- ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន
ប្រចំាព្រះរាជាណាចក្រកម្ពុជា - សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
- ឯកឧត្តម លោកជំទាវ និងតំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា
- លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី!
ក្នុងនាមស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងអំណរសាទរយ៉ាងស្មោះស្ម័គ្រ និងសូមជូនពរបវរមហាប្រសើរជូនរដ្ឋាភិបាល និងប្រជាជនចិនជាមិត្ត សូមទទួលបានសុភមង្គល និងជោគជ័យថ្មីៗថែមទៀត។
ក្នុងរយៈពេល៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានា ប្រកបដោយជោគជ័យ ក្នុងដំណើរការកសាងប្រទេស។ ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។
ខ្ញុំសូមអបអរសាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេសយ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមាន ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល រួមមាន៖ ការសម្រេចគោលដៅ១០០ឆ្នាំទី១ នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ច៥%នៅឆ្នាំ២០២៤ ហើយខ្ញុំមានសុទិដ្ឋិនិយមថា មិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥នេះ និងគោលដៅ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លំាងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា។
ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ កំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ ខ្ញុំមានសេចក្តីរីករាយក្រៃលែង ដោយឃើញប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ឆ្នាំ២០២៥នេះ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន៖
- ទី១ ជាខួប១៥ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន
- ទី២ ទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយផ្លែផ្កា របស់ឯកឧត្ដមប្រធានាធិបតី ស៊ី ជីងពីង នៅកម្ពុជា កាលពីខែមេសាកន្លងទៅ
- ទី៣ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសចិន នាដើមខែកញ្ញានេះ
- ទី៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន កាលពីចុងខែសីហាកន្លងទៅ និង
- ទី៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។
- សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា!
ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងគ្រប់វិស័យរវាងប្រទេសទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនទំនុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ចិនកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង ប្រទេសទាំងពីរបានឯកភាពលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ទៅដល់កំរិតថ្មីមួយទៀត គឺសំរាប់គ្រប់រដូវកាល ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ សក្តិសមទៅនឹងមិត្តភាពដែកថែប ដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម វិនិយោគ ជាអ្នកផ្ដល់ជំនួយដ៏ធំ និងជាប្រទេសនាំមុខដែលបានជួយដល់ការអភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជា។ ជំនួយដ៏ច្រើន នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ប្រទេសទាំងពីរបាន និងកំពុងខិតខំធ្វើការរួមគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសការបង្កើនការនាំចេញទំនិញកសិផលបន្ថែមទៀតពីកម្ពុជាចូលទៅក្នុងទីផ្សារចិន ។ ខ្ញុំសូមអបអរសាទរចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងជាលំដាប់ នៃទំហំវិនិយោគរបស់មិត្តចិននៅកម្ពុជា។
ទន្ទឹមនេះ ខ្ញុំសូមលើកទឹកចិត្តក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំសកម្មភាពអោយបានផុសផុល ដើម្បីអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ក្នុងគោលបំណងជំរុញទេសចរចិននៅកម្ពុជាឡើងវិញ បង្កើនជើងហោះហើរត្រង់បន្ថែមទៀតរវាងខេត្ត-ក្រុងនៃប្រទេសទំាំងពីរ ក៏ដូចជាជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែខ្លំាងក្លា។
ឆ្លៀតឱកាសនេះ ក្នុងនាមប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងគាំទ្រមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ផ្តល់ជំនួយអភិវឌ្ឍន៍ និងឧបត្ថម្ភគាំទ្រលើវិស័យនានា រួមមានហេដ្ឋារចនាសម្ព័ន្ធ វិស័យដឹកជញ្ជូន និងថាមពលជាដើម ជាពិសេសការគាំទ្រចំពោះគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។
កម្ពុជាប្រកាន់ខ្ជាប់គោលនយោបាយចិនមួយ ចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ ស៊ីនជំាង ជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន។ យើងគាំទ្រគំនិតផ្តួចផ្តើមនានារបស់មិត្តចិន រួមមាន គំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ហើយមានជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើមទាំងនេះនឹងរួមចំណែកក្នុងការថែរក្សាផលប្រយោជន៍សកល អភិវឌ្ឍសកល និងពងឹ្រងគោលដៅអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីរួមថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុម ។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិត ស្និទ្ធជាមួយមិត្តចិន ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ រួមមានកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន មេគង្គ-ឡានឆាង មហាអនុតំបន់មេគង្គ (GMS) និងអង្គការសហប្រជាជាតិ ជាដើម ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព សិ្ថរភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាំងពីរ ហើយសូមលើកទឹកចិត្តស្ថាប័នពាក់ពន្ធ័នៃប្រទេសទាំងពីរបន្តសហការគ្នាពង្រឹងមិត្តភាពដែកថែប រួមគ្នាអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្រ អនុវត្ត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” អោយបានជោគជ័យ និងពន្លឿនការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីឆ្ពោះទៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ឆ្លៀតឱកាសដ៏សែនរីករាយនេះ ខ្ញុំសូមអញ្ជើញ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មេត្តាលើកកែវឡើង៖
- ដើម្បីសុខភាពល្អបរិបូរណ៍ និងជន្មានុយឺនយូររបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
- ដើម្បីព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូររបស់ ព្រះករុណា ព្រះបាទសម្តេច
ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ - ដើម្បីចំណងមិត្តភាពដែកថែបយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
- ដើម្បីជោគជ័យ សុភមង្គល និងវិបុលភាពរបស់ប្រជាជនយើងទំាងពីរ
- ដើម្បីសុខភាពល្អបរិបូរណ៍ និងជោគជ័យរបស់ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលមានវត្តមាននៅទីនេះ។
សូមអរគុណ!