បងប្អូនជនរួមជាតិ ជាទីគោរពស្រលាញ់!
ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកជួបជុំបងប្អូនទាំងអស់។ ដំបូងនេះ អនុញ្ញាតឲ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ក៏ដូចជាសម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ផ្ញើជូនបងប្អូនជនភៀសសឹកទាំងអស់។ ព្រះអង្គ(តែងបាន)យកចិត្តទុកដាក់ចណពោះបងប្អូនជនភៀសសឹក។ ខ្ញុំក៏សូមបញ្ជាក់ជូនថា ព្រះមហាក្សត្ររបស់យើង រួមជាមួយនឹងសម្ដេចម៉ែ មានព្រះទ័យយកចិត្តទុកដាក់ជាខ្លាំង។ ពេលមួយ សភាពការណ៍កំពុងតែតានតឹង ព្រះមហាក្សត្របានស្នើសុំឲ្យរៀបចំ ដើម្បីព្រះអង្គអាចមកសួរសុខទុក្ខផ្ទាល់ចំពោះជនភៀសសឹក។ ក៏ប៉ុន្តែពេលនោះ ស្ថានភាពតឹងតែងខ្លាំង។ ខ្ញុំក៏បានទូលថ្វាយទៅព្រះមហាក្សត្រ ក្នុងឋានៈខ្ញុំជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថា ព្រះអង្គមិនគួរយាងចេញទេនៅពេលនេះ ដោយសារតែអ្នកឈ្លានពានមិនគិតថាទីកន្លែងណាដែលគេត្រូវវាយទេ។ ដូច្នេះ ព្រះអង្គក៏អាក់ខាន។ មិនមែនបានសេចក្ដីថា ព្រះអង្គមិនបានគិតគូរនិងយកចិត្តទុកដាក់ទៅលើជនភៀសសឹកទេ។ ជាបន្តបន្ទាប់ ព្រះមហាក្សត្ររបស់យើង ក៏ដូចជាសម្ដេចម៉ែ ព្រះអង្គតែងតែមានព្រះរាជតំណាងយកជំនួយមកចែកជូនចំពោះជនភៀសសឹក ក៏ដូចជាជូនកងកម្លាំងប្រដាប់អាវុធរបស់យើងផងដែរ។ នេះបង្ហាញអំពីការយកព្រះទ័យទុកដាក់របស់ព្រះមហាក្សត្រ ក៏ដូចជាសម្ដេចម៉ែចំពោះសុខទុក្ខរបស់យុទ្ធជនយុទ្ធនារី នៅសមរភូមិមុខ ក៏ដូចជាបងប្អូនជនភៀសសឹកនៅទូទាំងព្រំដែនកម្ពុជា-ថៃ។
បន្តទៅនេះ អនុញ្ញាតឲ្យខ្ញុំសំដែងការវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានចាត់តាំងរៀបចំកិច្ចការ(សាងសង់ជំរកបណ្តោះអាសន្ន)នេះដ៏រហ័ស។ ជាអតីតនាយករដ្ឋមន្ត្រី ហើយពេលនេះជាប្រធានព្រឹទ្ធសភា និងកំពុងតែធ្វើជាប្រមុខរដ្ឋស្ដីទីក្នុងពេលដែលអវត្តមានព្រះមហាក្សត្រ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ដែលរាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើសកម្មភាពបានឆាប់រហ័ស តាមរយៈគណៈកម្មការចំពោះកិច្ច ដែលមានឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម ធ្វើជាប្រធាន និងក្រុមការងារដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ដែលបានធ្វើរបាយការណ៍អម្បាញ់មិញនេះ។ នេះគឺបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលមិនព្រងើយកន្តើយចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទេ។ យើងយកចិត្តទុកដាក់និងធ្វើសកម្មភាព។ តាមពិតបងប្អូនបានមកដល់ទីនេះក្រោយខ្ញុំទេ។ ខ្ញុំបានមកដល់តាំងពីមេឃមិនទាន់ភ្លឺឯនោះ។
ប៉ុន្តែ ខ្ញុំដើរតាមខ្នងផ្ទះមួយចំនួន។ អម្បាញ់មិញហ្នឹង ខ្ញុំចូលទិញថ្នាំពេទ្យ ចូលកន្លែងកាហ្វេ។ ខ្ញុំចូលមើល។ នេះហៅថា ជនភៀសសឹកជំនាន់ថ្មី ឬហៅថាជនភៀសសឹកសម័យតេជោធិបតី។ វាខុសពីជនភៀសសឹក ដំណាក់កាលដែលកម្ពុជាកំពុងមានការប្រយុទ្ធគ្នា កាលពីសង្គ្រាមទសវត្សរ៍១៩៧០-១៩៧៥។ (បានចូលទៅមើល)ផ្ទះ(មួយ)អម្បាញ់មិញ ខ្ញុំមានមោទនភាពចំពោះការខិតខំទាំងឡាយនៃគ្រប់តួអង្គពាក់ព័ន្ធ ដែលក្នុងនោះ ផ្ទះដែលបានធ្វើជូនត្រូវបានកែលម្អ បានទាញទឹកចូលដល់ផ្ទះ។ គេកំណត់ហើយ បើសិនមិនចង់បង់ថ្លៃបន្ថែម យើងកុំប្រើទឹកឲ្យច្រើនពេកទៅ។ បើមិនចង់បង់លុយបន្ថែម យើងប្រើភ្លើងតាមតែគេកំណត់ហ្នឹងបានហើយ គឺ៣០គីឡូវ៉ាត់។ ទឹក ២ម៉ឺន។ បើលើសពី ២ម៉ឺន(ត្រូវ)បង់។ អញ្ចឹង យើងប្រើដោយសន្សំសំចៃ។
ហេតុអីបានជាប្រទេសរបស់យើងមានរឿងកើតឡើង(ដូច្នេះ)? ក្នុងឋានៈជាអតីតនាយករដ្ឋមន្ត្រី ខ្ញុំមានការទទួលខុសត្រូវមួយ ដែលសុំអភ័យទោសពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីការដែលខ្ញុំជឿទុកចិត្តគេពេក ដោយខ្វះការត្រៀមរៀបចំគ្រប់គ្រាន់សម្រាប់អ្នកបន្តវេន។ នយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាម ឯកភាពទឹកដី ដាក់គោលដៅសំខាន់២ ប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍនិងខ្សែព្រំដែនជាមួយប្រទេសជិតខាង ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទាំងអស់គ្នាបានដឹងហើយថា ខ្ញុំបានដឹកនាំប្រទេសនេះពីសង្គ្រាមបែកបាក់មកកាន់ប្រទេសមានសន្តិភាពមួយពេញលេញ។ កាលពីដើម រូបថតមួយដែលគេចំណាំតែបង្ហោះ មានរូបថត ឯកឧត្ដម កែវ គឹមយ៉ាន ឯកឧត្ដម ស៊ិន សុង គឺដូចជាយើងទៅបាញ់ BM-21 នៅស្វាយចេក និងបាញ់ទៅបឹងត្រកួន។ កាលពីពេលនោះ នៅបឹងត្រកួនគឺកងទ័ពរបស់រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ដែលហៅថា KPNLF។ នោះគឺរូបភាពនៅក្នុងឆ្នាំ១៩៩០។
ពេលនោះប្រទេសយើងនៅមានសង្គ្រាមហែកហួរគ្នា។ ប៉ុន្តែ តាមរយៈនយោបាយឈ្នះឈ្នះយើងបង្កើតឲ្យមានស្ថានភាពនៃប្រទេសមួយដែលមានតំបន់ត្រួតត្រាមួយ។ ទន្ទឹមនឹងនោះ ក្រោយបានឯកភាពទឹកដីហើយ ខ្ញុំបានដាក់ចេញនូវគោលដៅ២ សំខាន់។ គោលដៅទី១ ប្រែក្លាយតំបន់អតីតសមរភូមិជាតំបន់អភិវឌ្ឍ។ ដូចជាតំបន់បឹងត្រកួន ភូមិជោគជ័យ ភូមិព្រៃចាន់ ជាដើម ឲ្យទៅជាតំបន់ដែលមានការអភិវឌ្ឍ។ តំបន់ជាច្រើននៅទូទាំងប្រទេស សុទ្ធតែបានក្លាយជាតំបន់អភិវឌ្ឍ។ មិនមែនគ្រាន់តែទីនេះទេ គ្រប់ទីកន្លែងដែលធ្លាប់តែប្រយុទ្ធគ្នា បានក្លាយជាតំបន់ដែលមានការអភិវឌ្ឍ។ គោលដៅទី២ ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាង ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
