ញុំបានជួប Gorbachev។ ខ្ញុំបានជូនដំណឹង Gorbachev អំពីការគ្រោងទុកសម្រាប់ជំនួបរវាងខ្ញុំជាមួយសម្តេចព្រះនរោត្តម សីហនុ។
Gorbachev បានប្រាប់មកយើងវិញថា មិត្តកម្ពុជាគួរបើកការចរចាដោយវេទិកា២ ព្រមគ្នា។ ថ្ងៃនេះខ្ញុំបញ្ចេញអាថ៌កំបាំងមួយទៀត ដែលខ្ញុំមិនទាន់បានបញ្ចេញនៅហ្សាការតា គឺ Gorbachev បានផ្តល់មតិថា “មិត្តកម្ពុជាគួរបើកការចរចាវេទិកា២ ព្រមគ្នា គឺវេទិកា ហ៊ុន សែន-សីហនុ និងហ៊ុន សែន-ប៉ុល ពត។ ប្រើប្រាស់វេទិកាចរចាជាមួយ សីហនុ សង្កត់តុចរចា ហ៊ុន សែន-ប៉ុល ពត ហើយប្រើប្រាស់វេទិកាចរចា ហ៊ុន សែន-ប៉ុល ពត សង្កត់តុចរចា ហ៊ុន សែន-សីហនុ”។
ឯកអគ្គរដ្ឋទូតចិននៅទីនេះ ប្រហែលជាអាចដឹងហើយ។ សហភាពសូវៀតនិងចិនកំពុងចរចាជាមួយគ្នា។ ពេលនោះ ចិនក៏បើកវេទិកាចរចា សហភាពសូវៀត-ចិន និងសហភាពសូវៀត-អាមេរិក។ សហភាពសូវៀតប្រើប្រាស់ឧត្តមភាពការចរចារវាងសហភាពសូវៀត-ចិន សង្កត់តុចរចា យកឧត្តមភាពលើតុចរចារវាងសហភាពសូវៀត-អាមេរិក។ ប្រើប្រាស់ការចរចាសហភាពសូវៀត-អាមេរិក សង្កត់តុចរចា សហភាពសូវៀត-ចិន។ Gorbachev បានផ្តល់មតិ(ដូចនេះ)។ ពេលនោះ ខ្ញុំជានាយករដ្ឋមន្ត្រី និងសម្តេច ហេង សំរិន ជាប្រធានរដ្ឋ។ ខ្ញុំបានប្រាប់ទៅសម្តេច ហេង សំរិន ថា “បង! ប្រសិនបើបើកការចរចាជាមួយខ្មែរក្រហម គឺវាស្មើនឹងការធ្វើអត្តឃាត។ មិនបានដាច់ខាត ហើយខ្ញុំមិនចរចាទេ។ បើចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ ខ្ញុំចរចា។ បើចរចាជាមួយខ្មែរក្រហម គឺមិនអាចធ្វើទៅបានទេ។ មិត្តភក្តិផ្តល់មតិ ប៉ុន្តែការសម្រេចចិត្ត ស្ថិតនៅលើយើង”។
ខ្ញុំគួរទម្លាយចំណុចនេះ ព្រោះវាក៏ដល់ពេលដែលគួរតែទម្លាយដែរ។ ការផ្តល់មតិខ្លះក៏ត្រូវ និងការផ្តល់មតិខ្លះក៏មិនត្រូវ។ យើងក៏មិនលេងល្បែងហ្នឹងដែរ។ ខ្ញុំវិលមកបន្តអំពីគ្រោះថ្នាក់៣ ដែលខ្ញុំនិយាយថា (ទី១) ផ្ទៃក្នុងមិនយល់ ទី២ វៀតណាមនៅកម្ពុជា តែវៀតណាមបានគោរពការសម្រេចចិត្តរបស់កម្ពុជា (និង)ទី៣ សហភាពសូវៀតជាអ្នកផ្តល់ជំនួយ។ បើសិនជាពេលនោះ សហភាពសូវៀតប្រាប់មកទីក្រុងភ្នំពេញថា “បើ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្ត្រី សហភាពសូវៀតឈប់ផ្តល់ជំនួយ” ខ្ញុំក៏កើតនូវរឿងគ្រោះថ្នាក់ដែរ។ ប៉ុន្តែ ជាភ័ព្វសំណាង សហភាពសូវៀតបានគោរពការសម្រេចចិត្តរបស់កម្ពុជាលើការជ្រើសរើសមាគ៌ានៃការអភិវឌ្ឍ ក៏ដូចជាការដោះស្រាយបញ្ហា។
ដោយប្រការទាំងនេះហើយ ខ្ញុំតែងនិយាយជាមួយមិត្តភក្តិទាំងឡាយ ដែលបានមកធ្វើការក្នុងនាមជាអ្នកជួយកម្ពុជាថា “កាលពីមុន ពួកអ្នកឯងបានចោទខ្ញុំថា ស្តាប់តាមការបង្គាប់បញ្ជារបស់វៀតណាម ឬស្តាប់តាមការបង្គាប់បញ្ជារបស់សហភាពសូវៀត។ ក៏ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នកឯងថា នៅពេលដែលវៀតណាមមានកងទ័ពនៅកម្ពុជា ខ្ញុំមានសិទ្ធិសម្រេចច្បាស់លាស់ គ្មានអ្នកណារារាំងខ្ញុំបានទេ។ ពេលដែលខ្ញុំធ្វើការជាមួយអ្នកឯង បើខ្ញុំមិនធ្វើតាមអ្នកឯង ពួកអ្នកឯងអាងតែផ្តាច់ជំនួយខ្ញុំ”។
ខ្ញុំសូមជម្រាបឯកឧត្តម ចូហ្សេ រ៉ាមូស ហតតា និងឯកឧត្តម ហ្សាណាណា ហ្គូសម៉ៅ … ជួនកាលមិត្តភក្តិបរទេសគេល្អហើយ ក៏ប៉ុន្តែគេយកយើងធ្វើជាកន្លែងពិសោធន៍។ ប្រយ័ត្នកន្លែងហ្នឹង។ (រឿងនេះបានកើតចំពោះ)ខ្ញុំរួចហើយ។ គេបានបបួលឲ្យលក់គយ។ គេមកដាស់តឿនខ្ញុំ។ គេផ្តល់កញ្ចប់ថវិកាប៉ុណ្ណេះ ប៉ុន្តែគេតម្រូវឲ្យយើងលក់គយ។ ឆ្នាំ២០០៧ ឬ២០០៨ គេមកតម្រូវឲ្យខ្ញុំលក់គយ។ ខ្ញុំអត់ធ្វើតាមទេ។ គយជាសេវាអធិបតេយ្យ។ គយមានសិទ្ធិប្រើឧទ្ធម្ភាគចក្រ មានសិទ្ធិប្រើនាវាប្រដេញ និងមានសិទ្ធិបំពាក់អាវុធ។ វាជារឿងអកុសលណាស់។ ដល់ស៊ើបសួរមើលទៅថាមានប្រទេសប៉ុន្មាននោះសាកល្បងធ្វើ ហើយគេក៏ប៉ងយកកម្ពុជាធ្វើជាឧទាហរណ៍ ជាកន្លែងដកពិសោធន៍។ សូមប្រុងប្រយ័ត្នកន្លែងហ្នឹង។
សូមមិត្តភក្តិបរទេសនៅទីនេះ កុំថាខ្ញុំមកជួយប្រាប់ឯកឧត្តម រ៉ាមូស ហតតា និង ហ្សាណាណា ថាឲ្យប្រយ័ត្ន។ ខ្ញុំមានពិសោធន៍គ្រប់គ្រាន់ហើយ ក្នុងការធ្វើការជាមួយមិត្តដៃគូបរទេស។ ដៃគូបរទេសបច្ចុប្បន្ននេះ បើមិនស្រួលកាត់ជំនួយ បើមិនធ្វើតាមកាត់ជំនួយ អាងណាស់រឿងហ្នឹង។ ធ្លាប់បបួលខ្ញុំឲ្យខ្ញុំលក់គយ … ម្ខាង ៥០% សំរាប់ government sector ដល់ ៥០% ទៀត ចែកជាពីរគឺ private sector និង private sector។ ការលក់គយស្មើនឹងលក់អធិបតេយ្យ។ ខ្ញុំបានចារលើលិខិតរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា អ្នកណាចូលរួមប្រជុំតទៅទៀត ខ្ញុំនឹងដកតំណែងចោល ហើយសូមឲ្យពួកគេយកកុំទិញគយអី ចាំទិញតំណែងនាយករដ្ឋមន្ត្រីតែម្តងទៅ ជាការល្អជាង។ បោះឆ្នោតរួចហើយ យើងលក់តំណែងនាយករដ្ឋមន្ត្រីឲ្យពួកអ្នកនោះជួយគ្រប់គ្រងតែម្តងទៅ ត្បិតតំណែងនាយករដ្ឋមន្ត្រីវាធំជាងគយ។
មានពេលខ្លះ វាមានរឿងអញ្ចេះដែលអត់ត្រូវគ្នា។ យើងខ្ញុំត្រូវការលុយកសាងសាលារៀន តែគេឲ្យយើងខ្ចីដើម្បីអាហារូបករណ៍។ ខ្ញុំចោទសួរថា បើអត់ទាំងមានសាលារៀនផង ឲ្យអាហារូបករណ៍យកទៅធ្វើអ្វី? គ្រាន់តែប៉ុណ្ណឹង ក៏ខុសគ្នាដែរ។ គេក៏មិនឲ្យយើងខ្ចីលុយទៅ(កសាងសាលារៀន)។ គេថាកញ្ចប់លុយ ៣០លាន ឬ ៥០លានដុល្លារគឺសម្រាប់កម្ចីអាហារូបករណ៍។ ខ្ញុំថា “ខ្ញុំអត់យកទេ ព្រោះអត់មានសាលារៀនផង យកអាហារូបករណ៍ទៅរៀនក្រោមដើមឈើឬ”។ ហ្នឹងខ្ញុំគ្រាន់តែបញ្ជាក់អំពីស្ថានភាពដែលជាប្រទេសក្រីក្រដូចគ្នាត្រូវតែមានឯករាជ្យភាព។
បានជាជ្រុលនិយាយទៅហើយ ក៏សូមនិយាយទៅដល់បញ្ហា technical assistance ផងដែរ។ ពាក្យថា ជំនួយបច្ចេកទេស ឬ technical assistance គឺគេឲ្យលុយមកយើង និងគេយកត្រឡប់ទៅវិញតែប៉ុណ្ណឹង។ វាជារឿងជាក់ស្តែងណាស់សម្រាប់កម្ពុជា ដើម្បីនឹងចែករំលែកបទពិសោធ។ ពាក្យថា ជំនួយបច្ចេកទេស គេផ្តល់ជំនួយឲ្យយើង ក៏ប៉ុន្តែគឲ្យជនជាតិរបស់គេមកធ្វើការ រួចហើយយកលុយពីយើងត្រឡប់ទៅវិញ។ ខ្ញុំធ្វើបណ្ណាល័យមួយនៅសកលវិទ្យាល័យភ្នំពេញ និងដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៧។ ធនាគារពិភពលោកបានមកជួយធ្វើបណ្ណាល័យមួយ តូចជាងបណ្ណាល័យខ្ញុំទៅទៀត ប៉ុន្តែយកជនជាតិបរទេសមកគូរប្លង់ ក្នុងពេលដែលកម្ពុជា មានស្ថាបត្យករមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើ។ ម៉េចបានគេមិនប្រើជនជាតិកម្ពុជា? ដូនតាយើងខ្ញុំធ្វើប្រាសាទអង្គរវត្តបាន ហេតុអ្វីបានជាធ្វើត្រឹមតែបណ្ណាល័យប៉ុណ្ណេះ(មិនបាន)? បានសេចក្តីថា គេជួយរកការងារឲ្យគ្នាគេធ្វើ មកគូរប្លង់តូចជាងបន្ទប់(យើងកំពុងនៅនេះ)បន្តិចផង បែរជាហៅជនបរទេសមកគូរប្លង់ដើម្បីយកលុយទៅក្រៅ។ សូមឱ្យប្រយ័ត្ន។
ជួនកាលទៀត ជំនួយមកដល់យើងមានតែតួលេខ ក៏ប៉ុន្តែអត់មានរបស់ទេ។ ខ្ញុំមិនដឹងថានៅទីម័រឡេស្តេមានអ្វីខ្លះកើតឡើងទេ។ ខ្ញុំនិទានរឿងនេះបន្តិចចុះ។ រួចចុះថាឱ្យខ្ញុំនិយាយ ខ្ញុំត្រូវតែនិទានឱ្យអស់។ អ៊ុនតាក់បានផ្តល់ជំនួយរថយន្តឱ្យយើងខ្ញុំជាង ២០០គ្រឿង ប៉ុន្តែរថយន្តនោះត្រូវបានចោរលួចអស់ទៅហើយ។ កុំភ្លេចណា! មន្រ្តីអ៊ុនតាក់មួយចំនួនឃុបឃិតជាមួយចោរលួចលក់ឡាន។ អ៊ុនតាក់ផ្ដល់ឡានដែលបាត់នោះ ជាជំនួយឱ្យកម្ពុជា។ យើងខ្ញុំអត់បានទទួលឡានទេ។ យើងខ្ញុំទទួលតែក្រដាសមួយសន្លឹក ឯឡានចោរលួចបាត់អស់ហើយ។ ឯឡានសល់ពីហ្នឹង គេដឹកចេញ។ ឯឡាន(ដែលផ្តល់ជាជំនួយ)ចោរលួចអស់ហើយ។ គេថាបានផ្តល់ជំនួយមកឱ្យយើងខ្ញុំ។ អញ្ចឹងមិនដឹងថា តើ UN ប្រតិបត្តិការនៅទីម័រឡេស្តេនេះ ពេលដកចេញ មានធ្វើរបៀបហ្នឹងឬអត់?
វាជារឿងមួយដែលគប្បីដកពិសោធន៍អំពីការផ្តល់ជំនួយ។ គឺពាក្យថាផ្តល់ជាជំនួយ តែបានបង្វិលត្រឡប់ទៅវិញ។ រឿងនេះ ខ្ញុំបាននិយាយចំពោះមុខ Kofi Annan អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងពេលដែលប្រជុំរវាងអាស៊ាន និងអង្គការសហប្រជាជាតិ។ ខ្ញុំថា “ជំនួយបច្ចេកទេស ជំនួយមកដល់ប្រទេសកំពុងអភិវឌ្ឍ ត្រូវបានយកត្រឡប់ទៅវិញជាង៨០%។ អញ្ចឹងប្រទេសជាម្ចាស់ផ្ទះនៅសល់មិនដល់ ២០% ទេ”។ សូមឱ្យប្រុងប្រយ័ត្ន បើមិនអញ្ចឹងយើងទទួលបានតែតួលេខយ៉ាងធំ ក៏ប៉ុន្តែទីចុងបំផុត មិនមែនជាជំនួយសម្រាប់យើងអភិវឌ្ឍទេ។ គឺជំនួយសម្រាប់ដាក់ហោប៉ៅបុគ្គលិករបស់គេ ត្រឡប់ទៅផ្ទះវិញ។
ខ្ញុំសូមវិលមកនិយាយបន្តអំពីគ្រោះថ្នាក់ចំពោះខ្ញុំឡើងវិញ។ ខ្ញុំបញ្ជាក់ឡើងវិញ ទី១ ផ្ទៃក្នុងអត់យល់ ទី២ កងទ័ពវៀតណាមនៅកម្ពុជា ប៉ុន្តែវៀតណាមបានគោរពការសម្រេចរបស់យើង (និង)ទី៣ សហភាពសូវៀតផ្តល់ជំនួយ។ បើសហភាពសូវៀតមិនគោរពការសម្រេចរបស់យើង សហភាពសូវៀតគ្រាន់តែប្រាប់មកទីក្រុងភ្នំពេញថា “បើ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីបន្តទៅទៀត មិនផ្តល់ជំនួយទេ”។ កាលពីពេលនោះ នៅមានការចោទគ្នារវាងសហភាពសូវៀត និងចិន។ ចិនចោទសហភាពសូវៀតថាសើរើនិយម។ សហភាពសូវៀតចោទចិនថាសើរើនិយម។ ដូច្នេះ កាលពីពេលនោះ គ្រាន់តែទាក់ទិននឹងរឿងសង្គមនិយមហ្នឹង ក៏មិនត្រូវគ្នាផង។
ខ្ញុំសូមរំលេចរឿងមួយទៀតថា ដំណោះស្រាយក្រហមពិតជាមាន។ តែខ្ញុំសូមលាក់ប្រភពរឿងនេះ។ដំណោះស្រាយក្រហមពិតជាមាន គឺបានសេចក្តីថា ក្រហមសូវៀត ក្រហមចិន និងក្រហមវៀតណាម ត្រូវរ៉ូវគ្នា ក្រហម ហេង សំរិន និងក្រហម ប៉ុល ពត ត្រូវរ៉ូវគ្នា។ នោះជាដំណោះស្រាយក្រហម។ តែដាច់ខាតខ្ញុំមិនធ្វើរឿងនេះទេ ព្រោះជារឿងគ្រោះថ្នាក់។ ខ្ញុំសូមបន្តថា បន្ទាប់ពីចូលកាន់តំណែងហើយ កម្ពុជាត្រូវធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។
[ចប់សេចក្ដីអធិប្បាយ៥]
នៅឆ្នាំ១៩៨៧ ខ្ញុំបានកំណត់ និងដាក់ចេញនូវយុទ្ធសាស្ត្រ ៥ ចំណុច ក្នុងការស្វែងរកសន្តិភាពពេញលេញសម្រាប់ប្រទេសរបស់ខ្ញុំ ដោយខ្ញុំមានទស្សនៈច្បាស់ថា ការបន្តធ្វើសង្រ្គាមនឹងអូសបន្លាយទុក្ខវេទនារបស់ប្រជាជនរកទីបញ្ចប់គ្មានឡើយ។ យុទ្ធសាស្រ្ត ៥ ចំណុច ដែលខ្ញុំយល់ថានឹងនាំទៅរកសន្តិភាព និងការផ្សះផ្សាជាតិនោះ រួមមាន ៖
១). រៀបចំជំនួប សីហនុ-ហ៊ុន សែន។ គឺខ្ញុំចូលគាល់ព្រះករុណាបិតា។
២). ការដកចេញទាំងស្រុងនូវកងទ័ពវៀតណាមចេញពីកម្ពុជា ទន្ទឹមនឹងការបញ្ឈប់ជំនួយ និងការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។
៣). ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអន្តរជាតិអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ។
៤). ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និងធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួនខ្មែរពីប្រទេសថៃ។
៥). រៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីផ្ដល់ការធានាដល់កិច្ចព្រមព្រៀង ដែលនឹងសម្រេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ គឺរដ្ឋាភិបាលរបស់ខ្ញុំ ពេលនោះហៅថា សាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមកដូរទៅជារដ្ឋាភិបាល រដ្ឋកម្ពុជា និងរដ្ឋាភិបាលចម្រុះ កម្ពុជាប្រជាធិបតេយ្យ សមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។ នេះគឺជាការដាក់ចេញនៅក្នុងទិសដៅឆ្ពោះទៅរកដំណើរការចរចាដោយសន្តិវិធី។
មុននឹងឈានដល់ការសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើងបានខិតខំធ្វើការងារស្នូលដែលជាមូលដ្ឋានគ្រឹះ និងចម្បងមិនអាចខ្វះបាន។ ពិតណាស់ថា ប្រទេសជាច្រើនបានជួយជ្រោមជ្រែង និងផ្តល់ការគាំទ្រដល់កម្ពុជាយ៉ាងពេញទំហឹងដល់ដំណើរការចរចា ដែលមានរយៈពេលជិត ៤ ឆ្នាំ។ ឧទាហរណ៍ បារាំង និងឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ខណៈដែលកិច្ចពិភាក្សាជាច្រើនរបស់យើងត្រូវបានរៀបចំនៅទីនោះ។ រីឯប្រទេសអូស្ត្រាលីវិញបានជំរុញគំនិតផ្តួចផ្តើម ក្នុងការដាក់កម្ពុជាជាបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ក្នុងអំឡុងពេលអន្តរកាល។ ចំណែកបារាំង និងជប៉ុន បន្ថែមលើការរួមចំណែកដល់កិច្ចព្រមព្រៀងសន្តិភាព ក៏បានគាំទ្រយ៉ាងទូលំទូលាយដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍរបស់កម្ពុជា។ ដូចគ្នានេះដែរ ប្រទេសថៃបានជួយយ៉ាងខ្លាំងដល់បុព្វហេតុនេះ និងគាំទ្រការបញ្ជូនជនភៀសខ្លួនកម្ពុជាជាង ៣៧០.០០០ នាក់ ត្រឡប់មកកម្ពុជាវិញ។ វៀតណាម តាមរយៈការដកកងទ័ពរបស់គេទាំងស្រុង នៅឆ្នាំ១៩៨៩ ក៏បានដោះស្រាយការជាប់គាំងលើការចរចាទាក់ទងនឹងអនាគតរបស់ខ្មែរក្រហម ភ្ជាប់នឹងវត្តមានរបស់កងទ័ពបរទេសផងដែរ។
[ផ្ដើមសេចក្ដីអធិប្បាយ៦]
ខ្ញុំសូមបញ្ជាក់នៅទីនេះបន្ថែមថា បញ្ហានៅកម្ពុជាមានទិដ្ឋភាព២ ដែលមួយគឺទិដ្ឋភាពផ្ទៃក្នុង និងមួយទៀតគឺទិដ្ឋភាពអន្តរជាតិ។ ទិដ្ឋភាពផ្ទៃក្នុង គឺជម្លោះប្រដាប់អាវុធរវាងភាគីខ្មែរគ្នាឯង។ ទិដ្ឋភាពអន្តរជាតិ រួមមាន កងទ័ពវៀតណាមនៅកម្ពុជា និងការដែលត្រីភាគីត្រូវបានផ្តល់ទឹកដី និងផ្តល់អាវុធ បំពាក់អាវុធដោយបរទេស។ ដូច្នេះ នៅពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជា បានសេចក្តីថា ទិដ្ឋភាពអន្តរជាតិនៃកម្ពុជាមួយផ្នែកត្រូវបានដោះស្រាយ ប៉ុន្តែបញ្ហាដែលនៅសេសសល់គឺអនាគតរបស់ខ្មែរក្រហម។ នេះជារឿងដ៏សំខាន់មួយ។
[ចប់សេចក្ដីអធិប្បាយ៦]
ជាលទ្ធផលនៃការអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ ហើយរាជរដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោតរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC) ក៏បានកាន់កាប់អាសនៈ នៅអង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀងនេះ បានជួយឱ្យកម្ពុជាអនុម័តបាននូវរដ្ឋធម្មនុញ្ញថ្មីឆ្នាំ ១៩៩៣ ដែលគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រព័ន្ធនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី។ កម្ពុជាទទួលស្គាល់ និងពិតជាដឹងគុណជានិច្ច ចំពោះសហគមន៍អន្តរជាតិ ដែលបានខិតខំប្រឹងប្រែង ដើម្បីនាំមកនូវសន្តិភាពជូនប្រទេសកម្ពុជា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ យ៉ាងណាក្តី ជាមួយលទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាននោះ UNTAC បានចាកចេញពីកម្ពុជា ដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ។ ទោះបានចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស តែពួកខ្មែរក្រហមមិនបានគោរពកិច្ចព្រមព្រៀងនេះឡើយ ហើយអង្គការសហប្រជាជាតិ ក៏បរាជ័យក្នុងការបង្ខំឱ្យខ្មែរក្រហមទម្លាក់អាវុធចុះ និងចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនោះដែរ។
ក្រោយការបោះឆ្នោត និងការបង្កើតរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៣ សង្គ្រាមស៊ីវិលនៅតែបន្ត។ កម្ពុជាស្ថិតក្នុងស្ថានភាពដែលមានតំបន់ត្រួតត្រាពីរផ្សេងគ្នា រវាងភាគីរាជរដ្ឋាភិបាល និងភាគីខ្មែរក្រហម និងភាពប្រទាញប្រទង់រវាងគណបក្សធំពីរក្នុងរដ្ឋាភិបាល។ ទោះយ៉ាងណា ក្រោយពេលដែលយើងបានរៀបចំរាជរដ្ឋាភិបាល នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ យើងក៏ចាប់មានទំនាក់ទំនងការទូតពេញមុខពេញមាត់ ជាមួយបណ្តាប្រទេសសមាជិកអាស៊ានឡើងវិញ។ ខ្ញុំបានសម្លឹងឃើញឱកាសជាច្រើន និងភាពចាំបាច់ជាយុទ្ធសាស្ត្រ ដែលកម្ពុជាត្រូវខិតខំចូលជាសមាជិកអាស៊ានឱ្យបាន។ ក្រោមការដឹកនាំរបស់ខ្ញុំ កម្ពុជាក៏បានចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ បានន័យថា សប្តាហ៍មុន គឺជាខួប ២៦ ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។
[ផ្ដើមសេចក្ដីអធិប្បាយ៧]
ខ្ញុំចង់បញ្ជាក់បន្តិចថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន នោះគឺការដែលមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជា។ អ៊ុនតាក់បានចំណាយលុយអស់ ២០០០លានដុល្លារ ប៉ុន្តែពេលដែល អ៊ុនតាក់ ដកត្រឡប់ទៅវិញ ប្រទេសកម្ពុជាមួយត្រូវបានទុកឱ្យមានតំបន់ត្រួតត្រា២ ដែលម្ខាងគឺរាជរដ្ឋាភិបាលដែលបង្កើតឡើងដោយការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ និងម្ខាងទៀតគឺខ្មែរក្រហម ដែលមានតំបន់ខ្លះគេហៅថា តំបន់ស្បែកខ្លា។ បានសេចក្តីថា ស្ថានភាពបោះចម្រុះនៅក្នុងខេត្តខ្លះ ដែលមានទាំងកងទ័ពរដ្ឋាភិបាល និងមានទាំងកងទ័ពព្រៃ និងនៅតាមព្រំដែនកម្ពុជា-ថៃ មានចំណុចមួយចំនួនគ្រប់គ្រងដោយខ្មែរក្រហម។ នេះហើយជាចំណុចដែលយើងត្រូវឃើញថា “ការជួយពីខាងក្រៅគឺម៉្យាង ប៉ុន្តែការខិតខំខ្លួនឯង” គឺសំខាន់ខ្លាំងណាស់។
[ចប់សេចក្ដីអធិប្បាយ៧]
ឃ. នយោបាយឈ្នះ-ឈ្នះ និងការកសាងសន្តិភាពពេញលេញ
ដើម្បីទទួលបានសន្តិភាពពេញលេញ ខ្ញុំបានផ្ចុងផ្ដើមឱ្យមាន នយោបាយឈ្នះ-ឈ្នះ និងការចរចារវាងខ្មែរ និងខ្មែរ នៅឆ្នាំ១៩៩៦ ដែលនេះក៏ដើម្បីបង្រួបបង្រួម និងបញ្ចូលភាគីទាំងអស់ទៅក្នុងរាជរដ្ឋាភិបាល ប្រព័ន្ធច្បាប់ និងយោធាតែមួយ សំដៅបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែង ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេសជាតិ។ នយោបាយនេះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយជោគជ័យ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ប៉ុន្តែ ជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធី និងការរំលាយចោលនូវអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហមតាមរយៈយុទ្ធសាស្ត្រ បំបែក ធ្វើឱ្យឯកា បញ្ចប់ សមាហរណកម្ម និងអភិវឌ្ឍ (DIFID – Divide, Isolate, Finish, Integrate, and Develop)។
ខ្ញុំបានដាក់អាយុជីវិតរបស់ខ្ញុំធ្វើជាដើមទុនជាលើកទី២ នៅក្នុងការចរចា និងជំរុញការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទម្រាំតែយើងទទួលបានជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាពេលដែលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ត្រូវបានរំលាយទាំងស្រុង។ កត្តាសំខាន់បំផុត ដែលធ្វើឱ្យខ្ញុំសម្រេចបានជោគជ័យក្នុងការអនុវត្ត នយោបាយឈ្នះ-ឈ្នះ គឺការធានាលក្ខខណ្ឌចំនួន ៣ យ៉ាង ដែលពុំមានចែងក្នុងកិច្ចព្រមព្រៀងនយោបាយជាលាយលក្ខណ៍អក្សរនោះទេ តែបាននាំមកនូវជំនឿទុកចិត្តក្នុងការអនុវត្ត ដែលមានតម្លៃជាងកិច្ចព្រមព្រៀងទៅទៀត។ ការធានា ទី១ គឺធានាអាយុជីវិត ទី២ គឺធានាអាជីព និងមុខរបរ និងទី៣ គឺធានាកម្មសិទ្ធិឯកជនរបស់កម្លាំងខ្មែរក្រហម ជាថ្នូរនឹងការយល់ព្រមចុះចូលធ្វើសមាហរណកម្មចូលរួមជីវភាពជាមួយរាជរដ្ឋាភិបាល។ នៅពេលនោះ ខ្ញុំមិនទាមទារឱ្យពួកគេបោះបង់អាវុធចោលនោះទេ គឺឱ្យបន្តកាន់អាវុធ និងរក្សាតួនាទីដដែល តែស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ នេះជាចំណុចសំខាន់ធ្វើឱ្យមានទំនុកចិត្ត។
[ផ្ដើមសេចក្ដីអធិប្បាយ៨]
ខ្ញុំសូមបញ្ជាក់ចំណុចនេះជូនបន្តិច។ យើងធ្លាប់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកិច្ចព្រមព្រៀងនោះមិនបានអនុវត្តទាំងស្រុងទេ។ ដូចជា ការតម្រូវឱ្យរំសាយកងទ័ព៧០% នៃភាគីទាំងអស់ ក៏អ៊ុនតាក់អត់អាចធ្វើបានដែរ។ មានបទឈប់បាញ់ តែត្រូវបានរំលោភដោយភាគីខ្មែរក្រហម។ ខ្ញុំសូមជម្រាបរឿងមួយ។ នៅពេលដែលខ្មែរក្រហមវាយ យើងតែងតែទប់ទល់។ ប៉ុន្តែ អ្នកនាំពាក្យរបស់អ៊ុនតាក់ ឈ្មោះ Eric Falt តែងតែប្រកាសថា “ភាគីខ្មែរក្រហម និងភាគីរដ្ឋកម្ពុជា រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់”។ ខ្ញុំតែងធ្វើការឆ្លើយតបនឹងរឿងនេះ។ សម័យថ្ងៃមួយ ខ្មែរក្រហមបានវាយចូលទៅទីក្រុងសៀមរាប តម្រង់ឆ្ពោះទៅទីបញ្ជាការរបស់អ៊ុនតាក់។ ពេលនោះ ខ្ញុំបានហាមកងទ័ពរបស់ខ្ញុំនៅយោធភូមិភាគទី៤ ថា កុំចេញពីបន្ទាយ។ ប្រធានអ៊ុនតាក់បានស្រែករកខ្ញុំថា “សូមឱ្យកងទ័ពរបស់រដ្ឋកម្ពុជាចេញជួយទប់ស្កាត់ខ្មែរក្រហម”។ ខ្ញុំបានប្រាប់ទៅវិញថា “បើឯកឧត្តមមិនអាចគ្រប់គ្រងអ្នកនាំពាក្យអ៊ុនតាក់បានទេ ខ្ញុំមិនឱ្យកងទ័ពខ្ញុំចេញទេ”។ ពេលនោះ កម្លាំងអ៊ុនតាក់ មានរបួស៤ទៅ ៥នាក់។ ប៉ុន្តែ មិនមែនរបួសដោយសារគ្រាប់កាំភ្លើងទេ។ គឺរបួសដោយសាររត់បុកគ្នា … ទ័ព អ៊ុនតាក់ មកពីប្រទេសមួយចំនួនមិនដែលចេះច្បាំងទេ។ អញ្ចឹងរត់បុកបែកក្បាលបែកអីហ្នឹង មិនមែនដោយសារគ្រាប់កាំភ្លើងទេ។ រត់ខ្លាច។
រហូតទាល់តែមានការធានាពី Yasushi Akashi (ប្រធានអ៊ុនតាក់)ថា មិនឱ្យនិយាយផ្តេសផ្តាស បានខ្ញុំសុខចិត្តឱ្យកងទ័ពរបស់រដ្ឋកម្ពុជា កាលពីពេលនោះគឺកងពល២៨៦ ឥឡូវទៅជាកងពលធំលេខ២ វាយចាក់ពីឆ្អឹងខ្នង ទើបបានខ្មែរក្រហមដកចេញ។ កុំអីបន្ទាយអ៊ុនតាក់ ត្រូវខ្មែរក្រហមបាញ់ហើយ។ ស្អីឡើងក៏តាំងថារំលោភ(បទឈប់បាញ់)។ ដែលគេមកវាយយើងសោះ ក៏យើងមានឈ្មោះថា រំលោភបទឈប់បាញ់ដែរ។ ហ្នឹងជាភាពអយុត្តិធម៌។ សំណាងហើយ នៅទីម័រឡេស្តេ អត់មានកម្លាំងទ័ពព្រៃវាយចូល។
ឥឡូវ ទាក់ទិននឹងនយោបាយឈ្នះឈ្នះ។ នយោបាយឈ្នះឈ្នះ មានការធានាបីយ៉ាងសាមញ្ញ ដូចខ្ញុំបានលើកអម្បាញ់មិញ។ ទី១ ធានាអាយុជីវិតនិងរូបរាងកាយមនុស្ស។ ទី២ ធានាអាជីពនិងមុខរបរ។ ទី៣ ធានាកម្មសិទ្ធិរបស់ពួកគេ។ ការធានាទាំងអស់នេះ អត់មានចែងក្នុងកិច្ចព្រមព្រៀងណាមួយទេ។ ជាពាក្យសម្ដីរបស់ ហ៊ុន សែន ថ្លែងទៅកាន់បងប្អូនខ្មែរក្រហម។ អត់មាននៅក្នុងកិច្ចព្រមព្រៀងទេ។ ប៉ុន្តែ ហេតុអីបានជាបងប្អូនទាំងនោះ សុខចិត្តបោះបង់ចោលមេដឹកនាំខ្មែរក្រហម ហើយមករួមរស់ជាមួយរដ្ឋាភិបាល? គឺផ្តើមចេញពីជំនឿទុកចិត្ត។ បើទោះបីមានកិច្ចព្រមព្រៀងប៉ុណ្ណាក៏ដោយ ប្រសិនបើគ្មានជំនឿទុកចិត្តទេ កិច្ចព្រមព្រៀងនោះមិនអាចធ្វើបានទេ។ ផ្ទុយទៅវិញ បើវាមានភាពសមហេតុសមផល ដែលអាចជំនឿទុកចិត្តបាន មិនចាំបាច់មានលាយល័ក្ខអក្សរទេ។
លើការជាក់ស្តែង អំពីការធានាទាំងបីយ៉ាង តើមានសរសេរនៅក្នុងឯកសារណា ក្រៅតែពីឯកសារខ្ញុំមួយសន្លឹកនេះទេ។ កាលហ្នឹង បានឱ្យវិទ្យុបាយ័ននិងវិទ្យុអប្សរា ធ្វើការផ្សព្វផ្សាយ។ យើងមានទូរទស្សន៍ដូចជា៤ គឺទូរទស្សន៍ជាតិ ទូរទស្សន៍អប្សរា ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងទូរទស្សន៍ប៉ុស្តិ៍លេខ ៩។ ប៉ុន្តែ ផ្សាយអត់ទៅដល់តំបន់ទាំងនោះទេ។ វិទ្យុផ្សាយទៅដល់។ អញ្ចឹង ពេលដែលកម្លាំងបះបោរ ខ្ញុំកំពុងតែសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ នៅទីក្រុងភ្នំពេញ កំពុងតែផ្សាយបន្តផ្ទាល់។ អញ្ចឹង ខ្ញុំប្រើប្រាស់ឱកាសនោះ អំពាវនាវជំរុញការធានាទាំង ៣យ៉ាង និងការដែលយើងអនុវត្ត។
ប្រសិនបើអ្នកទាំងអស់គ្នាអាចអញ្ជើញទៅកម្ពុជា មើលតំបន់ដែលធ្លាប់ជាសមរភូមិប្រយុទ្ធ តើឥឡូវវាទៅយ៉ាងម៉េចទៅហើយ? ខ្ញុំបានធ្វើដំណើរជាង ៦ពាន់គីឡូម៉ែត្រនៅក្នុងឆ្នាំ២០១៦ ទៅកាន់តំបន់អតីតសមរភូមិ។ ពេលនោះ ខ្ញុំចំណាយថវិកាជាតិអស់ប្រមាណជាង ៥០០លានដុល្លារ កសាងសាលារៀន នៅតាមទីកន្លែងទាំងនោះ។ កាលពីឆ្នាំ១៩៩៦ និងចាប់ផ្តើមឆ្នាំ១៩៩៧ ឬ១៩៩៨ ខ្ញុំបានប្រាប់សហការីរបស់ខ្ញុំថា “បើគ្រាន់តែធ្វើសមាហរណកម្មខាងនយោបាយនិងរដ្ឋបាល មិនគ្រប់គ្រាន់ទេ។ ត្រូវធ្វើសមាហរណកម្មគ្រប់ផ្នែកជារូបវន្ត”។ បានសេចក្តីថា បើសិនជាតំបន់ដែលរដ្ឋាភិបាលគ្រប់គ្រងមានសាលា តំបន់ទាំងនោះក៏ត្រូវមានសាលាដូចគ្នា។ និយាយរួម ជំរុញការអភិវឌ្ឍនៅក្នុងតំបន់ទាំងនោះ។
ពេលបញ្ចប់សង្រ្គាមហើយ ខ្ញុំបានដាក់ចេញទិសដៅធំ២ ដើរទន្ទឹមនឹងយុទ្ធសាស្រ្តត្រីកោណ នៅដំណាក់កាលដំបូង។ គោលដៅធំ២ គឺអ្វី? ទី១ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍនិងជាទីផ្សារ។ ទី២ ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឥឡូវនេះ គោលដៅទាំង២ បាននិងកំពុងសម្រេចយ៉ាងល្អ ដោយផ្ទៃដីប្រមាណជា៩៥% របស់កម្ពុជា ត្រូវបានដោះស្រាយហើយ។ តែនៅ ៥% ទៀតមិនទាន់បានអភិវឌ្ឍទេ ដោយសារនៅសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបន្តដោះស្រាយ។ ក្រៅពីនោះ កន្លែងធ្លាប់វាយគ្នា បានក្លាយទៅជាផ្សារ តំបន់រោងចក្រ តំបន់ដាំដុះអស់ហើយ។ GDP ក្នុងអតីតតំបន់ខ្មែរក្រហមមួយចំនួនខ្ពស់ជាងនៅទីក្រុងភ្នំពេញទៅទៀត។
ស្ថានភាព(បញ្ចប់សង្គ្រាម)សម្រាប់កម្ពុជាសាមញ្ញណាស់។ ដោះខោអាវខ្មែរក្រហមចេញ ដាក់ខោអាវរដ្ឋាភិបាលចូល អនុវត្តកាតព្វកិច្ចរបស់រដ្ឋាភិបាល និងច្បាប់របស់រដ្ឋាភិបាល។ ចប់។ អញ្ចឹង ទុកឲ្យគេធ្វើមេកងពល ទុកឲ្យគេធ្វើមេវរសេនាធំ ទុកឲ្យគេធ្វើមេបញ្ជាការគ្រប់ថ្នាក់។ មុខងារអ្វីដែលគេធ្លាប់កាន់ គឺឲ្យបន្តកាន់។ ខ្ញុំ(ខ្លួនឯងបាន)ចូលទៅតំបន់ខ្មែរក្រហម។ បានសេចក្តីថា “ខ្ញុំបានយកក្បាលពីរលើកទៅដោះដូរ។ លើកទី១ នៅឆ្នាំ១៩៧៧ ខ្ញុំយកក្បាលរបស់ខ្ញុំទៅដោះដូរជាមួយការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា តាមរយៈនៃការខិតខំប្រឹងប្រែង កសាងកម្លាំងប្រដាប់អាវុធ ហើយសំណូមពរកងទ័ពវៀតណាម ជួយធ្វើអន្តរាគមន៍សង្រ្គោះប្រជាជន។ ពេលនោះគ្រោះថ្នាក់ណាស់។
ខ្ញុំបាននិយាយពី ៤ជម្រើស ដែលសុទ្ធតែជាកន្លែងងាប់ទាំងអស់។ កាលពីជំនាន់នោះ មុនពេលដែលខ្ញុំឆ្លងទៅវៀតណាមៗ តែងចាប់ប្រជាពលរដ្ឋកម្ពុជាបញ្ជូនឲ្យខ្មែរក្រហម។ ប៉ុន្តែ ពេលដែលខ្ញុំទៅ ជាភ័ព្វសំណាងហើយ ដែលវៀតណាមមិនត្រឹមតែមិនចាប់ខ្ញុំទេ តែបានទទួលសំណូមពរពីខ្ញុំថា សូមកុំឲ្យវៀតណាមចាប់ប្រជាជនកម្ពុជាដែលរត់មកទឹកដីវៀតណាមទៅឲ្យខ្មែរក្រហម … វៀតណាមបានទាមទារពីខាងខ្មែរក្រហមដោះដូរមនុស្សជាមួយជ្រូក ឬឆ្កែ។ ប៉ុល ពត យកអ្នកទាំងនោះមកសម្លាប់នៅទល់ដែន។ ពេលដែលខ្ញុំទៅ វៀតណាមហោចណាស់បានរក្សាទុកពលរដ្ឋខ្មែរ។ ស្ថានភាពគឺបែបនេះឯង។
ខ្ញុំគួរតែបញ្ជាក់អំពីរឿងនយោបាយឈ្នះ-ឈ្នះ។ រឿងជំនឿទុកចិត្តវាធំណាស់ ធំជាងអ្វីទាំងអស់។ មិនចាំបាច់មានកិច្ចព្រមព្រៀងទេ។ ខ្ញុំចូលទៅក្នុងតំបន់ខ្មែរក្រហម។ ពេលនោះ ម្តាយខ្ញុំគាត់នៅរស់នៅឡើយ។ ម្តាយធំរបស់ខ្ញុំគាត់ក៏នៅរស់។ ទាំងពីរនាក់បងប្អូនបានមករង់ចាំខ្ញុំ។ ដោយសារតែជាថ្ងៃសៅរ៍ ខ្ញុំបានសម្រាកថ្ងៃត្រង់យូរបន្តិចគឺរហូតដល់ម៉ោងជាង៣។ ដឹងថាខ្ញុំភ្ញាក់ហើយ គាត់ក៏បើកទ្វារចូល។ ម្តាយខ្ញុំបាននិយាយមកកាន់ខ្ញុំថា “ឯងចូលទៅក្នុងតំបន់គេ តើមិនខ្លាចគេសម្លាប់ទេអី?”។ ម្តាយធំរបស់ខ្ញុំបាននិយាយបន្ថែមថា “ក្មួយគិតឡើងវិញ។ ក្រែងគេសម្លាប់ក្មួយណា។ ក្មួយកុំទុកចិត្តគេ”។ ខ្ញុំបានប្រាប់ទៅម្តាយនិងម្តាយធំរបស់ខ្ញុំថា “ម៉ែ! អ៊ំ! ប្រសិនបើស្លាប់ក៏ស្លាប់តែខ្ញុំម្នាក់ និងអ្នកទៅជាមួយខ្ញុំតែប៉ុន្មាននាក់តែប៉ុណ្ណោះ។ ប៉ុន្តែ បើបានមកវិញ គឺបានផែនដីទាំងមូល”។
ដូចការគិតរបស់ខ្ញុំមែន ក្បាលរបស់ខ្ញុំមិនត្រូវបានបាត់ទេ។ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំក៏មិនស្លាប់។ អ្នកទៅជាមួយក៏មិនស្លាប់។ តែប្រទេសកម្ពុជាបានឯកភាពជាលើកដំបូងក្នុងប្រវត្តិសាស្រ្តជាង ៥០០ឆ្នាំ។ប្រសិនបើញញើតកុំធ្វើ។ នៅទីនេះ ខ្ញុំគួរតែនិយាយថាសប្បាយរីករាយដោយសារតែមានអ្នកអនុវត្តនយោបាយឈ្នះ-ឈ្នះបានល្អ។ អតីតឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិម្នាក់ បម្រើការជារដ្ឋមន្រ្តីការពារជាតិឲ្យខ្ញុំ។ ខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ៣៨ ឆ្នាំ។ គាត់ក៏ធ្វើជារដ្ឋមន្រ្តីការពារជាតិឲ្យខ្ញុំរយៈពេលជាង ៣៥ឆ្នាំ។ ប្រហែលជានៅទីនេះមានអ្នកស្គាល់ គឺឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិ ទៀ បាញ់។ ឥឡូវ កូនរបស់គាត់កំពុងតែបំពេញតួនាទីជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិ។ ខ្ញុំមានមេទ័ពម្នាក់នេះ ដូចមានមួយកងពលនៅជាប់ជាមួយខ្លួន។ ជាអ្នកដឹកនាំអនុវត្តបន្តពីខ្ញុំ។ គាត់រួមចំណែកធំចំពោះជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ។
បើភ្លាត់តែបន្តិច អនុវត្តខុសតែបន្តិច បានសេចក្តីថា អ្វីៗត្រូវចោលអស់។ ការនេះទាមទារឲ្យមានការស្មោះត្រង់ពីយើងទៅកាន់បងប្អូនអតីតកម្លាំងបដិបក្ខ។ គេនឹងផ្តល់ជំនឿទុកចិត្តមកយើងវិញ។ បើមិនដូច្នោះទេគឺមិនបានទេ។ យើងត្រូវធ្វើផ្លូវ យើងត្រូវធ្វើប្រឡាយទឹក យើងត្រូវដោះស្រាយសាលារៀន មន្ទីរពេទ្យក្នុងតំបន់ទាំងនោះឲ្យស្មើៗគ្នា។ វាជាគ្រោះថ្នាក់ណាស់ ប្រសិនបើទុកឲ្យគ្រាន់តែធ្វើសមាហរណកម្មនយោបាយ និងរដ្ឋបាល ដោយមិនធ្វើសមាហរណកម្មរូបវន្ត ទាក់ទងជាមួយនឹងបញ្ហាសេដ្ឋកិច្ច-សង្គម ផ្លូវ ការតភ្ជាប់។ កុំថាឡើយប្រទេសមានសង្រ្គាម។ សូម្បីតែប្រទេសដែលគ្មានសង្រ្គាម បើខ្វះការយកចិត្តទុកដាក់ចំពោះជនបទ ធ្វើឲ្យប្រជាជននៅជនបទត្រូវងាយគេអូសទាញ។ ហ្នឹងជាចំណុចបទពិសោធរបស់កម្ពុជា។
[ចប់សេចក្ដីអធិប្បាយ៨]
ង. ដំណើរការផ្សះផ្សាជាតិ
សម្រាប់ខ្ញុំ និងប្រជាជនកម្ពុជា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយត្រូវតែការពារមិនឱ្យបាត់បង់ជាដាច់ខាត។ ខ្ញុំយល់ថា ការបញ្ឆេះសង្គ្រាម គឺជារឿងងាយស្រួល ប៉ុន្តែ ការស្វែងរក និងរក្សាសន្តិភាពឱ្យនៅគង់វង្សយូរអង្វែង គឺជារឿងលំបាកខ្លាំងណាស់។ បើទោះបីជាបានសន្តិភាពហើយក្តី យើងត្រូវការរកយុត្តិធម៌ឱ្យជនស្លូតត្រង់ដែលបានរងគ្រោះ។ ខ្ញុំបានផ្តល់យុត្តិធម៌ដល់ប្រជាជនខ្មែរ និងជាមេរៀនសម្រាប់ពិភពលោកថា យុត្តិធម៌ដែលមានពិតប្រាកដ នោះគឺ «យុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិត និងសន្តិភាពសម្រាប់អ្នករស់រានមានជីវិត ក៏ដូចជាសង្គមជាតិទាំងមូល» តាមរយៈដំណើរការផ្សះផ្សាសង្គមជាតិក្រោយជម្លោះ ដោយបង្កើតសាលាក្តីកូនកាត់អន្តរជាតិដំបូងគេ ដែលមានឈ្មោះថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដោយសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីកាត់ក្តីមេដឹកនាំកំពូលនៃរបបខ្មែរក្រហម(ចំនួន ៥ រូប) ចំពោះអំពើឃោរឃៅ ដែលពួកគេបានដឹកនាំការប្រព្រឹត្តប្រឆាំងនឹងមនុស្សជាតិ។
លក្ខណៈពិសេសនៃដំណើរការសាលាក្តី និងលទ្ធផលនៃការកាត់ទោស គឺការផ្តល់យុត្តិធម៌ដូចគ្នាដល់ជនរងគ្រោះដែលបានស្លាប់ ក៏ដូចជាជនរងគ្រោះដែលនៅមានជីវិត ដែលក្រោយពីការកាត់ក្តី អាចរស់ដោយស្ងប់ចិត្តជាមួយកូនចៅជំនាន់ក្រោយៗ ក្នុងភាពសុខដុមរុងរឿង និងសន្តិភាពយូរអង្វែង ហើយគ្មានការចងពៀរសងសឹកគ្នាតទៅទៀត។ ការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាតិ និងពិភពលោក ទាំងលើទិដ្ឋភាពច្បាប់ និងលើទិដ្ឋភាពសីលធម៌ ក៏ត្រូវបានបំពេញ។ មិនតែប៉ុណ្ណោះ តុលាការនេះបានបន្សល់ទុកនូវកេរ្តិ៍តំណែលជាឯកសារប្រវត្តិសាស្ត្រ ក្នុងទម្រង់ជាឯកសាររឹង និងឯកសារឌីជីថលចំនួនជាង ២ លានទំព័រ ដែលបច្ចុប្បន្នត្រូវបានរក្សាទុកនៅបណ្ណាល័យជាតិ សម្រាប់អ្នកសិក្សា និងអ្នកប្រវត្តិសាស្ត្រធ្វើការសិក្សាស្រាវជ្រាវ និងជាមេរៀនសម្រាប់បណ្តុះស្មារតីមនុស្សជំនាន់ឱ្យទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ ស្ថាប័នយុត្តិធម៌អន្តរជាតិនានា ក៏អាចយកគំរូពីសាលាក្តីខ្មែរក្រហមនេះបានដែរ។
[ផ្ដើមសេចក្ដីអធិប្បាយ៩]
ក្នុងចំណុចនេះយើងត្រូវតែមានតុល្យភាព។ បើសិនជាលម្អៀងតែម្ខាងគឺមិនបាន។ យើងត្រូវមានយុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិត ក៏ប៉ុន្តែយើងក៏ត្រូវតែរក្សាសន្តិភាពសម្រាប់អ្នកដែលរស់រានមានជីវិត។ រឿងនេះ ខ្ញុំអាចនិយាយបានយ៉ាងជាក់លាក់ថា បើគ្មាន ហ៊ុន សែន ទេ សង្រ្គាមចាប់ផ្តើមផ្ទុះនៅកម្ពុជាឡើងវិញ ដោយសារតែអង្គការសហប្រជាជាតិតែម្តង។ ខ្ញុំហ៊ាននិយាយអញ្ចឹង។ មូលហេតុអ្វី? គេបានលើកអំពីការឱ្យមានការចោទប្រកាន់កាត់ទោសពាសវាលពាសកាល ដែលសូម្បីតែព្រះបិតាជាតិយើងខ្ញុំ គឺសម្តេចព្រះ នរោត្តម សីហនុ ក៏ត្រូវបានតុលាការកោះហៅដែរ។ ខ្ញុំបានប្រាប់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon ថា «ខ្ញុំសុខចិត្តឲ្យតុលាការបរាជ័យ ប៉ុន្តែខ្ញុំមិនសុខចិត្តឲ្យប្រទេសខ្ញុំកើតសង្រ្គាមឡើងវិញទេ»។ សូមឯកឧត្តមគិតមើល (រវាងការ)កាត់ទោស ៤ទៅ ១០នាក់ ឬ២០នាក់ តែវាបង្កើតសង្រ្គាមឲ្យស្លាប់អស់រាប់ម៉ឺននាក់ តើឯកឧត្តមរើសមួយណា?
ពេលនោះ សូម្បីតែប្រទេសកម្ពុជាបានប្រសិទ្ធនាមអតីតព្រះមហាក្សត្រយើងខ្ញុំ ជាព្រះបិតាជាតិ(ហើយក្តី) ក៏ត្រូវទទួលការចោទប្រកាន់ពីតុលាការនេះដែរ។ មេដឹកនាំកម្ពុជាមួយចំនួន ក៏ត្រូវបានចង្អុលបង្ហាញសម្រាប់ការកាត់ទោស និងរាលដាលទៅដល់ថ្នាក់កងពលរបស់ខ្មែរក្រហមទៀត។ ដោយហេតុហ្នឹងហើយទើបបានជាខ្ញុំថា មិនព្រមទេ។ ពេលហ្នឹង មានអ្នកខ្លះលើកថា (យើង)មិនគោរពតុលាការ។ ខ្ញុំបាននិយាយត្រឡប់ទៅវិញថា “សូមអ្នកឯងចាំឲ្យច្បាស់ ច្បាប់នេះ ខ្ញុំជាអ្នកធ្វើជាមួយអ្នកឯង។ សភាខ្ញុំជាអ្នកអនុម័ត។ រឿងអីខ្ញុំមិនមានសិទ្ធិពិនិត្យមើល និងទទួលខុសត្រូវចំពោះជាតិសាសន៍របស់ខ្ញុំ”។ ពួកចៅក្រមរបស់គេ គិតតែពីឯករាជ្យ។ អញ្ចឹងចង់ទាញអ្នកណាមកកាត់ទោសក៏ស្រេចនឹងចិត្ត។ មិនបានទេ។ កម្ពុជាក្រោមការដឹកនាំរបស់ ហ៊ុន សែន អត់បណ្ដោយអោយអ្នកឯងធ្វើតាមចិត្តទេ។
ទីចុងបំផុត យុត្តិធម៌ក៏ទទួលបាន សន្តិភាពក៏រក្សាបាន រហូតដល់សព្វថ្ងៃនេះ។ នេះជាការដាស់តឿនមួយ។ សូមឲ្យមានការប្រុងប្រយ័ត្នជាមួយសកម្មភាពទាំងឡាយណាដែលអាចរំខាន/បំផ្លាញដល់ផ្ទៃក្នុងរបស់ខ្លួន។ សូមកុំដុតផ្ទះយើងដើម្បីចម្អិនពងមាន់របស់អ្នកដទៃ។ ខ្ញុំមិនដុតផ្ទះរបស់ខ្ញុំដើម្បីចម្អិនពងមាន់ឲ្យប្រទេសដទៃទេ។ វាជារឿងពិតនៃប្រវត្តិសាស្ត្រ។ សូមឯកឧត្តមប្រធានាធិបតី ឯកឧត្តម លោកជំទាវ មេត្តាយោគយល់។ ខ្ញុំត្រូវនិយាយច្រើន និងខ្លាំងបន្តិច ព្រោះរឿងវាច្រើនឆ្នាំ ឲ្យខ្ញុំនិយាយមួយភ្លែតគឺនិយាយមិនអស់។ ខ្ញុំសូមនិយាយឲ្យបានច្រើនបន្តិច។ និយាយរួចហើយ បើសិនជាឯកឧត្តមប្រធានាធិបតី ឬអ្នកផ្សេងសួរ ខ្ញុំក៏ផ្ដល់នូវចម្លើយ ឆ្លើយតបសំណួរទៀតបើសិនជាខ្វះខាត។
យើងត្រូវឲ្យមានការទទួលខុសត្រូវ ក៏ប៉ុន្តែក្នុងកម្រិតណាមួយ ដើម្បីឲ្យប្រជាជនទទួលបាន។ ខ្ញុំសូមជម្រាប នៅពេលអនុវត្តនយោបាយឈ្នះឈ្នះ ខ្ញុំបារម្ភអំពីការសងសឹកគ្នា ព្រោះមនុស្សមួយចំនួនត្រូវបានសម្លាប់(ដោយអ្នក)នៅក្នុងជួរខ្មែរក្រហម។ ដល់ពេលធ្វើសមាហរណកម្ម ខ្ញុំខ្លាចមានការសងសឹកពីអ្នកដែលមានបងប្អូន/ឪពុក-ម្ដាយស្លាប់ ជាមួយនឹងតួអង្គខ្មែរក្រហមដែលបានធ្វើរឿងនេះ។ ផ្ទុយទៅវិញ កម្ពុជាអត់មាន(កើតហេតុទាំងនោះ)ទេ។ ចាប់ផ្ដើមដំបូង យើងបានបង្កាពីការសងសឹកគ្នានេះឯង។
ប្រទេសកម្ពុជាធ្លាប់មានកងទ័ព ៤ភាគីដែលច្បាំងគ្នា។ ឥឡូវសូមពិនិត្យមើល យើងខ្ញុំមានកងទ័ពតែមួយ។ ប្រទេសកម្ពុជា ដែលមុននេះមានតំបន់ត្រួតត្រាច្រើន មិនតិចជាង២ តែឥឡូវមានតំបន់ត្រួតត្រាតែមួយ ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ សភាតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ។ ប្រវត្តិយើងខ្ញុំមិនដែលមានទឹកដីឯកភាពគ្នាទេ។ សូម្បីតែពេលជប៉ុនចូលមកត្រួតត្រា ក្រោយមកបារាំងចូលមកទៀត ក្រោយមកអាមេរិក និងក្រោយមកខ្មែរក្រហម ក៏អត់ដែលមានតំបន់ត្រួតត្រាមួយដែរ។
