“… ហេតុអ្វីបានជាអ្នកសារព័ត៌មានថៃ ផ្សព្វផ្សាយនូវអ្វីដែលជាការមិនពិត? … វាមានឃ្លីបវីដេអូទាំងស្រុងទៅទៀត។ វាបង្កើតទៅជាការភាន់ច្រលំដោយនាយករដ្ឋមន្ត្រី អានុធិន តាំងពីនៅហាណូយ ថា លោក ហ៊ុន សែន ត្រៀមនឹងដណ្តើមយកដីហ្នឹងត្រឡប់មកវិញ ទាំងមធ្យោបាយសន្តិវិធីនិងមធ្យោបាយយោធា។ វាទៅជាអញ្ចេះបាត់ទៅ។ អញ្ចឹង សូមផ្ដាំផ្ញើទៅអ្នកកាសែតថៃទាំងឡាយ សូមមើលឲ្យច្បាស់។ (ការផ្សាយមិនពិត)នេះបង្កើតនូវការភាន់ច្រលំដ៏ធំមួយ ដែលគួរឲ្យកើតមានតាមរយៈអ្នកសារព័ត៌មានទេ?
ម្សិលមិញ ខ្ញុំបានលើកឡើងអំពីបញ្ហារវាងម្ខាងដំណោះស្រាយយោធា និងម្ខាងទៀតដំណោះស្រាយសន្តិវិធី។ ខ្ញុំសួរទៅប្រជាពលរដ្ឋថា តើចង់ដោះស្រាយដោយយោធាឬទេ? ព្រោះជម្រើសរបស់យើងវាមានតែពីរទេ។ រឺមួយយើងត្រូវដណ្តើមដីរបស់យើងមកវិញដោយប្រើកម្លាំងយោធា រឺមួយយើងដណ្តើមដីរបស់យើងមកវិញតាមមធ្យោបាយសន្តិវិធី។ ប្រជាពលរដ្ឋបានលើកដៃគ្រប់ៗ គ្នា មិនចង់បានយោធាទេ។ កាលពីមុន នាយករដ្ឋមន្ត្រីក៏ដូចជាគ្រប់តួអង្គពាក់ព័ន្ធតែងតែនិយាយថាដោះស្រាយដោយសន្តិវិធី។ លើកនេះ ខ្ញុំបានពន្យល់ច្បាស់ទៅកាន់ប្រជាពលរដ្ឋឲ្យយល់អំពីផលវិបាកនៃការប្រើប្រាស់កម្លាំងយោធា។
ខ្ញុំគិតថានេះគ្រាន់តែជាការពន្យល់បន្ថែមទេ។ សំខាន់សូមឲ្យអ្នកសារព័ត៌មានថៃបើកមើលវីដេអូហ្នឹងឡើងវិញឲ្យច្បាស់។ ខ្ញុំបាននិយាយថា ប្រសិនជាប្រើប្រាស់ដំណោះស្រាយយោធា ឧទាហរណ៍ថាយើងវាយកាន់កាប់ត្រឡប់មកវិញនូវទឹកដីនោះ។ គ្រាប់ទីមួយគឺជាបរាជ័យរបស់កម្ពុជាលើកិច្ចការនយោបាយនិងការទូត។ ព្រោះអ្វី? (គឺ)យើង(នឹងក្លាយ)ជាអ្នកបំពានបទឈប់បាញ់។ យើងបំផ្លាញអស់នូវអ្វីដែលហៅថាជំនឿទុកចិត្តពីអន្តរជាតិចំពោះយើង។ ក្នុងពេលនេះ អន្តរជាតិគ្មានអ្នកណាជឿថាកម្ពុជាទៅឈ្លានពានថៃទេ។ ហ្នឹងនិយាយឲ្យពិត។ វាគ្មានប្រទេសតូចឯណាទៅវាយប្រទេសធំដួលទេ។
ថៃខ្លួនឯងក៏ធ្លាប់បានប្រកាសដែរ។ កងទ័ពជើងគោកថៃប្រកាសច្បាស់ណាស់ថា ដោយសារកម្ពុជាបានទៅនៅលើដីថៃ៣០ ឬ៤០ឆ្នាំហើយ ដូច្នេះថៃត្រូវប្រើប្រាស់កម្លាំងដើម្បីយកត្រឡប់ទៅវិញ។ ហ្នឹងមានន័យថាម៉េច? ពេលផ្ទុះអាវុធនៅខែកក្កដាឆ្នាំ២០២៥ មានការចោទសួរថានរណាផ្ទុះអាវុធមុន? អញ្ចឹងទេមានតែអ្នកវាយដណ្តើមគេទេបានផ្ទុះអាវុធមុន។ ខ្ញុំចង់និយាយថាករណីដូចគ្នានេះ បើសិនជាយើងចង់វាយដណ្តើមមកវិញ យើងជាអ្នកផ្ទុះអាវុធមុន។ ដូច្នេះយើងជាអ្នកខុស។ ហ្នឹងជាលទ្ធផលខាងផ្នែកនយោបាយ។
ដល់លទ្ធផលខាងផ្នែកយោធា យើងអាចទាយទុកមុនបានថា កងទ័ពរបស់យើងនឹងត្រូវស្លាប់ ឬរបួស។ ប្រជាជនស្លាប់និងរបួស នឹងត្រូវជម្លៀសច្រើនទៀត។ (ម្យ៉ាងទៀត) ដំណោះស្រាយយោធាក៏មិនប្រាកដថាយើងវាយបានទេ។ អញ្ចឹងទេ ការប្រើប្រាស់ដំណោះស្រាយយោធាមិនមែនជាជម្រើសដែលយើងត្រូវធ្វើទេ។ ខ្ញុំចង្អុលបង្ហាញបញ្ហានេះ ពីព្រោះពួកជ្រុលនិយមនៅក្រៅប្រទេសបានជំរុញឲ្យយើងប្រើប្រាស់កម្លាំង។ ដំណោះស្រាយដែលយើងប្រើប្រាស់កម្លាំង ទីមួយ មិនប្រាកដថាយើងវាយយកបានទេ និងទីពីរ វាយយកបានហើយមិនប្រាកដថាជួយយើងបានដែរ។ អ្វីដែលធ្ងន់ធ្ងរជាងនេះ នៅត្រង់ថាវាយចុះវាយឡើង ក៏ពន្យាពេលដោះស្រាយ តកូនតចៅ។ ហ្នឹងជាបញ្ហា។
នាយករដ្ឋមន្ត្រីថៃបាននិយាយថា ថៃអត់ដែលឈ្លានពានទេ។ ឥឡូវអញ្ចេះ ឈ្លានពានឬមិនឈ្លានពាន (មានតែ)អនុវត្តនូវចំណុចទីបី នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលថាឲ្យមានការវាស់វែងទៅ។ ចំណុចទីបីហ្នឹង គឺបានចែងច្បាស់ …៖
“ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។
ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ភាគីទាំងពីរឯកភាពគ្នា ថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះ នៅលើទីតាំងជាក់ស្តែង ដែលរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។
ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែន នឹងផ្តល់អាទិភាព ខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមានៅតំបន់រងផលប៉ះពាល់ ដែលជនស៊ីវិលរស់នៅ”។
ថ្ងៃនេះ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីនេះស្រាប់។ គាត់ជាអ្នកចុះហត្ថលេខាលើ(កិច្ចព្រមព្រៀងបទឈប់បាញ់)ហ្នឹង។ ប៉ុន្តែឥឡូវនេះខាងភាគីថៃ បានពន្យាម្តងហើយម្តងទៀត។ ម្តងយកហេតុផលត្រង់គាត់រំលាយរដ្ឋាភិបាល។ គាត់ថារដ្ឋាភិបាលចាំផ្ទះអត់មានសិទ្ធិ។ ដល់ទៅពេលបង្កើតរដ្ឋាភិបាលហើយ គាត់ថាអត់ទាន់តែងតាំងប្រធានថ្មី។ ដល់ឥឡូវនេះគាត់ថា ឈប់ចរចាទ្វេភាគីហើយ ដោយសារតែកម្ពុជាដាក់បញ្ហាសមុទ្រទៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិខាងច្បាប់សមុទ្រ ដែលក្នុងនោះមានអ្វីដែលហៅថាយន្តការផ្សះផ្សាដោយបង្ខំ។ ប៉ុន្តែរឿងនេះ វាមិនពាក់ព័ន្ធជាមួយគ្នាទេ។ មួយជាព្រំដែនគោក មួយជាព្រំដែនទឹក។ គេចវេសបែបនេះគឺមិនបានទេ។