យើងបានខិតខំធ្វើគោលដៅធំទាំង២ នេះ។ ជាមួយវៀតណាម យើងបានដោះស្រាយព្រំដែនរហូតទៅដល់ ៨៤% និងនៅសល់ប៉ុន្មានភាគរយទៀត កំពុងតែដោះស្រាយជាមួយគ្នា។ ជាមួយឡាវ យើងបានដោះស្រាយដល់ ៨៦%។ ជាមួយថៃ ទោះបីថាមិនទាន់បានធ្វើអីជាមួយគ្នាច្រើនក៏ដោយ ក៏ប៉ុន្តែយើងបានសម្រួលគ្នា បង្កើតទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃឡើងដល់ជាង ១០ ពាន់លាន(ដុល្លារ)។ ថៃនាំចូលមកស្រុកខ្មែរមួយឆ្នាំ ប្រមាណជាង ១០ពាន់លាន(ដុល្លារ)។ យើងនាំទៅថៃបានត្រឹម ១១០០លាន(ដុល្លារ)ទេ។ កាលពីឆ្នាំកន្លងទៅ ជាមួយវៀតណាម យើងបានធ្វើឲ្យទំហំពាណិជ្ជកម្មមានលើស ១០ពាន់លាន(ដុល្លារ)។ អញ្ចឹង យើង(នឹង)ចុះហត្ថលេខាជាមួយវៀតណាមដំឡើងកម្រិតទៅដល់ ២០ពាន់លាន(ដុល្លារ)។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងលើកិច្ចសហប្រតិបត្តិការជិតខាងល្អ។ ទោះបីកាលឆ្នាំ២០០៨ រហូតឆ្នាំ២០១១ និង២០១៣ មានបញ្ហាប្រទូសរ៉ាយនៅឯប្រាសាទព្រះវិហារ ខេត្តឧត្ដរមានជ័យ ប៉ុន្តែមិន(មានការ)រីករាលដាលទូទាំងព្រំដែនទេ ហើយក៏មិនរាលដាលពីវិស័យយោធាទៅវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងទំនាក់ទំនងដទៃទៀតដែរ។
ជាមួយ ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ រយៈពេល ៩ឆ្នាំ យើងបានធ្វើការជាមួយគ្នាយ៉ាងល្អិតល្អន់។ ជាមួយ ឯកឧត្ដម យុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្រ្តី យើងបានធ្វើដំណើររួមគ្នាលើរថភ្លើងឆ្លងកាត់ប៉ោយប៉ែត ដែលបង្ហាញពីការតភ្ជាប់មួយផ្នែកគឺស្ទឹងបត់ និងម្ខាងទៀតជាផ្លូវដែកសម្រាប់ការតភ្ជាប់។ ដោយសារការជឿទុកចិត្តនេះហើយ បានជាក្នុងឋានៈជានាយករដ្ឋមន្ត្រីដែលមានអំណាចពេញលេញ ខ្ញុំមិនបានត្រៀមរៀបចំសម្រាប់ការប្រយុទ្ធទេ … នេះជាកំហុសរបស់ខ្ញុំ។ មិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នទេ។ ខ្ញុំខ្វះការត្រៀមរៀបចំខ្លួនដើម្បីការប្រយុទ្ធមួយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងបានទប់ទល់សង្គ្រាមនេះ ហើយខិតខំដោះស្រាយដោយសន្តិវិធី។
យើងត្រូវហ៊ានទទួលខុសត្រូវទៅលើអតីតកាលដែលខ្លួនបានសាង។ ដោយសារតែជឿទុកចិត្តគេពេក (ទើបទុកឱ្យ)សមត្ថភាពផ្នែកអាវុធយុទ្ធភណ្ឌ ហាក់ដូចជា(មិនគ្រប់គ្រាន់)។ ស្រលាញ់លុយពេក។ ចង់យកលុយទៅធ្វើស្ពាន ផ្លូវ មន្ទីរពេទ្យ សាលារៀន ធ្វើនេះ/នោះ។ កាំភ្លើងមួយដើមៗ … ជួនកាលមួយគ្រាប់តម្លៃរាប់សិបម៉ឺនក៏មានដែរ។ និយាយពីគ្រាប់បាញ់ធម្មតា BM21 កាលពីមុនត្រឹមតែ១២០០ដុល្លារ។ ឥឡូវ៤០០០ដុល្លារក្នុងមួយគ្រាប់។ ដោយសារតែចង់សន្សំលុយ បង្វែរការចំណាយវិស័យយោធាទៅកាន់វិស័យសង្គមកិច្ចនិងអប់រំ ជាពិសេសគឺវិស័យសុខាភិបាលនិងអប់រំ ដល់ពេលមានការ យុទ្ធភណ្ឌរបស់យើងមានមិនគ្រប់គ្រាន់។ យ៉ាងណាក្តី យើងមិនបានគិតថានឹងមានសង្គ្រាមឈ្លានពានមួយកើតឡើងលើទូទាំងព្រំដែន ដែលរាលដាលតាំងពីមុំ៣ រហូតដល់មាត់សមុទ្រ។ នេះជាការត្រៀមរៀបចំជាមុន(ពីសំណាក់ម្ខាងទៀត)។
ឥឡូវ រឿងបានកើតហើយ។ ខ្ញុំមិនចង់និយាយថយក្រោយច្រើនពេកទេ។ ថ្ងៃនេះខ្ញុំមានសារពិសេសជូនចំពោះប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទាំងនៅទីនេះនិងនៅទូទាំងប្រទេស ដែលនឹងមានការផ្សព្វផ្សាយទូលំទូលាយនៅក្នុងប្រទេសក៏ដូចជាខាងក្រៅប្រទេស។ ពិតមែនតែខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីតទៅទៀត ក៏ប៉ុន្តែយ៉ាងហោចណាស់ ពេលនេះខ្ញុំជាប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សកាន់អំណាចមួយ ដែលជានិច្ចកាលត្រូវធ្វើការជាប់ជាមួយនាយករដ្ឋមន្ត្រី មិនមែនក្នុងទំនាក់ទំនងជាឪពុកនិងកូនទេ ក៏ប៉ុន្តែរឿងវា(ជាទំនាក់ទំនង)បែបក្នុងរចនាសម្ព័ន្ធអំណាច។ បើទោះបី(ថាពេលនេះ) ខ្ញុំមិនមែនជាប្រមុខរដ្ឋស្ដីទី(ក្តី ក្នុងនាម)ជាប្រធានព្រឹទ្ធសភា ក៏ខ្ញុំនៅតែមានលទ្ធភាពពិភាក្សាអំពីកិច្ចការទាំងអស់នេះ។
ហេតុអីយើងត្រូវកសាងផ្ទះនេះ? តើគួរដាក់ឈ្មោះភូមិនេះថាអី្វ? (សូមជំរាប់បញ្ជាក់ថា) មិនមែនធ្វើភូមិនេះហើយ យើងបោះបង់ចោលការទាមទារដីរបស់យើងទេ។ ខ្ញុំសូមស្នើដាក់ឈ្មោះភូមិនេះថា “ភូមិរង់ចាំ”។ សូមបែងចែកតំបន់ទៅ។ ភូមិរង់ចាំទី១, ទី២, ទី៣ ទី៤ ព្រោះភូមិនេះធំ ៤គីឡូម៉ែត្រ ៤ជ្រុង។ សូមអរគុណឯកឧត្តម កែ គឹមយ៉ាន ដែលបានផ្ដល់ដីនេះសម្រាប់ការសាងសង់។ (ការស្នើដាក់ឈ្មោះដូចនេះគឺ)មានន័យរបស់ខ្ញុំ។ មិនមែន(បានសេចក្តីថា)បងប្អូនមករស់នៅទីនេះ ហើយមិនទាមទារដីត្រឡប់មកវិញទេ។ ថ្ងៃនេះ ខ្ញុំត្រូវបកស្រាយជាចំហរ។ នាយករដ្ឋមន្ត្រីបាននិយាយហើយថា ដោះស្រាយដោយសន្តិវិធី។ មិនថាតែនាយករដ្ឋមន្ត្រីទេ សូម្បីសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាល សេចក្ដីថ្លែងការរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សេចក្ដីថ្លែងការក្រសួងការពារជាតិ សុទ្ធតែបានបញ្ជាក់ថា(ជ្រើសយកការ)ដោះស្រាយដោយសន្តិវិធី។
