(១) ការខិតខំរួមគ្នាទាំងប្រជាពលរដ្ឋនិងទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បញ្ចៀសនូវគ្រោះថ្នាក់ ការបាត់បង់ជីវិតដោយសារជំនន់, ជំនន់កើតមាននៅ ២០/២៥ ខេត្ត/ក្រុង តែទំហំមិនធំហួសហេតុពេកទេ, ផ្តល់ពូជដំណាំផ្សេងៗ ដល់គ្រួសារមិនមានលទ្ធភាពស្តារស្រូវឡើងវិញ
សម្តេចក្រឡាហោម ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ថ្ងៃនេះយើងជួបជុំគ្នានៅទីនេះក្រោមព្រះភិរុណដែលកំពុងតែបង្អុរ ប៉ុន្តែសង្ឃឹមថានឹងមិនមានភ្លៀងធំណាមួយកើតឡើងនោះទេ។ សុំឱ្យក្មួយៗដែលមានកូនតូចៗខិតខំរកក្រមាគ្របកុំឱ្យត្រូវទឹកភ្លៀង ក្រែងលោកូនៗ នោះផ្តាសាយ។ អម្បាញ់មិញនោះ ឃើញកូនៗ មួយចំនួន ចៅៗមួយចំនួន។ សូមខិតខំការពារ (តែ)ដូចជាមិនសូវមានក្រមាផង។ ដំបូង សូមពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រជាទីសក្ការៈ ព្រមទាំងសម្តេចព្រះរាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេតែងតែកង្វល់ពីសុខទុក្ខរបស់ប្រជាជន និងតែងតែគាំទ្រទៅលើសកម្មភាពរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះដល់ប្រជាជនរបស់យើង។ នៅក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការចូលរួមការលំបាកជាមួយបងប្អូនជនរងគ្រោះទាំងអស់នៅក្នុងខេត្តបាត់ដំបង និយាយដោយឡែក និងនិយាយរួមនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលនេះជាមហន្តរាយមួយទៀត ក្នុងចំណោមមហន្តរាយដែលយើងធ្លាប់ឆ្លងកាត់កាលពីឆ្នាំ ២០២០ ម្តង និង ២០២២ នេះម្តងទៀត ដែលវាក៏ដើរស្របជាមួយនឹងបញ្ហាកូវីដ-១៩ ដែលបានកើតនៅក្នុងប្រទេសរបស់យើង។
ខ្ញុំក៏សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះសម្តេចក្រឡាហោម ស ខេង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារដែលបានចុះជួយចំពោះប្រជាជន។ អរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានជួយដល់ប្រជាជនក្នុងកាលៈទេសៈដ៏លំបាកមុននឹងពេលដែលខ្ញុំបានមកដល់ទីនេះ។ ឯកឧត្តម សម្តេចក្រឡាហោម ស ខេង បានបញ្ជាផ្ទាល់ទៅលើកិច្ចប្រតិបត្តិការជាមួយនៅក្នុងខេត្តបាត់ដំបងនេះ ក្នុងឋានៈសម្តេចជាប្រធានក្រុមការងារ។ អ្វីៗវាបានកើតដែលចៀសមិនរួច ដែលយើងមិនអាចបញ្ចៀសបាន ប៉ុន្តែដោយសារការខិតខំរួមគ្នាទាំងប្រជាពលរដ្ឋ និងទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យើងបានបញ្ចៀសនូវគ្រោះថ្នាក់ ជាពិសេសការបាត់បង់ជីវិតដោយសារជំនន់ តាមរយៈការជួយជម្លៀសប្រជាជនមកកាន់ទីទួលសុវត្ថិភាព និងការរៀបចំរបៀបនានាដើម្បីដោះស្រាយបញ្ហាដែលបានកើត។ យើងដឹងហើយថា ប្រទេសរបស់យើង ក៏ដូចជាតំបន់ និងពិភពលោកសុទ្ធតែបញ្ហាដូចគ្នាទាំងអស់ នៅប្រទេសថៃ និងប្រទេសវៀតណាមអាចនឹងធ្ងន់ធ្ងរជាងយើងទៅទៀតដោយសារប្រទេសទាំងពីរនេះ ជាពិសេសប្រទេសវៀតណាម តែងរងនូវការវាយប្រហារពីព្យុះដែលតែងតែវាយចូលតំបន់ភាគកណ្តាល និងភាគខាងជើង។ ឯនៅប្រទេសថៃ គឺភ្លៀងធ្លាក់នៅច្រើនខេត្ត ដូចជាយើងអញ្ចឹងដែរ ប៉ុន្តែប្រទេសនីមួយៗមានវិធីចាត់ចែងខុសៗគ្នា តែក្នុងគោលដៅដូចគ្នា ត្រង់ថាសង្គ្រោះអាយុជីវិតប្រជាជន និងជួយដោះស្រាយបញ្ហានានាដែលជាការលំបាករបស់ប្រជាជន។ យើងបានកើតនៅច្រើនខេត្ត ក្នុងទម្រង់ផ្សេងៗគ្នាក៏ប៉ុន្តែផលប៉ះពាល់វាដូចគ្នា។ កន្លែងខ្លះជំនន់បានមកដល់ ហើយវាបង្កើតឱ្យមានការខូចខាត។ ឆ្នាំនេះ យើងដូចជាច្រើនខេត្តជាងឆ្នាំ ២០២០ ដោយសារតែលាតសន្ធឹងតាំងពីព្រះវិហារ កំពង់ធំ បណ្តាខេត្តជុំវិញទន្លេសាប និងបណ្តាខេត្តដែលជាប់តាមដងទន្លេមេគង្គ ដែលក្នុងចំណោម ២៥ ខេត្ត/រាជធានី គឺមានទៅដល់ ២០ខេត្ត ដែលបានជួបប្រទះ។ ប៉ុន្តែទំហំមិនធំហួសហេតុពេកទេសម្រាប់ខេត្តខ្លះ …។
ខ្ញុំសង្ឃឹមជឿជាក់ថា យើងនឹងជម្នះបាននូវការលំបាកទាំងអស់គ្នាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយនូវការលំបាក ដែលបាននិងកំពុងនៅចំពោះមុខរបស់យើង តាមរយៈនៃអន្តរាគមន៍របស់ថ្នាក់មូលដ្ឋាន ក៏ដូចជាអន្តរាគមន៍របស់ថ្នាក់ជាតិ ដែលយើងបានបញ្ចេញស្រូវពូជរាប់ពាន់តោន គិតមកដល់ពេលនេះប្រមាណជិត ៧០០០តោន សម្រាប់ទូទាំងប្រទេស ហើយអាចនឹងថានៅមានសេសសល់បញ្ហាទៀត ដែលយើងនឹងត្រូវដោះស្រាយនូវពេលខាងមុខ ដោយសារតែការខូចខាតចំពោះស្រូវ ថ្ងៃនេះយើងបានដោះស្រាយត្រឹមតែស្រូវពូជសម្រាប់ជាង ១ម៉ឺនគ្រួសារ ហើយការដោះស្រូវពូជនេះ គឺដោះស្រាយចំពោះតែអ្នកដែលមានលទ្ធភាពអាចស្តារឡើងវិញ មានប្រភពទឹកអាចស្តារឡើងវិញ។
