សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពាវនាវចំពោះប្រជាពលរដ្ឋកុំមានការភិតភ័យចំពោះ ការចល័តកងទ័ពតាមផ្លូវគោកនិងផ្លូវអាកាស ការពារទឹកដីក្នុងភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ដើម្បីកំចាត់ពួកភេរវកម្ម(សារសម្លេង)

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់​! បន្ទាប់ពីការចេញបញ្ជាកាលពីថ្ងៃ ​កម្លាំងបន្ថែមសម្រាប់បម្រើឱ្យការបាញ់កំទេចដ្រូន ដែលហៅថាយន្តហោះគ្មានមនុស្សបើក បានចេញដំណើររួចស្រេចហើយ។ ខ្ញុំសូមអំពាវនាវ បងប្អូន(ប្រជាពលរដ្ឋ)នៅខេត្តក្រចេះ, រតនគិរី, មណ្ឌលគិរី និងទីកន្លែងដែលកងកម្លាំងកងទ័ពបានឆ្លងកាត់ កុំមានការភ័យព្រួយពីការមានសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ ការធ្វើដំណើរនៃកម្លាំងប្រដាប់អាវុធចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តរតនគិរី ឬ​មណ្ឌល​គិរី និងតាមខេត្តក្រចេះ ត្បូងឃ្មុំ​ គឺជាកម្លាំងអន្តរាគមន៍ជួយដល់យោធភូមិភាគទី១។ ដោយសារតែមានការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលយើងមិនដឹងប្រភពថាចេញពីទីកន្លែងណា យើងមានការចាំបាច់ការពារអធិបតេយ្យភាពជាតិ។ ខ្ញុំចាត់ទុកថានេះជាការឈ្លានពាន ហើយជាការប៉ុនប៉ងធ្វើភេរវកម្មនៅលើទឹកដីកម្ពុជា។ ខ្ញុំសូមដាក់ចេញបទបញ្ជាបន្ថែមឱ្យកម្លាំងនៅយោធភូមិភាគទី១ សហការជាមួយគ្រប់កម្លាំ​ងទាំងអស់រុករកអ្នកដែលមកលាក់ខ្លួននៅលើទឹកដីកម្ពុជា។ ការធ្វើដំណើរទៅនេះ ​មិនមែនត្រឹមតែដើម្បីពួនស្ទាក់កំទេចយន្តហោះគ្មានមនុស្សបើក ដែលហៅថាដ្រូននោះទេ ក៏ប៉ុន្តែក៏ត្រូវរុករកកម្លាំងដែលរត់ឆ្លងកាត់ពីប្រទេសវៀតណាម ចូលមកលាក់ខ្លួនក្នុងទឹកដីកម្ពុជា។ យើងអំពាវនាវចំ​ពោះប្រទេសទាំងឡាយដែលផ្ដល់ទីតាំងឱ្យយន្តហោះគ្មានមនុស្សបើកហោះចូលមកក្នុងទឹកដីរបស់យើង បញ្ឈប់​ជាបន្ទាន់សកម្មភាពដែលមានចរិកជាភេរវកម្ម ប្រឆាំងនឹងឯករាជ្យអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សហការផ្ដល់ព័ត៌មានអំពីអ្នកដែលលាក់ខ្លួននៅក្នុងទឹកដីកម្ពុជា។ ច្បាស់ណាស់ថា ដ្រូននេះកំពុងតែស្វែងរកធ្វើទំនាក់ទំនងជាមួយក្រុមបាក់ទ័ពដែលរត់ចេញពីប្រទេសវៀតណាម ហើយអាចនឹងមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋរបស់យើងផ្តល់នូវកិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានអោយកងទ័ពរបស់យើងផ្នែកខាងក្រោម … និយាយរួមយើងមានអាវុធច្រើនប្រភេទដើម្បីកំទេច យន្តហោះដែលគ្មានមនុស្សបើក ដែលប៉ុន្មានយប់កន្លងទៅនេះ តែងបានបំពានលើអធិបតេយ្យរបស់យើង។ ខ្ញុំចាត់ទុកថានេះជាអំពើភេរវកម្ម។ សាជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវចំពោះប្រទេសជិតខាងដែលផ្ដល់មូលដ្ឋានសម្រាប់ការហោះហើររបស់ដ្រូន បញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងសូមគោរពអធិបតេយ្យភាពរបស់យើង។ យើងគ្មានប្រាថ្នាអ្វីក្រៅពីសេចក្ដីសុខនិងឯករាជ្យអធិបតេយ្យភាពរបស់យើងនោះទេ។ សូមប្រជាពលរដ្ឋរបស់យើងកុំមានការព្រួយបារម្ភនិងជ្រួលច្របល់ចំពោះសភាពការណ៍ ដែលអាចនឹងកើតឡើងនៅក្នុងពេលដែលយើងចល័តកងទ័ព បូកជាមួយនឹងការដែលអាចនឹងមានការបាញ់ទម្លាក់នូវយន្តហោះគ្មានមនុស្សបើកនៅក្នុងទឹកដីកម្ពុជា។ ជឿជាក់ថារាជរដ្ឋាភិបាលអាចនឹងគ្រប់គ្រងសភាពការទាំងអស់នេះ ដោយមានកិច្ចសហការពីភាគីវៀតណាម ដែលជាជនរងគ្រោះដោយសារអំពើភេរវកម្មក្នុងរយៈកន្លងទៅនេះ។…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងចែកពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ខេត្តបន្ទាយមានជ័យ

(១) អាវបញ្ជាក់ស្ថានភាពនិងធ្វើសកម្មភាពតម្រង់ឆ្ពោះមកប្រជាពលរដ្ឋជួបការលំបាក, ទឹកជំនន់មិនធំដូចឆ្នាំ ២០២០ ទេ ប៉ុន្តែស្រកយឺត បង្កផលប៉ះពាល់ទ្រង់ទ្រាយធំគួរសម, គួបផ្សំសកម្មភាពរបស់រដ្ឋ ជាមួយការរៃអង្គាសពីសប្បុរសជននានា ស្រាយជីវភាពប្រជាពលរដ្ឋរងគ្រោះ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបបងប្អូនសារជាថ្មីម្តងទៀត ជាមួយនឹងទីកន្លែងដដែល ដែលមានបងប្អូនមួយចំនួនមកជួបខ្ញុំនៅកន្លែងហ្នឹងតាំងពី ២ ឆ្នាំមុន ហើយខ្ញុំក៏ស្លៀកពាក់អាវរបស់ខ្ញុំដដែលដែរ។ ចាត់ទុកថា ពាក់អាវមិនដែលឃើញដោះ។ កាលណាខ្ញុំពាក់អាវហ្នឹង គឺមានន័យថាស្ថានភាពបានមកដល់ ហើយគោលដៅរបស់ខ្ញុំគឺតម្រង់ឆ្ពោះមកជួបប្រជាពលរដ្ឋ។ អាវនេះបន្ទាប់ពីខ្ញុំចាកចេញពីនយោបាយអីទៅ ប្រហែលគេអាចយកទៅដាក់សារៈមន្ទីរ នៅវិមានឈ្នះឈ្នះ ព្រោះមានអាវប៉ុន្មាននោះសម្រាប់ពាក់ជួបប្រជាពលរដ្ឋ ពេលដែលជួបការលំបាក រាប់ទាំងទឹកជំនន់សហសតវត្សរ៍ឆ្នាំ ២០០០ ផងដែរ។ អនុញ្ញាតឲ្យខ្ញុំពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ក៏ដូចជាសម្តេចម៉ែ ដែលព្រះអង្គបានផ្តាំផ្ញើព្រះរាជបណ្តាំសួរសុខទុក្ខ និងចូលរួមរំលែកនូវការលំបាករបស់ប្រជាជននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយក៏បានគាំទ្រគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងឡាយ ដែលទាក់ទងជាមួយនឹងការដោះស្រាយបញ្ហាប្រជាពលរដ្ឋរបស់យើង។ ខ្ញុំក៏សុំយកឱកាសនេះសំដែងជូនក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលការរងគ្រោះដោយសារទឹកជំនន់។ ពិតមែនតែឆ្នាំនេះ ទឹកជំនន់មិនធំពេក ដូចជាឆ្នាំ ២០២០ នោះទេ ក៏ប៉ុន្តែដោយសារទឹកស្រកយឺត វាបង្កនូវផលប៉ះពាល់ក្នុងទ្រង់ទ្រាយធំគួរសម ដែលចាំបាច់ត្រូវមានអន្តរាគមន៍ពីសំណាក់ថ្នាក់ជាតិ។ ខ្ញុំក៏សុំយកឱកាសនេះ សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ…