(១) អាវបញ្ជាក់ស្ថានភាពនិងធ្វើសកម្មភាពតម្រង់ឆ្ពោះមកប្រជាពលរដ្ឋជួបការលំបាក, ទឹកជំនន់មិនធំដូចឆ្នាំ ២០២០ ទេ ប៉ុន្តែស្រកយឺត បង្កផលប៉ះពាល់ទ្រង់ទ្រាយធំគួរសម, គួបផ្សំសកម្មភាពរបស់រដ្ឋ ជាមួយការរៃអង្គាសពីសប្បុរសជននានា ស្រាយជីវភាពប្រជាពលរដ្ឋរងគ្រោះ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបបងប្អូនសារជាថ្មីម្តងទៀត ជាមួយនឹងទីកន្លែងដដែល ដែលមានបងប្អូនមួយចំនួនមកជួបខ្ញុំនៅកន្លែងហ្នឹងតាំងពី ២ ឆ្នាំមុន ហើយខ្ញុំក៏ស្លៀកពាក់អាវរបស់ខ្ញុំដដែលដែរ។ ចាត់ទុកថា ពាក់អាវមិនដែលឃើញដោះ។ កាលណាខ្ញុំពាក់អាវហ្នឹង គឺមានន័យថាស្ថានភាពបានមកដល់ ហើយគោលដៅរបស់ខ្ញុំគឺតម្រង់ឆ្ពោះមកជួបប្រជាពលរដ្ឋ។ អាវនេះបន្ទាប់ពីខ្ញុំចាកចេញពីនយោបាយអីទៅ ប្រហែលគេអាចយកទៅដាក់សារៈមន្ទីរ នៅវិមានឈ្នះឈ្នះ ព្រោះមានអាវប៉ុន្មាននោះសម្រាប់ពាក់ជួបប្រជាពលរដ្ឋ ពេលដែលជួបការលំបាក រាប់ទាំងទឹកជំនន់សហសតវត្សរ៍ឆ្នាំ ២០០០ ផងដែរ។
អនុញ្ញាតឲ្យខ្ញុំពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ក៏ដូចជាសម្តេចម៉ែ ដែលព្រះអង្គបានផ្តាំផ្ញើព្រះរាជបណ្តាំសួរសុខទុក្ខ និងចូលរួមរំលែកនូវការលំបាករបស់ប្រជាជននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយក៏បានគាំទ្រគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងឡាយ ដែលទាក់ទងជាមួយនឹងការដោះស្រាយបញ្ហាប្រជាពលរដ្ឋរបស់យើង។
ខ្ញុំក៏សុំយកឱកាសនេះសំដែងជូនក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលការរងគ្រោះដោយសារទឹកជំនន់។ ពិតមែនតែឆ្នាំនេះ ទឹកជំនន់មិនធំពេក ដូចជាឆ្នាំ ២០២០ នោះទេ ក៏ប៉ុន្តែដោយសារទឹកស្រកយឺត វាបង្កនូវផលប៉ះពាល់ក្នុងទ្រង់ទ្រាយធំគួរសម ដែលចាំបាច់ត្រូវមានអន្តរាគមន៍ពីសំណាក់ថ្នាក់ជាតិ។ ខ្ញុំក៏សុំយកឱកាសនេះ សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ និយាយដោយឡែក និងនិយាយរួម ចំពោះអាជ្ញាធរខេត្ត និងមូលដ្ឋាននៅគ្រប់ទីកន្លែងទាំងអស់ ដែលចូលរួមដោះស្រាយបញ្ហាទាំងឡាយជាមួយនឹងប្រជាពលរដ្ឋ ហើយជាភារកិច្ចចាំបាច់ និងអាទិភាពខ្ពស់បំផុតរបស់យើង។ ខ្ញុំក៏សុំយកឱកាសនេះអរគុណចំពោះកាកបាទក្រហមកម្ពុជា ក៏ដូចជាសប្បុរសជននានា ដែលបានជួយដល់ប្រជាពលរដ្ឋរបស់យើងក្នុងគ្រាដ៏លំបាក ហើយក្នុងនោះក៏មានកាចូលរួមថ្មីៗថែមទៀត គឺក្រៅពីអន្តរាគមន៍របស់រដ្ឋ ក៏នៅមានជំនួយឧបត្ថម្ភរបស់សប្បុរសជនផងដែរ។
ការនេះយើងត្រូវរួមគ្នាធ្វើ ហើយបងប្អូនអាចដឹងហើយថា គ្រាន់តែត្រឹម ២ ឆ្នាំនេះ យើងជួបបញ្ហាច្រើន ប៉ុន្តែយើងជំនះនូវការលំបាករបស់យើង ក្នុងនោះឆ្នាំ ២០២០ គឺជាឆ្នាំដែលយើងមានកូវីដ–១៩ ក៏ប៉ុន្តែសម្រាប់ខ្លួនខ្ញុំមិនខ្លាចកូវីដ–១៩ ទេ មកចូលរួមដោះស្រាយសម្រាប់ប្រជាពលរដ្ឋរបស់យើង។ នៅខេត្តបន្ទាយមានជ័យនឹងចុះ ៣ ថ្ងៃជាប់គ្នា ព្រោះពេលនោះខេត្តបន្ទាយមានជ័យរងនូវការវាយប្រហារធ្ងន់។ ឥឡូវ កូវីដ-១៩ នៅមិនទាន់ផុតទេ ក៏ប៉ុន្តែបើសិនជានាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រី ឬឧបនាយករដ្ឋមន្ត្រី ឬមន្ត្រីរបស់យើង ខ្លាច កូវីដ–១៩បែរជាមិនហ៊ានចុះជួបជាមួយប្រជាពលរដ្ឋ គឺយើងមិនសក្តិសមជាគណបក្សដែលមានការទទួលខុសត្រូវក្នុងការដឹកនាំរដ្ឋនោះទេ។ ដូច្នេះហើយ ក្នុងរយៈពេលកន្លងទៅនេះ ថ្នាក់ខេត្ត ថ្នាក់ស្រុក ក៏ដូចជាថ្នាក់ស្ថាប័ននានា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្នែកពាក់ព័ន្ធដទៃទៀត បានចូលរួមដោះស្រាយបញ្ហានេះមួយចំនួនហើយ។
អង្ករដែលខ្ញុំព្រះករុណាខ្ញុំ បានបញ្ជូនមក ក៏បានចែកចាយជូនប្រជាពលរដ្ឋនៅកន្លែងមួយចំនួនរួចមកហើយដែរ ប៉ុន្តែវាមិនទាន់សព្វគ្រប់ទេ។ ប៉ុន្មានថ្ងៃនេះ រាប់ទាំងពីយប់មិញផងដែរ ខ្ញុំក៏បានដោះស្រាយបន្ថែម ជូនដល់ទៅ ៣០០ តោនឯណោះ និងប្រាក់ ២០ ម៉ឺនដុល្លារ ដែលនឹងដឹកមកនៅក្នុងរយៈពេលខ្លី សម្រាប់ខេត្តបាត់ដំបងទទួល។ ដោយឡែក ខេត្តបន្ទាយមានជ័យនេះ ក៏ធ្លាប់បានចែកមួយចំនួនហើយដែរ។ ខ្ញុំនឹងទុកអង្ករ ១០០ តោន និងប្រាក់ ១០ ម៉ឺនដុល្លារ សម្រាប់អាជ្ញាធរខេត្តដើរចែកជូនប្រជាពលរដ្ឋនៅកន្លែងដទៃៗទៀត ព្រោះអ្នកដែលទទួលទាំងស្បៀងទាំងពូជស្រូវថ្ងៃនេះ មាន ៥ ២២៤ គ្រួសារ។ គ្រួសារមួយចំនួន មិនខូចខាតប៉ះពាល់អីធ្ងន់ទេ ក៏ប៉ុន្តែក៏ជួបប្រទះនូវបញ្ហាដែរ។ អញ្ចឹងយើងត្រូវផ្តល់អង្ករសម្រាប់ខេត្តបន្ទាយមានជ័យនេះ ចំនួន ១០០ តោន និងប្រាក់ ១០ ម៉ឺនដុល្លារ។
អង្ករនោះគឺបានទទួលជំនួយពីឧកញ៉ា សុខ ឡេង ដែលក្រុមហ៊ុន GANZBERG ហើយអង្កររបស់គាត់ដដែលនេះ ក៏បានចែកជូនទៅខេត្តឧត្តរមានជ័យចំនួន ១០០ តោន សម្រាប់ដោះស្រាយនៅខេត្តឧត្តរមានជ័យ ជាមួយនឹងទឹកប្រាក់ ២០ ម៉ឺនដុល្លារ ដែលជាទឹកប្រាក់សប្បុរសជន រាប់ទាំងព្រះសង្ឃ សម្តេចសង្ឃផងដែរ។ សម្រាប់ខេត្តបាត់ដំបង គឺ ៣០០ តោន ជាអង្កររបស់អ្នកឧកញ៉ា ទ្រី ភាព។ នៅខេត្តកំពង់ធំ ២០០ តោន ជាអង្កររបស់ឧកញ៉ា ទ្រី ភាព។ នៅពោធិសាត់ ១៥០ តោន អង្កររបស់ឧកញ៉ា ទ្រី ភាព។ នៅប៉ៃលិន អង្ករ ៥០ តោន គឺជាអង្កររបស់ឧកញ៉ា ទ្រី ភាព ហើយក៏មានថវិកាអមទៅជាមួយ ដូចជាប៉ៃលិនមានថវិកាទៅជាមួយ ១០ ម៉ឺនដុល្លារ ខេត្តកំពង់ធំ ថវិកាចំនួន ១៥ ម៉ឺនដុល្លារ។ នេះគួបផ្សំគ្នារវាងចលនារបស់រដ្ឋ សកម្មភាពរបស់រដ្ឋ ជាមួយនឹងការរៃអង្គាសរបស់សប្បុរសជននានា ដើម្បីជួយដោះស្រាយបញ្ហា សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំសុំយកឱកាសនេះ សំដែងនូវការវាយតម្លៃខ្ពស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការទាំងអស់ដែលធ្វើឡើងដោយអាជ្ញាធរថ្នាក់ក្រោមជាតិ ជាមួយនឹងកម្លាំងទាំងអស់ ទាំងថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ ដែលរួមមានកម្លាំងប្រដាប់អាវុធ និងផ្នែកពាក់ព័ន្ធផងដែរ។
គ្រោះធម្មជាតិវាពិបាកណាស់។ យើងមិនអាចបញ្ជាភ្លៀងកុំឲ្យធ្លាក់បានទេ។ នៅលើលោកនេះ គឺគ្មានទាន់មានប្រទេសណាមួយអាចគ្រប់គ្រងការប្រែប្រួលអាកាសធាតុនេះបានទេ។ សូម្បីតែសហរដ្ឋអាមេរិក ក៏មានពេលខ្លះមានភ្លើងឆេះព្រៃ ហើយមានពេលខ្លះក៏ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ។ នៅប្រទេសចិនក៏មានបញ្ហា ប្រទេសជប៉ុនក៏មានបញ្ហា ហើយនៅជិតខាងយើងនេះ ប្រទេសវៀតណាម ព្យុះវាយចូលភាគកណ្តាលផង ភាគខាងជើងផង។ ឯប្រទេសថៃក៏ធ្ងន់ធ្ងរ ហើយទឹកធ្លាក់ពីថៃមក ឆ្នាំនេះទឹកធ្លាក់ពីថៃក៏មានការធ្លាក់ចុះមក ហើយអម្បាញ់មិញគឺនាយករងខុទ្ទកាល័យរបស់ខ្ញុំវាយមកថា សុំឲ្យជួយក្រុមហ៊ុននេះនោះលើកកំពស់ទំនប់ អូរកៃដន នៅទល់ដែន ដែលឆ្នាំនេះយើងបានទប់ស្កាត់ការបាក់ឬក៏ហូរច្រោះទំនប់ហូរពីថៃមកនោះ បានមួយផ្នែក។ នេះជារបៀបដែលយើងដោះស្រាយដែលយើងស្វះស្វែងវិធីដោះស្រាយជាបន្ទាន់។
(២) អ្នកបច្ចេកទេសកសិកម្ម រកវិធីជួយកសិករចៀសវាងការប្រើប្រាស់ពូជតិចនិងជីច្រើន ហើយទទួលបានផលដូចគ្នា, គណកម្មការស្បៀងបម្រុង តាំងពីអង្ករ ស្រូវពូជ និងពូជដំណាំ, សារសំខាន់នៃថវិកាជំពូកមិនទាន់បែងចែក
ថ្ងៃនេះ ដំណើររបស់ខ្ញុំធ្វើមួយជុំវិញទន្លេសាបតែម្តង។ មុននេះ ខ្ញុំគិតថា ខ្ញុំគ្រាន់តែផ្ញើស្រូវ ផ្ញើថវិកា ផ្ញើអង្ករ ជូនទៅខេត្តកំពង់ធំទេ ក៏ប៉ុន្តែឥឡូវខ្ញុំសម្រេចថា ខ្ញុំនឹងទៅខេត្តកំពង់ធំនៅថ្ងៃទី ២៩ ប៉ុន្តែខ្ញុំត្រូវចូលទៅភ្នំពេញ ធ្វើការ ២ ថ្ងៃសិន។ ថ្ងៃទី ២៧ ខ្ញុំទៅដល់ទីក្រុងភ្នំពេញ ប្រជុំអន្តរជាតិតាមអនឡាញ ដល់ថ្ងៃទី ២៨ ត្រូវដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីនឹងអនុម័តច្បាប់ថវិកា។ ថ្ងៃ ២៩ ទៅខេត្តកំពង់ធំ ព្រឹកជួបជាមួយប្រជាពលរដ្ឋ ដើម្បីចែកស្រូវពូជ ក៏ដូចជាស្បៀង ឯល្ងាចជួបមន្ត្រីរាជការ ហើយត្រឡប់មកវិញតាមរថយន្ត … ព្រឹកឡើងទៅតាមឧទ្ធម្ភាគចក្រចុះ។ ហ្នឹងគឺរៀបចំដំណើរបែបនេះ។ បន្ទាប់ពីនោះ គឺទុកឲ្យបណ្តាខេត្តចាត់ចែង។ ខេត្តព្រះវិហារក៏មានទទួលអង្ករ ១០០ តោនដែរ ជាមួយនឹងស្រូវពូជ ជាមួយនឹងពូជធាដែលបានចែក។
តាមរយៈការចែកពូជនេះ គឺរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទថ្មី ដែលបានពិនិត្យក្នុងប៉ុន្មានថ្ងៃនេះ ឃើញថា ស្រូវពូជដែលបានចែកជូនទៅហើយគឺមានការដុះល្អ ប៉ុន្តែអ្វីដែលជាចំណុចរកឃើញ គឺនៅត្រង់ថា មានស្រែខ្លះគឺព្រោះក្រាស់ពេក។ យប់មិញនេះ បានទទួលរបាយការណ៍ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការចាំបាច់ ដើម្បីធ្វើការកែសម្រួល ណែនាំខាងបច្ចេកទេសសម្រាប់ការដាំដុះពាក់ព័ន្ធជាមួយនឹងការព្រោះ(ស្រូវ) ដែលមិនគួរព្រោះ(ស្រូវ) គឺដីខ្លះ ១ ហិកតាត្រូវការត្រឹមតែ ៥០ គីឡូទេ ក៏ប៉ុន្តែ(កសិករ)យើងមាន(ដាក់)ដល់ទៅ ១០០គីឡូ។ អញ្ចឹងគឺវាទៅជាគឺថា វាញឹកពេកវាមិនរីកធំ អាហ្នឹងមួយផ្នែកទៅ។ មួយផ្នែកទៀតរបៀបប្រើជីដែល(ធ្វើអោយ)ការផលិតមិនទទួលបាននូវការចំណេញ។
សង្ឃឹមថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទថ្មី នឹងប្រើប្រាស់នូវឱកាសនេះដើម្បីស្រាវជ្រាវ និងរុញអ្នកបច្ចេកទេសចុះដើម្បីជួយដល់ប្រជាពលរដ្ឋរបស់យើង ធ្វើយ៉ាងម៉េចឱ្យការផលិតទទួលបានផលហើយមានប្រាក់ចំណេញ ដោយមិនប្រើប្រាស់ពូជច្រើនហួស និងជីច្រើនហួស ប៉ុន្តែទទួលបានផលដូចគ្នា។
ខ្ញុំធ្វើនាយករដ្ឋមន្រ្តី ដែលអាចថារដ្ឋាភិបាលរបស់ខ្ញុំវាមកដល់ពេលនេះជិត ៣៨ ឆ្នាំហើយ។ នៅលើពិភពលោកនេះគ្មាននាយករដ្ឋមន្ត្រីណា គ្មានប្រទេសណា អ្នកណាដែលធ្វើនាយករដ្ឋមន្ត្រីដល់ទៅជិត ៤ ទសវត្សរ៍ទេ។ យ៉ាងណាក៏ដោយ ខ្ញុំអត់ឱ្យគេហៅថា អាអត់ពូជទេ។ ម៉េចបាននិយាយអញ្ចឹង។ អាអត់ពូជនៅកន្លែងនេះមិនមែនមានន័យថា សំដៅទៅលើពូជអម្បូរទេ អាអត់ពូជនេះគឺសំដៅទៅលើថា រដ្ឋាភិបាលខ្ញុំត្រូវតែមានធានាពូជស្រូវ ពូជដំណាំដទៃទៀតសម្រាប់ប្រជាពលរដ្ឋ។ ហ្នឹងហើយដែលខ្ញុំតែងតែនិយាយថា រដ្ឋមន្ត្រីកសិកម្មនៅជាមួយខ្ញុំតាំងពីឆ្នាំ ១៩៨៥ មក ខ្ញុំបានប្រាប់ ហើយតាំងពីមុន ខ្ញុំធ្វើនាយករដ្ឋមន្ត្រី តាំងពីជំនាន់ តា ម៉ែន ឆន ធ្វើរដ្ឋមន្ត្រីកសិកម្ម កាន់កសិកម្ម រហូតដល់សម្តេចចៅហ្វាវាំង គង់ សំអុល កាន់កសិកម្ម ខ្ញុំថា បងប្រយ័ត្នណាកុំឱ្យគេហៅអាអត់ពូជ។ អាអត់ពូជមានន័យថា យើងស៊ីអស់ទាំងពូជស្រូវទៀត … ធ្វើម៉េចកុំឱ្យគេហៅអាអត់ពូជ។ អាអត់ពូជមិនសំដៅថា ខ្ញុំនេះគឺអត់មានពូជអម្បូរអីទេ។ ចង់សំដៅថា និយាយតាមភាសាមួយបែបថា ធ្វើម៉េចកុំស៊ីអស់ស្រូវពូជ ត្រូវតែមានស្រូវពូជ និងពូជដំណាំដទៃទៀតនៅក្នុងដៃ។
អញ្ចឹងបានជាយើងបង្កើតនូវគណៈកម្មការ គេហៅថាស្បៀងបម្រុងមួយ ដែលស្បៀងបម្រុងនេះរាប់ទាំងអង្ករ បម្រុងអង្ករទុកសម្រាប់សង្គ្រោះ បម្រុងតាំងពីស្រូវពូជ បម្រុងតាំងពីពូជដំណាំអីដទៃទៀត។ បើយើងមិនត្រូវការ ទេ យើងបញ្ចេញស្រូវពូជនោះយកទៅកិនស៊ីទៅ យកទៅក្រៅ រួចហើយយើងទិញយកពូជថ្មីយកមកទុក។ យើងមិនទុកឱ្យពូជនេះដែលចេញពីក្នុងឃ្លាំងយកមកដោយមិនដាំដុះនោះទេ។ អញ្ចឹងបានជានៅពេលអន្តរាគមន៍នេះ ពូជស្រូវមកដល់ពេលនេះ យើងបញ្ចេញប៉ុន្មានដូចជា ៧ ០០០ តោន ហើយ ដោយសារយើងបានបម្រុងទុកនូវវិធានការណ៍ក្នុងដៃ។
ខ្ញុំតែងតែជម្រាប (អំពីអ្វីដែល)គេហៅថាជំពូកដែលមិនទាន់បែងចែក។ ត្រូវចែកនៅពេលណាដែលគ្រោះទឹកជំនន់បានឆ្លងផុត។ បើសិនជាជំពូកដែលមិនទាន់បានបែងចែកគឺជាថវិកាបម្រុងនៃការប្រើប្រាស់ បែរជាចែកអស់ទៅក្រសួងនេះប៉ុននេះ ក្រសួងនោះប៉ុណ្ណោះ ដល់ទៅពេលទឹកជំនន់មកដល់ គ្រោះមហន្តរាយធម្មជាតិមកដល់ យើងអត់មានប្រាក់បម្រុងសម្រាប់ការដោះស្រាយបញ្ហានេះ។ អញ្ចឹងបានជាខ្ញុំតែងថា បើចង់ថានៅសល់ប្រាក់ទាក់ទិនជាមួយនឹងជំពូកមិនទាន់បែងចែក ចាំចែកដល់ចុងឆ្នាំទៅ ។ ខ្ញុំចុះហត្ថលេខាទៅ អនុក្រឹត្យបែងចែកទៅ ហើយក្រសួងនានាយកទៅប្រើប្រាស់សម្រាប់ឆ្នាំក្រោយទៅក៏បាន។ ហ្នឹងទាក់ទិនរបៀបគ្រប់គ្រង។
ដូច្នេះហើយបានជាបងប្អូនប្រជាពលរដ្ឋរបស់យើងតែងតែបានឃើញថា នៅពេលដែលមានគ្រោះទឹកជំនន់ ឬរាំងស្ងួតមកដល់ម្តងៗ រដ្ឋាភិបាលតែងតែមានអន្តរាគមន៍ហើយមានប្រាក់។ ពិតមែនហើយអ្នកខ្លះពួកប្រឆាំងគេតែងជេរខ្ញុំ ហើយពេលណាមួយនោះប្រជាពលរដ្ឋចូលលុយ វាថាយើងដល់ពេលវេលាដើម្បីនឹងប្រមូលប្រាក់។ ខ្ញុំបានបកត្រឡប់ទៅវិញថា បើហ្អែងធ្វើសត្រូវជាមួយលុយ ហ្អែងធ្វើសត្រូវខ្លួនឯងទៅ អញមិនធ្វើសត្រូវជាមួយលុយទេវើយ … អាហ្នឹងក្រៀមភាសា ឆ្លើយអញ្ចឹង។ បើហ្អែងធ្វើសត្រូវជាមួយលុយហ្អែងធ្វើទៅ អញអត់ធ្វើសត្រូវជាមួយលុយទេ។ អ្នកណាចូលលុយ ខ្ញុំយកលុយហ្នឹងមកជួយប្រជាពលរដ្ឋអត់មានអីខុសទេ។ ខ្ញុំអត់មានទៅបង្ខំអ្នកឧកញ៉ាអីដើម្បីនឹងចូលលុយចូលកាក់ទេ ប៉ុន្តែបើគេចូលហើយទទួលយកមកចែកជូនទៅប្រជាពលរដ្ឋទៅ។ ដល់ទៅឃើញប្រជាពលរដ្ឋបានទទួលផល វាមកច្រណែននឹងយើងទៅទៀត …។
(៣) អ្នកមិនបានចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីស បកស្រាយលើសពីអ្នកចូលរួម, ប្រគល់ជូនស្រូវពូជ/គ្រួសារ ១០០ គីឡូក្រាម ស្មើៗគ្នា, បន្ថែមលើប័ណ្ណក្រីក្រប្រមាណជាង ៧០ ម៉ឺនគ្រួសារកំពុងរៀបចំអន្តរាគមន៍ជួយអ្នករងការប៉ះពាល់ពីអតិផរណា, វ៉ាក់សាំងកម្ពុជាទៅដល់គ្រប់កន្លែង ទប់ស្កាត់បានការរីករាលដាលនិងការស្លាប់
ខ្ញុំមិនចង់និយាយដល់ទេ ព្រោះថ្ងៃនេះជាខួបលើកទី ៣១ នៃថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ផងដែរ។ ខ្ញុំនឹងនិយាយបន្តិចព្រោះខ្ញុំបង្ហោះតាមហ្វេសប៊ុកថា ខ្ញុំអបអរសាទរខួបលើកទី ៣១ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលចុះហត្ថលេខានៅថ្ងៃនេះ ប៉ុន្តែមិនទាន់ដល់ចុះទេ ព្រោះឥឡូវនេះយើងនៅនេះម៉ោងទើបមិនទាន់ ៨ ទេ។ អញ្ចឹងនៅស្រុកបារាំងថ្មើនេះទើបនឹងម៉ោង ២ ទេ។ យើងចុះហត្ថលេខាហ្នឹងនៅម៉ោង ៣ល្ងាច វាត្រូវនឹងម៉ោង ៨ ឬ ៩យប់ នៅស្រុកខ្មែរ។ ហ្នឹងនិយាយពីអ្នកដែលមិនចុះហត្ថលេខា អ្នកដែលមិនស្គាល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស គេបកស្រាយកិច្ចព្រមព្រៀងទីក្រុងប៉ារីសពិរោះជាងខ្ញុំទៅទៀត។ ពិរោះត្រង់ថាគេពូកែជាងខ្ញុំទៅទៀត។ ឱ្យគេពូកែទៅ។ ហ្នឹងគឺរឿងទុកឱ្យគេពូកែខាងបកស្រាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ឯអ្នកដែលចូលរួមចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស រៀបចំកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដំណើរការអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាទៅជាអ្នកដែលមិនបានការទៅវិញ … អ្នកធ្វើវាអត់មានគុណសម្បត្តិអី ហើយអ្នកមិនធ្វើគឺវាទៅចេះបកស្រាយលើស … ចរចាមួយតឹកមួយផឹងៗ បានកើតកិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយទៅ។
ទាក់ទងជាមួយនេះខ្ញុំមានចំណុច ២ គប្បីនិយាយទៅកាន់បងប្អូនប្រជាពលរដ្ឋដែលនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស។ មុននេះយើងបានបែងចែកដាក់ការកំណត់អញ្ចេះ។ ពេលនោះក៏មានការអនុម័តខ្ញុំថា អ្នកដែលមានស្រែខូចខាតកន្លះហិកតាត្រូវបានទទួលពូជស្រូវចំនួន ៥០គីឡូ។ ដល់អ្នកដែលមានស្រែ(ខូច)លើសពីកន្លះហិកតាទើបបាន ១០០គីឡូ។ អញ្ចឹងបញ្ហានេះគឺត្រូវបានបញ្ចប់។ បញ្ចប់យ៉ាងម៉េច យើងអត់មានបែងចែកស្រែធំ ស្រែតូចនោះទេ។ ឥឡូវក្នុងមួយគ្រួសារៗ ប្រគល់ជូន ១០០គីឡូក្រាម ស្មើៗគ្នាទាំងអស់តែម្តង។ ក៏ប៉ុន្តែ សុំបងប្អូនដែលទទួលបាន ៥០ គីឡូក្រាម មុននោះសុំកុំមកទារថែម ដល់ ១០០គីឡូក្រាម។ សុំតែប៉ុណ្ណឹងទេ។ គ្រប់ខេត្តទាំងអស់តាំងពីខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តមួយចំនួនដែលបានទទួលហើយ ៥០ គីឡូ សុំកុំមកទារថែម ៥០ គីឡូទៀតអី។
ចាប់ពីហ្នឹងទៅទទួល ១០០គីឡូក្រាម ស្មើៗគ្នាទៅ។ អ្នកដែលស្រែតូចប្រើមិនអស់ជួយទៅចំពោះអ្នកដែលខ្វះពូជ តាមរបៀបអញ្ចឹង ព្រោះកសិករយើងច្រើនតែខ្ចីគ្នាអញ្ចឹង។ បើសិនជាបងប្អូនយើងអាចជួយឱ្យបងប្អូនទៅវិញ ឧទាហរណ៍៖ ថាគាត់ស្រែធំជាងពូជ ១០០គីឡូក្រាមហ្នឹង ប្រើមិនគ្រប់ ឯយើងស្រែតូចជាង ប៉ុន្តែយើងប្រើមិនអស់ អញ្ចឹងយើងប៉ះប៉ូវទៅឱ្យបងប្អូនជាការខ្ចី តាមរយៈជាការឱ្យទទេ ឬតាមរយៈជាការធ្វើយ៉ាងម៉េចដើម្បីប្រើប្រាស់ពូជនេះ ជាជាងយើងប្រើប្រាស់យកទៅកិនស៊ី។ ប៉ុន្តែបើសិនជាវាលែងដុះហើយយកទៅកិនស៊ីទៅអាហ្នឹងមិនហាមឃាត់ទេ ព្រោះយកទៅគង់តែអត់ដុះដដែល។ កិនស៊ីតែម្តងទៅ។ អានេះបើយកទៅវាមិនដុះទេអាហ្នឹងគឺថា យើងខាតបង់ចំណាយពលកម្មចោលទទេ ចំណាយស្រូវចោលទទេ។ នោះគេហៅអាអត់ពូជទៀតហើយ រហូតដល់អត់ស្រូវពូជស៊ីនោះ។ ប៉ុន្តែរបស់ហ្នឹងពេលដែលក្លាយជារបស់បងប្អូនហើយ គឺនឹងទៅជារបស់ដែលបងប្អូនត្រូវទទួលចាត់ចែង។
នេះជាចំណុចទី ១ ដែលសុំបញ្ជាក់ហើយស្ថាប័នទទួលបន្ទុកគឺ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការជាមួយខេត្ត ធ្វើការជាមួយនឹងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះវាយតម្លៃហើយ ហើយការវាយតម្លៃនេះទៀតសោតគឺកុំរង់ចាំថាទឹកស្រកអស់គ្រប់ទីកន្លែងបានបូកសរុបអត់ទេ។ ស្រូវពូជថ្ងៃនេះយើងចែកប៉ុណ្ណឹង ប៉ុន្តែវាអាចមានតម្រូវការលើសហ្នឹង។ ជួនកាលឃុំខ្លះមិនស្រកយើងមិនទាន់វាយតម្លៃបានថា វាខូចប៉ុណ្ណាអីប៉ុណ្ណា? អញ្ចឹងឃើញប៉ុន្មានគឺរុញភ្លាមចុះទៅដើម្បីឱ្យគាត់ធ្វើទាន់ពេល។ ហ្នឹងគឺជាចំណុចអាទិភាពដើម្បីធ្វើការដោះស្រាយបញ្ហា។ គ្រាន់តែសុំបញ្ជាក់ឡើងវិញថា ពេលមុននេះកន្លះហិកតាឱ្យ ៥០គីឡូក្រាម ឡើងពីកន្លះហិកតាឡើងទៅឱ្យ ១០០គីឡូក្រាម។ ឥឡូវ កន្លះហិកតាក៏បាន ១០០គីឡូក្រាម ១ហិកតាក៏បាន ១០០គីឡូក្រាម។ អញ្ចឹងបងប្អូនទទួលយកតាមរបៀបហ្នឹងទៅ កុំមានការថ្នាំងថ្នាក់គ្នាថា ដីអញធំប៉ុណ្ណឹងដែរ ហ្អែងដីតូចមួយបានប៉ុណ្ណឹងដែរ។ ងាប់ហើយលោក ហ៊ុន សែន ធ្វើអញ្ចឹង។ អញ្ចឹងដើម្បីងាយស្រួល។ ឯណាទៅវាយតម្លៃ ទៅវាស់យ៉ាងម៉េច? នាំគ្នាដើរទៅវាស់រវល់តែវាស់ស្រែហ្នឹងខូចអស់ស្រូវហ្នឹង គឺវាអត់ទាន់ពេល។ អញ្ចឹងទេខ្ញុំគិតថា ការមកចែកនេះគឺជាការចាប់ផ្តើមមួយ ប៉ុន្តែយើងមានតម្រូវការបញ្ជូនពូជមកបន្ថែម បើសិនជាមានករណីកើតឡើង ត្រូវតែដោះស្រាយបញ្ហានេះឱ្យបានឆាប់បំផុត …។
ថានឹងដោះស្រាយផលប៉ះពាល់បណ្តាលមកពីអតិផរណា ដែលមានប្រជាជនប្រមាណជា ៦០ ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលផលពីសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានផ្តល់។ បងប្អូននៅក្នុងនេះអាចមានបងប្អូនមួយចំនួនកាន់កាប់ប័ណ្ណក្រីក្រហើយ។ ប៉ុន្តែ យើងបន្ថែមលើប័ណ្ណក្រីក្រដែលមានប្រមាណជាង ៧០ ម៉ឺនគ្រួសារនេះ យើងមានអន្តរាគមន៍មួយទៀត គឺអន្តរាគមន៍ជួយដល់អ្នកដែលមានផលប៉ះពាល់ពីអតិផរណា។ ដោយសារតែមានការកើតឡើងនូវគ្រោះធម្មជាតិនេះ យើងក៏បញ្ចូលបងប្អូនទាំងនេះ ចូលមកក្នុងការវាយតម្លៃស្តីពីអ្នកដែលទទួលបាននូវអន្តរាគមន៍ ហើយដែលឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កំពុងធ្វើការគិតគូរបន្ថែមជាមួយនឹងក្រសួងផែនការដើម្បីរៀបចំអន្តរាគមន៍វាយតម្លៃ។
ខ្ញុំសុំស្នើឲ្យបងប្អូនដែលទទួលការលិចលង់ទាំងអស់មេត្តាអធ្យាស្រ័យនៅត្រង់ចំណុចថា អ្នកដែលទទួលការលិចលង់ទាំងអស់មិនមែនទាំងអស់គ្នាសុទ្ធតែជាអ្នកក្រទេ។ អញ្ចឹងអ្នកដែលគប្បីទទួលបានគឺ អ្នកក្របានទទួលប័ណ្ណក្រីក្ររួចទៅហើយ។ អ្នកដែលនឹងត្រូវបានទទួលផល(ពីអន្តរាគមន៍ផល)ប៉ះពាល់ពីអតិផរណា ជាអ្នកដែលនៅកៀកឡើងលើបន្ទាត់ភាពក្រីក្រ ហើយប៉ុន្តែវានៅកៀក។ យើងត្រូវធ្វើអន្តរាគមន៍ទៅលើអ្នកទាំងនោះ សូម្បីតែអ្នកលក់ដូរតាមកញ្រ្ចែង តាមផ្សារអីមួយចំនួនក៏ត្រូវទទួលបានដែរ ប៉ុន្តែ យើងក៏គិតទៅដល់អ្នកដែលលិចលង់ អ្នកដែលលិចលង់នេះគឺច្បាស់ជាស្ថានភាពមិនដូចគ្នាទេ បងប្អូនខ្លះមានទាំងត្រាក់ទ័រ ប៉ុន្តែលិចនឹងគេដែរក៏ត្រូវទទួលបានស្រូវពូជស្រូវអីនឹងគេដែរ។ គ្រាន់ថាពេលនោះពិតជាមិនអាចទទួលបាននូវគេហៅថា អន្តរាគមន៍សាច់ប្រាក់ស្មើនឹងអ្នកក្រីក្រទេ។ អញ្ចឹងសូមបងប្អូនអធ្យាស្រ័យ ទាំងនៅទីនេះក្តីទាំងនៅទូទាំងប្រទេសក្តី ព្រោះរាជរដ្ឋាភិបាលក៏ត្រូវធ្វើអន្តរាគមន៍ឲ្យចំទិសដៅ បើមិនអញ្ចឹងទេ វាបង្កើតជាចំណាយរាជរដ្ឋាភិបាលក៏មានការលំបាក ដើម្បីនឹងបញ្ចេញសាច់ប្រាក់មកប្រើប្រាស់។
រាជរដ្ឋាភិបាលមិនមែនគ្រាន់តែត្រូវការត្រួសៗប៉ុណ្ណឹងទេ ត្រូវការច្រើនណាស់។ ឥឡូវយើងប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ … ឥឡូវនេះកូវីដ-១៩ វាអត់ទាន់ទៅណាឆ្ងាយទេ ក៏ប៉ុន្តែសូមប្រកាសជូនផងដែរ ថ្ងៃនេះជាថ្ងៃអត់មានកូវីដ-១៩ ទេ។ ៣ ថ្ងៃ ជាប់គ្នាហើយ ដែលយើងអត់មានកូវីដ-១៩ សូម្បី ១ ករណី។ ម្សិលម៉្ងៃ ម្សិល ហើយថ្ងៃហ្នឹង អត់មានកូវីដ-១៩ សូម្បី ១ ករណី។ អញ្ចឹងវាជាការរួមចំណែករបស់បងប្អូនទាំងអស់ ៣ កុំ ៣ ការពារ ពាក់ម៉ាស លាងដៃ រក្សាគម្លាត រួចហើយទទួលវ៉ាក់សាំង។ ឥឡូវសូមសួរបងប្អូនមើល តើអ្នកទទួលបានវ៉ាក់សាំង ២ ដូស លើកដៃមើលមានប៉ុន្មាន? អ្នកដែលបានទទួលវ៉ាក់សាំងរួចហើយលើកដៃមើល មិនបាច់ ២ ដូសទេ និយាយថាបានចាក់វ៉ាក់សាំងហើយមានប៉ុន្មាន សុំលើកដៃ។ ឲ្យតែបានចាក់វ៉ាក់សាំងទោះបីប៉ុន្មានដូសក៏ដោយលើកទាំងអស់ អរគុណណាស់។ ក្មួយស្រីនេះចាក់ដូសទីប៉ុន្មានទៅហើយ? ដូសទី ៤ ហើយ? ឯនោះដូសទី ៣ មួយទៀតដូសទី ៤ អាហ្នឹងហើយដែលខ្ញុំសូមអបអរ … នយោបាយវ៉ាក់សាំងរបស់យើងគឺបែបហ្នឹងឯង គឺបានសេចក្តីថា វ៉ាក់សាំងមិនមែនចាក់តែទីក្រុងទេ ប្រជាជននៅកន្លែងណា នៅចុងកាត់មាត់ញកកន្លែងណាក៏ទទួលបានវ៉ាក់សាំង ហើយដោយសារអាហ្នឹងហើយដែលយើងបញ្ឈប់បាន ទប់ស្កាត់បាននូវការរីករាលដាល និងការស្លាប់របស់ប្រជាជនយើង។
(៤) បណ្ណអន្តរាគមចំពោះអ្នករងផលប៉ះពាល់អំពីអតិផរណា, ប្រជាជននៅជនបទប្រមាណជាង ១៨% ស្ថិតក្នុងស្ថានភាពងាយរងគ្រោះ, រដ្ឋាភិបាលនឹងអន្តរាគម ៦០ ម៉ឺនគ្រួសារ មនុស្សប្រមាណ ២ លាននាក់ នៅជនបទ អ្នកនៅទីក្រុង ជាពិសេសសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ធនាគារនិងមីក្រូហិរញ្ញវត្ថុ យល់ព្រមពន្យាពេលសងបំណុល បន្ធូរបន្ថយការប្រាក់ និងរៀបចំឥណទានឡើងវិញ
ឥឡូវខ្ញុំងាកមកនិយាយអំពីគោលនយោបាយទាក់ទងនឹងការឧបត្ថម្ភ និងការអន្តរាគមន៍សាច់ប្រាក់។ ឥឡូវខ្ញុំចង់សួរថា ក្នុងចំណោមប្រជាពលរដ្ឋជាង ៥ ០០០ គ្រួសារនេះ តើមានគ្រួសារណាខ្លះដែលបានកាន់ប័ណ្ណក្រីក្រ សុំលើកដៃមើលមានប៉ុន្មានទៅ? … អរគុណណាស់។ អ្នកបានប័ណ្ណក្រីក្រហ្នឹងអត់បានទទួលបានប័ណ្ណថ្មីទេ ព្រោះយើងបានទទួលប័ណ្ណក្រីក្ររួចហើយ។ ទោះបីក្រ ១ ក្តី ក្រ ២ ក្តី … នេះជាប្រភេទថ្មី អន្តរាគមន៍ទៅលើអ្នកដែលទទួលរងផលប៉ះពាល់អំពីអតិផរណា ទំនិញឡើងថ្លៃប៉ុន្តែលុយនៅដដែល។ ពីដើមយក ១០ រៀល ទៅទិញបានអង្ករ ១ គីឡូក្រាម ឥឡូវយក ២០ រៀល ទៅទិញបានអង្ករ ១ គីឡូក្រាមដដែល។ ហ្នឹងគឺថារដ្ឋចាំបាច់ធ្វើអន្តរាគមន៍ដោយសារតែការបាត់បង់តម្លៃប្រាក់និងការកើនឡើងនូវតម្លៃទំនិញ ដូចជានៅប្រទេសថៃ មុននេះត្រឹមតែប្រាក់បាត ១ ដុល្លារ ស្មើនឹង ៣៦ ទៅ ៣៧ ប៉ុណ្ណឹងទេ ឥឡូវឡើងដល់ ៣៩។ អាហ្នឹងគេហៅថាផលប៉ះពាល់អតិផរណា។ សូមបងប្អូនមេត្តាអធ្យាស្រ័យផងដែរ នៅពេលដែលរដ្ឋត្រូវធ្វើអន្តរាគមន៍ ច្បាស់ជាមានអ្នកបាននិងអ្នកអត់បាន។ ខ្ញុំសូមអធ្យាស្រ័យទុកជាមុន ចំពោះបងប្អូននៅទីនេះ ក៏ដួចជាបងប្អូននៅទូទាំងប្រទេស នៅពេលដែលចាប់ផ្តើមធ្វើការវាយតម្លៃ គឺត្រូវយកអ្នកដែលខ្សត់ខ្សោយ អ្នកដែលលំបាក ដែលក្នុងហ្នឹងរាប់ទាំងរាប់ទាំងប្រជាជនប៉ុន្មានម៉ឺនគ្រួសារដែលទទួលផលប៉ះពាល់រងគ្រោះដែលខូចខាតគឺគិតទៅ យើងគិតថានៅក្នុងអត្រាជនបទមានអ្នកដែលស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះប្រមាណជាង ១៨ ភាគរយ ហើយជាមួយនឹងប្រជាពលររដ្ឋដែលជួបប្រទះនូវបញ្ហាលិចលង់គឺមានជាង ១០ ម៉ឺនគ្រួសារ។