តើសន្តិវិធីនេះយ៉ាងម៉េច? យើងកំពុងតែបាត់បង់ផ្ទះ និងដីធ្លីមួយចំនួនដែលទាហានថៃកំពុងកាន់កាប់។ យើងមិនបានទទួលស្គាល់ការប្រើប្រាស់កំលាំងដើម្បីកាន់កាប់នោះទេ។ នៅលើ(លោកនេះ) អត់មានអ្នកណាប្រើប្រាស់កំលាំងដើម្បីកំណត់ព្រំដែនទេ។ ជម្រើសមាន២ ខ្ញុំសូមអោយបងប្អូននៅទីនេះ ទូទាំងប្រទេស និងបងប្អូននៅក្រៅប្រទេស ធ្វើសមាធិអោយបានច្បាស់លើដំណោះស្រាយ។ តើយើង(គួរ)យកដំណោះស្រាយមួយណា? មួយគឺការប្រើប្រាស់កំលាំងដើម្បីវាយយកត្រឡប់មកវិញ។ ឯមួយទៀត ការដោះស្រាយដោយសន្តិវិធី។ ពួកខ្មែរជ្រុលនិយមខ្មែរមួយចំនួននៅក្រៅប្រទេស ចង់ណាស់អោយយើងប្រើប្រាស់កំលាំងដើម្បីវាយកាន់កាប់ត្រឡប់មកវិញ។
ខ្ញុំសូមសួរបងប្អូននៅទីនេះ តើចង់មានសង្គ្រាមសាជាថ្មីឬអត់? (ចម្លើយថាអត់)។ សូមបញ្ជាក់ ខ្ញុំជាអតីតទាហានតាំងពីអាយុ១៨ឆ្នាំ រហូតដល់ពេលនេះ ខ្ញុំនៅតែជាតួអង្គម្នាក់ក្នុងចំណោមតួអង្គ ដែលមានឥទ្ធិពលទៅលើកំលាំងប្រដាប់អាវុធ ក៏ប៉ុន្តែរឿងនេះយើងត្រូវឃើញអោយច្បាស់ជាមុន។ តើយើងត្រូវយកតាមការញុះញង់របស់ពួកជ្រុលនិយមនៅក្រៅប្រទេសទេ? ខ្ញុំសូមបញ្ជាក់ថា ហេតុអីបានជាយើងមិនប្រើប្រាស់កំលាំងដើម្បីវាយកាន់កាប់។ ខ្ញុំសុំអានជាមួយសេចក្ដីថ្លែងការណ៍នៃបទឈប់បាញ់កាលពីថ្ងៃទី២៧ ធ្នូ ២០២៥។
១៖ ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្ដីប្រកាសរួម គិតចាប់ពីម៉ោង១២ ថ្ងៃត្រង់ម៉ោងក្នុងស្រុកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ គ្រប់ករណីនិងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរត្រូវចៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខឬចល័តកំលាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត ក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។
ទី២៖ ភាគីទាំងពីរត្រូវឯកភាពគ្នារក្សាការឈរជើងនៃកងកំលាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកំលាំងបន្ថែមទៀត មិនត្រូវមានការធ្វើសកម្មភាពចល័តកងកំលាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទៅក្នុងទីតាំងរបស់ភាគីម្ខាងទៀត។
ទី៣៖ ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្ដីប្រកាសរួមនេះ មិនត្រូវធ្វើអោយប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីអោយគណៈកម្មាការចម្រុះព្រំដែនបន្តអនុវត្តការវាស់វែង និងខណ្ឌសីមាព្រំដែនអោយបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបានសន្តិភាពយូរអង្វែង តាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារចម្រុះ ទៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែន នឹងផ្តល់អាទិភាពខ្ពស់បំផុតលើការងារវាស់វែង និងខណ្ឌសីមាព្រំដែន នៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។
ចំណុចទី ៣ នេះគឺជាចំណុចដែលយើងត្រូវតែអត់ធ្មត់បន្តិច ព្រោះនៅក្នុងសេចក្តីព្រមព្រៀងប្រកាសឈប់បាញ់ មាននិយាយទៅដល់ការវាស់វែងកំណត់ព្រំដែន ត្រង់ថាយើងអាចយោគយល់អំពីការយឺតយ៉ាវរបស់ភាគីថៃ។ ក៏ប៉ុន្តែសង្ឃឹមថា ពួកគាត់នឹងគោរពនូវការសន្យាលើអ្វីដែលមានរួច។ ពេលមុនគាត់ត្រូវរំលាយសភា រៀបចំបោះឆ្នោតឡើងវិញ។ គាត់ថារដ្ឋាភិបាលចាំផ្ទះគ្មានសិទ្ធិធ្វើទេ។ ហ្នឹងគាត់មានហេតុផលអញ្ចឹង។ ក្រោយមកគាត់ថា ប្រធានគណៈកម្មការព្រំដែនមិនទាន់បានចាត់តាំង។ គាត់ពន្យារទៀតទៅ។ ដល់ឥឡូវគាត់ថា មកពីយើងដាក់បញ្ហាសមុទ្រទៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិនៃច្បាប់សមុទ្រ ដែល(ធ្វើឱ្យ)គាត់មិនចរចា។ បើគាត់មិនចរចា ពិភពលោកឈរមើលឬយ៉ាងម៉េច? នេះទាក់ទិននឹងកថាខណ្ឌទី៣ ដែលគណៈកម្មការព្រំដែនត្រូវធ្វើសកម្មភាព តាមការចុះហត្ថលេខារវាងភាគីទាំងពីរក្នុងដំណើរការបទឈប់បាញ់។
ខ្ញុំវិលមកនិយាយអញ្ចេះវិញ។ តើយើងត្រូវវាយដោយប្រើប្រាស់កម្លាំងឬ? មិនមែនកម្ពុជាគ្មានលទ្ធភាពទាល់តែសោះនោះទេ ប៉ុន្តែខ្ញុំសូមបង្ហាញអំពីផលលំបាក។ បើសិនជាយើងផ្ទុះអាវុធភ្លាម គ្រាប់ទី១ ជាគ្រាប់ដែលកម្ពុជាត្រូវបរាជ័យខាងនយោបាយនិងការទូត ដោយយើង(ក្លាយ)ជាអ្នកបំពានការឈប់បាញ់។ កាលណាតែវាយដណ្តើម គឺយើងត្រូវផ្ទុះអាវុធមុនហើយ។ នេះជាការធម្មតា។ បើយើងវាយដណ្តើម គឺត្រូវតែផ្ទុះអាវុធតែម្តង។ បើផ្ទុះអាវុធមុន មានន័យថា កម្ពុជាត្រូវទទួលការខាតបង់ធំធេង (ត្បិតថានឹងក្លាយជាអ្នក)រំលោភលើបទឈប់បាញ់។ អញ្ចឹង អន្តរជាតិនឹងដាក់កំហុសមកលើយើងធ្ងន់ធ្ងរ ហើយចាត់ទុកយើងជាអ្នកបង្កហេតុ។ ដោយហេតុនេះ យើងមិនត្រូវធ្វើរឿងនេះទេ។ ហ្នឹងគឺជាបរាជ័យខាងនយោបាយនិងការទូតភ្លាម។ ត្រូវចងចាំលើចំណុចនេះ។
សូមពួកអ្នកនិយមជ្រុល ក្តាប់ឲ្យជាប់បញ្ហា កុំមើលឈើមួយដើម ត្រូវមើលព្រៃទាំងមូល។ អ្នកមិនទាន់មានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រី ហើយក៏មិនធ្លាប់ធ្វើនាយករដ្ឋមន្ត្រីដែរ។ ហោចណាស់ ខ្ញុំគ្រប់គ្រងប្រទេសនេះ ៤៧ឆ្នាំរួចហើយ ក្នុងហ្នឹងមុខតំណែងជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ។ ដូច្នេះ ខ្ញុំស្គាល់ថាអ្វីគួរធ្វើ អ្វីដែលមិនគួរធ្វើ។ ការបរាជ័យខាងផ្នែកនយោបាយនិងការទូត វាធ្ងន់ធ្ងរជាងការបរាជ័យខាងយោធាទៅទៀត (ដោយសារតែ)ពិភពលោកលែងយោគយល់។ ឥឡូវនេះ ពិភពលោកគ្មានអ្នកណាជឿថាប្រទេសតូចមួយហ៊ានទៅវាយប្រទេសដទៃទេ … ពិភពលោកកំពុងតែមានសមានចិត្តចំពោះយើង។ បើយើងផ្ទុះអាវុធយកត្រឡប់មកវិញ គឺច្បាស់ណាស់ថា គ្រាប់ទី១ ដែលចេញទៅស្មើនឹងការចាញ់ខាងផ្នែកនយោបាយនិងការទូតសម្រាប់កម្ពុជាចំពោះមុខភ្នែកអន្តរជាតិ មិនថាប្រទេសតូចឬប្រទេសធំទេ។
