ផ្ញើជូន បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ជាពិសេសចំពោះមាតាបិតា អាណាព្យាបាលនិស្សិតដែលកំពុងរស់នៅ និងសិក្សានៅអ៊ីស្រាអែល មានជាង ៤០០ នាក់។ មុននេះបន្ដិចសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារបន្ទាន់ ជម្រាបជូនជនរួមជាតិ និងវិធានការបន្ទាន់ ដែលត្រូវប្រកាន់យកតាមរយៈនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស រដ្ឋមន្ដ្រីកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ។ ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់និស្សិត(កម្ពុជា)ដែលកំពុងរស់នៅអ៊ីស្រាអែល ខិតខំធ្វើយ៉ាងម៉េចការពារ សុវត្ថិភាពផ្ទាល់ខ្លួន ហើយស្ដាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ ការប្រយុទ្ធលើកនេះ ជាការប្រយុទ្ធទ្រង់ទ្រាយធំ ដែលពុំធ្លាប់មានពីមុនមក ដែលក្រុមហាម៉ាសបានវាយលុកលើកម្លាំងអ៊ីស្រាអែល ដែលតម្រូវឲ្យកម្លាំងអ៊ីស្រាអែលត្រូវធ្វើការវាយបក ដើម្បីការពារប្រជាជននៅតំបន់នោះ រាប់ទាំងនិស្សិតរបស់យើងផងដែរ។ដូច្នេះ ខ្ញុំសូមស្នើឲ្យនិស្សិតយើងទាំងអស់រក្សាឲ្យបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ហើយស្ដាប់នូវបទបញ្ជារបស់អាជ្ញាធរអ៊ីស្រាអែល សម្រាប់មាតាបិតា និងអាណាព្យាបាលនៅក្នុងប្រទេស សូមស្ងប់ស្ងៀមចិត្ត រាជរដ្ឋាភិបាលប្រាកដណាស់នឹងយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហានេះ។ បើទោះបីពេលនេះ ខ្ញុំមិនមែនជានាយករដ្ឋមន្ដ្រីក៏ដោយ ក៏ប៉ុន្ដែក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំត្រូវមានភារកិច្ចដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយកង្វល់ទាំងឡាយរបស់និស្សិត ដែលរស់នៅអ៊ីស្រាអែលផង និងដោះស្រាយនូវការព្រួយបារម្ភរបស់មាតាបិតា អាណាព្យាបាលដែលនៅក្នុងប្រទេសផង។ សូមជនរួមជាតិមេត្ដារក្សានូវភាពស្ងប់ស្ងៀម និងសូមជឿជាក់ទៅលើសមត្ថភាពដោះស្រាយបញ្ហារបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីប្រឆាំងនឹងកម្លាំងភេរវកម្មរបស់ពួកហាម៉ាស នៃក្រុមប៉ាឡេស្ទីន យើងនឹងខិតខំធ្វើដើម្បីការពារអាយុជីវិតប្រជាជនរបស់យើងនោះគឺនិស្សិតរបស់យើងដែលកំពុងសិក្សាជាង ៤០០ នាក់ នៅអ៊ីស្រាអែល។ ខ្ញុំសូមអំពាវនាវសាជាថ្មីម្ដងទៀត ឲ្យបងប្អូនអាណាព្យាបាល មាតាបិតានិស្សិតទាំងអស់ស្ងប់ស្ងៀមចិត្ត…