អញ្ចឹងតាមការគិតគូរនោះ យើងនឹងមានប្រជាជនជិត ២ ម៉ឺន គ្រួសារ ដែលត្រូវធ្វើអន្តរាគមន៍ចំពោះប្រជាពលរដ្ឋ មិនមែនធ្វើទាំងជាង ១០ ម៉ឺនគ្រួសារដែលទទួលផលប៉ះពាល់ទេ។ ព្រោះ ១០ ម៉ឺនគ្រួសារ មានអ្នកខ្លះមានទាំងឡានជិះផង។ អញ្ចឹងទៅទទួលធ្វើអ្វីទៀត ប៉ុន្តែអ្នកខ្លះគ្នាអ្នកក្រលំបាក។ អញ្ចឹងរដ្ឋាភិបាលអាចនឹងធ្វើអន្តរាគមន៍ ៦០ ម៉ឺនគ្រួសារ ដែលមានមនុស្សប្រមាណជា ២ លាននាក់ ជាការប៉ាន់ស្មានទុក ក្នុងហ្នឹងមានទាំងអ្នកនៅជនបទ មានទាំងអ្នកនៅទីក្រុង ជាពិសេសសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹងតែម្តង មានទាំងអ្នកលក់ដូរតូចតាច លក់តាមកញ្រ្ចែង រកព្រឹកស៊ីល្ងាច រកល្ងាចស៊ីព្រឹក។ នេះជាការអន្តរាគមន៍ក្នុងស្ថានភាពដ៏លំបាក។
អន្តរាគមន៍មួយទៀតអាចចាត់ទុកថាផ្នែកទី ៣ ផ្នែកធនាគារ និងហិរញ្ញវត្ថុ មីក្រូហិរញ្ញវត្ថុ គេបានយល់ព្រមតាមសំណូមពររបស់ខ្ញុំ ទៅលើការផ្តល់ភាពអនុគ្រោះសម្រាប់បងប្អូនដែលទទួលការលិចលង់ ដោយពន្យាពេលសងបំណុល អាចនឹងមានលទ្ធភាពបន្ធូរបន្ថយការប្រាក់ និងរៀបចំឥណទានឡើងវិញ។ រៀបចំឥណទានឡើងវិញយ៉ាងម៉េច? ពីដើមយើងយករបស់អីមួយទៅបញ្ចាំ ថាបានតែ ១០ លានរៀលទេ ឥឡូវរបស់ដដែលហ្នឹងគេអាចតម្លើងឲ្យយើងទៅដល់ ១៥ លានរៀល ដែលយើងអាចបានទុកយកមកបន្ថែមចំនួន ១៥ លានរៀល។ ក្នុងនាមរាជរដ្ឋាភិបាល សូមអរគុណចំពោះធនាគារជាតិនៃកម្ពុជា ដែលបានធ្វើការប្រជុំជាមួយបណ្ដាមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលខ្ញុំសូមអរគុណចំពោះមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានជួយចែករំលែកការលំបាករបស់រាជរដ្ឋាភិបាល ជាពិសេសការលំបាកចំពោះអ្នកដែលទទួលផលប៉ះពាល់ប្រមាណជាង ១០ ម៉ឺនគ្រួសារ។
ក្នុង ១០ ម៉ឺនគ្រួសារជាងនេះ មានអ្នកដែលជំពាក់បំណុលធនាគារនេះ អាចថា ៤ ទៅ ៥ ម៉ឺនគ្រួសារ អ្នកដែលជាប់បំណុលនោះហើយដែលទទួលបានការយោគយល់ ដោយតម្រូវថាត្រូវតែសង នៅក្នុងខែនេះ ប៉ុន្តែ ឥឡូវបើខ្ញុំអត់លុយសងខ្ញុំសុំពន្យាការសង។ អាចនឹងមានការបញ្ចុះការប្រាក់ ការប្រាក់ធ្លាប់តែ ៣ ភាគរយ ឬ ៤ ភាគរយ គេអាចបញ្ចុះមកនៅសល់ត្រឹម ៣ ភាគរយអីអញ្ចឹង ហើយគេពន្យាពេលសង។ បន្ទាប់ពីនោះគេអាចនឹងពិនិត្យបន្ថែមនូវអ្វីដែលយើងយកទៅបញ្ចាំគេ ដើម្បីសង្គ្រោះឲ្យមានដើមទុនបន្ថែម។ យកទៅបញ្ចាំធា្លប់តែបាន ២០ លាន គេអាចថែមឲ្យយើង ៥ លាន ប៉ុន្តែបើយើងមិនត្រូវការយើងមិនចាំបាច់យកមកវិញទេ ព្រោះយកមកក្លាយទៅជាបំណុលដដែល បង្កើននូវទំហំបំណុលទេ អញ្ចឹងវាជាការអនុគ្រោះមួយដើម្បីយើងដោះស្រាយ ហើយខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើងនឹងយករបស់របរនេះទៅដោះស្រាយបញ្ហាជីវភាព។
សូមអំពាវនាវចំពោះបងប្អូនដែលមិនបានមកនៅទីនេះ ក៏សូមមេត្តាយោគយល់ដោយសារតែយើងវាយតម្លៃផលប៉ះពាល់ដំបូងគឺឃើញប៉ុណ្ណឹង ប៉ុន្តែបន្ទាប់ទៅសុំឯកឧត្តមអភិបាលខេត្តយកចិត្តទុកដាក់ពិនិត្យមើល អង្ករស្អែកត្រូវដឹកមកដល់ ព្រោះបញ្ជាឲ្យច្រកយប់មិញ ២៥ គីឡូក្រាម វាស្រួលជាង អានេះក៏ ២៥ ដែរ អង្ករ ៥០ គីឡូ ប៉ុន្តែឲ្យគេដាក់ ២ បាវ។ យប់មិញយើងឲ្យគេដាក់ ២ បាវ កុំឲ្យគេដាក់មួយបាវ។ ប៉ុន្តែស្រូវពូជទុកនៅក្រៅបើទុកនៅនេះច្រើន នៅក្នុងហ្នឹង មានទឹកក្រូច មាននំបុ័ង កុំភ្លេចពិសារវាទៅ ឯខ្ញុំនិយាយចេះតែនិយាយទៅ កុំខ្លាចចិត្តខ្លាចថ្លើមអី ទទួលទានទៅ។ ទឹកក្រូច នំបុ័ង ដាក់សុទ្ធតែមួយគូទាំងអស់។ ខ្ញុំនិយាយលេងនៅរុនតាឯក នៅពាក់ស្នែង ម៉េចក៏បានដាក់មួយគូ? ខ្ញុំថា អាហ្នឹងកុំឱ្យមានស្នេហាត្រីកោណ។ ហើយម៉េចក៏មិនដាក់មួយ កុំឱ្យដាច់មែកធាង។
ប៉ុន្តែសុំផ្ដាំផ្ញើទៅក្មួយស្រីម្នាក់នៅឯខេត្តសៀមរាប។ ពូមានវិប្បដិសារី តាំងពីចេញដំណើរមក។ ម្សិលមិញហ្នឹង ខ្ញុំនិយាយឆ្លើយឆ្លងជាមួយនឹងក្មួយស្រីម្នាក់ នៅឯទីនោះ(ពាក់ស្នែង) សួរអំពីមុខរបរគាត់ សួរស្អីៗ ហើយគាត់និយាយអំពីជំងឺរបស់គាត់។ ខ្ញុំក៏គិតថា ពេលដែលចុះទៅ ចុះទៅខាងស្ដាំ ទៅជួបគាត់ ប៉ុន្តែគេឱ្យចុះខាងឆ្វេង។ ដល់ចុះខាងឆ្វេង ក៏គាប់ជួនជួបក្មេងស្រីម្នាក់ ពរចៅស្រីម្នាក់(ដែលជាកូនរបស់គាត់)មក ដែលមានបញ្ហាបេះដូងផង មានបញ្ហារលាកខួរក្បាលផង បានដឹកយកទៅដល់កាល់ម៉ែត្រហើយ។ រវល់តែដោះស្រាយបញ្ហាហ្នឹង ភ្លេចឱ្យលុយក្មួយស្រីម្នាក់នោះ។ ឥឡូវកំពុងឱ្យ សេង ទៀង ស្រាវជ្រាវទាក់ទង(ក្មួយស្រីម្នាក់នោះ) ហើយក៏សូមឱ្យក្មួយស្រីនៅសៀមរាបនោះ ស្ដាប់បានសូមបញ្ចេញ(លេខទាក់ទង)ឱ្យលឿន។
(ឯកឧត្តម សេង ទៀង) បានជួបហើយ បានផ្ញើលុយទៅ ១ពាន់ដុល្លារហើយ។ ផ្ញើលុយពីហ្នឹងទៅ។ ហេងដែរ ម្សិលមិញ បើសិនជាជួប ឱ្យតែ ១លានរៀលទេ ប៉ុន្តែឥឡូវឱ្យទៅដល់ ១ពាន់ដុល្លារ វាស្នើនឹង ៤លានរៀល។ អញ្ចឹងទេចាត់ទុកថាសំណាង។ ម្សិលមិញ ដេកមិនស្កប់ ហើយពេលបាយជាមួយនឹង(ឯកឧត្តម) ជា សុផារ៉ា, កែ គឹមយ៉ាន អីចេះនឹក ចេះតែប្រាប់ថា ស្ដាយអត់បានឱ្យលុយក្មួយស្រីហ្នឹង។ យប់មិញ មិនអស់ចិត្ត ក៏បញ្ជូនសារសំឡេងទៅឱ្យ(ឯកឧត្តម) សេង ទៀង។ នេះរូបភាពម្សិលមិញ និយាយឆ្លើយឆ្លងគ្នា។ គាត់ថាប្ដីគាត់ស្រលាញ់គាត់ណាស់ មកពីគាត់ឈឺ ហើយកំពុងអត់លុយទៅពេទ្យ។ អញ្ចឹងបានលុយនាំគ្នាទៅពេទ្យទៅ ព្រោះគាត់ធ្លាប់ទៅព្យាបាលដែរ ប៉ុន្តែប្ដីរត់កង់បីហ្នឹង រកលុយមិនសូវបាន។ ដល់រកលុយមិនបាន ក៏មិនបានទៅពេទ្យ។ អញ្ចឹង(គិតថា ពេលចុះទៅជួបគាត់)ប្រាប់ថា ក្មួយឯងបានលុយហ្នឹងទៅ ទៅពេទ្យទៅ។ ក៏ភ្លេចឱ្យលុយគាត់ទៅ។ដេកមិនលក់យប់មិញ មិនអស់ចិត្ត ម៉ោង ១១ និង ៣២ នាទី បញ្ចេញសារសំឡេងទៅឱ្យ(ឯកឧត្តម) សេង ទៀង ទាក់ទងរក រកទាល់តែឃើញ។ ឥឡូវបានផ្ញើ ១ពាន់ដុល្លារទៅឱ្យហើយ។ ខ្ញុំមិនអស់ចិត្ត។ ឡើងសម្ភាសដល់ទៅ ២ ដង។ សួរនាំអញ្ចឹងទៅ ព្រោះជាទំលាប់ធម្មតារបស់ខ្ញុំ ការឆ្លងឆ្លើយជាមួយនឹងប្រជាពលរដ្ឋ។
(៥) កិច្ចចរចាសីហនុ–ហ៊ុន សែន ហ្វែរអង់តាដឺន័រ ថ្ងៃ ២ ខែធ្នូ ឆ្នាំ១៩៨៧ បើកផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ, ឆ្នាំ ១៩៩០ ទើបប្រទេសធំទាំង ៥ ចូលរួម, អ៊ុនតាក់ សម្រេចបានបេសកកម្ម ដោយសារតួនាទីរបស់សម្ដេចព្រះនរោត្តម សីហនុ និងការដង្ហែតាមពីបណ្ដាបក្សនយោបាយនានា
ថ្ងៃនេះ ខ្ញុំសុំនិយាយបន្ដិចទាក់ទងជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំក៏មិនចង់ចូលជ្រៅអីដែរទេ។ ខ្ញុំក៏សុំយកឱកាសនេះ អរគុណចំពោះបណ្ដាប្រទេសនានា រាប់ទាំងអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកដោះស្រាយជាមួយយើង ដើម្បីបង្កើតឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយជាពិសេស គឺរំលឹកទៅដល់ព្រះករុណា ព្រះបិតាជាតិរបស់យើង។ ការចាប់ផ្ដើមចរចា ដែលគេនិយមហៅថា កិច្ចចរចាសីហនុ–ហ៊ុន សែន ហ្វែរអង់តាដឺន័រ ថ្ងៃ ២ ខែធ្នូ ឆ្នាំ១៩៨៧ គឺជាការចាប់ផ្ដើមមួយដែលសំខាន់ ដើម្បីបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ។ នេះជាបញ្ហាធំណាស់ គ្មានបរទេសណាមកអាចធ្វើជំនួសខ្មែរបានទេ។ ហ្នឹងដែលយើងត្រូវឃើញ។ ការចរចាចេះតែរីកបន្ដិចម្ដងៗ រហូតទៅដល់មានការប្រជុំក្រៅផ្លូវការ ហ្សាកាតា លើកទី១, លើកទី២។ បន្តបន្ទាប់ទៅ បានចាប់ផ្ដើមមានកិច្ចព្រមព្រៀង មានសន្និសិទទីក្រុងប៉ារីសឆ្នាំ ១៩៨៩។
ពេលហ្នឹង ប្រទេសធំទាំង ៥, អង្គការសហប្រជាជាតិ, សមាជិកអចិន្រ្ដៃយ៍ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិទាំង ៥ មិនទាន់ចូលអន្តរាគមន៍ទេ។ ដល់ឆ្នាំ ១៩៩០ ទើបប្រទេសធំទាំង ៥ ចូលរួម បង្កើតឡើងនូវក្របខណ្ឌ ដោយយកការព្រមព្រៀងរបស់ភាគីកម្ពុជា ដែលមានការស្រុះស្រួលគ្នា បូកបញ្ចូលនូវគំនិតផ្ដួចផ្ដើមទាំងឡាយដែលប្រទេសធំត្រូវតែធានាជាអន្តរជាតិ។ អញ្ចឹងគេត្រូវមើលឃើញតួនាទីដ៏សំខាន់របស់ភាគីកម្ពុជា ដែលចាប់ផ្ដើមពីជំនួប សីហនុ-ហ៊ុន សែន ឬអាចនិយាយតាមគួរសមថា ជាការចូលគាល់។ ប៉ុន្តែពេលនោះ ដោយសារតែព្រះអង្គជាប្រធានរដ្ឋាភិបាលត្រីភាគី ហើយខ្ញុំជាប្រធានរដ្ឋាភិបាលភ្នំពេញ ដូច្នេះគេហៅថា ជំនួបចរចា សីហនុ-ហ៊ុន សែន ហ្វែរអង់តាដឺន័រ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧។
ការចរចានេះ ជាការបើកផ្លូវធំ។ បើភាគីកម្ពុជាមិននិយាយគ្នា គឺក៏មិនអាចធ្វើកើតដែរ។ ដូចជាក្របខណ្ឌការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ នេះវាស្ថិតនៅក្នុងផ្នែកដ៏សំខាន់មួយ នៃការរៀបចំឱ្យកើតឡើងជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះឯង មិនមែនប្រទេសក្រៅជាអ្នករៀបចំនោះទេ នេះសុទ្ធតែភាគីខ្មែរជាអ្នករៀបចំ។ ចរចាគ្នានៅទីក្រុងបាងកក ១៩៩០ បន្ទាប់ទៅ ចរចាចុះហត្ថលេខានៅទីក្រុងតូក្យូ។ បន្ទាប់ទៅ បានមកបង្កើតសមាសភាពនៅ ហ្សាកាតា ហើយមកប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅស្ថានទូតខ្មែរ នៅទីក្រុងបាងកក។
ខ្ញុំចូលគ្រប់អង្គប្រជុំ ប៉ុន្តែខ្ញុំសុំខ្លាចអ្នកដែលមិនបានចូលប្រជុំ គេបកស្រាយបានល្អឥតខ្ចោះលើសខ្ញុំ។ អញ្ចឹង គឺខ្ញុំសុំការគោរពដោយត្រង់ថា គេនិយាយមិនបានត្រឹមត្រូវ ចាត់ទុកថាគេនិយាយត្រឹមត្រូវទៅចុះ ប៉ុន្តែគ្រាន់តែ(ការ)ត្រឹមត្រូវនោះ គឺខុសនឹងការពិតតែប៉ុណ្ណឹងទេ។ រឿងមួយទៀត យើងក៏ត្រូវចាំថា ជាពិសេសអ្នកបាត់ដំបង បន្ទាយមានជ័យខ្លួនឯង ចាំឱ្យច្បាស់។ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន ប៉ុន្តែ អ៊ុនកាត់ មិនអាចសម្រេចបាន គឺនៅត្រង់អី? នៅត្រង់ថា ពេលដែល អ៊ុនតាក់ បានចំណាយប្រាក់ ២ពាន់លានដុល្លារទៅហើយ ដក(ខ្លួន)ត្រឡប់ទៅវិញ ទុកឱ្យកម្ពុជា មានប្រទេសកម្ពុជាមួយ តំបន់គ្រប់គ្រងពីរ និងរដ្ឋាភិបាលពីរ នៅកម្ពុជា។ រដ្ឋាភិបាលមួយចេញពីការបោះឆ្នោត ឯរដ្ឋាភិបាលមួយទៀត គឺជារដ្ឋាភិបាលខ្មែរក្រហម ដែលក្នុងហ្នឹង ទឹកដីបន្ទាយមានជ័យមួយចំនួន ដូចជានៅ ម៉ាឡៃនេះ គ្រប់គ្រងដោយខ្មែរក្រហមតើ មកផ្ដាច់ខ្លួននៅឆ្នាំ ១៩៩៦។
ប៉ៃលិន គ្រប់គ្រងដោយខ្មែរក្រហម។ មួយជួរព្រំដែន ចាប់តាំងពី ម៉ាឡៃ ធ្លាក់ទៅដល់ កំរៀង ភ្នំព្រឹក សំពៅលូន សំឡូត ធ្លាក់ទៅដល់កោះកុង ហៀរចូលទៅដល់ឱរ៉ាល់ ចូលទៅដល់តាកែនកោះស្លា ខេត្តកំពតឯណោះ។ ភាគខាងត្បូងផ្លូវនេះ គឺធ្លាក់ទៅដល់អន្លង់វែង អន្លង់អីនោះ ប៉ុន្តែដោយសារនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ហើយជាពិសេសគឺខ្លួនខ្ញុំដឹកនាំផ្ទាល់ទៅលើកិច្ចការងារនេះ ជាមួយនឹងប្រតិបត្តិករដ៏ស្មោះត្រង់របស់យើង គឺយើងបានធ្វើសមាហរណកម្មខាងជើងផ្លូវជាតិលេខ ៥ និងលេខ ៦ នេះ គឺយើងបានធ្វើសមាហរណកម្មនៅក្នុងឆ្នាំ ១៩៩៦ ទាំងអស់ ប៉ុន្តែនៅភាគខាងត្បូងផ្លូវជាតិលេខ ៦ គឺនៅសេសសល់ រហូតទៅដល់អន្លង់វែង ដើមឆ្នាំ ១៩៩៨ ទើបយើងធ្វើសមាហរណកម្មអស់។
រឿងនេះ គឺមិនត្រូវភ្លេចទេ។ យើងក៏មិនត្រូវភ្លេចអំពីតួអង្គដែលនាំទៅដល់ជោគជ័យនៃការសម្រេចបាននូវបេសកកម្មរបស់ អ៊ុនតាក់ ដែលអ៊ុនតាក់ត្រូវដកចេញ។ បើគ្មានតួនាទីរបស់សម្ដេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិរបស់យើងទេ ហើយគ្មានការដង្ហែតាមព្រះអង្គពីបណ្ដាបក្សនយោបាយនានា ដែលចូលបោះឆ្នោតទេ ច្បាស់ណាស់ អ៊ុនតាក់ របស់អង្គការសហប្រជាជាតិ មកដល់ពេលនេះ មិនទាន់ដកចេញពីកម្ពុជារួចទេ។ ប៉ុន្តែពេលនោះ យើងឃើញហើយថា មានកើតភាពមិនប្រក្រតីនៃការបោះឆ្នោត មានការតវ៉ា មានការបង្កើតឡើងនូវអបគមន៍ ការតវ៉ានានាដែលមិនព្រមទទួលស្គាល់នៃលទ្ធផលការបោះឆ្នោត។ ប៉ុន្តែព្រះករុណា ព្រះបិតាជាតិ ព្រះអង្គបានធ្វើការសម្របសម្រួល ហើយដោយមានការគោរពព្រះអង្គ ពីគណបក្សចូលរួមការបោះឆ្នោត ដែលក្នុងហ្នឹង ដើរតួសំខាន់ គឺគណបក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលចូលរួមជាមួយគ្នា គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទិ្ធ គ្រប់គ្រងគណបក្សហ៊្វុនស៊ិនប៉ិច, សម្ដេច ជា ស៊ីមនិងខ្ញុំគ្រប់គ្រងគណបក្សប្រជាជន ចូលរួមជាមួយគ្នា បូកនឹងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បែកជាពីរ៖ ម្ខាង គឺសម្ដេច សឺន សាន និងម្ខាងឯកឧត្តម អៀង ម៉ូលី នៅតែចូលរួម, MOULINAKA មានតែមួយកៅអីក៏ចូលរួម។
ដូច្នេះយើងបង្កើតបានរដ្ឋធម្មនុញ្ញមួយ។ ប៉ុន្តែខ្មែរក្រហមនៅតែកាន់កាប់ គ្រប់គ្រងនៅតាមព្រៃ។ ឆ្នាំ ១៩៩៤ ឯកឧត្តម កែ គឹមយ៉ាន នៅទីនេះស្រាប់ហើយ វាយចូលទៅប៉ៃលិន។ នាំខ្ញុំទៅដល់ប៉ៃលិន ស្រាប់តែបន្ដិច(ក្រោយមក) អ៊ី ឈាន វ៉ៃបកត្រឡប់ យកប៉ៃលិនវិញបាត់។ មិនត្រឹមតែវ៉ៃនៅប៉ៃលិនទេ វ៉ៃធ្លាក់ វ៉ៃដេញឯងជិតដល់ភ្នំវាយចាប ហួសភ្នំវាយចាបបន្ដិច ជិតដល់ភូមិពាក់ស្បែក ឃុំស្នឹង ដែលកងទ័ពរដ្ឋាភិបាលត្រូវខ្មែរក្រហមដេញវ៉ៃ។ អញ្ចឹងយើងក៏មិនត្រូវភ្លេចអំពីកត្តាប្រវត្តិសាស្រ្តដែលវាបានកើតឡើងបែបនេះ។ អ៊ុនតាក់ចាយលុយអស់ ២ពាន់លានដុល្លារ តែមិនអាចធ្វើអីខ្មែរក្រហមកើត។ ប៉ុន្មានខែមុននេះ គឺប្រធានយោធាអ៊ុនតាក់ ឧត្តមសេនីយ ចន សាន់ដឺសុន របស់អូស្រា្ដលី បានមកទស្សនកិច្ច។ ខ្ញុំបានប្រាប់គាត់ថា ឥឡូវសូមឯកឧត្ដមអញ្ជើញទៅកន្លែងដែលឯកឧត្ដមមិនដែលបានទៅនោះពេលជំនាន់អ៊ុនតាក់។ កូនទាហានតែពីរនាក់របស់ខ្មែរក្រហមនៅប៉ៃលិន ហាមប្រធានអ៊ុនតាក់ ប្រធានយោធាអ៊ុនតាក់ អនុប្រធានអ៊ុនតាក់ ចូលមិនបាន តែដល់យើងៗចូលបាន។
រួបរួមខ្មែរ ដែលអាចចាត់ទុកថាប្រវត្តិរាប់រយឆ្នាំដែលយើងបែកបាក់ ទៅជាប្រទេសមួយដែលមានតំបន់ត្រួតត្រាតែមួយទេ។ យើងត្រូវចាំប្រវត្តិរបស់យើងតាំងពីឆ្នាំ ១៤៧០ ជាង ជំនាន់ព្រះអង្គ ពញាយ៉ាត មកគ្រប់គ្រងកសាងរាជធានីភ្នំពេញ។ ពេលដែលព្រះអង្គ ពញាយ៉ាត នៅគ្រងរាជ្យ មិនមានបញ្ហាទេ ដល់ពេលព្រះអង្គទ្រង់សោយទីវង្គតទៅ រាជសម្បត្តិធ្លាក់ទៅនរាយរាជា។ ពេលដែល នរាយរាជា ព្រះអង្គនៅមានព្រះជន្ម ព្រះអង្គក៏អត់មានបញ្ហាដែរ។ ប៉ុន្តែដល់ពេល នរាយរាជា ចូលទីវង្គតទៅទៀត រាជសម្បត្តិមិនបានធ្លាក់ទៅព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម សុរិយោទ័យ នោះទេ បែរជាធ្លាក់ទៅប្អូនបង្កើត គឺព្រះស្រីរាជា។ តាមការសិក្សាពីប្រវត្តិសាស្រ្តដែលបន្សល់ទុកឲ្យយើង ព្រះបាទ ពញាយ៉ាត មានមហេសី ៣។ មិនដឹងប៉ុន្មានច្បាស់ទេ តែដែលចំហគឺមានមហេសី ៣។ មហេសីទី១ គឺមានព្រះរាជបុត្រព្រះនាម នរាយរាជា។ មហេសីទី២ គឺមានព្រះរាជបុត្រព្រះនាម ព្រះស្រីរាជា និងមហេសីទី៣ គឺមានព្រះរាជបុត្រព្រះនាម ធម្មរាជា ដែលជាកូនរបស់ស្ដេចសៀមពេលនោះ។