(មួយវិញទៀត) យើងអាចដឹងបានពីលទ្ធផល។ ប្រសិនបើអាវុធត្រូវផ្ទុះ កងទ័ពរបស់យើងក៏ត្រូវស្លាប់ កងទ័ពរបស់យើងក៏ត្រូវរបួស ប្រជាជនក៏ត្រូវស្លាប់ ប្រជាជនក៏ត្រូវរបួស។ សូម្បីតែភូមិដែលយើងកំពុងសាងសង់ហើយនេះ ក៏អាចនឹងរត់ចោលសាជាថ្មីម្តងទៀតដែរ ព្រោះយើងពីនេះទៅព្រំដែនដូចជា ៨គីឡូម៉ែត្រទេ។ កាំភ្លើងធំអាចបាញ់មកដល់ ដ្រូនអាចបាញ់មកដល់។ យើងក៏បាញ់ទៅដល់គេវិញដែរ។ អញ្ចឹង តើយើងត្រូវចំណាយជីវិតទាហាន និងជីវិតរបស់ប្រជាជនប៉ុន្មាននាក់ទៀត៕ តើយើងត្រូវជម្លៀសប្រជាជនប៉ុន្មានដងទៀត? នេះជារឿងដែលយើងមិនចង់បាន។
(ការថ្លឹងថ្លែងនេះបង្ហាញថា)ដំណោះស្រាយខាងយោធាមិនអាចទៅរួចទេ។ ម្យ៉ាងទៀត សូមបញ្ជាក់ ទោះបីយើងវាយ ក៏មិនប្រាកដថាយើងវាយបាន ព្រោះគេក៏មានកាំភ្លើង យើងក៏មានកាំភ្លើង។ អញ្ចឹងទី១ យើងអាចវាយយកមិនបាន។ ទី២ យើងអាចវាយយកបានហើយ ក៏ប៉ុន្តែយើងក៏មិនអាចឈរជើងបានដែរ វាយទៅវាយមកៗ ដូចសង្គ្រាមរវាងតំបន់កាហ្សានិងអ៊ីស្រាអែល និងរវាងប្រទេសខ្លះដែលមានព្រំដែនជាប់ជាមួយគ្នា។ វាក្លាយទៅជាជម្លោះតពូជ តពង្ស តជំនាន់។ តើយើងចង់បានស្ថានភាពបែបនេះឬទេ? យើងពិតជាមិនចង់បានទេ។ ដូច្នេះហើយ បានជានៅក្នុងបទឈប់បាញ់ យើងត្រូវគោរពនូវការឈប់បាញ់នោះ។ កងទ័ពរបស់យើងត្រូវធ្វើសកម្មភាព។ ថ្នាក់ក្រោមកុំបំពានបទឈប់បាញ់។
ដោយសារមានការផុសតាម TikTok … យោធភូមិភាគទី៥ បានមកទេ? (អត់បានមកទេ)។ រឿងសំពៅលូន យើងទៅកាយដីដាក់ធ្វើជាទំនប់ ដោយមិនបានសួរដល់នាយករដ្ឋមន្ត្រី។ ហ្នឹងជាការបង្កហេតុ។ នាយករដ្ឋមន្ត្រីបានស្តីបន្ទោសយ៉ាងខ្លាំង។ ខ្ញុំបានដឹងតាមរយៈសារខាងនាយករដ្ឋមន្ត្រីដាក់មកឲ្យខ្ញុំទេ។ ហ្នឹងគឺជាធនគ្រោះថ្នាក់។ នេះជាការបង្កហេតុ។ រឿងថៃបិទទល់ដែន ក៏បិទទៅ កុំទៅរវល់។ ចង់បិទ ៥០០ឆ្នាំទៀត ក៏បិទទៅ។ មិនចាំបាច់និយាយច្រើនទេ។ ហេតុអ្វីបានជាយើងទៅកាយដីដាក់លើផ្លូវ? ថាកុំឲ្យគេនិយាយ(ដដែលៗ)ពីរឿងបិទឬមិនបិទ។ នេះគឺជារឿងខុស។ (ករណី)ព្រំដែនកម្ពុជា-ថៃ … ពេលឃោសនាបោះឆ្នោត នាយករដ្ឋមន្ត្រីថៃ និយាយថា “អ្នកណាបើកព្រំដែនគឺឆ្កែ”។
អញ្ចឹង កុំរង់ចាំឲ្យសោះ។ ខ្ញុំបានឆ្លើយតបប៉ុន្មានដងហើយ។ អ្នកឯងចង់បិទ ក៏បិទទៅ។ បិទ ១០០ឆ្នាំ ឬ ៥០០ឆ្នាំទៀតក៏បិទទៅ។ យើង(មិនមានការ)ចាំបាច់ទៅធ្វើអី(តបទេ)។ ថៃចង់បើកក៏បើកទៅ។ បើចង់បិទគឺបិទទៅ។ ហ្នឹងរឿងរបស់គាត់។ យើងអត់មានការចាំបាច់ទៅជីកដីដាក់ទេ។ អញ្ចឹង សូមអ្នកលេង TikTok ទាំងឡាយកុំភាន់ច្រឡំថា ធ្វើអញ្ចឹងត្រឹមត្រូវ។ ធ្វើនេះខុសហើយ។ ខុសទាំងអ្នកយកដីទៅដាក់ ខុសទាំងអ្នកដែលសរសើរថា យកដីទៅដាក់ហ្នឹងត្រឹមត្រូវ។ មិនមែនត្រឹមត្រូវទេ។ ខ្ញុំនិយាយដោយត្រង់។ ថ្ងៃហ្នុង ខាងយើងត្រៀមបំរុងថា ខាងគេវាយមកលើយើង។ គេក៏ត្រៀមបំរុងថាយើងវាយទៅលើគេ ដោយសារតែមានវិធានការ(ចាក់ដី)អញ្ចឹង។ ហ្នឹងមកពីស្អី? អញ្ចឹងចាំទៅដល់ភូមិភាគ៥ ចាំខ្ញុំនិយាយអំពីបញ្ហាហ្នឹង។
(បញ្ហា)ព្រំដែន មានតែនាយករដ្ឋមន្ត្រីទេ(ដែលមានសិទ្ធសំរេច)។ អ្នកឯងមិនអាចឲ្យអ្នកថ្នាក់ខេត្ត ថ្នាក់អីនាំគ្នាទៅកែស្ថានភាពនៅទល់ដែនទេ។ ខ្ញុំសូមប្រដៅមន្ត្រីរបស់យើងទាំងរដ្ឋបាល ទាំងកម្លាំងប្រដាប់អាវុធ។ ចាត់ទុកថា(នេះ)មិនមែនសិទ្ធិអំណាចរបស់ខ្ញុំក៏មិនត្រូវដែរ ព្រោះខ្ញុំក៏ជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រ ធ្វើការជាមួយរដ្ឋាភិបាលលើបញ្ហាកម្លាំងប្រដាប់អាវុធ។ នៅក្នុងរយៈកន្លងទៅ ខ្ញុំក៏នៅតែបន្តការងារហ្នឹង។
សូមបញ្ជាក់ឡើងវិញ។ ប្រសិនបើយើងប្រើប្រាស់កំលាំង ទី ១ យើងជាអ្នកខុសក្នុងនយោបាយនិងការទូត ដោយសារយើងជាអ្នកបំពានលើបទឈប់បាញ់។ ទី២ ការប្រើកំលាំងប្រដាប់អាវុធអាចទាយលទ្ធផលបានមុនថា កងទ័ពនឹងត្រូវស្លាប់ របួស ប្រជាជនត្រូវស្លាប់ របួស ជម្លៀសទូទាំងព្រំដែន។ នេះជាលទ្ធផលនៃការប្រើប្រាស់កំលាំង។ អញ្ចឹង ការដោះស្រាយដោយសន្ដិវិធី ទើបជាការដោះស្រាយមួយដែលផ្ដល់ផលប្រយោជន៍ឲ្យទាំងសងខាង បង្កើតនូវជំនឿទុកចិត្ត។ យើងមិនអាចរស់នៅជិតខាងគ្នាបង្កើតនៅសត្រូវជាមួយគ្នាមួយជីវិតទេ។ រឿងគេថាបិទទល់ដែនមិនបើកអីយ៉ាងម៉េច ជារឿងគេនិយាយ។ ឯយើងក៏មិនសិទ្ធនិយាយដែរ បិទ១០០ ឬ ៥០០ឆ្នាំក៏បិទទៅ។
ខ្ញុំសូមប្រដៅអ្នកនាំទំនិញ។ ខាងនោះ គេថារត់ពន្ធទំនិញពីនោះមក។ តាមទល់ដែន សូមដាក់ពួកដែលនាំទំនិញមកខុសច្បាប់ទៅមើល៎។ រឹបអូសហើយឲ្យទៅរែកដី។ លេងអញ្ចឹងមើល៎។ រាល់ថ្ងៃយើងមាន មី ទឹកសុទ្ធ ស្អីៗ របស់យើងអស់ហើយ ទៅយក(របស់គេ)មកធ្វើស្អី។ ជួនកាលយកសុទ្ធតែជង្គង់មាន់។ យកជើងមាន់គេមិនស៊ី មកឲ្យខ្មែរស៊ី។ មើល … ដកហូតទ្រព្យសម្បត្ដិពួកហ្នឹង ឲ្យទៅជីកត្រង់សេ ពលកម្មឲ្យធ្ងន់មើល៎។ តើអត់មិនបានឬស្អី? ខាងណោះ គេថាយើងខ្វះទំនិញ។ យើងខ្វះទំនិញពីអង្កាល់? មួយឆ្នាំជាងហើយល្មមដឹងថាខ្មែរមានលទ្ធភាពគ្រប់គ្រាន់ផ្គត់ផ្គង់ទំនិញខ្លួនឯង។ អញ្ចឹងទេ តំលៃ ១០ពាន់លានដុល្លារៀងរាល់ឆ្នាំទុកឲ្យខាងថៃប្រើខ្លួនឯងចុះ។ ឯយើងជំនួសដោយទំនិញផលិតក្នុងស្រុក។
