(១) ជាប្រពៃណីខ្មែរ “អ្នកដែល(ចែកឋាន)ទៅមុនរួចផុតទុក្ខ ឯអ្នកនៅក្រោយ ត្រូវធ្វើបុណ្យបញ្ជូនកុសល”
ជាដំបូង អនុញ្ញាតឲ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ក៏ដូចជាហ្លួងម៉ែ ព្រះរាជមាតាជាតិខ្មែរ ចំពោះអស់លោកលោកស្រីជាសាស្រ្តាចារ្យ និងក្មួយៗនិស្សិត សិស្សានុសិស្សទាំងអស់ នៅក្នុងមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលសម្ដេចជាស៊ីមកំចាយមារ។ ថ្ងៃនេះ យើងមានការរីករាយ ដោយម្យ៉ាងជាការជួបជុំមួយដ៏ធំដើម្បីប្រារព្ធពិធីរំលឹកទៅដល់គុណបំណាច់ និងធ្វើតាមពិធីប្រពៃណីព្រះពុទ្ធសាសនារបស់យើង ជូនចំពោះវិញ្ញាណក្ខន្ធសម្ដេច ជា ស៊ីម និងបងស្រី។ ជាទម្លាប់ ខ្ញុំតែងតែហៅគាត់ទាំងពីរថាជាបងប្រុសបងស្រី ដែល ១០ឆ្នាំ និង១៦ឆ្នាំ កន្លងផុតទៅពួកគាត់បានលាពួកយើង។ ប៉ុន្តែ ពួកយើងក៏មិនបានភ្លេចពីពួកគាត់នោះទេ។ មេដឹកនាំកំពូលៗ ទោះបីជាជាប់មមាញឹក ក៏យើងបានឆ្លៀតមក ដើម្បីមកធ្វើបុណ្យឧទ្ទិសកុសលជូនចំពោះពួកគាត់។
ម្សិលមិញ ជាភ័ព្វសំណាង ដែលក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី បានរៀបចំកម្មវិធីឲ្យខ្ញុំជួបមុន(ជួបនាយករដ្ឋមន្រ្តី)នៅម៉ោង១០ ទើបម៉ោង ១២ថ្ងៃត្រង់ ខ្ញុំអាចចេញដំណើរមកបាន ហើយបន្តទៅដល់ច្រកទ្វារម៉ឺនជ័យ។ ឯនាយករដ្ឋមន្រ្តីជាប់ចរចា តែក៏បានមកទាន់ពេលព្រះសង្ឃទេសនាដែរ។ និយាយរួម មេដឹកនាំកំពូលទាំងអស់បានមកជួបជុំ។ ត្រង់នេះហើយ ដែលខ្ញុំតែងនិយាយលេងជាមួយសម្ដេចក្រឡាហោម ក៏ដូចជាមេដឹកនាំដទៃទៀតថា “មិនថាអ្នកណាទៅមុន ឬអ្នកណាទៅក្រោយទេ អ្នកដែលត្រូវទៅមុន ឧទាហរណ៍ ខ្ញុំទៅមុន សូមអ្នកទៅក្រោយធ្វើបុណ្យឲ្យខ្ញុំសិន ចាំទៅ”។ បើដណ្ដើមគ្នាទៅមុន (មិនមានអ្នកធ្វើបុណ្យអោយទេ)។ ឬក៏ថាយើងកុំទៅទាំងអស់គ្នាតែម្ដងទៅ វាមិនស្រួលជាង? ជាទម្លាប់ធម្មតា ជាប្រពៃណីរបស់យើង អ្នកដែល(ចែកឋាន)ទៅមុន គឺរួចផុតទុក្ខហើយ។ អ្នកដែលនៅក្រោយ ត្រូវធ្វើបុណ្យឲ្យអ្នកដែលទៅមុន។
(២) អ្នកដែលពីជាង ៤០ឆ្នាំមុន ធ្វើការក្នុងវ័យជាង ២០ឬ ៣០ឆ្នាំ ឬលើស មានវ័យចាស់ប្រដំប្រសងគ្នា តែបានសន្យាជាមួយថាខិតខំនៅសកម្មបាន២០ឆ្នាំទៀត
និយាយតាមត្រង់ ប្រពន្ធខ្ញុំចេះតែមិនចង់ស្ដាប់ពេលខ្ញុំនិយាយថា “ពេលដែលខ្ញុំស្លាប់ សូមកុំហែទៅទីផ្សេង ព្រោះខ្ញុំមិនទៅនៅវត្តទេ ហើយចេតិយដែលភរិយាខ្ញុំបានធ្វើនោះ ក៏បានប្រគេនទៅលោកហើយ។ អញ្ចឹងមកធ្វើចេតិយមួយនៅនឹងផ្ទះទុកឲ្យហើយ និងប្រាប់ប្រពន្ធថា ពេលដែលខ្ញុំស្លាប់ទៅ ហែត្រឹមតែមួយជុំផ្ទះ និងបន្ទាយអង្គរក្ស ចេញទៅផ្លូវលេខ២១ បន្តិចទៅ ហើយចូលមកវិញ។ ថ្ងៃមួយនោះ និយាយជាមួយចៅស្រីច្បង … ដែលកំពុងរៀននៅអង់គ្លេសថា ផ្ទះនេះចៅឯងយកចុះ ជាកេរអាកររបស់ចៅឯងហើយ។ ប៉ុន្តែ ចៅកុំលក់ចេតិយតាណា។ ស្រាប់តែចៅថា “លោកតាគិតថា ពេជ្រធ្វើអញ្ចឹងឬ?” … គ្រាន់បើអញ្ចឹង។ និយាយទៅ យើងត្រូវថែទាំសុខភាពទាំងអស់គ្នា។ ខាងព្រឹទ្ធសភា គ្រាន់តែរយៈពេល ១ឆ្នាំ នេះ មានអ្នកចាកចេញពីយើងដល់ទៅពីរនាក់។ នេះវាជារឿងកើតឡើងកាលពីជាង ៤០ឆ្នាំមុននោះ។ ពួកយើងចូលធ្វើការពីអាយុជាង ២០ឆ្នាំ ក្រោម៣០ឆ្នាំ ឬលើ៣០បន្តិចបន្តួច។
មកដល់ពេលនេះ ក៏មានវ័យប្រដំប្រសងគ្នាទាំងអស់។ សម្ដេចក្រឡាហោម បងខ្ញុំមួយឆ្នាំ។ ឯកឧត្ដម អ៊ុច បូរិទ្ធ ក៏បងខ្ញុំមួយឆ្នាំដែរ។ ចម ប្រសិទ្ធ ក៏បងខ្ញុំមួយឆ្នាំ។ ទីចុងបំផុត អ្នកដែលធ្វើការជាមួយខ្ញុំមួយចំនួនគឺអាយុច្រើនជាងខ្ញុំ។ ប៉ុន្តែ យើងសន្យាជាមួយគ្នាថា ត្រូវធ្វើម៉េចខិតខំឲ្យបាន២០ឆ្នាំទៀត។ បើយោងទៅលើលទ្ធភាពគឺអាចទៅរួច ដោយសារកម្លាំងវាយកូនហ្គោលនៅខ្លាំង ហើយរយៈពេលកន្លងទៅនេះ យើងធ្វើកិច្ចការច្រើន។ ដូចជាម្សិលម្ង៉ៃ ម្សិលមិញ ថ្ងៃនេះ (ជាប់រហូត)។ យប់មិញ ម៉ោង១២យប់ទើបបានសម្រាក ហើយភ្ញាក់ម៉ោង៥ ធ្វើម៉េចធានាថា មុនម៉ោង៧ យើងមកដល់នេះដើម្បីចាប់ផ្ដើមកម្មវិធី ហើយរាប់បាត្ររហូតដល់ជាង ១០០អង្គឯណោះ។ យើងមកឆ្លៀតធ្វើការងារនៅទីនេះ។ ប៉ុន្តែ មិនទទួលទានបាយនៅនេះទេ។ បាយលើឡាន។ ទៅដល់ផ្ទះ មានការងារត្រូវបន្តធ្វើនៅផ្ទះទៀត។
(៣) សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដំណើរការតាំងពីមុនឆ្នាំ១៩៩៣
បានមកជួបនឹងអ្នកទាំងអស់គ្នានៅទីនេះ ខ្ញុំសូមថ្លែងការកោតសរសើរចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង ក៏ដូចជាសាស្រ្តាចារ្យ លោក/អ្នកគ្រូ សិស្ស និស្សិតនៅសាលានេះ។ ខ្ញុំគួរតែចាប់ផ្ដើមនិយាយបន្តិចអំពីប្រវត្តិនៃមជ្ឈមណ្ឌលនេះ ដែលមិនមែនចាប់ផ្ដើមក្នុងដំណាក់កាលព្រះរាជាណាចក្រទី២ទេ។ ប្រវត្តិចាប់ផ្ដើមតាំងពីអតីតរដ្ឋកម្ពុជាឯណោះ។ គឺការចាប់ផ្ដើមពីជំនួយរបស់អង្គការមួយហៅថា “ប្ញស្សីវេទ ឬវេទប្ញស្សី”។ បង ជា ស៊ីម ពិគ្រោះយោបល់។ យើងពិភាក្សា។ យើងចង់ឲ្យតំបន់ដាច់ស្រយាលមួយនេះមានសកលវិទ្យាល័យ។ អង្គការនេះបានទៅជួបខ្ញុំញឹកញាប់។ អញ្ចឹងទេ យើងរុញសកលវិទ្យាល័យនេះមកដល់កំចាយមារ ហើយបានដំណើរការតាំងពីឆ្នាំ១៩៩៣ មុនបោះឆ្នោតទៅទៀត។ រឿងរ៉ាវចរចាហ្នឹង មានតាំងពីប៉ុន្មានឆ្នាំមុនហ្នឹងទៀត។ ពេលនោះ បង ហេង សំរិន ជាប្រធានក្រុមប្រឹក្សារដ្ឋ បង ជា ស៊ីម ជាប្រធានរដ្ឋសភា ហើយខ្ញុំជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី។ ឆ្នាំ១៩៩៧ ខ្ញុំមកចែកសញ្ញាបត្រនៅទីនេះ។ កាលនោះ មានផ្ទះមែន តែសុទ្ធតែធ្វើពីប្ញស្សី ឬឈើទេ។ ដល់អង្គការនោះជួបវិបត្តិហិរញ្ញវត្ថុ ក៏មានការលំបាក។ សិស្សមួយចំនួន ជាពិសេស សិស្សពេទ្យតែម្ដង មានការបណ្ដុះបណ្ដាលពេទ្យនៅទីនេះ បានរត់ទៅផ្ទះខ្ញុំនៅតាខ្មៅ ហើយចូលជួប និងលើកសំណូមពរថា សុំបន្តការសិក្សា។ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីបញ្ជូនសិស្សពេទ្យទាំងនោះទៅឱ្យសាលាពេទ្យខាងយោធា ជួយបណ្ដុះបណ្ដាលបន្តដើម្បីឲ្យបញ្ចប់ការសិក្សា។ ឯនិស្សិតមួយចំំនួនទៀត ទៅរៀននៅឯនេះ/ឯនោះ។ មានការចង់បិទ ក៏ប៉ុន្តែសម្ដេចក្រឡាហោម ជាមួយបង ជា ស៊ីម បានខិតខំថាកុំបិទនិងធ្វើរឿងនេះបន្តមក។
(៤) ពីសកលវិទ្យាល័យសម្ដេច ជា ស៊ីម មកជាមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលពីមត្តេយ្យ បឋម អនុវិទ្យាល័យ វិទ្យាល័យ និងសហគ្រិនភាព
បើយើងគិតពី១៩៩៧ ដែលគ្រោងថាបិទមកនោះចុះ ដល់ឥឡូវសាលារីកសម្បើម ហើយបើវាយតម្លៃទំហំទៅខ្ទង់ ៣០-៤០លានដុល្លារ ព្រោះឥឡូវក្លាយជាមជ្ឈមណ្ឌល។ ពីដើម ជាសកលវិទ្យាល័យសម្ដេច ជា ស៊ីម។ ឥឡូវនៅទីនេះមិនមែនជាសកលវិទ្យាល័យដោយឡែករបស់សម្ដេច ជា ស៊ីម ទេ ទៅជាមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល តាំងពីមត្តេយ្យ បឋម អនុវិទ្យាល័យ វិទ្យាល័យ និងមជ្ឈមណ្ឌលសហគ្រិនភាព។ ដោយហេតុនេះ វាបង្ហាញអំពីការរីកធំធាត់នៃដំណើរការ ដោយថវិកាជាតិចេញមកទីនេះតិចតួចណាស់ ប៉ុន្តែសប្បុរសជនទេដែលបានជួយច្រើន។ ខ្ញុំបានជួយអន្តរាគមន៍អំពីបញ្ហាសុខភាពរយៈពេល ១០ឆ្នាំ ដូចដែលលោកបណ្ឌិត សិត ខន ជាសកលវិទ្យាធិការរាយការណ៍អម្បាញ់មិញ។ ឥឡូវ វិស័យសុខាភិបាលបានគ្រាន់បើហើយ មិនចាំបាច់អន្តរាគមន៍ទេ តែខ្ញុំមានកាតព្វកិច្ច។
សំណើដាក់មកអម្បាញ់មិញ ខ្ញុំបានចារហើយ តែចំណារហ្នឹងយកទៅភ្នំពេញវិញសិន។ បន្តិចទៀតខ្ញុំនឹងប្រកាសថា ខ្ញុំនឹងធ្វើអីក្នុងមជ្ឈមណ្ឌលនេះតទៅទៀត។ សូមយកឱកាសនេះ អរគុណចំពោះគណៈគ្រប់គ្រង ក្នុងនោះមានឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស សុខា ធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាភិបាលនៅកន្លែងនេះ ហើយដែលការធ្វើឲ្យកើតមាន ជារឿងលំបាកមួយហើយ ប៉ុន្តែការធានានិរន្តរភាព ជាការលំបាកជាងទៀត។ ទន្ទឹមនឹងធ្វើបានសមិទ្ធផលហើយ នៅទីនេះ ក៏មានការធានានិរន្តរភាពបានប្រសើរ គុណភាពនៃការបណ្ដុះបណ្ដាលកាន់តែល្អ ក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយល្អ ដែលក្នុងនេះ មាននាមអតីតមេដឹកនាំគឺសម្ដេច ជា ស៊ីម ដែលជា(អតីត)ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា …។
(៥) រកឃើញនាឡិកា TITONI ពីឆ្នាំ ១១៩៧០ វិញក្នុងរូបថត
ចេះមកដល់ទៅនេះ រកឃើញនាឡិកាខ្ញុំវិញ តែរកឃើញក្នុងរូបថតទេ។ ខ្ញុំកំពុងតែសុំឲ្យផ្ដិតឲ្យខ្ញុំ។ កាលនោះ បង ជា ស៊ីម ធ្វើរដ្ឋមន្រ្តីមហាផ្ទៃ ខ្ញុំធ្វើរដ្ឋមន្រ្តីការបរទេស។ ខ្ញុំពាក់នាឡិកាដែលខ្ញុំមានពីឆ្នាំ១៩៦៩ ប៉ុន្តែត្រូវបានដូរនៅមេមត់នៅឆ្នាំ១៩៧០។ ខ្ញុំពាក់ TITONI។ បង ជា ស៊ីម ពាក់ Rolex។ ប៉ុន្តែ Rolex នោះ តាមខ្ញុំចាំបាន មានចូលទឹកបន្តិចផង។ ខ្ញុំចង់បាន Rolex ក៏ដូរគ្នានឹងគាត់។ ពេលខ្ញុំទៅទស្សនកិច្ចនៅអាល្លឺម៉ង់ ក៏យកទៅដូរបាន Rolex របស់ព្រះតេជព្រះគុណ រស់ ឈុន (ដែលកាលនោះជាឯកអគ្គរដ្ឋទូត)។ ឥឡូវហ្នឹងបួស ។ ឯគាត់ក៏បានយក Rolex ដែលដូរជាមួយខ្ញុំនោះ មកប្រគល់ឲ្យបង ជា ស៊ីម វិញ។ តែ TITONI របស់ខ្ញុំនេះ បង ជា ស៊ីម មិនដឹងជាឲ្យទៅអ្នកណា។ និយាយអញ្ចឹង សូមកុំឲ្យមានអ្នកផ្ញើសារតាមហ្វេសប៊ុកមកថា សម្ដេច ជា ស៊ីម ឲ្យទៅខ្លួនអីអញ្ចេះអញ្ចុះ។ រឿងហ្នឹងភូតច្រើនហើយ។ គ្រាន់តែខ្ញុំថា TITONI របស់ខ្ញុំកាលពីឆ្នាំ១៩៧០ ទៅណា? ចេញមកសុទ្ធតែ TITONI ខ្ញុំអ្នកឲ្យ។ TITONI របស់ខ្ញុំៗ បានដូរជាមួយបង ជា ស៊ីម សោះ។ ឥឡូវហ្នឹង ដៃអាវរបស់បង ជា ស៊ីម នៅរក្សា(រូប)នាឡិកា Rolex នោះទុក។ នៅនឹងដៃរបស់ខ្ញុំ បន្សល់ទុកនាឡិកា TITONI។ អញ្ចឹង ខ្ញុំបានពាក់នាឡិកាទាំងពីរ គឺ TITONI ពាក់តាំងពីឆ្នាំ១៩៧០។ មួយទៀត Rolex របស់បង ជា ស៊ីម មកនៅនឹងដៃខ្ញុំទៅវិញ ប៉ុន្តែខ្ញុំយកទៅដូរនឹងព្រះតេជព្រះគុណ រស់ ឈុន កាលដែលព្រះអង្គធ្វើជាអគ្គរដ្ឋទូតនៅអាល្លឺម៉ង់។ ព្រះតេជព្រះគុណ រស់ ឈុន ដូចជាលេខាបក្សខេត្តកំពង់ធំមុននឹងទៅអាល្លឺម៉ង់។ បន្ទាប់ពីមកពីអាល្លឺម៉ង់វិញ ធ្វើរដ្ឋមន្រ្តីសាធារណការ។
(៦) ដល់ដំណាក់កាលដើរទៅត្រង់នេះត្រង់នោះ ផឹកតែទទួលទានស្ករផែន មើលក្មេងៗដំណើរការបន្ត
បើរំព្ញកទៅ ខ្ញុំមកដល់ទីនេះថ្ងៃទី ១២ ធ្នូ ឆ្នាំ១៩៩៧ ក្នុងពិធីចែកសញ្ញាបត្រជំនាន់ទី១។ ថ្ងៃ៣០ ខែមករា ឆ្នាំ២០១២ មានពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ គ្រូ និស្សិត សិស្ស នៅការដ្ឋានសាងសង់អគារសិក្សា។ ថ្ងៃ៦ មីនា ឆ្នាំ២០១៣ ចូលរួមសម្ពោធសកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ។ ឥឡូវលើកនេះ គឺថ្ងៃទី៣ ខែកក្កដា២០២៥ មកលើកទី៤ ហើយសង្ឃឹមថាមិនមែនលើកចុងក្រោយទេ។ នឹងអាចមកទៀត។ ឥឡូវបានសន្យាជាមួយគ្នាហើយ ពេលចាស់ទៅយើងដើរទៅត្រង់នេះត្រង់នោះ ផឹកតែ ស៊ីស្ករផែន ព្រោះដល់ដំណាក់កាលដែលយើងមើលក្មេងៗដើម្បីដំណើរការកិច្ចការជាបន្ត។ សូមយកឱកាសនេះ ថ្លែងការកោតសរសើរចំពោះគណៈអភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង ក្នុងរយៈពេលកន្លងទៅ បានខិតខំជាមួយក្រុមការងារ ដែលពីមុនដឹកនាំដោយសម្តេចក្រឡាហោម ទាំងខេត្តព្រៃវែង និងខេត្តបាត់ដំបង ធ្វើឲ្យខេត្តបន្តរីកលូតលាស់។ ឥឡូវ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា ជាប្រធានក្រុមការងារផ្នែករដ្ឋាភិបាល ខាងផ្នែកបក្សនៅសម្តេចក្រឡាហោម ដដែល។ កាលពី មុនសម្តេចក្រឡាហោមខាងបក្សផងខាងរដ្ឋាភិបាលផង។ ឥឡូវសម្តេចក្រឡាហោមខាងបក្ស ឯកឧត្តម ស សុខា ខាងរដ្ឋាភិបាល ចុះជួយមូលដ្ឋាន។ នេះជាវិធីសាស្រ្តដែលយើងប្រើយូរហើយ មិនមែនទើបនឹងប្រើឥឡូវនេះទេ។ យើងបែងចែកភារកិច្ចគ្នា ជាមួយនឹងការចុះជួយមូលដ្ឋាន។ មិនមែនថាយើងមិនទុកចិត្តមូលដ្ឋានទេ ក៏ប៉ុន្តែយើងចង់ផ្តល់កម្លាំងនិងល្បឿនជួយមូលដ្ឋាន។
(៧) ការអនុវត្តគោលការណ៍ទម្លាក់ខ្សែព្រំដែនទៅជ្រលងទឹកជ្រៅ ជាដំណោះស្រាយឈ្នះ-ឈ្នះ បង្កើតព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ
ម្សិលមិញ ខ្ញុំបានទៅដល់ច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ។ បើទោះបីជាមិនទាន់បានសម្ពោធជាផ្លូវការ ដោយសារតែត្រៀមសម្ពោធទៅហើយ (ជំងឺឆ្លង)កូវីដ-១៩ បានកើតឡើង។ សង្ឃឹមថា នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីរបស់វៀតណាម Phạm Minh Chính នឹងសម្ពោធបើកឲ្យដំណើរការច្រកទ្វារនេះជាផ្លូវការ។ ម្សិលមិញ នៅទីនោះ ខ្ញុំបានឃើញបង្គោលព្រំដែននៅក្នុងទឹក។ អ្វីដែលខ្ញុំគួរនិយាយឲ្យបានច្បាស់គឺ ការចរចាររវាងកម្ពុជាជាមួយមិត្តវៀតណាមក្នុងការដោះស្រាយព្រំដែន មានរឿងដែលល្អមួយនៅត្រង់ថា “ភាគីទាំង២ ស្រុះស្រួលគ្នាទំលាក់ខ្សែព្រំដែនដែលនៅជាប់មាត់ព្រែក(ម្តងខាងកម្ពុជានិង្តងខាងវៀតណាម)ទៅក្នុងតំបន់ទឹកជ្រៅ”។ ចំណុចនេះ មិនជាសាមញ្ញទេ។ បារាំងបានគូសផែនទី ដោយជួនកាលរត់តាមមាត់ព្រែកខាងកម្ពុជា។ ដោយហេតុនេះ យើងត្រូវចុះទៅដងទឹក ត្រូវសុំច្បាប់ពីវៀតណាម។ ជួនកាលទៀត គូសព្រំដែននៅមាត់ទឹកខាងវៀតណាម។ បើវៀតណាមចង់ចុះព្រែក ត្រូវតែសុំ(ច្បាប់ពី)កម្ពុជា។ បើឆ្លងផុតខ្សែព្រំដែនគឺជាការរំលោភដែនដី។
នេះជាដំណោះស្រាយល្អតាមនិយាមអន្តរជាតិ ដែលគេតែងយកជ្រលងទឹកជ្រៅជាងគេធ្វើជាកន្លែងកំណត់ព្រំដែន។ ព្រំដែនកម្ពុជា-វៀតណាម មាន ១២០០គីឡូម៉ែត្រជាង។ ខ្ញុំមិនចាំតួលេខទេ។ ប៉ុន្តែ ខ្ញុំបាននិយាយនៅក្នុងសភាឆ្នាំ ២០១២ អំពីអត្ថប្រយោជន៍ដែលទទួលបានទាំងសងខាង។ ដោយឡែក ព្រៃវែងមានព្រែកតំបន់ម៉ឺនជ័យដែលឆ្លងកាត់ខេត្តព្រៃវែង។ ម្សិលមិញ បានសួរអភិបាលខេត្ត។ ព្រែកប្រវែង ២៤គីឡូម៉ែត្រនេះ សំបូរបង្កងផង។ អញ្ចឹងទេ ដំណោះស្រាយបញ្ហាព្រំដែន ដែលអនុវត្តគោលការណ៍ទម្លាក់ខ្សែព្រំដែនទៅជ្រលងទឹកជ្រៅ ជាដំណោះស្រាយឈ្នះ-ឈ្នះ ដែលយើងចង់ធ្វើ និងយើងក៏បានធ្វើជាមួយឡាវដែរ ដើម្បីធានាថា ប្រជាជនទាំងសងខាងមានទឹកប្រើប្រាស់ អាចនេសាទបានទាំងសងខាង ទាញទឹកទៅបង្កបង្កើនផលបាន។ នេះជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
(៨) ដាក់ចេញគោលដៅដំឡើងទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ដល់ ២០ពាន់លានដុល្លារ
ការបើកច្រកម៉ឺនជ័យ មានគោលដៅសំខាន់គឺជំរុញការតភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលការផ្លាស់ប្តូរទំនិញ ការទៅមករកគ្នា ជាគោលដៅធំរបស់យើង។ សង្ឃឹមថា ខេត្តព្រៃវែងនឹងមានការផ្លាស់ប្តូរពាណិជ្ជកម្មកើនឡើង តាមរយៈការបើកច្រកថ្មី អន្តរជាតិ ម៉ឺនជ័យ។ ដោយសារមិនទាន់សម្ពោធ អ្នករកស៊ីខាងធុរកិច្ចមិនទាន់សូវដឹង។ នៅពេលដែលបើកសម្ពោធជាផ្លូវការ យើងអាចទាក់ទាញអ្នកវិនិយោគប្រើប្រាស់ដឹកជញ្ជូនតាមច្រកហ្នឹង ដើម្បីទៅមករកគ្នាក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមបានឆ្លងផុតហួសពីកម្រិតរាប់ពាន់លានដុល្លារហើយ។ កាលពីថ្ងៃទី២៩ ខែមេសា មុនខួបលើកទី ៥០ឆ្នាំ នៃការរំដោះភាគខាងត្បូងវៀតណាមមួយថ្ងៃ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោកជំទាវ ចម និម្មល មកចុះហត្ថលេខាជាមួយនឹងរដ្ឋមន្រ្តីវៀតណាម ដាក់ចេញគោលដៅដំឡើងកម្រិតទំហំពាណិជ្ជកម្មដល់ ២០ពាន់លានដុល្លារ។
ឥឡូវពិនិត្យការនាំចេញនាំចូលរវាងប្រទេសទាំង២ គឺមានភាពប្រដំប្រសងគ្នា។ ពីមុនភាគ ច្រើនយើងនាំចូលពីវៀតណាម ហើយយើងនាំចេញទៅវិញតិចជាង។ ប៉ុន្តែ ឥឡូវតាមតួលេខឆ្នាំ២០២៤ យើងនាំចេញទៅវៀតណាមច្រើនជាង នាំពីវៀតណាមចូលមក។ នេះតាមដែលខ្ញុំសង្កេតតួលេខ។ តួលេខហ្នឹង ខ្ញុំតែងតែដាក់ចូលក្នុង group ដែលមានប្រធានគណៈកម្មាធិការព្រឹទ្ធសភា ប្រធានគណៈកម្មាធិការរដ្ឋសភា ដែលចូលក្នុង group ជាមួយគ្នា។ នៅពេលដែលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរុញមកឲ្យខ្ញុំអំពីការនាំចេញនាំចូលរបស់កម្ពុជា ខ្ញុំក៏រុញចូលទៅក្នុង group ហ្នឹង ដើម្បីឲ្យបណ្តាប្រធានគណៈកម្មាធិការព្រឹទ្ធសភា រដ្ឋសភា បានជ្រាបផងដែរ។ ប្រធាន អនុប្រធានរដ្ឋសភាបានជ្រាបផងដែរ ទោះបីយើងមិនកាន់រដ្ឋាភិបាល តែយើងគួរតែដឹងថាវាទៅដល់ណាហើយ។
(៩) ស្នើធ្វើស្ដូបគោរពវិញ្ញាណក្ខ័ន្ធអ្នកតស៊ូគេចពីការតាមកម្ទេចរបស់ ប៉ុល ពត ដោយឆ្លងកាត់ច្រកម៉ឺនជ័យ
អ្វីដែលខ្ញុំចង់ចង្អុលបង្ហាញគឺមានអ្នកនិយាយថា “វៀតណាមរំកិលទល់ដែន មួយថ្ងៃប៉ុន្មានរយម៉ែត្រ ប៉ុន្មានគីឡូ”។ សម្តេចក្រឡាហោម បានរួចខ្លួន(ពីកណ្តាប់ដៃខ្មែរក្រហម)នៅម្តុំម៉ឺនជ័យហ្នឹង។ បង ជា ស៊ីម ក៏អញ្ចឹងដែរ។ ពេលហ្នឹង ប៉ុល ពត តាមកម្ទេច។ អញ្ចឹងមានតែភៀសខ្លួនទៅខាងវៀតណាម។ ដោយហេតុនេះ ខ្ញុំសូមស្នើថា ឲ្យធ្វើជាស្ដូបមួយដើម្បីគោរពវិញ្ញាណក្ខ័ន្ធ។ ឥឡូវបានគិតជាមួយនឹងសម្តេចក្រឡាហោមថា យើងគួរធ្វើនៅសារមន្ទីរគណបក្ស (ពិភាក្សាអំពីកន្លែងធ្វើស្ដូប)។ (គួរតែ)ខំរកកាលបរិច្ឆេទ ក្នុងចន្លោះដូចជាខែកញ្ញា ឆ្នាំ១៩៧៨។ បើសិនជា សម្តេចក្រឡាហោម អាចរកឃើញ វាជាការល្អគឺជាទិវានៃការចងចាំ។ កម្លាំងប្រមាណ ២ម៉ឺននាក់ បើតាមតួលេខសម្តេចក្រឡាហោម បានដឹង ឆ្លងកាត់តាមហ្នឹងចេញទៅវៀតណាម។ ហ្នឹងហើយដែលជាប្រភពខ្ញុំជ្រើសរើសកម្លាំងដើម្បីរៀបចំកងទ័ពបន្ថែម ក្រៅពីកងទ័ព(ដែលបាន)រើស(ពីមុនមក)មួយចំនួន។ ចាំបានថា ក្រោយបង្កើតរណសិរ្ស ខ្ញុំបានទៅសួរសុខទុក្ខអ្នកដែលរត់ចេញទៅតាមច្រកហ្នឹង ដែលមានតាំងពីលោកតា ឡុង ស៊ឹម, ប្រាជ្ញ ស៊ុន, ជ័យ កញ្ញា, ចាន់ វ៉ែន ក្នុងរូបភាពធ្វើដំណើរមកជាមួយខ្ញុំ។ នេះជាប្រវត្តិតស៊ូ។
(១០) គិតពីចូលព្រៃម៉ាគីឆ្នាំ១៩៧០ មានរយៈពេល ៥៥ឆ្នាំ ក៏នឹកស្ងើចការដែល “នៅរស់បាន”
មានរឿងមួយទៀត ជំនាន់ព្រះករុណាបិតា អំពាវនាវឲ្យកូនចៅចូលព្រៃម៉ាគី (ក៏មានចលនាចូលព្រៃម៉ាគី)មួយជួរហ្នឹង។ ហ្នឹងគឺខាងយើង។ ឯខាងវៀតណាមវិញ វៀតណាមតែងតែអរគុណកម្ពុជា ក្នុងការចូលរួមចំណែករំដោះភាគខាងត្បូងវៀតណាម។ ម្តុំកំចាយមារនេះ តភ្ជាប់ទៅពញាក្រែក តភ្ជាប់ទៅមេមត់ គឺជាក្បាលម៉ាស៊ីនដឹកនាំរបស់វៀតណាម។ គេហៅថាបក្សភាគមជ្ឈិម។ វៀតណាមគេហៅ Trung ương Cục ឬបក្សភាគរបស់វៀតណាម។ អតីតប្រធានរដ្ឋវៀតណាម Nguyễn Minh Triết មានកូនម្នាក់ស្លាប់ហើយកប់នៅស្រុកតំបែរ។ កាលពីឆ្នាំ ២០១០ គាត់បានមកយកសពកូនរបស់គាត់។ នេះជាចំណុចនៃការចងចាំទាក់ទងនឹងកម្ពុជាខ្លួនឯង តស៊ូប្រឆាំង តាំងពីជំនាន់បារាំង។ មូលដ្ឋានតស៊ូនៅតំបន់នោះ តភ្ជាប់គ្នានៅខាងហ្នឹង។ (ឆ្នាំ)១៩៧០ ក៏នៅតាមមួយជួរហ្នឹងច្រើន។ គ្រាន់តែខ្ញុំនៅខាងមេមត់។ ពេលវាយ ប៉ុល ពត ក៏ខ្ញុំនៅច្រកមេមត់ដែរ។ ខ្ញុំចេញ(ពីកម្ពុជា)តាមមេមត់។ បង ជា ស៊ីម, សម្តេចក្រឡាហោម ចេញ(ពីកម្ពុជា)តាមម៉ឺនជ័យ។ បង ហេង សំរិន ចេញតាមមេមត់ដែរ។ ហ្នឹងគឺជាការចងចាំ។
យើងថាតាំងពី១៩៧៨ គិតមកដល់ពេលនេះវាប៉ុន្មាន? ៤៧ឆ្នាំ។ យើងគិតថាមិនរស់ទេ។ បើនិយាយលើសពីនេះគិតពីឆ្នាំ១៩៧០ មកដល់ពេលនេះ ៥៥ឆ្នាំ ក៏ដូចជាមិនគួររស់សោះ។ ចេះតែនឹកខ្លួនឯងថា “រស់ទៅកើត”។ កាលពីជំនាន់វាយគ្នា គេមកវាយយើងមិនអីទេ ប៉ុន្តែយើងទៅវាយគេនោះ។ អញ្ចឹង កាំភ្លើងគេបាញ់ស្រោចមក។ យើងរត់ចូលទៅ។ វាដែលចេះស្រួល។ របួស ៥ដង ពិការភ្នែកម្ខាង។ នេះជំនាន់សង្រ្គាមជាមួយពួក លន់ នល់ មានការគាំទ្រពីបរទេស។ បន្ទាប់មក សម័យ ប៉ុល ពត ក៏មិនសមរស់ទៀត។ សម្តេចក្រឡាហោមបានលើកពីម្សិលមិញ។ ហ្នឹងគឺរឿងពិតជាក់ស្តែង។ ខ្លះកើតកូនខ្លះមានកូនតូច ក៏ប៉ុន្តែដើម្បីធានាការរស់រានរបស់អ្នកដទៃរាប់រយ រាប់ពាន់នាក់ ត្រូវយកកូនទៅដាក់ចោល … អណោចអធមណាស់។ រឿងរបស់យើងជូរចត់។ រត់ទៅទាំងវ៉ូងអញ្ចឹង ខ្លះមានកូនតូច។ កូនតូចវាយំ។ ប៉ុល ពត កំពុងដេញបាញ់។ ជម្រើសរបស់គាត់គឺដាក់កូនផ្កាប់មុខ។ កូនតូចដាច់ខ្យល់។ ប៉ុន្តែអត់មានជម្រើសផ្សេង។
(១១) ចាប់ផ្តើមពីរដ្ឋមន្រ្តីបានរបបស្បៀង ១៦គីឡូ ក្មេងរៀនក្រោមផ្ទះ/ដើមឈើ/កុដ្ឋិព្រះសង្ឃ និងអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ
ពួកយើងចាប់ផ្តើមពីស្ថានភាពលំបាក សូម្បីតែរំដោះរួចហើយ ក៏គ្មានអីស៊ី។ រដ្ឋមន្រ្តីការបរទេសបានរបបស្បៀង ១៦គីឡូ ក្នុងនោះ ១០គីឡូអង្ករ និង ៦គីឡូពោត។ ស៊ីមិនឆ្អែតទៅកាប់ចេកស៊ី ព្រោះសំបូរចេកនៅភ្នំពេញ។ ប៉ុល ពត យកសួនច្បារដាំចេក ដាំដូងអស់ទៅហើយ ប៉ុន្តែយើងទ្រាំរស់នៅជាមួយគ្នា។ យើងចាប់ផ្តើមពីតាំងពីកុមាររៀននៅក្រោមផ្ទះប្រជាជន រៀនក្រោមដើមឈើ រៀនក្រោមកុដ្ឋិព្រះសង្ឃ។ បវេសនកាលឆ្នាំ១៩៧៩ បានមកដល់ យើងបើកបានសាលាតិចតួច។ យើងអត់មានគ្រូ។ ពិបាករក។ វិទ្យាស្ថានអប់រំបច្ចុប្បន្ន ក្លាយទៅជាសាលាគរុកោសល្យបណ្តុះបណ្តាលគ្រូ។ ខ្ញុំតែងតែទៅឧទ្ទេសនាមនៅទីហ្នឹង។ នៅមិនឆ្ងាយពីផ្ទះខ្ញុំប៉ុន្មានទេ។ ឧទ្ទេសនាមថ្ងៃមិនចប់ យប់ទៅឧទ្ទេសនាមទៀត។ កាលពីពេលហ្នឹង គ្រូៗ ត្រូវ ប៉ុល ពត សម្លាប់ច្រើន។
មានតម្រូវការក្មេងចូលរៀនច្រើន។ អញ្ចឹង វិធីមានតែជួនកាល គ្រូអតីតរៀនថ្នាក់ទី៦ ចាស់ ហ្នឹងគេហៅថាថ្នាក់ទី៦ ទំនើប ទៅបង្រៀនថ្នាក់ទី៥។ អញ្ចឹង គ្រូនិងសិស្សសមត្ថភាពខុសគ្នាត្រឹមតែប៉ុណ្ណឹង។ ដោយហេតុហ្នឹងហើយ ពាក្យថា “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ” បានកើតចេញពីហ្នឹង។ មកដល់ពេលនេះ យើងសង្កេតមើល។ ធនធានមនុស្សដែលយើងបានប្រឹងប្រែង(បណ្តុះបណ្តាល)ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងផុត បានក្លាយទៅជាធនធានដែលមានគុណភាព។ គ្រូនៅតាមសាលា ដែលពីមុនយើងប្រើប្រាស់រូបមន្ត ៩បូក១ អាចចេញទៅបង្រៀន ឥឡូវអនុវត្តរូបមន្ត ១២បូក១, ១២បូក២ និងមាន ១២បូក៤, បរិញ្ញាបត្របូក១ ទើបបានចេញទៅបង្រៀន។ ការអភិវឌ្ឍនិងការប្រែប្រួលរបស់យើង កើតពីការប្រឹងប្រែងស្មើដៃគ្នា មិនមែនធ្លាក់ពីលើមេឃទេ។
(១២) ក្នុង ៣២ឆ្នំា ការគ្រងរាជ្យ ២០ឆ្នាំនៃព្រះករុណាបច្ចុប្បន្ន ផ្តល់ភាពសុខសាន្តនិងស្ថេរភាព
ម្សិលមិញ ស្តាប់ព្រះសង្ឃទេសនា គឺយើងស្តាប់អំពីកិច្ចការទាក់ទិននឹងការរីកចម្រើនខាងព្រះពុទ្ធសាសនា។ ខ្ញុំក៏ងាកទៅនិយាយជាមួយ សម្តេចក្រឡាហោម ថា បង ជា ស៊ីម កាន់រណសិរ្ស។ អញ្ចឹងគាត់ធ្វើការងារទាក់ទងជាមួយព្រះសង្ឃច្រើន។ អញ្ចឹង យើងប្រឹងពង្រីកគ្រប់វិស័យ។ (នេះជាដំណើររឿងដែលបង្ហាញពីការតស៊ូ)ទម្រាំនឹងប្រទេសជាតិបានមកដល់ប៉ុណ្ណេះ។ យើងក៏គួរថា អ្វីៗគឺយើងខិតខំរកដំណោះស្រាយ ធ្វើឲ្យប្រទេសបានបញ្ចប់សង្គ្រាម។ ខ្ញុំនិងព្រះករុណាបិតា បានចាប់ផ្តើមការចរចា ដែលយើងបានបង្កើតឡើងវិញនូវរបបរាជានិយមដំណាក់កាលទី២។ យើងមានមោទនភាពសម្រាប់ប្រទេសយើង។ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានរក្សាគង់វង្ស។ បើយើងគិតពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣២ឆ្នាំ។ ក្នុង ៣២ឆ្នាំ ព្រះករុណាសព្វថ្ងៃគ្រងរាជ្យ ២០ឆ្នាំ។ ទាំងព្រះករុណាបិតាទាំងព្រះករុណាបច្ចុប្បន្នដែលគ្រងរាជ្យ ២០ឆ្នាំ បានផ្តល់នូវភាពសុខសាន្ត និងស្ថេរភាព សម្រាប់រាជរដ្ឋាភិបាលដែលជំរុញកំណើនសេដ្ឋកិច្ចជាមធ្យម ៧% មុនកូវីដ-១៩។ (សមិទ្ធផល)ហ្នឹងកើតចេញពីការអនុវត្តនយោបាយឈ្នះឈ្នះ ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៦ និងមកបញ្ចប់នៅឆ្នាំ១៩៩៨។ យើងត្រូវប្រឹងប្រែងរក្សាកត្តាទាំងអស់នេះ។
(១៣) ក្រុមប្រឹក្សាធម្មនុញ្ញទូលព្រះករុណា “អាចធ្វើបាន” វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីផ្តល់ឱកាសដកសញ្ជាតិអ្នកប្រឹងឃុបឃិតជាមួយបរទេសប្រឆាំងខ្មែរ
សូមជូនព័ត៌មានទៅក្រុមប្រឆាំងដែរ។ អ្នកឯងចង់ថាម៉េចថាទៅ។ សភានឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី១១ កក្កដានេះហើយ។ រដ្ឋធម្មនុញ្ញនឹងត្រូវបានកែដើម្បីផ្តល់ឱកាសសម្រាប់ការដកសញ្ជាតិ។ អ្នកឯងប្រឹងឃុបឃិតជាមួយបរទេសប្រឆាំងខ្មែរ។ អ្នកឯងលង់ទៅ។ លើកនេះ ជាសំណើរួមគ្នារវាងរដ្ឋសភាទាំង ១២៥រូប និងរាជរដ្ឋាភិបាល ស្នើសុំទៅព្រះមហាក្សត្រ។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់សួរយោបល់ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញបានឆ្លើយតបថា “ធ្វើបាន”។ ធ្វើម៉េចកុំឲ្យផ្ទុយនឹងមាត្រាទាក់ទិននឹងរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ បើផ្ទុយនឹងចំណុចទាំងហ្នឹង មិនអាចកែរដ្ឋធម្មនុញ្ញបានទេ។ អញ្ចឹង យើងធានាបានបញ្ហាថា “របបរាជានិយមមិនត្រូវបានផ្លាស់ប្តូរទៅជាសាធារណរដ្ឋ” ដូចដែលអ្នកខ្លះបានអំពាវនាវឲ្យរំលាយចោលរបបរាជានិយមនោះ គឺធ្វើមិនបានទេ។ មានតែរដ្ឋប្រហារយោធាមួយគត់ដែលអាចធ្វើបាន។ ប៉ុន្តែអ្នកឯងគ្មានលទ្ធភាពធ្វើរដ្ឋប្រហារយោធាទេ។
អស់ពី ហ៊ុន សែន នៅមាន ហ៊ុន ម៉ាណែត, អស់ពី ស ខេង នៅមាន ស សុខា, អត់ពី ទៀ បាញ់ នៅមាន ទៀ សីហា ហើយនៅសល់កូនមេដឹកនាំបន្តទៀត។ បើអ្នកឯងចង់ថាតពូជតអំបូរ ក៏អ្នកឯងថាចុះ តែពួកយើងខ្ញុំមិនបានបណ្តុះបណ្តាលកូនមកធ្វើមេចោរទេ។ និយាយកុំឲ្យភូតខ្លួនឯង អ្នកណាមិនចង់ឲ្យកូនធ្វើការល្អ។ ឆ្លើយមក។ អ្នកឯងក៏ចង់ឲ្យកូនអ្នកឯងធ្វើការល្អដែរ។ អ្នកណាមានលទ្ធភាព ដណ្តើមតាមរយៈការបោះឆ្នោតទៅ។ ថាបោះឆ្នោតមិនមានយុត្តិធម៌។ ឲ្យតែបោះឆ្នោតចាញ់ម្តងៗ ឡាំប៉ាហើយ។ ដល់ឡាំប៉ាមួយឆ្អែត បានចូលសភា។ ចុងក្រោយនេះ មហាក្សត្រកោះប្រជុំ គេទៅប្រជុំនៅសៀមរាប។ យើងចូលប្រជុំ ចូលស្បថនៅព្រះរាជវាំង គេទៅស្បថមុខអង្គរ។ ដោយសារវាក្បត់ពាក្យសម្បថនឹងហើយបានរលាយបក្ស។ រឿងហ្នឹងគឺត្រូវចងចាំ ត្រូវមានជំនឿខ្លះ។ ប៊ុន នី ហ្នឹងក៏ធ្លាប់ទៅស្បថនៅអង្គរវត្តដែរ។ ខ្ញុំបាននិយាយចំអកថ្ងៃមុននៅក្នុងសមាជ។
ប៊ុន នី មនុស្សរបស់គណបក្សប្រជាជន ប៉ុន្តែអ្នកឯងឲ្យ ប៊ុន នី ឈរឈ្មោះ។ រុញទូកបណ្តោយទឹក ឲ្យឈរជាប់តំណាងរាស្ត្រធ្វើអី។ ហ្នឹងថ្ងៃក្រោយអ្នកឯងកុំភ្លើ។ ជាប់តំណាងរាស្ត្រធ្វើព្រងើយ។ ដល់រលាយបក្ស ប៊ុន នី ចេញមកនេះប្រុច ហើយបន្ថែមកៅអីត្រឡប់ទៅវិញឲ្យ ប៊ុន នី ចូលវិញដដែល។ ដល់ក្រោយមក ប៊ុន នី មកឈរនៅនេះទៀត។ ជាប់ទៀត។ រឿងហ្នឹងវាអញ្ចឹង។ ឃើញឃ្លីបវីដេអូមួយ។ គ្រាន់តែជិះទូកអត់ពុលរលក ក៏ផ្តាំមក ហ៊ុន សែន ថាសុខភាពគេល្អ។ វាទៅជាអញ្ចេះ។ អត់មានការងារធ្វើៗ តែប៉ុណ្ណឹង។ ក្មេងស្រី លី ច័ន្ទវត្តី ថា បើចិត្តសឿងណាស់ ពូកែណាស់ ទៅលោតពីកំពស់ ១០ ជាន់ចុះមក។ បើវាមិនងាប់ហ្នឹងបានពូកែ។ គ្រាន់តែជិះទូកអត់ពុលរលកក៏ផ្ញើសារមកឲ្យ ហ៊ុន សែន មើលដែរ។ យីព្រះអើយទៅរួច។ ប៉ុន្តែ មនុស្សមុខក្រាស់គឺវាចឹង។ ខ្ញុំមិនចង់ឆ្លើយតបទេ ព្រោះអ្វីដែលគេចង់បានពីខ្ញុំ គឺឲ្យខ្ញុំឆ្លើយតប ដើម្បីនឹងឡើងកូដ។ ប៉ុណ្ណឹងទេ។ ប៉ុន្តែហួសពេក ក្មេងៗឆ្លើយទៅ។ រួចហើយឃើញហ្វេសប៊ុករបស់ខ្ញុំមាន admin គេយកមកបង្ហោះលេងទៅ។
(១៤) ដើម្បីកុំឲ្យអាម៉ាស ថៃអាចប្រាប់ប្រជាជនថា “ពីពេលនេះទៅ ការកែសម្រួលម៉ោងពេលត្រូវបានបញ្ចប់ និងគ្រប់ច្រកដំណើរការធម្មតាចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១០យប់”
ខ្ញុំមានរឿងមួយ។ យប់មិញ ខ្ញុំនៅដល់ម៉ោង១២។ ពីថ្ងៃខ្ញុំជាប់រវល់រហូត។ បាយហើយ ចេញពីភ្នំពេញម៉ោង១២។ សម្តេចពិជ័យ, ឯកឧត្តម ជា សុផារ៉ា មកជាមួយគ្នា។ មានអី ទើបបាយហើយដាក់លើឡាន។ អត់ដឹងមកដល់ត្រង់ណា ស្រាប់តែថាដល់ហើយ។ យី!ដូចមួយភ្លែតសោះដល់។ ដេកលើឡានរហូត។ លក់មួយស្រួល។ ភ្ញាក់ឡើងចុះធ្វើការនៅនោះហើយមកនេះ។ ទៅដល់ទីរួមខេត្តនោះ នាំគ្នាស៊ីត្រសក់ស្រូវ។ ជជែកគ្នារហូតដល់ម៉ោង ១០កន្លះហើយបានឡើងទៅ។ យីដូចអត់ទាន់ងូតទឹក។ ចូលងូតទឹកទៅ។ មកវិញ មើលសារស្អីសព្វបែបយ៉ាង …។
អញ្ចឹង ចង់និយាយកន្លែងហ្នឹងបន្តិច។ មិនចង់និយាយជំនួសនាយករដ្ឋមន្ត្រីទេ ក៏ប៉ុន្តែគ្រាន់តែជួយនាយករដ្ឋមន្ត្រី បំភ្លឺរឿងបិទឬបើកទល់ដែនជាមួយថៃប៉ុណ្ណឹងទេ។ មានការប្រជុំមួយដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិស្តីទី នៅទីក្រុងបាងកក ហើយគេចេញមកប្រកាសថា “មិនបានបិទច្រកទេ គ្រាន់តែកែសម្រួលម៉ោងពេល”។ មើល! ខ្ញុំសូមសួរប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃ តើពាក្យបិទច្រក និងកែសម្រួលពេលម៉ោងហ្នឹងយ៉ាងម៉េច? វាបិទដូចតែគ្នា។ ពីដើមធ្លាប់ថាបើកពីម៉ោង៦ ដល់ម៉ោង១០ យប់។ ពេលហ្នឹងអ្នកឯងចំហទ្វារ។ ដល់ក្រោយមកអ្នកឯងថា ពីម៉ោង៨ ដល់ម៉ោង៤ អ្នកឯងចាប់បិទ។ ហ្នឹងថាម៉េចដែរ? និយមន័យពាក្យថាបើក តែកែសម្រួលពេលវេលា មានន័យថាម៉េច? សួរថា កែសម្រួលពេលវេលានេះ អ្នកឯងហាមឃាត់ការឆ្លងទៅឆ្លងមកជាទម្លាប់ធម្មតាកាលពីពេលមុន។ តើអ្នកឯងយល់យ៉ាងម៉ច។
ឥឡូវអញ្ចេះចុះ ដើម្បីកុំឲ្យមានភាពអាម៉ាស់។ អ្នកឯងនិយាយប្រាប់ប្រជាជនខ្លួនឯងទៅ។ យើងអត់ខ្វល់ថាបិទ ឬក៏កែសម្រួលពេលវេលាទេ។ អ្វីដែលយើងចង់បាន គឺស្ថានភាពដើមមុនថ្ងៃ ៧មិថុនា។ អ្នកឯងប្រាប់ទៅប្រជាជនខ្លួនឯងទៅថា “ចាប់ពីពេលនេះតទៅ ការកែសម្រួល(ម៉ោងពេល)ត្រូវបានបញ្ចប់ ហើយឲ្យដំណើរការធម្មតាចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ នៅគ្រប់ច្រកទាំងអស់”។ តែប៉ុណ្ណឹងចប់ហើយ។ អត់ចាំបាច់មកសុំចរចា។
(១៥) កម្ពុជាត្រូវការត្រឹមដំណើរការច្រកព្រំដែនដូចមុនពេលថៃ “កែសំរួល ឬបិទជាឯកតោភាគី” គ្មានការចរចា ឬមិនចរចាទេ
ម្សិលមិញ ខ្ញុំហ៊ុចទូរស័ព្ទទៅឲ្យនាយករដ្ឋមន្ត្រីនិយាយ។ ញ៉ែប៉ប្រែ ចង់សរសេរសំបុត្រ។ ខ្ញុំមិនទាន់សួរ។ ប្រហែលជា ទៀ សីហា មើល។ នៅក្នុង(កាសែត) The Nation និយាយថា មានទំនាក់ទំនងមក ទៀ សីហា។ តើមានឬអត់? ថាកិច្ចដំណើរការចរចាកំពុងបន្ត។ កុំនិយាយភូតប្រជាជនខ្លួនឯង។ ខាងនេះបានហាមឃាត់ អត់ឲ្យមានការចរចាលើបញ្ហាបើកច្រកព្រំដែនទេ។ រឿងអ្នកឯងបិទ គឺអ្នកឯងបិទខ្លួនឯង។ ឬឥឡូវថាអ្នកឯងថាមិនបិទទេ កែសម្រួល។ អើ! កែសម្រួល អ្នកឯងកែសម្រួលខ្លួនឯង។ ដល់ចង់កែសម្រួលឡើងវិញ អ្នកឯងបបួលគេចរចា។ ធ្វើម៉េចនឹងត្រូវ។ ខាងនេះច្បាស់លាស់។ កិច្ចសន្ទនាដែលបែកធ្លាយជាមួយនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែង។ កុំចង់យកមុខមាត់។
ខ្ញុំជូនជាព័ត៌មាននិងជាយោបល់។ កុំបាច់មកសួរនិងប្រាប់កម្ពុជា។ ប្រាប់ទៅប្រជាជនថៃខ្លួនឯងទៅថា “បងប្អូនជនរួមជាតិថៃទាំងឡាយ ចាប់ពីពេលនេះ តទៅច្រកព្រំដែនដែលត្រូវបានកែសំរួលពីមុន ពីម៉ោង៨ ព្រឹក ដល់ម៉ោង ៤ល្ងាច ត្រូវកែសំរួលត្រឡប់ទៅវិញពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់។ ការកែសំរួលនេះមិនត្រូវបានកែសម្រួលសារជាថ្មីទេ” ដើម្បីអោយប្រជាជនថៃទុកចិត្តប្រទេសខ្លួនឯងទៅ។ តាមរយៈនោះគឺឆ្លងទៅមកហើយ។ មានអីទៅពិបាក។ ខាងកម្ពុជាអត់ត្រូវការកែសំរួលទេ។ រង់ចាំតែខាងថៃទេតើ។ ខាងកម្ពុជាត្រូវការត្រឹមតែដំណើរការដូចមុនពេលដែលអ្នកឯងកែសំរួល ឬមុនពេលដែលអ្នកឯងបិទជាឯកតោភាគី។ អត់មានត្រូវការមកតាមចរចា ឬមិនចរចាទេ។ រវល់តែហៅទូរស័ព្ទសួរ(ចុះឡើងអី) ពិបាកណាស់។ នេះជាស្ថានភាពចាញ់ចាញ់ ប៉ុន្តែអ្នកដែលចាញ់ធ្ងន់ជាងគេមិនមែនខ្មែរទេ។
បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនបានមកជួបខ្ញុំ។ គាត់មានការលំបាកដែរ។ គាត់មានការវិនិយោគនៅថៃនិងកម្ពុជា។ គាត់ថា ពិបាក។ តើត្រូវធ្វើការសំរេចចិត្តរបៀបម៉េច។ គាត់ធ្វើការវិនិយោគនៅកម្ពុជាដឹកទៅថៃ, វិនិយោគនៅថៃដឹកមកកម្ពុជា។ គ្រឿងបង្គុំទាក់ទងឆ្លងឆ្លើយគ្នា។ ខ្ញុំប្រាប់គាត់ថា រឿងហ្នឹង(បង្កើតឡើងដោយ)ថៃទេតើ។ ឯកឧត្តមទៅប្រាប់ថៃថាអោយធ្វើដូចមុនទៅ អ្វីៗ នឹងដូចធម្មតា។ អត់ពិបាកទេ។ បិទខ្លួនឯង ឬកែសំរួលខ្លួនឯង ដល់ត្រូវបើកឬកែសំរួលមកបបួលឯងចរចា។ អត់ត្រូវ។
(១៦) ដាច់ខាតកុំទិញ អគ្គិសនី អ៊ីនធើណិត និងឥន្ធនៈ/ឧស្ម័ន ពីថៃ
ខ្ញុំសុំអត្ថបទយប់មិញ ដែល បូរឹទ្ធ ផ្ញើអោយខ្ញុំ ម៉ោងជិត១២ … ក្នុងអត្ថបទហ្នឹង ទាក់ទងជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ ទៀ សីហា។ បើសិនជាមិនមានអញ្ចឹងមែន អោយ សីហា ឆ្លើយតបទៅថា គ្មានបានទាក់ទងទេ។ កុំភូត។ ព្រោះពួកគាត់ចូលចិត្តភូត។ មិនត្រឹមតែភូតប្រជាជនកម្ពុជាទេ ភូតប្រជាជនថៃ និងភិភពលោក។ ខ្ញុំនិយាយអោយច្បាស់អញ្ចឹង។ ទោះបីខ្ញុំមិនមែននាយករដ្ឋមន្ត្រី តែខ្ញុំក៏ដឹងថា អ្វីទៅដែលរាជរដ្ឋាភិបាលធ្វើ។ ម្សិលមិញ នៅពេលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី មិនដឹងថា ម៉ាណែត និយាយឬអត់ទេ ប៉ុន្តែខ្ញុំបាននិយាយប្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរីថា កម្ពុជាត្រូវការតែមួយចំណុចហ្នឹងទេ។ ប៉ុន្តែមិនមែនបានសេចក្ដីថា (បាន)មួយចំណុចហ្នឹងរួចហើយ (លែងប្រុងប្រយ័ត្ននោះ)។ កម្ពុជាត្រូវតែមានការប្រុងប្រយ័ត្ន។ អ្វីដែលជាផ្នែកយុទ្ធសាស្ត្រ កុំទិញពីថៃអោយសោះ។ ទីមួយ ដាច់ខាតកុំទិញអគ្គិសនី។ អតីតរដ្ឋមន្ត្រីការពារជាតិ ឥឡូវហ្នឹងជារដ្ឋមន្ត្រីមហាផ្ទៃ អត់ឆ្លើយសំណួរខ្ញុំបានទេ ដែលថានៅប្រើភ្លើងពី ៦ ចំណុច។
នៅកំពង់ធំខ្ញុំបានប្រើពាក្យច្បាស់។ ខ្ញុំថាបើអ្នកឯងចេញមកពន្យល់មិនបានទេ អ្នកឯងមិនមែនជាមនុស្សទេ។ ដល់អ្នកកាសែតសួរគាត់ (ឆ្លើយថា)រឿងអីខ្ញុំទៅស្ដាប់ ហ៊ុន សែន។ ចុះពេលដែលអ្នកឯងនិយាយមក គឺបានសំដៅលើកម្ពុជា ម្តេចអ្នកឯងនិយាយបាន (ដល់ខ្ញុំសួរ)អ្នកឯងៗ អត់ទាន់ឆ្លើយទេកន្លែងហ្នឹង។ កម្ពុជាមិនមានទិញភ្លើងពីថៃទេ។ រឿងភ្លើងកុំទិញអោយសោះ។ ក្រែងមានការ(ឈ្លោះគ្នាទៀត) គេក៏តាំងកាត់ភ្លើងទៅ។ ទីពីរ កុំ(ទិញ) អ៊ិនធើណិត (ឱ្យ)សោះ។ បើថា ចាំបាច់ បង្ហោះ Satellite។ សូម្បីតែទៅដល់សិង្ហបុរី ទៅដល់ប្រទេសណា ខ្ញុំប្រើតែអ៊ីនធើណិតដែលខ្ញុំភ្ជាប់ជាមួយ Satellite។ យើងមានមធ្បោបាយ និងប្រភព(ជាច្រើន)។ ទីបី កុំទិញប្រេងឥន្ធនៈនិងឧស្ម័ន។ បើពេលដែលមានការតក់ក្រហល់ គេកាត់ យើងពិបាក។ គេបានគំរាមយើងហើយ។ នេះមិនមែនជារឿងថ្មីទេ។ ជំលោះទល់ដែនជំនាន់ Abhisit Vejjajiva ក៏គេបានគំរាមអញ្ចឹងដែរ។
(១៧) ឈប់នាំចូល/បញ្ចាំងកុនថៃតាមទូរទស្សន៍ PTT ទិញប្រេងពី សិង្ហបុរី ម៉ាឡេស៊ី វៀតណាម មកលក់ទៅ
ទាកទងនឹងផ្លូវលេខ៦៨។ យើងដឹងផែនការ។ គេខ្ទប់លុយហ្នឹង។ យើងប្រកាសធ្វើផ្លូវហ្នឹងដោយលុយខ្លួនឯង។ ពេលហ្នឹងបាន សៀង ណាំ។ ខ្ញុំទៅសៀមរាប។ សៀង ណាំ អង្គុយលេងជាមួយខ្ញុំ។ (គាត់)ថា “បង ខ្ញុំទៅ(ជួប)ជាមួយអ្នករត់ម៉ូតូឌុប គេនិយាយថា ផ្លូវហ្នឹង បើយើងកុំយកលុយថៃមកធ្វើបានឬអត់។ ធ្វើលុយយើង ខ្ញុំប្រមូលគ្នាធ្វើ?” ខ្ញុំចាប់ទូរស័ព្ទសួរមក អូន ព័ន្ធមុនីរ័ត្ន។ ពេលហ្នឹងនៅជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទីប្រឹក្សារបស់ខ្ញុំ។ (គាត់)ថាអាចដោះស្រាយបាន ដូចជាជាង ៣០លានដុល្លារ។ ខ្ញុំក៏ប្រកាស(ថា កម្ពុជាធ្វើខ្លួនឯង)។ Abhisit Vejjajiva នៅឯ សុងខ្លា ទាក់ទងទូរស័ព្ទមករកខ្ញុំថា ម៉េចបានអញ្ចឹង? ខ្ញុំថា មានការគំរាមកំហែងមិនអោយលុយ(ធ្វើផ្លូវហ្នឹង)។ អញ្ចឹងខ្ញុំមិនបាច់យកទេ។ រួចហើយខ្ញុំទៅខេត្តត្បូងឃ្មុំ ប្រកាសពីហ្នឹងថាអត់យក។ យើងធ្វើផ្លូវនោះខ្លួនឯង។ ប្រគល់ថវិកាអោយកងវិស្វកម្ម ខ្វាន់ សៀម របស់អគ្គបញ្ជាការធ្វើ។ កុំដាក់ចេញសេណារីយ៉ូ(គំរាមខ្មែរ)ហ្នឹងមក។
រឿងកុនថៃ ល្មមចប់ហើយ។ បញ្ចប់ទៅ។ គេបញ្ចាំងស្រុកគេហើយ ឯងទៅទិញរបស់គេយកមកបញ្ចាំងគ្រប់តែទូរទស្សន៍។ ធ្វើខ្សែភាពយន្ដ(ខ្លួនឯង) មើលទៅ។ បើអ្នកឯងលេងទៅដល់ហ្នឹងហើយ យើងមានតែជំរើសហ្នឹង។ ធ្លាប់បិទឈប់ឲ្យបញ្ចាំងម្ដងហើយពីឆ្នាំ២០០៣។ ស្នើសុំមកខ្ញុំជានិច្ច (ឱ្យបើកចាក់រឿងថៃឡើងវិញ)។ រហូតមកដល់២០១៦ ២០១៧ ទើបបញ្ចាំងឡើងវិញ។ ឥឡូវពូកែ(គំរាម)ពេក ខាងនោះអ្នកលេង ខាងនេះអ្នកមែន។ និយាយឲ្យច្បាស់។ ខាងនោះអ្នកគំរាម ខាងនេះធ្វើមែន។ ខាងនោះគំរាមកាត់ internet ភ្លើង។ អញកាត់មុន។ គំរាមហាមឃាត់អត់ឲ្យចូល អញហាមឃាត់អត់ឲ្យចូលផ្លែឈើបន្លែ។ គំរាមឈប់លក់ប្រេងឧស្ម័ន អញឈប់ទិញមុន។
មានកប៉ាល់មួយដឹកមក។ ហើយកងទ័ពជើងទឹករបស់យើងឲ្យចេញទៅវិញ។ PTT ជាក្រុមហ៊ុនរបស់ថៃ។ អញ្ចឹង PTT ទៅទិញប្រេងពី សិង្ហបុរី ម៉ាឡេស៊ី វៀតណាម មកចាក់ទៅ។ ស្ថានីយប្រេងរបស់ខ្លួនមិនបាច់ចាំដូរឈ្មោះទេ ប៉ុន្ដែកុំទៅទិញប្រេងពីប្រទេសថៃមកបានហើយ ក្រែងថ្ងៃក្រោយអ្នកឯងធ្វើបាបខ្ញុំ អត់ផ្គត់ផ្គង់ប្រេង (នាំតែ)ធ្វើឲ្យខ្ញុំជួបវិបត្ដិ។ អញ្ចឹង ចំណុចយុទ្ធសាស្ដ្រទាំងបីហ្នឹង៖ ភ្លើង Internet ប្រេង) ក្ដាប់ឲ្យជាប់។ ខ្ញុំគិតថាក្នុងរាជរដ្ឋាភិបាល ទាំងនាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តី មានការគិតគូរច្បាស់លាស់ហើយ ប៉ុន្ដែយើងជាអ្នកចាស់ទុំ ដែលធ្លាប់មានបទពិសោធន៍(គួរតែក្រើនរំលឹក)។ កុំពឹងអុកស៊ីសែនគេដកតែម្នាក់។ យើងរកប្រភពផ្សេង។ កុំឲ្យភាពច្រំដែលកើតឡើង។ អ្វីដែលខ្ញុំចង់ផ្ដាំមានតែប៉ុណ្ណឹងទេ។
(១៨) ចង់ដឹងថាតើអ្នកណាកាន់អំណាចពិតប្រាកដនៅប្រទេសថៃបច្ចុប្បន្ន? … មិនមែនជារឿងជ្រៀតជ្រែកទេ
កម្ពុជានៅតែចង់បានការធ្វើទំនាក់ទំនងមិត្តភាពជិតខាងល្អ។ ឲ្យតែបញ្ហាច្រកព្រំដែនត្រូវបានដោះស្រាយ វិលត្រឡប់ទៅរកសភាពការណ៍មុនថ្ងៃទី៧ មិថុនា២០២៥ យើងនឹងផ្ដើមការចរចាឡើងវិញ។ ប៉ុន្ដែមុន(រឿងនេះកើត)គឺមិនអាចចរចាទេ ព្រោះថាអ្នកឯងនឹងដាក់របៀបវារៈបើកច្រកព្រំដែន។ វាមិនក្លាយជារបៀបវារៈនៃការចរចាបានទេ ដោយសាររឿងនេះមិនមែនជារឿងរបស់កម្ពុជាត្រូវការចរចាឯណា។ រឿងអ្នកឯងបញ្ជាបិទបើក ឬកែសំរួល ស្រេចចិត្តលោកឯង។ មិនដឹងថាសារមួយណាពិត ឬមិនពិតទៅទៀត។ ដល់គេនិយាយទៅ ថាគេជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ខុសធម្មនុញ្ញអាស៊ាន។ ឥឡូវយើងសួរឲ្យពិតថា តើអ្នកណាកាន់អំណាចនៅប្រទេសថៃបច្ចុប្បន្ននេះ? យើងរកមិនឃើញ។ ឧទាហរណ៍ថា ត្រូវស្រុះស្រួលជាមួយនាយករដ្ឋមន្ដ្រី ប៉ុន្ដែសួរថាមេទ័ព ព្រមទេ? សួរថាអ្នកណាកាន់អំណាចពិតប្រាកដ? នេះមិនមែនជារឿងជ្រៀតជ្រែកទេ ប៉ុន្ដែរឿងយើងរកអ្នកណាធំបំផុតដែលមានសិទ្ធិសំរេច(មិនឃើញ)។ (សំរាប់កម្ពុជា) កាលពីដើមមានតែ ហ៊ុន សែន ទេ មានសិទ្ធិសំរេច។ ឥឡូវមានតែ ហ៊ុន ម៉ាណែត ទេ ដែលមានសិទ្ធិសំរេច។ ខ្ញុំមិនអាចនិយាយជំនួសទេ។ ខ្ញុំគ្រាន់តែអាចជួយប្រាប់ប្រជាពលរដ្ឋ មិនមែនជួយប្រាប់នាយករដ្ឋមន្ដ្រីទេ។ នាយករដ្ឋមន្ដ្រីជាអ្នកសំរេច អ្នកបញ្ជា។
(១៩) សំរាប់ប្រទេសអនុវត្ដប្រព័ន្ធប្រជាធិបតេយ្យអាស្រ័យសភា អំណាចស្ថិតនៅនាយករដ្ឋមន្រ្ដី
រឿងនេះមានការចាប់ផ្ដើមអញ្ចេះ។ ខ្ញុំនៅចាំច្បាស់។ ថ្ងៃសុក្រទី១៣ (ខែ?) ឆ្នាំ១៩៩៨ ព្រះករុណាបិតា ព្រះអង្គកោះប្រជុំបន្ទាន់មួយ។ ខាងគណបក្សប្រជាជនមាន៖ បង ជា ស៊ីម, ខ្ញុំ, សុខ អាន និងជំនួយការមាន ប្រាក់ សុខុន។ ខាង ហ៊្វុនស៊ីនប៉ិចមាន សម្ដេចក្រុមព្រះ, ឯកឧត្តម យូ ហុកគ្រី។ ខ្ញុំមិនច្បាស់ថាអ្នកណាផ្សេងទៀត ប៉ុន្ដែច្បាស់ណាស់ថា (មាន) សម្ដេច ក្រុមព្រះ និង ឯកឧត្តម យូ ហុកគ្រី។ ពេលហ្នឹង និយាយពីការបង្កើតព្រឹទ្ធសភា។ អញ្ចឹងមានការបែងចែកហើយស្រេច។ ប្រធានព្រឹទ្ធសភា គឺសម្ដេច ជា ស៊ីម, ប្រធានរដ្ឋសភា គឺសម្ដេចក្រុមព្រះ នាយករដ្ឋមន្ដ្រីគឺ ហ៊ុន សែន។ ពេលហ្នឹងព្រះករុណាបិតា មានបន្ទូលថា “ខ្ញុំជាព្រះមហាក្សត្រ ជាមនុស្សទី១, សម្ដេច ជា ស៊ីម ជាប្រធានព្រឹទ្ធសភា ជាមនុស្សទី២។ សម្ដេចក្រុមព្រះ ជាប្រធានរដ្ឋសភា ជាមនុស្សទី៣ និងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជាមនុស្សទី៤។ យើងទាំងអស់គ្នា មិនត្រូវភ្លេចថាអំណាចនៅមនុស្សទី៤”។ ឥឡូវយើង(នៅបន្ដ)អនុវត្ដទំរង់ហ្នឹង។ គ្រប់ប្រទេសទាំងអស់ ដែលអនុវត្ដប្រព័ន្ធប្រជាធិបតេយ្យអាស្រ័យសភា គឺអំណាចស្ថិតនៅនាយករដ្ឋមន្រ្ដី។ វាខុសពីប្រព័ន្ធនានាដែលបារាំងហៅថា រ៉េស៊ីមប៉ាឡឺម៉ង់ទែរ (Un régime parlementaire) ឬរ៉េស៊ីមប្រេស៊ឺដង់សែ្យល (Un régime présidentiel)។ បារាំង និង អង់គ្លេស របស់ខ្ញុំវាមិនច្បាស់ ព្រោះអណ្ដាតរបស់ខ្ញុំវាស្ទាត់ជំនាញរឿងខ្មែរ។ régime présidentiel គឺមានតែប្រធានាធិបតីអាមេរិកមួយគត់ ដែលអំណាចខ្លាំង មានសិទ្ធិវេតូ. ប៉ុន្ដែប្រព័ន្ធដូចនៅបារាំងអី ប្រធានាធិបតីអត់មានសិទ្ធិវេតូទេ។
(២០) ជូនសាលសហសិក្សាទំនើប ដល់មជ្ឈមណ្ឌលអប់រំនិងបណ្ដុះបណ្តាល ជា ស៊ីម-កំចាយមារ ក្នុងសម័យទទួលទានឆ្អែត ឆ្ងាញ់ និងធានាសុខភាព
ថ្ងៃនេះ មានសំណូមពររបស់សាលា មជ្ឈមណ្ឌល។ អម្បាញ់មិញ ខ្ញុំក៏មានការភ្ញាក់ផ្អើលដែរ មត្ដេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សម្ដេច ហ៊ុន សែន ដល់សាកលវិទ្យាល័យបានសម្ដេច ជា ស៊ីម។ នៅទីនេះ បានស្នើសុំសាលប្រជុំ។ ពីដើមគេហៅថា សាលសហសិក្សា? មានសំណើស្នើសុំសាលហ្នឹងមួយដែលផ្ទុកបាន ៣ពាន់នាក់។ ខ្ញុំសុំទទួលយកនិងសាងសង់ឲ្យទាំងស្រុង។ អ្វីដែលជាការចង់បានរបស់ខ្ញុំគឺ ខ្ញុំត្រូវបញ្ជូនវិស្វកម្មតេជោចូលធ្វើ ព្រោះគេបានសាងសង់សាលានៅព្រៃវែងហ្នឹងមួយគគោក កាលដែលខ្ញុំមកឆ្នាំណានោះ។ ព្រៃវែងកសាងសាលាច្រើន។ អញ្ចឹង ខ្ញុំជូនវិស្វកម្មតេជោនេះ។ ឥឡូវកំពុងធ្វើអន្ដេវាសិកមួយដាក់និស្សិតស្រ្ដី ៥០០ នាក់។ ដីតំលៃជាង ១០លាន ដល់អគារខាងលើ(ដី) អស់តែជាង ៤លានដុល្លារ។ ថ្លៃដីថ្លៃជាង។
នៅទីនេះ យើងត្រូវធ្វើស្ដង់ដារដែលអាចប្រជុំជាអន្ដរជាតិបាន។ អញ្ចឹង សូមរៀបចំប្លង់គោលមក។ យើងត្រូវមានបន្ទប់សំរាប់ទទួលភ្ញៀវក្បែរខាងហ្នឹង។ ឧទាហរណ៍ថា ត្រូវការប្រជុំ មានមេដឹកនាំមកប្រជុំ។ ត្រូវការបន្ទប់ដើម្បីទទួលភ្ញៀវ។ សាលហ្នឹងត្រូវពិសេសបន្ដិច ព្រោះសាលានេះមានដៃគូច្រើន តាំងពីម៉ាឡេស៊ី តាំងពីស្អីៗ។ ពេលដែលហៅគេមក ត្រូវពិគ្រោះពិភាក្សាអី យើងត្រូវមានបន្ទប់បន្ថែម។ សាលធំសំរាប់ដាក់ (មនុស្ស) ៣ ០០០ នាក់ ប៉ុន្ដែត្រូវមានបន្ទប់មួយចំនួនផ្សេងទៀត ដែលយើងអាចរៀបចំជំនួបរវាងថ្នាក់នាំប្រទេសនានា ដែលគេអាចមកដល់កន្លែងយើង។ កន្លែងបន្ទប់អនាម័យហ្នឹងត្រូវឲ្យជាស្ដង់ដារ។ សម័យនេះហើយ(ត្រូវទំនើប)។ កាលពីយើងធ្វើម៉េចស៊ីឲ្យបានឆ្អែត ចង់ជំងឺអីៗយើងមិនខ្វល់ ឲ្យតែបានឆ្អែត។ ឥឡូវនេះ ឲ្យឆ្អែត ឆ្ងាញ់ ធានាសុខភាព។ អគារក៏ត្រូវខុសពីមុនដែរ។ ពីមុនអគារធ្វើមួយជាន់ៗ ឲ្យបានលឿន ប៉ុន្តែឥឡូវ(ធ្វើ)មួយជាន់ស្តាយដី។ តែសាលប្រជុំនេះ ធ្វើតែមួយជាន់ទេ … រៀបចំដីធ្លីទៅ។ ខេង សាមេធនឹងចុះមករៀបចំប្លង់អីជាមួយគ្នា ចង់បានយ៉ាងម៉េចអីយ៉ាងម៉េចធ្វើទៅ។ ខ្ញុំប៉ាវដាច់។
សាលាដែលខ្ញុំចូលរួមចំណែកធ្វើនៅក្នុងខេត្តព្រៃវែង មានអគារ ៣០៥ខ្នង ស្មើនឹង ១៩៧៥បន្ទប់។ ក្រៅពីសាលាខ្ញុំមិនដឹងជាមានសាលាប៉ុន្មានទៀត។ ច្រើនណាស់។ ហៅថាគោលនយោបាយ (ចេញពី)សេចក្តីថ្លែងការណ៍សន្ទុក គឺឱ្យមានអនុវិទ្យាល័យមួយក្នុងមួយឃុំ ដល់ក្រោយមកយើងប្រើថា មួយឃុំឱ្យមានអនុវិទ្យាល័យមួយយ៉ាងតិច។ ឆ្នាំ២០០២ ខ្ញុំប្រកាសនៅស្រុកសន្ទុកខេត្តកំពង់់ធំថា ត្រូវតែមានអនុវិទ្យាល័យមួយក្នុងមួយឃុំ។ ប៉ុន្តែក្រោយមកឃុំខ្លះវាធំពេក។ យើងប្រើពាក្យថា មួយឃុំត្រូវមានអនុវិទ្យាល័យមួយយ៉ាងតិច។ អញ្ចឹង វាអាចមានច្រើនជាងមួយ ហើយស្តង់ដាក៏វាល្អប្រសើជាងមុន ដើម្បីធានាសុខភាពរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។
អំណោយ
ឥឡូវនេះ មានសិស្សានុសិស្ស ២៩៣៣នាក់។ ពិតមែនតែពួកគេមិនមកនៅទីនេះ ក៏ខ្ញុំសូមផ្ញើជូនពួកគាត់ក្នុងម្នាក់ សៀវភៅ ២ក្បាល ប៊ិច ១ដើម ថវិកា ១ម៉ឺនរៀល។ និស្សិតសរុបចំនួន ៣៧៥៤នាក់ តែមកចូលរួមនៅទីនេះប្រហែលជា ១០០០នាក់តែប៉ុណ្ណឹងទេ។ យើងជូនទាំងអស់គ្នា ក្នុងម្នាក់ៗ ថវិកា ១០ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូចំនួន ៣៤២នាក់ ក្នុងម្នាក់ៗ ថវិកា ២០ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន កំចាយមារ ថវិកា ៥លានរៀល។ ជូនសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ ៣លានរៀល។ ជូនមត្តេយ្យសិក្សា ហ៊ុន សែន កំចាយមារ ១លានរៀល។ ជូនសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ៥០លានរៀល។ជូនសាលាស្រុកកំចាយមារថវិកា ៥លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការនៅក្នុងអង្គពិធីនេះថវិកា ៥លានរៀល។
(២១) ចេញពី ៥ក្រុម តំបន់ខុសគ្នា ពេលវេលាខុសគ្នា មានគោលដៅរួម ក្លាយជាគណបក្សនយោបាយមួយ មានសាមគ្គីភាពរឹងមាំបំផុត គ្មានអ្នកណាអាចបំបែកបាន
ឥឡូវយើងគេមិនទាន់យកទៅដាក់នៅសារមន្ទីរទេ។ គេនៅត្រូវការក្រុមយើងឱ្យនិយាយនៅឡើយទេ។ បើយកទៅដាក់នៅសារមន្ទីរក៏វាខាតបង់។ ទាំងអស់គ្នាត្រូវចាំ។ ចាំអ្វី ដែលខ្ញុំចង់ផ្តាំ។ ខ្ញុំចង់់និយាយចំណុចហ្នឹងបន្តិចមុននឹងយើងបែកគ្នា។ ពេលចាប់ផ្តើមធ្វើរណសិរ្ស យើងចេញពី ៥ក្រុម។ អ្វីដែលជាមោទនភាពធំបំផុតរបស់គណបក្សប្រជាជនផ្តើមចេញពីតំបន់ខុសៗគ្នា ពេលវេលាខុសគ្នា ប៉ុន្តែគោលដៅរួម។ ពី ៥ក្រុមមកនៅជាគណបក្សនយោបាយតែមួយ ហើយដែលមានសាមគ្គីភាពរឹងមាំបំផុត គ្មានអ្នកណាអាចបំបែកបាន។ ជំនាន់ចាស់បានធ្វើការជាមួយគ្នា ឆ្លងកាត់នូវការលំបាកច្រើនណាស់។ អញ្ចឹង ជំនាន់បន្តវេន មិនថាបន្តវេននៅថ្នាក់កណ្តាល ថ្នាក់ក្រោមជាតិ ឬបន្តវេណនៅកន្លែងណា ត្រូវចងចាំថាឪពុកម្តាយរបស់ខ្លួនបានប្រឹងប្រែងរស់នៅជាមួយគ្នា តាំងពីស៊ីអត់ ស៊ីឃ្លាន មកមានស្រាល្អៗ។ បើបែកគ្នាដូចវាមិនសម។ ហ្នឹងចូលដល់អកតញ្ញូនយោបាយ។ ចំណុចខ្លាំងរបស់គណបក្សប្រជាជនគឺនៅកន្លែងហ្នឹង។ អត់មានអ្នកណាមកបំបែកបានទេ។ ការមានមតិខុសគ្នា គឺជាដំណើរការធម្មតានៃលទ្ធិប្រជាធិបតេយ្យក្នុងបក្ស។ គ្មានបក្សណាដែលមានប្រជាធិបតេយ្យផ្ទៃក្នុងជាងបក្សប្រជាជនទេ។
(២២) គណបក្សសម្រេចហើយ អនុវត្តវិធាន “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន ប្រមូលផ្តុំប្រជាធិបតេយ្យ” … ត្បិត គណបក្សប្រជាជនមិនមែនជាក្លឹបកម្សាន្តទេ
គណបក្សខ្លះធ្វើមហាសន្និបាត ២ម៉ោង មានអីជជែកគ្នា? គ្រាន់តែការប្រជុំសមាជគណបក្សប្រជាជន ហៅថាសន្និបាតមជ្ឈឹមបើកទូលាយ យ៉ាងហោចណាស់ក៏ប្រើពេល ២ថ្ងៃដែរដើម្បីជជែក។ នេះជាដំណើរការប្រជាធិបតេយ្យផ្ទៃក្នុង។ សូមក្រឡេកមើលទៅគណបក្សដែលអួតអាងខ្លួនជាគណបក្សប្រជាធិបតេយ្យ។ ធ្វើមហាសន្និបាត ២ម៉ោងចប់ … ហៅគ្នាមកប្រជុំ បានត្រឹមតែទះដៃ។ គណបក្សប្រជាជន មុននឹងចេញគោលនយោបាយ សេចក្តីព្រៀងត្រូវបានបញ្ជូនទៅមូលដ្ឋានរួចស្រេច ទទួលបានការផ្តល់យោបល់ត្រឡប់មកវិញ។ ផ្តល់យោបល់ហើយ កែសម្រួលហើយ យើងក៏ចាប់ផ្តើមបើកមហាសន្និបាត។ នៅក្នុងមហាសន្និបាត ជានិច្ចកាល ក្រុមលេខាធិការតែងមានការកែសម្រួលពេលដែលសមាជិកនៅក្នុងមហាសន្និបាតផ្តល់មតិ។ យើងប្រជុំប៉ុន្មានខែមុន។ យើងបានឃើញច្បាស់។ កែសម្រួលពាក្យនេះ បន្ថែមពាក្យនោះ ដែលឃើញថាវាសមហេតុសមផលយើងត្រូវបញ្ចូល។ អញ្ចឹង វាជាដំណើរការធម្មតានៃលិទ្ធប្រជាធិបតេយ្យ។ គណបក្សប្រជាជនមានចំណុចពិសេសត្រង់ថា បើកាលណាគណបក្សសម្រេចហើយ គឺប្រើប្រាស់វិធាន “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន ប្រមូលផ្តុំប្រជាធិបតេយ្យ”។ អ្នកឯងចង់ថា កុម្មុយនីស្ត ថាអី តែនេះមិនមែនជាក្លឹបកម្សាន្តទេ។ គឺជានយោបាយមួយពិតប្រាកដ។