ដល់ពេលព្រះស្រីរាជា ឡើងគ្រងរាជ្យ ចាប់ផ្ដើមមានជម្លោះបានកើតឡើង។ ព្រះសុរិយោទ័យ ទៅកសាងទ័ពនៅទួលបាសាន កាន់កាប់ម្ខាងទន្លេមេគង្គអញ្ចឹងទៅ។ ប៉ុន្តែនៅចតុមុខនេះ ព្រះស្រីរាជា និងធម្មរាជា គ្រប់គ្រងរួមគ្នា។ តែសម័យថ្ងៃមួយនោះ ខាងសៀមមានវិបត្តិរាជបល្ល័ង្គកើតឡើង ព្រះស្រីរាជា ត្រូវលើកទ័ពយកទៅច្បាំងដែលមកដល់បាត់ដំបង បន្ទាយមានជ័យយើងនេះ។ ដល់ទៅពេលដកទ័ពមកវិញ ព្រះធម្មរាជា អត់ឲ្យចូលក្រុង ត្រូវយកដាវអាជ្ញាសឹកក៏មិនឲ្យ។ អញ្ចឹងទេ ទប់នៅត្រឹមកំពង់ឆ្នាំងនេះឯង។ ដំណើររឿងវាបែបនេះ។ ទីចុងបំផុត តើសម្របសម្រួលគ្នាតាមរបៀបណា? សម្របសម្រួលគ្នាតាមរបៀបអញ្ចេះ ដោយសារ ព្រះធម្មរាជា ជាកូនកាត់ខ្មែរ និងសៀម អញ្ចឹង ព្រះធម្មរាជា ទៅពឹងសៀមមក ហើយសរសេរសំបុត្រទៅឲ្យ ព្រះសុរិយោទ័យ ជាក្មួយមកជួយ។ ក្មួយនោះបានទទួលព្រះរាជសារ ក៏មកជួបនៅសំរោងទង។ ព្រះសុរិយោទ័យ គិតថា ឪពុកមាអញប្រហែលជាគាំទ្រអញឲ្យឡើងធ្វើស្ដេចហើយ ព្រោះជាជម្លោះរវាង ព្រះសុរិយោទ័យ និង ព្រះស្រីរាជា ព្រោះរាជបល្ល័ង្គធម្មតាត្រូវទម្លាក់ទៅឲ្យព្រះរាជបុត្រ តែនេះមិនទម្លាក់ឲ្យព្រះរាជបុត្រ បែរជាទម្លាក់ទៅឲ្យប្អូន។
ដល់ចាប់ផ្ដើមរឿងហ្នឹង ពេលមកដល់ ព្រះធម្មរាជា បានប្រាប់ថា បើសិនជាមាជួយក្មួយឯងឲ្យឡើងសោយរាជ្យ វាមិនយុត្តិធម៌ជាមួយម្ចាស់បង ព្រះស្រីរាជា ទេ។ ដូច្នេះក្មួយឯងនៅត្រឹមហ្នឹងហើយ ដកអាវុធដកអីអស់។ បន្ទាប់ទៅសរសេរសំបុត្រមួយទៀត ផ្ញើទៅម្ចាស់បង សុំម្ចាស់បងយាងមក ដោយសារ សុរិយោទ័យ នៅនេះហើយ។ អញ្ចឹង ព្រះស្រីរាជា គិតស្មានថា ប្អូនខ្លួនឯងនេះ គឺដោះស្រាយឲ្យអញចូលក្រុងហើយ អញមកហើយ។ អញ្ចឹងទេ ក៏សម្រេចចិត្តចូលមក ដល់ចូលមកក៏ភាសាដូចគ្នា។ បើសិនជាទូលបង្គំគាំទ្រព្រះអង្គឲ្យសោយរាជ្យ វាមិនយុត្តិធម៌ជាមួយនឹងម្ចាស់ក្មួយ ភាសាស្ដេចហៅថាស្អីទេ? … ខ្ញុំនិយាយភាសាសាមញ្ញទៅចុះ។ ដល់អញ្ចឹង គឺចាប់ទាំងពីរតែម្ដង យកទៅក្រុងអយុធ្យា។ ពេលនោះទីក្រុងរបស់ស្ដេចសៀមនៅអយុធ្យា។ ព្រះស្រីរាជា ក៏សោយទីវង្គតនៅត្រឹមបាត់ដំបង ដោយមិនសោយអ្វីទាំងអស់ ព្រោះឈឺចាប់ពេកដោយសារចាញ់បោកប្អូនខ្លួនឯង។ ដល់ សុរិយោទ័យ ក៏ចូលទីវង្គតនៅឯអយុធ្យា។ ឥឡូវបើតាមដឹងការស្រាវជ្រាវ ព្រះអដ្ឋិធាតុព្រះអង្គទាំងពីរហ្នឹងដាក់នៅវត្តភ្នំរបស់យើងសព្វថ្ងៃ។
ដំណាក់កាលនោះ ក្នុងចន្លោះ ១៤៧០ ជាង ប្រទេសកម្ពុជាយើងមានតំបន់ត្រួតត្រា៣។ តំបន់មួយត្រួតត្រាចាប់ពីកំពង់ឆ្នាំង ធ្លាក់ពោធិសាត់ បាត់ដំបង ត្រួតត្រាដោយ ព្រះស្រីរាជា ឯ សុរិយោទ័យ គ្រប់គ្រងទិសខាងកើត ទៅខាងខ្សាច់កណ្ដាល កំពង់ចាមឯណោះ។ ឯ ព្រះធម្មរាជា គ្រប់គ្រងចតុមុខ សំរោងទង បាទី ពីដើមមិនទាន់មានខេត្តកំពង់ស្ពឺ ខេត្តតាកែវទេ មានតែខេត្តសំរោងទង និងខេត្តបាទី។ ហ្នឹងក្រុមអ្នកប្រវត្តិសាស្រ្ត(គេចងក្រង) ប្រសិនបើខ្ញុំនិយាយខុស សូមអធ្យាស្រ័យផង ព្រោះខ្ញុំគ្រាន់តែពន្យល់អំពីបញ្ហានោះ។ ក្រោយពីនោះមក ក៏ចាប់ផ្ដើមមានព្រះរាជាទិសខាងកើត និងព្រះរាជាទិសខាងលិច។ យ៉ាងម៉េច? ក្រោយពេល ព្រះធម្មរាជា សោយរាជ្យ ក៏បានសេចក្ដីសុខ តែក្រោយព្រះអង្គសោយទីវង្គត នៅ១៥០១ ចូលដល់សតវត្សរ៍ទី១៦ ក៏ព្រះរាជបុត្រច្បងរបស់ទ្រង់ ក៏ឡើងមកសោយរាជ្យ ព្រះនាម ព្រះស្រីសុគន្ធបទ។ ដោយសារ ព្រះស្រីសុគន្ធបទ ចូលចិត្តក្នុងការបង់សំណាញ់ ចាប់ត្រី អញ្ចឹងព្រះអង្គទៅតាំងទីលំនៅនៅខាងខ្សាច់កណ្ដាល ដែលមានវត្តព្រៃបាំងអីរាល់ថ្ងៃនេះ។ ម៉េចបានគេហៅវត្តព្រៃបាំង? ដោយសារមានមហេសីរបស់ព្រះអង្គមានជំងឺ។ អញ្ចឹងត្រូវទៅវត្ត។ ដល់ទៅវត្តកុំឲ្យគេមើលឃើញមហេសីដើរទៅ ក៏យកក្រណាត់ទៅបាំង គេហៅ វត្តព្រៃបាំង ដល់សព្វថ្ងៃនេះ។
ព្រះស្រីសុគន្ធបទ នេះ ក៏មានប្អូនថ្លៃមួយឈ្មោះថា កន។ ដល់ក្រោយមកព្រះរាជាបានប្រទានគោរមងារថា ឧកញ៉ា ចងចិត្ត។ ក្រោយមកហៅ ហ្លួងព្រះស្ដេចកន។ សម័យថ្ងៃមួយ ព្រះអង្គ ទ្រង់យល់សប្ដិថា នាគរាជមកសង្គ្រប់លើព្រះរាជវាំង។ ដោយសារ ព្រះស្ដេចកន នេះ កើតឆ្នាំរោង ហោរាសាស្រ្តគូសចុះគូសឡើងថា ស្ដេចកន ជ្រែករាជ្យ។ អញ្ចឹងរកវិធីសម្លាប់ ស្ដេចកន តាមរយៈការបង់សំណាញ់ ប៉ុន្តែចេះបានបងស្រីរបស់ខ្លួនដែលជាប្រពន្ធស្ដេចនោះលួចប្រាប់។ ពេលដែលស្ដេចបង់សំណាញ់ទៅជាប់ខ្លួន ឲ្យប្អូនថ្លៃខ្លួនឯងមុជពីលើ ពេលមុជពីលើបញ្ជាឲ្យពួកសេនាបង់សំណាញ់ពីលើដើម្បីសម្លាប់ ស្ដេចកន។ តែ ស្ដេចកន មុជភ្លឹបទៅ ក៏ហែលទៅបឹងមួយ គេហៅ បឹងទទារ ទៅជ្រកក្រោមទទារ កុំឲ្យគេឃើញ។ ដល់អញ្ចឹង សង្រ្គាមក៏ចាប់ផ្ដើមផ្ទុះរវាងប្អូនថ្លៃ និងបងថ្លៃ។ ស្ដេចកន យកឈ្នះ ស្រីសុគន្ធបទ នៅឆ្នាំ១៥០៦ ដល់១៥១២ សង្គ្រាម ៦ឆ្នាំ។ ទីចុងបំផុត ស្ដេចកន យកឈ្នះ ស្រីសុគន្ធបទ។ ជាកូនកសិករម្នាក់ ក៏ប៉ុន្តែយកឈ្នះស្ដេច។ ស្រីសុគន្ធបទ បានសោយទីវង្គតនៅឯស្ទឹងសែន ខេត្តកំពង់ធំ។ អញ្ចឹង ស្ដេចកន ក៏ឡើងសោយរាជ្យខ្លួនឯង ហើយទៅតាំងរាជធានីនៅឯត្បូងឃ្មុំរាល់ថ្ងៃនេះ ព្រៃនគរក្នុង ជារាជវាំងរបស់ ស្ដេចកន ហើយក៏ចាប់ផ្ដើមបោះប្រាក់ចាយជាលើកដំបូងក្នុងប្រវត្តិនៃការចាយប្រាក់ នៅឆ្នាំ១៥១៤ ដែលហៅថា ប្រាក់ស្លឹងៗ។
(៦) បារាំងនិងជប៉ុន ត្រួតត្រាទឹកដីមិនអស់, ចៅហ្វាយខេត្តបាត់ដំបង អ៊ិន តាំង បង្កអស្ថេរភាពពីភ្នំវាយចាប ១៩៥៥, ឆ្នាំ ១៩៧០ កម្ពុជាចែកជាពីរគឺពួក លន់ នល់ និងតំបន់រំដោះដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ, ឆ្នាំ ១៩៧៩ កម្ពុជាតំបន់ត្រួតត្រាបួន៖ រដ្ឋកម្ពុជា គ្រប់គ្រងទឹកដីប្រមាណ ៩០ ភាគរយ តំបន់ខ្មែរក្រហម តំបន់រណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរ និងតំបន់ ហ្វ៊ុនស៊ិនប៉ិច, ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិ/ទឹកដី, រដ្ឋធម្មនុញ្ញចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស, រំលត់សង្គ្រាមដោយអត់ប្រើសូម្បីមួយគ្រាប់
នេះជាប្រវត្តិ ប្រទេសកម្ពុជាយើងក៏ជាប្រទេសដែលបែងចែកតំបន់គ្រប់គ្រង នៅស្រុកចិនមានសាមកុក គេហៅថា តំបន់គ្រប់គ្រងបី។ ឯនៅកម្ពុជាធ្លាប់មានប្រវត្តិតំបន់គ្រប់គ្រងបីដែរ ហើយក៏មានប្រវត្តិតំបន់គ្រប់គ្រងពីរ មានព្រះរាជាទិសខាងកើត និងព្រះរាជាទិសខាងលិច។ អញ្ចឹងរឿងបែកបាក់គ្នានេះ មិនមែនរឿងថ្មីទេ រឿងចាស់ … តមកទៀត … បារាំងចូលមកត្រួតត្រា ក៏បារាំងពេលនោះអត់ត្រួតត្រាទឹកដីបានទាំងអស់ដែរ។ ជប៉ុនចូលមក ក៏អត់មានត្រួតត្រាបានទឹកដីទាំងអស់ដែរ … ជប៉ុនចូលមកមួយភ្លែត។ បារាំងចូលមកវិញ ក៏ត្រួតត្រាទឹកដីមិនអស់។ វាមានក្រុមឥស្សរៈ ក្រុមស្អីៗអញ្ចឹងទៅ។ ដល់ឆ្នាំ ១៩៥៣ បានឯករាជ្យដែលព្រះករុណាព្រះអង្គបានទាមទារឯករាជ្យឲ្យយើងទាំងអស់គ្នារហុតដល់ថ្ងៃនេះ ប៉ុន្តែនៅមានចលនាប្រឆាំង។ ដោយសារចលនាប្រឆាំងនេះហើយបានជាមានការបង្រួបបង្រួមមួយសម្រាប់ការបោះឆ្នោតឆ្នាំ១៩៥៥។
ប៉ុន្តែដល់បោះឆ្នោតត្រឹម ១៩៥៥ អស្ថេរភាពក៏បានចាប់ផ្ដើមពីភ្នំវាយចាបនេះ។ អាហ្នឹងប្រវត្តិវាអញ្ចឹង។ ពីភ្នំវាយចាប ហើយចាប់ផ្ដើមពីភ្នំវាយចាបហើយ អ៊ិន តាំ អ្នកបំផ្លាញ។ អ៊ិន តាំ ទៅធ្វើចៅហ្វាយខេត្តបាត់ដំបង អ៊ិន តាំ ទៅធ្វើផ្លូវពីភ្នំវាយចាបទៅសំឡូត។ អត់ទៅចែក(ដី)ឱ្យប្រជាពលរដ្ឋ(ទេ)។ ដី(របស់)ប្រជាពលរដ្ឋត្រូវគ្រប់គ្រងដោយពួកមន្ត្រី បង្កើតទៅជាចលនាតស៊ូរបស់ប្រជាជននៅភ្នំវាយចាបហ្នឹងតែម្តង ហើយបានបង្កើតទៅជាចលនាខ្មែរក្រហម ចលនាខ្មែរសេរី។ ខ្មែរយើងពេលនោះបែងចែកទៅជា ៥ ក្រុម ប៉ុន្តែ ៤ ក្រុម មានប្រដាប់អាវុធ ដែលគេហៅថា ខ្មែរសខ្មែរក្រហម ខ្មែរខៀវខ្មែរស៊ីជម្ពូ ហើយខ្មែរសង្គមរាស្ត្រនិយម។ ប៉ុន្តែ ខ្មែរស៊ីជម្ពូនេះ វាស្ថិតនៅក្រុមពួកវញ្ញាវ័ន្ត/គ្រូបង្រៀន/និស្សិត។ ពួកហ្នឹងអត់មានប្រដាប់អាវុធទេ។ ពួកមានប្រដាប់អាវុធ គឺខ្មែរក្រហម ខ្មែរខៀវ ខ្មែរស ដែលមានពួក សឺង ង៉ុកថាញ់, សម សារី ពួកស្អីៗនេះ បើនៅសៀមរាបមានក្រុម ដាប ឈួន មាន(ក្រុម)ស្អី រឿងវាអញ្ចឹង។
ដល់ឆ្នាំ ១៩៧០ ប្រទេសកម្ពុជាយើងត្រូវបែងចែកជាពីរ ម្ខាងគឺពួក លន់ នល់ ដែលធ្វើរដ្ឋប្រហារដណ្ដើម អំណាច ឯម្ខាងទៀត (គឺ)តំបន់រំដោះ ដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ។ យើងអត់ដឹងថាមាន អាពត ឯណា? យើងមានស្គាល់ អាពត ពីអង្កាល់? ខ្ញុំចូលតស៊ូដោយសារតែការអំពាវនាវរបស់សម្ដេចព្រះ នរោត្តម សីហនុ។ ខ្ញុំអត់មានចូលទ័ពព្រៃ ដើម្បីទៅតាមពួក អាពត ទេ? ប៉ុន្តែ អាពត វាប្លន់អំណាច ទាំង (ស) ខេង ទាំងខ្ញុំ ទៅតស៊ូ។ អញ្ចឹងបានថ្ងៃមុនជជែកគ្នាថាម៉េចបានយើងទៅជាមួយ … អាយុស្មើៗគ្នា។ កាលប៉ុន្មានថ្ងៃយើងនិយាយគ្នា ខេង បងខ្ញុំមូយឆ្នាំ ឆៃលី អីចូលព្រៃទាំងអស់គ្នា។ អញ្ចឹង ប្រទេសយើងគឺបែងចែកជាពីរ។ ដល់ជំនាន់ ប៉ុល ពត អាហ្នឹងវាប្រល័យពូជសាសន៍ ប៉ុន្តែ ទោះបីខ្លាំងប៉ុន ប៉ុល ពត ផង ក៏គ្រប់គ្រងទឹកដីមិនអស់ដែរ ក៏នៅមានចលនាតស៊ូ មានក្រុមបះបោរនៅភូមិភាពបូព៌ា មានក្រុមរបស់ខ្ញុំផ្ដាច់ខ្លួនពី ៧៧ មានក្រុមរបស់ឯកឧត្តម ប៊ូ ថង នៅឯឦសានទិស មានក្រុម សាយ ភូថង (និង) ទៀ បាញ់ នៅឯកោះកុង អាពត ក៏មិនអាចគ្រប់គ្រងទឹក ដីអស់បានដែរ។ បើម្ដុំខាងនេះមានក្រុម អៀវ ងួន ចូលទៅទឹកដីថៃ ហើយចូលមកធ្វើសកម្មភាពខ្លះៗតំបន់ម៉ាឡៃ និងប៉ៃលិន ប្រវត្តិវាអញ្ចឹង។
ដល់ចាប់ពី(ឆ្នាំ) ១៩៧៩ មក ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាបួន តំបន់មួយត្រួតត្រាដោយរដ្ឋកម្ពុជា ដែលគ្រប់គ្រងទឹកដីប្រមាណ ៩០ ភាគរយ តំបន់មួយទៀតគ្រប់គ្រងដោយខ្មែរក្រហម តំបន់មួយទៀតគ្រប់គ្រងដោយរណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរ និងតំបន់មួយទៀតគ្រប់គ្រងដោយ ហ្វ៊ុន ស៊ិនប៉ិច។ ខេត្តបន្ទាយមានជ័យជាឧទាហរណ៍ ជាខេត្តដែលគ្រប់គ្រងដោយកម្លាំងបួន ព្រោះកម្លាំងខ្មែរក្រហមក៏នៅបន្ទាយមានជ័យ កម្លាំង សឺន សាន ក៏នៅបន្ទាយមានជ័យ កម្លាំង ហ្វ៊ុនស៊ិនប៉ិច ក៏នៅបន្ទាយមានជ័យ …។
ដល់ឆ្នាំ ១៩៩៣ យើងធ្វើការបោះឆ្នោត កម្លាំងបីបានរួមគ្នា (រួមមាន) រដ្ឋកម្ពុជា កម្លាំង ហ្វ៊ុន ស៊ិនប៉ិច និងរណសិស្យរំដោះប្រជាពលរដ្ឋខ្មែរ រួបរួមគ្នាទៅជាកម្លាំងតែមួយ។ ប៉ុន្តែ វានៅខ្មែរក្រហមមួយទៀត អូសបន្លាយពីឆ្នាំ ១៩៩៣ រហូតដល់ថ្ងៃទី ២៩ ធ្នូ ១៩៩៨ ទើបបញ្ចប់។ ពេលដែល ខៀវ សំផន ទៅបាយនៅផ្ទះខ្ញុំ អាហ្នឹងយើងចាត់ទុកថាជាថ្ងៃបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិ/ទឹកដី។ ប្រវត្តិវាយ៉ាងដូច្នេះ។
យើងអត់ភ្លេចគុណកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ក៏ប៉ុន្តែសុំនិយាយការពិតឱ្យបានច្បាស់ (អំពី)ដំណើរដើមទងរបស់វា។ បើសិនពុំមានព្រះបិតាជាតិ ដែលទ្រង់មានការគោរពពីគ្រប់បណ្ដាបក្សនយោបាយ ប្រហែលជាគណបក្សប្រជាជន(កម្ពុជា)និងគណបក្ស ហ្វ៊ុន ស៊ិនប៉ិច នៅតែប្រឈមមុខដាក់គ្នាក្រោយការបោះឆ្នោត រដ្ឋធម្មនុញ្ញធ្វើអត់ចេញ អ៊ុនតាក់អាចជាប់ផុង។ ដូចនៅ Angola ដំណើរការកិច្ចព្រមព្រៀងដូចគ្នា ប៉ុន្តែ Angola សព្វថ្ងៃនេះ អង្គការសហប្រជាជាតិអត់ទាន់ដកចេញបានទេ។ ប៉ុន្តែ នៅកម្ពុជា យប់ថ្ងៃទី ២៤ កញ្ញា ១៩៩៣ មេអ៊ុនតាក់ទាំងអស់ចាកចេញទាំងយប់។ បើមិនអញ្ចឹងជាប់ផុង។ ប្រវត្តិវាអញ្ចឹង។ ឥឡូវនេះ ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលនៅសេសសល់ គឺនៅសល់ខ្ញុំម្នាក់ នៅសល់សម្តេច ទៀ បាញ់ នៅសល់ឯកឧត្តម ហោ ណាំហុង នៅសល់ឯកឧត្តម ឌិត មន្ទី នៅសល់ឯកឧត្តម អ៊ឹម ឈុនលឹម នៅសល់ឯកឧត្តម អៀង ម៉ូលី នៅសល់ ខៀវ សំផន។ ឥឡូវ ខៀវ សំផន នៅក្នុងមន្ទីរឃុំឃាំង ព្រោះគាត់ត្រូវជាប់គុកដោយសារការកាត់ទោសរបស់តុលាការកូនកាត់ កម្ពុជានិងអង្គការសហប្រជាជាតិ។
(ដូច្នេះ ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស)នៅសល់ ៧ នាក់។ ឯ ៥ នាក់ទៀត ព្រះកុណា ព្រះអង្គចូលទិវង្គត់ហើយ។ សឺន សាន គាត់ទទួលមរណកាលទៅហើយ។ ឯកឧត្តម ស៊ិន សេន គាត់ទទួលមរណកាល ដោយសារជំងឺ។ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះអង្គក៏ទើបនឹងចូលទិវង្គត់នៅប៉ុន្មានខែមុននេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ (ដំបូង)សង្គ្រោះបាន ប៉ុន្តែទ្រុឌទ្រោមអស់ទៅហើយ។ ឯ សុន សេន ក៏បានស្លាប់ដោយសារ ប៉ុល ពត បាញ់សម្លាប់នៅអន្លង់វែង អញ្ចឹង បានសេចក្តីថា ក្នុងចំណោម ១២ នាក់ (មាន) ៧ នាក់ នៅរស់ (និង) ៥ នាក់ បានសុគត/ទទួលមរណកាលទៅហើយ ប្រវត្តិវាអញ្ចឹង។ ប៉ុន្តែ ក្រែងលោអ្នកចេះដឹងណាផ្សេងទៀត អាចដឹងជាងខ្ញុំ ក្នុងឋានៈ(ខ្ញុំ)ជាអ្នកធ្វើ/ប្រតិបត្តិ ក៏សូមអញ្ជើញតាមចិត្តចង់ទៅចុះ ព្រោះយើងក៏មិនអាចទៅខ្ទប់មាត់គេកើត(ទេ)។
កិច្ចព្រមព្រៀង(ទីក្រុងប៉ារីស)នេះ យើងបានបញ្ចូលធាតុរបស់វាមកក្នុងរដ្ឋធម្មនុញ្ញរបស់យើងអស់ហើយ។ វាចប់ត្រឹមប៉ុណ្ណឹងហើយ។ ឯ(អ្នក)ខ្លះគេថាយើងរំលោភលើកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស។ ឥឡូវ ខ្ញុំចង់សួរត្រឡប់ទៅវិញ ការកាត់ទោសខ្មែរក្រហមវាអត់មានចែងក្នុងកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសទេ តើអស់លោកទទួលស្គាល់សាលក្រមកាត់ទោសខ្មែរក្រហមដោយតុលាការកូនកាត់ រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាឬអត់? នេះអត់បានចែងក្នុងកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសទេ ប៉ុន្តែត្រូវតែកាត់ទោសខ្មែរក្រហម។ អាហ្នឹងខ្ញុំគ្រាន់ តែដាក់សំណួរតូច(មួយ)ទេ។ គេថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនត្រូវបានគោរព។ តែកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសនោះ វាបានចូលលម្អិតទៅក្នុងរដ្ឋធម្មនុញ្ញសព្វថ្ងៃ ដែលយើងកំពុងអនុវត្ត។ កំពុងអនុវត្តសព្វថ្ងៃ គឺកំពុងអនុវត្តរដ្ឋធម្មនុញ្ញ ហើយរដ្ឋធម្មនុញ្ញវាចេញពីណា? វាចេញមកពីកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស ដែលបោះឆ្នោតដំបូង គឺជាសភាធម្មនុញ្ញ បង្កើតរដ្ឋធម្មនុញ្ញ(រួច)ហើយ បានសភានោះក្លាយទៅជាសភាជាតិ បង្កើតរាជរដ្ឋាភិបាល។ ខ្ញុំមិនចង់លម្អិតបន្ថែមទេ ទុកឱ្យអ្នកដែលគេត្រូវការលម្អិត គេវែកញែករបស់គេទៅ មានទាំងបណ្ឌិត មានទាំងស្អីឯណាគេចេញមកព្រោងព្រាត់ហើយ (អ្នក)ខ្លះពេលដែលកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសចុះហត្ថលេខា ខ្លួននៅស្រាតនៅឡើយទេ ឥឡូវ ក្លាយទៅជាអ្នកវិភាគដ៏ឆ្អិនឆ្អៅទៅហើយ អ្នកធ្វើពិត ប្រាកដវាថាបិទមាត់ ប៉ុន្តែ យ៉ាងណា(ក៏ដោយ)ថ្ងៃនេះខ្ញុំត្រូវតែនិយាយបន្តិចរឿងហ្នឹង។
ការចរចាផ្ទៃក្នុងកម្ពុជា ដែលចាប់ផ្តើមពីវេទិកា សីហនុ-ហ៊ុន សែន បន្ទាប់ទៅពង្រីកបណ្ដើរៗ ហើយចូលរួមដោយមិត្តភក្តិនៅក្នុងតំបន់ បន្ទាប់ទៅទើបមានកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស ប៉ុន្តែ មិនទាន់មានអន្តរាគមន៍ នៃប្រទេសធំទាំងប្រាំនោះទេ។ នៅឆ្នាំ ១៩៩០ បានមានគំនិតផ្ដួចផ្តើម Garett J Evan ហើយប្រទេសធំទាំងប្រាំចាប់ផ្ដើម សម្របសម្រួលគ្នាជាមួយនឹងភាគីកម្ពុជា ដែលមានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ថ្ងៃនេះ ដោយសារវាជាខួបលើកទី ៣១ បើខ្ញុំមិននិយាយក៏វាអត់កើត។ វាថាយើងបំភ្លេចចោលនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ យើងអត់ភ្លេចទេ ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺនៅត្រង់ថា បន្ទាប់ពីចាយលុយអស់ ២ ពាន់លានដុលល្លារ អ៊ុនតាក់ ដកចេញត្រឡប់ទៅវិញ បានបន្សល់ទុកឱ្យកម្ពុជានូវប្រទេសមួយមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ ដែលទុកឱ្យយើងត្រូវជម្នះដោះស្រាយក្រោមព្រះរាជតម្រិះគាំទ្រដោយព្រះករុណាព្រះបិតា។ ខ្ញុំជាអ្នកដាក់ចេញនយោបាយឈ្នះឈ្ននេះផ្ទាល់ និងដឹកនាំអនុវត្តផ្ទាល់ ដែលមានប្រតិបត្តិករនៅទីនេះ រាប់ទាំងបងប្អូននៅក្នុងតំបន់អតីតខ្មែរក្រហមពីមុន អ្នកណាដែលចូលរួម គឺសុទ្ធតែមានចំណែកទាំងអស់។ រំលត់សង្គ្រាមមួយ អត់ចាំបាច់ប្រើគ្រាប់(សូម្បី)មួយគ្រាប់ នេះជាជោគជ័យធំបំផុត ដែលផ្តល់ឱកាសឱ្យយើង(អភិវឌ្ឍន៍ប្រទេសមកទល់សព្វថ្ងៃ)។
ឥឡូវនេះ ទឹកជំនន់នៅប៉ៃលិន ត្រូវបញ្ជូនអង្ករទៅក៏ដូចគ្នា។ អត់មានថាខុសគ្នាអី(ទេ)។ ផ្លូវកៅស៊ូ ប្រើអគ្គិសនីមានវិទ្យាល័យ អនុវិទ្យាល័យ បឋម(សិក្សា) អភិវឌ្ឍន៍ដូចគ្នា ទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ នេះជាសមិទ្ធផល(ទទួលបានពី)សន្តិភាព។ ខ្ញុំគួរត្រូវបញ្ចប់ប៉ុណ្ណឹង ជាមួយការបញ្ជាក់ថា ថ្ងៃនេះបាននាំមកសម្រាប់៖ ទី(១) អាហារពេលព្រឹក គឺមានហើយ។ អរគុណ ឯកឧត្តម ជា សុផារ៉ា។ ខ្ញុំសូមអរគុណ ចំពោះ ប្រជាពលរដ្ឋរបស់យើង អរគុណដោយលើកដៃសំពះគឺនៅត្រង់ថា ពេលដែលបោះឆ្នោតឃុំ–សង្កាត់កន្លងទៅនេះ បងប្អូនបានបោះឆ្នោតឱ្យគណបក្សប្រជាជនឈ្នះភ្លូកទឹក/ដីតែម្តង។ សុំថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ បើសិនជាបងប្អូនទុកចិត្តលើគណបក្សប្រជាជនកម្ពុជា សូមបោះឆ្នោតអោយគណបក្សប្រជាជនបន្តទៀត ហើយខ្ញុំហ្នឹងនៅជាមួយបងប្អូនប្រជាពលរដ្ឋជារៀងរហូត។ គេថាខ្ញុំឃោសនាបោះឆ្នោតមុនកាលកំណត់ តែខ្ញុំមានសិទ្ធនិយាយ អ្នកឯងក៏និយាយដែរគ្រាន់តែអ្នកឯងសម្លេងតិចជាងខ្ញុំតែប៉ុណ្ណឹង។
ខ្ញុំមានទូរទស្សន៍ Lives ផ្ទាល់ ហើយលោកឯងមាន ហ្វេសប៊ុក លោកឯងនិយាយទេតើ ហើយលោកឯងសុទ្ធតែថាដេញខ្ញុំ ចាប់ខ្ញុំ ស្អីៗថែមទៀតផង។ ពួកលោកនិយាយតើ។ អញ្ចឹងទេខ្ញុំនិយាយតែម្ដងទៅ។ វាមិនបំពានច្បាប់បោះឆ្នោតទេ ព្រោះដល់ថ្ងៃបោះឆ្នោតយកតែអាហ្នឹងមកចែកក៏ខុសដែរ។ ប៉ុន្តែឥឡូវខ្ញុំមានសិទ្ធធ្វើ ខ្ញុំនិយាយ។ ខ្ញុំត្រូវតែអរគុណ ព្រោះឥឡូវក្រុមប្រឹក្សានៅនេះ គឺក្រុមប្រឹក្សាឃុំទាំងអស់។ អញ្ចឹងបានខ្ញុំត្រូវតែជួប។ ម្សិលមិញខ្ញុំផ្ដាំក្រុមប្រឹក្សាឃុំសង្កាត់ដែលមកពីគណបក្សប្រជាជន ស្មៀនឃុំថាត្រូវធ្វើការអោយល្អបម្រើប្រជាជន។ ល្ងាចនេះខ្ញុំទៅជួបនៅបាត់ដំបង ខានស្អែកជួបនៅពោធិសាត់ ខានស្អែកមួយជួបនៅកំពង់ឆ្នាំង។ ខ្ញុំនឹងដើរតាមខេត្តដទៃទៀតដើម្បីជួបនិយាយគ្នា។
ខ្ញុំជឿថាប្រជាពលរដ្ឋបានឃើញការទទួលខុសត្រូវរបស់គណបក្សប្រជាជន លើអ្វីដែលបានកើតក្នុងរយៈពេលកន្លងទៅ។ ពេល កូវីដ–១៩ នេះអ្នកណានៅជាមួយបងប្អូន អ្នកណារកវ៉ាក់សាំងចាក់អោយបងប្អូន គឺមានតែគណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាល។ ប្រទេសដទៃគឺរឿងរបស់គេ តែប្រទេសកម្ពុជាគឺយើងមានគណបក្សប្រជាជនដឹកនាំ។ ខ្ញុំផ្ទាល់ដឹកនាំបញ្ជាការខ្ពស់បំផុតទៅលើបញ្ហាទាំងឡាយ ព្រោះនាយករដ្ឋមន្ត្រីគឺជាបញ្ជាការនៅក្នុងនីតិប្រតិបត្តិ។ ជាមួយហ្នឹងការអរគុណក៏សូមអំពាវនាវថាឆ្នាំក្រោយគឺសុំ បើចង់អោយគណបក្សប្រជាជនឈ្នះឆ្នោតតទៅទៀត គឺបោះឆ្នោតអោយគណបក្សប្រជាជន ហើយខ្ញុំសង្ឃឹមយ៉ាងដូច្នេះ។
ថ្ងៃនេះ ក្រៅពីអ្វីដែលបានដាក់ជូននៅខាងលើ មាននំបាំង ទឹកក្រូច ទឹកសុទ្ធ។ សម្រាប់ស្រូវពូជក្នុងមួយគ្រួសារ ១០០ គីឡូក្រាម, មីចំនួន ១ កេះធំដែលមាន ៦ កេះតូច, ត្រីខចំនួន ១ កេះធំដែលមាន ១០០កំប៉ុង, អង្ករចំនួន ១ ប៉ាវ ទំងន់ ៥០ គីឡូក្រាម និងថវិកាចំនួន ២០ម៉ឺនរៀលសម្រាប់មួយគ្រួសារ។ ការពិតទៅស្រូវពូជ អង្ករនិងរបស់របរថ្លៃជាង ២០ម៉ឺន ប៉ុន្តែអាហ្នឹងមិនសូវជារំភើបទេ ដល់មករំភើបអា ២០ម៉ឺន ព្រោះវាស្រណុកដាក់ហោប៉ៅ ហើយជូនសាលាស្រុក មង្គលបុរី ចំនួន ២ លានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល ផងដែរ។
សូមអំពាវនាវអោយបងប្អូន ប្រុងប្រយ័ត្នបន្តទៀតទៅលើបញ្ហា កូវីដ-១៩ បើទោះបីជាកម្រិតឆ្លងតិច ឥឡូវរហូតដល់គ្មាន(ឆ្លង)រហូតដល់ ៣ ថ្ងៃ តែខ្ញុំនៅតែអង្វរករសំពះអោយបងប្អូនប្រុងប្រយ័ត្ន ការពារកុំអោយឆ្លងព្រោះអត់មានអ្នកណាឈឺជួសយើងទេ។ ខ្លួនយើងម្នាក់ៗចេះការពារ ការពារខ្លួនឯងបានការពារក្រុមគ្រួសារបាន។ ជំងឺនេះវាមិនមែនឆ្លងម្នាក់វាមិនទៅចម្លងទៅអ្នកដទៃទេ វាងាយឆ្លងណាស់ទៅកូន បងប្អូន ឪពុកម្ដាយ។ ដូច្នេះត្រូវបន្តការខិតខំដើម្បីទទួល … ម្ខាងអនុវត្តវិធានការសុខាភិបាលពាក់ម៉ាស លាងដៃ រក្សាគម្លាត ឯម្ខាងទៀតទទួលវ៉ាក់សាំង។ អ្នកចាក់ដល់ដូសទី៣ ទៅរកចាក់ដូសទី៣ ចាក់ដល់ដូសទី ៤ ទៅរកចាក់ដូសទី ៤ ចាក់ដល់ដូសទី ៥ ទៅរកចាក់ដូសទី ៥ ទៀត ចាក់ទៅវាអត់មានបញ្ហាទេ ហើយវាបង្តើតបានភាពសាំសហគមន៍ ភាពសាំរឹងមាំ វាមកវាយលុកចូលយើងអត់បាន យើងប្រឹង។
យើងបានចំណាយទុនធំណាស់ក្នុងការប្រយុទ្ធជាមួយ កូវីដ-១៩ មិនត្រឹមតែរកការការពារ ការព្យាបាលដោយរកវ៉ាក់សាំងចាក់នេះ សូម្បីតែអន្តរាគមន៍សង្គមយើងប្រើប្រាស់ប្រាក់អស់ជិត ១ ពាន់លានដុល្លារ។ ឥឡូវបន្តបន្ថែមទៀត ៣ ខែ។ ពិនិត្យម្ដងៗ បន្តអោយបងប្អូន អ្នកដែលបានកាន់បណ្ណក្រីក្រទទួលបាន។ ឥឡូវកំពុងតែពិនិត្យ ៦០ ម៉ឺនគ្រួសារ ដែលមានផលប៉ះពាល់ពីអតិផរណាទំនិញឡើងថ្លៃ ប្រាក់នៅដដែល។ ដំឡើងបៀវត្សរ៍អោយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងនិវត្តន៍ជនសម្រាប់ឆ្នាំក្រោយ ដោះស្រាយជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយអតិផរណា បូករួមទាំងអ្នករងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ដែលត្រូវធ្វើអន្តរាគមន៍ ដោយបញ្ចេញនូវធនធានរបស់រដ្ឋផងដោយការរួមចំណែកសិល្បៈនៃការចែករំលែករបស់ព្រះសង្ឃ។ លើកនេះព្រះសង្ឃសុទ្ធតែសម្ដេចសង្ឃ មន្ត្រីសង្ឃធំៗ គឺចេញមកជួយដើម្បីឧបត្ថមសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំមានប្រាក់នេះគឺសម្រាប់ផ្ដល់អោយតាមខេត្ត ហើយអរគុណចំពោះប្រជាពលរដ្ឋរបស់យើង ដែលបានគាំទ្រនូវសកម្មភាពរបស់រាជរដ្ឋាភិបាល ហើយថ្ងៃនេះបានមកជួបជុំ អ្នកខ្លះធ្លាប់ជួបជុំខ្ញុំ ឆ្នាំ ២០២០ ថ្ងៃ២១ ខែតុលា។ ឥឡូវថ្ងៃ ២៣ ខែតុលា ឆ្នាំ២០២២ ខុសត្រូវតែ ២ ថ្ងៃទេ។ នេះខួប ២ ឆ្នាំនៃជំនួបរវាង ហ៊ុន សែន និងប្រជាជននៅហ្នឹងផ្សារ តាដោក។ អញ្ចឹងខ្ញុំអត់ទៅណាចោលបងប្អូនទេ។ ហ្នឹងហើយជាចំណុចខ្លាំងរបស់គណបក្សប្រជាជននៅកន្លែងហ្នឹង។ ពេលសប្បាយមិនចាំបាច់រកមុខ ហ៊ុន សែន ទេ ប៉ុន្តែពេលលំបាក ហ៊ុន សែន ទៅរកតែម្ដង។ ទោះបីថាវ័យជ្រេបន្តិចហើយ ប៉ុន្តែនៅសឿងដែរ។ (សម្ដេចក្រឡាហោម ស) ខេង បងខ្ញុំមួយឆ្នាំ ប៉ុន្តែនៅមាំដែរ នៅវាយកូនហ្គោលវាយអីបាន។ ប៉ុន្តែអត់មានពេលវាយ ហើយបន្តិចទៀតត្រូវដឹកនាំប្រជុំអាស៊ានទាំងយប់ទាំងថ្ងៃ។ ឥឡូវនេះ គ្រាន់តែចេញពីនេះត្រូវទៅបាយនៅបាត់ដំបង។ ល្ងាចនេះជួបមន្ត្រីនៅបាត់ដំបង។ ព្រឹកស្អែកចែកស្រូវពូជនៅបាត់ដំបង រួចហើយតម្រង់ទៅពោធិសាត់ ទៅបាយថ្ងៃត្រង់នៅពោធិសាត់។ គឺធ្វើដំណើរមួយជុំទន្លេសាប។ មិនអស់ចិត្តត្រូវចូលទីក្រុងសិនដើម្បីសម្រេចច្បាប់មួយចំនួន ហើយបកទៅកំពង់ធំដើម្បីអន្តរាគមន៍បញ្ចប់។ អរគុណសារជាថ្មីម្ដងទៀត ជាមួយនឹងការជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់សូមប្រកបតែនឹងសេចក្ដីសុខ សេចក្តីម្រើន ជៀសផុតពីរោគព្យាធិ ហើយរើបម្រះចេញពីការលំបាកដោយគ្រោះធម្មជាតិជាមួយនឹងពុទ្ធពរនិងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