មុនឆ្នាំ១៩៧០ នៅប្រទេសកម្ពុជាមានកម្លាំងប្រដាប់អាវុធ៤ គឺកម្លាំងប្រដាប់អាវុធរាជរដ្ឋាភិបាល, ខ្មែរស, ខ្មែរក្រហម និងខ្មែរខៀវ។ អញ្ចឹងត្រួតត្រាដីជាចំណែកៗ ទោះបីជានៅលាក់ខ្លួនក៏ដោយ។ ឆ្នាំ១៩៧០-១៩៧៥ គឺបែងចែកជាពីរ ដែលម្ខាងត្រួតតា្រដោយ លន់ នល់ គាំទ្រដោយអាមេរិក និងម្ខាងទៀតគឺរណសិរ្សរំដោះជាតិដែលដឹកនាំដោយសម្ដេចព្រះ នរោត្តម សីហនុ។ ប៉ុន្តែក៏មានខ្មែរក្រហមនៅទីនោះ។ យើងមិនស្គាល់ខ្មែរក្រហមជាអ្នកណាផង។ ខ្ញុំទៅតាមសម្ដេចព្រះ នរោត្តម សីហនុ ក៏ប៉ុន្តែទីចុងបំផុតស្រាប់តែចេញ៨៧០ ជាលេខសម្ងាត់ បន្ទាប់ទៅឈ្មោះ ប៉ុល បន្ទាប់ទៅចេញ ប៉ុល ពត មក បាត់សម្ដេចព្រះនរោត្តម សីហនុ តែម្ដង។ ទោះបីជាខ្មែរក្រហមឃោរឃៅប៉ុណ្ណឹង ក៏ខ្មែរក្រហមមិនអាចត្រួតត្រាទឹកដីអស់ដែរ។ បើត្រួតត្រាទឹកដីអស់ តើពួកខ្ញុំទៅនៅឯណា? ខ្ញុំក៏មានតំបន់ដែលខ្ញុំគ្រប់គ្រងផងដែរ។
ពីឆ្នាំ១៩៧៩-១៩៩៣ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រា៤ ឡើងវិញ គឺរដ្ឋាភិបាលរបស់ខ្ញុំ, ខ្មែរក្រហម, រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និងហ៊្វុនស៊ិនប៉ិច។ ពីឆ្នាំ១៩៩៣-១៩៩៨ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រា២ គឺម្ខាងរដ្ឋាភិបាលដែលចេញពីការបោះឆ្នោត និងម្ខាងទៀតខ្មែរក្រហម។ ពីឆ្នាំ១៩៩៨-ដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាមួយ ហើយជាសន្តិភាពយូរជាងគេ។ យើងខ្ញុំមានសន្តិភាពជាង២៦ឆ្នាំហើយ។ សន្តិភាពកាលពីជំនាន់ក្រោយបានឯករាជ្យពីបារាំង មកដល់សន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ យើងចាត់ទុកថាពេលនោះមានសន្តិភាព ប៉ុន្តែរំខានដោយខ្មែរក្រហម, ខ្មែរខៀវ, ខ្មែរស និងការទម្លាក់គ្រាប់បែកតាមព្រំដែនកម្ពុជា-វៀតណាម គឺធ្វើឲ្យអស្ថិរភាព។ យ៉ាងណាក៏ដោយ យើងចាត់ទុកថាមានសន្តិភាពទៅចុះ ក៏បានតែ ១៦ឆ្នាំដែរ។ ឥឡូវ សន្តិភាពដែលខ្ញុំរក បានក្រោមការដឹកនាំរបស់អតីតព្រះមហាក្សត្រ និងព្រះមហាក្សត្របច្ចុប្បន្ន គឺយើងរក្សាបាន ២៦ឆ្នាំហើយ។
ខ្ញុំសូមរំលឹកបន្តិច។ មុននេះខ្ញុំនិយាយអំពីគោលដៅពីរ ប៉ុន្តែខ្ញុំបានបញ្ជាក់តែពីគោលដៅមួយតែប៉ុណ្ណោះ។ គោលដៅទីពីរគឺការកសាងខ្សែព្រំដែនជាមួយប្រទេសជិតខាង ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងខ្ញុំបានដោះស្រាយព្រំដែនជាមួយវៀតណាមបាន៨៤% រួចស្រេចហើយ។ ដោះស្រាយព្រំដែនជាមួយឡាវបាន ៨៦% រួចហើយ និងកំពុងបន្តដោះស្រាយជាមួយគ្នាតទៅទៀត។ យើងខ្ញុំកំពុងបន្តចរចាជាមួយថៃដើម្បីដោះស្រាយបញ្ហាព្រំដែន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមបានឡើងដល់ជាង ១០ពាន់លានដុល្លារ។ កាលពីថ្ងៃ២៩ ខែមេសា កន្លងទៅ យើងបានចុះហត្ថលេខាដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់២០ពាន់លានដុល្លារ។មើលតួលេខដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំបានបញ្ជូនមក ពាណិជ្ជកម្ម ៤ខែដើមឆ្នាំ២០២៥ ទំហំនាំចេញពីកម្ពជាទៅកាន់វៀតណាម ច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយថៃមាន ១០ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មយើងជាមួយឡាវកំពុងតែមានការកើនឡើង រាប់ទាំងការនាំចូលអគ្គិសនីពីឡាវមកកាន់កម្ពុជា។ ចំណុចដែលពីដើមជាទីតាំងដាក់កាំភ្លើងវាយគ្នារវាងកម្ពុជា-ថៃ រវាងកម្ពុជា-វៀតណាម រវាងកម្ពុជា-ឡាវ ឥឡូវទៅជាកន្លែងផ្សារលក់ដូរ។ តើនេះវាមិនល្អទេឬអី?
[ចប់សេចក្ដីអធិប្បាយ៩]
ច. អំពីការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ពីចំណុចសូន្យ
សង្រ្គាមស៊ីវិលកម្ពុជាបានអូសបន្លាយអស់ជិតបីទសវត្សរ៍ (២៩ឆ្នាំ) ដែលប្រៀបបាននឹងការធ្វើអត្តឃាតជាតិ។ ក្រោយឧក្រិដ្ឋកម្មសម្លាប់រង្គាលនៅកម្ពុជា ប្រជាជនកម្ពុជាប្រមាណជាង ៧០% បានជួបប្រទះនឹងជំងឺផ្លូវចិត្ត ដោយយើងបានព្យាបាលពួកគេ តាមរយៈការគាំពារផ្នែកសុខុមាលភាពសង្គម ការអប់រំផ្លូវចិត្ត សាសនា ការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេស ការកែប្រែសេដ្ឋកិច្ចពីសេដ្ឋកិច្ចផែនការ មកសេដ្ឋកិច្ចទីផ្សារ ក្នុងដំណាក់កាលដែលរដ្ឋខ្លួនឯងកំពុងទទួលទណ្ឌកម្មសេដ្ឋកិច្ចពីគ្រប់ទិសទី។
ដូចបានលើកឡើងខ្លះៗនៅខាងដើម ការស្តារសេដ្ឋកិច្ចរបស់កម្ពុជា ជួបផលវិបាកធំៗចំនួន ៤ ក្រោយសង្គ្រាម។ ទី១ គឺប្រព័ន្ធសេដ្ឋកិច្ចត្រូវបំផ្លាញទាំងស្រុង។ សូមបញ្ជាក់ថា ក្នុងសម័យប្រល័យពូជសាសន៍ គេពឹងតែលើកសិកម្មសុទ្ធសាធ ដោយគ្មានពាណិជ្ជកម្ម រួមទាំងជាមួយប្រទេសផ្សេង និងបានលុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណ។ កម្ពុជាអត់មានការចាយលុយទេក្នុងដំណាក់កាលប៉ុល ពត។ យើងខ្ញុំទើបនឹងបោះលុយចាយក្រោយរំដោះពីរបប ប៉ុល ពត ឆ្នាំ១៩៨០។ ទី២ គឺបញ្ញវន្ត រួមទាំងគ្រូបង្រៀនត្រូវបានសម្លាប់ស្ទើរគ្មានសល់ ហើយសាលារៀន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឯទៀតក៏ត្រូវបានបំផ្លាញ។ នេះជាចំណុចពិបាកបំផុតដែលប្រទេសមួយ ឬសេដ្ឋកិច្ចមួយ ដែលគ្មានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម ខ្វះធនធានមនុស្សគ្រប់វិស័យ ហើយប្រជាជនដែលនៅសល់ សុទ្ធតែបាក់កម្លាំង និងមានជំងឺផ្លូវចិត្តថែមទៀត។ បញ្ញវន្តខ្មែរ បូករួមទាំងអ្នកចេះអានចេះសរសេរប្រមាណជា ៩០% ត្រូវគេសម្លាប់ ឬស្លាប់ក្នុងសម័យប្រល័យពូជសាសន៍។ ក្រោយការដួលរលំរបបប៉ុលពត មានតែ ១០% ប៉ុណ្ណោះនៃប្រជាជនខ្មែរដែលនៅរស់ ចេះអាន ចេះសរសេរ។ យើងបានអនុវត្តយុទ្ធសាស្ត្រ អ្នកចេះបង្គួរ បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ។ នេះជាវិធីសាស្រ្តដំបូងរបស់យើង ចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ គឺជាការចាប់ផ្ដើមដ៏លំបាករបស់យើង ទី៣ គឺយើងត្រូវស្តារទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសទាំងអស់ ដើម្បីចងទំនាក់ទំនងពាណិជ្ជកម្ម និងគាំទ្រផ្នែកនយោបាយជាតិ និងអន្តរជាតិ។ ទី៤ គឺជាអកុសល កិច្ចប្រឹងប្រែងរបស់យើងទាំងអស់ ត្រូវរំខានដោយសង្គ្រាមស៊ីវិល និងដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងសង្គ្រាមត្រជាក់ បន្ថែមលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ បើនិយាយពីអាយុមធ្យមរំពឹងរស់ (life expectancy) របស់ប្រជាជនកម្ពុជា កាលពីឆ្នាំ១៩៧៨ ក្នុងសម័យប៉ុល ពត ជាមធ្យមគឺត្រឹម ១១,៥ ឆ្នាំប៉ុណ្ណោះ តែនៅក្នុងឆ្នាំ២០២៥ នេះ អាយុមធ្យមរំពឹងរស់របស់ប្រជាជនខ្មែរ ជាមធ្យមកើនដល់ ៧១ឆ្នាំ។ ឥឡូវ គឺអ្នកដែលមានវ័យចំណាស់ក៏ច្រើន ពីមុន អាយុសង្ឃឹមរស់មានទាប តែឥឡូវយើងមានខ្ពស់ជាង។
ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ សេដ្ឋកិច្ចរបស់កម្ពុជាមានភាពទន់ខ្សោយ ហើយការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ បានពឹងផ្អែកស្ទើរទាំងស្រុងទៅលើជំនួយរបស់មិត្តបរទេស។ កម្ពុជាបានធ្វើការកំណែទម្រង់សេដ្ឋកិច្ច ដោយអនុគ្រោះដល់សហគ្រាសធុនតូច។ នៅក្នុងទសវត្សរ៍ ១៩៩០ កម្ពុជាបានអនុវត្តសេដ្ឋកិច្ចទីផ្សារ ជាមួយនឹងការទាក់ទាញវិនិយោគបរទេសដោយផ្ទាល់ (FDI)។ យើងបានខិតខំកែទម្រង់ផ្ទៃក្នុងផង ខិតខំជំរុញសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងតំបន់ និងសកលលោកផង។ ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល សេដ្ឋកិច្ច និងសង្គមកិច្ច ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន គឺជាអាទិភាពរបស់ខ្ញុំ ក៏ដូចជារាជរដ្ឋាភិបាល។ ដើម្បីធានាបាននូវជោគជ័យ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន សង្គម និងការផ្លាស់ប្តូររបត់ស្ថានការណ៍ពិភពលោក នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ នៅឆ្នាំ១៩៩៨-២០០៣ និងយុទ្ធសាស្ត្រចតុកោណ ចំនួន ៤ ដំណាក់កាល ចាប់ពីឆ្នាំ២០០៣ រហូតដល់ ២០២៣។ រាជរដ្ឋាភិបាលបន្តវេន បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ឆ្នាំ២០២៣-២០២៨ ដែលបាននិងកំពុងបន្តអនុវត្ត។
[ផ្ដើមសេចក្ដីអធិប្បាយ១០]
ខ្ញុំសូមលើកអំពីយុទ្ធសាស្ត្រត្រីកោណបន្តិច។ ក្រៅពីដាក់ចេញនូវគោលដៅ២ ដែលខ្ញុំបញ្ជាក់ថាប្រែក្លាយអតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍនិងទីផ្សារ ប្រែក្លាយខ្សែព្រំដែនឲ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៅមានការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ។ នោះគឺ (ទី១) ធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុង។ បានសេចក្ដីថា ត្រូវពង្រឹងសន្តិភាពដែលទើបហ្នឹងរកបាន។ ទី២ ធ្វើសមាហរណកម្មឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិ រួមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគ ហើយទី៣ ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុងនិងអន្តរជាតិ ប្រមូលផ្ដុំការខិតខំអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ ការកែទម្រង់អភិបាលកិច្ច ប្រព័ន្ធតុលាការ និងការគ្រប់គ្រងវិស័យសាធារណៈ។ ចំណុចយុទ្ធសាស្ត្រក្នុងការកែទម្រង់សេដ្ឋកិច្ច គឺផ្អែកលើប្រជាជនជាស្នូល ទើបទទួលបានជោគជ័យ ដោយពង្រីកចំនួនប្រជាជនមានចំណូលកម្រិតកណ្តាល ទន្ទឹមគ្នានឹងកាត់បន្ថយភាពក្រីក្រ។
ខ្ញុំបកថយក្រោយបន្តិចថា តើការកែទម្រង់សេដ្ឋកិច្ចចាប់ផ្ដើមពីចំណុចណា? របប ប៉ុល ពត បានដកហូតកម្មសិទ្ធទាំងអស់របស់ប្រជាជន ហើយអនុវត្តការធ្វើរួមហូបរួម។ ក្រោយពេលដែលយើងខ្ញុំរំដោះប្រទេសនៅឆ្នាំ១៩៧៩ យើងគ្មានជម្រើសអ្វីក្រៅតែពីធ្វើសេដ្ឋកិច្ចបែបផែនការនោះឯង។ ២០គ្រួសារ សល់គោ ២នឹម តើយើងអាចធ្វើអីកើត? គ្មានប្រទេសណាមួយនៅលើពិភពលោកដែលមានស្ត្រីមេម៉ាយនិងកុមារកំព្រាច្រើនជាងកម្ពុជាទេ បើគិតជាអត្រាភាគរយ ព្រោះ ប៉ុល ពត សម្លាប់បុរសៗ។ យើងចាប់ផ្ដើមពីវិស័យកសិកម្ម និងការផ្ដល់កម្មសិទ្ធិឲ្យប្រជាជន។ ប៉ុន្តែការផ្ដល់កម្មសិទ្ធឲ្យប្រជាជននេះ វាជួបការពិបាករបស់វាត្រង់កន្លែងថា តើត្រូវទទួលស្គាល់កម្មសិទ្ធិមុនឆ្នាំ១៩៧៥ ឬត្រូវទទួលស្គាល់កម្មសិទ្ធិក្រោយឆ្នាំ១៩៧៩។ នេះជាបញ្ហាដ៏លំបាក។ ទីចុងបំផុត យើងត្រូវទទួលស្គាល់កម្មសិទ្ធិដែលប្រជាជនកំពុងកាន់កាប់។ បើមិនដូច្នោះវាតម្រូវឲ្យជម្លៀសប្រជាជនទូទាំងប្រទេសឡើងវិញ ដើម្បីទៅរកកម្មសិទ្ធិចាស់។ ក្រុមគ្រួសារខ្លះត្រូវស្លាប់ទាំងពូជដោយគ្មានអ្នកណាទទួលកេរមរត៌កទេ។ អញ្ចឹងត្រូវផ្ដល់ឱកាសឲ្យប្រជាជនមានកម្មសិទ្ធិដីធ្លី ជំរុញទីផ្សារឡើង។
នៅឆ្នាំ១៩៨៧ ខ្ញុំបានប្រកាសចេញនូវអាទិភាព ៤យ៉ាង ដែលត្រូវធ្វើការវិនិយោគ គឺ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ក្រោយមក គឺយើងដូរយកមនុស្សធ្វើជាមុំទីមួយ គឺមនុស្ស ផ្លូវ ទឹក និងភ្លើង។ ឆ្នាំ១៩៨៧ អត់ទាន់ដំណោះស្រាយនយោបាយទេ គឺការគ្រប់គ្រងផ្ដាច់មុខដោយរដ្ឋាភិបាលរបស់ខ្ញុំ។ ប៉ុន្តែ អាទិភាពនេះនៅតែបានទទួលស្គាល់ថាជាការចាំបាច់។ ឥឡូវ យុទ្ធសាស្ត្របញ្ចកោណមានបន្ថែមមុំបច្ចេកវិទ្យាមួយទៀត។ ក្រោយការផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ល្បឿនសេដ្ឋកិច្ចបាននាំយើងឆ្ពោះមកកាន់វឌ្ឍនភាពដ៏ប្រសើរ។ យើងបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមុនវៀតណាមនិងរុស្សី ដោយសារការខំប្រឹងប្រែងកែទម្រង់ពីពេលដែលខ្ញុំធ្វើនាយករដ្ឋមន្ត្រី។
[ចប់សេចក្ដីអធិប្បាយ១០]
យុទ្ធសាស្ត្រចតុកោណ ជំរុញតួនាទី «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា «រាជរដ្ឋាភិបាល នៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ ពង្រឹងអភិបាលកិច្ចល្អ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានផ្លូវថ្នល់ ផ្លូវដែក និងការតភ្ជាប់ ផ្លូវអាកាស ផ្លូវទឹក ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។
យុទ្ធសាស្ត្របញ្ចកោណ មានគោលដៅពង្រីកវឌ្ឍនភាពរបស់រដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីឈានទៅរកទស្សនវិស័យឆ្នាំ ២០៥០ របស់កម្ពុជា ក្នុងការសម្រេចបានឋានៈជាប្រទេសមានចំណូលខ្ពស់។ យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានអនុម័ត និងកំពុងអនុវត្ត បានបន្ថែមជ្រុងអាទិភាពថ្មី ១ គឺលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលពុំមានក្នុងយុទ្ធសាស្រ្តចតុកោណ។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនា ៥ គោលដៅយុទ្ធសាស្ត្រ ៥ និងអាទិភាពគន្លឹះ ៥។ បាវចនា ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ គោលដៅយុទ្ធសាស្ត្រ ៥ រួមមាន (១) ធានាឱ្យបានកំណើនសេដ្ឋកិច្ច (២) បង្កើតការងារឱ្យបានកាន់តែច្រើន (៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ (៤) បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និង(៥)ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អាទិភាពគន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សន្តិភាព និងដំណើរការស្តារ កសាង និងអភិវឌ្ឍកម្ពុជា ដោយមានការចូលរួមគាំទ្រពីអង្គការជាតិអន្តរជាតិ និងបណ្តាប្រទេសផ្តល់ជំនួយ ដែលបាននិងកំពុងបន្តជួយជ្រោមជ្រែងកម្ពុជាមកដល់សព្វថ្ងៃ។ ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលបានបន្តការកែទម្រង់ និងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមត្រូវបានពង្រាយ ប្រកបដោយសមធម៌ទៅគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានប្រជាជននៅទូទាំងប្រទេស ដែលនេះជាកត្តាដ៏សំខាន់សម្រាប់ការពង្រឹងឯកភាពជាតិ និងការរក្សាសន្តិភាព និងភាពសុខដុមក្នុងសង្គមជាតិទាំងមូល។
ឆ. បច្ចុប្បន្នភាពសេដ្ឋកិច្ច-សង្គមកម្ពុជា
សន្តិភាពពេញលេញរយៈពេល ២៧ ឆ្នាំ មកនេះ បានអនុញ្ញាតឱ្យយើងអាចផ្តោតការយកចិត្តទុកដាក់ទាំងស្រុងលើការកសាងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដែលនាំមកនូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រចាំឆ្នាំជាមធ្យម ៧% ក្នុងរយៈពេលជាង ២ ទសវត្សរ៍ មុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។ មកដល់ក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជាបានទទួលរងនូវកម្មវិបាកពេញទំហឹងដោយសារការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ពោលគឺបានរុញច្រានសេដ្ឋកិច្ចឱ្យធ្លាក់ក្នុងកំណើនអវិជ្ជមាន -៣,៦%។ បន្ទាប់ពីការបើកប្រទេសជាបណ្ដើរៗឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តវិធានការអន្តរាគមន៍សង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញក្នុង អត្រាកំណើន ៣,១% ក្នុងឆ្នាំ២០២១, ៥,១% ក្នុងឆ្នាំ២០២២, ៥% ក្នុងឆ្នាំ២០២៣ និង៦% ក្នុងឆ្នាំ២០២៤។
[ផ្ដើមសេចក្ដីអធិប្បាយ១១]
ខ្ញុំគួរតែបញ្ជាក់បន្តិចថា ខាងលើខ្ញុំបានបញ្ជាក់អំពីគោលដៅនៅឆ្នាំ២០៥០ ប៉ុន្តែយើងមានគោលដៅដែលទៅមិនឆ្ងាយពីនេះ នៅត្រង់ថាពេលនេះ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ យើងចង់សម្រេច(គោលដៅ)ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។ តាមការសម្រេចរបស់អង្គការសហប្រជាជាតិ យើងនឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខនេះ។ និយាយអំពីអត្រានៃភាពក្រីក្រ។ ខ្ញុំសូមធ្វើការកែតម្រូវ(តួលេខ)ដែល(និយាយ)នៅហ្សាការតា និង(និយាយ)នៅទីនេះ។ តួលេខដែលយើងទទួលបានពីទីក្រុងភ្នំពេញត្រឡប់មកវិញនោះគឺ មុនកូវីដ-១៩ មកដល់ អត្រានៃភាពក្រីក្រស្ថិតនៅក្នុងរង្វង់ក្រោម១០% បន្តិច។ ប៉ុន្តែ ពេលដែលកូវីដ-១៩ មកដល់ អ្នកដែលឆ្លង(ផុត)បន្ទាត់នៃភាពក្រីក្ររួចហើយ ត្រូវធ្លាក់ចុះទៅភាពក្រីក្រវិញ។ តាមរយៈនៃអន្តរាគមន៍ទាំងឡាយ ក្នុងឆ្នាំ២០២៤ កន្លងទៅ អត្រានៃភាពក្រីក្រនៅសល់ ១៧,៩៨%។ អញ្ចឹងសុំធ្វើការកែតម្រូវតួលេខអត្រា(នៃភាពក្រីក្រ)ដែល(ខ្ញុំបាននិយាយ)នៅឯហ្សាការតា ថា ១៩% មក ១៧,៩៨% វិញ។ ។ បើសិនជាកូវីដ-១៩ កុំបំផ្លាញ ប្រហែលជាពិភពលោកទាំងមូល រាប់ទាំងកម្ពុជា បាននិងធ្វើដំណើរដ៏ល្អ។ ប៉ុន្តែកូវីដ-១៩ បានរារាំងយើង។ បន្ទាប់ពីកូវីដ-១៩ ក៏ចាប់ផ្ដើមមានសង្រ្គាម មានទណ្ឌកម្ម រហូតដល់ឥឡូវ មានពន្ធគយ ដែលជារឿងកំពុងតែស្មុគស្មាញ។ ក៏ប៉ុន្តែ យើងសង្ឃឹមថា យើងនឹងខិតខំដោះស្រាយ ដោយពឹងលើការខិតខំជាមួយដៃគូនានា ដែលមានទស្សនៈប្រហាក់ប្រហែលគ្នាលើកិច្ចការពាណិជ្ជកម្មសកលដែលគ្រប់គ្រងដោយច្បាប់។
[ចប់សេចក្ដីអធិប្បាយ១១]
ក្នុងនាមជាសមាជិកអង្គការតំបន់ និងអន្តរជាតិ រួមទាំងអាស៊ាន និងអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមកាន់តែសកម្ម ក្នុងកិច្ចប្រឹងប្រែងដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍដោយចីរភាពសម្រាប់ពិភពលោកទាំងមូល។ ជាអាទិ៍ កម្ពុជាទទួលបានការកោតសរសើរថាជាប្រទេសជាគំរូមួយ ដែលគិតពីឆ្នាំ២០០៦ មកដល់សព្វថ្ងៃ បានបញ្ជូនកម្លាំងសរុបប្រមាណ ១ ម៉ឺននាក់ ទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសចំនួន ១០ ហើយមានកម្លាំងជាស្រ្តីច្រើនលំដាប់ទី២ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ តាមរយៈយន្តការពហុភាគី កម្ពុជាក៏បានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ភេរវកម្ម ការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់។ល។ និងចូលរួមដោះស្រាយបញ្ហាបំពុលបរិស្ថាន និងផលប៉ះពាល់បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។
ជាមួយនឹងជោគជ័យរបស់កម្ពុជាក្នុងការស្តារ និងកសាងប្រទេសក្រោយសង្រ្គាម ខ្ញុំអាចនិយាយប្រកបដោយមោទនភាពបានថា កម្ពុជាលែងជាប្រទេសដ៏សែនកម្សត់ទៀតហើយ។ ក្រសែភ្នែកអន្តរជាតិក៏ចាប់ផ្តើមមើលមកប្រទេសកម្ពុជា ក្នុងមនោសញ្ចេតនាគោរព និងផ្តល់តម្លៃក្នុងនាមជាប្រទេស ដែលមានសមត្ថភាពចូលរួមរៀបចំរបៀបវារៈ និងនិម្មាបនកម្មតំបន់ប្រកប ដោយការទទួលខុសត្រូវ ចំពោះសន្តិភាព និងប្រជាជន។ យើងនឹងបន្តជំរុញនាវាកម្ពុជា ទៅរកអនាគតកាន់តែប្រសើរ ក្នុងភាពឯករាជ្យ និងអធិបតេយ្យភាពពេញលេញ ឆ្លងកាត់បរិការណ៍ភូមិសាស្ត្រនយោបាយ និងសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន ដែលកំពុងរងការប្រែប្រួលដ៏ជ្រាលជ្រៅ ដោយសារកំណើនភាពតានតឹង នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាច។
[ផ្ដើមសេចក្ដីអធិប្បាយ១២]
ខ្ញុំអាចជម្រាបជូនថា កម្ពុជាពីមុនគឺជាកន្លែង(ដែលគេ)ភ័យខ្លាច។ ប៉ុន្តែ នៅមុនពេលកូវីដ-១៩ មកដល់ ពេលនោះ យើងទទួលបានទេសចរចំនួន ៦,៦លាននាក់។ តែចំនួននេះក៏ធ្លាក់ចុះ។ ឥឡូវ កំណើនទេសចរក្នុងឆ្នាំ២០២៤ កន្លងទៅបានឡើងមកដល់ ៦,៧លាននាក់ បានសេចក្ដីថា (ចំនួនអ្នកទេសចរកើន)លើសមុន។ (អ្នកទេសចរ)ក៏កាន់តែមានចំនួនច្រើន។អ្វីដែលគួរឱ្យភ្ញាក់ផ្អើល កម្ពុជាបានក្លាយទៅជាទីតាំងដែលគេឆបោកមនុស្សចូលមក។ (គេឃោសនា)ថា ឱ្យតែមកកម្ពុជា(នឹង)ទទួលបានប្រាក់ខែច្រើន។ អញ្ចឹង កម្ពុជាកំពុងតែរងគ្រោះដោយសារតែសន្តិភាព (និង)ការរីកចម្រើនរយៈពេលចុងក្រោយ។ ពួកឆបោកនានា ទាក់ទងនឹងល្បែងអនឡាញ ប្រមូលមនុស្សតាំងពីឥណ្ឌូនេស៊ី ឥណ្ឌា នៅ(ប្រទេស)នេះ/នោះ ថាទៅកម្ពុជាគេឱ្យប្រាក់ខែច្រើន។ នេះជាការភ្ញាក់ផ្អើលសម្រាប់ខ្ញុំ។ មុននេះ ឱ្យតែឮថាកម្ពុជា គេខ្លាចសង្រ្គាម ខ្លាចខ្មែរក្រហម។ ឥឡូវ បែរជាកម្ពុជាទៅជាឋានសួគ៌លោកិយនៃការឆបោកនៃក្រុមអន្តរជាតិដែលធ្វើការទាក់ទងនឹងការឆបោកតាមអនឡាញ។ ឆបោកតាមអនឡាញ វាមិនមែនកើតតែនៅកម្ពុជានោះទេ ឥឡូវរីករាលដាល ព្រោះវាពិបាកគ្រប់គ្រងណាស់។ វាទាល់តែយើងនាំគ្នាបិទ internet ចោលទាំងអស់ ហ្នឹងបានបញ្ចប់។ ប៉ុន្តែយើងត្រូវតែប្រឹង(ទប់ស្កាត់)។
ខ្ញុំកំពុងតែដាក់បញ្ហាត្រឡប់ទៅវិញអញ្ចេះ។ ហេតុអ្វីបានជាប្រទេសមួយចំនួនចូលចិត្តបន្ទោសកម្ពុជា។ ម៉េចក៏មិនបន្ទោសខ្លួនឯងផងទៅ។ ខ្ញុំសុំនិយាយកន្លែងនេះបន្តិច ដោយផ្ញើសារទៅកាន់បណ្ដារដ្ឋនានា។ ហេតុអ្វីមិនអប់រំពលរដ្ឋរបស់ខ្លួនថាកុំលេងល្បែង? សូម្បីតែសហរដ្ឋអាមេរិក ក៏ថាចាញ់ល្បែងអស់រាប់ពាន់លានដុល្លារ។ ម៉េចក៏រដ្ឋាភិបាលអាមេរិកមិនយកចិត្តទុកដាក់អប់រំពលរដ្ឋអាមេរិកកុំឱ្យលេង(ល្បែង)អនឡាញហ្នឹងទៅ ហើយមកបន្ទោសតែអ្នក(តូចតាច)។ ខ្ញុំធ្លាប់បានលើកហើយ ការប្រឆាំងគ្រឿងញៀន (ត្រូវ)ប្រឆាំងមុនគេ គឺប្រឆាំងទីផ្សារគ្រឿងញៀន។ បើសិនជាអត់មានអ្នកណាទិញគ្រឿងញៀន ក៏គ្មានអ្នកដាំ(និងផលិត)គ្រឿងញៀនដែរ។ ហ្នឹងនិយាយតាមមួយបែបអញ្ចឹង។ ប្រហែលនៅឆ្នាំ២០០២ ឬ២០០៣ ខ្ញុំបាននិយាយពីរឿងហ្នឹង។ បន្ទោសគេដាំគ្រឿងញៀនលួចលាក់នៅកន្លែងនេះកន្លែងនោះ ប៉ុន្តែយើងត្រូវឃើញថា ប្រទេសណាជាកន្លែងប្រើប្រាស់គ្រឿងញៀនច្រើនជាងគេ។ យើងអាចរកឃើញប្រទេសដែលប្រើគ្រឿងញៀនច្រើនជាងគេនៅលើពិភពលោក ដោយចុចរកមើលតាម Google ឬក៏ DeepSeek របស់ចិន។ AI របស់ចិនលឿនណាស់។ ខ្ញុំប្រើទាំងពីរ DeepSeekនិងGoogle។ ប៉ុន្តែ DeepSeek របស់ចិននេះល្បឿនវាលឿនណាស់។
ខ្ញុំសូមអំពាវនាវបណ្ដាប្រទេសដែលរងគ្រោះដោយសារតែការឆបោក ត្រូវអប់រំប្រជាជនខ្លួនឯង «សុំកុំឱ្យលេងល្បែងអនឡាញ»។ បើប្រជាជនខ្លួនឯងអត់លេងល្បែងអនឡាញ តើអ្នកនោះទៅលេងល្បែងអនឡាញទៅឯណា? ឥឡូវគេចោទលើកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន និងប្រទេសមួយចំនួនទៀត។ ហើយអនឡាននេះ កាន់តែពិបាក(គ្រប់គ្រង)ជាងទៅរកចម្ការអាភៀន ចម្ការគ្រឿងញៀនទៀត ដោយសារគ្រាន់តែ(មាន)internet ដាក់ក្នុងផ្ទះមួយ សំងំលេងអនឡាញ។ អញ្ចឹង រាជរដ្ឋាភិបាលនៃប្រទេសនានា ត្រូវមានការទទួលខុសត្រូវ អប់រំពលរដ្ឋខ្លួនកុំឱ្យលេងល្បែងហ្នឹងទៅ វាចប់ហើយ (និង)គ្មានអ្នកណា(ឆបោកតាម)អនឡាញកើតទេ។ បើគេមិនព្រមទទួលលេងជាមួយ។ និយាយគ្នាត្រង់ៗ អញ្ចឹងតែម្ដងទៅ។ គេមានសិទ្ធិវាយប្រហារយើង។ ខ្ញុំអត់មានសិទ្ធិវាយប្រហារគេវិញទេ គ្រាន់តែមានសិទ្ធិអំពាវនាវទៅវិញថា សុំអ្នកទទួលខុសត្រូវផងដែរ ដោយពលរដ្ឋរបស់អ្នកលេងល្បែងអនឡាញហ្នឹងហើយ បានជាមានល្បែងអនឡាញ(និងឆបោក)ហ្នឹងកើតឡើង។ មិនមែនមាននៅតែកម្ពុជាឯណា។ នេះត្រូវសហការគ្នាឱ្យបានល្អ(ទប់ស្កាត់ការឆបោកអនឡាញ)។
និយាយពីរឿងចំណូលវិញ ដែលអម្បាញ់មិញ ឯកឧត្តម ចូហ្សេ រ៉ាម៉ូស ហតតា បានលើកឡើង។ ប្រហែលជាមិនដឹងទេ(ពីចំណូល)កម្ពុជាកាលពីមុនឆ្នាំ១៩៧៩ ព្រោះពេលនោះ ជារដ្ឋមន្រ្តីការបរទេស ខ្ញុំមានរបបស្បៀងអាហារតែ ១៦គីឡូក្រាមទេ គឺអង្ករ ១០គីឡូក្រាម និងពោត ៦គីឡូក្រាម។ ពេលហ្នឹង អនុប្រធានទី១ ព្រឹទ្ធសភារបស់ខ្ញុំនៅជាមួយខ្ញុំ ជាប្រធានគណៈកម្មការកិច្ចការបរទេសរបស់ព្រឹទ្ធសភា ឥឡូវជាបេក្ខភាពនៃអគ្គលេខាធិការ AIPA សម្រាប់ការជ្រើសរើសនៅក្នុងឆ្នាំនេះបន្តពីប្រ៊ុយណេ។ អ្នកទាំងអស់គ្នាដែលនៅទីនេះ នៅជាមួយខ្ញុំសុទ្ធតែបានដឹងរឿង។
ពួកខ្ញុំដើរចរចាទៅក្រៅប្រទេស ឬទស្សនកិច្ចនៅក្រៅប្រទេស ទទួលបានដែល ៥០ដុល្លារក្នុងម្នាក់ស្មើទាំងប្រធានប្រតិភូនិងសមាជិក ដោយយើងខិតខំសន្សំសំចៃលុយ។ យើងបោះឱ្យចាយក្រដាសប្រាក់នៅឆ្នាំ១៩៨០។ មុនឆ្នាំ១៩៨០ កម្ពុជាប្រើប្រាស់វិធីសាស្រ្តដោះដូរ គឺយកទំនិញដូរទំនិញ។ អ្នកមានត្រីដូរជាមួយនឹងអង្ករ អ្នកមានអង្ករដូរជាមួយនឹងក្រមា អ្នកមានក្រមាដូរជាមួយនឹងភួយ។ ដូរគ្នាអញ្ចឹង។ ក្រោយមកបានយើងបោះប្រាក់(ដើម្បី)ចាយ។ យើងខ្ញុំពិបាកណាស់ […]
[ដាច់សម្លេងជាង១នាទី]
(ដែល ទីម័រ ឡេស្ត មានប្រាក់ចំណូលសំរាប់មនុស្សម្នាក់) ១៤៥៣ ដុល្លារ វាខុសត្រូវគ្នាឆ្ងាយណាស់។ វាអត់មានហេតុផលដើម្បីរារាំងមិនឲ្យ ទីម័រ ឡេស្ដ ចូលជាសមាជិកអាស៊ានទេ។ ធនធានមនុស្សរបស់ ទីម័រ ឡេស្ដ ក៏ល្អប្រសើរជាងកម្ពុជានៅឆ្នាំ១៩៩៩ ដែរ។ ហេតុអ្វីបានជាកម្ពុជាចូលបាន? ខ្លួនខ្ញុំផ្ទាល់បានដឹកនាំកម្ពុជាចូលអាស៊ាន ហើយក្លាយទៅជាប្រធានអាស៊ាន ៣ដង។ ក្នុងចំណោមអាស៊ាន ១០នោះ ក្រៅពីព្រះចៅស៊ូលតង់ប្រ៊ុយណេ មាននាយករដ្ឋមន្រ្តី និងប្រធានាធិបតី មិនច្រើនទេ ដែល(បានធ្វើ)ប្រធានអាស៊ានបាន ៣ដង។ អញ្ចឹងទេ ខ្ញុំសង្ឃឹមថា ទីម័រ ឡេស្ដ នឹងទទួលបានការគាំទ្រចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ បើយោងទៅលើចំណុចប្រៀបធៀបអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ (ទីម័រ ឡេស្ដ) យើងខ្ញុំមានតែ ២៨១ដុល្លារទេ ពេលដែលចូលអាស៊ាន។ ឥឡូវ ទីម័រ ឡេស្ដ មាន ១៤៥៣ដុល្លារ តាំងពីមិនទាន់បានចូលពេញសិទ្ធិ។ ដូច្នេះ វាមិនយុត្តិធម៌សម្រាប់ ទីម័រ ឡេស្ដ នោះទេ។ នៅក្នុងក្របខ័ណ្ឌតំបន់អាស៊ីអាគ្នេយ៍ បិតាស្ថាបនិកអាស៊ានចង់ឱ្យប្រទេសទាំងអស់ចូលរួមនៅក្នុងក្របខ័ណ្ឌ អាស៊ីអាគ្នេយ៍មួយដំបូលមួយ។
[ចប់សេចក្ដីអធិប្បាយ១២]
ដោយពេលវេលាមានកំណត់ ខ្ញុំសូមបញ្ចប់ការចែករំលែកអំពីតថភាពប្រវត្តិសាស្ត្រ និងបទពិសោធកម្ពុជា ជាមួយនឹងសារសង្ខេបពាក់ព័ន្ធនឹងមេរៀនរបស់ខ្ញុំ ក្នុងដំណើរចាកចេញពីរបបប្រល័យពូជសាសន៍ ភាពក្រីក្រ ឆ្ពោះទៅរកសេរីភាព និងការរីកចម្រើន ដូចតទៅ៖
ទី១. ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិមានតម្លៃបំផុតសម្រាប់រក្សាឯកភាពជាតិ។ បើប្រជាជាតិមួយបាត់បង់ម្ចាស់ការលើជោគវាសនារបស់ប្រទេសខ្លួន ពេលនោះហើយដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់ និងគ្រោះមហន្តរាយជាមិនខាន។ ទោះបីកម្ពុជាទទួលបានការជ្រោមជ្រែងពីមិត្តបរទេស និងអង្គការសហប្រជាជាតិយ៉ាងណាក្ដី សន្តិភាពយូរអង្វែងមិនអាចកើតឡើងបានទេ ប្រសិនបើម្ចាស់ប្រទេសមិនខិតខំផ្តួចផ្តើម និងកសាងដោយខ្លួនឯង ហើយនេះគឺជាអត្ថន័យពិតប្រាកដនៃ នយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមឡើងដោយជនជាតិខ្មែរ ចូលរួមអនុវត្ត និងទទួលផលដោយជនជាតិខ្មែរ។
[ផ្ដើមសេចក្ដីអធិប្បាយ១៣]
រឿងនេះគឺសំខាន់។ កម្ពុជារងទុក្ខវេទនាដោយសារការជ្រៀតជ្រែករបស់បរទេស។ ភាពជាម្ចាស់របស់យើងត្រូវបានគេដណ្ដើមយក រាប់ទាំងការដែលខ្ញុំលើកជាឧទាហរណ៍អម្បាញ់មិញ(ថាគេ)ចង្អុលឲ្យយើងធ្វើនេះ/នោះ ហើយបើយើងមិនធ្វើតាម គេនឹងកាត់ជំនួយ។ ខ្ញុំសូមសម្ដែងនូវការគោរពចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលកាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅយើងបានទទួលប្រធានាធិបតីចិន Xi Jinping ទស្សនកិច្ចនៅកម្ពុជា។ ចិនមិនដែលដាក់លក្ខខណ្ឌឲ្យយើងខ្ញុំត្រូវធ្វើនេះ/នោះទេ។ ចិនគោរព។ ឧទាហរណ៍ យើងខ្ញុំត្រូវការជំនួយឬហិរញ្ញប្បទានពីចិន។ ចិនមិនថាត្រូវធ្វើនេះមុន ឬនោះក្រោយទេ។ បើកម្ពុជាត្រូវការធ្វើមួយណាមុន ចិនគោរព(តាមការសំរេចរបស់)យើងខ្ញុំ។ ខ្ញុំចង់ឲ្យប្រទេសនិងស្ថាប័នដៃគូនានា គោរពភាពជាម្ចាស់របស់ម្ចាស់ប្រទេស។ គ្មាននរណាស្គាល់យើងជាងយើងខ្លួនឯងនោះទេ។
និយាយតាមមួយបែប គ្មាននរណាស្គាល់កម្ពុជា ជាងកម្ពុជានោះទេ។ យើងខ្ញុំដឹងថា ខ្សែផ្លូវនេះវាជាអាទិភាពជាងផ្លូវនោះ។ ប៉ុន្តែ អ្នកដទៃបែរជាមកចង្អុលថា ត្រូវធ្វើមួយនោះមុន បានឲ្យខ្ចីលុយ បើមិនធ្វើតាមគេៗ មិនឲ្យលុយ [សូមឲ្យវប្បធម៌ដៃគូអភិវឌ្ឍន៍របស់យើងបញ្ចប់ទៅនូវនយោបាយដែលតាមចង្អុលបង្ហាញសម្រាប់ប្រទេសដែលខ្លួនត្រូវជួយ។ ពិភពលោកត្រូវផ្ដល់ឲ្យប្រទេសទាំងអស់មានឯករាជ្យក្នុងការជ្រើសរើសដោយសាមញ្ញដោយខ្លួនឯង]។ ចិនបានធ្វើការជាមួយយើងខ្ញុំ ជួយយើងខ្ញុំច្រើន ផ្លូវថ្នល់ ស្ពាន។ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មានស្រាប់ហើយ ប៉ុន្តែចិនមិនដែលដាក់លក្ខខណ្ឌសម្រាប់ជ្រើសរើសថា ត្រូវធ្វើនេះមុននោះក្រោយទេ។
[ផ្ដើមសេចក្ដីអធិប្បាយ១៣]
ទី២. សហគមន៍អន្តរជាតិត្រូវតែរួមគ្នាការពារសន្តិភាពដែលមានស្រាប់ ទោះជាត្រូវបង់តម្លៃខ្ពស់ ជាជាងស្វែងរក ឬ កសាងសន្តិភាពដែលបាត់បង់។ សង្គ្រាម គឺពិតជាងាយនឹងត្រូវបានបញ្ឆេះ ប៉ុន្តែ ដើម្បីបញ្ចប់សង្គ្រាម កម្ពុជាត្រូវការរយៈពេលជិត ៣០ ឆ្នាំ។ យើងទើបតែមានសន្តិភាពពេញលេញចំនួន ២៧ ឆ្នាំ ប៉ុណ្ណោះ តែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំរបស់ខ្លួន។ ជាការគួរឱ្យសោកស្ដាយ ដែលកម្ពុជាយើងបែរជាទទួលរងការរិះគន់ថា និយាយតែពីសន្តិភាព បំភិតបំភ័យពីសង្គ្រាមទៅវិញ ខណៈដែលយុវជនយើងមួយចំនួនបានភ្លេចគុណ និងតម្លៃនៃសន្តិភាពជាបណ្តើរៗ ហើយខ្លះទៀតថែមទាំងគិតចង់ទាមទារការផ្លាស់ប្ដូររដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយ។ និន្នាការបែបនេះ គឺជានិន្នាការដ៏គ្រោះថ្នាក់បំផុត ដែលសហគមន៍អន្តរជាតិទាំងមូលត្រូវចូលរួមបង្ការ ថ្កោលទោស និងទប់ទល់នូវមនោគមវិជ្ជាជ្រុលនិយមបែបនេះ។ យើងត្រូវខិតខំអប់រំប្រជាពលរដ្ឋអំពីគុណតម្លៃនៃសន្តិភាព ពីព្រោះថា នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដោយពិរោះបានទេនូវពាក្យ «សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»នោះទេ។
ទី៣. បើទោះជាសម្រេចបានសន្តិភាពក៏ដោយ ក៏សន្តិភាពមិនស្ថិតនៅគង់វង្សយូរអង្វែងដែរ ប្រសិនបើគ្មានការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ យុត្តិធម៌ក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ តាមរយៈបទពិសោធរបស់កម្ពុជា យើងត្រូវខិតខំរិះរកវិធីសាស្ត្រនានា នៅក្នុងការធានាសន្តិភាពឱ្យបានយូរអង្វែង និងចាក់ឫសរឹងមាំក្នុងសង្គមជាតិ តាមរយៈ ការផ្សះផ្សា និងបង្រួបបង្រួមជាតិ។ ខ្ញុំចង់គូសរំលេចអំពីសារៈសំខាន់នៃការជំរុញ «វប្បធម៌សន្ទនា» នៅក្នុងវប្បធម៌នយោបាយរបស់កម្ពុជា ដោយសារតែប្រទេសយើងបានឆ្លងកាត់វដ្តនៃអំពើហិង្សាដ៏កាចសាហាវក្នុងប្រវត្តិសាស្ត្រ ការផ្លាស់ប្តូររបបជាញឹកញាប់ តាមមធ្យោបាយមិនប្រជាធិបតេយ្យ និងការសងសឹកឥតឈប់ឈរ។ ទោះបីជានៅក្រោយពេលដែលកម្ពុជាបានទទួលសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ ក៏ខ្ញុំនៅតែបន្តអនុវត្ត «វប្បធម៌សន្ទនា» នេះ ជាមួយគណបក្សនយោបាយផ្សេងៗ ដើម្បីបង្កើតភាពសុខដុម ពង្រឹងឯកភាពជាតិ និងបណ្តុះលទ្ធិប្រជាធិបតេយ្យ។ យើងទទួលស្គាល់ថា លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រងដែលគោរពភាពចម្រុះ និងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយដោយប្រើសន្លឹកឆ្នោត ជាជាងគ្រាប់កាំភ្លើង អំពើហិង្សា ឬការបះបោរ។
[ផ្ដើមសេចក្ដីអធិប្បាយ១៤]
ខ្ញុំចង់បញ្ជាក់ថា ប្រទេសមួយដែលរដ្ឋធម្មនុញ្ញចែងគឺប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះពិតជាមានបក្សច្រើន បក្សក្នុងសភានិងបក្សក្រៅសភា។ ចាំបាច់ណាស់ការសន្ទនាត្រូវតែមាន។ ប៉ុន្តែ ខ្ញុំក៏សូមបញ្ជាក់ថា ការសន្ទនាជាមួយភេរវកម្មគឺមិនអាចធ្វើបានទេ។ ខ្ញុំមិនធ្វើទេ។ ភាពជ្រុលនិយមក៏មិនគួរត្រូវបានលើកទឹកចិត្តដែរ ព្រោះនេះជាគ្រោះថ្នាក់របស់ជាតិ។នៅអឺរ៉ុប ខ្ញុំចង់សួរថា ហេតុអ្វីទៅបានជាប្រទេសបារាំងកប់សិទ្ធិនយោបាយរបស់ប្រធានគណបក្សដ៏ខ្លាំងមួយនៅប្រទេសបារាំង គឺ Marie Le Pen? តើនោះដើម្បីបញ្ចៀសគ្រោះថ្នាក់នៃលទ្ធិជ្រុលនិយមនៅប្រទេសបារាំងឬអី? ករណីដូចគ្នានេះដែរ អ្នកដែលមានសមានចិត្តចង់ឲ្យប្រទេសជាតិរីកចម្រើន គួរតែត្រូវបានលើកទឹកចិត្តក្នុងការសន្ទនា ក៏ប៉ុន្តែដែលមិនគួរលើកចិត្តនោះ គឺសន្ទនាជាមួយក្រុមដែលចង់ផ្ដួលរំលំតាមមធ្យោបាយមិនប្រជាធិបតេយ្យ។ នោះគឺត្រូវអនុវត្តច្បាប់ហើយ។
ខ្ញុំតែងនិយាយថា “បើចង់អភិវឌ្ឍ ត្រូវមានសន្តិភាព។ មិនមានការអភិវឌ្ឍណាមួយ អាចធ្វើទៅបានក្រោមគ្រាប់កាំភ្លើងនោះទេ”។ ប៉ុន្តែ ដើម្បីរក្សាសន្តិភាពក៏ត្រូវតែមានការអភិវឌ្ឍ។ ទាំងពីរនេះជាចុងខ្សែពីរនៃចំណងមួយ។ វាជាវិចារវិទ្យាបំពេញគ្នា។ មានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបរក្សាបាននូវសន្តិភាព។ នេះជាទស្សនវិជ្ជា ដែលទោះបីមិនមែនជារបស់ ហ៊ុន សែន ដាច់ដោយឡែក ក៏ ហ៊ុន សែន បានប្រើទស្សនវិជ្ជានេះ។ ជានិច្ចកាល ក្នុងការគ្រប់គ្រងរបស់ខ្ញុំៗ តែងផ្ដល់នូវទស្សនៈថា «ម្ខាងរក្សាស្ថិរភាពនយោបាយ ម្ខាងទៀតរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច»។ រឿងនេះសំខាន់ណាស់។ បើគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមិនបានទេ ស្ថិរភាពនយោបាយនឹងត្រូវបាត់បង់។ បើគ្រប់គ្រងស្ថិរភាពនយោបាយមិនបានទេ ស្ថានភាពច្របូកច្របល់នឹងកើតឡើង នឹងធ្វើឲ្យប៉ះពាល់(ដល់សេដ្ឋកិច្ច)។ រឿងហ្នឹងជាទំនាក់ទំនងរវាងចុងខ្សែពីរនៃចំណងមួយ និងជាវិចារវិទ្យា។
ខ្ញុំសង្ឃឹមថា បាឋកថារបស់ខ្ញុំថ្ងៃនេះ នឹងចូលរួមចំណែកមិនគ្រាន់តែនៅទីម័រឡេស្តេបច្ចុប្បន្នមួយទេ។ ប្រជាជនកម្ពុជាក៏កំពុងតែមើលការផ្សាយផ្ទាល់ចេញពីទីនេះទៅកាន់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ហើយកាត់យកទៅផ្សាយជាង ១០ស្ថានីយទូរទស្សន៍ដទៃទៀតនៅទីក្រុងភ្នំពេញ និងតាមអនឡាញ។ ប៉ុន្មានថ្ងៃនេះ ភាពល្បីល្បាញនៅលើ Facebook របស់ឯកឧត្ដមប្រធានាធិបតី និងឯកឧត្ដមនាយករដ្ឋមន្រ្តីល្បីខ្លាំងណាស់នៅកម្ពុជា ព្រោះគេឃើញប្រធានាធិបតីបើករថយន្ត ឃើញនាយករដ្ឋមន្រ្តីឈររបៀបជាអង្គរក្ស។ ម្សិលមិញធ្វើជាប៉ូលីសចរាចរណ៍។ ប្រសិនជាយើងមិនមានមិត្តភាព ស្គាល់គ្នា រាប់អានគ្នា ទៅលើសពីព្រំដែនរដ្ឋ ហើយទៅជាលក្ខណៈជាមិត្តភក្ដិ បងប្អូន គឺយើងមិនអាចធ្វើបែបនេះបានទេ។
ខ្ញុំសង្ឃឹមថា មេដឹកនាំអាស៊ានជំនាន់ក្រោយត្រូវយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយគ្នា ឲ្យលើសពីកម្រិតរដ្ឋនិងរដ្ឋ។ ខ្ញុំជាមួយឯកឧត្ដម ប្រធានាធិបតី ឥណ្ឌូនេស៊ី បានស្គាល់គ្នា ៣០ឆ្នាំហើយ តាំងពីគាត់នៅជាទាហាន ខ្ញុំជានាយករដ្ឋមន្រ្តី។ ឥឡូវខ្ញុំលែងជានាយករដ្ឋមន្រ្តី ខ្ញុំជាប្រធានព្រឹទ្ធសភា ក៏ប៉ុន្តែគាត់ទទួលខ្ញុំដូចប្រមុខរដ្ឋមួយដែលត្រូវត្រួតពលជាមួយគាត់។ នៅទីនេះ ជាការទទួលដ៏ពិសេស ដែលប្រធានាធិបតីបើករថយន្ត ហើយនាយករដ្ឋមន្រ្តីអមដំណើរជាមួយ។
ខ្ញុំសុំនិយាយរឿងមួយមុននឹងបញ្ចប់។ យើងកុំគិតតឹងតែងពេក។ យើងគិតអ្វីដែលធូរស្រាល។ នៅកម្ពុជា មានការវាស់ជាតិអាល់កុលសម្រាប់អ្នកបើកបរ។ សម័យថ្ងៃមួយ ឧត្ដមសេនីយ៍ម្នាក់មានអ្នកបើកបរ។ គាត់ទទួលទូរស័ព្ទពីមិត្តភក្ដិរបស់គាត់ដើម្បីទៅទទួលទានអាហារនៅកន្លែងមួយ។ អញ្ចឹង តៃកុងឡានរបស់គាត់ប្រាប់ថា “មេ! ប្រសិនបើមានស្រាក្រហម សុំមេបន្លិចមកឲ្យខ្ញុំនៅក្រោយផង”។ ឧត្ដមសេនីយ៍រូបនេះ ពេលដែលទទួលទានក៏ចាប់ផ្ដើមលើកស្រាឡើង ហើយបន្លិចទៅឲ្យតៃកុងខាងក្រោយ។ ហើយក៏យកមកចាក់ថែមទៀត ហើយគ្នាចេះតែផឹកៗ។ ផឹកចុះឡើង តៃកុងឡានក៏សន្លប់ អត់អាចបើកឡានទេ។ លើកអង្គរក្សទៅផ្នែកក្រោយនៃឡានដើម្បីឲ្យអង្គរក្សដេក ហើយគាត់ឡើងបើកឡានខ្លួនឯង។ ដល់ពេលដែលបើកខ្លួនឯង ក៏ជួបប៉ូលីសសុំវាស់ជាតិអាល់កុល។ គេឃើញថាគាត់មានជាតិស្រវឹង។ ប៉ូលីសក៏សួរទៅមេរបស់ខ្លួនថា “មេ! ឥឡូវមានឧត្ដមសេនីយ៍ម្នាក់គាត់ស្រវឹងស្រា។ គាត់បើកឡានខុសច្បាប់។ តើត្រូវធ្វើម៉េច”។ មេប៉ូលីសឆ្លើយថា “ដោះលែងឲ្យលឿន បើថ្នាក់ឧត្ដមសេនីយ៍បើកបរហើយ អ្នកជិះខាងក្រោយច្បាស់ជាធំជាងហ្នឹង”។
ត្រង់ចំណុចនេះ បើប្រធានាធិបតីបើកឡានហើយ Your Excellency is the President. I am the Super President/Prime Minster … នេះជាមិត្តភាពដែលយើងមានជាមួយគ្នា។ បើទោះបីអ្នកទាំងពីរមានអាយុច្រើនជាងខ្ញុំ និងខ្ញុំហៅថាបង តែលោកទាំងពីរបានផ្ដល់តម្លៃឲ្យខ្ញុំក្នុងឋានៈជាមិត្តជាមួយគ្នា។ ខ្ញុំសូមអរគុណចំពោះបដិសណ្ឋារកិច្ច និងអរគុណចំពោះប្រជាជន ទីម័រ ឡេស្តេ ជាពិសេសសិស្សានុសិស្សគ្រប់គ្នាដែលបានទទួលតាំងពីព្រលានយន្តហោះរហូតមកដល់ទីនេះ។ នេះជាបដិសណ្ឋារកិច្ចដ៏កម្រដែលខ្ញុំទទួលបាន។ ទោះបីខ្ញុំឆ្លងកាត់នាយករដ្ឋមន្រ្តី ៣៨ឆ្នាំ ប៉ុន្តែមិនមានពេលណាដែលខ្ញុំទទួលបដិសណ្ឋារកិច្ចបែបនេះទេ។ សូមជូនពរទាំងអស់គ្នាទទួលបានជោគជ័យ។ សូមជូនពរឯកឧត្ដម ប្រធានាធិបតី ឯកឧត្ដម នាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំទីម័រឡេស្តេ ក៏ដូចជាប្រជាជនទីម័រឡេស្តេ ទទួលបាននូវវឌ្ឍនភាព និងការរីកចម្រើនតរៀងទៅ។ សូមអរគុណ៕