លោក ហ៊ុន ម៉ាណែត៖ តួអង្គសំខាន់ ៣ ជំរុញឱ្យកើតមានសមិទ្ធផលក្នុងវិស័យអប់រំនៅកម្ពុជា

នៅចំពោះមុខលោកអ្នកអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សជាច្រើន លោក ហ៊ុន ម៉ាណែត បានធ្វើបទបឋកថាបកស្រាយអំពីតួអង្គសំខាន់ៗចំនួន៣ ដែលជំរុញឱ្យកើតមានសមិទ្ធផលក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ការបកស្រាយនេះធ្វើឡើងនាឱកាសសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ នាឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សមិទ្ធផលជាច្រើននៅក្នុងវិស័យអប់រំ ដែលសម្រេចបានកន្លងមកនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមចំណែករបស់សប្បុរសជននានា ប៉ុន្តែកត្តាកំណត់ជោគជ័យដ៏ចម្បងចាំបាច់ គឺអាស្រ័យទៅនឹងតួអង្គ៣សំខាន់ រួមមាន៖ * ទី១៖ គឺតួសិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ។ លោកថា សម័យកាលមុន កម្ពុជាជួបការលំបាកច្រើនណាស់ ទាំងការខ្វះខាតសាលា ហើយប្រទេសក៏មានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ជាការបង្កលក្ខណៈឱ្យសិស្សានុសិស្សមានឱកាសច្រើនគ្រប់បែបយ៉ាង និងនៅគ្រប់កន្លែងទាំងអស់ ទាំងជម្រើសក្នុងការសិក្សា និងជម្រើសការងារ។ ដូច្នេះអ្វីដែលសំខាន់ចាំបាច់សម្រាប់សិស្សានុសិស្ស យុវជន គឺការកសាងផ្នត់គំនិតនៃការតស៊ូម្ចាស់ការលើខ្លួនឯង ទាំងនៅក្នុងការសិក្សា និងការបំពេញការងារ ដើម្បីកសាងពង្រឹងសមត្ថភាព និងបង្កើតឱកាសឈានទៅជោគជ័យក្នុងជីវិត។…

ទូតជប៉ុន គាំទ្រគំនិតផ្ដួចផ្ដើមកែលម្អស្ថានភាពក្នុងប្រទេសមីយ៉ានម៉ា របស់កម្ពុជា

លោក Mikami Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់អំពីការគាំទ្រ និងកោតសរសើរគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការចូលរួមកែលម្អស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា។ ការប្រកាសគាំទ្របែបនេះរបស់ ឯកអគ្គរដ្ឋទូតជប៉ុន ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីពិភាក្សាអំពីការអញ្ជើញ លោកមេបញ្ជាការកងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុន នាពេលខាងមុខ។ បន្ថែមពីការប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន លោក Mikami Masahiro ក៏បានអះអាងទៀតថា ប្រទេសជប៉ុនប្តេជ្ញាជួយដល់កម្ពុជា ក្នុងការបំពេញភារកិច្ចជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ឲ្យទទួលបានជោគជ័យ។ ក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលក្នុងនោះ ទំនាក់ទំនងលើវិស័យការពារជាតិ ក៏បានបន្សល់ទុកនូវ អនុស្សាវរីយ៍ដ៏សំខាន់មួយ គឺការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ហើយក៏ជាការបញ្ជូនកងស្វ័យការពារជប៉ុនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុនផងដែរ។ ក្នុងន័យនេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន…

ចំណូលជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

FN ៖ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៦១១,៧៧០,៨១៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៦១០,២៥៥,៨០០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន១,៥១៥,០១៤.៨៤ដុល្លារ។ ចំពោះបរិមាណនៃការនាំចេញគិតត្រឹមឆ្នាំ២០២១ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន កើនឡើងចំនួន២៨,០០០តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៥៤ម៉ែត្រគូប។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឆ្នាំ២០២១ ថ្លៃ១,៦៦៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២៨៤ដុល្លារ ក្នុងមួយតោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។ គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។…