(២៣) គណបក្សប្រជាជនកំពុងបន្តស្ថិតក្នុងអាណត្តិនៃមហាសន្និបាតទី៥
យើងធ្វើមហាសន្និបាតលើកទី៣ មានសមាជិកបក្សដែលចូលរួមមហាសន្និបាតត្រឹមតែ ៦២នាក់ទេ។ អ្នកជំនាន់ទី ១ ដែលទទួលបានការបោះឆ្នោតមានតែ ៧នាក់ទេ គឺបង ហេង សំរិន, បង ជា ស៊ីម, ប៉ែន សុវណ្ណ, ខ្ញុំ, បង ប៊ូ ថង, ចន្ទ គិរី និង វ៉ាន់ សន។ ដល់ចូលមកទីក្រុងភ្នំពេញ ត្រូវបើកមហាសន្និបាតវិសាមញ្ញ ដើម្បីបោះឆ្នោតឱ្យបង សាយ ភូថង ចូល។ អញ្ចឹង ចាត់ទុកគាត់ជាជំនាន់ទី១ដែរ។ ដល់មកមហាសន្និបាតលើកទី៤ នៅឆ្នាំ១៩៨១ យើងចាប់ផ្តើមពង្រីកក្បាលម៉ាស៊ីន។ ដល់ឆ្នាំ១៩៨៥ មហាសន្និបាតលើកទី៥។ ឥឡូវ យើងនៅក្នុងអាណត្តិនៃមហាសន្និបាតទី៥។ យើងអត់ទាន់ហ៊ានធ្វើមហាសន្និបាតតំណាងទូទាំងប្រទេសទេ។ សូមជម្រាបជូនកន្លែងហ្នឹង។ មហាសន្និបាតតំណាងទូទាំងប្រទេស តម្រូវការមាន ២សំខាន់់។ ទី១ ត្រូវធ្វើមហាសន្និបាតនៅបក្សមូលដ្ឋាន។ ឧទាហរណ៍ថា យើងយកគណបក្សឃុំ។ គណបក្សឃុំត្រូវបោះឆ្នោតជ្រើសរើសតំណាងដើម្បីបញ្ជូនមកចូលរួមមហាសន្និបាតនៅថ្នាក់ស្រុក។ ថ្នាក់ស្រុកត្រូវបោះឆ្នោតជ្រើសរើសតំណាង ដើម្បីមកចូលរួមសន្និបាតនៅថ្នាក់ខេត្ត។ ថ្នាក់ខេត្តត្រូវបោះឆ្នោតជ្រើសរើសតំណាង ដើម្បីមកចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេស។
យើងមិនអាចយកសមាជិកបក្សទាំងអស់មកចូលរួមអង្គុយ(មួយកន្លែង)ទេ។ អញ្ចឹង ត្រូវផ្អែកលើការបោះឆ្នោតជ្រើសរើសតំណាង។ មិនមែនបោះឆ្នោត ៥នាក់ ឈរ ៥នាក់ទេ។ ដាក់ ១០នាក់ យក ៧នាក់។ អញ្ចឹងត្រូវធ្លាក់ ៣នាក់។ មកដើម្បីអី? មកដើម្បីការពារនូវសេចក្តីសម្រេចរបស់ខ្លួន សំណូមពររបស់ខ្លួន ចង់ដាក់បញ្ចូលក្នុងកម្មវិធីនយោបាយ។ ហ្នឹងការលំបាកទី១ ដែលលំបាកធ្វើ តែវាមិនពិបាកហួសទេ។ អ្វីដែលជាការលំបាកគឺនៅត្រង់អញ្ចេះ កាលណាមហាសន្និបាតតំណាងទូទាំងប្រទេស តម្រូវឱ្យរំលាយចោលក្បាលម៉ាស៊ីនគណៈកម្មាធិការកណ្តាលសិន រួចហើយបោះឆ្នោតជ្រើសតាំងឡើងវិញ។ អញ្ចឹងបានជាគេប្រុងប្រយ័ត្នខ្លាំងណាស់ នៅក្នុងពេលដែលធ្វើមហាសន្និបាត។ គណៈអធិបតីត្រូវតែមានគ្រប់សមាសភាពតួអង្គ ព្រោះពេលរំសាយចោលគណៈកម្មាធិការកណ្តាលចាស់ មុនបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការកណ្តាលថ្មី គឺគណៈអធិបតីនេះទទួលខុសត្រូវ បើមានសភាពការណ៍អីកើតឡើង។ ព្រោះថា បើមជ្ឈឹមត្រូវបានរំសាយហើយ តែរំសាយ វារលាយទាំងអស់ ទាំងប្រធានបក្ស ទាំងអនុបក្ស ទាំងសមាជិក គណៈកម្មាធិការកណ្តាល គឺរលាយទាំងអស់។ អញ្ចឹងអ្នកណាត្រូវទទួលខុសត្រូវ? គឺគណៈអធិបតី (ក្នុងពេលដែល)គណៈអធិបតីត្រូវអនុម័តដោយមហាសន្និបាតហ្នឹងតែម្តង ដើម្បីយកការទទួលខុសត្រូវក្នុងថេរវេលា ភាពប្រកដប្រជារបស់គណបក្សប្រជាជន។
(២៤) គណៈកម្មាធិការកណ្តាលរីកធំល្មម ធៀបជាមួយសមាជិកជាង ៧លាននាក់
អញ្ចឹងវាលំបាកត្រង់ថា បើរំលាយ/រំសាយចោល តើអ្នកណានឹងឈរឈ្មោះវិញ? អ្នកណានឹងជាប់ឆ្នោត? អ្នកណាមិនជាប់ឆ្នោត? វាកើតរឿងមួយទៀត។ ដូច្នេះហើយបានជាគណបក្សប្រជាជន តាំងពីជាមួយបង ជា ស៊ីម, បង ហេង សំរិន នៅបន្តជាមួយគ្នាមក។ ពីដើម ការិយាល័យនយោបាយ ក្រោយមកយើងដូរជាគណៈអចិន្រៃយ៍។ យើងធ្វើត្រឹមតែមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ឬមហាសន្និបាតវិសាមញ្ញ ឬសន្និបាតកម្មាភិបាលទូទាំងប្រទេស។ នៅទីនេះ គឺខុសគ្នាតែ ១ចំណុចទេ រវាងមហាសន្និបាតតំណាងទូទាំងប្រទេស និងមហាសន្និបាតវិសាមញ្ញ គឺចំណុចគ្មានសិទ្ធិរំលាយចោលគណៈកម្មាធិការកណ្តាលចាស់ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការកណ្តាលថ្មី។ ប៉ុន្តែមានសិទ្ធិបោះឆ្នោតបំពេញបន្ថែមបាន កែលក្ខន្តិកៈបាន ដាក់ចេញកម្មវិធីនយោបាយបាន។ អញ្ចឹង បានជាពេលនេះគណៈកម្មាធិការកណ្តាលរបស់យើងមានទំហំធំ។ តែទំហំធំនេះក៏វាមិនធំជ្រុលពេកដែរ បើប្រៀបធៀបជាមួយសមាជិកជាង ៧លាននាក់នោះ។ ដោយហេតុនេះ ក្នុងមហាសន្និបាតមួយ យើងតែងបោះឆ្នោតជ្រើសរើសបំពេញបន្ថែម។
អ្នកដែលទទួលមរណៈកាលក៏ចេះតែមរណៈកាលទៅ។ យើង(ក៏រើស)បំពេញទៅតាមរចនាសម្ព័ន្ធ ហើយតាមការចាំបាច់។ នេះខ្ញុំនិយាយពីរៀបធ្វើការរបស់គណបក្សប្រជាជន។ អ្នកដែលចង់បំបែកគណបក្សប្រជាជនតែងតែបែកខ្លួនឯងជានិច្ច។ តាមមើលចុះ។ គ្រប់គណបក្សនយោបាយ អ្នកដែលចង់បំបែកគណបក្សប្រជាជន រហូតមានអ្នកខ្លះព្យាយាមបោះគ្រាប់បែកមកឱ្យឆេះជើងខ្ញុំ ប៉ុន្តែខ្ញុំក៏មិនមែនទុកឱ្យគ្រាប់បែកហ្នឹងវាផ្ទុះនៅនឹងជើងខ្ញុំទេ។ ខ្ញុំយកគ្រាប់បែកហ្នឹងបោះត្រឡប់ទៅផ្ទុះនឹងជើងគេវិញ។ អ្នកខ្លះអាចយល់់ពាក្យនេះ។ ខ្ញុំមិនចង់បកស្រាយឱ្យលើសពីនេះទេ។ គ្រាន់តែជម្លោះរបស់អ្នកដទៃផ្ទេរមកឱ្យយើង មកទាស់ជាមួយយើង តែខ្ញុំមិនឱ្យអ្នកឯងមានជោគជ័យទេ។ ជម្លោះរបស់អ្នកឯងៗ ត្រូវដោះស្រាយខ្លួនឯងទៅ។ បោះគ្រាប់បែកមកយើងៗ បោះគ្រាប់បែកហ្នឹងឱ្យទៅផ្ទុះនៅផ្ទះអ្នកវិញ។
(២៥) ការប្រទានគោរមងារតេជោ និងការប្រទានឋានន្តរសក្តិ “ឧត្តមសេនីយ៍ផុតលេខ”
ក្នុងប្រវត្តិសាស្ត្រ ព្រះរាជាព្រះរាជទានគោរមងារតេជោមិនច្រើនទេ។ (មាន)តេជោ ដំឌិន ជាតេជោពិត។ មកដល់ពេលនេះ យើងទើបនឹងមានតេជោ ៤នាក់ទេគឺ តេជោ មាស, តេជោ យ៉ត, តេជោ ដំ ឌិន និងតេជោ សែន។ តេជោ សែន កើតនៅក្នុងសតវត្សរ៍ទី២១។ ខ្ញុំមិនដឹងថា តើពីមុនទៀត មានតេជោប៉ុន្មានទេ។ ខ្ញុំព្រះករុណាអរព្រះគុណ(ព្រះករុណា)ចំពោះគោរមងារតេជោ។ រឿងនេះ សំងាត់យកតែមែនទែន។ បង ជា ស៊ីម ត្រូវបានគោរមងារ សម្ដេចអគ្គមហាធម្មពោធិសាល។ បង ហេង សំរិន (បានគោរមងារ)សម្ដេចអគ្គមហាពញាចក្រី។ ដល់ខ្ញុំ សម្ដេចអគ្គមហាសេនាបតីតេជោ។ ព្រះករុណា បាននិមន្តសម្ដេច លាស់ ឡាយ និងនិមន្តសម្ដេចសង្ឃរាជមកជ្រើសរើសឈ្មោះដាក់ឱ្យតួអង្គមេដឹកនាំស្នូលទាំងបីនេះ។ តាមដែលខ្ញុំដឹង សម្ដេចព្រះសង្ឃរាជទាំងប៉ុន្មានហ្នឹងដាក់ត្រឹមតែសម្ដេចមហាពញាចក្រី, សម្ដេចមហាពោធិសាល, សម្ដេចមហាតេជោ។ ព្រះករុណាអង្គឯងសូមឱ្យថែម សម្ដេចអគ្គ។ ហ្នឹងតាមដែលខ្ញុំដឹងក្រោយមកទេ។ អញ្ចឹង លោកប្រទានគោរមងារហ្នឹង។ បង ជា ស៊ីម ខាងផ្នែកងាររបស់គាត់ ត្រូវរបស់គាត់ហ្នឹងទៅ។ ដល់ងារតេជោ ធ្លាក់មកដល់ ហ៊ុន សែន បណ្ដោយ។ អញ្ចឹងអ្នកដែលទទួលគោរមងារតេជោមួយៗ មិនមែនធម្មតាពេកទេ។ សូមអរព្រះគុណព្រះករុណា ដែលបានប្រទានងារ។
បន្ទាប់ទៅ ព្រះអង្គប្រទាន(ឋានន្តរសក្តិឧត្តមសេនីយ៍ផុតថ្នាក់)ផ្កាយមាស៥។ ផ្កាយមាស៥ ហ្នឹង ខ្ញុំធ្លាប់បានទទួលពីរដង។ លើកទី១ គឺនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩៣។ ពេលហ្នឹង ខ្ញុំទៅពីព្រៃវែង នាំឯកឧត្តម ស៊ិន សុង, ព្រះអង្គម្ចាស់ ចក្រពង្ស ទៅថ្វាយព្រះករុណា នៅថ្ងៃទី១៧ (មិថុនា)។ ថ្ងៃទី១៨ (មិថុនា) ខ្ញុំចរចាជាមួយនឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ(ផ្លូវ)សម្ដេចប៉ាន។ ឯកភាពគ្នាតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលថារដ្ឋបាលនៅនឹងកន្លែង ត្រូវរំសាយនៅពេលដែលសភាធម្មនុញ្ញក្លាយទៅជាសភាជាតិ។ រដ្ឋាភិបាលថ្មីមួយត្រូវបានកើត។ ដើម្បីងាយស្រួលដោះស្រាយបញ្ហា រដ្ឋកម្ពុជាសុខចិត្តរំលាយខ្លួននៅហ្នឹងកន្លែង ជំនួសដោយរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដែលដឹកនាំដោយសហនាយករដ្ឋមន្រ្តីពីររូប។ ពេលនោះ ខ្ញុំជាមួយនឹងសម្ដេចក្រុមព្រះ ធ្វើសហនាយករដ្ឋមន្រ្តីផង ធ្វើសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃផង ធ្វើសហរដ្ឋមន្រ្តីការពារជាតិផង។ ពេលនោះ សម្ដេចក្រឡាហោមចូលរួមធ្វើអនុ(រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ)ទេ។ ស ខេង ឯងធ្វើរដ្ឋមន្រ្តីក្រសួងមហាផ្ទៃហ្នឹង ប៉ុន្តែដោយពេលធ្វើរដ្ឋាភិបាលចម្រុះនេះ អត់(បាន)ធ្វើជា(រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ)ទេ។ កាលហ្នឹង ដាក់ ម៉ែន កួន និង សុន សេន។ ឯ ទៀ បាញ់ ធ្វើអនុរដ្ឋមន្រ្តីការពារជាតិ។ ខ្ញុំពិភាក្សានឹងបង ជា ស៊ីម, បង សាយ ភូថង ស្អីហ្នឹង។ ដល់ចេញពីដំណាក់សម្ដេចក្រុមព្រះនៅផ្លូវសម្ដេចប៉ានមក ខ្ញុំចូលរាយការណ៍ជូនបង ជា ស៊ីម។ ពេលហ្នឹង ខ្ញុំនៅចំការមន ក្បែរផ្ទះគ្នាហ្នឹង។ ដើរទៅដើរមក។