យើងក៏ត្រូវតែបន្តដោះស្រាយពូជដំណាំផ្សេងៗ ចំពោះក្រុមគ្រួសារដែលមិនមានលទ្ធភាពដើម្បីស្តារស្រូវឡើងវិញ។ នោះគឺត្រូវជំនួសដោយការផ្តល់ពូជដំណាំផ្សេងៗ ជាដំណាំរួមផ្សំ ដើម្បីអាចឱ្យប្រជាជនប្រើប្រាស់នូវពូជនោះបង្កបង្កើនផលលើផ្ទៃដីដែលមិនអាចធ្វើស្រូវឡើងវិញបាន។ ធ្វើយ៉ាងនេះ គឺដើម្បីកាត់បន្ថយនូវការលំបាករបស់ប្រជាជនរបស់យើង។ សង្ឃឹមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយនឹងអាជ្ញាធរដែនដី ពិនិត្យមើល កន្លែងខ្លះត្រូវការពូជនូវដំណាំផ្សេង ព្រោះអ្នករងផលប៉ះពាល់ទាំងអស់មិនមែនសុទ្ធតែអាចស្តារឡើងវិញបាននោះទេ ដោយសារតែប្រភពទឹកដែលត្រូវផ្គត់ផ្គង់។ ត្រូវការជំនួសវិញដោយដំណាំផ្សេងៗ ដែលអាចធ្វើទៅបាន។ មូលដ្ឋានអាចក្តាប់បានហើយថា តើដីនៅកន្លែងណាខ្លះដែលអាចដាំដុះអ្វីបាន យើងក៏ត្រូវចែកពូជនោះទៅកាន់ប្រជាពលរដ្ឋ។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងទទួលយកបាននូវកិច្ចការដែលរាជរដ្ឋាភិបាល(កំពុងចាត់វិធានការដោះស្រាយ) ជាពិសេសអាជ្ញាធរដែលបានខិតខំចូលរួមចំណែក ដើម្បីជួយដល់ប្រជាជនយើងក្នុងរយៈពេលកន្លងទៅ។
(២) ដោយមានសំឡេងភាគច្រើននៅមូលដ្ឋាន គណបក្សប្រជាជនមានជើងក្រោមចាត់ចែងវិធានការទាំងឡាយឆ្លើយតបទៅនឹងការលំបាករបស់ប្រជាជន, រកវិធីសាស្ត្រនិងរូបមន្ត ផលិតពូជស្រូវនិងបន្សុទ្ធពូជស្រូវ ពូជដំណាំ, ប្រឹងដើម្បីកែប្រែឥរិយាបថកសិករតាំងពីឆ្នាំ ១៩៨៥
ហើយនៅក្នុងឱកាសនេះ ខ្ញុំក៏មិនភ្លេចអរគុណចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលមានវត្តមាននៅទីនេះក្តី និងមិនមានវត្តមាននៅទីនេះក្តី ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោត ឃុំ/សង្កាត់ កន្លងទៅ ឈ្នះភ្លូកទឹកភ្លូកដី ដែលជាមូលដ្ឋានសំខាន់មួយសម្រាប់ឱ្យគណបក្សប្រជាជនឈានទៅឈ្នះឆ្នោត នៅឆ្នាំ ២០២៣ នាពេលខាងមុខនេះទៀត។ នោះគឺជាប្រភពនៃការលើកទឹកចិត្ត … ដោយសារគណបក្សប្រជាជនមានសំឡេងភាគច្រើននៅឯមូលដ្ឋាន គណបក្សប្រជាជនក៏មានជើងក្រោមរបស់ខ្លួនដើម្បីនឹងចាត់ចែងវិធានការទាំងឡាយឆ្លើយតបទៅនឹងការលំបាករបស់ប្រជាជន បន្តទៅទៀត … តាមរយៈនៃយន្តការគណបក្សប្រជាជន គឺយើងបានដោះស្រាយបញ្ហាដូចជានៅទីនេះ។ មិនមែនអ្នកណាចេះតែអាចធ្វើបាននោះទេ ក៏ប៉ុន្តែត្រូវដោះស្រាយរបៀបណាដើម្បីដឹកជញ្ជូនឱ្យបងប្អូនមកដល់ទីនេះ រួចហើយត្រឡប់ទៅវិញស្រូវពូជឯណោះ មិនដាក់នៅទីនេះទេ ដាក់នៅឯក្រោយឯណោះ ព្រោះយើងប៉ាន់ស្មានថាអាចនឹងមានភ្លៀងធ្លាក់។
មានសំណូមពរថា ឱ្យច្រកថង់ប្លាស្ទិក។ ប៉ុន្តែយើងមិនចង់ប្រើប្រាស់ថង់ប្លាស្ទិកច្រើនពេកទេ ដោយសារតែថង់ប្លាស្ទិកនេះ វាជាប្រធានបទធំមួយនៃបញ្ហាទាក់ទងនឹងបរិស្ថាន។ ប្រសិនបើរាប់ម៉ឺនបាវយ៉ាងដូច្នេះ ហើយច្រកថង់ប្លាស្ទិក ដល់ប្លាស្ទិកហ្នឹងត្រូវបោះចោល គឺវាកប់ពេញដីហ្នឹងទៅ។ អញ្ចឹងគោលនយោបាយទាក់ទងនឹងការការពារបរិស្ថានវាធ្វើអត់កើត។ អញ្ចឹងបានជាខ្ញុំបញ្ជូនសារសំឡេងរបស់ខ្ញុំទៅគ្រប់ខេត្តទាំងអស់ និងស្ថាប័នពាក់ព័ន្ធថា ខិតខំរកកន្លែង ហើយមានការទទួលខុសត្រូវពីការដឹកជញ្ជូនចេញពីឃ្លាំង ហើយការដឹកជញ្ជូនត្រូវខាងផ្នែកដឹកជញ្ជូនទទួលខុសត្រូវប្រសិនបើមានៅភ្លៀងពីលើ។ បន្ទាប់ពីហ្នឹងពេលមកដល់ខេត្ត គឺខេត្តត្រូវតែមានការទទួលខុសត្រូវ ដើម្បីនឹងការពារកុំឱ្យមានការសើម ដល់ទៅពេលចែកជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋក៏ត្រូវមានការទទួលខុសត្រូវខ្លួនឯងតែម្តង។
ថ្ងៃនេះ ប្រហែលជាពិបាកបន្តិច។ ឯណាអង្ករផង ឯណាស្រូវពូជផង ឯណាអីវ៉ាន់ផង ប៉ុន្តែបានកាន់តែច្រើនកាន់តែល្អ ហ្នឹងនិយាយតាមពិត។ ពិតមែនតែវាជាបញ្ហាមួយដ៏សោកសៅសម្រាប់យើង ក៏ប៉ុន្តែយើងក៏មិនអស់សង្ឃឹម និងមិនចាំបាច់ត្រូវដេកយំ ស្រែកយំនោះទេ។ ត្រូវតែក្លាហានឡើង ដើម្បីជម្នះនូវការលំបាកដែលយើងកំពុងប្រឈមទាំងអស់គ្នានេះ។ សូម្បីតែខ្ញុំ ជាមួយសហការីយប់មិញនេះ ព្រឹកឡើងសើចទៀត រឿងដីកាន់តែតូច។ ស្អីទៅរឿងដីកាន់តែតូច? ថ្ងៃនេះមុននឹងនិយាយដល់រឿងដីកាន់តែតូច ឥឡូវនេះទាក់ទិនជាមួយបញ្ហាភ្លៀងវាអត់ទាន់ដាច់ទេ? ងាកទៅមើលពួកខាងសារព័ត៌មាន សុទ្ធតែពួកចូល ខារ៉ាអូខេ យប់មិញ។ និយាយពីដល់ហើយតាំងពីអនុញ្ញាតនៅឯខេត្តសៀមរាប យប់មិញគឺថាពួកហ្នឹងសាកល្បងនៅក្នុងនេះ។ ខ្ញុំមានអនឡាញពីកន្លែងនោះមក និយាយពីអង្គុយមួយគូៗ រួចហើយមានអ្នកណាទៅឱ្យធីបគេត្រឹមតែ ៥ដុល្លារ។ ដល់ទៅ ៥ដុល្លារ គេបង្ហោះហ្វេសប៊ុកថា ៥ដុល្លារ មិនរួចថ្លៃគាបសក់ផង។ គេខំគាបសក់ថ្លៃជាង ៥ដុល្លារហ្នឹងទៀត ឯងចូលទៅអោបគេមួយល្ងាច ឱ្យគេ ៥ ដុល្លារ។ ម៉េចបាន …។
រឿងមេឃនេះ ថ្ងៃនេះចាញ់សម្រស់អ្នកណាថ្ងៃនេះ បានជាមេឃធ្លាក់ភ្លៀងកាត់ព្រឹកអញ្ចេះ? អាហ្នឹងខ្ញុំនិយាយដើម្បីកុំឱ្យយើងវាសោកសៅអី។ និយាយពីរឿងប្រវត្តិមេឃស្រទុំ៖ មានគូសង្សារមួយគូ គេទៅលេងនៅកំពង់សោម មាត់សមុទ្រ។ ខាងស្រីគេសួរខាងប្រុសថា បង!ម៉េចបានមេឃស្រទុំ។ ខាងប្រុសនោះគេក៏ឆ្លើយមកវិញគេថា មេឃស្រទុំដោយសារចាញ់សម្រស់អូន។ ៥ ឆ្នាំក្រោយមក កូន ២ ហើយ ទៅកន្លែងដដែលទៀត។ ទៅដល់សួររឿងដដែលហ្នឹងទៀត បង!ម៉េចបានមេឃស្រទុំ។ ចម្លើយមកវិញ កញ្ចាស់ក្បាលហើយមិនដឹងមេឃរកភ្លៀងទេអី។ ហ្នឹងជាការប្រែប្រួលគេហៅចិត្តមិនទៀង។ ប៉ុន្តែ សង្ឃឹមថាបុរសៗចិត្តឲ្យទៀងបន្តិច ដើម្បីកុំឲ្យមានបញ្ហា។ ប៉ុន្តែអ្នកដែលមកជាមួយខ្ញុំ សង្ឃឹមថាត្រឡប់ទៅវិញប្រពន្ធមិនវាយប្រពន្ធមិនជេរទេ។
ល្ងាចមិញមានរឿងសើចនៅហ្នឹងតុបាយ ចង់ឈ្លក់បាយ។ ព្រឹកឡើងសើចទៀត។ ខ្ញុំនិយាយពីបញ្ហាកាលនៅពីក្មេង កាលនៅកំលោះ រួចហើយនិយាយទៅដល់ថា បើសិនជាធ្វើទាហាន ពាក់ដោយ ៣ ជាន់ ឬពាក់សក្តិមួយ សប្បាយជាងគេបង្អស់។ អាហ្នឹងគឺថាដើរលេងដើរអីបាន។ ប៉ុន្តែដល់ឡើងធំជាងហ្នឹងបន្តិចម្តងៗ គឺដូចជាចង់ទៅជាអាចារ្យ … ដីកាន់តែតូច ព្រោះអត់បានដើរ។ ឥឡូវនៅក្នុងប្រទេសកម្ពុជានេះ អ្នកដីតូចជាងគេ គឺព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គអត់យាងទៅកាហ្វេ ទៅតាមហាងគុយទាវអីបានឯណា។ ព្រះអង្គនៅក្នុងព្រះបរមរាជវាំង អត់យាងចេញទៅណាបាន ចេញទៅ(ត្រូវមានអ្នក)ដង្ហែ។ ថ្ងៃ ៣១ នេះ ខ្ញុំត្រូវដង្ហែព្រះអង្គ ព្រោះថ្ងៃ ៣១ នេះ ជាខួប ១០០ ឆ្នាំនៃការប្រសូត្រនៃព្រះករុណាបិតា។ អញ្ចឹងទេ ខ្ញុំក៏ត្រូវដង្ហែរព្រះអង្គទៅ ដោយសារមានការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានិងមូលនិធិមុទិតា ដូចជាសិល្បៈ ខ្ញុំមិនដឹងទេ។ ហ្លួងម៉ែក៏យាង ព្រះករុណាក៏យាង។
ដល់បន្ទាប់ពីព្រះករុណាមក អ្នកណាដីតូចថែមទៀត គឺខ្ញុំអត់បានទៅណាទេ។ អញ្ចឹងខ្ជិលតែម្តង ចុះហាត់ប្រាណ ដើរអត់បានក៏ខ្ជិល។ អត់ទេ ចេញតែពីបន្ទប់ធ្វើការ ឡើងទៅបន្ទប់ដេក ហើយចេញពីបន្ទប់ដេក ទៅបន្ទប់បាយ។ អញ្ចឹងតែ ៣ បន្ទប់។ ខ្ញុំប្រើតែ ៣ បន្ទប់គ្រប់គ្រាន់ហើយ មិនបាច់ទៅណាឆ្ងាយ។ អ្នកណាធ្វើចត្តាឡីស័កអី គឺខ្ញុំស្រួលណាស់ អត់មានអ្នកណាមករំខាន។ ហ្នឹងនិយាយរឿងសប្បាយតិចចុះ ដើម្បីចៀសវាង កុំឲ្យថាបងប្អូនយើងកើតជំងឺអផ្សុក។ ប៉ុន្តែយ៉ាងណាក៏ដោយ នេះគ្រាន់តែជាក្លែមនៅក្នុងការនិយាយតែប៉ុណ្ណោះ ដោយយើងមិនផ្តោតជ្រុលហួសហេតុពេកទៅលើបញ្ហាអ្វីដែលជាកង្វល់ ប៉ុន្តែយើងត្រូវតែខ្វល់ហើយ។
សង្ឃឹមថាបងប្អូននឹងប្រើប្រាស់ស្រូវពូជនេះ ដើម្បីនឹងធ្វើឲ្យបានផល ហើយជំនួសដោយការខូចខាត ដែលយើងបានកន្លងទៅ។ ពិតមែនហើយការប្រើប្រាស់កម្លាំងពលកម្មរហូតដល់ ២ ដង មិនមែនជាការងាយស្រួលទេ ព្រោះត្រូវធ្វើម្តងខូចខាត ឥឡូវត្រូវធ្វើម្តងទៀត ដូចជាត្រូវព្រោះចឹង។ ដល់ដំណាក់កាលច្រូតកាត់ ខ្ញុំក៏សុំអំពាវនាវចំពោះកងកម្លាំងប្រដាប់អាវុធដែលឈរជើងក្នុងខេត្តនេះ ជួយពលកម្មចំពោះក្រុមគ្រួសារដែលធ្លាប់រងគ្រោះនេះ កម្លាំងពលកម្ម កម្លាំងប្រដាប់អាវុធរបស់យើងដែលឈរនៅក្នុងខេត្តបាត់ដំបងនេះ មានយោធភូមិភាគទី ៥ និងបណ្តាកងពលដែលនៅទីនេះ ក៏សុំផ្តល់ជួយកម្លាំងពលកម្មទៅសម្រាប់ក្រុមគ្រួសារ ដែលជួបប្រទះនូវបញ្ហានេះ។
ខ្ញុំក៏សុំយកឱកាសនេះ រំលឹកទៅដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងគួររកវិធីសាស្ត្រ និងរូបមន្តណាមួយដែលសមស្រប សម្រាប់ការផលិតពូជស្រូវ ក៏ដូចជាពូជដំណាំ ជាពិសេសផ្តោតលើការផលិតពូជស្រូវ ព្រោះថាយើងសព្វថ្ងៃនេះ ពេលដែលបញ្ចេញពូជអស់ យើងទៅទិញពូជយកមក មិនប្រាកដថាពូជនោះវាសុទ្ធទេ។ អញ្ចឹង យើងដកពិសោធន៍ពីមួយឆ្នាំទៅមួយឆ្នាំ … ចាំបាច់ត្រូវរៀបចំឲ្យមានការផលិតពូជស្រូវ ដោយចាប់ផ្តើមពីគំនិតផ្តួចផ្តើមរបស់រដ្ឋ ដែលត្រូវការប្រមូលទិញផង ហើយអាចនឹងប្រជាពលរដ្ឋរបស់យើងក៏ទិញពូជស្រូវ ឬក៏យកស្រូវរបស់យើង ទៅដូរជាមួយស្រូវពូជដែលវាសុទ្ធ។ យើងមិនចាំបាច់ទៅរកដី ដើម្បីផលិតពូជខ្លួនឯងទេ។ ប្រជាពលរដ្ឋរបស់យើង គាត់ផលិតស្រូវស្រាប់ហើយ យើងគ្រាន់តែជ្រើសរើសតំបន់ណាមួយ ដែលមានប្រភពទឹកគ្រប់គ្រាន់ ហើយយើងដាក់ពូជដែលល្អ សម្រាប់ឲ្យគាត់ផលិតពូជហ្នឹងឲ្យយើងតែម្តង។ យើងទិញយកពីគាត់យកមកស្តុក។ ធ្វើយ៉ាងដូច្នេះវាធានាថា ថ្ងៃក្រោយយើងមានលទ្ធភាពផ្គង់ផ្គត់ពូជស្រូវដែលស្របទៅតាមតំបន់នីមួយៗ ព្រោះពូជខ្លះយើងយកមក មិនមែនជាពូជនៅក្នុងខេត្តបាត់ដំបងទេ យើងយកពីខេត្តផ្សេង។
