សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកពូជស្រូវជូនប្រជាជននៅខេត្តបាត់ដំបង

(១) ការខិតខំរួមគ្នាទាំងប្រជាពលរដ្ឋនិងទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បញ្ចៀសនូវគ្រោះថ្នាក់ ការបាត់បង់ជីវិតដោយសារជំនន់, ជំនន់កើតមាននៅ ២០/២៥ ខេត្ត/ក្រុង តែទំហំមិនធំហួសហេតុពេកទេ, ផ្តល់ពូជដំណាំផ្សេងៗ ដល់គ្រួសារមិនមានលទ្ធភាពស្តារស្រូវឡើងវិញ សម្តេចក្រឡាហោម ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះយើងជួបជុំគ្នានៅទីនេះក្រោមព្រះភិរុណដែលកំពុងតែបង្អុរ ប៉ុន្តែសង្ឃឹមថានឹងមិនមានភ្លៀងធំណាមួយកើតឡើងនោះទេ។ សុំឱ្យក្មួយៗដែលមានកូនតូចៗខិតខំរកក្រមាគ្របកុំឱ្យត្រូវទឹកភ្លៀង ក្រែងលោកូនៗ នោះផ្តាសាយ។ អម្បាញ់មិញនោះ ឃើញកូនៗ មួយចំនួន ចៅៗមួយចំនួន។ សូមខិតខំការពារ (តែ)ដូចជាមិនសូវមានក្រមាផង។ ដំបូង សូមពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រជាទីសក្ការៈ ព្រមទាំងសម្តេចព្រះរាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេតែងតែកង្វល់ពីសុខទុក្ខរបស់ប្រជាជន និងតែងតែគាំទ្រទៅលើសកម្មភាពរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះដល់ប្រជាជនរបស់យើង។ នៅក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការចូលរួមការលំបាកជាមួយបងប្អូនជនរងគ្រោះទាំងអស់នៅក្នុងខេត្តបាត់ដំបង និយាយដោយឡែក និងនិយាយរួមនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលនេះជាមហន្តរាយមួយទៀត ក្នុងចំណោមមហន្តរាយដែលយើងធ្លាប់ឆ្លងកាត់កាលពីឆ្នាំ ២០២០ ម្តង និង ២០២២ នេះម្តងទៀត ដែលវាក៏ដើរស្របជាមួយនឹងបញ្ហាកូវីដ-១៩ ដែលបានកើតនៅក្នុងប្រទេសរបស់យើង។ ខ្ញុំក៏សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះសម្តេចក្រឡាហោម ស ខេង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី…