សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពាវនាវចំពោះប្រជាពលរដ្ឋកុំមានការភិតភ័យចំពោះ ការចល័តកងទ័ពតាមផ្លូវគោកនិងផ្លូវអាកាស ការពារទឹកដីក្នុងភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ដើម្បីកំចាត់ពួកភេរវកម្ម(សារសម្លេង)

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់​! បន្ទាប់ពីការចេញបញ្ជាកាលពីថ្ងៃ ​កម្លាំងបន្ថែមសម្រាប់បម្រើឱ្យការបាញ់កំទេចដ្រូន ដែលហៅថាយន្តហោះគ្មានមនុស្សបើក បានចេញដំណើររួចស្រេចហើយ។ ខ្ញុំសូមអំពាវនាវ បងប្អូន(ប្រជាពលរដ្ឋ)នៅខេត្តក្រចេះ, រតនគិរី, មណ្ឌលគិរី និងទីកន្លែងដែលកងកម្លាំងកងទ័ពបានឆ្លងកាត់ កុំមានការភ័យព្រួយពីការមានសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ ការធ្វើដំណើរនៃកម្លាំងប្រដាប់អាវុធចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តរតនគិរី ឬ​មណ្ឌល​គិរី និងតាមខេត្តក្រចេះ ត្បូងឃ្មុំ​ គឺជាកម្លាំងអន្តរាគមន៍ជួយដល់យោធភូមិភាគទី១។ ដោយសារតែមានការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលយើងមិនដឹងប្រភពថាចេញពីទីកន្លែងណា យើងមានការចាំបាច់ការពារអធិបតេយ្យភាពជាតិ។ ខ្ញុំចាត់ទុកថានេះជាការឈ្លានពាន ហើយជាការប៉ុនប៉ងធ្វើភេរវកម្មនៅលើទឹកដីកម្ពុជា។ ខ្ញុំសូមដាក់ចេញបទបញ្ជាបន្ថែមឱ្យកម្លាំងនៅយោធភូមិភាគទី១ សហការជាមួយគ្រប់កម្លាំ​ងទាំងអស់រុករកអ្នកដែលមកលាក់ខ្លួននៅលើទឹកដីកម្ពុជា។ ការធ្វើដំណើរទៅនេះ ​មិនមែនត្រឹមតែដើម្បីពួនស្ទាក់កំទេចយន្តហោះគ្មានមនុស្សបើក ដែលហៅថាដ្រូននោះទេ ក៏ប៉ុន្តែក៏ត្រូវរុករកកម្លាំងដែលរត់ឆ្លងកាត់ពីប្រទេសវៀតណាម ចូលមកលាក់ខ្លួនក្នុងទឹកដីកម្ពុជា។ យើងអំពាវនាវចំ​ពោះប្រទេសទាំងឡាយដែលផ្ដល់ទីតាំងឱ្យយន្តហោះគ្មានមនុស្សបើកហោះចូលមកក្នុងទឹកដីរបស់យើង បញ្ឈប់​ជាបន្ទាន់សកម្មភាពដែលមានចរិកជាភេរវកម្ម ប្រឆាំងនឹងឯករាជ្យអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សហការផ្ដល់ព័ត៌មានអំពីអ្នកដែលលាក់ខ្លួននៅក្នុងទឹកដីកម្ពុជា។ ច្បាស់ណាស់ថា ដ្រូននេះកំពុងតែស្វែងរកធ្វើទំនាក់ទំនងជាមួយក្រុមបាក់ទ័ពដែលរត់ចេញពីប្រទេសវៀតណាម ហើយអាចនឹងមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋរបស់យើងផ្តល់នូវកិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានអោយកងទ័ពរបស់យើងផ្នែកខាងក្រោម … និយាយរួមយើងមានអាវុធច្រើនប្រភេទដើម្បីកំទេច យន្តហោះដែលគ្មានមនុស្សបើក ដែលប៉ុន្មានយប់កន្លងទៅនេះ តែងបានបំពានលើអធិបតេយ្យរបស់យើង។ ខ្ញុំចាត់ទុកថានេះជាអំពើភេរវកម្ម។ សាជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវចំពោះប្រទេសជិតខាងដែលផ្ដល់មូលដ្ឋានសម្រាប់ការហោះហើររបស់ដ្រូន បញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងសូមគោរពអធិបតេយ្យភាពរបស់យើង។ យើងគ្មានប្រាថ្នាអ្វីក្រៅពីសេចក្ដីសុខនិងឯករាជ្យអធិបតេយ្យភាពរបស់យើងនោះទេ។ សូមប្រជាពលរដ្ឋរបស់យើងកុំមានការព្រួយបារម្ភនិងជ្រួលច្របល់ចំពោះសភាពការណ៍ ដែលអាចនឹងកើតឡើងនៅក្នុងពេលដែលយើងចល័តកងទ័ព បូកជាមួយនឹងការដែលអាចនឹងមានការបាញ់ទម្លាក់នូវយន្តហោះគ្មានមនុស្សបើកនៅក្នុងទឹកដីកម្ពុជា។ ជឿជាក់ថារាជរដ្ឋាភិបាលអាចនឹងគ្រប់គ្រងសភាពការទាំងអស់នេះ ដោយមានកិច្ចសហការពីភាគីវៀតណាម ដែលជាជនរងគ្រោះដោយសារអំពើភេរវកម្មក្នុងរយៈកន្លងទៅនេះ។…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

សំណួរសំណេះសំណាល សុខសប្បាយទេទាំងអស់គ្នានេះ? ខ្ញុំគួរតែមានសំណួរខ្លះមុននឹងយើងនិយាយគ្នា។ ចាប់ផ្ដើមពូចង់សួរថា តើមានកម្មករ/ការិនីប៉ុន្មាននាក់ដែលក្រោយថ្ងៃធ្វើការនៅរោងចក្រ យប់ទៅសំរាកនៅផ្ទះ? សុំលើកដៃ? មានចំនួនប៉ុន្មានដែលជួលផ្ទះគេនៅ? … យ៉ាងណាក៏ដោយ យើងឃើញចំនួនអ្នកដែលបានធ្វើការតាមរោងចក្រពេលថ្ងៃ យប់ទៅសំរាកផ្ទះ។ តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំង?(ច្រើនគ្នា)។ អ្នកដែលមិនបានចាក់មានប៉ុន្មានទៅ?(អត់មានទេ) ការមិនបានចាក់វ៉ាក់សាំង វាមិនមែនជា​កំហុសរបស់ក្មួយៗទេ។​ ពេលដំបូងនោះ​ទាំងពេទ្យ ទាំងក្មួយៗដែលត្រូវការវ៉ាក់សាំងសុទ្ធតែការយល់ខុសខ្លះ។ ឧទាហរណ៍ ដូចជាគេថាធ្លាប់កើតជំងឺហឺត គឺគេមិនឲ្យចាក់។ អញ្ចឹងទេអ្នកធ្លាប់មានជំងឺហឺត គឺគេមិនឲ្យចាក់ទេ ដល់ក្រោយមកបានគេបញ្ជាក់ថា ជំងឺហឺតចាក់បាន គេហាមតែពេលកំពុងហឺតទេ បើអត់មានហឺតផង ចាក់បាន​។ ឥឡូវដល់ដូសទីប៉ុន្មានហើយ​​ក្មួយៗ? ទី ៤ ឬ៥? ឥឡូវអ្នកចាក់ដូសទី ៣ ឡើងបានប៉ុន្មាននាក់ទៅ?(បួននាក់អង្គុយខាងមុខនេះ សុទ្ធតែកូនប្រុស អត់មាន​កូនស្រីមួយគូណាសោះ ភ្លោះប្រុស ៤ គូ)។ ក្នុងចំណោមទាំងអស់គ្នាជិត ២ ម៉ឺននាក់នេះ អ្នកដែលមានទូរស័ព្ទប្រើប៉ុន្មាននាក់ទៅ? អ្នកលេងហ្វេសប៊ុកប៉ុន្មាននាក់ទៅ(ច្រើន) ខ្លាំងជាងមន្ដ្រីរដ្ឋាភិបាលមួយចំនួនទៀត។ មន្ដ្រីរដ្ឋាភិបាលមួយចំនួនអត់​មានហ្វេសប៊ុកផង។ មន្ដ្រីមួយចំនួនគួរខ្មាសកម្មករផង។ មន្ដ្រីមួយចំនួនមិនចេះលេងហ្វេសប៊ុកទេ។ អាបង្ហោះក៏មិនបង្ហោះ អាឆែកមើលគេក៏មិនឆែកមើល។ មិនមែនបង្អាប់មន្ដ្រីលើកកម្មករទេ ក៏ប៉ុន្ដែយើងបានឃើញចលនាពិត។​ អម្បាញ់​មិញសួររឿងមានទូរស័ព្ទ អញ្ចឹងវាមានទាំងស្មាតហ្វូន…