សម្រាប់តែដល់ពេលយប់ ទទួលបានព័ត៌មានពីទូតបារាំងថា បង ជា ស៊ីម បដិសេធអ្វីដែលជាការចរចារវាងខ្ញុំនិងសម្ដេចក្រុមព្រះ។ រឿងវាអញ្ចឹង។ ទូតបារាំងបញ្ជូនមកតាមបង ហួត វ៉ាន់ថន។ អញ្ចឹង មិនដឹងធ្វើម៉េច វិធីតែមួយគត់គឺសូមបញ្ជូនសារត្រឡប់ទៅវិញ “តើខ្ញុំជាមួយបង ជា ស៊ីម សូមចូលគាល់(ព្រះករុណា)ទាំងយប់បានអត់?” (ព្រះករុណា)ថា “បាន”។ ពេលហ្នឹងជាថ្ងៃចម្រើនព្រះជន្មហ្លួងម៉ែថ្ងៃ ១៨មិថុនា។ នៅទីនោះមានទាំង … ប្រធាននិងអនុប្រធាន អ៊ុនតាក់ និងមេបញ្ជាការយោធា អ៊ុនតាក់ និងពួក អ៊ុនតាក់ មួយចំនួនផ្សេងទៀត។ ពេលទៅដល់ ព្រះករុណាគង់អញ្ចឹង។ បង ជា ស៊ីម នៅខាងស្ដាំ ព្រះហស្ថព្រះអង្គ។ ខ្ញុំជាមួយនឹងសម្ដេចក្រុមព្រះនៅទល់ពីមុខ។ អញ្ចឹងទេ ព្រះករុណា សួរ “ឮមានព័ត៌មានថា ឯកឧត្តម ជា ស៊ីម មិនយល់ព្រមជាមួយការព្រមព្រៀងរវាងឯកឧត្តម ហ៊ុន សែន ជាមួយព្រះអង្គម្ចាស់ រណឫទ្ធិ?”។ បង ជា ស៊ីម ឆ្លើយភ្លាមថា “អត់ទេ! ទូលបង្គំព្រម ហើយបានពិភាក្សាគ្នាអស់ហើយ”។ ពេលហ្នឹងខ្ញុំក៏បញ្ជាក់បន្ថែម “ឥឡូវហ្នឹង ការស្រុះស្រួលគ្នាគឺសហនាយករដ្ឋមន្រ្តី សហរដ្ឋមន្រ្តីការពារជាតិ និងសហរដ្ឋមន្រ្តីមហាផ្ទៃ។ ទូលបង្គំចូលទៅកាន់ សហរដ្ឋមន្រ្តីការពារជាតិហ្នឹង អត់មានស័ក្ដិពាក់ទេ”។ និយាយលេងទេថា ធ្វើទាហានយូរហើយ មិនដែលមានស័ក្ដិពាក់នឹងគេទេ។ ឥឡូវត្រូវទៅធ្វើរដ្ឋមន្រ្តីការពារជាតិ។ បានធ្វើរដ្ឋមន្រ្តីការពារជាតិដូចជាងប៉ុន្មានខែ រហូតដល់ខែកញ្ញាយើងបង្កើតរដ្ឋាភិបាលហើយ។ បានប៉ុន្មានដែរតើ។ មហាផ្ទៃផង ការពារជាតិផង។
ព្រះករុណាមានបន្ទូលថា “បើសិនជាខ្ញុំប្រទានឱ្យឯកឧត្តម ជាឧត្តមសេនីយ៍ផុតលេខ” លោកប្រើភាសាបារាំង Général Hors Classe “តើឯកឧត្តម ទទួលឬទេ”។ ខ្ញុំថា “អរព្រះគុណហើយព្រះអង្គ”។ អញ្ចឹង ព្រះអង្គក៏សួរទៅបង ជា ស៊ីម ភ្លាមថា “បើខ្ញុំប្រទាន ឯកឧត្តមទទួលឬទេ?”។ បង ជា ស៊ីម ក៏អរព្រះគុណ។ ស្រាប់តែស្អែកឡើងចេញព្រះរាជក្រឹត្យមកបីនាក់មាន៖ បង ជា ស៊ីម, បង ហេង សំរិន និងខ្ញុំ។ អញ្ចឹងពេលនោះ ផ្កាយមាស៥ មាន៤នាក់។ អ្នកដែលបង្ហោះហ្វេសប៊ុក ដែលខ្ញុំបញ្ចូលនេះ គឺគិតខុសហើយថាដំណាក់កាលដំបូងមានតែពីរនាក់ គឺសម្ដេចក្រុមព្រះ ០០១ ហើយខ្ញុំ ០០២។ អត់ទេ។ មាន ៤នាក់។ សម្ដេចក្រុមព្រះមានមុនគេតាំងពីនៅជាយដែន។ ឯខ្ញុំ និងបង ជា ស៊ីម, បង ហេង សំរិន មានដំណាលគ្នា។ អញ្ចឹង មានឧត្តមសេនីយ៍ផ្កាយមាស៥ ចំនួន ៤នាក់។
ដល់ពេលដែលឃើញអតិផរណាស័ក្ដិកើន យើងក៏សម្រេចចិត្តរួមគ្នា កាត់បន្ថយមួយស័ក្ដិម្នាក់។ ផ្កាយ៥ មកនៅផ្កាយ៤, ផ្កាយ៤ ទៅផ្កាយ៣, ផ្កាយ៣ ទៅផ្កាយ២ ដកមួយមួយស័ក្ដិម្នាក់។ តាំងពីឆ្នាំ ១៩៩៤ យើងចាប់ផ្ដើមកែ (កាត់បន្ថយស័ក្ដិ)។ មកដល់ឆ្នាំ ២០០៧ បានព្រះករុណាប្រទានម្ដងទៀត។ ប្រទានលើកនេះ ប្រទាន ៣នាក់ មានបង ជា ស៊ីម, បង ហេង សំរិន និងខ្ញុំ ជានាយកឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥។ អញ្ចឹងបានជាម្សិលមិញប្រាប់ ស ខេង ថា ឱ្យរៀបចំ ព្រោះនៅក្នុងរូបសំណាករបស់គាត់មានផ្កាយជាស័ក្ដិរបស់គាត់ស្រអាប់។ យើងមានសារមន្ទីរមួយ។ សូមឱ្យផលិត(ស័ក្ដិរបស់គាត់)ភ្លឺបន្តិចមកដាក់ជំនួស។ ប៉ុន្តែរបស់ចាស់ បើមានសារមន្ទីរនៅក្បែរហ្នឹង យើងយកទៅដាក់ក្បែរហ្នឹងទៅ។ គាត់ផ្កាយមាស៥។
ខ្ញុំក៏សូមផ្ដាំផ្ញើដែរ នៅពេលដែលខ្ញុំស្លាប់ទៅ កុំគ្រងឯកសណ្ឋានក្រវាត់កអី។ គឺ(ត្រូវពាក់ឱ្យខ្ញុំនូវ)ឯកសណ្ឋានយោធា។ ផ្ដាំកូនផ្ដាំចៅផ្ដាំទូទាំងប្រទេសនៅថ្ងៃនេះឱ្យហើយ។ ព្រោះ(ពេលស្លាប់ហើយ) គេនឹងសស្លៀកពាក់ ដាក់ទាំង passport អោយ។ ដាក់ passport ឱ្យមិនដឹងឆ្លងទៅណាទេ។ ធម្មតាទេ គេដាក់សំលៀកបំពាក់ ប៉ុន្តែសំលៀកបំពាក់ដែលស្លៀកឱ្យខ្ញុំត្រូវស្លៀកពាក់ឯកសណ្ឋានកងទ័ព ហើយជាឯកសណ្ឋានឋានន្តរស័ក្ដិដែលព្រះមហាក្សត្រប្រទានមកឱ្យខ្ញុំ។ ឥឡូវហ្នឹងផ្កាយមាស៥។ អស់ពីបង ជា ស៊ីម ទៅ អស់ពីសម្ដេចក្រុមព្រះទៅ។ សម្ដេចក្រុមព្រះ ពេលកាត់មួយស័ក្ដិហើយ មិនបានឡើង(ផ្កាយមាស៥)វិញទេ។ ឡើង(ផ្កាយមាស៥)វិញតែ ៣នាក់ទេ។ បង ជា ស៊ីម ធ្វើមរណកាលទៅ នៅសល់ ២នាក់។ ខ្ញុំជាមួយបង ហេង សំរិន។ កន្លងទៅនេះ ត្រូវបានដំឡើងជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេច ម៉ែន សំអន។ អញ្ចឹង ឧត្តមសេនីយ៍ផ្កាយមាស៥ បច្ចុប្បន្ននេះ មាន ៤នាក់គឺ បង ហេង សំរិន, ខ្ញុំ, សម្ដេចពិជ័យ និងសម្ដេច ម៉ែន សំអន។
(២៦) ប្រវត្តិសាស្រ្តពិតនៃអតីតកាល និងការរៀបចំពិធីបុណ្យជូនសម្តេច ជា ស៊ីម និងភរិយា ដោយគណបក្ស រដ្ឋាភិបាល និងគ្រួសារ បង្ហាញថា គណបក្សប្រជាជនរួបរួមគ្នា
ខ្លះឃើញចូលមកខម្មិនថា សុំឱ្យ ហ៊ុន ម៉ាណែត ឡើងផ្កាយ៥ ទៅ។ ខ្ញុំឆ្លើយត្រឡប់ទៅវិញថា មិនទាន់ដល់ពេលទេ។ ម្នាក់ហ្នឹង ដាច់ខាតមិនទទួលទេ។ កាលនៅមេជើងគោក ទទួលតែផ្កាយ៣ ទេ។ មុនចេញពីមេជើងគោក បានហើយ អត់ព្រមពាក់ទៀត។ មុនចេញតែប៉ុន្មានថ្ងៃទេ ទៀ បាញ់ បំពាក់ឱ្យនោះ។ អញ្ចឹងមួយហ្នឹង មិនទាន់ដល់ពេលដែលគេត្រូវទទួលទេ។ ហ្នឹងនិយាយពីសារបានបន្តិច ប៉ុន្តែឃ្លានបាយទាំងអស់គ្នាហើយ។ អ្នកនៅហ្នឹងមិនមានបញ្ហាអីទេ។ អ្នកជិះឡានទៅវិញនេះ បាយក្នុងឡាន។ អស់ហើយមានតែប៉ុណ្ណឹងទេ។ អរគុណចំពោះការស្ដាប់។ ថ្ងៃនេះក៏មានការផ្សាយផ្ទាល់ទៀត។ ខ្ញុំនិយាយរឿងប្រវត្តិសាស្រ្តខ្លះ ក៏វាជារឿងពិតនៃអតីតកាលរបស់យើង ហើយសំខាន់បំផុត គឺគណបក្សប្រជាជនចេះរួមគ្នា។ នេះមិនមែនការសំដែងទេ។ យើងឯកភាពគ្នាធ្វើបុណ្យជូនគាត់។ ម្ចាស់ដើមបុណ្យគឺគ្រួសារ ប៉ុន្តែមកនេះ ម្ចាស់ដើមបុណ្យមើលទៅដូចគណបក្សប្រជាជនផង រដ្ឋាភិបាលផង និងគ្រួសារផង។ បុណ្យនេះ បង្ហាញឱ្យឃើញពីចំណុច(រួបរួមគ្នានេះ)។
ដោយហេតុនេះ ជាតាមទម្លាប់ នាយករដ្ឋមន្រ្តី គេមកគេត្រូវត្រួតពលអី។ បើដូច្នោះ ខ្ញុំត្រូវអាក់ខាន។ មកមិនទាន់ពេល។ អញ្ចឹង បានប្រាប់និងសុំឱ្យបញ្ជាក់ថា ពេលដែលនាយករដ្ឋមន្រ្តី(សិង្ហបុរី)មកដល់ ដាក់កម្រងផ្កាអីហើយ ជួបប្រធានព្រឹទ្ធសភាមុន ដើម្បីប្រធានព្រឹទ្ធសភាមានឱកាសមក(ទីនេះ)។ បើមិនអញ្ចឹងវាយឺតពេល។ អវត្តមានរបស់ខ្ញុំ មិនមែនជាបញ្ហាតូចតាចទេ។ ធំណាស់។ មេដឹកនាំជំនាន់ជាមួយគ្នា។ គាត់អាយុច្រើនជាងប៉ុន្តែក្នុងដំណាក់កាលតស៊ូជាមួយគ្នាពីស៊ីអត់ស៊ីឃ្លាន។ បុណ្យខួប ១០ឆ្នាំ អវត្តមាន(ខ្ញុំ មិនបានទេ)។ នាយករដ្ឋមន្រ្តី គ្នាប្រឹងមក។ ថ្ងៃនេះគ្នាត្រូវទៅ(កំពង់ធំ)ឯណោះ។ ខ្ញុំត្រូវនៅនេះដើម្បីខ្ញុំបំពេញកិច្ចរបស់ខ្ញុំឱ្យចប់សព្វគ្រប់ សូត្រមន្តហើយចាំរាប់បាត្រឆ្លង។ មួយអាទិត្យនេះ ធ្វើបុណ្យរហូត។ ថ្ងៃនេះ ធ្វើបុណ្យខួបរបស់បង ជា ស៊ីម និងបងស្រី។ ល្ងាចស្អែកសូត្រមន្ត ១០០ថ្ងៃបងធំខ្ញុំ។ ខានស្អែកដារឆ្លង ១០០ឆ្នាំ។ ហ្នឹងធ្វើម៉េច សង្ខារមិនទៀត។ សង្ខារមិនទៀង តែការស្លាប់គឺវាទៀង។ ជូនពរទាំងអស់គ្នា សូមមានសុខភាពល្អ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន៕