ប្រសិនបើខ្វះទំនិញផលិតក្នុងស្រុក យើងនាំទំនិញពីវៀតណាម ចិន ម៉ាឡេស៊ី សិង្ហបុរី មកលក់ស្រុកខ្មែរទៅ ប៉ុន្ដែសំខាន់ជំរុញផលិតទំនិញរបស់យើង។ ខ្ញុំសូមលើកឧទាហរណ៍ ក្រុមហ៊ុនផលិតសាប៊ូមួយ។ មុនព្រំដែនបិទ ១ខែលក់បានតែ ៣០ម៉ឺនដុល្លារទេ។ ប៉ុន្ដែ បិទព្រំដែនហើយ មួយខែឡើងដល់ ៣លានដុល្លារ។ ដូច្នេះវាជាឱកាសមាសប្រាក់ពង្រឹងសេដ្ឋកិច្ចខ្មែរ។ អញ្ចឹង យើងធ្វើទៅ …។
ខ្ញុំសូមបញ្ជាក់ អ្នកខ្លះគិតថាការប្រើប្រាស់(ដំណោះស្រាយ)សន្ដិវិធីវាយូរ។ ការប្រើប្រាស់ប្រដាប់អាវុធ ទើបវារហ័ស។ ខ្ញុំសួរត្រឡប់ទៅវិញ បើយើងវាយមិនបាន? វាមិនបានសេចក្ដីថាកាន់តែយូរ? ហើយបើវាយបានកន្លែងហ្នឹងជាតំបន់ប្រទាញប្រទង់ អញ្ចឹងវានៅប្រទាញប្រទង់មួយជីវិត។ ឥឡូវ ដំបៅវាកើតហើយ ត្រូវខិតខំព្យាបាល តាមរយៈនៃការសម្រុះសម្រួលដោះស្រាយដោយនីតិវិធី។ បើថៃមិនគោរពនៅចំណុចទី៣ នៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលទាក់ទងនឹងការវាស់វែងកំណត់ព្រំដែន ហ្នឹងជាភារកិច្ចទទួលខុសត្រូវរបស់ថៃចំពោះមុខសហគមន៍អន្ដរជាតិ ដែលមានយ៉ាងហោចណាស់ AOT អ្នកសង្កេតការណ៍អាស៊ានកំពុងដើរមើល។ Container លួសបន្លា គឺទើបនឹងរាយក្រោយបទឈប់បាញ់ទេ។ មិនបានន័យថា សហគមន៍អន្ដរជាតិខ្វាក់ភ្នែកទេ ប៉ុន្ដែវាមិនទាន់ដល់ដំណាក់កាលដែលត្រូវនិយាយគ្នា។
(សំរាប់)អ្នកនៅទីនេះ អ្នកណាខ្លះចង់(ឲ្យ)វាយគ្នាទៀត? (ចម្លើយថាអត់ទេ)។ បើវាយទៅ រត់ទៀត។ មិនអញ្ចឹង។ ឥឡូវ យើងធ្វើផ្ទះនៅទីនេះ សំរួលឲ្យប្រជាជនសិន។ ហេតុអ្វីបានជាយើងត្រូវធ្វើផ្ទះ? ដោយសារត្រូវរង់ចាំការដោះស្រាយដោយសន្ដិវិធី។ ប្រសិនបើយើងមិនធ្វើផ្ទះ សុខភាពរបស់ប្រជាពលរដ្ឋរបស់យើងទៅជាយ៉ាងម៉េច? រាជរដ្ឋាភិបាលខិតខំបញ្ចេញប្រាក់ និងកំលាំងគ្រប់បែបយ៉ាងដើម្បីឲ្យប្រជាជនមានផ្ទះនៅ។ ខ្ញុំលួចខ្សឹបដាក់មេក្រូបន្ដិចទៅចុះ បើទោះបីជាផ្ទះបងប្អូនបានត្រឡប់មកវិញក៏ដោយ ផ្ទះនេះច្បាស់ណាស់ទៅជារបស់បងប្អូនមួយជីវិតហើយ។ ហ្នឹង ជាសេចក្ដីសំរេចរបស់នាយករដ្ឋមន្ដ្រីទេ ប៉ុន្ដែថ្ងៃដែលខ្ញុំប្រជុំនៅភ្នំពេញ ខ្ញុំក៏ធ្លាប់បញ្ជូនសារមួយថា «លោកនាយករដ្ឋមន្ដ្រីអើយ! ឲ្យទៅគាត់តែម្ដងទៅ»។ មកដល់ថ្ងៃប្រជុំគេខ្សឹបថា មុខតែឲ្យគាត់ហើយ ប៉ុន្ដែបើឲ្យភ្លាមទៅ គាត់មុខជាយល់ថា “យើងមិនទៅទាមទារដីយើងមកវិញទេ”។
យ៉ាងណាក្តី ថ្ងៃនេះខ្ញុំសូមបកស្រាយហើយ លោកនាយករដ្ឋមន្ដ្រីអើយ។ ពេលនេះ ប្រហែល(គាត់)កំពុងតែហោះពីហាណូយមកស្រុកវិញ ព្រោះទៅទស្សនកិច្ចផង ប្រជុំវេទិការអាស៊ាន មានប៉ុន្មានប្រទេសចូលរួម។ អញ្ចឹងគេប្រាប់ខ្ញុំថាគង់តែឲ្យទៅគាត់ទេ។ ហេតុដូចនេះ អម្បាញ់មិញ មុនមកដល់នេះ ខ្ញុំបានចូលផឹកកាហ្វេ ទិញថ្នាំពេទ្យ។ មិនទាន់យកទេ។ ប្រពន្ធពេទ្យ ឈុំ។ មានស្រ្ដីមានផ្ទៃពោះម្នាក់ គាត់អត់ស្គាល់ខ្ញុំទេ។ ទាល់តែមកកៀកបានស្គាល់ ជូនលុយកាក់គាត់ដែរ។ មានពីរនាក់ ជំពាក់ខ្ញុំ។ បានន័យថាខ្ញុំបាញ់លុយឲ្យគាត់ តែមិនទាន់បានយកទំនិញទេ។ តែសុំឲ្យគាត់បាញ់មកវិញ ៥០ សេនដុល្លារ ហើយឲ្យគាត់ដាក់លេខទូរស័ព្ទផង ដើម្បីថ្ងៃក្រោយខ្ញុំទារទំនិញគាត់។
ខ្ញុំធ្លាប់ស្គាល់ប្រវត្ដិនៃសង្គ្រាម១៩៧០ ដល់១៩៧៥ ហើយបន្ទាប់ទៅ១៩៧៩ ដល់១៩៩៨។ (លើកនេះ) នៅក្រោមផ្ទះជនភៀសខ្លួនឃើញមានឡាន ម៉ូតូ សំភារៈនេះ/នោះ គេហៅថា ជនភៀសខ្លួនជំនាន់ថ្មីកាលីប។ ប៉ុន្ដែ យើងមិនមែនចង់បានអញ្ចឹងទេ។ យើងចង់នៅនិងមានមុខរបរនៅផ្ទះរបស់យើង។ ប៉ុន្ដែរឿងបានកើតឡើងហើយ។ អញ្ចឹងយើងត្រូវរកដំណោះស្រាយមួយសមស្របឲ្យប្រជាជននៅទីនេះមានសុខភាព យកចេញពីជំរុំដែលរស់នៅរខេករខាក មករស់នៅផ្ទះសំបែង។ ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើផ្ទះនេះតទៅ ហើយខាងក្រោមចាក់សាបឲ្យស្អាត។
អម្បាញ់មិញ ឯកឧត្តម អ៊ុំ រាត្រី បាននិយាយថាបានទទួលសារពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្មដែលទៅទស្សនកិច្ចជាមួយនាយករដ្ឋមន្ដ្រីថា នឹងមានផ្ទះស្អាតប្រឡងប្រណាំង។ អ្នកលេខមួយបាន៣០០០ ដុល្លារ អ្នកលេខពីរបាន២០០០ ដុល្លារ អ្នកលេខ៣ បាន១០០០ ដុល្លារ។ អញ្ចឹង ធ្វើផ្ទះឲ្យស្អាតទៅ។ ៣ខែម្ដង។ ព្រោះស្អាតមិនមែនគាត់មកនៅទីនេះទេ ដើម្បីយើង(មាន)អនាម័យ។ ហ្នឹងជាវិធីដោះស្រាយរបស់យើងនៅពេលនេះ។ យើងខិតខំបង្កលក្ខណៈដោះស្រាយបញ្ហាដែលបានចោទឡើង។
ខ្ញុំបានបញ្ជាក់ហើយបញ្ជាក់ទៀតថាយើងមិនចង់មានសង្គ្រាមទេ (ប៉ុន្ដែ)យើងក៏បានរៀបចំខ្លួនរួចដែរក្នុងករណីដែលមានការបំពានបន្ថែម។ អ្វីដែលខ្ញុំសូមបញ្ជាក់ ខាងភាគីថៃក៏និយាយថាគេមិនធ្វើសកម្មភាពទេ ឯ យើងក៏មិនធ្វើសកម្មភាពដែរ។ អញ្ចឹង បើមិនធ្វើសកម្មភាព(ដូចគ្នា) ទាំងពីរនាក់ត្រូវគ្នាហើយ។ សូមបញ្ជាក់ថាមិនចាំបាច់និយាយរឿងបិទរឿងបើកទល់ដែនទេ។ ខាងនេះមានបទពិសោធន៍គ្រប់គ្រាន់ហើយ ក្នុងការដោះស្រាយបញ្ហា។
ខ្ញុំសូមអំពាវនាវកងទ័ព អាជ្ញាធរដែលឈរក្នុងតំបន់នេះ ជួយទិញកសិផលដែលប្រជាជនផលិតដើម្បីផ្គត់ផ្គង់ឲ្យកងទ័ពរាប់ម៉ឺននាក់តាមខ្សែព្រំដែននេះទាំងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់។ ទិញបន្លែបង្ការរបស់ប្រជាពលរដ្ឋ សត្វដែលប្រជាពលរដ្ឋចិញ្ចឹម យកមកផ្គត់ផ្គង់ឲ្យកងទ័ព ក្លាយទៅជាទីផ្សារកងទ័ពរាប់ម៉ឺននាក់ ក្លាយទៅជាទីផ្សាររបស់ប្រជាជនដាំបន្លែ បង្កា និងចិញ្ចឹមសត្វ។ កុំទៅអូសយកបន្លែពីភ្នំពេញមក យកបន្លែបង្កាពីប្រជាជនអ្នកបង្កបង្កើនផលនៅតាមកន្លែងហ្នឹង។
