បទបាឋកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសិក្ខាសាលាស្តីអំពី “ទស្សនៈនិងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា”

ឯកឧត្តម​សាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya Watanabe) ប្រធាន​វិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា (ERIA),ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, និងភ្ញៀវកិត្តិយសទាំងអស់​ ជាទីមេត្រី! [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] មុននឹងការចាប់ផ្ដើម ខ្ញុំសូមជម្រាបជូនបន្តិចថា ការទទួលបាននូវព័ត៌មានខុស ឬប្រវត្តិខុស ធ្វើឱ្យការវិនិច្ឆ័យសម្រាប់អនាគតក៏ខុស។ ហ្សាយោងទៅលើប្រការថា ហ្សាការតា ជាទីតាំងដំបូងបំផុតក្នុងការចរចាដំណើរការសន្តិភាព បន្ទាប់ពីការចរចារវាងខ្ញុំ ជាមួយនឹងសម្ដេចព្រះ នរោត្តម សីហនុ ហើយក៏ជាទីតាំងនៃការរៀប​ចំព្រឹត្តិការណ៍ជាច្រើនអំពីដំណើរសន្តិភាពរបស់កម្ពុជា ខ្ញុំចង់យកឱកាសនេះបញ្ចេញនូវបញ្ហាខ្លះ ដែលគេមិនបានដឹង និងដែលអ្នកស្រាវជ្រាវ អ្នកសរសេរសៀវភៅមួយចំនួន រាប់ទាំងជនជាតិកម្ពុជានិងជនបរទេសមួយចំនួន នៅមានការភាន់ច្រឡំ បានសរសេរខុស រហូតចាត់ទុកថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាធម្មនុ​ញ្ញ​ និង/ឬមានតម្លៃលើសរដ្ឋធម្មនុញ្ញកម្ពុជាទៀតផង។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា អាចរួមជាមួយខ្ញុំ ប្រើពេលវេលាបន្តិច(ដើម្បីសិក្សាអំពីប្រធានបទនេះ)។ នេះជាចំណែកមួយនៃការចែករំលែកបទពិសោធន៍(កសាងសន្តិភាពនៅកម្ពុជា) ហើយបន្ទាប់ពីនេះខ្ញុំនឹងធ្វើការបោះពុម្ពឯការជាសៀវភៅតែម្ដង។ ការធ្វើអត្ថាធិប្បាយរបស់ខ្ញុំនៅថ្ងៃនេះ ក៏មានការផ្សាយបន្តផ្ទាល់ទៅដល់ទីក្រុងភ្នំពេញ សម្រាប់បណ្ដាទូរទស្សន៍កម្ពុជា និងចែករំលែកដល់ប្រជាជនកម្ពុជាផងដែរ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងអត់ធ្មត់ស្ដាប់។ អ្នកដែលហត់ មិនមែនអ្នកអង្គុយទេ។ អ្នកដែលហត់គឺខ្ញុំអ្នកឈរនិយាយ។ សង្ឃឹមថា អ្នកអង្គុយស្ដាប់មិនហត់ជាងអ្នកឈរនិយាយទេ។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារក្នុងបណ្តាញសង្គមស្តីពីការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន”

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជនបានចេញជារូបរាងនិងមានការចូលរួមយ៉ាងផុលផុស។ តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រ ជាជាតិ ពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះ ទៅឲ្យវៀត ណាម តើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ ជាការរំពឹងទុក ប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់បង្កបង្កើនផល ដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រ​ទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀត ខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈ(វត្តមាន)ប្រជាជនដែលនៅតាមព្រំដែន ដែលជាព្រំដែនរស់ ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធការពារទៅទៀត។ សូមជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នា ការពារទឹកដី ប្រសិនយើងខ្លាចបាត់បង់ទឹកដី៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារក្នុងបណ្តាញសង្គមស្តីពីការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន”

ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបាន ទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។ នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។ ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិអង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបានចូលជាថវិកាខ្លះ៣០០រៀល, ៥០០រៀល, ១០០០រៀល, ២០០០រៀល, ៥០០០រៀល, ១០០០០រៀល, ២០០០០រៀល។ល។ នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែលសំខាន់ជាងទៀត គឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើងដែលម្ចាស់ប្រទេស។ ខ្ញុំក៏បានទទួលដំណឹងថាចលនាបែបនេះកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។ ខ្ញុំសង្ឃឹមថានាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូន ដែលបានចូលរួមទាំងរក្សាទុកសម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា៕