យើងអាចនឹងបង្កើត មួយខេត្ត ឧទាហរណ៍ថា ខេត្តបាត់ដំបងត្រូវការស្តុកនៅទីនេះប៉ុន្មានពាន់តោន។ អញ្ចឹងយើងអាចបង្កើតកន្លែងពូជស្រូវមួយ ត្រឹមតែ ១ ពាន់ហិកតា ដែលមានប្រជាជន ៥០០ គ្រួសារ ឧទាហរណ៍ សម្រាប់ផលិតពូជស្រូវឲ្យយើង ហើយដែលជួនកាលអាចវិស័យឯកជនចូលរួមដើម្បីនឹងប្រមូល រៀបចំឲ្យគាត់ គេហៅថាដូចកិច្ចសន្យា។ យើងធ្វើកិច្ចសន្យាជាមួយប្រជាជនថា ៥០០ គ្រួសារ។ ៥០០ គ្រួសារនេះមានភារកិច្ចផលិតពូជឲ្យយើង សម្រាប់ផ្គត់ផ្គង់។ យើងទទួលយកពូជនោះ ហើយពូជនោះអាចថា រដ្ឋទទួលយក ឬក៏ផ្នែកឯកជនគេទទួលយក ហើយគេបញ្ចេញពូជនោះទៅឲ្យប្រជាជនវិញ តាមរយៈប្រជាជនមកទិញពូជ ឬក៏ប្រជាជនយកស្រូវធម្មតារបស់គាត់មកដូរយកពូជល្អ ដើម្បីនឹងយកទៅធ្វើដំណាំតទៅទៀត ព្រោះទិន្នផលនៃការបង្កបង្កើនផលរបស់យើងវាក៏ផ្តើមចេញពីការប្រើពូជត្រឹមត្រូវ។
ខ្ញុំបានប្រឹងអស់ពាក់កណ្តាលជីវិត ដើម្បីកែប្រែឥរិយាបថក្នុងចំណោមប្រជាជនយើង បានសេចក្តីថា ចាប់តាំងពីខ្ញុំធ្វើនាយករដ្ឋមន្ត្រី នៅឆ្នាំ ១៩៨៥ ខ្ញុំបានធ្វើកិច្ចការដែលសំខាន់ជាងគេ គឺធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋយើងបានផ្លាស់ប្តូរឥរិយាបថ ព្រោះសូម្បីតែឪពុកខ្ញុំ គឺថាគាត់អត់ដូរទេ គាត់ថាអញធ្វើស្រូវហ្នឹង អញចិញ្ចឹមក្បាលពួកហ្អែងរស់ដល់ថ្ងៃហ្នឹង។ អញ្ចឹងទេ មិនងាយទេ។ ប៉ុន្តែទីចុងបំផុត យើងបានដូរពូជ។ ដូរពីស្អី? ដូរកាលពីគាត់ធ្វើស្រូវធ្ងន់។ ពីដើមធ្វើស្រូវធ្ងន់ច្រើនណាស់។ ខ្ញុំជាមួយឯកឧត្តម លឹម គានហោ ប្រមាណជិត ២០ ឆ្នាំមុន ទៅក្រវាញ ដែលមានទឹកជំនន់។ ទៅដល់សួរគាត់ធ្វើស្រូវពូជអី? លែងស្រូវធ្ងន់ ហើយវាលិចលង់នៅកន្លែងហ្នឹង។ អញ្ចឹងបានខ្ញុំប្រសិទ្ធនាមថា កុំធ្វើពូជនាងពួន ត្រូវធ្វើពូជនាងសង្ហា។ ស្អីទៅពូជនាងពួន? ពូជនាងពួនបានសេចក្តីថា វាពួន អត់ព្រមចេញ(ផ្លែ) … ហ្នឹងគេហៅប្រភេទស្រូវធ្ងន់។ កន្លែងខ្លះខ្វះទឹកទៀត។ យើងប្រើពូជស្រូវធ្ងន់ អត់ចេញហ្មង វាពួននៅហ្នឹង។ អញ្ចឹងត្រូវដូរវា គេហៅថា នាងសង្ហា។ នាងសង្ហាបានសេចក្តីថា ពូជស្រូវស្រាល ឬស្រូវកណ្តាល គឺវាចេញមកវាសង្ហា។ អញ្ចឹងទេ ឥឡូវហ្នឹងប្រជាពលរដ្ឋបានផ្លាស់ប្តូរឥរិយាបថហើយ។
(៣) ផលិតពូជស្រូវតម្រូវទៅតាមតម្រូវការនិងស្ថានភាពដី, រដ្ឋនិងវិស័យឯកជន អាចសិក្សារួមគ្នាជាក្របខណ្ឌគោលនយោបាយកំណត់តំបន់ផលិតពូជស្រូវ, ដីតូចឬធំ បានពូជ ១០០ គក្រដូចៗ គ្នា, កែច្នៃពូជស្រូវ/ដំណាំឱ្យកាន់តែមានទិន្នផលខ្ពស់, បោះឆ្នោតឱ្យគណបក្សប្រជាជនដើម្បីធានារក្សាសន្ដិភាព
បញ្ហាស្ថិតនៅត្រង់ថា គុណភាពរបស់ពូជ គឺមិនទាន់គ្រប់គ្រាន់ទេ។ ជាពិសេសនៅពេលដែលយើងមានបញ្ហានេះ យើងក៏ឆក់កណ្តៀតពីកន្លែងនេះកន្លែងនោះ យកមកចែកឲ្យគាត់នៅបាត់ដំបង។ អញ្ចឹងទេ យើងគួរតែរកវិធីថាបាត់ដំបង យើងផលិតនៅបាត់ដំបង អាចសមស្របនឹងផ្ទៃដីរបស់ខេត្តបាត់ដំបងផង ខេត្តបន្ទាយមានជ័យផង ខេត្តពោធិ៍សាត់ផង។ បើសិនជាការសិក្សាទៅឃើញថា ប្រើពូជប្រហាក់ប្រហែលគ្នាទេ យើងផលិតនៅបាត់ដំបង ស្តុកនៅបាត់ដំបង។ ពេលមានការ យើងបញ្ចេញសម្រាប់បាត់ដំបង សម្រាប់បន្ទាយមានជ័យ យើងបញ្ចេញសម្រាប់ខាងពោធិ៍សាត់ ឬខាងកំពង់ឆ្នាំង ឧទាហរណ៍។ ទៅខាងព្រៃវែង ខាងស្វាយរៀង និងកំពង់ចាមភាគខាងកើត … តម្រូវការពូជ មិនដូចគ្នាទេ ខ្លះធ្វើ IR ខ្លះធ្វើពូជនេះ ខ្លះធ្វើពូជនោះ។ អញ្ចឹងយើងផលិតមិនមែនពូជតែមួយមុខទេ។ ប្រជាពលរដ្ឋគាត់ប្រើពូជអី ហើយដីកន្លែងហ្នឹងត្រូវការពូជអី។ យើងសិក្សាបែងចែកតំបន់ដាំដុះ បែងចែកតំបន់ដែលត្រូវដាក់ពូជឲ្យវាត្រូវ។
សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មីនេះ សិក្សាជាមួយនឹងផ្នែកពាក់ព័ន្ធរបស់ខ្លួន ជាមួយនឹងផ្នែកដែលពាក់ព័ន្ធខាងក្រៅ ដូចជាក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលទទួលបន្ទុកអំពីត្រៀមស្បៀងបំរុងនេះ តើយើងគួរធ្វើម៉េច ដើម្បីដោះស្រាយពូជនេះសម្រាប់ប្រជាពលរដ្ឋ ព្រោះរឿងតែងតែកើតអញ្ចឹង។ បើសិនជាយើងមានពូជល្អ ប្រជាពលរដ្ឋដែលធ្វើពូជមិនល្អនោះ គាត់យកស្រូវរបស់គាត់មកដូរពូជជាមួយយើង។ វាអត់មានអី ហើយបើសិនជាថាសល់ពូជ ប្រសើរជាងអត់ពូជ។ ខ្ញុំបាននិយាយពីម្សិលហើយ ខ្ញុំមិនឲ្យរដ្ឋាភិបាលរបស់ខ្ញុំមានងារថាអាអត់ពូជទេ។ អាអត់ពូជ ខ្ញុំចង់សំដៅទៅលើបញ្ហារដ្ឋាភិបាលមួយ ដែលគ្មានស្រូវពូជ ស៊ីអស់ទាំងស្រូវពូជ។ អញ្ចឹងបានជាឥឡូវនេះ រាជរដ្ឋាភិបាលមានស្រូវពូជគ្រប់គ្រាន់ដើម្បីចែកជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែស្ថិតនៅលើបញ្ហាគុណភាព។ រដ្ឋមន្ត្រីគាត់ទើបចូលកាន់តំណែងមែន ក៏ប៉ុន្តែគាត់ចុះទៅ គាត់ពិនិត្យទៅជាមួយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ នៃគណៈកម្មាការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ ធ្វើដំណើរទៅក្រចេះ។ ពេលទៅក្រចេះហ្នឹង ទៅពិនិត្យកន្លែងដែលផ្គត់ផ្គង់ពូជស្រូវឲ្យមុន គឺឃើញដំណុះមានល្អ មានមិនល្អ។ អញ្ចឹងបានសេចក្តីថា ក្នុងគ្រាប់ពូជរបស់យើង ១០ គ្រាប់ វាអាចមាន ៧ ល្អ និង ២ ៣ ទៀត វាខ្សោយ។ អញ្ចឹងបានជាការដាំដុះនេះ យើងត្រូវប្រុងប្រយ័ត្ន ចាប់ផ្តើមពីបញ្ហាពូជ ហើយបន្ទាប់ទៅការធ្វើដី ការថែទាំ ការដាក់ជី ធ្វើយ៉ាងម៉េចឲ្យកសិករយើងបានផ្តល់ និងផលចំនេញ។
អញ្ចឹង ភារកិច្ចខាងផ្នែកកសិកម្មនៅពេលខាងមុខនេះ មិនមែនគ្រាន់តែដំណើរការផលិតធម្មតាទេ ក៏ប៉ុន្តែជាដំណើរការផលិត ធ្វើយ៉ាងម៉េចឲ្យប្រជាជនមានប្រាក់ចំណេញ ដូចជាសូម្បីតែបច្ចេកទេសនៃការព្រោះស្រូវពូជ កន្លែងខ្លះគេត្រូវការត្រឹមតែ ៣០ គីឡូ គឺធ្វើបាន ១ ហិកតា គេព្រោះតែ ៥០ គីឡូ បាន ១ ហិកតា តែបងប្អូនខ្វះបច្ចេកទេស លេងពួយ ១ ហិកតា អស់ ១០០ គីឡូ។ អញ្ចឹងគ្រាន់តែតម្លៃស្រូវពូជ វាអស់មួយចំនួនហើយ។ ការប្រើជីក៏ដូចគ្នា ប្រើកម្រិតណាដែលទទួលផល ប្រសិនប្រើជ្រុលពេក វាក៏បង្កើតនូវបញ្ហាដែរ។ អញ្ចឹងទុកលទ្ធភាពឲ្យផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សា ហើយបើសិនមានការចាំបាច់ លើកសំណើឡើងដើម្បីយើងបង្កើតនូវគំនិតផ្តួចផ្តើមរួមគ្នារវាងរដ្ឋជាមួយនឹងវិស័យឯកជន ចេញជាក្របខណ្ឌគោលនយោបាយ បើសិនគេចង់ចូលរួមនិងរួមជាមួយនឹងប្រជាពលរដ្ឋដែលកំណត់ជាតំបន់ផលិតពូជតែម្តង ហើយសម្រាប់ធានា ពេលមានអាសន្នអន់ក្រចឹង យើងបញ្ចេញពូជចេញទៅ។ ប៉ុន្តែប្រជាពលរដ្ឋនៅកន្លែងដទៃទៀត ក៏អាចប្រចាំឆ្នាំដូរពូជ ហើយមករវាងផលិតពូជចាស់ យកពូជថ្មីទៅដាក់ ដែលវាអាចមានទិន្នផលប្រសើរជាង។ អាហ្នឹងគឺជាការគិតគូរមួយទៀត។
ខ្ញុំថ្ងៃនេះក៏សុំអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលក្នុងរយៈពេលកន្លងទៅនេះបានជំនះនូវការលំបាកជាមួយនឹងកូវីដ-១៩ ដែលបានកើតវាយសន្ធាប់មកលើប្រទេសកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោក។ ប៉ុន្តែ ដោយសារបងប្អូនប្រជាពលរដ្ឋរបស់យើងចូលរួម និងស្ដាប់តាមការរៀបចំរបស់រាជរដ្ឋាភិបាល (ក្នុងការប្រយុទ្ធប្រឆាំងនឹង)កូវីដ-១៩ (ទើបយើង)បានឆ្លងផុត(ដំណាក់កាលដ៏លំបាននេះ)។ ខ្ញុំក៏សូមប្រកាសដំណឹងដ៏រីករាយថា ថ្ងៃនេះ ប្រទេសកម្ពុជាយើងអត់មានកូវីដ-១៩ សូម្បីតែ ១ ករណី។ រយៈពេល ៤ ថ្ងៃហើយ ដែលអត់មាន(វិជ្ជមាន)កូវីដ-១៩ សូម្បីតែ ១ (ករណី) មុននេះ យើងធ្លាប់អត់មាន(វិជ្ជមាន)កូវីដ-១៩ រយៈពេល ៥២ ថ្ងៃ ប៉ុន្តែ បន្ទាប់ទៅមានការឆ្លង។ ឥឡូវនេះ (ការឆ្លង)កាន់តែតិចទៅៗ ឥឡូវ យើង(រយៈពេល) ៤ ថ្ងៃ ជាប់គ្នាហើយយើងអត់មាន(អ្នក)ឆ្លងកូវីដ-១៩ ទេ។ មិនមែនមានន័យថា ការអត់ឆ្លងនេះគ្មានកូវីដ-១៩ នៅជិតយើងនោះទេ។ កូវីដ-១៩ ដូចជាសត្រូវដែលយើងមិនឃើញ។ យើងមិនអាចប្រកាសជោគជ័យលើសង្គ្រាមប្រឆាំងកូវីដ-១៩ ទេ។ យើងគ្រាន់តែអាចប្រកាសថា យើងជោគជ័យលើសមរភូមិប្រឆាំងកូវីដ-១៩។
រវាងឈ្នះសង្គ្រាមនិងឈ្នះសមរភូមិខុសគ្នា។ ឈ្នះសង្គ្រាមវាទាល់តែកូវីដ-១៩ ហ្នឹងវាបាត់រលីងពីពិភពលោក។ កាលពីដើមវាមានប្រភេទ Alpha បន្ទាប់ពីប្រភេទ Alpha វាមក Delta (ហើយ) Delta នេះ សម្លាប់ប្រជាជនយើងអស់ ៣ ០០៦ នាក់ ផុតពី Delta ចុលដល់ Omicron ហើយ Omicron វាមាន Omicron BA2 បន្ទាប់ទៅ (Omicron) BA4, (Omicron) BA5 … បើទោះបីជាយើងអត់មានកូវីដ-១៩ ក៏ដោយ នៅទីនេះអត់មានឆ្លង ក៏ប៉ុន្តែត្រូវតែចាត់ទុកថាពួកវានៅក្បែរៗខ្លួនយើង ឱ្យតែធ្វេសប្រហែសបន្តិច គឺវាឆ្លងមកចំពោះខ្លួនយើង។ អញ្ចឹង សូមបងប្អូនបន្តតទៅទៀតជាមួយនឹងការខិតខំអនុវត្តវិធានការសុខាភិបាល ដែលក្នុងនោះមានទាំងការពាក់ម៉ាស់ ការរក្សាគម្លាត ការលាងដៃនឹងអាល់កុល/សាប៊ូ ធ្វើអញ្ចឹងដើម្បីចៀសវាងនឹងការឆ្លងចំពោះខ្លួនយើង និងការឆ្លងទៅដល់អ្នកដទៃ។
ដំបូងបំផុត គឺក្នុងគ្រួសារហ្នឹង តែម្តង ជាមួយនឹងការបន្តប្រើវិធានការ “៣កុំ ៣ការពារ” ក៏សូមបងប្អូនបន្តការយកចិត្តទុកដាក់ ស្តីអំពីបញ្ហាទាក់ទិនជាមួយនឹងការទទួល(យក)វ៉ាក់សាំង។ ឥឡូវ ខ្ញុំសូមសួរថា តើមានប្រជាជនយើងប៉ុន្មាននាក់ ដែលបានទទួលវ៉ាក់រួចមកហើយ សូមលើកដៃបន្តិច? ដូចគ្រប់គ្នា សូមដាក់ដៃចុះ។ តើមានបងប្អូនប៉ុន្មាននាក់ ដែលមិនទាន់បានទទួលវ៉ាក់សាំង? វាមិនមែនជាបញ្ហាទេ ព្រោះអ្នកខ្លះគ្រូពេទ្យមិនឱ្យទទួលតែម្តង ដោយសារមានបញ្ហាសុខភាព។ អញ្ចឹង ឥឡូវនេះ ចង់សួរថា តើក្នុងចំណោមបងប្អូនជាង ១ ម៉ឺននាក់ តើមានប៉ុន្មានទៅដែលអត់បានចាក់វ៉ាក់សាំង? មើលទៅប្រហែលជាគ្មានទេ។ សូមបងប្អូនកុំមើលស្រាលរឿងវ៉ាក់សាំង។ វ៉ាក់សាំងនេះ បានបង្កើតនូវស្ថានភាពល្អប្រសើរ សម្រាប់ប្រទេសកម្ពុជារបស់យើង។
យប់មិញនេះ ដូចជាមានការផ្សាយដោយ Nikkei គឺយើងស្ថិតនៅប្រទេសចំណាត់ថ្នាក់ទី ៤។ មុននេះយើងនៅលើ។ ឥឡូវ យើងនៅ(ចំណាត់ថ្នាក់)ទី ៤។ (ចំណាត់ថ្នាក់)ទី ១ ប្រទេស Bahrain។ (ចំណាត់ថ្នាក់)ទី ២ ប្រទេស Qatar។ (ចំណាត់ថ្នាក់)ទី ៣ ប្រទេស Rwanda។ ឯយើង(ចំណាត់ថ្នាក់)ទី ៤ ក្នុងចំណោម ១៣៣ ប្រទេស។ ចំណុចនេះ ជាចំណុចដែលយើងត្រូវយល់ថា មិនមែនគ្រាន់តែរាជរដ្ឋាភិបាល/ហ៊ុន សែន ម្នាក់អាចធ្វើបានទេ តែជោគជ័យនេះគឺជាជោគជ័យរួម ដោយប្រជាជនទទួលយកនូវគោលនយោបាយទាក់ទងនឹងការប្រយុទ្ធប្រឆាំងកូវីដ–១៩ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ … ឥឡូវ ការ(ហាម)ទៅកន្លែងប្រមូលផ្ដុំធ្វើលែងកើតហើយ។ បើយើង(ជួប)ជុំគ្នាដល់ទៅជាង ១ ម៉ឺននាក់ ទៅហាមឃាត់ប្រជាពលរដ្ឋថាកុំឱ្យទៅ(វាមិនសម)។ គ្រាន់តែថាយើងកុំគួរប៉ះគ្នា។ យកល្អដំណាក់កាលនេះមិនចាំបាច់ចាប់ដៃគ្នាទេ ផ្អាកសិនទៅ។ តែបើចាប់ក៏ចាប់ទៅ ប៉ុន្តែប្រញាប់លាង(ដៃ)ហ្នឹងអាល់កុល។ ខ្ញុំមិនអាចនឹងមិនធ្វើបានទេ ដោយសារតែយើងជាម្ចាស់ផ្ទះទទួលភ្ញៀវ ឬយើងត្រូវទៅក្រៅប្រទេស។ ដូច្នេះ វាត្រូវចាប់ដៃ។ ប៉ុន្តែចាប់ដៃរួចហើយ អាល់កុលនៅជាប់ខ្លួនបាញ់(លាងសម្អាតដៃ)។ មុននឹងទៅចាប់ដៃគេ យើងក៏ត្រូវបបាញ់អាល់កុល ក្រែងលោទៅពីយើងឆ្លង(ដល់)គេ។ ចាប់ដៃគេរួចហើយ ក៏យើងត្រូវបាញ់អាល់កុល ក្រែងលោក(ឆ្លង)ពីគេមកយើងវិញ …។
ខ្ញុំបន្តអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង (សូម)បន្តការខិតខំតទៅទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ តាមវិធានការវេជ្ជសាស្ត្រ ដែលក្រសួងសុខាភិបាលបានដាក់ចេញ មិនត្រឹមតែកូវីដ-១៩ ទេ អាចនឹងមានជំងឺឆ្លងដទៃទៀត រាប់ទាំងការឆ្លងចំពោះសត្វ ឬពីសត្វមកមនុស្ស។ ជំងឺឆ្លងឥឡូវនេះវាសាហាវណាស់ វាផុតពីមួយ(ចូល)ដល់មួយ។ គ្រាន់តែអាកូវីដ-១៩ នេះ គឺមិនដឹងជាវាប្រែរូបប៉ុន្មានប្រភេទរួចមកហើយទេ ដែលយើង បានឆ្លងកាត់នៅស្រុករបស់យើងនេះ (មានដូចជា) Alpha, Delta, Omicron ហើយអា Omicron នេះឡើងទៅ ដល់ប៉ុន្មានប្រភេទឯណោះ។ អញ្ចឹង ដើម្បីកុំឱ្យខ្លួនយើងឈឺ កុំឱ្យគ្រួសាររបស់យើងជួបការលំបាក ជម្រើសល្អជាងគេ គឺបន្តអនុវត្តតាមវិធានការសុខាភិបាល (សម្តេចនិយាយលេងពីនេះ/នោះជាមួយពលរដ្ឋ)។
ពីមុននេះ យើងមានគោលការណ៍របៀបផ្ដល់(ស្រូវពូជ) អ្នកដែលមានដី ០.៥ ហិកតា ឱ្យ(ស្រូវពូជ) ៥០ គីឡូ អ្នកដែលមានដីលើស ០.៥ ហិកតា ឱ្យ(ស្រូវពូជ) ១០០ គីឡូ ឥឡូវនេះ គឺលុបចោលគោលការណ៍ហ្នឹងហើយ ខ្ញុំបានប្រកាសតាំងពីម្សិល ហើយក៏បានអនុវត្តប៉ុន្មានថ្ងៃមកហើយដែរ បានសេចក្តីថា អត់គិតដីតូច/ធំទេ ជូនមួយ គ្រួសារ ១០០ គីឡូ ស្មើៗគ្នាទាំងអស់។ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង ដែលមានដីតូច ប្រើប្រាស់ពូជតិច សល់ពូជស្រូវនឹងអាចចែករំលែកទៅឱ្យអ្នកដែលមានដីធំជាង ដោយការខ្ចី/ទិញ ឬដោយការឱ្យទទេ អាហ្នឹងអាស្រ័យលើបងប្អូនទេ។ យើងធ្វើវិធីហ្នឹង ក៏ជាវិធីដោះស្រាយបញ្ហាមួយដែរ។ អ្នកខ្លះមានដីតែ ០.៥ ហិកតា បានស្រូវពូជដល់ទៅ ១០០ គីឡូ។ អញ្ចឹង ក្នុងវិធីធ្វើតាមរបៀបបច្ចេកទេស ក្នុង ០.៥ ហិកតា ហ្នឹងគេអាចប្រើត្រឹម តែ ២៥ គីឡូ (ពូជស្រូវ)ទេ (គឺ)គេអាចប្រើគ្រប់។ យើងនៅសល់ដល់ ៧៥ គីឡូ ឬថាអស់ ៥០ គីឡូ ទៅចុះ ក៏នៅសល់ ៥០ គីឡូ។ អញ្ចឹង (សល់) ៥០ គីឡូ យកធ្វើអី? អ្នកដែលខ្វះគេអាចមករកស្រូវពូជពីយើង ដើម្បីយកទៅ(ធ្វើការដាំដុះ) តាមរយៈការឱ្យខ្ចី/លក់ ហើយបើថ្ងៃក្រោយទៅអាពូជហ្នឹងគេអត់ត្រូវការ នៅសល់តើយកទៅធ្វើអី? (យក)បុក(ឬកិនអង្ករ)ស៊ីតែម្តងទៅ។ វាមានទៅលំបាកអី។ អញ្ចឹង បានសេចក្តីថា អត់ពូជទៀតហើយ។ ចុះបើទុកពូជស្រូវដល់ថ្នាក់ផុយរលួយចោលក៏វាអត់កើតដែរ។ សង្ឃឹមថា បងប្អូនយើងប្រើប្រាស់ពូជនេះឱ្យត្រូវ។ ថ្ងៃក្រោយយើងធ្វើយ៉ាងម៉េចកែច្នៃឱ្យពូជស្រូវ/ដំណាំរបស់យើងកាន់តែមានទិន្នផលខ្ពស់ …។
ថ្ងៃនេះ ការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងមានចំនួន ១១ ៥២៨ គ្រួសារ បើប្រៀបធៀបជាមួយអ្នកជួប ការលំបាកនោះ (គឺ)វាច្រើនជាងហ្នឹង ប៉ុន្តែអ្នកដែលមានលទ្ធភាពក្នុងការស្ដារឡើងវិញ គឺមានត្រឹមតែជាង ១១ ០០០ ម៉ឺនគ្រួសារ។ អ្នកដែលរងផលប៉ះពាល់មានច្រើនជាងហ្នឹង។ អញ្ចឹងបានជារយៈពេលកន្លងទៅនេះ យើងក៏បានចែកជំនួយឧបត្ថម្ភសម្រាប់គ្រួសារមួយចំនួនហើយ។ ឥឡូវនេះ អង្ករត្រូវរក្សាទុកនៅទីនេះ ចំនួន ៤០០ តោន ដែលបានមកពី៖ អ្នកឧកញ៉ា ទ្រី ភាព ចំនួន ៣០០ តោន និងលោក គង់ ទ្រីវ ចំនួន ១០០ តោន។ (អង្ករ) ៤០០ តោនទៀត ចាត់ចែងដើរចែកជូនប្រជាពលរដ្ឋរបស់យើង ដែលគាត់មិនអាចធ្វើស្រូវឡើងវិញបាន ហើយគាត់មិនបានស្រូវពូជថ្ងៃហ្នឹងទេ ប៉ុន្តែយើងអាចផ្ដល់ជាអង្ករសម្រាប់គាត់ និងផ្ដល់ពូជដំណាំផ្សេង ដើម្បីឱ្យគាត់ធ្វើ ជាត្រសក់ក៏ដោយជាស្អីក៏ដោយ … សូមបន្តធ្វើការវាយតម្លៃរឿងហ្នឹង ហើយផ្ដល់នូវពូជនោះ។
ថ្ងៃនេះ សម្រាប់ពលរដ្ឋ ១១៥២៥ គ្រួសារនេះ, គឺខ្ញុំមិននិយាយបន្ដទេ ប៉ុន្តែរំលឹកបន្ថែមថា មាននំបុ័ង មានទឹកក្រូច មានទឹកសុទ្ធ (ពិសារទៅ)។
សម្តេចតេជោ៖ ក្មួយស្រីនេះ អាយុប៉ុន្មានហើយ?
(ស្រ្ដីម្នាក់ឆ្លើយ)៖ ខ្ញុំអាយុ ៥២ ឆ្នាំ?
សម្តេចតេជោ៖ អាយុ ៥២ ហើយ កន្លះសតវត្សហើយ។ មានកូនប៉ុន្មាននាក់?
(ស្រ្ដីនោះឆ្លើយ)៖ មានកូន ៤ នាក់ ស្រីទាំងអស់។
សម្តេចតេជោ៖ ចុះមិនតាមរកប្រុសអីមួយទេ?
(ស្រ្ដីនោះឆ្លើយ)៖ រកមិនបាន សម្ដេច។
សម្តេចតេជោ៖ មកពីខាងប្រុស ឬមកពីខាងស្រី?
(ស្រ្ដីនោះឆ្លើយ)៖ គិតទៅ មិនដឹងបន្ទោសខាងណា បើរកអត់ឃើញអញ្ចឹង។
សម្តេចតេជោ៖ ឥឡូវនេះ កូនពៅគេអាយុប៉ុន្មាន?
(ស្រ្ដីនោះឆ្លើយ)៖ អាពៅគេ អាយុ ៥០ ឆ្នាំជាង។
សម្តេចតេជោ៖ អាពៅគេ អាយុជាង ៥០ ឆ្នាំ អាហ្នឹងបៅយូរជាងគេតែម្ដង (សម្ដេចសើច)។
(ស្រ្ដីនោះឆ្លើយ)៖ កូនស្រីពៅ អាយុ ១៧ ឆ្នាំ។
សម្តេចតេជោ៖ ហើយកូនបង អាយុប៉ុន្មាន?
(ស្រ្ដីនោះឆ្លើយ)៖ កូនបងអាយុ ២៧ ឆ្នាំ។
សម្តេចតេជោ៖ ហើយគ្រួសារអាយុប៉ុន្មាន?
(ស្រ្ដីនោះឆ្លើយ)៖ គ្រួសារអាយុ ៥៤ ឆ្នាំ។
សម្តេចតេជោ៖ អាហ្នឹងកូនពៅគេហើយ។ អាហ្នឹងមិនងាយផ្ដាច់ដោះទេ។ អញ្ចឹងកូនស្រីទាំងអស់។ តែស្រីទាំងអស់ ចំណេញទៅវិញទេ ចំណេញត្រង់ថា កូនប្រុសគេនឹងនៅជាមួយយើង។ ប៉ុន្តែយើងត្រូវទទួលបន្ទុក។
(ស្រ្ដីនោះឆ្លើយ)៖ មិនទាន់ដឹងទេថា ចំណេញឬខាតទេ។
(ឯកឧត្តម) សេង ទៀង, អ្នកដែលត្រូវធ្វើសម្ភាសហ្នឹង ជូនថវិកា ១ លានរៀល។ បានសំដី។
ម្សិលមិញ ខ្ញុំមានវិប្បដិសារី តែថ្ងៃនេះ ខ្ញុំសប្បាយ។ វិប្បដិសារីរបស់ខ្ញុំពីម្សិល ដោយសារអញ្ចេះ នៅឯខេត្តសៀមរាប ខំសួរអញ្ចឹង ហើយគ្នាថាឈឺ ហើយយើងគ្រោង ពេលចុះពីលើវេទិកាទៅនឹងផ្ដល់ថវិកាសម្រាប់ឱ្យគ្នាទៅមើលជំងឺ សម្រេចតែភ្លេចទៅ។ អញ្ចឹងពេលបាយជាមួយកែវ គឹមយ៉ាន, ជា សុផារ៉ា អីហ្នឹង ចេះតែថា ដូចជាសោកស្ដាយ(មិនបានឱ្យលុយគ្នា)។ យប់ម្សិល ម៉ោង ១១ និង ៣២ នាទី បញ្ជូនសំឡេងទៅឱ្យ សេង ទៀង ឱ្យស្រាវជ្រាវរកមើល។ ឥឡូវបានហើយ ឃើញផ្ញើ(សេចក្ដី)អរគុណមក។ ថ្ងៃនេះ បើសិនមិនបានជូនគាត់ទេ (ស្ដាយទៀតមិនខាន)។ សំខាន់កូនពៅអាយុជាង ៥០ ឆ្នាំ។ ថ្ងៃនេះ មានរឿងសើចច្រើន សើចតាំងពីល្ងាចដល់ព្រឹក។
(ថ្ងៃនេះ សម្រាប់ពលរដ្ឋ ១១៥២៥ គ្រួសារនេះ) ស្រូវពូជ ជូនចំពោះមួយគ្រួសារចំនួន ១០០ គីឡូក្រាម, មីមួយគ្រួសារ បានមួយកេសធំ ដែលមាន ៦ កេសតូច, ត្រីខមួយកេសធំ ដែលាមាន ១០០ កំប៉ុង, អង្ករមួយបាវ ៥០គីឡូ និងថវិកាជូនចំពោះគ្រប់ក្រុមគ្រួសារទាំងអស់ ២០ ម៉ឺនរៀលស្នើៗគ្នា។ ដោយឡែក នៅទីនេះ គឺមានបងប្អូនជនពិការចំនួន ២៤ នាក់ គឺ(ជូនថវិកា)ក្នុងម្នាក់បន្ថែមជូន ១ លានរៀល។ ម្សិលមិញនេះ នៅឯខេត្តបន្ទាយមានជ័យមានចំនួន ១៣ នាក់(ជាជនពិការ) ក៏បានបញ្ជូន(ថវិកា ១ លានរៀល)ដែរ សម្រាប់អ្នកជនពិការ។ សង្ឃឹមថា បងប្អូនយើងប្រកាន់ជាមួយនឹងការដែលយើងផ្ដល់សម្រាប់បងប្អូនជនពិការ។ យើងអត់ពិការ តែសម្រាប់ជនពិការគ្នាលំបាកជាង។ ដូច្នេះបានជាបន្ថែមជូនជនពិការរបស់យើង។ សូមជូនចំពោះសាលាក្រុងបាត់ដំបងថវិកាចំនួន ២ លានរៀល និងគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល។
ខ្ញុំក៏សូមជម្រាបថា ខ្ញុំបានមកបាត់ដំបងនេះ ដូចជា ២ ដង តាំងពីឆ្នាំ ២០២០ មក។ ម្ដងមកធ្វើបុណ្យទន្លេ អាហ្នឹងពេលកូវីដ-១៩ ចាប់ផ្ដើម ប៉ុន្តែយើងនៅធ្វើបុណ្យទន្លេបាន។ បន្ទាប់ទៅ មកម្ដងទៀត មកសម្ពោធផ្លូវជាតិលេខ ៥ ផ្លូវដែលជប៉ុនជួយសាងសង់។ ឥឡូវហ្នឹងមកទៀត ប៉ុន្តែមិនមែនលើកចុងក្រោយទេ នៅមកទៀត។ ថ្ងៃនេះ ខ្ញុំចេញពីហ្នឹងទៅ អត់ចូលក្រុង អត់ចូលអីទៀតទេ។ ខ្ញុំតម្រង់ឆ្ពោះទៅខេត្តពោធិ៍សាត់តែម្ដង។ ទៅបាយថ្ងៃត្រង់នៅឯពោធិ៍សាត់។ ខ្ញុំទៅដល់ពោធិ៍សាត់ បងប្អូនខ្លះក៏មិនទាន់ទៅដល់ ខ្លះនៅបវេល។ ត្រឹមថ្មគោល ជិតទេ ប៉ុន្តែអ្នកនៅបវេល ឆ្ងាយជាងគេ។ ឆ្ងាយក៏ស្ថិតនៅក្នុងការសប្បាយរីករាយ។ គេដឹក(ជូនទៅវិញ)។
សម័យនេះ សម័យសន្ដិភាព ដែលមុននេះពោរពេញទៅដោយសង្រ្គាម ប៉ុន្តែឥឡូវសន្ដិភាពកើតមាននៅទូទាំងប្រទេស។ ចេញមកតាំងពីម៉ោង១ ម៉ោង២ អត់មាននរណាបាញ់តាមផ្លូវទេ។ កាលពីដើម អត់ទេ បាញ់គ្នា។ បវេលនេះ ខ្ញុំធ្លាប់ទៅតើ ពីសម័យសង្រ្គាម ដាក់កាំភ្លើងធំ BM14 នៅហ្នឹង។ កងពលទី៦ បោះនៅម៉ាឡៃ ក្រោយមក ដកមកនៅបវេលនេះ។ ប្រពន្ធខ្ញុំទៅបវេល ទៅចែក(អំណោយ)កាកបាទក្រហមនៅបវេល ជាមួយនឹងអគ្គរដ្ឋទូតអាមេរិក ប៉ុល ពត បាញ់ ឧទ្ធម្ភាកចក្រទៀត។ សុទ្ធតែជាការផ្សងព្រេងទាំងអស់គ្នា។ យើងឆ្លងកាត់សង្រ្គាមទាំងអស់គ្នា ប៉ុន្តែឥឡូវមានសន្ដិភាពហើយ។ ត្រូវខិតខំរួមគ្នាការពារសន្ដិភាពនេះ ឱ្យខានតែបាន ទោះបីដោយតម្លៃណាក៏ដោយ … ដើម្បីធានាថា មានសន្ដិភាព រក្សាសន្ដិភាពបាន ជម្រើសតែមួយគត់ គឺបោះឆ្នោតឱ្យគណបក្សប្រជាជន អាហ្នឹងសុខទាំងអស់គ្នាហើយ។ គណបក្សប្រជាជនគ្រប់គ្រងអំណាច គឺគណបក្សប្រជាជនរកសន្ដិភាពឱ្យប្រទេសបាន។ គណបក្សប្រជាជនកាន់អំណាច គណបក្សប្រជាជនមានលទ្ធភាពរក្សាសន្ដិភាពបាន សម្រាប់ការពារជីវិតបងប្អូន។ ខ្ញុំសូមអរគុណ ហើយសង្ឃឹមថា ឆ្នាំក្រោយ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ បោះឆ្នោតជូនគណបក្សប្រជាជនបន្តទៀត សង្ឃឹមយ៉ាងដូច្នេះ។
ខ្ញុំមិនទៅណាចោលបងប្អូន។ ឥឡូវនៅរឹងមាំរបៀបនេះ ខ្លះគេថាសង្ហា ខ្លះគេថាអញ្ចេះ ស្រេចតែគេថាទៅ សង្ហាក៏បាន ប៉ុន្តែពោះរាងឡើងប៉ោងបន្ដិចហើយ។ ខ្ញុំគិតថា វាសមល្មម។ អម្បាញ់មិញ ប្រុងតែអង្គុយ ប៉ុន្តែអង្គុយ អត់មាននរណាមើលឃើញយើងអង្គុយទេ។ អញ្ចឹងឈរបណ្ដោយ។ អត់អីទេ ឈរត្រឹមប៉ុណ្ណឹង។ ថ្លែងការណ៍ត្រឹម ២ ម៉ោងអី គ្មានបញ្ហាទេ ប៉ុន្តែ ២ ម៉ោងច្រើនពេក (ត្រឹម១ម៉ោង)ល្មមប៉ុណ្ណឹងបានហើយ។ ចុងបញ្ចប់ អរគុណជាមួយនឹងសម្ដេច ឯកឧត្តម លោកជំទាវ ដែលបានចូលរួមនៅក្នុងពិធីនេះ ហើយអរគុណចំពោះប្រជាពលរដ្ឋរបស់យើងទាំងអស់ តាមរយៈបងប្អូនយើង អនុញ្ញាតឱ្យខ្ញុំផ្ដាំសួរសុខទុក្ខនៅក្នុងក្រុមគ្រួសារ ជាពិសេសលោកយាយ លោកតាដែលជាជីដូនជីតា ជាឪពុកជាម្ដាយ ដែលធ្លាប់បានរួមដំណើរជាមួយខ្ញុំ ជាមួយនឹងគណបក្សប្រជាជនតាំងពីឆ្នាំ ១៩៧៩ ឬក៏ក្រោយមក ក្រោយនយោបាយឈ្នះឈ្នះ ប្រសិនបើជាករណីបងប្អូនធ្វើសមាហរណកម្ម។ យើងបន្តរស់នៅជាមួយគា្នបន្តទៅទៀត ហើយគាំទ្រគ្នាទៅវិញទៅមក។ ពេលមានការលំបាក គណបក្សប្រជាជនរត់រកប្រជាជន។ ខ្ញុំធ្វើដំណើរមក ហើយមកដល់បាត់ដំបង ត្រូវដោះស្រាយការងារទៅកន្លែងដទៃ រាប់ទាំងការដោះស្រាយការងារលើកិច្ចការបរទេស។
សម័យនេះ ដល់ណាក៏យើងអាចធ្វើការងារបានដែរ ដូច្នេះសង្ឃឹមថា យើងនឹងធ្វើដំណើររួមគ្នាទៅមុនទៀត ដើម្បីការរីកចម្រើនទាំងអស់គ្នា ដែលយើងចាប់ផ្ដើមពីការលំបាក ពីបាតដៃទទេរ បន្ទាប់ពីការរំដោះមក គឺមិនមានអីទេ។ ឥឡូវ ទោះបីថា យើងលិចលង់ ក៏ប៉ុន្តែ យើងមានសម្លៀកបំពាក់សមរម្យគួរសមដែរ ហើយយើងមានសាលារៀន មានមន្ទីរពេទ្យ មានស្អី។ ប្រទេសដទៃ មានវ៉ាក់សាំងដល់ណា យើងមានដល់ហ្នឹងដែរ ដើម្បីចាក់ជូនប្រជាជនរបស់យើង។ ចុងក្រោយ សូមជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