នេះជាសារសម្រាប់ប្រជាជនជ្រើសរើស ឬមួយវាយគ្នាឬមួយដោះស្រាយដោយសន្តិវិធី។ អ្នកឯងគិតថាវាយគ្នា(បានលទ្ធផល)រហ័ស។ មិនប្រាកដទេ។ វាយចុះវាយឡើងគឺស្លាប់ទាំងសងខាង ឆេះផ្ទះ។ ដោះស្រាយដោយសន្តិវិធីមានចីរភាពជាង។ បើទោះបីអ្នកណាប្រកាសថាអីថាទៅ។ ព្រំដែនកម្ពុជា-ថៃ បានចងភ្ជាប់នឹងកិច្ចព្រមព្រៀងអនុសញ្ញាបារាំង-សៀម១៩៦៤ និងសន្ធិសញ្ញាបារាំង-សៀម១៩០៧ ដែលមានវិសាលភាពគ្របដណ្តប់ទាំងព្រំដែនកម្ពុជា-ថៃ និងព្រំដែនឡាវ-ថៃ។ បើសិនជាអ្នកឯងប្រកាសលុបសន្ធិសញ្ញាមួយនេះ វាស្មើនឹងការប្រកាសលុបព្រំដែនជាមួយឡាវដែរ ព្រោះសន្ធិសញ្ញានេះចងភ្ជាប់ទាំង២ មិនអាច(លុបចោលតាម)ទំនើងតាមចិត្តរបស់អ្នកឯងទេ។ យើងត្រូវធ្វើជារដ្ឋដែលគោរពច្បាប់។
អ្នកខ្លះថាឪពុករបស់នាយករដ្ឋមន្រ្តីនៅតែនិយាយខ្លាំងជាងនាយករដ្ឋមន្រ្តី។ ត្រូវហើយខ្ញុំជាឪពុកគាត់។ ត្រូវតែនិយាយខ្លាំងជាងគាត់។ តែគាត់អ្នកកាន់អំណាច។ ធម្មតាទេ ខ្ញុំធ្លាប់និយាយហើយ លោកនោះទោះគាត់និយាយខ្លាំងយ៉ាងម៉េច មុខគាត់នៅតែញញឹម ព្រោះគាត់កាត់ទៅប្រពន្ធខ្ញុំ។ ខ្ញុំជាមួយគាត់ គឺហ៊ុន សែន បូកនឹងរ៉ានីទៅចេញ ហ៊ុន ម៉ាណែត។ កាលនៅរៀន New York ប្អូនៗ ទៅរៀនជុំគ្នាទាំងអស់ ទីចុងបំផុតវាគោរពបងរបស់វា ក៏ប៉ុន្តែវាថា “បងណែត ពេលដែលប្រដៅប្អូនៗ ប្រដៅទាំងទឹកមុខញញឹម”។ ដល់ប្រដៅទឹកមុខញញឹម ប្អូនលួចខ្សឹបគ្នា។ ប៉ុន្តែមិនមែនថាប្អូនមិនគោរពបងទេ។
ការបកស្រាយរបស់ខ្ញុំនេះមិនជំនួសមុខឲ្យរដ្ឋាភិបាលទេ ប៉ុន្តែក៏មិនខុសពីសំដីរបស់រដ្ឋាភិបាលដែរ។ រដ្ឋាភិបាលមិនទាន់បានបកស្រាយជុំវិញបញ្ហានេះទេ គ្រាន់តែនិយាយថាដោះស្រាយដោយសន្តិវិធី។ អញ្ចឹងថ្ងៃនេះ ខ្ញុំបានលើកយកមកប្រៀបធៀបរវាងដំណោះស្រាយដោយសន្តិវិធី និងដំណោះស្រាយដោយកម្លាំងប្រដាប់អាវុធ។ បងប្អូននៅទីនេះ ដែលជាអ្នកនៅផ្ទាល់ ជាអ្នករងគ្រោះផ្ទាល់ រងផលប៉ះពាល់ផ្ទាល់ពីសង្រ្គាមទល់ដែន សុទ្ធតែបានបង្ហាញអំពីឥរិយាបទ ចង់ឲ្យដោះស្រាយដោយសន្តិវិធី មិនមែនដោះស្រាយដោយអាវុធទេ។
យើងអាចឃើញបញ្ហានេះច្បាស់។ ខ្ញុំយកឱកាសនេះ អរគុណចំពោះបងប្អូនជនរួមជាតិព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ដែលបានផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាងចំពោះបងប្អូនជាជនភៀសសឹក ក៏ដូចជាកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន ជំនួយជាហូរហែបានមកដល់។ ពិតមែនហើយ ហ្នឹងយើងមិនចង់ទេ ប៉ុន្តែរឿងវាបានកើតហើយ។ តើទុកឲ្យបងប្អូនស្លាប់ឬអី? រឿងវាអញ្ចេះទៀត។ គេមិនចង់ឲ្យយើងរៀបចំចូលឆ្នាំទេ។ ខ្ញុំបានបង្ហោះសារមួយថា “របួសកូនដៃមួយមិនគួរធ្វើឲ្យរូបកាយទាំងមូលពិការទេ”។ វាកាឡៃថាលោក ហ៊ុន សែន ចាត់ទុករឿងទល់ដែនប៉ុនកូនដៃ។ វាឆ្កួតអញ្ចឹង។ ខ្ញុំថាអានេះងើបមួយវាយមួយទើបបានៗ។ មិនអាចទុកឲ្យប្រមូលផ្តុំបានទេ … ព្រោះបើមិនបោសសម្អាតខាងក្រោយទេ ទប់ខាងមុខអត់បានទេ …។
ពួកហ្នឹងនៅក្រៅប្រទេសទេ ប៉ុន្តែពួកនៅក្នុងហ៊ានសាកល៎មើល។ យើងកំពុងប្រឈមជាងមួយសត្រូវនៅខាងមុខ។ យើងមិនទុកឲ្យ(ពួកឯង)វាយពីក្រោយខ្នងទេ។ យើងត្រូវតែវាយហើយ ប្រាប់ឲ្យហើយ។ ខ្ញុំមិនបានប្រើពាក្យថា “រឿងប៉ុនកូនដៃ” ទេ។ ខ្ញុំគ្រាន់តែនិយាយថា “របួសកូនដៃមួយ មិនគួរទុកឲ្យរូបរាងកាយទាំងមូលពិការ” ទេ។ មានន័យថារឿងព្រំដែនកម្ពុជា-ថៃ មិនគួរធ្វើឲ្យគាំងដំណើរការសេដ្ឋកិច្ចសង្គមនៅខាងក្រោយទេ រាប់ទាំងពិធីចូលឆ្នាំ។ ពេលហ្នឹងខ្ញុំថាអ្នកណាហ៊ានដុតធូបពេលចូលឆ្នាំរន្ទះបាញ់។ វាមិនចង់ឲ្យយើងចូលឆ្នាំ រួចហើយធ្វើ TikTok រាំ(ពីរឿង)បាត់ដី។ គិតមើល វាជាទំនៀមទំលាប់របស់ប្រទេសយើងទៅហើយ។ បើទោះបីទៅនៅកន្លែងណាក៏ដោយ ក្នុងលេណដ្ឋានក៏ដោយ ពេលទេវតាចុះក៏គង់តែដុតធូបមួយសសៃដើម្បីទទួលទេវតាដែរ។ ម៉េចបានវាហាមយើងមិនឲ្យទទួលទេវតា។
យើងថាមានប្រជាជនជាង ១០ម៉ឺននាក់ដែលកំពង់ភៀសខ្លួន។ តើទុកឲ្យ ១៨លាននាក់គាំងក្នុងផ្ទះដែរឬអ្វី? សេដ្ឋកិច្ចសង្គមត្រូវតែដំណើរការធម្មតា ការផលិតនៅធម្មតា ការនាំចេញនៅធម្មតា។ ៣ខែដើមឆ្នាំយើងនាំចេញស្មើនឹង ១៨ពាន់លានដុល្លារ កើនឡើង ២០ភាគរយ។ អញ្ចឹង យើងគួរនាំចេញ ឬមិនគួរ? ដោយសារតែសេដ្ឋកិច្ចវាដំណើរការហ្នឹងហើយ បានជាមានឥវ៉ាន់មកចែកជូនបងប្អូននៅទីនេះ។ ប្រាក់ចំណូលជាតិមាន ទើបបាននាំមកដល់កន្លែងហ្នឹង។ វាដេកច្រៀងនៅក្រៅប្រទេស ប៉ុន្តែវាហាមឃាត់ខ្មែរមួយប្រទេសមិនឲ្យធ្វើចូលឆ្នាំ … ថាវាឡប់ខ្លួនវាទៅ វាបបួលគេឡប់។ អាក្នុងកុំឡប់ណា កុំរពឹសដៃលើ Facebook ណាប្រាប់ឲ្យហើយ។ អញផ្តាំទៅ។ កុំថា page ហ៊ុន សែន page អ្នកណាក៏ដោយ តែចូលជាប់ អត់ទុកទេ។ បើចូលមកកែតម្រូវ ផ្តល់មតិ ស្ថាបនា យោគយល់ អត់បញ្ហា។ ប៉ុន្តែបើមកជេរដាក់បណ្តាសារហើយ គ្មានទុកទេ។
មួយនោះថាចាប់បានតែគ្នាឯង។ វាយខ្នោះយកទៅបាត់។ ថ្ងៃខ្ញុំនិយាយនៅកន្លែងពន្ធដារ វាចូលទៅ Fresh News ថា “ក្តអីទេបានតែគ្នាឯង”។ មានអីតែ ២ម៉ោងក្រោយ អូសយកទៅញាត់គុក។ គ្មានទុកឯងទេ។ មកជេរប្រមាថស្អីកន្លែងហ្នឹង។ ការជេរប្រមាថមិនមែនជាសិទ្ធបញ្ចេញមតិទេណា។ យើងត្រូវតែហាមឃាត់រឿងហ្នឹង។ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត សភាពការណ៍បែបនេះ ប្រទេសខ្លះដូចជា អ៊ុយក្រែន ដល់អាណត្តិបោះឆ្នោតប្រធានាធិបតី ពីរឆ្នាំរួចទៅហើយ តែអត់បោះឆ្នោតទេ ព្រោះដាក់ក្នុងគ្រាមានអាសន្ន។ ឯយើងអត់ដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឬប្រកាសច្បាប់អាជ្ញាសឹក ប្រកាសច្បាប់កំណែនទូទៅទេ។ តិចអ្នកឯងគិតថាចង់ធ្វើឲ្យចលាចលនៅខាងក្រោយដើម្បីរំខានដល់ខាងមុខ ហើយផ្តួលរលំ។