ឥឡូវខ្ញុំចង់សួរថា តើផ្លូវលេខ៥៨ ដែលចិនជាអ្នកកសាង ពេលនេះថៃកំពុងតែដាក់កុងតឺន័រដាក់ស្អីហ្នឹង តើចិនហ្នឹងខ្វាក់ភ្នែកឬអី? ប្រទេសចិនខ្វាក់ភ្នែកឬអី បានជាមកធ្វើផ្លូវឲ្យកម្ពុជានៅលើដីថៃទៅវិញ។ ខ្ញុំចង់សួរត្រង់កន្លែងហ្នឹង។ បើថាខ្លួនឯងចិត្តត្រង់ មកវាស់វែងទៅ ព្រោះកិច្ចការហ្នឹងយើងបានកំណត់ជាមួយគ្នាតាំងពីថ្ងៃ២៧ ខែ១២ (ឆ្នាំកន្លងទៅ)។
យ៉ាងណាក្តី ខ្ញុំមិនចង់បកស្រាយច្រើនទេ។ ខ្ញុំចង់ចង្អុលបង្ហាញទៅកាន់សារព័ត៌មានថៃថា អ្នកឯងមានចេតនាស្អីដែលនិយាយថាលោក ហ៊ុន សែន បានគួបផ្សំវិធានការទាំងពីរ គឺយោធានិងសន្តិវិធី(ស្តីពីទឹកដីដែលថៃដណ្តើមកាន់កាប់)? ខ្ញុំមិនបានឲ្យជ្រើសរើសមធ្យោបាយយោធាទេ។ ខ្ញុំបានចង្អុលបង្ហាញ(ពីសារសំខាន់នៃការដោះស្រាយតាម)មធ្យោបាយដោយសន្តិវិធី។ ខ្ញុំយកបញ្ហានេះជាគោលនយោបាយរបស់គណបក្សប្រជាជន សម្រាប់ឃោសនាបោះឆ្នោតឆ្នាំ២០២៧ និងសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ២០២៨។ គណបក្សប្រជាជនប្រកាន់ខ្ជាប់គោលនយោបាយដោះស្រាយដោយសន្តិវិធី។ សូមឲ្យបក្សប្រឆាំងដាក់(គោលនយោបាយរបស់ខ្លួន)ចេញមក។ សល់តែមួយទេសំរាប់គោលនយោបាយរបស់អ្នកឯងគឺវាយគ្នា។
បើអ្នកឯង(ជ្រើសការដោះស្រាយដផយសន្តិវិធី គឺអ្នកឯង)និយាយតាមខ្ញុំដដែលហ្នឹង។ អញ្ចឹងមានន័យថា ពួកអ្នកឯងដើរតាមគណបក្សប្រជាជន។ រឿងអីអ្នកឯងមកទិតៀនខ្ញុំ? ជាធម្មតា ខ្ញុំមិនបិទក្រោលសេះនៅពេលសេះចេញផុតពីក្រោលទេ។ និយាយឲ្យត្រង់។ សូមប្រាប់ទៅគណបក្សនយោបាយនានា ពិសេសគណបក្សប្រឆាំងនិយមជ្រុលដែលចង់ឲ្យរដ្ឋាភិបាលបើកការវាយប្រហារដណ្តើមយកមកវិញនូវទឹកដីដែលថៃកំពុងគ្រប់គ្រងដោយខុសច្បាប់នោះ។ យើងអត់ទទួលស្គាល់ការកែប្រែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងទេ។ យើងអត់ធ្មត់។ អញ្ចឹងបានយើងដាក់ឈ្មោះទីនេះថាជា “ភូមិរង់ចាំ”។ ភូមិរង់ចាំ មានន័យថាយើងមិនមែនមកនៅទីនេះមួយជីវិតទេ។
យើងរង់ចាំផ្ទះសម្បែង និងដីធ្លីរបស់យើងត្រូវបាន(យក)ត្រឡប់មកវិញដោយមធ្យោបាយសន្តិវិធី មិនមែនដោយមធ្យោបាយយោធាទេ។ មធ្យោបាយយោធាអាចអូសបន្លាយតជំនាន់មនុស្ស។ មានតែមធ្យោបាយសន្តិវិធីទេដែលអាចដោះស្រាយទៅមាន(លទ្ធផល)ចីរភាព ដែលអាចទៅជាប្លង់រឹងរយៈពេលវែង តពូជតពង្ស តជំនាន់។ ខ្ញុំសូមអំពាវនាវឲ្យក្បាលម៉ាស៊ីនថៃកែតម្រូវទៅលើព័ត៌មានដែលខ្លួនចុះផ្សាយ ដោយយកពាក្យពេចន៍ខ្ញុំទៅនិយាយឲ្យច្បាស់។ ខ្ញុំសង្ឃឹមថា អ្នកនយោបាយថៃមិនល្ងង់ដល់ថ្នាក់ជឿព័ត៌មានភូតកុហក ដែលអ្នកសារព័ត៌មានថៃបង្កើតឡើងទេ។ អ្នកសារព័ត៌មានថៃ ប្រទេសថៃក៏មានអ្នកចេះខ្មែរដែរ។ អញ្ចឹងឲ្យគេបកប្រែទៅ តើមានសម្ដីណាមួយដែលខ្ញុំនិយាយថាប្រើទាំងមធ្យោបាយសន្តិវិធីនិងកម្លាំងប្រដាប់អាវុធ? ខ្ញុំអត់បាននិយាយមួយម៉ាត់ទេ។
ផ្ទុយទៅវិញ ខ្ញុំប្រឆាំងនឹងការប្រើប្រាស់កម្លាំងវាយកាន់កាប់(ទឹកដី)ត្រឡប់មកវិញ។ ខ្ញុំទុកឲ្យបក្សប្រឆាំងនៅកម្ពុជាដាក់ចេញនូវគោលនយោបាយប្រកួតប្រជែងអំពីបញ្ហាដំណោះស្រាយព្រំដែនរវាងកម្ពុជានិងថៃ។ សូមប្រាប់ប៉ុណ្ណឹងចុះ ហើយសូមឲ្យយកចិត្តទុកដាក់រឿងសារព័ត៌មាន។ ឥឡូវនេះ ទាំងភាគីកម្ពុជា ទាំងភាគីថៃ វិលវល់ជាមួយព័ត៌មានក្លែងក្លាយ។ ជួនកាលកម្ពុជាយើងទទួលព័ត៌មានខុស ដោយសារការបញ្ចេញព័ត៌មានក្លែងក្លាយ។ ជួនកាលខាងថៃយល់ខុស ដោយសារការដែលគេបញ្ចេញព័ត៌មានក្លែងក្លាយ។ ដូច្នេះ គួរតែស្វែងរកព័ត៌មានពិតដើម្បីបង្កើតទំនុកចិត្ត ជៀសវាងការភ័ន្តច្រឡំ។ ការភ័ន្តច្រឡំគឺវាគ្រោះថ្នាក់។
ខ្ញុំគ្រាន់តែបើកឆាក និងអនុញ្ញាតឲ្យយកទៅផ្សាយ។ សូមបញ្ជាក់ថា ម្សិលមិញខ្ញុំបានទៅបន្ទាយមានជ័យ។ ថ្ងៃនេះ ខ្ញុំមកសៀមរាប។ ស្អែកទៅណាទៀត ខ្ញុំមិនប្រាប់ទេ។ ឥឡូវ ខ្ញុំសូមបញ្ចប់។ សូមឲ្យទូរទស្សន៍ជាតិ យកសារហ្នឹងទៅផ្សព្វផ្សាយ បន្តផ្ទាល់គ្រប់ទូរទស្សន៍ បញ្ជូនសារទៅទីក្រុងបាងកក ដើម្បីកែតម្រូវទៅលើបញ្ហាព័ត៌មានដែលផ្សាយខុស។ ខ្ញុំមិនបាននិយាយអំពីការប្រើប្រាស់កម្លាំងដើម្បីយកទឹកដីរបស់យើងត្រឡប់មកវិញទេ។
ឥឡូវនេះ កុំនិយាយរឿងព្រំដែននៅឯណា (ព្រោះ)អ្នកឯងមិនទាន់បានវាស់វែងផង។ ក្នុងកិច្ចព្រមព្រៀងនិយាយពីវាស់វែង។ ឥឡូវមិនទាន់បានវាស់វែង តើអ្នកឯងទៅបោះបង្គោលនៅត្រង់ណា? (បើវាជាព្រំប្រទល់រវាង)ប្រទេសទាំងពីរ វាទាល់តែទទួលស្គាល់ទាំងសងខាង ទើបអាចទៅបោះបង្គោលបាន។ ដូនតាយើងទុកឲ្យជាង ១០០ឆ្នាំហើយ។ មិនមែនគ្រាន់តែដូនតាខាងបារាំង តំណាងឲ្យឡាវ តំណាងឲ្យខ្មែរទេ ដូនតាខាងព្រះរាជាណាចក្រថៃគឺព្រះមហាក្សត្រថៃនៅពេលនោះក៏បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងបារាំងសៀម១៩០៤ និងអនុសញ្ញាបារាំងសៀម១៩០៤ និងសន្ធិសញ្ញាបារាំងសៀម១៩០៧ ដែរ៕

