ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជធិបតី
សម្ដេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលបានអញ្ជើញ
ចូលរួមនៅក្នុងឱកាសនេះ
សូមធ្វើគារវកិច្ចចំពោះលោកយាយ លោកតា លោកអ៊ំ មាមីង
បងប្អូនជនរួមជាតិ និស្សិត សិស្សានុសិស្សទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ
ជាដំបូង អនុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ បានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខចំពោះព្រះករុណាជាអង្គម្ចាស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ប្រគេនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិ និងការនឹករលឹកពីព្រះអង្គ។ និងសូមប្រសិទ្ធពរជូនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន។ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយដែលបានវិលត្រឡប់មកវត្តព្រះឥន្ទសាមគ្គីធម៌ សាជាថ្មីម្ដងទៀត ដែលជាដំណាក់កាលទី៣ ក៏ប៉ុន្តែវាច្បាស់ណាស់ថា ជាទម្លាប់បើមានដំណាក់កាលទី៣ វាត្រូវចាប់ផ្ដើមចូលដំណាក់កាលទី៤។
(១) សមិទ្ធផលនៅវត្តព្រះឥន្ទសាមគ្គីធម៌ថ្ងៃ១៦តុលា២០១៦, ២៦មិថុនា២០១៨ និង ៣០ឧសភា២០២៣
ខ្ញុំព្រះករុណាខ្ញុំ សូមរំលឹកបន្តិចថា (លើកទី១)កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៦ ខ្ញុំព្រះករុណាខ្ញុំ មកកាន់ទីនេះ។ ក្រោយពីដើរពិនិត្យស្ថានភាពក្នុងទីអារាមនេះ ក៏សម្រេចសាងសង់សមិទ្ធផលមួយចំនួន ក្នុងនោះមានអគារសិក្សាមួយខ្នងកម្ពស់ ៣ជាន់ ស្មើនឹង ១៨បន្ទប់, ព្រះវិហារមួយខ្នង កុដ្ឋព្រះសង្ឃមួយខ្នងសងកម្ពស់ ៤ជាន់ មាន ៤៨បន្ទប់ និងជាវស្រះទឹកមួយកន្លែង។ លើកទី២ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨ ពេលមកសម្ពោធ ក៏ចាប់ផ្ដើមបន្ថែមឧបដ្ឋានសាលា ដែលហៅថាសាលាបុណ្យហ្នឹងមួយខ្នង, អគារសិក្សាមួយខ្នង កម្ពស់ ៤ជាន់ មាន ៣២បន្ទប់, អគារអន្តេវាសិកមួយខ្នងសងកម្ពស់ ៣ជាន់ មាន ២៤បន្ទប់, ផ្លូវប៉េតុងក្នុងបរិវេណវត្តនិងសាលារៀនប្រវែង ៤០០ម៉ែត្រ, ជាវដីពង្រីកទីធ្លាវត្ត។ លើកទី៣ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ មុនពេលដែលខ្ញុំព្រះករុណាខ្ញុំ ចាកចេញពីតំណែងនាយករដ្ឋមន្រ្តីប៉ុន្មានខែ ហើយមុនពេលបោះឆ្នោត ក៏បានមកបន្ថែមទៀត(នូវ) អគារសិក្សាមួយខ្នង កម្ពស់ ៥ជាន់ មាន ២៤បន្ទប់ និងសាលប្រជុំមួយបន្ទប់, អគារផ្ទះបាយមួយខ្នង សងកម្ពស់ ២ជាន់, បង្គន់អនាម័យ ៣ខ្នង ស្មើនឹង ២០បន្ទប់ និងរបងប្រវែង ៣៣០ម៉ែត្រ។
(២) ពីស្ថានភាពលំបាកលំបិន ទៅជាមានការរីកលូតលាស់ ដោយសារការដឹកនាំ ធនធាននិងបញ្ញាញាណមនុស្ស
ថ្ងៃនេះ យើងនឹងបន្តទៀត។ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវការកោតសរសើរចំពោះសម្ដេច វង្ស អានេតា ដែលបានដឹកនាំ(កសាង)ទីអារាមនេះ ជំនួសព្រះភក្រ្តព្រះសង្ឃរាជ បួរ គ្រី។ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានហៅសម្ដេចព្រះគ្រូតែម្ដង បានទេសម្ដេច? សម្ដេច(ជា)សម្ដេចមហាសង្ឃរាជហើយ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ សុំសិទ្ធិហៅតែសម្ដេចព្រះគ្រូរហ័ស។ ក្រោមការដឹកនាំរបស់សម្ដេចព្រះគ្រូ, សម្ដេច វង្ស អានេតា បានចាប់ផ្ដើមកសាងតាំងពីទីធ្លានេះ ជាផ្ទៃទឹកជាង ២ពាន់ម៉ែត្រការ៉េ រហូតដល់ឥឡូវនេះបានពង្រីកជាបណ្ដើរៗ រហូតទៅដល់ទីអារាមនេះមានជាង ២ម៉ឺនមែត្រការ៉េ។ នេះជាការខិតខំប្រឹងប្រែង ដែលខ្ញុំព្រះករុណាខ្ញុំ សូមផ្ដល់នូវការកោតសរសើរជាជ្រាលជ្រៅ បើទោះបីថា ស្ថិតនៅក្នុងស្ថានភាព(លំបាកដូចម្តេចក្តី ក៏គង់សំរេចបាន)។ កន្លែងខ្លះ ចាប់ផ្ដើមពីកន្លែងដែលស្អាត ទៅជាកន្លែងដែលធ្លាក់ចុះទៅវិញ ដោយសារការគ្រប់គ្រង។ កន្លែងខ្លះ ចាប់ផ្ដើមក្នុងស្ថានភាពដ៏លំបាកលំបិន តែក្លាយទៅជាទីកន្លែងដែលមានការរីកលូតលាស់។ នេះបង្ហាញឱ្យឃើញពីសារសំខាន់នៃការដឹកនាំ ពីធនធានមនុស្ស និងពីបញ្ញាញាណរបស់មនុស្ស។
(៣) រំដោះនិងកសាងប្រទេសឡើងវិញពីបាតដៃទទេ តាំងពីអាយុក្រោម ៣០ឆ្នាំ
ន្លែងខ្លះ ពីការរីកធំធាត់ ពីប្រទេសជាតិដែលមានការរីកចម្រើន ទៅកាន់ប្រទេសជាតិមួយដោយមានការខ្ទេចខ្ទាំ។ សូម្បីតែកម្ពុជារបស់យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិខ្មែរ បានដឹកនាំកសាងចេញពីស្ថានភាពដ៏លំបាកលំបិន នៃសម័យក្រោយឯករាជ្យរហូតដល់មានការរីកចម្រើន។ កំពុងតែមានការរីកលូតលាស់ ជាអកុសល ក្រោយពីមានរដ្ឋប្រហារឆ្នាំ ១៩៧០ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ សង្រ្គាមបានបង្កវិនាសកម្ម ធ្វើឱ្យប្រទេសរបស់យើងខ្ទេចខ្ទាំមួយផ្នែកធំ ដោយសារការទម្លាក់គ្រាប់បែក ការច្បាំងគ្នា។ ដែលហៅថា ការច្បាំងគ្នា គឺប្រជាជនព្រាត់ប្រាសនិរាស ឆេះផ្ទះសម្បែង ឆេះសាលារៀន ឆេះវត្តអារាម។ បន្ទាប់ទៅ ខ្មែរក្រហមក៏បានចូលកាន់អំណាច ពីទឹកដីកម្ពុជាមួយដែលនៅសេសសល់នូវសមិទ្ធផលមួយចំនួននៅតាមទីក្រុង ទីប្រជុំជន គឺរយៈកាលត្រឹមតែជាង ៣ ឆ្នាំប៉ុណ្ណោះ ប្រទេសជាតិមួយចាប់ផ្ដើមអស់រលីង។ នៅទីនេះ ដែលរួមមានខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជា សហការី មេដឹកនាំ សម្ដេច សាយ ឈុំ, សម្ដេច ស ខេង, សម្ដេច ទៀ បាញ់, សម្ដេច ម៉ែន សំអន និងថ្នាក់ដឹកនាំដទៃទៀតនៅទីនេះ បានចាប់ផ្តើម(ធ្វើការសង្គ្រោះប្រទេសជាតិ)តាំងពីវ័យក្មេង។ ពួកយើងខ្ញុំមានអាយុត្រឹមតែជាង ២០ឆ្នាំ ក្រោម ៣០ឆ្នាំ (ឯ)សម្ដេច ទៀ បាញ់ អាចមានអាយុលើស ៣០ឆ្នាំ ប៉ុន្តែសម្ដេច ស ខេង អាយុត្រឹមតែ ២៩ឆ្នាំទេ។ ខ្ញុំមានអាយុត្រឹមតែ ២៧ឆ្នាំទេ ហើយយើងចាប់ផ្ដើមកសាងពីបាតដៃទទេ។
(៤) ផលិតផលក្នុងស្រុកសរុបខេត្តកណ្តាលបច្ចុប្បន្នស្មើនឹងផលិតផលក្នុងស្រុកសរុបទូទាំងប្រទេសពីគ្រាមុន
តាំងពីបាតដៃទទេនោះ យើងបានឈានដល់ដំណាក់កាលថ្មីមួយ ដែលអម្បាញ់មិញឯកឧត្តម គួច ចំរើន អភិបាលខេត្តបានលើកឡើងពី(សកម្មភាពនិងវិមាត្រ)សេដ្ឋកិច្ចក្នុងខេត្ត ថាមានការរីកចម្រើនគួរឱ្យកត់សំគាល់។ ក្នុងនោះ ផលិតផលសរុបក្នុងស្រុកមានចំនួន ៣១៤១ លាន(រៀល) ដែលក្នុងនោះ វិស័យកសិកម្មចូលរួមចំណែក ៣៧,២% ឧស្សាហកម្មមាន ៣៦,៧% និងសេវាកម្មមាន ២៦,១%។ ចំណុចនេះ ក៏បានបង្ហាញឱ្យឃើញថា គ្រាន់តែចំណែកខេត្តកណ្ដាលមួយ ទំហំផលិតផលសរុបមានជាង ៣០០០ លាន(រៀល គឺធំជាងទំហំសេដ្ឋកិច្ច)មួយប្រទេសរបស់យើងកាលពីមុន។ ទំហំនៃផលិតផលសរុប(នៃប្រទេសកាលពីមុន)ប្រហាក់ប្រហែលជាង ២០០០-៣០០០ លាន(រៀល) ប៉ុណ្ណឹង គឺប្រហែលស្មើនឹងខេត្តកណ្ដាលនៅពេលនេះ។ សូមរំលឹកបន្តិច តាំងពីជេរអតីតអភិបាលខេត្តតាកែវម្ដងមក(កាលនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី) អភិបាលខេត្តនានាចេះក្ដាប់ទិន្នន័យ។ កាលនោះ សួរអភិបាលថា ប្រាក់កម្មករដែលទទួលបានពីផ្នែករោងចក្រដែលគេមកវិនិយោគក្នុងខេត្តមានប៉ុន្មាន (អភិបាលខេត្ត)ក្ដាប់អត់បាន។ វាទៅជាប្រធានក្រុមការងារ(ចុះមូលដ្ឋានខេត្តដឹង)ថា ប្រមាណជា ៣០០លានដុល្លារក្នុងមួយឆ្នាំ។ ដល់ទៅក្រសួងការងារ គេថាជាង ៣០០លាន (ក្នុងមួយឆ្នាំ)។ ឥឡូវនេះ ខេត្តនានាចេះរាយការណ៍ទំហំសេដ្ឋកិច្ច និងចំណូលរបស់ប្រជាជន។ ចំណូលប្រជាជននៅ(ខេត្តកណ្តាល)នេះ មានត្រឹមតែ ២២៧៥ដុល្លារ ប៉ុន្តែជាតួលេខឆ្នាំ២០២៣។ តួលេខនៅឆ្នាំ(២០២៤) ប្រាកើចំណូលប្រជាជនកើនឡើង។ បើទូទាំងប្រទេសនៅក្នុងឆ្នាំ(២០២៤)នេះ ប្រាក់ចំណូលមធ្យមសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ មានប្រមាណជិត ៣០០០ដុល្លារ។
(៥) ទោះជាពុទ្ធចក្រឬអាណាចក្រ បើការឧបត្ថម្ភកើតចេញជាសមិទ្ធផល សប្បុរសជនពេញចិត្តចូលរួម
ការចាប់ផ្ដើមរបស់យើងមានការលំបាក។ ខ្ញុំព្រះករុណាខ្ញុំ (លើកមកនេះ)គ្រាន់តែដើម្បីធ្វើការប្រៀបធៀបមួយនៅក្នុងក្របខណ្ឌវត្ត (ដែលអាស្រ័យ)ការដឹកនាំទី អារាមមួយបានរីកចំរើនពីផ្ទៃដីត្រឹមតែជាង ២០០០មែត្រការ៉េ ដោយពង្រីកសមិទ្ធផលបានយ៉ាងទូលំទូលាយ ផ្ដល់លទ្ធភាពសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សបានយ៉ាងច្រើន ទាំងព្រះសង្ឃ ទាំងគ្រហស្ថ។ អ្នកដែលជួបការលំបាកទាំងឡាយ ក៏បានមកជ្រកកោននៅទីនេះ។ ពិតណាស់ថា មិនមែនព្រះសង្ឃទៅធ្វើអាជីវកម្មមានប្រាក់ចំណេញដើម្បីយកមកធ្វើទេ គឺត្រូវពឹងពាក់ទៅលើសប្បុរសជន។ ឯសប្បុរសជន ក៏ពិនិត្យមើលដែរ។ ប្រសិនបើការគ្រប់គ្រងមិនបានល្អទេ សប្បុរសជនគ្មានចំណូលចិត្តដើម្បីនឹងចូលបច្ច័យទេ ព្រោះចូលទៅបាត់ៗ។ ព្រះតេជព្រះគុណ(ត្រូវដឹង) តែចូលទៅបាត់ អត់មានអ្នកណាចូលទៀតទេ។ ហ្នឹងរកស៊ីលក់ផ្លូវហើយ។ មិនថាព្រះសង្ឃគ្រហស្ថទេ។ បើតែដាក់ទៅហើយ កើតចេញជាសមិទ្ធផល បម្រើឱ្យនូវផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ក្នុងវិស័យណាក៏ដោយ ទោះបីវិស័យពុទ្ធចក្រ ឬវិស័យអាណាចក្រ គឺប្រជាជនពេញចិត្តនឹងបន្តធ្វើជាមួយ។ ដូចករណីវត្តនេះ ខ្ញុំព្រះករុណាខ្ញុំពេញចិត្តនឹងមកដោយសារតែសមិទ្ធផលទាំងឡាយរីកចេញមក(អោយឃើញ) ទាំងចំនួនកូនសិស្ស ព្រះសង្ឃ គ្រហស្ថ មករៀនចំនួនច្រើន។
(៦) “អ្នកកាន់តំណែងបន្តពី ហ៊ុន សែន ជានរណា” ជាសំណួរក្នុងនិងក្រៅប្រទេស
មុននឹងចូលដល់បញ្ហាទាក់ទិននឹងការសម្ពោធ និងថាការគួរធ្វើអ្វីទៀតនៅក្នុងទីអារាមនេះ រាប់ទាំងសកលវិទ្យាល័យ ខ្ញុំព្រះករុណាខ្ញុំ សុំចរចាជាមួយសម្ដេចព្រះគ្រូ ក៏ដូចជាសម្ដេច វង្ស អានេតា ពីរបៀបធ្វើសកលវិទ្យាល័យ ព្រោះខ្ញុំព្រះករុណាខ្ញុំអត់ទាន់សម្រេចចិត្តថាត្រូវឬមិនត្រូវចូលរួមទេ។ បើសិនជាការចូលរួមទៅអាចបង្កើតនូវមហន្តរាយនៅពេលក្រោយ ខ្ញុំព្រះករុណាខ្ញុំលំបាក។ អញ្ចឹងទេខ្ញុំព្រះករុណាខ្ញុំសុំចរចារ។ តែបន្តិចទៀតចាំចរចា។ខ្ញុំព្រះករុណាខ្ញុំសូមងាកមកសូមថ្លែងអំណរគុណចំពោះប្រជាជននៅស្រុកអង្គស្នួលនិយាយដោយឡែក និយាយរួមខេត្តកណ្ដាល ហើយកាន់តែរួមទៅទៀតប្រជាជននៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីឲ្យគណបក្សប្រជាជន កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ ខ្ញុំព្រះករុណាខ្ញុំសូមអរគុណចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ដែលគាំទ្រការសម្រេចចិត្តរបស់ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថាត្រូវផ្ទេរអំណាចផ្ទាល់ខ្លួនរបស់អ្នកជំនាន់មុន ហើយប្រគល់ភារកិច្ចឲ្យអ្នកបន្តវេន។ នេះមិនមែនជាបញ្ហាតូចតាចទេ។ សំណួរដែលកាលពីពេលមុនតែងតែចោទឡើងថា តើក្រោយ ហ៊ុន សែន (អ្នកកាន់តំណែងបន្ត)ជានរណា? មិនមែនជាសំណួរតែនៅក្នុងស្រុកទេ។ សំណួរនេះ ក៏មានចោទឡើងនៅខាងក្រៅប្រទេស ជាពិសេសប្រទេសជប៉ុនតែម្ដង ដែលបានសាកសួរថា “(តើអ្នកកាន់តំណែងដឹកនាំកម្ពុជា)ក្រោយ ហ៊ុន សែន ជានរណា”។
(៧) ផ្ទេរអំណាចទៅអ្នកបន្តវេន ជាការគិតពីស្ថេរភាព និងមិនចង់ឃើញភាពច្រំដែលនៃប្រវត្តិសាស្រ្ត
ដែលថាវាមិនមែនជាបញ្ហាតូចតាច គឺដោយសារវាទាក់ទងនឹងស្ថេរភាពរបស់ប្រជាជន និងស្ថេរភាពសង្គមមួយ។ (ជាញឹកញយ)ក្នុងប្រវត្តិសាស្រ្ត បានបង្ហាញអោយឃើញថារាល់ការផ្លាស់ប្ដូរមេដឹកនាំ តែងតែកើតមាននូវភាពច្របូកច្របល់ រហូតទៅដល់ជម្លោះប្រដាប់អាវុធទៀតផង។ ខ្ញុំព្រះករុណាខ្ញុំ និងសហការីក្នុងគណបក្សប្រជាជន មិនចង់ឃើញនូវភាពច្រំដែលនៃប្រវត្តិសាស្រ្តនោះទេ។ សូមសង្កេតមើលចុះ តើ(មានអ្នកដឹកនាំ)ណា ក្នុងពេលខ្លួនកំពុងតែនៅមានកម្លាំងយ៉ាងដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សម្ដេចក្រឡាហោម ស ខេង ក៏កំពុងតែមានកម្លាំង សម្ដេច ទៀ បាញ់ ក៏កំពុងមានកម្លាំង សម្ដេច ម៉ែន សំអន ក៏កំពុងមានកម្លាំង ថ្នាក់ដឹកនាំក៏កំពុងមានកម្លាំង ដូចជា សម្ដេច សាយ ឈុំ ក៏អាចបន្ត ដែលសុខចិត្ត(បោះបង់អំណាចនោះ)។ ក៏ប៉ុន្តែ (ចំណុចត្រូវត្រិះរិះនៅត្រង់ថា) ការបន្តនឹងកាន់អំណាចអាចជាការល្អ តែយើងត្រូវគិតពី(ស្ថេរភាព)រយៈពេលវែង។ (ដូចនេះ យើងរើសយក)ការដកថយពីអំណាច ហើយប្រគល់អំណាចទៅឲ្យអ្នកបន្តវេន។ អ្វីដែលបានកើតឡើងជាក់ស្តែងបានផ្តល់ចម្លើយរួចហើយថា “ក្រោយ ហ៊ុន សែន គឺនរណាជាអ្នកដឹកនាំបន្ត”។ ក្រោយ ទៀ បាញ់ ជានរណា។ ក្រោយ ស ខេង ជានរណា។
(៨) ១៧ខែមកនេះ ក្រុមបន្តវេនបន្តដំណើរនិងបង្កើនល្បឿនរក្សាស្ថេរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងធានាការបន្តអភិវឌ្ឍន៍
(រដ្ឋាភិបាលអ្នកបន្តវេន)បានចេញដំណើររយៈពេលជាង ១៧ខែហើយ។ នៅមុនពេលដែលខ្ញុំព្រះករុណាខ្ញុំចាកចេញ ខ្ញុំព្រះករុណាខ្ញុំបានធ្វើការប្រកាសបន្ទាប់ពីគាល់ព្រះមហាក្សត្រថា នឹងមិនបន្តធ្វើនាយករដ្ឋមន្រ្តីតទៅទៀតទេ។ ពេលនោះ មានមន្រ្តីមួយចំនួន ក៏មានប្រជាជនយើងមួយចំនួនមានការបារម្ភ ថាអត់ពី ហ៊ុន សែន ទៅ តើសភាពការណ៍ទៅយ៉ាងម៉េច? ឥឡូវនេះ ប្រជាជនច្បាស់ជាបានដឹងហើយថា បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំនិងសហការីចាកចេញ ក្រុមបន្តវេនកំពុង(បន្តដំណើរនិង)បង្កើនល្បឿន ម្ខាងគឺរក្សាសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសគឺសន្តិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងម្ខាងទៀត ធានាដល់ការអភិវឌ្ឍជាបន្ត។ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំបន្តវេន ក៏មានជាង ៥,៦%។ កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ២០២៤កន្លងទៅ ក៏មាន ៦%ដែរ។ ឆ្នាំនេះអាចនឹងមានចំនួនលើសនេះទៅទៀត ទោះបីជាបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំម៍ ប្រកាសគោលនយោបាយពន្ធដារ និងគោលនយោបាយដទៃទៀត ធ្វើអោយមានស្ថានភាពមិនច្បាស់លាស់ក៏ដោយ។ យើងកំពុងតែខិតខំរឿងនេះ។
(៩) ទោះបីមានវិបាកពីកូវីដ-១៩ សង្រ្គាមរុស្សី-អ៊ូក្រែន ទណ្ឌកម្មច្របូកច្របល់លើពិភពលោក កម្ពុជានៅតែអាចនាំចេញជាង ២៦ពាន់លានដុល្លារ
យ៉ាងហោចណាស់ ក្នុង១៧ឆ្នាំនេះ ប្រជាពលរដ្ឋអាចទទួលស្គាល់ថាគ្មានការភ័យខ្លាចណាមួយពីការបាត់បង់សន្តិភាពទេ។ ពិតមែនតែសេដ្ឋកិច្ចអាចជួបការលំបាកបន្តិច ក្រោយវិបត្តិកូវីដ-១៩ និងក្រោយសង្រ្គាមរុស្សី-អ៊ូក្រែន ព្រមទាំងទណ្ឌកម្មច្របូកច្របល់លើពិភពលោកមានផលប៉ះពាល់មកដល់យើង ក៏ប៉ុន្តែ ទំហំពាណិជ្ជកម្មឆ្នាំកន្លងទៅនេះមានដល់ជាង ៥ពាន់លានដុល្លារ ដែលក្នុងនោះយើងនាំចេញជាង ២៦ពាន់លានដុល្លារទៅក្រៅប្រទេស។ យើងជាប្រទេសផលិតសម្រាប់ការនាំចេញ រហូតទៅដល់មានវិបត្តិ។ ឆ្នាំនេះយើងមានស្រូវច្រើនពេក។ ពីប្រទេសមួយដែលខ្វះអង្ករទទួលទាន ទៅជាប្រទេសមួយដែលមានស្រូវ ហើយនាំចេញមិនបាន។
ឆ្នាំទៅតម្លៃល្អ អាស្រ័យដោយកត្តាមួយថា ឥណ្ឌាផ្អាកនាំចេញអង្ករទៅលក់នៅលើទីផ្សារ។ អញ្ចឹងកម្ពុជា វៀតណាម ថៃ នាំអង្ករចេញបានតម្លៃល្អ។ ដល់ទៅឥណ្ឌានាំចេញអង្ករឡើងវិញ ទីផ្សារអន្តរជាតិកាត់បន្ថយការ(នាំចូល) ប្រទេសខ្លះកាត់បន្ថយការនាំចូល ដូចជាឥណ្ឌូនេស៊ី ដោយសារមានស្តុក រក្សាស្តុក ក៏ធ្វើឲ្យអង្ករសល់ជន់ជោរនៅលើទីផ្សារ។ នៅក្នុងប្រទេសយើងក៏ជន់ជោរ នៅវៀតណាមក៏ជន់ជោរ នៅថៃក៏ជន់ជោរ ដោយសារអង្ករច្រើនពេក។ ខ្ញុំព្រះករុណាខ្ញុំគិតថា ប្រជាកសិករនឹងផ្ដល់ការយោគយល់នូវស្ថានភាពរួម។ មិនមែនរាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ទេ។ នេះជាស្ថានភាពរួម។
សូមកុំមើលដើមឈើតែមួយដើមៗ សូមមើលព្រៃទាំងមូល ទើបអាចដឹងបានថាវាជាបញ្ហាអី្វ។ បើទោះបីយ៉ាងម៉េចក៏ដោយ យើងមានស្រូវ។ បើសិនជាមិនបន្ទាន់ពេកទេ យើងអាចហាលវាទុកក្នុងជង្រុក ក៏វាមិនពិបាកពេកដែរ។ ពេលណាដែលថ្លៃសមល្មម(ចាំបញ្ចេញលក់)។ ពិតណាស់ យើងយល់អំពីតម្រូវការនៃការសងទៅធនាគារ ឬការទិញនេះនោះរបស់ប្រជាពលរដ្ឋ ប៉ុន្តែហោចណាស់យើងច្បាស់ថាមានអង្ករច្រកឆ្នាំ។ កាលពីមុនយើងអត់អង្ករច្រកឆ្នាំង។ ឥឡូវច្រកឆ្នាំងវាមិនអស់ ស្ថានភាពវាប្រែប្រួលយ៉ាងដូច្នេះ។
(១០) គណបក្សប្រជាជនមានកុងសង់ស៊ីសនយោបាយ “អ្នកចាស់ដកថយ នៅពីក្រោយគាំពារអ្នកនៅមុខ បន្តដំណើរទៅមុខ”
ខ្ញុំព្រះករុណាខ្ញុំសូមអរគុណហើយដែលផ្ដល់ការទុកចិត្តចំពោះអ្នកបន្តវេន ដែលមិនធ្វើឲ្យសភាពការណ៍ច្របូកច្របល់ នាំទៅដល់ការភ័យខ្លាចរបស់ប្រជាជន និងមិននាំទៅដល់ស្ថានភាពអាក្រក់ណាមួយដែលគ្រប់គ្រងមិនបាន។ ខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពជាខ្លាំងចំពោះសាមគ្គីភាពរបស់គណបក្សប្រជាជន ដែលមានកុងសង់ស៊ីសខាងនយោបាយ សាមគ្គីគ្នា “អ្នកចាស់ដកថយ នៅពីក្រោយគាំពារឱ្យអ្នកនៅមុខ បន្តដំណើរទៅមុខ”។ ខ្ញុំព្រះករុណាខ្ញុំក៏ចង់ផ្ញើសារទៅកាន់ជនបរទេសមួយចំនួនដែលតែងតែសរសេរថា “តើពេលណាទើប ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលរបស់ឪពុក?” ឬក៏ “ពេលណា ក្រុមថ្មីនឹងដើរចេញផុតពីស្រមោលរបស់គណបក្សប្រជាជន?”។ ខ្ញុំព្រះករុណាខ្ញុំមិនមែនជាសាស្រ្តាចារ្យផ្នែករដ្ឋបាលសាធារណៈទេ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំសូមផ្ដល់ការណែនាំចំពោះអ្នករៀន(វិស័យនេះ)ឲ្យបានខ្ពស់បន្តិច និងឲ្យមានការចេះដឹងច្រើនជាងនេះ។ សម្ដីរបស់អ្នកបានបង្ហាញពីភាពល្ងង់ខ្លៅ។ អ្នកគ្រាន់តែមានសំណាងកើតនៅក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ក៏ប៉ុន្តែខួរក្បាលរបស់ពួកអ្នកមិនប្រាកដថាប្រសើរជាងពួកយើងខ្ញុំដែលកើតនៅប្រទេសក្រីក្រទេ។ ដូនតាយើងខ្ញុំបានបង្កើតប្រាង្គប្រាសាទច្រើន ហើយមានប្រវត្តិមុនប្រទេសអ្នកឯងបានឯករាជ្យ ឬការកកើតប្រទេសអ្នកឯងទៅទៀត។
(១១) នាយករដ្ឋមន្រ្តីចេញពីប្រព័ន្ធបោះឆ្នោតសមាមាត្រ ត្រូវអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស
បណ្ឌិតមួយចំនួនក្នុងស្រុក (ក៏លើកឡើងថា)តើ ម៉ាណែត ត្រូវធ្វើសកម្មភាព(ដូចម្តេច)ដើម្បីឲ្យផ្ទុយពីឪពុក។ សូមចាំ ដំបូងបំផុត អ្នកឯងត្រូវសិក្សាប្រព័ន្ធបោះឆ្នោតសិន។ បើប្រព័ន្ធបោះឆ្នោតនោះជាប្រព័ន្ធបោះឆ្នោតសមាមាត្រ ច្បាស់ណាស់ថា គេបោះឆ្នោតសម្រាប់គណបក្ស។ គណបក្សជាអ្នកជ្រើសតាំងនាយករដ្ឋមន្រ្តី។ (បក្សនឹងសំរេចថា)តើអ្នកណានឹងធ្វើនាយករដ្ឋមន្រ្តី។ តាមរយៈនោះ ប្រធានគណបក្ស ថ្វាយ(បេក្ខភាពទៅ)ព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីរៀបចំគណៈរដ្ឋមន្រ្តី ហើយទៅសុំការអនុម័តយល់ព្រមពីរដ្ឋសភា។ អញ្ចឹង អ្នកត្រូវយល់ថា រាជរដ្ឋាភិបាលត្រូវយកកម្មវិធីនយោបាយរបស់គណបក្សទៅអនុវត្ត។ (បើអ្នកនៅតែលើកមតិដូចខាងលើស្មើថា)អ្នកមិនទាន់ស្គាល់(ពីប្រព័ន្ធ) ដែលហៅថារដ្ឋបាលសាធារណៈនេះទេ។ អ្នកបាននិយាយថា ពេលណាទើប ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលរបស់ឪពុក? ច្បាស់ណាស់ សកម្មភាពរបស់តួអង្គនាយករដ្ឋមន្រ្តី ឬរដ្ឋមន្រ្តី មិនអាចដូចគ្នាទេ សូម្បីឪពុកនិងកូន ប៉ុន្តែមិនអាចដើរហួសចេញពីបន្ទាត់នយោបាយរបស់គណបក្សបានទេ។ សូមសម្លឹងមើលទៅត្រឹមតែប្រទេសកូរ៉េខាងត្បូង បោះឆ្នោតឯកត្តនាម រើសប្រធានាធិបតី ប៉ុន្តែដើរខុសបន្ទាត់នយោបាយរបស់គណបក្ស សូម្បីតែគណបក្សខ្លួនឯងក៏បោះឆ្នោតទម្លាក់ប្រធានាធិបតីចោលដែរ។
(១២) គណបក្សអនុម័តកម្មវិធីនយោបាយ នាយករដ្ឋមន្ត្រីផ្តាច់មុខសម្រេចចិត្តលើសមត្ថកិច្ចដឹកនាំនយោបាយក្នុងនិងក្រៅប្រទេស
សូមផ្តាំទៅអ្នកដែលចូលចិត្តនិយាយពី “ពេលណា ម៉ាណែត ដើរចេញពីស្រមោលរបស់ឪពុក” ឬ “ពេលណា ក្រុមបន្តវេនដើរចេញពីស្រមោលនៃគណបក្សប្រជាជន” នោះថា “No way” យោងលើហេតុផលថា ប្រព័ន្ធបោះឆ្នោតនេះ អនុញ្ញាតឱ្យអ្នកឯងសម្រេចកិច្ចការក្នុងរង្វង់នៃក្របខណ្ឌគោលនយោបាយរបស់គណបក្សប្រជាជន។ ប្រសិនបើរាជរដ្ឋាភិបាលមើលឃើញថាមានការចាំបាច់ ត្រូវកែសម្រួល យើងមានអង្គប្រជុំជាមហាសន្និបាតរបស់គណបក្សប្រជាជនសម្រាប់ការកែសំរួលលើចំណុចណា ផ្នែកណា ដែលមិនសមស្រប។ និយាយយ៉ាងដូច្នេះ មិនមែនខ្ទប់សិទ្ធក្នុងការសម្រេចការងារទាំងឡាយរបស់នាយករដ្ឋមន្ត្រី ឬរបស់រាជរដ្ឋាភិបាលទេ។ ខ្ញុំព្រះករុណាខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើនាយករដ្ឋមន្ត្រីយូរជាងគេនៅលើពិភពលោក។ ៣៨ឆ្នាំ នៃការធ្វើនាយករដ្ឋមន្ត្រី បូកនឹងការធ្វើរដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី ផង វាឡើងទៅដល់ជាង ៤៥ឆ្នាំ។ ប៉ុន្តែការកាន់តំណែងជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ គ្រប់គ្រាន់ដើម្បី ហ៊ុន សែន មានបទពិសោធន៍អាចធ្វើគ្រូបង្រៀនរបស់ពួកអ្នកសរសេរនោះ។ គណបក្សអនុម័តកម្មវិធីនយោបាយ ប៉ុន្តែនាយករដ្ឋមន្ត្រីត្រូវតែផ្តាច់មុខក្នុងការសម្រេចចិត្តទៅលើបញ្ហាដែលទាក់ទងទៅនឹងសមត្ថកិច្ចរបស់ខ្លួន ដឹកនាំនយោបាយនៅក្នុងប្រទេសនិងក្រៅប្រទេស។
(១៣) ដែលសុន្ទរកថាមានការបង្គាប់បញ្ជាឬមិនមាន អាស្រ័យទីតាំងឈរជើងនៅកន្លែងណា
ទោះបីខ្ញុំព្រះករុណាខ្ញុំ ជាឪពុករបស់នាយករដ្ឋមន្ត្រី តែខ្ញុំព្រះករុណាខ្ញុំមិនលូកលាន់ចំពោះកិច្ចការរបស់នាយករដ្ឋមន្ត្រីទេ។ អញ្ចឹងថ្ងៃនេះសំឡេងនិយាយរបស់ខ្ញុំព្រះករុណាខ្ញុំ គឺខុសប្លែកពីពេលមុន។ មានអ្នកសរសេរម្នាក់ ហើយម្នាក់ហ្នឹងក៏នឹងសរសេរទៀតហើយ។ ពីមុន ម្នាក់ហ្នឹងនិយាយថា “សន្ទរកថារបស់ ហ៊ុន ម៉ាណែត មិនមានលក្ខណៈបង្គាប់បញ្ជាទេ ឯសន្ទរកថា របស់ ហ៊ុន សែន មានលក្ខណៈបង្គាប់បញ្ជា”។ ពេលហ្នឹង ខ្ញុំព្រះករុណាខ្ញុំថា ចាំតែមើលទៅ។ វាស្ថិតនៅត្រង់ទីតាំងឈរជើងនៅកន្លែងណា។ ពេលមុន ហ៊ុន ម៉ាណែត គ្រាន់តែជាមេបញ្ជាការកងទ័ពជើងគោក មិនមែនកាន់តំណែងនាយករដ្ឋមន្ត្រីទេ។ ហ៊ុន សែន ទើបជានាយករដ្ឋមន្ត្រី។ អញ្ចឹងសុន្ទរកថា ហ៊ុន សែន មានលក្ខណៈបង្គាប់បញ្ជា។ ថ្ងៃនេះ សូម្បីតែព្រះតេជគុណបិណ្ឌបាត ក៏ខ្ញុំព្រះករុណាខ្ញុំអត់មានសិទ្ធសម្រេចថា ត្រូវតែឱ្យឬមិនឱ្យទេ? ចាំខ្ញុំព្រះករុណាខ្ញុំនិយាយដល់កន្លែងនេះ កាលពីមកប្រកាសឱ្យទៅភ្លាម តែឥឡូវអត់ទេ។ អាហ្នឹងជាអំណាចរបស់នាយករដ្ឋមន្ត្រី អត់ត្រូវលូកលាន់របស់គេទេ។
និយាយឱ្យត្រង់ទៅចុះ។ ២លើកមកហើយ។ លើកទី១ កូនទៅប្រជុំនៅប្រទេសចិន មហាអនុតំបន់មេគង្គ CLMV និង ACMECs។ សុខចិត្តទូរស័ព្ទសួរទៅ សុខចិន្តា ថាចិនបានអញ្ជើញ Min Aung Hlaing ខាងមីយ៉ាន់ម៉ាចូលរួម ឬអត់? អត់ហ៊ានសួរកូនទេ ក្រែងលោជ្រៀតជ្រែកកិច្ចការកូន។ ម្សិលមិញ ចេញដំណើរទៅទទួលភ្ញៀវពីរនៅឯ ព្រឹទ្ធសភា ប៉ុន្តែដោយសារព្រឹទ្ធសភាខ្វះកន្លែង ហើយដោយនៅជាប់កន្លែងគណបក្ស ក៏ទទួលនៅកន្លែងគណបក្ស។ ស្រាប់មើលទៅទូរទស្សន៍ឃើញជូនដំណើរ ហ៊ុន ម៉ាណែត ឡើងយន្តហោះ។ ចុម! គេទៅណាគេ? គេមិនចាំបាច់សុំច្បាប់យើងទេ។ កាលពីខ្ញុំព្រះករុណាខ្ញុំធ្វើនាយករដ្ឋមន្ត្រី ភារកិច្ចរបស់ខ្ញុំព្រះករុណាខ្ញុំ គឺសុំច្បាប់ពីព្រះមហាក្សត្រ រួចបន្ទាប់ពីទស្សនកិច្ចមកហើយលទ្ធផលនៃ ទស្សនកិច្ចរាយការណ៍ថ្វាយព្រះមហាក្សត្រ អត់មកសុំប្រធានគណបក្ស ឬមកសុំប្រធានព្រឹទ្ធសភាទេ។ ប៉ុន្តែបានចៅមួយគ្រាន់នឹកឃើញ។ វានៅផ្ទះទាល់មុខគ្នា។
(១៤) “បញ្ហានេះចង់ដោះរបៀបណា? ដោះអញ្ចឹងទៅ” ដើម្បីនឹងឈរជើងរឹងមាំបានឆាប់
សូមជម្រាបទូលប្រគេនសម្តេចព្រះតេជគុណ ក៏ដូចជាបងប្អូនជនររួមជាតិ ក្នុងពេលដែលកូនប្រុសមួយនេះធ្វើនាយករដ្ឋមន្ត្រី អត់មានផ្ទះនៅទេ។ វាមិនព្រមធ្វើ។ ផ្ទះវានៅទួលគោកឯណោះ។ អញ្ចឹង ចាប់បង្ខំឱ្យរើកញ្ជើមកនៅផ្ទះតាខ្មៅនេះ។ ឱ្យវាធ្វើនាយករដ្ឋមន្ត្រី ធ្វើផ្ទះឱ្យវានៅទៀត។ ប៉ុន្តែបើមិនធ្វើអញ្ចឹង អង្គរក្សទៅអស់ វាមិនម៉េចទៅរួច។ ឥឡូវគេបានផ្ទះនៅអីស្រួលបួលហើយ។ បានចៅមួយនៅទល់មុខផ្ទះហ្នឹងរត់មកប្រាប់។ ប្រាប់ហើយថា លោកតា ចៅទៅវិញបានហើយឬនៅ? សួរថា ចៅម៉េចប្រញាប់ទៅម៉េស។ ថាស្អែកប៉ាទៅហ្វីលីពីន។ ហ្នុងវានិយាយប៉ុណ្ណឹង តែយើងអត់ដឹងថាទៅមែន ឬមិនមែន។ បើមិនបានសួរកូនផង។ តែចៅវាប្រាប់។ គេទៅកំដរឪរបស់គេម្តាយរបស់គេ។ អ្វីដែលសំខាន់គឺយើងអត់លូកលាន់ជាមួយកិច្ចការរបស់នាយករដ្ឋមន្ត្រីទេ។ ធ្វើយ៉ាងនេះទើបអាចឱ្យគេមានលទ្ធភាពពង្រឹងខ្លួនបាន។ បើគេមិនសួរយោបល់យើងៗ កុំចាំបាច់ទៅណែនាំគេ។ ប៉ុន្តែបើគេសួរយោបល់យើង ខ្ញុំព្រះករុណាខ្ញុំបានបញ្ជាក់ហើយថា រឿងបែបនេះគួរដោះស្រាយរបៀបម៉េច? យើងនឹងសួរគេថា ចុះខ្លួនឯងហ្នឹងចង់ដោះស្រាយយ៉ាងម៉េចរឿងហ្នឹង? គេនឹងប្រាប់យើងថា ចង់ដោះស្រាយអញ្ចេះៗ។ យើងប្រាប់ថា បើគិតឃើញថាដោះស្រាយអញ្ចឹងដោះអញ្ចឹងទៅ។ ហ្នឹងបានឆាប់ចេះ។ បើយើងនៅតែដឹកដៃគេរហូត គឺគ្មានលទ្ធភាពដើម្បីនឹងឈរជើងរឹងមាំទេ។
(១៥) នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រី នឹងមិនធ្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងគោលនយោបាយគណបក្សឡើយ
ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ទៅលើរឿងនេះ ហើយសូមអ្នកទាំងឡាយកុំធ្វើអត្ថាធិប្បាយតទៅទៀតថាពេលណាដែល ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលឪពុក ដើរចេញពីស្រមោលគណបក្ស។ មុននឹងធ្វើអ្វីក៏ដោយសូមអ្នកសម្លឹងមើលទៅប្រព័ន្ធបោះឆ្នោតសិន។ កុំថាឡើយប្រព័ន្ធបោះឆ្នោតសមាមាត្រ សូម្បីតែប្រព័ន្ធឯកត្តនាម ដូចជាករណីកូរ៉េខាងត្បូង ដើរចេញពីបន្ទាត់នយោបាយគណបក្ស ដែលប្រធានាធិបតីឈានទៅប្រកាសច្បាប់អាជ្ញាសឹក គណបក្សខ្លួនឯងបោះឆ្នោតជួយទម្លាក់ប្រធានាធិបតីដែលជាសមាជិកបក្សខ្លួន។ ប្រទេសណាក៏ដោយគឺមានគណបក្ស ប៉ុន្តែបក្សមិនអាចជ្រៀតជ្រែកទៅលើកិច្ចការរបស់រដ្ឋាភិបាល ក្នុងពេលដែលគេកំពុងតែអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សទេ។ នេះជាការជូនសារតិចតួច ដូចជាការបង្រៀនពីរដ្ឋបាលសាធារណៈ ដែលមានចរិតទូលំទូលាយសម្រាប់អ្នកសរសេរមួយចំនួនពីខាងក្រៅប្រទេស និងអ្នកខ្លះដែលផ្តល់មតិថា ទាល់តែ ហ៊ុន ម៉ាណែត ធ្វើសកម្មភាពផ្ទុយជាមួយឪពុក ទើបចាត់ទុកថាជាមនុស្សសេរី។ សាកតែហ៊ានធ្វើមើល កុំថាឡើយអ្នកណាផ្សេង សូម្បីតែកូនបង្កើតក៏ដកចេញពីតំណែងដែរ … មិនដែលអ្នកណាកំពុងតែដំណើរការសុខស្រួលអញ្ចេះស្រាប់តែទៅផ្ទេរសភាពការណ៍នោះទេ។ ហ្នឹងនិយាយឱ្យច្បាស់។ សមាជិកសភាប្រហែលជាគេមិនគាំទ្រឱ្យរដ្ឋាភិបាលហ្នឹងទៅបន្តទេ។ គេទម្លាក់ហើយ។ ប៉ុន្តែ ខ្ញុំមិនជឿថា ទាំងនាយករដ្ឋមន្ត្រីទាំងបណ្តារដ្ឋមន្ត្រី ដែលជាអេគីបធ្វើសកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងគោលនយោបាយរបស់គណបក្សទេ។ គេអនុវត្តដោយច្នៃប្រឌិត។ ប៉ុន្តែពេលខ្លះទុកឱ្យគេស្មានខុស ក៏ម៉្យាងដែរ។ យូរៗខោកមួយក្រញ៉។
(១៦) “អ្នកល្ងង់នៅគ្រប់គ្រងប្រទេស អ្នកដែលឆ្លាតរត់ចោលប្រទេស”
មានរឿងមួយ។ ខ្ញុំព្រះករុណាខ្ញុំសូមនិយាយទៅចុះ។ គិតថាចង់បង្ហោះតាមហ្វេកប៊ុក ប៉ុន្តែឥឡូវមិនបាច់បង្ហោះតាមហ្វេសប៊ុក គឺនិយាយតែម្តង។ ដូចជាឆ្នាំទៅនេះ មានពួកអ្នកសារព័ត៌មាន(បានទៅ)សាកលវិទ្យាល័យ Bristol ដើម្បីរកនិក្ខេបបទរបស់ ហ៊ុន ម៉ាណែត។ ទៅដល់ សាកលវិទ្យាល័យបានប្រាប់ទៅអ្នកកាសែតនោះថា គេពុំមានសិទ្ធនឹងបញ្ចេញនិក្ខេបបទរបស់បេក្ខជនថ្នាក់បណ្ឌិតមួយណាទេ។ អញ្ចឹងពួកអ្នកប្រឆាំងមួយចំនួនប្រើបញ្ហានេះ ធ្វើជាអាជីវកម្ម វាយលុកលើសមត្ថភាពរបស់ ហ៊ុន ម៉ាណែត រាប់ទាំងអ្នកដែលថា ហ៊ុន ម៉ាណែត ទៅ Westpoint/អាមេរិកហ្នឹង ក៏សុទ្ធតែជាសញ្ញាបត្រកម្រិត២ កម្រិត៣ ម៉េចមិនដឹងទេ។ វាទៅជាអាមេរិកមានសញ្ញាបត្រកិត្តិយស សញ្ញាបត្រស្អីៗ … នេះសាកលវិទ្យាល័យ New York រហូតទៅដល់ Bristol ទៅទៀត។ ផ្សាយចុះផ្សាយឡើងច្រើនពេក ខ្ញុំក៏ហៅទូរស័ព្ទសួរទៅកូនថា កូនឯងមាននិក្ខេបបទនៅខ្លួនឬអត់? ថាមាន។ ចុះកូនឯងបង្ហោះបានឬអត់?
កូនឆ្លើយ “បង្ហោះបានតើពុក”។ កូនក៏បានថែមថា បើជ្រុលជាបង្ហោះៗ ទាំងអនុបណ្ឌិតនៅឯសាកលវិទ្យាល័យ New York និងបណ្ឌិតនៅសាកលវិទ្យាល័យ Bristol របស់អង់គ្លេស។ ដល់បង្ហោះចេញទៅ មកដល់ពេលនេះ ស្ងាត់ដូចចោរលួចសេះ។ ព្រោះអី? មានចំណុច ២ សំខាន់។ ចំណុចទី១ អ្នកដែលរករឿងថា ហ៊ុន ម៉ាណែត មិនមែនបណ្ឌិត គឺវាមិនមែនជាបណ្ឌិតឯណា។ អញ្ចឹងធ្វើម៉េចវាមានសមត្ថភាពទៅត្រួតពិនិត្យមើលនិក្ខេបបទថ្នាក់បណ្ឌិតរបស់ ហ៊ុន ម៉ាណែត។ ហ្នឹងចំណុចទី១។ ចំណុចទី២ ទោះបីអ្នកឯងមានសញ្ញាបត្របណ្ឌិតក៏ដោយ អ្នកឯងគ្មានសិទ្ធនឹងធ្វើអត្ថាធិប្បាយទៅលើនិក្ខេបបទរបស់ ហ៊ុន ម៉ាណែត ទេ។ បើធ្វើយ៉ាងដូច្នេះ មានតម្លៃស្មើនឹងវាយក្បាលសាស្រ្តាចារ្យនិងសាកលវិទ្យាល័យ Bristol។ អញ្ចឹងបានពួកនោះស្ងាត់។ ចុះឯងនិយាយថាអ្នកនេះល្ងង់អ្នកនោះល្ងង់ ប៉ុន្តែអ្នកល្ងង់នេះនៅគ្រប់គ្រងប្រទេស។ អ្នកដែលឆ្លាតរត់ចោលប្រទេស។ ហ្នឹងគឺវាឆ្លាតពេក។ អ្នកល្ងង់បានប្រើឲ្យ(អ្នកឆ្លាត)ជួយកែរដ្ឋធម្មនុញ្ញពី ២/៣ មក ៥០បូក១។ តើនោះវាជាអ្វី? អ្នកល្ងង់ប្រើអ្នកមិនល្ងង់បាន ហើយចុចចំជីពចរស្លាប់រស់នៃស្ថេរភាពរបស់រាជរដ្ឋាភិបាលទៀតផង។ អាហ្នឹងនិយាយឲ្យច្បាស់អញ្ចឹងទៅ។
(១៧) ពិភពលោកជ្រួលច្របល់ សង្រ្គាមពាណិជ្ជកម្មនិងពន្ធដារគគ្រឹកគគ្រេង កម្ពុជាត្រូវបន្តលូតលាស់ ទោះបីយឺត ក៏គ្រាន់បើជាងដើរថយក្រោយ
នេះគ្រាន់តែរៀបរាប់ដំណើររឿង(អោយបានជ្រាប)ប៉ុណ្ណឹងទេ។ សូមជឿជាក់ថា យើងកំពុងបន្តឈានឆ្ពោះទៅមុខព្រមៗគ្នា ជាមួយនឹងសន្តិភាពដែលយើងកំពុងមាន។ ទោះបីថាពិភពលោកកំពុងជ្រួលច្របល់ចេញពីទ្វីបមួយដល់ទ្វីបមួយ ឥឡូវសង្រ្គាមពាណិជ្ជកម្ម និងពន្ធដារកំពុងតែចាប់ផ្តើមគគ្រឹកគគ្រេង។ លៃយ៉ាងម៉េច ក្នុងប្រទេសយើងបន្តធ្វើអោយមានការរីកលូតលាស់។ បើទោះបីថាក្នុងដំណើរយឺត ក៏គ្រាន់បើជាងដើរថយក្រោយដែរ។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំតែងតែប្រើពាក្យថាជំហានគីង្គក់។ ជំហានគីង្គក់នេះគឺបន្តិចម្តងៗ។ ឥឡូវយើងបានរួមគ្នាកសាងនូវសមិទ្ធផលទាំងនេះ។ វិលមកទីអារាម និងសមិទ្ធផលដែលយើងត្រូវសម្ពោធ។ ខ្ញុំព្រះករុណាខ្ញុំ អរគុណសារជាថ្មីម្តងទៀត កោតសរសើរចំពោះសម្តេចព្រះចៅអធិការដែលជាព្រះសង្ឃនាយករង និងជាព្រះអនុគុណខេត្ត ក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គ គណកម្មការអាចារ្យវត្តដែលបានខិតខំធ្វើឲ្យទីអារាមនេះបានដំណើរការដ៏ល្អ ដើរស្របរវាងពុទ្ធចក្រម្ខាង និងអាណាចក្រម្ខាង។
(១៨) ឧបត្ថម្ភអារាមព្រះឥន្ទសាមគ្គីធម៌ ១០០លាន/ខែ សំរាប់មួយឆ្នាំ និងកសាងអគារសិក្សាវិទ្យាល័យ ៤៨បន្ទប់
ថ្ងៃនេះ យើងសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយខ្នងកម្ពស់ ៥ជាន់ស្មើនឹង ២៤បន្ទប់ និងសាលប្រជុំ ១បន្ទប់ និងអគារផ្ទះបាយមួយខ្នងសង់កម្ពស់ ២ជាន់។ ឥឡូវទាក់ទិននឹងការបិណ្ឌបាតរបស់ព្រះតេជព្រះគុណសម្តេច វង្ស អនេតា។ ខ្ញុំព្រះករុណាខ្ញុំគួរតែត្រូវចាប់ផ្តើមចរចាលើរឿងដែលព្រះអង្គកំពុងតែមានអគារមួយដែលព្រះអង្គបានធ្វើរបាយការណ៍ឲ្យខ្ញុំព្រះករុណាខ្ញុំថា សិស្សានុសិស្សខ្វះថ្នាក់រៀន ២៧បន្ទប់។ “អាត្មាភាពបានកសាងអគារសិក្សាបណ្តោះអាសន្នសង់អំពីដែកប្រក់ស័ង្កសីចំនួន ២ខ្នងស្មើនឹង ២៧បន្ទប់ សម្រាប់សិក្សាមានគណគ្រប់គ្រង លោកគ្រូអ្នកគ្រូ សរុប ២៣២នាក់ ស្រី ១១១នាក់”។ ខ្ញុំព្រះករុណាខ្ញុំសូមចរចាជាមួយនឹងព្រះតេជព្រះគុណ តើអគារសិក្សានេះត្រូវទុកអញ្ចឹង ឬក៏អាចនឹងត្រូវវាយចោលហើយកសាងជំនួស។
ឥឡូវអញ្ចេះ បើស្រេចលើខ្ញុំព្រះករុណាខ្ញុំៗ សម្រេចចិត្តថា សុំរុះរើអគារមួយខ្នង ១០បន្ទប់ (សម្តេចពិភាក្សារឿងអគារ)។ យើងត្រូវតែយកទាំង ២ចេញ មិនអាចយកមួយទុកមួយទេ មួយឡើងដល់អគារ ស្រាប់តែមួយទៀតរៀនក្រោមដំបូលស័ង្កសី។ បើសិនជាយកអគារទាំង ២ហ្នឹងចេញតែម្តង យើងអាចកសាងបានប៉ុន្មាន? ថាបើយកអគារតែមួយខ្នងចេញ យើងកសាងបាន ២៤បន្ទប់។ បើយើងយកទាំងពីរអគារ? … អញ្ចឹងសូមជំនួសអញ្ចេះវិញ។ វាយអគារទាំង ២ហ្នឹងចោល រួចហើយដាក់មួយខ្នង ៤ជាន់តែម្តង។ ដោះស្រាយនៅទីនេះសិន … យើងត្រូវធ្វើយូរអង្វែង។ ដំបូងថាយកតែមួយខ្នងចេញបាន ២៤បន្ទប់ ដល់យើងយក ២ហ្នឹងចេញបានដល់ទៅ ៤៨បន្ទប់ ក៏ធ្វើទៅ។ សូមអរព្រះគុណ។ បើព្រះតេជព្រះគុណឲ្យខ្ញុំព្រះករុណាទុកឲ្យខ្ញុំជួយចាត់ចែង អាចចាត់ចែងបាន ហើយចំណេញព្រះតេជព្រះគុណទៀត។ ព្រះតេជព្រះគុណអត់បានបិណ្ឌបាតទេ។
យប់ម្សិលមិញចូលពេញ group ខុទ្ទកាល័យប្រធានព្រឹទ្ធសភា។ ព្រោះអី? អត់មានរបាយការណ៍អី ទៅព្រៀងសុន្ទរកថាឲ្យអាន ៩ទំព័រ។ (ខ្ញុំ)មិនយកមកផង។ (តើ)ខ្ញុំព្រះករុណាខ្ញុំ(ឯណា) ដែលទៅជួបប្រជាជនហើយអានសុន្ទរកថា។ និយាយផ្ទាល់មាត់អញ្ចឹងតែម្តង។ អាហ្នឹងបានវាឆាប់ចប់។ ក្នុងសុន្ទរកថាហ្នឹងក៏និយាយពី Digital ស្អីឯណា … ឥឡូវ សូមស្នើទៅនាយករដ្ឋមន្រ្តី ទុកឲ្យរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីធ្វើការនៅឯគណរដ្ឋមន្រ្តីចាស់ ប៉ុន្តែសូមជួយពេលដែលមកសម្ពោធ បើកការដ្ឋានស្អីៗ ជួយរៀបចំ។ ខាងព្រឹទ្ធសភាមិនទាន់អាចធ្វើទៅរួចទេ ខ្វះកម្លាំងធ្វើ។ អញ្ចឹងខុទ្ទកាល័យនៅបន្តជួយធ្វើការងារដូចពីមុន។ ប្រឹងរៀន ហើយប្រគល់អ្វីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីធ្វើឲ្យខ្ញុំនេះទៅ ដើម្បីរៀនពីគ្នា។ កុំខ្លាចរៀនពីគ្នាហ្នឹង។ កុំថាឯណោះព្រឹទ្ធសភា ឯណេះរដ្ឋាភិបាលមិនរៀនពីគ្នា។ អត់ទេ។ ការងាររបស់ខ្ញុំគឺឲ្យច្បាស់។
ដោយហេតុនេះហើយ ខ្ញុំព្រះករុណាត្រូវចរចាជាមួយព្រះតេជព្រះគុណ។ មុនចូលដល់ហ្នឹង ហើយថ្ងៃនេះឃើញឧកញ៉ា សង្ហា សំអាង និងឈុនលាងមកដែរ ឮថាបានជួយមួយខែមួយម៉ឺនសម្រាប់កសាងសាកលវិទ្យាល័យ។ រឿងសាកលវិទ្យាល័យរឿងមួយ។ អ្នកឯងត្រូវតែចូលបន្ត។ ឥឡូវជួយប៉ុន្មានឆ្នាំហ្នឹង? (ជួយ ២ឆ្នាំ)។ ចាំមើលថ្ងៃហ្នឹងដោះស្រាយគ្នា អាចចូលជាដុំតែម្តង។ បើសិនជាចរចាត្រូវគ្នា។ ខ្ញុំព្រះករុណាខ្ញុំ មានការសង្វេគចិត្តមួយ។ សម្តេចព្រះគ្រូ កាលពីមុនគឺខ្ញុំព្រះករុណាខ្ញុំឲ្យធ្វើសមាហរណកម្ម។ បានធ្វើសមាហរណកម្មហើយ ប៉ុន្តែបញ្ហានៅត្រង់ថា ឥឡូវមានគ្រូមួយចំនួនត្រូវបានប្រើប្រាស់ដោយថវិកាបិណ្ឌបាត សូត្រមន្ត ធ្វើកឋិន និង ៣ខែ ធ្វើបុណ្យផ្កាម្តង។ ចុះបើសិនជាព្រះតេជព្រះគុណអាពាធទៅទេសនាមិនបាន ឬក៏អាក់ខានមិនបានទៅសូត្រមន្ត ឬធ្វើបុណ្យផ្កា ៣ខែម្តងញាប់ពេក ក្រែងគេមិនចូលលុយទៀត។ អញ្ចឹងព្រះសង្ឃដាច់ចង្ហាន់ហើយ។ ដើម្បីសម្រួលឲ្យព្រះតេជព្រះគុណ និងដោយក្នុងនេះអោយដឹងថាការចំណាយក្នុងមួយខែ ៨លានតែប៉ុណ្ណឹង (?) …។
ប៉ុន្តែចំណាយទូទៅរបស់ព្រះតេជព្រះគុណប៉ុន្មាន? (ចម្លើយ៖ ចំនាយសរុប ១៦០លានក្នុងមួយខែ)។ សេវាពេទ្យ ក្រែងខាងខេត្តប្រគល់មកឲ្យខ្លះ? ខេត្តបានជួយឧបត្ថម្ភពេទ្យមួយត្រីមាស ២លាន។ ថ្ងៃនេះរដ្ឋមន្រ្តីសុខាភិបាលមកដែរ។ ជួយគិតគូរគ្នា។ ដើម្បីសម្រួលការលំបាករបស់ព្រះតេជព្រះគុណ ព្រះតេជព្រះគុណនៅបន្តចុះ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំសូមចូលរួមក្នុងមួយខែ ១០០លាន ក្នុងរយៈពេលមួយឆ្នាំ។ ដូចនេះ ទោះបីជាព្រះតេជព្រះគុណអាពាធប៉ុន្មានថ្ងៃមិនបានទៅទេសនា ក៏ព្រះតេជព្រះគុណដឹងថាក្នុងព្រះហស្ថរបស់ព្រះអង្គមាន ១០០លានរៀល។ ខ្ញុំព្រះករុណាខ្ញុំសន្យាផ្គត់ផ្គង់ក្នុងរយៈពេល ១ឆ្នាំសិន។ អញ្ចឹង សេង ទៀង ក្នុងមួយខែត្រូវបញ្ជូន ១០០លានរៀលចូលមកទីតាំងនេះ ព្រោះត្រូវការ(ចំណាយ)ច្រើនយ៉ាង។ យ៉ាងហោចណាស់ខ្ញុំព្រះករុណាខ្ញុំជួយអស់ ២/៣ ហើយ។សល់ប៉ុន្មានទៀត ព្រះតេជព្រះគុណត្រូវបន្ដ។ ព្រះតេជព្រះគុណត្រូវផ្អែកមកលើករុណាទាំងអស់មិនបានទេ។ ព្រះតេជព្រះគុណដាច់អាជីពបាត់ហើយ។ ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនព្រះតេជព្រះគុណក្នុងមួយខែ ១០០លានរៀល ចំនួន ១២ខែសិន។ បន្ដទៀតយ៉ាងណាចាំចរចាគ្នាក្រោយទៀត។
រឿងមិនមែនដោះស្រាយបញ្ហាពិបាករបស់សម្ដេចព្រះគ្រូ និងសម្ដេច វង្ស អានេតា ម្ខាង តែបញ្ហានេះវាទាក់ទងនឹងជីវភាពរបស់គ្រូ សិស្ស គ្រូពេទ្យ។ អញ្ចឹង បានជាខ្ញុំព្រះករុណាខ្ញុំត្រូវការទិន្នន័យទាំងអស់នេះដើម្បីពិនិត្យ។ តើ ខ្ញុំព្រះករុណាខ្ញុំអាចជួយអ្វីបាន? អម្បាញ់មិញបានជួយទាក់ទិននឹងរឿងសាលានៅក្នុងនេះ។ វិទ្យាល័យ។ វិទ្យាល័យនេះបង្កើនបន្ទប់។ អម្បាញ់មិញនេះ បើមួយបាន ២៤បន្ទប់ បើយកទាំងពីរបាន ៤៨បន្ទប់។ អញ្ចឹងវិស្វកម្មត្រូវចុះមកបន្ទាន់។ ប៉ុន្តែត្រូវរៀបចំថាសិស្សទៅរៀនឯណាពេលកំពុងសាងសង់។ តើអាចពឹងពាក់សាលានៅក្បែរហ្នឹងបានឬអត់។ សូមអភិបាលខេត្តជួយរៀបចំនៃដំណើរការនៃអន្ដរកាល ព្រោះឥលូវសិស្សកំពុងរៀន។ បើយើងសាងសង់តើសិស្សត្រូវទៅរៀនឯណា? អញ្ចឹងអាចរៀនឆ្លាស់គ្នានៅទីនេះ និងអាច(ទៅសុំ)សាលានៅក្បែរខាង សហការជាមួយសាលាដទៃទៀតដែលជាថ្នាក់បឋម មធ្យមសិក្សា ដែលនៅក្បែរៗ យើងដាក់កូនសិស្សរបស់យើងសុំរៀននៅសាលានឹងសិន ហើយតែរយៈពេលតែប៉ុន្មានខែនឹងដោះស្រាយបញ្ហាបាន។ រឿងហ្នឹងរួចមួយ។ទាក់ទិននឹងសំណើរបស់សម្ដេច ឯកសារវាច្រើនបន្ដិច។ រឿងព្រះតេជព្រះគុណ(បិណ្ឌបាត្រ) ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនពីហ្នឹងទៅដែរ។ សម្ដេចព្រះគ្រូ រឿងនៅវត្ដស្វាយពពែ។ ឯកឧត្តម ឃួង ស្រេង បានទៅជួបថ្វាយបង្គំ ហើយមានការឯកភាពគ្នាហើយគឺចំណាយមួយសំរាប់ការជួសជុលអាគារ ព្រះករុណាព្រះមហាក្សត្រសីហមុន្នី គឺមានតំលៃ ៨២ ៩៣៣ ដុល្លារ ឯមួយទៀត អន្ដេវាសិក ដែលមានតំលៃ ១ ១៦ ០៧៨ បូកសរុប ១ ២៤៣ ០១១ ដុល្លារ។ ខ្ញុំព្រះករុណាខ្ញុំវិនិយោគជាមួយកន្លែងទាំងពីរនឹងគួរសមដែរ។ អរព្រះគុណដែលព្រះអង្គបានពឹងពាក់លើកូនសិស្ស(សើច)។
(១៩) ករណីក្របខណ្ឌគ្រូ/ពេទ្យ/បុគ្គលិកកិច្ចសន្យានិងស្ម័គ្រចិត្ត គួរអនុវត្ដតាមប្រព័ន្ធកែទំរង់នៃក្រសួងអប់រំ សុខាភិបាល និងក្រសួងមុខងារសាធារណៈ
សំណើលើរឿងពីរនេះ ទី១ សុំបិណ្ឌបាត្ររឿងសាកលវិទ្យាល័យ (និងមួយទៀតគឺក្របខណ្ឌ)។ ខ្ញុំព្រះករុណាខ្ញុំនិយាយរឿងបិណ្ឌបាត្រក្របខណ្ឌពិសេសជូនគ្រូកិច្ចសន្យា ពេទ្យ និងបុគ្គលិកស្ម័គ្រចិត្ត។ ដូចបានទូលប្រគេនអម្បាញ់មិញថា ខ្ញុំព្រះករុណាខ្ញុំលែងជាអ្នកចេញបទបញ្ជាទៀតហើយ ដូច្នេះអ្វីដែលខ្ញុំព្រះករុណាខ្ញុំគ្រាន់តែបញ្ជាក់ថា ខ្ញុំព្រះករុណាខ្ញុំវិលទៅឲ្យក្រសួងអប់រំ ក្រសួងសុខាភិបាលសិក្សាជាមួយក្រសួងមុខងារសាធារណៈដែលមកទីនេះស្រាប់ហើយ។ បញ្ហាគួរតែត្រូវបានគិត។ ខ្ញុំព្រះករុណាខ្ញុំ បានបញ្ជូលក្របខណ្ឌប៉ុន្មានលើករួចមកហើយ។ ឥលូវ រដ្ឋាភិបាលធ្វើកំណែទំរង់ស៊ីជម្រៅទាក់ទិននឹងការបណ្ដុះបណ្ដាល … កន្លងទៅ ការប្រលងគ្រូតែប៉ុន្មានរយនាក់ ត្រូវរើសទូទាំងប្រទេសមកប្រលង។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំគិតថាគួរតែត្រូវបានអនុវត្ដទៅតាមប្រព័ន្ធដូចគ្នា។ បើមិនអញ្ចឹងម្នាក់ៗ ទៅសំរុករកទីកន្លែងមួយងាយស្រួលបានក្របខណ្ឌពិសេស។ ដូច្នេះធ្វើឲ្យបាត់បង់នូវប្រសិទ្ធភាពរបស់រដ្ឋ និងអយុត្ដិធម៌សំរាប់គ្នាអ្នកប្រលងមិនជាប់។ គួរពិនិត្យឲ្យបានដិតដល់ពីសំណាក់ក្រសួងអប់រំ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ និងត្រូវចេញធ្វើមុខងារហ្នឹង។ ខ្ញុំព្រះករុណាខ្ញុំមិនអាចឆ្លើយថាបានៗ ដូចពីមុនទេ។ តាំងពីពាក់កណ្ដាលអាណត្ដិមុន ខ្ញុំព្រះករុណាខ្ញុំរឹតបន្តឹងការរើសក្របខណ្ឌតែម្ដង។ ជួនកាលចូលនិវត្ដ ២នាក់ ប៉ុន្ដែឲ្យរើសវិញតែ ១នាក់។ យើងឲ្យអាទិភាពលើគ្រូបង្រៀននិងពេទ្យ ប៉ុន្ដែគ្រូនិងពេទ្យក៏ត្រូវពិនិត្យពីគុណសម្បត្ដិ តើមានលក្ខណៈគ្រប់គ្រាន់ទេ។ បើគ្រាន់តែមកជ្រកដើម្បីនឹងបានក្របខណ្ឌគឺជារឿងអយុត្ដិធម៌ចំពោះអ្នកនិងវិស័យដទៃទៀត។
(២០) មិនថាត្រកូលណាៗ ទេ អ្នកមានលទ្ធភាព/សមត្ថភាព អ្នកហ្នឹងធ្វើនាយករដ្ឋមន្ត្រី
កន្លងទៅ ឃើញនាយករដ្ឋមន្ដ្រីទៅកន្លែងនេះកន្លែងនោះ តែងតែសួរហើយបញ្ចូលក្របខណ្ឌ ប៉ុន្ដែជាតំបន់ដាច់ស្រយាល ដែលគេស្ម័គ្រចិត្តទៅបង្រៀន ដូចជាករណីនៅសៀមរាប ពោធិសាត់ ជាករណីដោយឡែក។ ប៉ុន្ដែករណីកន្លែងនេះ ចំនួននេះជាចំនួនមួយដ៏ច្រើន ដែលទាក់ទងនឹងកាលណាបញ្ចូលក្របខណ្ឌភ្លាម។ (ការចូលក្របខណ្ឌ)ត្រូវគិតតាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃសា្លប់។ អញ្ចឹងត្រូវមានតុល្យភាពទៅលើថវិកាដែលត្រូវវិភាជជូនវិស័យណាយ៉ាងម៉េច។ អញ្ចឹងបានជាគ្រប់តែកន្លែងនឹងមានមន្ដ្រីជាប់កិច្ចសន្យា ប៉ុន្ដែមន្ដ្រីជាប់កិច្ចសន្យាមិនត្រូវបានទទួលជាស្វ័យប្រវត្ដិនូវក្របខណ្ឌនោះទេ។ រឿង(ពី)មុនទាក់នឹងពេលកូវីដ១៩ ខ្ញុំព្រះករុណាខ្ញុំបានផ្ដល់ឱកាសសំរាប់ក្រុមគ្រូពេទ្យ(ជាប់កិច្ចសន្យា)បានចូលជាពេទ្យក្របខណ្ឌដើម្បីប្រយុទ្ធជាមួយកូវីដ១៩ ប៉ុន្ដែឥលូវគឺអនុវត្ដតាមគោលការណ៍ដែលរាជរដ្ឋាភិបាលកំពុងធ្វើ។ អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំអត់បានមានចំលើយដូចពីមុនទេ។
សូមអ្នកសរសេរថា “សុន្ទរកថា ហ៊ុន ម៉ាណែត គ្មានលក្ខណៈបង្គាប់បញ្ជា ប៉ុន្ដែសុន្ទរកថារបស់ ហ៊ុន សែន មានលក្ខណៈបង្គាប់បញ្ជា” (បានឃើញច្បាស់ថា) ឥលូវវាផ្ទុយទៅវិញហើយ។ សុន្ទរកថា ហ៊ុន ម៉ាណែត មានចរិតបង្គាប់បញ្ជា ថាឲ្យគឺឲ្យភ្លាម។ ឯខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែផ្ដល់យោបល់ឲ្យក្រសួង តែមិនមានសិទ្ធិសំរេចលូកលាន់ ព្រោះនេះទាក់ទងនឹងការគ្រប់គ្រងថវិកា។ អត់បានទេ។ សូមយោគយល់កន្លែងហ្នឹង … កូនពៅក្បាលវាទំពែក។ ក្បាលឪសក់នៅពេញ។ ថ្ងៃមុន វាទៅអួតម៉ូតសក់រដ្ឋមន្ដ្រីកសិកម្មស្អាតម្យ៉ាងទៅ។ ចៅហ្វាយខេត្តព្រះវិហារ គីម រិទ្ធី ប៉ើងចុះប៉ើងឡើង វាថាទោះខ្យល់ប៉ុណ្ណាក៏សក់ខ្ញុំអត់ប៉ើងដែរព្រោះក្បាលទំពែក។ ពូជនឹងអត់មានអ្នកណាអត់សក់ទេ ដឹងម៉េចបានជ្រុះសក់ ទំពែកតែវា។ នឹងជាកូនប្រុសពៅ។ មិនមែនជាកូនពៅទេ បន្ទាប់ពីពៅ។ ប៉ុន្ដែផ្នែកកូនប្រុស គឺពៅ។ មួយបងធ្វើនាយករដ្ឋមន្ដ្រីសព្វថ្ងៃនេះ … មិនដឹងត្រកូលអ្នកណាៗ ទេ។ អ្នកណាមានលទ្ធភាព អ្នកហ្នឹងធ្វើ និយាយអញ្ចឹង។ អ្នកឯងនិយាយត្រកូល ហ៊ុន ឥលូវអ្នកឯងទាល់តែដាក់ត្រកូលអ្នកឯងមកធ្វើនាយករដ្ឋមន្ដ្រីបានអ្នកឯងសុខចិត្តឬ?
(២១) ករណីប៉ុនប៉ងវាយប្រហារដោយដ្រូន សូមបរទេសកុំលូកលាន់កិច្ចការផ្ទៃក្នុងគ្រប់គ្រងសន្ដិសុខនៃកម្ពុជា
សុំផ្ដាំផ្ញើផង ផែនការវាយប្រហារដោយដ្រូនចូលតាខ្មៅ។ អ្នកត្រូវចាំ។ បាត់ខ្លួនពីតាកែវមួយគឺគាំទ្រផែនការ វាយដ្រូនចូលតាខ្មៅ។ សន្ដិសុខជាតិ។ អ្នកកុំចង់ប្រហារជីវិតខ្ញុំ។ នេះជាអំពើភេរវកម្ម។ សូមជនបរទេសនានាប្រយ័ត្នប្រយែងលើការគាំទ្រទាំងឡាយ។ នេះជាសកម្មភាពភេរវកម្ម។ ខ្ញុំបញ្ជាក់។ ក្នុងប៉ុន្មានអាទិត្យនេះ មានផែនការវាយដ្រូនចូលផ្ទះខ្ញុំ។ អ្នកឯងកុំស្មានថាពេលដែលអ្នកបញ្ចេញសារមក និងជូនព័ត៌មានសំរាប់ផែនការបែបនេះ ផ្នែកខាង(សន្តិសុខរដ្ឋ)នេះមិនដឹង។ គ្រាន់តែចង្អុលបង្ហាញថា បំបាត់មនុស្សខ្លះចេញពីមូលដ្ឋានគឺវាទាក់ទងនឹងផែនការភេរវកម្ម។ សូមបរទេសកុំលូកលាន់លើកិច្ចផ្ទៃក្នុងរបស់កម្ពុជា។ កម្ពុជាត្រូវការគ្រប់គ្រងសន្ដិសុខ … ហេតុអ្វីបានជាចង់សំលាប់ខ្ញុំព្រះករុណាខ្ញុំ។ ការចេញបញ្ជារៀបចំផែនការដ្រូនសំរាប់វាយប្រហារ យើងទទួលបានព័ត៌មានជាក់លាក់ និងយើងមានសំលេង(ឆ្លងឆ្លើយ)គ្រប់គ្រាន់ …។
(២២) សាងសង់សាកលវិទ្យាល័យ៥ ជាន់ នៅអារាមព្រះឥន្ទសាមគ្គីធម៌
ឥលូវដល់ខាងសាកលវិទ្យាល័យ។ ធ្វើដល់ ៧ជាន់ ហើយមានជណ្ដើរយន្ដ ខ្ញុំព្រះករុណាខ្ញុំទៅអត់រួចទេ ព្រះតេជព្រះគុណអើយ។ អត់លុយ។ ប៉ុន្ដែអ្វីដែលសំខាន់លើសពីហ្នឹង តើបន្ទាប់ពីការកសាងហើយ ត្រូវដោះស្រាយថ្លៃទឹកភ្លើង ថែទាំជណ្ដើរយន្ដ។ ខ្ញុំព្រះករុណាខ្ញុំតែងតែនិយាយថាការកសាងលំបាកហើយ តែការលំបាកជាងទៀតគឺនិរន្តរភាព។ តើមានលទ្ធភាពចេញថ្លៃភ្លើងទេ? បើសាកលវិទ្យាល័យមួយមាន ascenseur … ប្រហែលជាសម្ដេចព្រះ វង្ស អានេតា គូរប្លង់ហួសជ្រុលទេដឹង។ សាកលវិទ្យាល័យឯកជនរកប្រាក់ចំណេញ ហ្នឹងគេអាចធ្វើបាន ប៉ុន្តែសាកលវិទ្យាល័យយើងនេះ គឺអាហារូបករណ៍មួយរយភាគរយ … ព្រះតេជគុណ ខ្ញុំព្រះករុណាខ្ញុំ ៧២ចូល៧៣ឆ្នាំហើយ ឥឡូវកំពុងតែសម្លឹងមើលថារកកន្លែងណាមួយសម្រាប់ផឹកតែជុំគ្នា បន្ទាប់ពីផឹកតែជុំគ្នាហើយ អ្នកណាទៅមុនអ្នកណាទៅក្រោយ។ បើថាទៅៗ បណ្ដាក់គ្នា។ កុំទៅម្ដងមួយពេល(ទាំងអស់គ្នា) អត់មានអ្នកណាធ្វើបុណ្យអោយអ្នកណាទេ។ នៅខាងលើនេះ បើកុំមានថ្នាំលាបសក់ មើលមកគឺសស្គុះ។ ប៉ុន្តែមានថ្នាំលាបសក់ទៅអត់អី។ គួរសមបន្តិច។ ខ្ញុំព្រះករុណាខ្ញុំសូមចរចាអញ្ចេះ។ ដូរពី ៧ជាន់មកតាមរបៀបអញ្ចេះវិញ។
អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ និយាយគ្នាត្រឹមតែ៥ជាន់ រាប់ទាំងជាន់ខាងក្រោម។ ឡើងទៅខាងលើតែ៤ជាន់ទេ។ យើងគិតទាំងជាន់ផ្ទាល់ដីខាងក្រោម។ ប៉ុណ្ណឹងកូនសិស្សឡើងបាន មិនចាំបាច់ប្រើ ascenseur ទេ។ ប្រសិនបើមានការឯកភាព ខ្ញុំព្រះករុណាខ្ញុំអរព្រះគុណ(និងប្រគេនជូន)។ បើយោងទៅលើការគិតតម្លៃត្រួសៗ មានចំនួន ១ ៨៤៧ ០០០ ឥឡូវនាងដែលថាចូលមួយខែ ១០ ០០០(ដុល្លារ) សម្រាប់ចាប់ផ្ដើមសាកលវិទ្យាល័យនេះ ត្រូវកសាងក្នុងល្បឿនមួយលឿនផ្ដាច់ព្រ័ត្រតែម្ដង។ ខ្លួនអម្បាញ់មិញថាជួយ២ឆ្នាំ។ អញ្ចឹង២ឆ្នាំត្រូវ ២៤០ ០០០(ដុល្លារ) ចូលមកដើម្បីចូលរួម។ សម្ដេចព្រះ វង្ស អានេតា ក៏បានអំពាវនាវសប្បុរសជន។ ខ្ញុំអត់ធ្វើសត្រូវជាមួយលុយទេ ចូលរួមបានប៉ុន្មាន ក៏ចូលទៅ។ ដោយសកលវិទ្យាល័យ ក៏នៅទីនេះដែរ អញ្ចឹងពង្រីក(ថ្នាក់វិទ្យាល័យ) ៤៨បន្ទប់ អម្បាញ់មិញ ក៏បានដោះស្រាយបញ្ហា។ កាត់បន្ថយកំពស់ ៧ជាន់ មកនៅត្រឹមត្រឹម អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ (៥ជាន់)។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំសុំសិទ្ធវិស្វកម្មសម្ដេចតេជោសៀមរាបចូលធ្វើ ទាំងនៅក្នុងវិទ្យាល័យនេះ និងសាកលវិទ្យាល័យ។ សូមប្រគល់ប្លង់ប្រគល់អី … ប្លង់ខាងសាកលវិទ្យាល័យវិស្វកម្មតេជោទទួលបន្ទុករៀបចំ ប៉ុន្តែប្លង់សាងសង់សាកលវិទ្យាល័យនោះ សូមប្រគល់មកអោយខាងនេះ។ វិស្វករខាងដែលធ្លាប់គូរប្លង់ជាមួយនិងសាងសង់កន្លងទៅសហការជាមួយនិងវិស្វកម្ម។ វិស្វកម្មធ្វើក្នុងល្បឿនមួយលឿន។
សាកលវិទ្យានៅឯណោះ និងវិទ្យាល័យនៅនេះ។ អញ្ចឹងបាន ២កសាងដំណាលគ្នា។ បន្តទៅទៀត នេះជំហាន៣។ ឥឡូវជំហាន ៤ចង់អស់ច្រើនជាង ព្រោះការកសាងកន្លងទៅអស់ទឹកប្រាក់ចំនួន ១៤ ៦០០លាន(រៀល)ជាងហើយ ខ្ញុំនិយាយលេខគត់។ វាប្រហាក់ប្រហាក់ប្រហែលហ្នឹង ៣លានកន្លះ។ ប៉ុន្តែចាយថ្ងៃនេះនៅទីនេះធ្ងន់ថែមទៀត។ ទំងន់ឡើងលើស៥លានហើយ … អ្នកនិពន្ធល្បីល្បាញនៅអាមេរិក យិន ថា សុំជួយ១ម៉ឺន(ដុល្លារ)។ ឧស្សាហ៍និពន្ធចំរៀង កូនក្បត់អង្គការ។ អរគុណដែលបានចូល … សម្ដេចព្រះគ្រូប៉ុណ្ណឹងគឺឯកភាពបានទេ? សូមសួរលោកគ្រូអ្នកគ្រូសិស្សានុសិស្សប៉ុណ្ណឹងពេញចិត្តទេ? ប៉ុន្តែសូមបញ្ជាក់ថា ការសាងនៅឯវត្តស្វាយពពែ អស់១លាន ២សែន(ដុល្លារ)ជាង និងនៅទីនេះកសាងប្រហាក់ប្រហែល បើគិតទាំងសាកលវិទ្យាល័យបូកប្រហែលជា ២លាន ៦០ម៉ឺនទៀត។ ខ្ញុំព្រះករុណាខ្ញុំអត់ប៉ះពាល់ថវិកាជាតិសូម្បីមួយសេន ព្រោះខ្ញុំព្រះករុណាខ្ញុំធ្លាប់អនុវត្តអគ្គបញ្ជាការមួយ អគ្គសេនាធិការមួយ។ បានសេចក្ដីអគ្គបញ្ជាការគឺនាយករដ្ឋមន្ត្រី អគ្គសេនាធិការគឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខិតខំចលនាគ្នីគ្នាប្រមូលទុនសាងសង់នៅទីក្រុងភ្នំពេញផង និងនៅវត្តព្រះឥន្ទសាមគ្គី ក្នុងខេត្តកណ្ដាលផង។ កាលហ្នឹងដូចកសាងអីទេ កំពុងតែដាក់បាត្រថ្វាយព្រះរាជពិធីប៉ុន្មានឆ្នាំរបស់ព្រះបរមរតនកោដ្ឋ ក៏ទូលថាសាកលវិទ្យាល័យអស់ប៉ុន្មាន ព្រះអង្គថាជាង ១ ១៩៩ ៩៩៩ ដុល្លារ ខ្វះតែមួយដុល្លារ ១លាន២សែន។ ចេញត្រឡប់មកវិញចលនាគ្នាបាន យកទៅថ្វាយព្រះអង្គ។ អញ្ចឹងទេច្រើនលានដុល្លារដែរព្រះអង្គ។ ព្រះតេជគុណធ្វើនេះត្រូវ។ បញ្ហានេះមានប្រតិសកម្មរវាងពុទ្ធចក្រនិងអាណាចក្រ។ ពុទ្ធចក្របានជួយទៅដល់អាណាចក្រ លើការបណ្ដុះបណ្ដាលធនធានមនុស្ស លើការអប់រំមនុស្សអោយធ្វើអំពោះល្អ។ គឹម សំភ័ស្ដ ធ្វើទឹកត្រជៀកកាំជួយ ៣ម៉ឺនដុល្លារ។ ខ្ញុំអត់ធ្វើសត្រូវជាមួយលុយទេ ទទួលទាំងអស់ ព្រោះលុយយកមកកសាងនៅកន្លែងហ្នឹង បន្តិចទៀតកន្លែងនេះទូលំទូលាយល្អ។
សៅ សុខា ទៅជួបសម្ដេចព្រះពោធិវាំងឬនៅ? ទៅថ្វាយបង្គំប្រគល់ហើយ។ នោះរឿងមួយផ្សេងទៀត។ ខ្ញុំករុណាខ្ញុំក៏គិតដែរ តែខ្ញុំព្រះករុណាខ្ញុំអត់ទៅនៅវត្តទេ។ ខ្ញុំព្រះករុណាខ្ញុំគិតដែរ ព្រោះគោរមងារ ៤ព្រះអង្គ ព្រះរាជសព្ទ គឺសម្ដេចព្រះគ្រូ, សម្ដេច នន្ទ ង៉ែត, សម្ដេច អំ លឹមហេង និងសម្ដេច ណយ ច្រឹក ដែលទូលបង្គំខ្ញុំព្រះករុណាខ្ញុំប្រើព្រះរាជសព្ទ។ កាលពីមុន មានសម្ដេច លាស់ ឡាយ ផងដែរ។ គ្រាន់តែធ្វើទុកចោលអញ្ចឹង។ ខ្ញុំព្រះករុណា ខ្ញុំទាល់តែយូរបានព្រមទៅ។
(២៣) នាយករដ្ឋមន្ត្រីនិយាយវែងព្រោះមានប្រធានបទច្រើន, គ្មានការចាំបាច់ធ្វើការសង្គ្រោះបន្ទាន់សាកសពដែលកំពុងយកទៅកប់ទេ
បើមិនទាន់អស់ពួកជ្រុលនិយម ខ្ញុំព្រះករុណាខ្ញុំអត់ទៅណាទេ។ ពួកនេះខូចៗ។ បើនាងមួយនោះច្រែតៗ។ យើងមានប្រជាជន ២៥ខេត្ត/ក្រុង (គាត់ថា)មកដេញត្រកូល ហ៊ុន ចេញ។ នាងអើយនាង បើខ្លាំងមកៗ។ តើគេមកគាំទ្ររដ្ឋាភិបាល គាំទ្រគណៈបក្សប្រជាជនកម្ពុជា គាំទ្រ ហ៊ុន សែន, ហ៊ុន ម៉ាណែត ឬគេមកផ្ដួល? សូមអញ្ជើញមកកុំស្រែកពីក្រៅប្រទេសច្រែតៗអញ្ចឹង។ អាក្រក់ស្ដាប់ណាស់។ នៅក្នុងទូរស័ព្ទ ក្នុងហោប៉ៅក៏មានសម្លេងនាងដែរ តែគ្រាន់តែគេមិនចាក់ប៉ុណ្ណឹងទេ។ ខ្ញុំព្រះករុណាខ្ញុំប៉ប៉ាច់ប៉ប៉ោច។ ពីដើមថានិយាយតិច។ ថា ហ៊ុន ម៉ាណែត និយាយតិច ស្រាប់តែមានថ្ងៃមួយ ហ៊ុន ម៉ាណែត និយាយ៣ម៉ោង។ បញ្ហាវាស្ថិតនៅត្រង់ថាតើមុខនាទីរបស់យើងនិយាយពីអី។ អញ្ចឹង ម៉ាណែត ខាននិយាយយូរ ចូលសាថ្មីដាក់ ៣ម៉ោង។ គេមានរឿងរបស់គេត្រូវនិយាយ ហើយគេមានប្រធានបទនិយាយទាក់ទងនឹងវិស័យកសិកម្ម វិស័យអប់រំ វិស័យអីច្រើនណាស់។ ប៉ុន្តែអ្នកខាងក្រៅវិញ បាតុកម្មទាមទារនេះទាមទារនោះ ផ្តួលរំលំត្រកូលហ៊ុន ចេះជេរចេះបញ្ចោរ ចុងក្រោយសល់ប៉ុណ្ណឹង។
វិបត្តិចុងក្រោយ វិបត្តិចារកម្ម។ មិនចាំបាច់និយាយទេ។ គ្មានការចាំបាច់ណាមួយឲ្យយើងយកអំបិល យកទឹកត្រី យកប៊ីចេង ទៅចាក់នៅក្នុងសម្លផ្អូមដែលគេយកទៅចាក់ចោល ឬក៏និយាយមួយបែប គ្មានការចាំបាច់ណាមួយដើម្បីនឹងរកថ្នាំពេទ្យ ឬរកឧបករណ៍សង្គ្រោះបន្ទាន់ សម្រាប់សាកសពមួយដែលគេកំពុងយកទៅកប់នោះទេ។ និយាយប៉ុណ្ណឹងអាចដឹងហើយ។ យូរៗតាំងខ្លួនជាចារកម្ម ហើយកុំនិយាយថា ត្រឹមតែជាអ្នកពិគ្រោះយោបល់ កុំឌឺ ឌឺយ៉ាងម៉េចក៏ទៅមិនរួចដែរ។ ពេលណាសភាពការណ៍កំពុងតែជ្រួល ត្រូវនៅឲ្យស្ងៀម នៅឲ្យរឹង អាហ្នឹងបានគេហៅអ្នកនយោបាយ។ ពេលដែលគេថា នាយករដ្ឋមន្ត្រីកម្ពុជាក្មេង មិនដូចហ្នឹងទេ។ នាយករដ្ឋមន្ត្រីរូបនេះ ចូលធ្វើនាយករដ្ឋមន្ត្រីនៅអាយុ ៤៥ឆ្នាំ ឯខ្ញុំព្រះករុណាខ្ញុំ ពេលចូលធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យតែ ៣២ឆ្នាំទេ។ ពេលហ្នឹងមានកម្លាំងដើរដូចនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដើរកាលហ្នឹងមិនមែនដើរស្រួលទេ ទៅពិនិត្យផ្ទាល់នៅសមរភូមិ។ មានថ្ងៃណាមួយនោះទៅសន្និសីទប៉ារីសហើយ ត្រឡប់មកវិញទៅជាមួយ ទៀ បាញ់ មួយជុំវិញទន្លេសាប ទៅដេកស្តាប់គេនិយាយគ្នាតាមតេអូ … ធ្វើតាំងពីសម័យសង្គ្រាម។ ប្រទេសទាំងមានសង្គ្រាមហែកហួរ ឥឡូវយើងមានសន្តិភាព ២៦ ឆ្នាំហើយ ការពារសន្តិភាពនេះឲ្យបាន បើគ្មានសន្តិភាពទេ មិនអាចធ្វើអីកើតទេ។ កុំសង្ឃឹមថាធ្វើអីកើត មានតែការបំផ្លាញតែប៉ុណ្ណឹង។
ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ មកបានប្រគេនទេយ្យទានហើយ។ សម្រាប់លោកយាយ លោកតា យាយជី តាជី ចំនួន ២០០ នាក់ ក្នុងម្នាក់ៗក្រណាត់ស ១ ដុំ ថវិកាចំនួន ២ ម៉ឺនរៀល។ ជូនយុវជនកាយារិទ្ធិ និងយុវជនកាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន ១៥០ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ជូននិស្សិតសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន ១៥៩៨ ក្នុងម្នាក់ៗថវិកាចំនួន ២ ម៉ឺនរៀល។ ឯណានិស្សិត? មើលឡើងច្រូងច្រាង តិចទៀតបានអគារស្អាតហើយ។ ជូនសិស្សានុសិស្សផ្នែកបឋម និងផ្នែកមធ្យម ៦៣១៩ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូចំនួន ៤៨៣ នាក់/អង្គ ក្នុងម្នាក់ៗ/អង្គៗ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ចំនួន ៥ ម៉ឺនរៀល។ ជូនវេជ្ជបណ្ឌិត និងគ្រូពេទ្យចំនួន ៩ នាក់ ក្នុងម្នាក់ៗ ២០ ម៉ឺនរៀល ច្រើនជាងគេបន្តិច ព្រោះយើងទាំងអស់គ្នាមានការអីត្រូវរកគ្រូពេទ្យ។ ជូនសិស្ស និងនិស្សិតស្នាក់នៅក្នុងវត្តចំនួន ៤៣៨ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល ច្រើនជាងគេបន្តិច ព្រោះក្មេងវត្ត អតីតក្មេងវត្ត ច្បាស់ជាស្គាល់ក្មេងវត្តច្បាស់ណាស់ អញ្ចឹងបានឲ្យលុយច្រើនបន្តិចទៅ។
(២៤) មិនដែលលាក់លៀមប្រវត្តិជាកូនអ្នកក្រីក្រ និងជីវិតក្មេងវត្ត, ហាត់ប្រាណការពារសុខភាព ដើម្បីបាននៅមើលវែងឆ្ងាយ
ខ្ញុំព្រះករុណាខ្ញុំ មិនដែលលាក់លៀមពីប្រវត្តិជាជីវិតកូនអ្នកក្រីក្រ និងជីវិតក្មេងវត្តឯណា។ អត់ដែលលាក់ទេ។ តែងចម្រៀងជីវិតក្មេងវត្តទៅទៀត។ ជូនប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ថវិកាចំនួន ៥លានរៀល។ ជូនសាលាពុទ្ធិកមធ្យមសិក្សាវត្តព្រះឥន្ទសាមគ្គីធម៌ថវិកា ២លានរៀល។ ជូនសាលាបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ថវិកាចំនួន ១លានរៀល។ ជូនវិទ្យាល័យសម្តេចមហាសង្ឃរាជ បួរ គ្រី ថវិកា ២លានរៀល។ ជូនសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ថវិកា ៥លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធីចំនួន ៣លានរៀល និងជូនសាលាស្រុកអង្គស្នួលចំនួន ២លានរៀល។ លោកមេស្រុកអើយ បន្ទាប់ពីបានលុយហ្នឹងយកទៅប្រគេនលោកបណ្តោយទៅ … សាលាស្រុកមានថវិកាដំណើរការហើយ។ ប៉ុន្តែមកហើយ ទឹកដីរបស់គេយើងត្រូវតែផ្តល់លុយឲ្យគេ។ ប៉ុន្តែណែនាំថាថ្ងៃក្រោយ កន្លែងណាដែលទទួលបានលុយ ប្រគេនកន្លែងហ្នឹងតែម្តងទៅស្រួល។
(សម្តេចនិយាយលេងរឿងក្មេងជាងមុន)។ ប៉ុន្តែអញ្ចេះ ក្មេងឬចាស់ សុំថាឥឡូវយើងថែទាំសុខភាពទាំងអស់គ្នា។ការហាត់ប្រាណសំខាន់ណាស់។ ភាពរឹងមាំរបស់មេដឹកនាំដែលឥឡូវនេះនៅទាំងសម្តេចប៉ុន្មាននាក់នៅទីនេះ ចាប់ផ្តើមពីអី? ចាប់ផ្តើមពីការហាត់ប្រាណ។ កាលពីដើមសុទ្ធអ្នកធ្វើទាហាន។ អញ្ចឹងបានឥឡូវសុខភាពនៅរឹងមាំ។ ឥឡូវនៅវាយកូនហ្គោលបាន … ចង់ទៅខានស្អែក។ ស្អែកអត់ទេ។ ទទួលទូតហើយ។ ខានស្អែកទៅទៀត។ ហាត់ប្រាណសំខាន់ណាស់ ការពារសុខភាព ដើម្បីមើលឲ្យបានវែងឆ្ងាយ នៅឲ្យបានយូរ។ អ្នកខ្លះគេថា ហ៊ុន សែន ងាប់ហើយ។ ហ៊ុន សែន ក្លែងក្លាយទេ។ អ្នកណាធ្វើហ៊ុនសែនក្លែងក្លាយបានយូរម្ល៉េះ? តែមិនអីទេ អាហ្នឹងរឿងរបស់គេ ទុកឲ្យគេទទួលបាបកម្មធ្លាក់ទៅលើគេចុះ។
ជាមួយនឹងការប្រកាសសម្ពោធសមិទ្ធផលដែលខ្ញុំព្រះករុណាខ្ញុំមិនចាំបាច់រៀបរាប់សាជាថ្មី និងប្រកាសសាងសង់សមិទ្ធផលថ្មីបន្ថែម ទាំងវិទ្យាល័យ និងសាកលវិទ្យាល័យនៅថ្ងៃនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ ថ្វាយព្រះពរចំពោះសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