ខ្ញុំសូមបញ្ជាក់ឡើងវិញ ខ្ញុំវាយតែអ្នកណាចង់ផ្តួលរលំរដ្ឋាភិបាល ក្រៅក្របខ័ណ្ឌរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។ សម្រាប់បក្សនយោបាយដទៃទៀតអនុញ្ញាត ធ្វើ(សកម្មភាព)ទៅ ប៉ុន្តែកុំលួចជេរតាម Facebook ឲ្យសោះ។ មានក្រុមតាមរហូត។ អត់មានចាំយប់ចាំថ្ងៃទេ យកទាំងយប់។ មានភស្តុតាងជាក់ស្តែងក្នុងទូរស័ព្ទពួកឯងទេតើ។ ហ្នឹងជាបទល្មើសជាក់ស្តែងដែលត្រូវយកខ្លួន។ បើមិនអញ្ចឹងមិនបានទេ។ គ្រប់គ្រងប្រទេសមួយមិនអាចទន់ជ្រាយបានទេ។ ប្រទេសរបស់យើងត្រូវគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ។
បងប្អូននៅទីនេះគឺជាដំណាក់កាលនៃការរង់ចាំ។ យើងបន្តការទាមទារយកដីត្រឡប់មកវិញដោយសន្តិវិធី។ មិនមែនដណ្តើមយកមកវិញដោយកម្លាំងយោធាទេ។ ដោយហេតុនេះហើយ បានជា(ខ្ញុំសូម)ដាក់ឈ្មោះភូមិនេះជា «ភូមិរង់ចាំ»។ ដូចខ្ញុំបានបញ្ជាក់អម្បាញ់មិញ នាយករដ្ឋមន្ត្រីបានប្រាប់ខ្ញុំហើយ។ អញ្ចឹង ខ្ញុំក៏និយាយទៅកុំឱ្យបងប្អូនស្ទាក់ស្ទើរ។ ទោះបីជាយកផ្ទះហ្នឹងបានត្រឡប់មកវិញ ក៏ផ្ទះនេះគេមិនដកហូតទៅវិញដែរ។ អញ្ចឹងទេធ្វើឱ្យវាស្អាតទៅ។ បើថានាយករដ្ឋមន្ត្រី គាត់មិនព្រម ខ្ញុំទិញយកទាំងអស់។ បើនាយករដ្ឋមន្ត្រីមិនព្រម មានន័យថាវាមិនកាត់មកឪវាទេ។
ការពិត ខ្ញុំមិននឹកស្មានថានាយករដ្ឋមន្ត្រីធ្វើការលឿនបែបនេះទេ។ នៅពេលដែលខ្ញុំឃើញ ជាពិសេសដែលគេបង្ហោះ Drone ថតពីលើមើលទៅដូចជាបុរីមួយអញ្ចឹង។ គ្រាន់តែបុរីរបស់យើង វាមិនមានផ្ទះធំៗ។ យើងកំពុងកសាងបន្ត។ ក្រៅពីផ្ទះប្រមាណ ២៨០៥ខ្នង ដែលបានសង់រួចរាល់ នៅបន្តកសាងប្រមាណ ៥១៣ខ្នងទៀត ដើម្បីបន្ថែមឱ្យបងប្អូនអាចរស់នៅបាន។ ការដែលយើងដេកនៅតាមតង់អីនេះគឺវាលំបាក។ ដើម្បីសុខភាពរបស់បងប្អូន ជម្រើសដែលល្អជាងគេគឺ(សង់ជំរកគត់មត់)នៅទីនេះ។ មិនអាចថា ផ្ទះរបស់យើងផ្ទាល់ក៏ទៅមិនបាន បងប្អូននៅកន្លែងមួយ(មិនស្អាត) ឈឺថ្កាត់អី(បានទេ)។ ត្រូវរៀបចំផ្សារលក់ដូរ សាលារៀន មន្ទីរពេទ្យ ផ្លូវចូលមកហ្នឹងត្រូវត្រៀមចាក់កៅស៊ូ … ឱ្យភូមិរង់ចាំក្លាយទៅជាភូមិដែលស្អាត ដែលមានដំណាំដាំដុះ ដើម្បីឱ្យមានការប្រឡងប្រណាំងចេញជាត្រសក់ ចេញជាសណ្ដែកគួរ ជាស្អីដែលយើងអាចដាំទៅបាន។
ខ្ញុំឃើញថា ស្មារតីប្រជាពលរដ្ឋសាមគ្គីគ្នាល្អណាស់។ សូមកុំទន្ទឹងរង់ចាំណាមួយអំពីការបើកព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ហើយ យើងអត់ចាំបាច់លើកទំនប់លើកអីទេ។ រឿងថៃធ្វើរបងឱ្យធ្វើទៅ តែធ្វើលើដីថៃ កុំធ្វើលើដីខ្មែរ។ តែប៉ុណ្ណឹងទេ។ កម្ពុជានិងវៀតណាម កម្ពុជានិងឡាវ កម្ពុជានិងថៃ ថៃនិងកម្ពុជា ថៃនិងម៉ាឡេស៊ី ថៃនិងមីយ៉ាន់ម៉ា ថៃនិងឡាវ ត្រូវគោរពនៅលើកិច្ចព្រមព្រៀងដែលមាន។ ថៃជាមួយម៉ាឡេស៊ីផ្សេង ថៃជាមួយមីយ៉ាន់ម៉ាផ្សេង ថៃជាមួយកម្ពុជានិងឡាវ គឺតែមួយទេ។ បើលុបខាងកម្ពុជា គឺត្រូវលុបជាមួយឡាវ ដូចគ្នា។ នេះវាជាការប្រមាថដូនតាដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩០៤ និង១៩០៧។ បញ្ហានេះត្រូវគិត។ ខ្ញុំមិនចង់ប្រដៅអ្នកនយោបាយប្រទេសផ្សេងទេ ប៉ុន្តែខ្ញុំមានសិទ្ធិនិយាយក្នុងឋានៈកម្ពុជាជារដ្ឋគោរពច្បាប់។
មិនដឹងថាខ្ញុំនៅកន្លែងណាទេ។ ខ្ញុំភ្ញាក់តាំងពីម៉ោង ៣កន្លះ ហើយខ្ញុំធ្វើដំណើរមក។ ខ្ញុំបានសួរហូរហែមក។ ឯកឧត្ដម អ៊ុំ រាត្រី ថានៅចាំពេញគោលដៅហើយ។ ខ្ញុំសូមអធ្យាស្រ័យ ដោយសារខ្ញុំឧស្សាហ៍ចុះមើល។ ឯកឧត្ដម គន់ គីម រៀបចំឯណោះ ប៉ុន្តែខ្ញុំចុះមុននោះទៅទៀត។ ដើរទៅធ្លាក់ភក់។ រឿងភក់ប៉ុណ្ណឹង វាមិនពិបាកសម្រាប់ខ្ញុំទេ។ ខ្ញុំធ្លាប់ដេកនៅក្នុងថ្លុកភក់ទៀតនោះ។ អតីតកាលរបស់ខ្ញុំដេកនឹងភក់ ព្រោះធ្វើទាហាន វាមិនដែលបានដេកស្រួលទេ។
ថ្ងៃនេះ គឺមានការនាំមកជាជំនួយមួយ មិនមែនមកប្រកាសប្រគល់ផ្ទះទេ គ្រាន់តែប្រាប់ជូនដំណឹងហ្នឹងទេ។ នាយករដ្ឋមន្ត្រី ទើបគេមានសិទ្ធិប្រកាសប្រគល់ផ្ទះ។ គ្រាន់តែជូនដំណឹងថា ផ្ទះនេះនាំគ្នាធ្វើឱ្យស្អាតទៅ វាគ្មានអ្នកណាដកយកទៅវិញទេ។ ខ្ញុំសុំខ្សឹបដាក់ដាក់ម៉ៃក្រូ។ ថ្ងៃនេះ ខ្ញុំនាំមកសួរសុខទុក្ខបងប្អូននៅទីនេះ មានអង្ករហ្នឹងមួយបាវ ទំងន់ ២៥គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ត្រីខមួយយួរ មីមួយកេស ទឹកសុទ្ធចំនួនមួយកេស អង្រឹងមួយនិងតង់ធំមួយ។ តង់ហ្នឹងបានពី ឧកញ៉ា ទ្រី ភាព។ គេមាននៅក្នុងឃ្លាំងរបស់ស្រាប់ គេដឹកមក។ ត្រូវការតង់ហ្នឹងបាំងនេះ/នោះទៅ។ យើងត្រូវមានតង់ប្រើ ហើយត្រូវមានអង្រឹង ក្រែងលោមានត្រូវការចងក៏ចងទៅ មិនចងទេហ្នឹងរឿងរបស់យើង។ ឧបត្ថម្ភថវិកាក្នុងមួយគ្រួសារ ១លានរៀល។
ខ្ញុំសួរ គន់ គីម ថាពេលដែលនាយករដ្ឋមន្ត្រីចុះមកសួរសុខទុក្ខ គាត់ជូនលុយមួយគ្រួសារប៉ុន្មាន? គាត់ថា ១លានរៀល។ អញឪនាយករដ្ឋមន្ត្រី មិនត្រូវឱ្យចាញ់កូនទេ។ ឥឡូវ ខ្ញុំយកឈ្នះនាយករដ្ឋមន្ត្រីមួយក្បាច់ទៀត គឺបានសេចក្ដីថា ជនពិការ ២៤៨នាក់ ក្នុងម្នាក់ៗ ទទួលបានបន្ថែម ១លានរៀលទៀត។ អ្នកមានផ្ទៃពោះ ១៨៨នាក់ ក្នុងម្នាក់ៗថែម ១លានរៀលទៀត … យើងត្រូវដឹងអ្នកពិការនេះមួយ អ្នកមានផ្ទៃពោះនេះពីរ យ៉ាងណាក៏អ្នកដទៃទៀតមិនគួរច្រណែនទេ។ អ្នកមានផ្ទៃពោះ គឺមនុស្សម្នាក់ជីវិតពីរ។ ឯអ្នកពិការគាត់ពិការគាត់ត្រូវទទួលបានច្រើនជាង។ អញ្ចឹងអ្នកដែលមិនពិការកុំច្រណែនអី …។
ខ្ញុំមានថវិការបស់ខ្ញុំ។ ខ្ញុំអត់យកលុយរដ្ឋទេ។ សប្បុរសជនចូលតាមខ្ញុំៗ ជូនទៅកាកបាទក្រហមមួយផ្នែក ជូនទៅប្រពន្ធរបស់នាយករដ្ឋមន្ត្រីខ្លះ រួមហើយមានខ្លះដែលនៅសល់មិនទាន់ប្រើប្រាស់ខ្ញុំយកមកប្រើ។ ប៉ុន្តែកាកបាទក្រហមកម្ពុជា បានធ្វើច្រើន។ ភរិយាខ្ញុំបានផ្តាំតាមខ្ញុំមកសួរសុខទុក្ខដែរ។ ខ្ញុំអត់យកថវិកាជាតិយកមកប្រើទេ។ ថ្ងៃនេះ ដំបូងថា ៣៣១៨លាន(រៀល) ឥឡូវថែមខាងក្រោមនេះប៉ុន្មានរយលានទៀតនោះ ជាង ៤០០លាន(រៀល)។ អត់អីទេ។ សម្រាប់បងប្អូនម្នាក់ៗ ប៉ុណ្ណឹង ហើយសប្បុរសជនសប្បាយរីករាយវិញទេនៅពេលដែលខ្ញុំមកដល់កន្លែងនេះ។
សូមផ្តាំទៅអ្នកដែលចូលមកខម្មិនផេករបស់ខ្ញុំថា “សម្តេចគួរទៅសួរសុខទក្ខជនភៀសសឹកផង”។ ខ្ញុំគ្រាន់តែផ្តាំទៅថា “ក្មួយៗ អើយ! កិច្ចការមានធ្ងន់មានស្រាល។ មិនមែនខ្ញុំមិនចង់មកទេ ក៏ប៉ុន្តែពេលនោះខ្ញុំត្រូវគ្រប់គ្រងឱ្យជាប់នូវបញ្ហាធំជាមុន”។ បើមិនអញ្ចឹងរវល់តែមកកន្លែងនេះ រវល់តែចុះទៅតាមជនភៀសសឹក អ្នកណាគ្រប់គ្រងសភាពការណ៍រួម។ ព្រះមហាក្សត្រត្រូវទស្សនកិច្ចនៅប្រទេសហុងគ្រីនៅថ្ងៃទី ១៧ ខែមករា … ពេលហ្នឹងសួរមក ក៏ថាយកល្អលើកពេល ដើម្បីកុំឱ្យថាកំពុងមានសភាពការណ៍ ព្រះមហាក្សត្រយាងទៅក្រៅប្រទេស។ នេះដោយសារតែព្រះអង្គមានប្រឈួនយាងទៅក្រៅ ទាំងហ្លួងម៉ែក៏ដូចគ្នា នាយករដ្ឋមន្រ្តីក៏ត្រូវនៅផ្ទះ មេដឹកនាំសំខាន់ៗ ក៏ត្រូវនៅផ្ទះ ប៉ុន្តែត្រូវគ្រប់គ្រងរឿងធំហ្នឹងឱ្យជាប់ ព្រោះមានពេលខ្លះសម្រេចចិត្តតដៃឬមិនត សម្រេចចិត្តវាយឬមិនវាយ សម្រេចចិត្តធ្វើអីមិនមែនរឿងតូចតាចទេ។
ពេលដែលខ្ញុំកំពុងតែនិយាយនេះមានរឿងអីកើតឡើងនៅកន្លែងណា … ជួនកាលនាយករដ្ឋមន្ត្រីនៅលើយន្តហោះ ព្រះមហាក្សត្រនៅឯប៉េកាំង ខ្លួនខ្ញុំកំពុងតែនិយាយនេះ។ ប៉ុន្តែសង្ឃឹមថាគ្រប់ផ្នែកនឹងដោះស្រាយបញ្ហានៅទីកន្លែង។ សូមបងប្អូនយល់ឱ្យច្បាស់។ ហ៊ុន សែន មិនមែនជាអ្នកដែលមិនមានការទទួលខុសត្រូវលើបញ្ហាទាំងនេះទេ។ ប៉ុន្តែ ការចាត់ចែងបញ្ជូនជំនួយទៅកន្លែងនេះកន្លែងនោះ វាមានតម្លៃលើសពីកន្លែងដែលខ្ញុំមកតែមួយកន្លែង។
ថ្ងៃមុននាយករដ្ឋមន្រ្តីទៅមើលកន្លែងដែលអភិវឌ្ឍផ្នែកទេសចរណ៍។ គេថានាយករដ្ឋមន្ត្រីទៅដើរលេង។ ខ្ញុំទៅស៊ីការ គេបង្ហោះថាគិតតែពីដើរទៅស៊ី អត់គិតជនភៀសខ្លួន អត់គិតដល់កងទ័ព។ វាទៅជាឆ្កួតទៅ។ គិតឱ្យអញដេកយំរាល់ថ្ងៃ? សួរពួកឯងមើល … ខ្ញុំនិយាយអញ្ចឹងមួយជីវិតទៅហើយ។ ខ្ញុំមិនចង់រករឿងអ្នកណាក៏ប៉ុន្តែសូមកុំមករំខាននៅពេលដែលប្រទេសជាតិកំពុងប្រឈមជាមួយការឈ្លានពាន។ បើអ្នកឯងមិនបានជួយជាតិទេ សូមកុំក្បត់ជាតិ។ ទង្វើរបស់ពួកអ្នកឯងជាទង្វើក្បត់ជាតិ ដែលរួមដៃជាមួយសត្រូវវាយប្រហារជាតិខ្លួនឯង។ ខ្ញុំមកនេះមកដើម្បីអី? គឺប្រជាពលរដ្ឋរបស់យើង … ទោះបីជាកន្លែងខ្លះ ខ្ញុំអាចនឹងបញ្ជូនជំនួយទៅតាមក្រោយ ដោយសារពេលវេលារបស់ខ្ញុំមានកម្រិតដែរ។
ថ្ងៃនេះ ខ្ញុំក៏មិនអាចនៅជាមួយបងប្អូនយូរ ហើយបងប្អូនក៏អាចនៅជាមួយខ្ញុំយូរដែរ ជាពិសេសអ្នកមានផ្ទៃពោះ។ ម្នាក់នេះប្រហែលជិតឆ្លងទន្លេហើយ … ខែប៉ុន្មានឆ្លងទន្លេ? ខែក្រោយ … ហើយកូនស្រីឬប្រុស? (កូនប្រុស) ហើយចង់បានឈ្មោះទេ? ឥឡូវជីតាឈ្មោះអី? (ដាក់ឈ្មោះ) វឿន បញ្ញាបុត្រ យកទេ។ អាមួយនោះ កូនប្រុស ឬស្រី? (កូនស្រី) ចង់បានឈ្មោះឬអត់? ជីតាឈ្មោះអី? ឥឡូវដាក់ ហេង សកុណា។ ចៅខ្ញុំមួយឈ្មោះ បញ្ញាបុត្រ ដែរ … បន្តិចទៀតគ្រូហៅ បញ្ញាបុត្រ ងើបឡើងសុទ្ធតែ បញ្ញាបុត្រ។ កូនស្រី សកុណា ហ្នឹងច្រើនហើយ។ ឥឡូវកូនប្រុស បញ្ញាបុត្រ ឬបញ្ញាវុធ កូនស្រី លក្ខិណា ឬ ស័ក្កណា។ មានប៉ុណ្ណឹង? បញ្ញាបុត្រ គឺបុត្រដែលមានបញ្ញា បើ បញ្ញាវុធ បានសេចក្តីថាយក បញ្ញាធ្វើជាអាវុធ។ វាមានន័យរបស់វាអញ្ចឹង។ អញ្ចឹងទទួលហើយ ឱ្យសុខសប្បាយទាំងចៅប្រុសចៅស្រី។ ទៀង ឱ្យ ២នាក់ហ្នឹងឡើងមកមុខ ចងដៃចៅឱ្យហើយ។ នេះដោយសារយើងដាក់ឈ្មោះហើយ … ចង់ដាក់អាមួយនេះទៀត។ (កូនប្រុស) ចង់បានឈ្មោះទេ ឪពុកឈ្មោះអី? ដាក់ឈ្មោះ ហេង បញ្ញាវុធ ខ្ញុំក៏មានចៅឈ្មោះ បញ្ញាវុធ (…) យើងវាលំបាកទៅហើយ។ បើជួបគ្នានាំគ្នាយំក៏វាមិនល្អទេ។ ចាំថ្ងៃណាយំចាំយើងយំ។ ថ្ងៃណាយើងជួបគ្នា កុំកើតទុក្ខពេក។ អាមួយនេះកូនប្រុសឬស្រី? (កូនស្រី) ឥឡូវដាក់ឈ្មោះ ស៊ន លក្ខិណា។ សកុណា លក្ខិណា បញ្ញាបុត្រ បញ្ញាវុធ ចាំឈ្មោះដល់ថ្ងៃក្រោយផ្ញើសារទៅចូលតាមហ្វេកប៊ុកក៏បានដែរ ប្រាប់ថាចៅកើតហើយលោកតា ព្រោះតាមហ្វេកប៊ុករបស់ខ្ញុំឧស្សាហ៍បង្ហោះ។
មានប៉ុណ្ណឹងទៅចុះ។ សូមផ្តាំក្រុមគ្រួសារដែលមិនបានមកចូលរួមព្រោះខ្លះមកតែម្នាក់គ្រួសារនៅផ្ទះផ្តាំផ្ញើសួរសុខទុក្ខ។ ខ្ញុំសង្ឃឹមថា ពេលណាមួយបងប្អូននឹងវិលត្រឡប់ទៅភូមិកំណើត ផ្ទះកំណើត ប៉ុន្តែក៏មិនចោលផ្ទះដែលនៅទីនេះដែរ។ ខិតខំទាំងអស់គ្នាដើម្បីចៀសវាងការឈឺថ្កាត់នានា ហើយត្រូវធ្វើសកម្មភាពបន្តទាំងអស់គ្នា។ អរគុណសមាជិក សមាជិការដ្ឋាភិបាល សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អរគុណចំពោះឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រដែលអមដំណើរខ្ញុំមកកាន់ទីនេះ។ ចុងបញ្ចប់ ជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕


