ថ្ងៃនេះខ្ញុំរីករាយដែលបានមកជួបជាមួយបងប្អូននៅតំបន់ពាក់ស្នែង ហើយក៏ជាលើកដំបូងដែរ។ មុននេះខ្ញុំធ្លាប់តែលឺឈ្មោះ ពាក់ស្នែង។ តំបន់ពាក់ស្នែងគឺជាតំបន់ដ៏ស្រួចស្រាលមួយកាលពីសម័យសង្គ្រាម។ រហូតមកដល់ក្នុងឆ្នាំ ១៩៩០ ប៉ុន្មានទេ? ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុវត្តហើយ មានជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានខ្មែរក្រហមចាប់ពីតំបន់ពាក់ស្នែងនេះយកទៅសម្លាប់នៅអន្លង់វែងឯណោះ នៅពេលដែលយើងមិនទាន់បានបញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៩៨។ ឥឡូវនេះ តំបន់ពាក់ស្នែងក្លាយទៅជាតំបន់អភិវឌ្ឍថ្មីមួយ ដែលរៀបចំសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់មានការហាមឃាត់ (ដែលមានការ)ពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម័្ពន្ធអង្គរ។
អម្បាញ់មិញឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិសពាក់ព័ន្ធជាមួយនឹងការដោះស្រាយបញ្ហាក្នុងរមណីយដ្ឋានអង្គរ (បានជំរាបជូនហើយ និង)ដែលយើងទាំងអស់គ្នាបានដឹងហើយ។ ខ្ញុំគិតថា បងប្អូនប្រជាពលរដ្ឋនៅទីនេះបានស្តាប់សារដែលខ្ញុំបានជួបប្រជាពលរដ្ឋនៅឯតំបន់ រុនតាឯក ចំនួន ៣ ដងរួចហើយ។ ខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមតម្រង់ទិស និងក្រុមការងារទាំងអស់ដែលបានខិតខំធ្វើឱ្យតំបន់ពាក់ស្នែងនេះ រៀបចំបានឆាប់រហ័សសម្រាប់ទទួលយកប្រជាពលរដ្ឋ ដែល(យើង)មិនអាចទទួលបានតទៅទៀតនៅឯ រុនតាឯក។ កម្លាំងវិស្វកម្មនិងកម្លាំងនានាបានខិតខំធ្វើកិច្ចការងារនេះ ដើម្បីបើកផ្លូវចូលមកតំបន់(ពាក់ស្នែង)នេះ និងរៀបចំដាក់ការអនុវត្តហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា(អ្វីដែលយើងបាននិងកំពុងធ្វើនៅ)តំបន់ រុនតាឯក ផងដែរ។ មុនចូលដល់បញ្ហាហ្នឹង អនុញ្ញាតឱ្យខ្ញុំបានជម្រាបថា នៅក្នុងការដាក់ជូនសម្រាប់បងប្អូនទាំងអស់នៅទីនេះគឺមាននំបុ័ង មានទឹកក្រូច មានទឹកសុទ្ធ។ សុំកុំខ្លាចចិត្តអី។ ពេលដែលខ្ញុំនិយាយ (ក៏សូមបងប្អូន)ពិសារទៅចុះ ព្រោះតាការគិតគូរបស់ខ្ញុំ រឿងនេះបានចាប់ផ្តើមមក រុនតាឯក លើកទី ២។ ពេលនោះខ្ញុំគិតថា អ្នកដែលអង្គុយស្តាប់ខ្ញុំនេះច្បាស់ជាស្រេកទឹកឬក៏អាចឃ្លាន។ អញ្ចឹងទេបានកំណត់ឱ្យមាននំបុ័ងផង មានទឹកក្រូចផង មានទឹកសុទ្ធផង ហើយដាក់សុទ្ធតែមួយគូៗទៀត។ ពីមុនមាននំបុ័ងតែមួយទេ។ ក្រោយមកដាក់នំបុ័ងពីរឱ្យបានមួយគូ បីក៏មិនដាក់ដែរ មួយក៏មិនដាក់ បីក៏មិនដាក់ ដាក់តែពីរទេ។ ចង់សំដៅថា វាមានគូរបស់វា។
យប់មិញអាណិតឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានខ្លោចចិត្តតែម្តង … ការពិតគួរតែអញ្ជើញឯកឧត្តម ខៀវ កាញារិទ្ធ ហ្នឹងទៅចូលរួម។ គាត់ក៏ស្តាប់លឺដែរតែគាត់មិនបានទៅចូលរួម។ អ្នកសារព័ត៌មានទាំងអស់ហ្នឹងយប់មិញគេទៅចូលរួម ហើយបាត់ កាញារិទ្ធ ហើយលឺថាទៅចូលខារ៉ាអូខេ។ យប់មិញនេះ ប្រាប់ត្រង់ទៅប្រពន្ធៗ ផង បើសិនជាដឹងថាប្តីចូលខារ៉ាអូខេ ថាអាហ្នឹងបានទទួលការអនុញ្ញាតពីនាយករដ្ឋមន្ត្រី ពួកនេះចូលមែន។ សូម្បីតែកំដរយើងស៊ីបាយក៏មិនយូរដែរ ប្រញាប់លាយើងចេញទៅចូលខារ៉ាអូខេ។ ដល់អញ្ចឹងនឹកអាណិត កាញារិទ្ធ ប៉ុន្តែព្រឹកឡើងទទួលថា កាញារិទ្ធ ទៅចូលខារ៉ាអូខេ VIP។ និយាយលេងបន្តិចទៅចុះ។
សំរាប់ការជួបជុំថ្ងៃនេះ ខ្ញុំសូមអរគុណជាមួយបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ដែលទីនោះគឺជាតំបន់អាទិភាពត្រូវចាកចេញ។ ការចាកចេញនេះខ្ញុំនៅតែនិយាយពាក្យដដែល គឺជាការសម្រេចចិត្តដ៏វៃឆ្លាត ត្រង់ថា បងប្អូននៅទីនោះនៅមិនស្របច្បាប់ទេ។ ខ្ញុំមិនប្រើពាក្យធ្ងន់ទៅដល់នៅខុសច្បាប់ទេ ប៉ុន្តែមិនស្របច្បាប់។ នៅទីនោះបងប្អូនក៏គ្មានកម្មសិទ្ធដែរ។ មិនអាចពង្រីកគ្រួសារ ហើយក៏មិនអាចពង្រីកមុខរបរអីបានតទៅទៀតទេ។ អញ្ចឹងគ្រាន់តែចេញមុនចេញក្រោយ អ្នកចេញមុនអាចមានការឈ្លាសវៃជាង។ ការនៃការចាកចេញគឺត្រូវតែធ្វើ ព្រោះដែលហៅថាតំបន់អាទិភាពទី១ វាពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរតែម្តង។
ឥឡូវនេះជាភ័ព្វសំណាងប្រហែលជាដល់ពេលវេលា ដែលអ្វីៗត្រូវបង្ហាញខ្លួនក្នុងរង្វង់តែជាង ១ខែ ទេ។ គឺបានសេចក្តីថា វត្ថុបុរាណច្រើនណាស់ដែលត្រូវបង្ហាញខ្លួននៅពេលនេះ។ លោកជំទាវ ភឿង សក្កណា បានយកទៅឱ្យខ្ញុំមើល ហើយក៏មានការចុះផ្សាយតាំងពីក្បាលនាគរាជ ស្អីៗចាប់ផ្តើមបង្ហាញខ្លួនតែម្តង។ ឥឡូវនេះវាអស់សម័យអ្នកដែលលួចក្បាលអ្នកតាឬក៏ក្បាលនាគ អីយកទៅដើម្បីនឹងលក់ទៅក្រៅប្រទេស ដែលធ្វើឱ្យយើងលំបាក។ អញ្ចឹង បារមីអង្គរជួយយើងដើម្បីឱ្យបង្ហាញខ្លួននូវអ្វីដែលជាទ្រព្យសម្បត្តិ កំណប់ដែលមានពីមុននោះចាប់ផ្តើមបង្ហាញខ្លួន ដែលមុននោះចោរវាប្រឹងរកតែរកអត់ឃើញ។ ឥឡូវនេះគឺបង្ហាញខ្លួនដោយឯងៗតែម្តង។ នៅពេលដែលយើងធ្វើកន្លែងនេះកន្លែងនោះ (ក៏)ចេះតែបង្ហាញខ្លួនជាបន្តបន្ទាប់។ យើងក៏ចេះតែប្រមូលយកទៅដាក់សារៈមន្ទីរដែលជាវត្ថុមានតម្លៃ នៅក្នុងនោះគឺសុទ្ធតែពាក់ព័ន្ធជាមួយនឹងតម្រូវការចាំបាច់ដើម្បីធានាថា អង្គរវត្តរបស់យើងពេញលក្ខណៈសម្បត្តិជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកគឺជាសម្បត្តិមនុស្សជាតិ។
នេះជាកាតព្វកិច្ចរបស់យើងក្នុងការឆ្លើយតបជាមួយនឹងការតម្រង់របស់អង្គការ UNECO។ បើមិនដូច្នោះ យើងអាចបាត់បង់លក្ខណៈសម្បត្តិ សម្រាប់ស្ថិតនៅជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ហើយក៏អាចឈានទៅដល់ការបាត់បង់នូវការជួយជ្រោមជ្រែងពីសំណាក់មិត្តភក្តិរបស់យើងក្នុងការជួសជុលប្រាង្គប្រាសាទនានា នៅក្នុងកម្ពុជាយើងដែរ រាប់ទាំងអង្គរវត្តរបស់យើង។
(២) សង្ឃឹមថា គណបក្សប្រជាជនកម្ពុជានឹងជាប់ឆ្នោតទៀតនៅ ឆ្នាំ ២០២៣, ធ្វើនាយករដ្ឋមន្ត្រី ១០ ឆ្នាំទៀតបាន ក៏ប៉ុន្តែមិនចង់, គោលនយោបាយផ្សារភ្ជាប់គ្នា ១០ ឆ្នាំ, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតំបន់ពាក់ស្នែង
ការមកនៅថ្មីៗ គឺបានកើនឡើងយ៉ាងច្រើន ដូច្នេះហើយតម្រូវឱ្យមានការចាកចេញ។ ការចាកចេញនេះទៀតសោតគឺមិនមែនបងប្អូនមករស់នៅគ្មានទីកន្លែងនោះទេ។ រាជរដ្ឋាភិបាលយកការទទួលខុសត្រូវដូចដែលខ្ញុំប្រកាសចេញអំពីរបៀបដោះស្រាយ និងគោលនយោបាយដែលបងប្អូនត្រូវបានទទួល ដូចជាករណី ៣.២០០គ្រួសារនៅថ្ងៃនេះ គឺសុទ្ធតែបានចាប់ឆ្នោតរួចហើយ ហើយដឹងថាដីរបស់ខ្លួនគឺនៅកន្លែងណា។ យើងពិតជាមានការយកចិត្តទុកដាក់អំពីបញ្ហានេះ ហើយខ្ញុំក៏មិនបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋរបស់យើងរស់នៅដោយគ្មានអីពឹងអាស្រ័យនោះទេ។ ដូច្នេះហើយ ខ្ញុំដាក់ចេញនូវគោលនយោបាយ បើទោះបីជាគោលនយោបាយនេះវាមិនអនុវត្តនៅក្នុងក្របខ័ណ្ឌអាណត្តិរបស់ខ្ញុំ(ក៏ដោយ) … ខ្ញុំអាចធ្វើនាយករដ្ឋមន្ត្រី ១០ឆ្នាំ អីទៀតបាន ក៏ប៉ុន្តែខ្ញុំមិនចង់ទេ។ តែក៏មិនមែនឈប់ថ្ងៃហ្នឹងឬថ្ងៃស្អែកដែរ។ បើខ្ញុំចាកចេញក៏គង់នៅមានអ្នកបន្តវេណគេបន្តអនុវត្ត ឯខ្ញុំក៏នៅតែជាមេដឹកនាំដ៏សំខាន់គ្រប់គ្រងខាងនយោបាយទៅលើការអភិវឌ្ឍប្រទេសជាតិនិងការពារប្រទេសជាតិ ក្នងឋានៈជាប្រធានគណបក្សកាន់អំណាច។ យើងសង្ឃឹមថា ឆ្នាំ ២០២៣ គណបក្សប្រជាជនកម្ពុជានឹងជាប់ឆ្នោតតទៅទៀត។ សង្ឃឹមថា ប្រជាពលរដ្ឋយើងនៅទីនេះបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីទទួលបាននូវសេចក្តីចម្រើននៅក្នុងក្រុមគ្រួសារ។
គេនឹងចោទថាខ្ញុំឃោសនាបោះឆ្នោតមុនអាណត្តិ មុនការកំណត់ ក៏ប៉ុន្តែនេះជាសិទ្ធនិយាយស្តីរបស់ខ្ញុំ។ អ្នកដទៃចេះតែទៅស្នើឱ្យគេបោះឆ្នោតឱ្យ តែខ្ញុំក៏ស្នើឱ្យប្រជាជនបោះឆ្នោតឱ្យខ្ញុំដែរ បោះឆ្នោតឱ្យគណបក្សប្រជាជនដែរ។ ចំណងទាក់ទងរបស់យើងត្រូវនៅជាប់គ្នា ១០ឆ្នាំ។ ព្រោះអី? ព្រោះខ្ញុំត្រូវប្រកាសគោលនយោបាយមួយទាក់ទិនជាមួយនឹងរឿងផ្តល់បណ្ណក្រីក្ររយៈពេល ១០ឆ្នាំ។ បើអញ្ចឹងយើងត្រូវទាក់ទិនជាមួយគ្នា ១០ឆ្នាំ។ និយាយយ៉ាងដូច្នេះមិនមែនបានសេចក្តីថា យកបណ្ណក្រីក្រចងប្រជាពលរដ្ឋដើម្បីបោះឆ្នោតឱ្យគណបក្សប្រជាជនទេ។ ប៉ុន្តែបងប្អូនប្រើការគិតមើល។ អ្នករៀបចំឱ្យគឺគណបក្សប្រជាជន គឺ ហ៊ុន សែន។ ដល់ទៅបោះឆ្នោតឱ្យអ្នកដទៃ ដូចវាមិនសម។ ហ្នឹងនិយាយលេងទៅចុះ។ បក្សដទៃគេនិយាយថា លោក ហ៊ុន សែន ឆ្លៀតប្រើអាហ្នឹងឃោសនាបោះឆ្នោត។ ប៉ុន្តែអាហ្នឹងនិយាយពីឡូហ្ស៊ិក យើងបៅដោះម្តាយរបស់យើង ប៉ុន្តែយើងបែរជាសម្លាប់ម្តាយរបស់យើង ហើយទៅយកអ្នកដទៃទៅវិញ។ ខ្ញុំមិនតាំងខ្លួនថា ជាម្តាយឪពុករបស់ប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែយើងមានចំណងទាក់ទងជាមួយគ្នា។ រឿងនេះ មិនមែនទើបតែឥឡូវនេះទេ។ យើងទាក់ទងជាមួយគ្នាតាំងពីចេញពីរបប ប៉ុល ពត មកជាមួយគ្នានោះមកដល់ប៉ុណ្ណេះ។ អាហ្នឹងគ្រាន់ថា ខ្ញុំអរគុណប្រជាពលរដ្ឋដែលផ្តល់នូវការយោគយល់ ហើយការយោគយល់នេះមិនមែនគ្រាន់តែសម្រាប់ខ្ញុំទេ តែចំពោះជាតិទាំងមូល ដែលយើងមានប្រាង្គប្រាសាទមួយដែលចាំបាច់ត្រូវធ្វើការការពារ។ ថ្ងៃនេះ ជាសាក្សីច្បាស់ជាទេវតារក្សាអង្គរ អារុក្ខអារក្សអ្នកតារក្សាព្រៃភ្នំក្រំថ្ម ភូមិទេវតា រុក្ខទេវតា អាកាសទេវតា សុទ្ធតែបានជួយយើង ដើម្បីភាពគង់វង្សរបស់អង្គរ និងភាពគង់វង្សនៃការរីកលូតលាស់សម្រាប់អ្នកមកនៅពាក់ស្នែងរបស់យើងនេះ។
ប្រវត្តិរឿងភូមិ ពាក់ស្នែង
ខ្ញុំសូមអរគុណចំពោះបណ្ឌិត រ័ត្ន សណ្ដាប់ ដែលបានធ្វើការស្រាវជ្រាវពាក់ព័ន្ធ។ អ្វីទៅដែលហៅថាតំបន់ ពាក់ស្នែង? ព្រឹកមិញ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយ៍កម្មនិងសំណង់ ក៏បាននិយាយអំពីបញ្ហាហ្នឹងតាមរថយន្ត។ ខ្ញុំគួរតែនិយាយបន្តិច ដោយសារតែខ្ញុំបាននិយាយតាំងពីម្សិល ហើយព្រឹកមិញតាមរថយន្តខ្ញុំក៏មើលដែរ។ ខ្ញុំរពឹសមើលនេះ/នោះ មើលចង់ដឹងហើយមកដល់ភូមិ ពាក់ស្នែង រឿង ពាក់ស្នែង វាបានចាប់ផ្ដើម … មានអ្នកខ្លះអះអាងថាពិត អ្នកខ្លះគេអះអាងថាមិនពិត។ ប៉ុន្តែមានកត់ត្រានៅក្នុងប្រវត្តិសាស្ត្ររបស់វាដែរ ក្នុងប្រមាណជាឆ្នាំ ១៣៣៣ នៅក្នុងសតវត្សទី ១៤ វាមានចំណងទាក់ទងរវាងតាត្រសក់ផ្អែមនៅក្នុងតំបន់នេះ ដាំត្រសក់ហើយក៏ធ្វើគត់ស្ដេចដោយអចេតនា ព្រោះស្ដេចមកលួចត្រសក់។ តាត្រសក់ផ្អែមគាត់ដាំត្រសក់សម្រាប់ថ្វាយព្រះរាជា។ ដល់ព្រះរាជាមិនដឹងយ៉ាងម៉េច ឃ្លានពេកក៏មិនដឹង ក៏ចាប់មកលួចត្រសក់ រួចហើយតាត្រសក់ផ្អែម ដែលការពារត្រសក់(ដែលគាត់ដាំ) ក៏ធ្វើឃាតដោយអចេតនាទៅលើស្ដេចដែលមកលួចត្រសក់។ ជាទម្លាប់អោយតែអ្នកណាសម្លាប់បានស្ដេច អ្នកនោះត្រូវតែឡើងធ្វើស្ដេចជំនួស។
ពីដើមអញ្ចឹង។ ស្រុកណាប្រទេសណាក៏អញ្ចឹងដែរ អោយតែអ្នកណាសម្លាប់ស្ដេចអ្នកនោះត្រូវឡើងធ្វើស្ដេចជំនួស។ សូម្បីតែឥឡូវនៅ Burkina Faso អ្នកណាធ្វើរដ្ឋប្រហារឈ្នះ អ្នកនោះឡើងជំនួស។ អញ្ចឹង រឿងនេះម៉េចបានជាហៅ ពាក់ស្នែង ព្រោះទាក់ទងជាមួយហ្នឹងតាត្រសក់ផ្អែម។ តាត្រសក់ផ្អែមនេះ គឺគាត់ដាំត្រសក់នៅតំបន់ហ្នឹងសម្រាប់ថ្វាយព្រះរាជា។ ដោយព្រះរាជាសោយទីវង្គតពីការធ្វើគត់ដោយអចេតនារបស់តាត្រសក់ផ្អែម អញ្ចឹងគេត្រូវយកតាត្រសក់ផ្អែមទៅឡើងសោយរាជ្យ ហើយគេមិនអោយតាត្រសក់ផ្អែមដើរទេ គេត្រូវយកស្នែងយកមកសែង។ អ្នកយកស្នែងមកសែងនោះគឺខ្ជីខ្ជា ក៏យកស្នែងទៅពាក់ដើមស្ពឺ។ លី រស្មី បាននិយាយថាប្រហែលជាកន្លែងលក់ស្នែង(សត្វ)ខ្ទីង ប្រើស។ មិនមែនទេ។ រឿងពិតប្រាកដគឺស្នែងសម្រាប់សែង។ យកស្នែងនេះ យកពាក់នឹងដើមឈើ។ អញ្ចឹងបានជាបង្កើតទៅជាភូមិពាក់ស្នែង គឺកន្លែងពាក់ស្នែង មិនមែនស្នែងគោ ក្របី ទេ គឺស្នែងសម្រាប់សែងតាត្រសក់ផ្អែមចូលទៅសោយរាជ្យ។ រឿងវាអញ្ចេះបានទៅមានរឿងពាក់ស្នែងនេះ …។
ខ្ញុំគ្រាន់តែថា ទៅតាមការសិក្សារបស់បណ្ឌិតអ្នកស្រាវជ្រាវអារ្យធម៍ខ្មែរតែប៉ុណ្ណោះ។ ប៉ុន្តែមានរឿងខ្លះពាក់ព័ន្ធបញ្ហាយើងជាមួយភូមា។ ប៉ុន្តែភូមានៅក្នុងសតវត្សទី ១០ ឯយើងនៅក្នុងសតវត្សទី ១៤ ក្នុងរង្វង់ឆ្នាំ ១៣៣៣ ក៏មិនដឹង។ បើខ្ញុំនិយាយខុសនេះគ្រាន់តែថា(ស្មាន) នៅក្នុងសតវត្សទី ១៤ ហើយក្នុងឆ្នាំ ១៣៣៣ ប៉ុណ្ណឹង បានជាមានប្រវត្តិ ប៉ុន្តែមានពាក់ស្នែងចាស់និងពាក់ស្នែងថ្មី។ ខ្ញុំក៏មិនដឹងថាតើរឿងវ៉ាវនេះវាកើតនៅក្នុងតំបន់ពាក់ស្នែងចាស់ឬក្នុងតំបន់ពាក់ស្នែងថ្មី។ នៅទីនេះមានពាក់ស្នែង២ … អញ្ចឹងប្រហែលជាតំបន់នេះហើយដែលតាត្រសក់ផ្អែមដាំត្រសក់។ យើងកំពុងតែតាំងទីលំនៅនៅតំបន់អតីតតាត្រសក់ផ្អែម ដែលក្រោយមកក្លាយទៅជាព្រះរាជា ដែលព្រះករុណាព្រះបិតាព្រះអង្គមានបន្ទូលថា ចប់ដំណាក់កាលវរ្ម័នហើយ បន្តមកតាត្រសក់ផ្អែម។ រឿងរ៉ាវវាអញ្ចឹងក្នុងប្រវត្តិរបស់យើង។ តែរឿងនេះគឺថាខ្ញុំមិនហ៊ានធានាអះអាងទេ។ ខ្ញុំគ្រាន់តែនិយាយទៅតាមអ្នកស្រាវជ្រាវតែប៉ុណ្ណឹងទេ។
ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតំបន់ពាក់ស្នែង
បើសិនជារឿងនោះវាបែបនោះមែន យើងកំពុងស្ថិតនៅក្នុងទីតាំងមួយដ៏កាក់កប ដែលសមនឹងទៅជាទីកន្លែងអភិវឌ្ឍក្លាយទៅជាទីក្រុងរណបនៅថ្ងៃក្រោយ ព្រោះយើងកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ។ ខ្ញុំបានអោយគោលការណ៍រួចហើយ។ ឯកឧត្តម ជា សុផារ៉ា ក៏បានរាយការណ៍ហើយរឿងនេះ។ ខ្ញុំគួរបញ្ជាក់បន្តិច ម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល បានវាយមកអោយខ្ញុំតាម WhatsApp គឺមានផ្លូវមួយខ្សែដែលនៅក្រុងសៀមរាបខាងជើងពីពាក់ស្នែងនិងរុនតាឯក ដែលមានប្រវែងជាង ៥៥ គីឡូម៉ែត្រ។ ត្រូវបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាព ហើយគ្រោងប្រើប្រាស់ថវិកាចំនួន ៤៦ លានដុល្លារអាមេរិក។ គម្រោងសាងសង់នេះត្រូវស្នើប្រើប្រាស់ប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍអាស៊ី ដែលគ្រោងនឹងអនុវត្តនៅឆ្នាំ ២០២៤ សាងសង់ដោយក្រាលជាប្រភេទបេតុងអេស៊ី ទទឹង ១១ ម៉ែត្រ បែងចែកជាពីរកំណាត់។ កំណាត់ទីមួយប្រវែង ៣៧,៣៧ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ទីប្រជុំជនស្រុកថ្មពួកដល់ផ្លូវជាតិលេខ ៦៧ ប្រើប្រាស់ថវិកាប្រមាណជាង ៣១ លានដុល្លារអាមេរិក និងកំណាត់ផ្លូវទី ២ ប្រវែង ១៨ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦៧ ដល់ផ្លូវជាតិលេខ ៦៤ ប្រើប្រាស់ថវិកាប្រមាណជាង ១៤ លានដុល្លារអាមេរិក។ ហ្នឹងគឺគម្រោងផ្លូវមួយអាចរត់ពាក់ព័ន្ធនៅខាងតំបន់យើងនេះ ។
ដល់គម្រោងមួយទៀត ស្ថាបនាផ្លូវវាងក្រុងសៀមរាបប៉ែកខាងត្បូង គឺប្រវែង ៤៥,៧៧ គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការសិក្សាហើយ ដែលគ្រោងនឹងប្រើប្រាស់ថវិការហូតទៅដល់ ៩១ លានដុល្លារអាមេរិក។ គម្រោងនេះអាចនឹងត្រូវផ្ដល់ឥណទានដោយសាធារណរដ្ឋកូរ៉េ។ ចំណុចនេះគឺខ្ញុំគ្រាន់តែបញ្ជាក់ថា ថ្ងៃក្រោយហេដ្ឋារចនាសម្ព័ន្ធអាចនឹងរីកដុះដាលជាងនេះ ដើម្បីបម្រើអោយទិសដៅអភិវឌ្ឍនៅតាមតំបន់យើងនេះ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដែលយើងត្រូវធ្វើខ្លួនឯង ដែលខ្ញុំផ្ដល់នូវការអនុញ្ញតអោយធ្វើ។ ក្នុងនេះគឺមាននៅក្នុងឯកសាររបស់ខ្ញុំដែរ ដែលខ្ញុំភ្ជាប់មកជាមួយអំពី ខេង សុមេធ បានស្នើសុំទាក់ទិនជាមួយនឹងរឿងទីលំនៅ … មានការៀបចំមិនខុសពីហេដ្ឋារចនាសម្ព័ន្ធនៅឯ រុនតាឯក ទេ។ អញ្ចឹងយើងធ្វើរបៀបគ្នានេះ មានកន្លែងដីឡូ មានស្អីៗសព្វបែបយ៉ាងមានសាលារៀន, មន្ទីរពេទ្យ ហើយយើងត្រូវត្រៀមដីទុកដើម្បីកសាងវត្តអារាមនៅពេលក្រោយដែរ ព្រោះចាស់ៗត្រូវការធ្វើបុណ្យទាន មិនថាចាស់ក្មេងទេ។
ខ្ញុំគួរតែនិយាយបន្ថែម រុនតាឯក បានលុយលើសចំណុះ ប៉ុន្តែក៏បញ្ជាក់ដោយសារលើសចំណុះ មុននោះត្រូវចំណុះ ប៉ុន្តែលុយរបស់យើងមានប៉ុណ្ណឹង។ អញ្ចឹងកសាងបានតែកុដិចៅអធិការមួយទេ។ ឥឡូវយើងត្រូវកសាងកុដិបានច្រើនជាង។ ម្សិលត្រឡប់ទៅវិញយើងថា យើងនឹងធ្វើកន្លែងប៉ាឆាមួយ រួចហើយធ្វើរោងអោយស្រួលព្រោះអ្នកមួយចំនួនត្រូវយកសពទៅតម្កល់ ធ្វើបុណ្យ រួចហើយបូជានៅទីនោះតែម្ដង។ នេះជាការសម្រួលដល់ប្រជាពលរដ្ឋរបស់យើងដែលមានផ្ទះតូចតាចហើយមានមនុស្សស្លាប់ អញ្ចឹងយកទៅតម្កល់នៅទីអារាមនោះតែម្ដង។ យើងធ្វើអោយស្អាត ហើយបើសិនជាត្រូវធ្វើវត្តខាងនេះ(ពាក់ស្នែង) ក៏ត្រូវធ្វើរបៀបហ្នឹងដែរ ។ និយាយអញ្ចឹងមិនមែនប្រមាថជីវិតប្រជាជនទេ ប៉ុន្តែកុំអោយខ្វះកន្លែងដុតខ្មោចយើងត្រូវតែមានការត្រៀមរៀបចំបែបនេះ ព្រោះមនុស្សគង់តែស្លាប់ទេ ទោះបីខ្ញុំក៏ត្រៀមកន្លែងដាក់សពខ្ញុំដែរ។ ថ្ងៃមុនខ្ញុំថាខ្ញុំមិនទៅវត្តទេស្រាប់តែមានគេស្រែកថា គាត់មិនទៅវត្តដោយមានមូលហេតុអញ្ចេះ/អញ្ចុះ។ ទីចុងបំផុតវាមកសន្និដ្ឋានថាលោក ហ៊ុន សែន ខ្លាចងាប់។ បើងាប់មិនខ្លាចទៅខ្លាចអីទៀត។ អស់លោកមិនខ្លាចងាប់ចាំទៅ។ ពួកឯងគង់តែងាប់ដូចតែអញទេ គ្រាន់តែមុននឹងក្រោយប៉ុណ្ណឹងទេ អ្ហែងក្មេងអ្ហែងងាប់ក្រោយ អញចាស់អញងាប់មុន។ អ្នកឯងចាស់អ្នកឯងងាប់មុន ប៉ុន្តែដោយសារអាយុដែរ។ ពិតជារឿងដែលជាដែលជៀសមិនរួចទេ កើតចាស់ឈឺស្លាប់វាតែប៉ុណ្ណឹង អ្នកឯងមិនអាចជីវិតអមតៈទេ។
ខ្ញុំសូមរំលឹកអំពីបញ្ហា(ត្រូវ)ធ្វើនៅក្នុងតំបន់នេះ។
ទី១) គឺស្ថាបនាផ្លូវលេខ 266D មានប្រវែង ១៧,១០ គីឡូម៉ែត្រ ជាកំណាត់ផ្លូវភ្ជាប់ពីផ្លូវកូរ៉េ ផ្លូវក្រវ៉ាត់ចេញពីបន្ទាយស្រីទៅព្រលានយន្តហោះ ឆ្ពោះទៅដល់តំបន់អភិវឌ្ឍ ពាក់ស្នែង ចូលទៅទីតាំងទី ១ និងទីតាំងទី ២ ដែលកន្លងមកបានជួសជុលជាច្រើនលើកច្រើនសាររួចមកហើយ ជាប្រភេទផ្លូវ DBST ពេលនេះមានសភាពទ្រុឌទ្រោមខ្លាំង ពិបាក(ធ្វើ)ចរាចរណ៍ណាស់។ តម្រូវការចាំបាច់សូមគោរពស្នើសុំបទបញ្ជាស្ថាបនាផ្លូវបេតុងសសៃដែកប្រវែង ១៧,១០ គីឡូម៉ែត្រ ទទឹង ៩ ម៉ែត្រ និងចិញ្ចើម ១ ម៉ែត្រ សងខាង និងសំណង់មុខទឹកមួយចំនួន។ ខ្ញុំចារឯកភាពឱ្យធ្វើ។
ទី២ ស្ថាបនាផ្លូវក្នុងទីតាំងទី ១ និងទីតាំងទី ២ ប្រវែង ៨៨,៩០ គីឡូម៉ែត្រ អាចថា ៨៩ គីឡូម៉ែត្រ។ ជំហានទី ១ សូមគោរពបទបញ្ជាស្ថាបនាផ្លូវដីល្បាយក្រួសប្រវែង ៨៩ គីឡូម៉ែត្រ និយាយលេខគត់អញ្ចេះទៅចុះ ព្រោះវាកៀក នៅសល់តែ ១០ ម៉ែត្រទៀតវាគ្រប់ ១ គីឡូម៉ែត្រ។ (អញ្ចឹង) យើងថា ៨៩ គីឡូ(ម៉ែត្រ) ទទឹង ៨ ម៉ែត្រ និងសំណង់មុខទឹកមួយចំនួន។ ជំហានទី ២ សូមគោរពស្នើសុំបទបញ្ជាស្ថាបនាផ្លូវបេតុងសសៃដែកប្រវែង ៣៥,៩៨ ថា ៣៦ គីឡូ(ម៉ែត្រ) ទៅចុះ ទទឹង ៧ ម៉ែត្រ កម្រាស់ ២ តឹក លើផ្លូវមេក្នុងទីតាំងទី ១ និងទីតាំងទី ២ និងផ្លូវភ្ជាប់រវាងទីតាំងទី ២ និងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៥២,៩២ គីឡូម៉ែត្រ យើងថា ៥៣ (គីឡូម៉ែត្រ) ទៅចុះ ព្រោះវា ៥២,៩២ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ លើផ្លូវរងក្នុងទីតាំងទាំងពីរ។ សុំបទបញ្ជា គឺចារឯកភាពឱ្យធ្វើ។
ទី២) មណ្ឌលសុខភាព (មាន)តម្រូវការចាំបាច់ សូមគោរពស្នើសុំបទបញ្ជាសាងសង់អគារជំងឺទូទៅ ១ ខ្នង អគារសម្ភព ១ ខ្នង អគារស្នាក់នៅ(របស់)គ្រូពេទ្យ ១ ខ្នង (កម្ពស់) ២ ជាន់ (ចំនួន) ២០ បន្ទប់ ដងទង់ជាតិ ផ្លូវបេតុង ក្លោងទ្វារ និងរបងព័ទ្ធជុំវិញ។ ចារឯកភាពឱ្យធ្វើហើយ អញ្ចឹង មានមន្ទីរពេទ្យនៅទីនេះស្រាប់។
ទី(៣) សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ (មាន)តម្រូវការចាំបាច់ សូមគោរពស្នើសុំសាងសង់អគារសិក្សា ចំនួន ៣ ខ្នង ក្នុង ១ ខ្នង (កម្ពស់) ២ ជាន់ (ចំនួន) ១២ បន្ទប់ ទីចាត់ការ (និង)បណ្ណាល័យ ២ ខ្នង ក្នុង ១ ខ្នង (ចំនួន) ៣ បន្ទប់ អគារស្នាក់នៅរបស់គ្រូ ១ ខ្នង (កម្ពស់) ២ ជាន់ (ចំនួន) ២០ បន្ទប់ បង្គន់អនាម័យ ១ ខ្នង មាន ៥ បន្ទប់ របង ក្លោងទ្វារ ដងទង់ជាតិ ផ្លូវបេតុង ទីលានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ។ ចារឯកភាពឱ្យធ្វើហើយ។ គ្រាន់តែសាលា គិតនៅក្នុងនេះវាឡើងទៅដល់ ៣៦ បន្ទប់ ព្រោះ ១ ខ្នង អា ២ ជាន់ ១២ បន្ទប់។ អញ្ចឹង វាមានបឋម(សិក្សា)ផង វាមានអនុវិទ្យាល័យផង និងវិទ្យាល័យផង ដូច្នេះ អ្នកដែលរស់នៅកន្លែងហ្នឹងមិនចាំបាច់ខ្វល់ខ្វាយថាកូនរកសាលារៀនមិនបាន លើកលែងតែសាកលវិទ្យាល័យ អាហ្នឹងទៅរៀន នៅសៀមរាបទៅ ប៉ុន្តែ ត្រឹមកម្រិតវិទ្យាល័យ គឺមិនលំបាកទេ។
ទី(៤) គឺផ្សារ តម្រូវការចាំបាច់ សូមគោរពស្នើសុំសាងសង់ផ្សារលើផ្ទៃដីដែលបានគ្រោងទុក (ចំនួន) ៣៦ ២០០ ម៉ែត្រការ៉េ បានសេចក្តីថាជាង ៣,៥ ហិកតា ឱ្យធ្វើផ្សារមួយ សម្រាប់ឱ្យបងប្អូនលក់ដូរ។ ចារឯកភាពរួចហើយ។ យើងធ្វើនៅឯរុនតាឯកផង និងធ្វើនៅទីនេះផង បន្ថែមគ្រឿងចក្រ ដើម្បីបង្កើនកិច្ចខំប្រឹងប្រែង សម្រាប់ដំណើរការនៅទីនេះ។
(៣) ថ្ងៃទី ២៩ តុលា ២០២២ ចែកស្រូវពូជនិងស្បៀងអាហារនៅខេត្តកំពង់ធំ, ទីតាំងលំនៅថ្មី មិនមែនដីសម្បទានសង្គមកិច្ច តែជាដីមានប័ណ្ណកម្មសិទ្ធិ, ការតភ្លើងចូលទៅដល់របងផ្ទះនៅរុនតាឯកនិងពាក់ស្នែង មិនគិតប្រាក់, អ្នកមករស់ក្នុងតំបន់ពាក់ស្នែង/រុនតាឯក ទទួលប័ណ្ណក្រីក្រនិងប័ណ្ណស្រ្តីមានផ្ទៃពោះដូចគ្នា
ខ្ញុំសូមបញ្ជាក់បន្ថែមលើចំណុចខ្លះ។ បងប្អូនពិតជាបានស្តាប់នូវប៉ុន្មានចំណុច ដែលខ្ញុំបានលើកឡើង ប៉ុន្តែខ្ញុំគួរតែនិយាយទៅកាន់បងប្អូន (ដែលរស់)នៅខេត្តកំពង់ធំ (និង)ខេត្តដទៃទៀត ទោះបីថាខ្ញុំមកដល់សៀមរាបក៏ដោយ តែខ្ញុំមិនចោលកិច្ចការប្រទេសទាំងមូលទេ រាប់ទាំងកិច្ចការបរទេស ដែលរដ្ឋមន្ត្រីការបរទេសវាយ(មក)សុំយោបល់។ អ្វីដែលជាការផ្ដោតការយកចិត្តទុកដាក់ (គឺ)ភាពធ្ងន់ធ្ងរនៅខេត្តកំពង់ធំតម្រូវឱ្យយើងបញ្ចេញអង្ករ ដោយលោកឧកញ៉ា ទ្រី ភាព ជួយឧបត្ថម្ភ ចំនួន ២០០ តោន ដែលបានដឹកទៅដល់មួយចំនួនរួចហើយ (និង)បញ្ជូនថវិកា ដែលសប្បុរសជនចូលរួមជួយ បានចែកទៅខេត្តកំពង់ (ចំនួន) ១៥ ម៉ឺនដុល្លារ ដើម្បីឱ្យខេត្ត កំពង់ធំដោះស្រាយបញ្ហា។ ម្សិលមិញ ឯកឧត្តម ងួន រតនៈ ក៏បានដើរចែកជំនួយដែលខ្ញុំបានបញ្ជូនទៅមុន។ ឥឡូវ(ក៏)បានបញ្ជូនជំនួយទៅថែម។
ក៏សូមបញ្ជាក់ទៅបងប្អូននៅខេត្តកំពង់ធំឱ្យបានជ្រាបថា ខ្ញុំនឹងទៅកាន់ខេត្តកំពង់ធំ នៅថ្ងៃទី ២៩ (តុលា ២០២២)។ ថ្ងៃទី ២៦ (តុលា ២០២២) ខ្ញុំចប់បេសកកម្មត្រឹមខេត្តកំពង់ឆ្នាំងសិន។ ថ្ងៃទី ២៧ (តុលា ២០២២) ខ្ញុំត្រូវអានសារទាក់ទងនឹងការប្រជុំស្អីឯណាតាមអនឡាញ។ ថ្ងៃទី ២៨ (តុលា ២០២២) ខ្ញុំប្រជុំគណៈរដ្ឋមន្ត្រី អនុម័តថវិកាជាតិ និងថ្ងៃទី ២៩ (តុលា ២០២២) ខ្ញុំឆ្លៀតធ្វើដំណើរទៅកាន់ខេត្ត កំពង់ធំ ដើម្បីចែកស្រូវពូជផង និងស្បៀងអាហារផង។ យប់មិញនេះដែរ លោកឧកញ៉ា សុខ ឡេង នាយកក្រុមហ៊ុនស្រាបៀរ Ganzberg ឧបត្ថម្ភ(អង្ករ) ចំនួន ២០០តោន។ អញ្ចឹង ២០០ តោននេះ រុញទម្លាក់ចុះទៅខេត្តបន្ទាយមានន័យ។ បន្តិចទៀតខ្ញុំទៅបាយនៅខេត្តបន្ទាយមានជ័យ។ អ្នកបន្ទាយមានជ័យរងគ្រោះច្រើន។ អញ្ចឹង ត្រូវបញ្ជូន(អង្ករ)ទៅបន្ទាយមានជ័យចំនួន ១០០ តោន និងថវិកាចំនួន ១០ ម៉ឺនដុល្លារ។ កុំរង់ចាំវត្តមានរបស់ខ្ញុំ ទទួលបានហើយចែកជូនបងប្អូន(ដែលរងគ្រោះ)ភ្លាម។ បញ្ជូន(អង្ករ)ទៅខេត្តឧត្តរមានជ័យចំនួន ១០០ តោន និងថវិកា ១០ ម៉ឺនដុល្លារ។ យប់មិញនេះដែរ អភិបាលខេត្តប៉ៃលិន (ក៏សំណូមពរមកថា)លិចលង់ហ្នឹងគេដែរ ប៉ុន្តែដោយសារប៉ៃលិន(ជាខេត្ត)តូច អញ្ចឹងទេក៏ទាក់ទងទៅ ឧកញ៉ា ទ្រី ភាព ធ្វើម៉េចជួយរុញអង្ករទៅ(ខេត្ត)ប៉ៃលិន។ យប់មិញនេះឱ្យដឹក(អង្ករ)ពី ឧកញ៉ា ទ្រី ភាព (ចំនួន) ៥០ តោន ជូនទៅ(ខេត្ត)ប៉ៃលិន ជាមួយនឹងថវិកា ១០ ម៉ឺនដុល្លារ។
សូមយកឱកាសនេះ អរព្រះគុណគណៈសង្ឃនាយក ក៏ដូចជាមន្ត្រីរបស់យើង ដែលបានចូលរួម(ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះ)។ អ្នកខ្លះគេថាយើងរៃលុយប្រជាជនទៀតហើយ។ នេះជាការស្ម័គ្រចិត្ត។ (បញ្ជីឈ្មោះសប្បុរសជនដែលបានជួយឧបត្ថម្ភ) ក្នុងនេះមាន សម្តេច អំ លឹមហេង, សម្តេច ណយ ច្រឹក, សម្ដេច មួង រ៉ា, សម្ដេច សៅរ៍ ចន្ទថុល្ល, សម្ដេច ឌួង ផង់, សម្ដេច ឈឹម ប៊ុនឈា, សម្ដេច ឃឹម សន, សម្ដេច រ័ត្ន សារឿន, ព្រះឃោសធម្មបណ្ឌិត លន់ សគន្ធា, ព្រះសាក្យវង្សបណ្ឌិត សឹម សារ៉ាត់, ព្រះមុន្នីវត្ត រ័ត្ន វណ្ណា, ឧត្តមសេនីយ៍ឯក គឹម ស្រ៊ុន, រដ្ឋមន្ត្រី កើត រិទ្ធ, ឯកឧត្តម កើត ឆែ, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម, ឧកញ៉ា ទ្រី ភាព អង្ករ ឡើងដល់ទៅ ៤៥០ តោន, ឯកឧត្តម វង្សី វិស្សុត, ឧកញ៉ា ឡៅ ម៉េងឃីន, ឯលឧត្តម លឹម គានហោ, ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ អញ្ចឹងទេ បានចែកជូនថវិកានោះ សម្រាប់ទៅ(ខេត្តរងគ្រោះដោយទឹកជំនន់)។ រដ្ឋក៏ចេញ សប្បុរសជនចូល(រួមឧបត្ថម្ភ)ក៏យក នេះគេហៅថា ជួយគ្នាក្នុងគ្រាលំបាក ហើយជាការរួមចំណែកមួយ ក្នុងការ ដោះស្រាយបញ្ហា សម្រាប់ប្រជាជនយើង។
គ្រប់ខេត្តទាំងអស់ កុំរង់ចាំវត្តមានរបស់ខ្ញុំ។ ទទួលបានអង្ករ/លុយហើយ នាំគ្នាធ្វើទៅ ដើម្បីដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ។ ដំបូងយើងគិតថាធម្មតា ប៉ុន្តែទឹកវាស្រកយឺត។ ដល់ទឹកស្រកយឺតវាខូចស្រូវខូចអីអស់។ ត្រូវស្ដារឡើងវិញ។ ការខ្វះខាតស្បៀងក៏យើងត្រូវខិតខំដោះស្រាយជាមួយគ្នា។ ថ្ងៃនេះ បងប្អូនទាំងនេះអត់លិចទឹកនឹងគេទេ ប៉ុន្តែកុំភ្លេចណាមានអ្នកពិការ។ ជូនថវិកាថែម ១ លាន ដូចៗគ្នា។ ឲ្យតែពិការនិយាយមួយម៉ាត់។ នេះចេះ ហ៊ុន សែន មើលភ្នែកឃើញ ចុះម្តងស្រែកម្តងថាម្តង។ បើមានពិការមកជូនគាត់ម្នាក់ ១ លានទៅ។ មាន ១៣ នាក់ ជូនគាត់ ១៣ លាន ទៅវាមានអី។ បើថាជនពិការមកហើយជូនគាត់លើសគេ។ អ្នកដទៃទៀតគាត់មិនច្រណែនទេ ដោយសារស្ថានភាពពិការហ្នឹងដែលយើងត្រូវយកចិត្តទុកដាក់។ អ្នកខាងមុខដូចជាស្វិតជើង ប៉ុន្តែស្លៀកខោអាវទាហាន។ មិនអីទេ អាហ្នឹងជាបញ្ហាដែលត្រូវឲ្យចាំនូវទម្លាប់។ សូម្បីតែនិស្សិតដែលយើងទៅចែកសញ្ញាបត្រហ្នឹងក៏យើងបានធ្វើរឿងហ្នឹង។
ខ្ញុំគួរតែបញ្ជាក់បន្តិចឲ្យបានជ្រាប។ ជ្រើសរើសចំណុចខ្លះយកមកនិយាយ។ ទី ១ ខ្ញុំចង់ជម្រាបបងប្អូនដែលនៅទីនេះឲ្យបានច្បាស់ថានៅពេលដែលបងប្អូនរើមកកាន់កន្លែងនេះ អ្នកដឹកជញ្ជូនគេប្រគល់ភារកិច្ចឲ្យយោធភូមិភាគទី ៤ និងកងពលធំទី ២ ជួយដឹកជញ្ជូន។ បើអ្នកទាំងហ្នឹងមិនទៅដឹកជញ្ជូនទេ បងប្អូនកុំអាលមកខុសលក្ខខណ្ឌដែលនាយករដ្ឋមន្រ្តីបានបញ្ជា ឲ្យពួកគាត់ទៅទទួលជួយដឹកជញ្ជូនមក ដើម្បីសម្រាលការលំបាករបស់បងប្អូន អាហ្នឹងចំណុចទី ១ ។ ចំណុចទី ២ ផ្នែកខាងការធ្វើដី គឺប្រគល់ឲ្យឧត្តមសេនីយ៍ ខេង សាម៉េត ត្រូវធ្វើដីឲ្យបានស្អាត អា ២ ហ្នឹងត្រូវភ្ជាប់គ្នា ព្រោះខ្ញុំអត់ចង់ឃើញតែម្តង ហើយក៏មិនយល់ស្របជាមួយនឹងការដឹកបងប្អូនយកមកចាក់ចោលកន្លែងនេះ ដីមិនទាន់បានពង្រាប កន្លែងខ្លះនៅសល់គល់ឈើនៅឡើយ។ ខ្ញុំចង់ឲ្យសំអាតទីកន្លែងដែលត្រូវធ្វើផ្ទះក្នុងដីរបស់យើងឲ្យបានរួចរាល់ស្មើគ្នា។ ដីរួចហើយត្រូវដឹកជញ្ជូនមក។ អញ្ចឹងបើដីមិនទាន់រួចទេ បងប្អូនក៏កុំអាលមក។ ហើយបើគ្មានអ្នកណាទៅដឹកទេ បងប្អូនក៏កុំអាលចេញ។ ហ្នឹងនិយាយគ្នាអញ្ចឹង។ ឲ្យចេះទាមទារ។
ត្រូវទទួលការអនុវត្តបទបញ្ជា ហើយអាការពង្រាបដីហ្នឹងទាំងអស់ថ្លៃ ប៉ុន្តែនេះជាការសម្រួលឲ្យបងប្អូន ដើម្បីឲ្យបងប្អូនអាចនឹងមានលទ្ធភាពក្នុងការមកកាន់ទីនេះ ដោយរដ្ឋទទួលខុសត្រូវក្នុងការពង្រាបដីជូនហើយ ហើយក៏ត្រូវពង្រាបឲ្យបានល្អ ត្រូវចាក់បំពេញយ៉ាងម៉េចត្រូវជីកស្រះយកដីចាក់បំពេញ … អាហ្នឹងចំណាយច្រើនបន្តិច ក៏ប៉ុន្តែវាត្រូវតែធ្វើដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។ របៀបធ្វើយ៉ាងម៉េច ខ្ពស់ជាងផ្លូវយ៉ាងម៉េច ឬទាបជាងផ្លូវយ៉ាងម៉េច ហ្នឹងហេដ្ឋារចនាសម្ព័ន្ធវាពាក់ព័ន្ធគ្នា។ បើលើកខ្ពស់ ផ្លូវវាទាប វាលិចផ្លូវ។ អញ្ចឹងត្រូវរៀបចំយ៉ាងម៉េចដើម្បីឲ្យសម្រួលអំពីបញ្ហាហ្នឹង … បងប្អូនយើងដែលមកទីនេះ ត្រូវចាំនៅកន្លែងហ្នឹងចេះទាមទារ ឥឡូវលោកក្មួយឯងឲ្យខ្ញុំទៅធ្វើម៉េចបើដីអត់ទាន់ពង្រាបផងហ្នឹងនៅសល់គល់ពេញហ្នឹង ហើយនៅគ្រលុកពេញហ្នឹង ឲ្យខ្ញុំទៅម៉េច? អាហ្នឹងគឺលើកហេតុផលអញ្ចឹង ហើយមួយទៀតថាម៉េចក៏មិនព្រមចេញ ហើយចុះបើមិនមកដឹកខ្ញុំឲ្យខ្ញុំចេញធ្វើម៉េច? និយាយគ្នាអញ្ចឹង និយាយក្នុងនាម ជាបង ជាប្អូន ជាឪ ជាកូន ទៅជាអញ្ចេះវិញ។
អង្គុយចុះ នាំគ្នាសម្រាកចុះ។ ហ្នឹងសុំបញ្ជាក់។ ប៉ុន្តែក៏សុំបញ្ជាក់មួយទៀត។ ដីដែលមកកន្លែងនេះ មិនមែនជាដីសង្គមកិច្ចទេ។ ពេលដែលបងប្អូនមករស់នៅទីនេះគឺចេញប័ណ្ណកម្មសិទ្ធិឲ្យតែម្តង។ ខ្ញុំប្រើប្រាស់ការពិចារណាអំពីបញ្ហានេះ អស់រយៈពេលជាងមួយខែ ខ្ញុំគិតថាបើសិនជាយើងប្រើប្រាស់ពាក្យដែលថា ដីសង្គមកិច្ច គឺត្រូវប្រើពាក្យ ៥ ឆ្នាំទៀតទើបបានកម្មសិទ្ធិ ក្នុងពេលដែលខ្ញុំកំពុងតែអំពាវនាវឲ្យមីក្រូហិរញ្ញវត្ថុផ្តល់ឥណទាន យើងអាចទៅខ្ចីលុយគេ ចុះបើទៅខ្ចីលុយគេអត់មានអីទៅដាក់បញ្ចាំ ធ្វើម៉េចគេព្រម? អញ្ចឹង យើងត្រូវតែផ្តល់កម្មសិទ្ធិឲ្យ។ ប៉ុន្តែទាល់តែបងប្អូនរើមកនៅកន្លែងនេះសិន កុំនៅនោះផងអត់ព្រមចេញមកផង ឯណាយកប័ណ្ណក្រីក្រផង ឯណាយកកម្មសិទ្ធិនៅទីនេះផង រួចហើយនៅមិនព្រមចេញទៀត។ អត់ទេ មិនបានទេអាហ្នឹង។ ប៉ុន្តែ សង្ឃឹមថាបងប្អូនយើងមិនធ្វើអារឿងហ្នឹងទេ ព្រោះនេះជាការប្រឹងប្រែងដោះស្រាយមួយ។
ចំពោះការតភ្លើង ម្សិលមិញបានបញ្ជាក់នៅនោះហើយ ថ្ងៃនេះរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីដែលជាប្រធានអគ្គនាយកក្រុមហ៊ុនអគ្គិសនីកម្ពុជា បានសុំធ្វើដំណើរត្រឡប់ទៅវិញដើម្បីមានការចរចាជាមួយនឹងបរទេសទៅលើការសហប្រតិបត្តិការទៅលើវិស័យអគ្គិសនី។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាយកស្តង់ដាដូចនៅ រុនតាឯក ។ ការតភ្លើងចូលទៅដល់របង គឺអត់មានគិតប្រាក់ទេ ប៉ុន្តែកន្លែងដទៃគេគិត ព្រោះត្រូវការតបញ្ចូលទៅដល់របងផ្ទះរបស់ខ្លួន។ សម្រាប់ រុនតាឯក ហើយនិង ពាក់ស្នែងនេះ គឺអត់មានយកប្រាក់ទេ។ អញ្ចឹងបងប្អូនក៏ចំនេញ ព្រោះតាមការគិតពីម្សិល អ្នកដែលប្រើ ៥ អំពែ អស់ដូចជា ៣៤ ០០០ ដល់ទៅអ្នកប្រើប្រាស់ដល់ទៅ ៥០ អំពែ អស់ជាង ៣ ៣០០ ០០០។ ប៉ុន្តែ សូមបញ្ជាក់ តពីរបងទៅដល់ក្នុងផ្ទះរបស់ខ្លួន ខ្លួនឯងអ្នកចេញលុយទៅ ខ្សែភ្លើង អំពូល ដាក់ច្រើន ដាក់តិចស្រេចនឹងបងប្អូនទេ។ កុំភ្លេចថាភ្លើងនេះ មិនមែនប្រើ free ទេណា។ ចេញលុយ។ អញ្ចឹងត្រូវចេះសន្សំសំចៃភ្លើង។ ម៉ោងប៉ុន្មានត្រូវពន្លត់ ម៉ោងប៉ុន្មានត្រូវបើក ហើយបើកតិច បើកច្រើន ប្រើកង្ហារយ៉ាងម៉េច ម៉ាស៊ីនត្រជាក់យ៉ាងម៉េច។ ប្រើច្រើន អស់លុយច្រើន។ ដូចខ្ញុំអញ្ចឹងដែរ ប្រើច្រើនអស់លុយច្រើន អាហ្នឹងវាជារឿងធម្មតា ប៉ុន្តែនេះជាការអនុគ្រោះបន្ថែមសម្រាប់តំបន់ទាំង ២ …។
ការផ្តល់រយៈពេលដំបូងនេះគឺ ខ្ញុំនឹងជម្រាបនៅពេលក្រោយ។ អ្វីដែលខ្ញុំចង់គូសបញ្ជាក់ បងប្អូនដែលចាប់ឆ្នោតមករស់នៅក្នុងតំបន់ទាំង ២ គឺបានទទួលដូចៗគ្នានៅត្រង់ថា ប័ណ្ណក្រីក្រ គេហៅថាប័ណ្ណក្រីក្រមួយ ប័ណ្ណស្រ្តីមានផ្ទៃពោះ ហើយដាក់នៅក្នុងក្របខណ្ឌទីប្រជុំជន។ ឥឡូវខ្ញុំចង់សួរថាតើមានបងប្អូនប៉ុន្មាននាក់នៅទីនេះ ដែលទទួលបានប័ណ្ណក្រីក្រហើយ សូមលើកដៃមើល។ អញ្ចឹងបានសេចក្តីថាបងប្អូនបានទទួលហើយ។ ថ្ងៃ ២៥ នេះគេបើកលុយហើយ។ ព្រោះចាប់ខែ ១០ ត្រូវបើកលុយខែ ១១ អ្នកចាប់ខែ ០៩ គេមានភ័ព្វវាសនាបានខែ ១០ ប៉ុន្តែអ្នកចាប់ខែ ១០ នឹងបានលុយនៅខែ ១១ ប៉ុន្តែ គេបើកថ្ងៃ ២៥ ខែ ១០ ដល់អ្នកចាប់ខែ ១១ នឹងបានបើកលុយខែ ១២ គេនឹងបើកថ្ងៃ ២៥ ខែ ១១ វាទៅតាមអញ្ចឹង។ អញ្ចឹងបានជាខ្ញុំគិតថា អ្នកចាប់ឆ្នោតមុន គឺជាអ្នកឆ្លៀសវៃ យ៉ាងហោចណាស់ចំណេញពេលវេលានៃការទទួលបានប្រាក់ពីរដ្ឋក្នុងជំនួយសង្គម ហើយប័ណ្ណដែលបងប្អូនមកទីនេះ(ទទួលបាន) គឺសុទ្ធតែជាបណ្ណនៅក្នុងប្រភេទនៃ(អ្នកនៅ)ទីប្រជុំជន។
យើងមានបែងចែកជាប្រភេទរាជធានី ទីប្រជុំជន ហើយនឹងជនបទ ទឹកលុយខុសគ្នា។ ខ្ញុំគ្រាន់តែបញ្ជាក់ ម្សិលមិញខ្ញុំបញ្ជាក់នៅ រុនតាឯក ប័ណ្ណក្រីក្រមួយ គេហៅថាប័ណ្ណសមធម៌មួយមានតម្លៃខុសគ្នាសម្រាប់ទីប្រជុំជន ១២ ម៉ឺនរៀល សម្រាប់ជនបទ ៨ ម៉ឺនរៀល។ សមាជិកក្នុងគ្រួសារម្នាក់នៅទីប្រជុំជនបាន ៤ ម៉ឺនរៀល នៅជនបទបាន ២៤ ០០០ រៀល។ កុមារអាយុពី ១ ថ្ងៃ ពី ១ ម៉ោង ទៅ ៥ ឆ្នាំ បាន ៤ ម៉ឺនរៀល ឯអ្នកជនបទបាន ២៤ ០០០ រៀល។ ជនពិការម្នាក់នៅក្នុងទីប្រជុំជន បាន ៤ ម៉ឺនរៀល នៅជនបទបាន ២៤ ០០០ រៀល។ មនុស្សចាស់ចាប់ពីអាយុ ៦០ ឆ្នាំឡើង នៅទីប្រជុំជនបាន ៤ ម៉ឺន នៅជនបទបាន ២៤ ០០០ រៀល។ គ្រួសារដែលមានផ្ទុកមេរោគអេដស៏គឺទីប្រជុំជនបាន ៤ ម៉ឺន នៅជនបទបាន ២៤ ០០០ រៀល …។
(៤) សាលាស្រុកអង្គរធំ រើមក ពាក់ស្នែង សាលាស្រុកបន្ទាយស្រី រើមក រុនតាឯក, ឃុំព្រះដាក់ជាឃុំចាស់ មិនរើចេញ តែមិនអនុញ្ញាតឱ្យសាងសង់បន្ថែម, គណបក្សនយោបាយរស់នៅជាមួយគ្នាដល់ជិតកន្លះសតវត្ស មិនទៅណាចោលគ្នា, សង្ឃឹមថាបានមកសួរសុខទុក្ខរៀងរាល់ឆ្នាំ
ដោយសារតែបងប្អូនមានការផ្លាស់ទីលំនៅ រាជរដ្ឋាភិបាលសុខចិត្តរៀបចំលក្ខខណ្ឌឲ្យបងប្អូនស្មើនឹងអ្នកនៅក្នុងទីក្រុង ដែលការចំណាយនោះ រវាងអ្នកទីក្រុង និងអ្នកជនបទគឺចំណាយខុសគ្នា ព្រោះចំណាយនៅទីប្រជុំជនគឺថ្លៃជាងជាមួយនឹងអ្នកនៅជនបទ។ អញ្ចឹង នេះជាផលប្រយោជន៍ដែលទទួលបានសម្រាប់ជំនួយផ្នែកសង្គមដែលរាជរដ្ឋាភិបាលបាននឹងកំពុងផ្តល់ឲ្យបងប្អូន។ នេះជាចំណុចដែលបងប្អូនត្រូវចាំ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ ខ្ញុំបានជម្រាបជូនអម្បាញ់មិញហើយ។ កសាងស្អីៗសព្វបែបយ៉ាង ហើយក៏សុំបញ្ជាក់នៅកន្លែងនេះដែរ បន្តិចទៀតសាលាស្រុកអង្គរធំ ត្រូវរើមកនៅពាក់ស្នែង មិនមែនយកតែបងប្អូនចេញទេ។ សូម្បីតែកន្លែងចៅហ្វាយស្រុកធ្វើការ ក៏ត្រូវតែយកចេញដែរ ព្រោះវានៅក្នុងតំបន់(អង្គរ)។ យកសាលាស្រុកដល់ទៅ ២៖ សាលាស្រុកបន្ទាយស្រី និងសាលាស្រុកអង្គរធំ ត្រូវរើចេញ។ សាលាស្រុកបន្ទាយស្រី ត្រូវរើទៅនៅរុនតាឯក។ ឯសាលាស្រុកអង្គរធំ ត្រូវមកនៅទីនេះ(ពាក់ស្នែង)។ អញ្ចឹងបងប្អូនមានសាលាស្រុកក្បែរនេះ ស្រួលតើ។
បន្តិចទៅ នឹងទៅជាតំបន់អភិវឌ្ឍន៍មួយ នៅកន្លែងនេះ។ ខ្ញុំចង់ឃើញ ប៉ុន្មានឆ្នាំក្រោយនោះ ខ្ញុំនឹងលេងកន្លែងនេះទៀត។ ពេលនោះ បងប្អូនអាចដាំដុះ(បានផលដំណាំច្រើន)។ ខាងវិស័យកសិកម្មគេដើរដាំ គេជួយជាដំណាំហូបផ្លែស្អីៗ ដាំនៅក្នុងដី(ជុំវិញលំនៅដ្ឋាន)។ ថ្ងៃនេះដូចជារាងក្ដៅបន្ដិច ម្សិលមិញដូចរាងរងា។ នេះគ្រាន់តែជាការបញ្ជាក់បន្ថែម ដើម្បីឱ្យបងប្អូនអាចយល់ថា អ្វីទៅជាផលប្រយោជន៍ក្នុងការដែលបងប្អូនមកនៅទីនេះ។ ខ្ញុំក៏បន្តការអំពាវនាវសម្រាប់បងប្អូនដែលមិនទាន់ចាកចេញ គួរតែធ្វើការជ្រើសរើសដោយភាពឈ្លាសវៃ។ បងប្អូននៅទីនេះ អត់មានអនាគតទេ អត់មានលទ្ធភាពកសាងអ្វីបន្ថែមទេ ហើយអត់បានទទួលកម្មសិទ្ធិដីធ្លីទៀត។ ទោះបីជាឃុំព្រះដាក់ ជាឃុំចាស់ យើងអត់រើឃុំនោះចេញទេ ក៏ប៉ុន្តែ ក៏មិនអនុញ្ញាតឱ្យធ្វើការសាងសង់សំណង់អ្វីផ្សេងទៀតដែរ។
អញ្ចឹងបានជាទីកន្លែងនេះ នឹងអាចរៀបចំនូវកន្លែងមួយចំនួន ដើម្បីត្រៀមអ្នកដែលបំបែកគ្រួសារ ព្រោះឧទាហរណ៍ថា គ្រួសារមួយ មានផ្ទះមួយ មិនអាចឱ្យមាន(គ្រួសារមួយ) មានផ្ទះ ២ ឬ ៣ បន្ថែមទេ អាហ្នឹងបទដ្ឋានកំណត់ដោយអង្គការយូណេស្កូ។ សំខាន់ជា(បេតិកភណ្ឌ)របស់យើង។ បើយើងបាត់បង់ការគាំទ្រជាអន្តរជាតិ ចំពោះប្រាង្គប្រាសាទដ៏ធំនេះ វាជារឿងមួយដ៏លំបាក។ ដូនតាយើងបានបន្សល់ទុកនូវអង្គរឱ្យយើង។ បើនិយាយឱ្យពិត ឱ្យត្រង់ទៅ ក្រោយឆ្នាំ ១៩៧៩ ឬមុនឆ្នាំ ២០០០ ក៏មិនទាន់មានក្រុមគ្រួសារខ្លះ បងប្អូនខ្លះ(មករស់នៅតំបន់អង្គរនេះដែរ)។ ឥឡូវខ្ញុំចង់សួរបន្ដិច បងប្អូនដែលមកនៅ មកនៅឆ្នាំណា? បងស្រីមកនៅឆ្នាំណា?
(ស្រ្ដីម្នាក់ឆ្លើយ)៖ មកនៅជាង ២០ ឆ្នាំហើយ។
បើជាង ២០ ឆ្នាំ ក៏ក្រោយឆ្នាំ ១៩៧៩ ដែរ។ ហើយស្រុកកំណើតនៅណា?
(ស្រ្ដីនោះឆ្លើយ)៖ ស្រុកកំណើតនៅខេត្តកំពង់ចាម។
អ្នកកំពង់ចាមតើ។ ហើយនៅស្រុកណា?
(ស្រ្ដីនោះឆ្លើយ)៖ ខ្ញុំនៅទីរួមខេត្តតែម្ដង នៅក្បែរគល់ស្ពាន។
បានសេចក្ដីថា ហ្នឹងហើយដែលយើងមកនៅចំតំបន់ដែល(អភិរក្ស) មិនមែនដូចអ្នករស់នៅព្រះដាក់ឯណា។ អ្នកព្រះដាក់ គេរស់នៅ ១០០ ឬ ២០០ ឆ្នាំហើយហ្នឹង ហើយយើងទើបនឹងមកនៅ។ មកហ្នឹង មកនៅចំកន្លែងដែលគេហាមឃាត់។ អរគុណហើយ ដែលបានស្ម័គ្រចិត្តមកទីនេះ(ពាក់ស្នែង)។ ជាអ្នកកំពង់ចាមតើ។ ឥឡូវហេតុផលវានៅកន្លែងហ្នឹង។ បើសិនជាបងប្អូននៅរាប់រយឆ្នាំហើយ អាហ្នឹងគឺមានការគិតគូរផ្សេង។ ប៉ុន្តែយើងមកនៅ មកនៅចំហេដ្ឋារចនាសម្ព័ន្ធអង្គរ។ ប្រហែលជាអាយុតិចជាខ្ញុំទេ មើលទៅ, អាយុប៉ុន្មានហើយ?
(ស្រ្ដីនោះឆ្លើយ)៖ អាយុ ៦៦ ឆ្នាំ។
ប្អូនខ្ញុំ ៤ ឆ្នាំ គ្រាន់តែខ្ញុំ គេថា សង្ហា។ ឱ្យតែបង្ហោះហ្វេសប៊ុកទៅគេថា លោកតាស្អាត លោកតាសង្ហា លោកពុកសង្ហា។ មានអ្នកចូលខម្មិនទៀតថា សង្ហាគ្រប់ជំនាន់។ មានអ្នកប្រើពាក្យថា សង្ហាគ្រប់សម័យកាល ឬសង្ហាគ្រប់ជំនាន់។ អញ្ចឹងតាំងពីនៅកម្លោះក៏សង្ហា ដល់ក្រោយមកក៏សង្ហា ឥឡូវចាស់ក៏សង្ហាទៀត។ ធ្វើម៉េច បើឪពុកម្ដាយខ្ញុំ បង្កើតខ្ញុំអញ្ចឹងមក ឱ្យខ្ញុំធ្វើម៉េច? រួចអ្នកខ្លះចូលមកខម្មិន យកខ្ញុំទៅប្រៀបធៀបនឹងតួកុន។ បានខ្ញុំក៏ reply លេងត្រឡប់ទៅវិញថា ប្រៀបធៀបនឹងតួកុន តើវាតួអី? ព្រោះក្នុងតួ វាមាន៖ តួចោរ, តួចាប់រំលោភ, តួអាក្រក់, តួស្លូត, តួកាច។ អញ្ចឹងទេ កុំប្រៀបធៀបខ្ញុំជាមួយនឹងតួកុនអី។ តួកុនហ្នឹងមានតួច្រើនណាស់។ ខ្ញុំមិនមែនស្អប់តួកុនអីទេ ក៏ប៉ុន្តែតួកុន គេមានឯកទេសរបស់គេ អ្នកខ្លះជាតួទឹកភ្នែកទៅ តួកំសត់ទៅ។ តួកាច ប៉ុន្តែចរិកមនុស្សមិនកាចទេ ប៉ុន្តែតួកុន តម្រូវឱ្យធ្វើកាច។
ខ្ញុំត្រូវទៅហូបបាយនៅឯបន្ទាយមានជ័យ។ ចេញពីហ្នឹងទៅតែឡើងឡាន ខ្ញុំដេកហើយ។ ខ្ញុំមើលព័ត៌មានស្អីៗ ដែលវាយចូល ប៉ុន្តែភាគច្រើនខ្ញុំដេកសិន ហើយទៅដល់បន្ទាយមានជ័យ បាយហើយដេកទៀត។ ល្ងាចម៉ោង ៣ កន្លះ បានជួបនឹងមន្រ្តីរាជការ។ ប៉ុន្តែ កាញារីទ្ធ ទៅអត់? ទៅខេត្តពោធិ៍សាត់។ កម្មវិធីមហោស្របអក្សរសាស្រ្ត។ ថ្ងៃមុន គេវាយចូលមកក្នុង WhatsApp គេថា “ខ្ញុំធ្វើតេស្ដទៅឃើញវិជ្ជមាន។ ខ្ញុំសុំសម្រាកព្យាបាលនៅផ្ទះ ហើយមិននៅសណ្ឋាគារទេ”។ ដល់អញ្ចឹង ប្រាប់ត្រឡប់ទៅវិញថា ទៅនៅសណ្ឋាគារក៏បានដែរ មានស្អី ឱ្យនាងៗជួយច្របាច់(ម៉ាស្សា)។ អត់ស្ដាយខារ៉េអូខេនៅបន្ទាយមានជ័យទេ? ឬក៏ពោធិ៍សាត់ល្អជាង? ចេះឆ្លើយត្រង់។ រួចខ្លួន។
ខ្ញុំគិតថា មិនគួរបន្ថែមទៀតទេ មិនមែនខ្ញុំអស់កម្លាំងនោះទេ កម្លាំងរបស់ខ្ញុំនៅមាន ប៉ុន្តែរឿងរ៉ាវដែលខ្ញុំបាននិយាយរួចហើយ ខ្ញុំបានបញ្ជាក់ហើយ គោលនយោបាយបងប្អូនដែលត្រូវបានទទួល ហើយនិងអ្វីដែលត្រូវធ្វើ។ ក្នុងហ្នឹង ផ្នែកកម្លាំងប្រដាប់អាវុធ ក៏ដូចជាវិស្វកម្ម គឺត្រូវធ្វើកិច្ចការអ្វីខ្លះ។ រដ្ឋបាល ត្រូវធ្វើអ្វីខ្លះ មានទាំងប្រព័ន្ធទឹក។ ខាងទឹក ក្រសួងឧស្សាហកម្ម ឯកឧត្តម ចម ប្រសិទ្ធ ត្រូវទាញទឹកមក គ្រាន់តែទាញទឹកស្អាតមកទីនេះ ដូចជាអស់ ៦ លានដុល្លារ។ ទឹកស្អាតទាញមកពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ មកដល់ពាក់ស្នែងនេះ ប្រវែង ៣៤គីឡូកន្លះ ត្រូវប្រើអស់លុយ ៦ លានដុល្លារ។ អញ្ចឹងទឹកស្អាតក៏មាន ភ្លើងក៏មាន ហើយខាងប្រព័ន្ធទូរស័ព្ទក៏មាន អ៊ិនធើណែតក៏មាន បន្ដិចទៀតមានខារ៉ាអូខេនៅពាក់ស្នែង។
តែមានខារ៉ាអូខេនៅពាក់ស្នែង ច្បាស់ជាមាន ខៀវ កាញារឹទ្ធ មកហើយ។ រដ្ឋមន្រ្តីម្នាក់ នៅជាមួយគ្នាតាំងពីឆ្នាំ ១៩៧៩ គេហៅថា បញ្ញវន្តវ័យក្មេង ហើយ ចម ប្រសិទ្ធ អីនេះ សុទ្ធតែជាក្រុមបញ្ញាវន្ដវ័យក្មេង នៅជាមួយនឹងតាំងពីអឺយមក ដែលបន្តដំណើររហូតមកដល់ពេលនេះ។ វាលំបាករកណាស់នៅលើពិភពលោកនេះ ដែលគណបក្សនយោបាយមួយ រស់នៅជាមួយគ្នា រហូតទៅដល់ជិតកន្លះសតវត្ស ហើយមិនទៅណាចោលគ្នានោះ។ បក្សដទៃ ឱ្យតែចូលមក ត្រឹមតែ ២ ឬ៣ឆ្នាំ គឺបែក ព្រាត់ប្រាសគ្នាបាត់អស់ ប៉ុន្តែគណបក្សប្រជាជនយើងអត់ទេ នៅជាមួយគ្នា កន្លះសតវត្ស។ អ្នកខ្លះនៅជាមួយនឹងខ្ញុំជាងកន្លះសតវត្ស បើរាប់ពីឆ្នាំ ១៩៧០ មកដល់ឥឡូវ នៅជាមួយនឹងខ្ញុំលើសពី ៤០ ឆ្នាំហើយ។ មានគណបក្សនយោបាយណាមួយដែលមានរបៀបរស់នៅជាមួយគ្នាដូចគណបក្សប្រជាជនទេ។ គណបក្សដទៃ ដឹងតែខាំយក(ផលប្រយោជន៍) ដណ្ដើមសូម្បីតែឈរឈ្មោះ ដណ្ដើមយកលេខ១ លេខ២ ទាស់គ្នាពេញទឹកពេញដីនៅហ្នឹង។ ដល់គណបក្សប្រជាជនគ្មានទំលាប់បែបនេះទេ។
ថ្ងៃនេះ បងប្អូនបានមកជួបជុំចំនួន ៣២០០ គ្រួសារ។ ក្នុង ៣២០០ គ្រួសារនេះ គឺជំនួយឧបត្ថម្ភនៅថ្ងៃនេះ។ ខ្ញុំមិននិយាយនំបុ័ងទឹកក្រូចអីទេ។ មាននរណាខ្លះទទួលទាននំបុ័ង សុំលើកដៃ។ ជិតអស់នំបុ័ងបាត់ អត់មានទុកឱ្យខ្ញុំអីមួយកំណាត់អីទេ? មើលអ្នកកាន់កាបូបហ្នឹង ញ៉ាំនំបុ័ងអស់ហើយ? នៅ១ ទុកឱ្យកូន១។
សម្តេចតេជោ៖ មានកូនប៉ុន្មានហើយ?
(ស្រ្ដីម្នាក់ឆ្លើយ)៖ ខ្ញុំមានកូន ៣ នាក់។
កូនបងអាយុប៉ុន្មាន?
(ស្ដ្រីនោះឆ្លើយ) កូនបងអាយុ ២១ ឆ្នាំ។
អាយុ ២១ ហើយ។ ហើយកូនទី២?
(ស្ដ្រីនោះឆ្លើយ)៖ កូនទី២ អាយុ ១៣ ឆ្នាំ។
កូនទី៣ អាយុប៉ុន្មាន?
(ស្ដ្រីនោះឆ្លើយ) កូនទី៣ អាយុ ៨ ឆ្នាំ។
រង្វើលដែរ ពីអាយុ ២១ ឆ្នាំ ដល់ ១៣ ឆ្នាំ ចោលពោះដល់ទៅ ៨ ឆ្នាំ។ អាយុប៉ុន្មានហើយឥឡូវ?
(ស្ដ្រីនោះឆ្លើយ) ខ្ញុំអាយុ ៤០ ឆ្នាំ។
អាយុ ៤០ ឆ្នាំ កូនអាយុ ២១ ឆ្នាំ អញ្ចឹងការតាំងពីអាយុ ១៨ ឆ្នាំ។ ដល់អាយុ ១៩ ឆ្នាំ មានកូនបណ្ដោយ។ សុំសួរបន្ដិចមើល ប្ដីធ្វើអី?
(ស្ដ្រីនោះឆ្លើយ)៖ ប្ដីខ្ញុំ រត់កង់បី (សម្តេចនិយាយជាមួយស្ត្រីប្តីរត់កង់បី)។
ថ្ងៃនេះគឺខ្ញុំបាននាំមកក្រៅពីអ្វីដែលខ្ញុំបាននិយាយពីខាងលើ រឿងនំបុ័ង នំស្អីហ្នឹង គឺជូនមកមី ១ កេសធំ ដែលមាន ៦ កេសតូច។ ត្រីខ ១ កេសធំ ដែលមាន ១០០ កំប៉ុង ទទួលបានប្រហែលជាកន្លះខែដែរមើលទៅ បើគ្នាតិច គឺបានច្រើនជាងហ្នឹង។ អង្ករចំនួន ១ ប៉ាវ ៥០ គីឡូ។ សង្ក័សី ៣០ សន្លឹក។ តង់ចំនួន ១ ដែលមាន ១ គឺ ៦ ម៉ែត្រគុណនឹង ៤ ម៉ែត្រ ថវិកា ១ លាន ៤ សែនរៀល។ ឃីត ១ កញ្ចប់ ដែលមានមុង ១ ភួយ ១ ខ្នើយ ១ កន្ទេល ១ សារុង ១ ក្រមា ១។ នេះគឺជាជំនួយឧបត្ថម្ភលើកទី ១ ដែលក្នុងហ្នឹង ដែលមុននេះគឺបញ្ជាក់ថា ២០ ម៉ឺនសម្រាប់ការជួបជុំ ១ លានសម្រាប់ជួយសាងសង់ផ្ទះ ២០ ម៉ឺនសម្រាប់ជួយបង្គន់ តែឥឡូវចង់យកទៅចែកធ្វើអី ធ្វីទៅ ប៉ុន្តែកុំភ្លេចថ្ងៃ ២៥ ឯកឧត្តម វង្ស សូត្រ បើកលុយ ទីតាំងបើកនៅណា? នៅវីង។ អូ អញ្ចេះ កុំភ្លេច សម័យឥឡូវ គេអត់នាំលុយទៅបើកដល់ផ្ទះទេ ហើយក៏អត់ប្រាប់ថា ខ្ញុំបើកជូន ឧបមា ៤០ ម៉ឺន ឥឡូវខ្ញុំសុំ ២ ម៉ឺន ជិះរ៉ុម៉ក់ទៅផ្ទះ ចាក់សាំងទៅផ្ទះ អត់ទេ។ យើងកាន់ប័ណ្ណទៅបើកលុយនៅធនាគារទេ តាមវីង អញ្ចឹងទេ អត់មានត្រូវបាត់លុយទេ ដល់ខែយើងទៅបើកៗ។
គោលនយោបាយនៅទីនេះ ខ្ញុំឲ្យរយៈពេល ១០ ឆ្នាំ
ខ្ញុំសុំបញ្ជាក់ គោលនយោបាយនៅទីនេះ ខ្ញុំឲ្យរយៈពេល ១០ ឆ្នាំ។ បងប្អូនមកនៅទីនេះទទួលបាននូវកម្មសិទ្ធិ ខុសពីកន្លែងដែលយើងនៅខាងក្នុង ដែលយើងអត់។ ខ្ញុំមិនប្រើពាក្យរស់នៅខុសច្បាប់ទេ រស់នៅមិនស្របច្បាប់។ ដូច្នេះអត់បានទទួលនូវប័ណ្ណកម្មសិទ្ធិអីទេ ប៉ុន្តែនៅទីនេះ គឺទទួលបានប័ណ្ណកម្មសិទ្ធិ … ម្សិលមិញខ្ញុំរាងខុសបន្តិច។ រឿងភូមិភាគ ហើយនិងកងពលក៏ត្រូវតែផ្តល់ដែរ។ ឥឡូវគឺសម្រាប់ក្រុមការងារអនុវត្តការងារនៅទីនេះ គឺមានចំនួន ១១៨៥ នាក់ ក្នុងម្នាក់ៗជូនថវិកា ៥ ម៉ឺនរៀល។ ជូនកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ២០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល។ ជូនសាលាស្រុកអង្គរធំ ថវិកា ២ លានរៀល។ ជូនយោធភូមិភាគទី ៤ ថវិកា ២០ លានរៀល។ ជូនកងពលធំលេខ ២ ចំនួន ២០ រៀលដែរ។ នេះគឺជាការផ្តល់។ សុំបងប្អូនជឿជាក់ បើមានអ្នកចាប់ឆ្នោតមកទៀត ឲ្យទៀត ទៅជួបក្នុងចំនួនមួយ។ បើសិនជាចំនួននោះវាសមស្រប ប៉ុន្តែអាចមានករណីតំណាងខ្ញុំមកក៏ថាបាន បើសិនជាចំនួននោះមិនច្រើនពេក ប៉ុន្តែរបបត្រូវទទួលបានដូចៗគ្នា ទោះបីតំណាងមកក៏ដោយ។
ខ្ញុំសង្ឃឹម ខ្ញុំចង់មកសួរសុខទុក្ខរៀងរាល់ឆ្នាំ នៅពេលដែលបងប្អូនបានកសាងផ្ទះ ដាំដុះអីហើយ។ ខ្ញុំនឹងដើរមើលតាមភូមិហ្នឹង។ ពេលហ្នឹង ហៅចូលផ្ទះផង បើទោះបីខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រី ឬអត់ធ្វើនាយករដ្ឋមន្ត្រី បោះដៃហៅ អើយក្មួយ អើយលោកបង អើយលោកអ៊ំ លោកពូ លោកពុកអីជាដើម ចូលលេងផ្ទះ ទៅអើតមើលបន្តិចទៅ មានអំពៅ កាប់អំពៅមួយដើម សាកអំពៅមើល ធ្មេញខ្ញុំអត់ទាន់បាក់ទេ កុំឆ្ងល់ នៅខាំអំពៅបាននៅឡើយទេ។ អរគុណសម្រាប់ការជួបជុំនៅទីនេះ ហើយសុំបន្តការខិតខំតទៅទៀត ទាំងផ្នែកការងារ ទាំងប្រជាពលរដ្ឋ ដល់ពេលវេលាធ្លាក់ខ្យល់ពីជើងហើយ។ ដីចាប់រឹងហើយ។ ដីនៅនេះ ល្អជាងដីនៅរុនតាឯក។ រុនតាឯកពិបាកជាង។ អញ្ចឹងពន្លឿនគ្រឿងចក្រ បន្ថែមគ្រឿងចក្រ ខាងនោះគ្រឿងចក្ររហូតដល់ ១៩៣ គ្រឿង ខាងនេះប៉ុន្មាន? ១៥៧ គ្រឿង ដូច្នេះ ដំណើរការគឺរហ័ស ដំណើរការផង រួចចាក់បំពេញថាជ្រុងណា តំបន់ណា មានត្រូវប៉ុន្មានគ្រួសារ ប្រាប់ទៅ ជូនដំណឹងទៅគ្រួសារហ្នឹង ជូនដំណឹងទៅយោធភូមិភាគ ឬក៏កងពលធំ។
កងពល និងយោធភូមិភាគ គួរបែងចែកគ្នា អាចថាអញ្ចេះក៏បាន អ្នកណានៅជិតនេះជាងគេ? កងពលលេខ ២ បើកងពលលេខ ២ អាចទទួលបន្ទុកដឹក សម្រាប់អ្នកពាក់ស្នែង ហើយយោធភូមិលេខ ៤ ទទួលបន្ទុកដឹកខាងរុនតាឯកទៅ វាស្រួល។ អញ្ចឹងត្រូវចាំមុខ ប្រធានកងពលទី ២ ដោះម៉ាសចេញ ត្រូវរកមុខមេហ្នឹង ត្រូវការដឹកជញ្ជូន ត្រូវរកមុខគាត់ ឯចំពោះមួយទៀត គឺឲ្យអ្នករុនតាឯកចំណាំមុខ។ ឯអ្នកធ្វើដីត្រូវចំណាំមុខ ផ្កាយ ៤ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកកាន់កាប់គេហៅថាវិស្វកម្មសម្តេចតេជោ សៀមរាប គឺធ្វើសកម្មភាពនៅនេះ។ ឥឡូវត្រូវបានទទួលបន្ទុកឲ្យធ្វើផ្លូវឡើងប្រាសាទព្រះវិហារថែមទៀត ព្រោះដោយសារយើងធ្លាប់ធ្វើអាហ្នឹងហើយ ដាក់អង្គភាពផ្សេងធ្វើមិនបានទេ ព្រោះភ្លៀវកន្លងទៅ ធ្វើឲ្យខូចខាតផ្លូវឡើងប្រាសាទ។
(៥) គិតពី ១ មករា ២០១៨ មកដល់ពេលនេះ កម្មការិនីឆ្លងទន្លេមានចំនួន ៣៣០,៧២២ នាក់ បានកូន ៣៣៣,០០៧ នាក់ អស់ទឹកប្រាក់ប្រមាណ ១៣៣ ពាន់លាន, វិស្វកម្មតេជោជួសជុលផ្លូវឡើងទៅប្រាសាទព្រះវិហារ ខូចខាតដោយទឹកជំនន់ទឹកភ្លៀង
លោកជំទាវ ភឿង សក្កណា បានទទួលចំណារខ្ញុំហើយ? នៅ ស.ជ.ណ។ អញ្ចឹងបានជាជួនកាលគឺខ្ញុំថត។ ថតហើយខ្ញុំបាញ់ទៅឲ្យសាម៉ីក្រសួង។ បើនិយាយទៅ គឺប្រហែលជាប្រើពេលសឹងតែជាងមួយអាទិត្យហើយនេះ លើសមួយអាទិត្យផង។ អញ្ចឹង ស.ជ.ណ អត់ទាន់ដល់ក្រសួង។ អាហ្នឹងគឺពិនិត្យឡើងវិញនូវការងាររបស់ទីស្តីការ។ ប្រព័ន្ធការងារពីខុទ្ទកាល័យខ្ញុំចេញទៅ។ មកដល់ខ្ញុំគឺអត់ទេ មកម៉ោង ១២ យប់ គឺត្រូវធ្វើម៉ោង ១២ យប់ ដូចថ្ងៃមុន វង សូត្រ វាយមក អត់មានយូរទេ។ អញ្ចឹងបានថា ពេលខ្លះក្រសួងខ្លះ ទៅតាមរចនាសម្ព័ន្ធក៏ទៅៗ ប៉ុន្តែអ្នកខ្លះគេត្រូវការប្រញាប់គេបាញ់មក។ ឥឡូវខ្ញុំមានប្រដាប់ព្រីនរបស់ខ្ញុំ។ ខ្ញុំអត់ប្រើ ព្រោះតាំងពី Covid-19 មក ខ្ញុំដកមនុស្សចេញពីផ្ទះខ្លះ ទៅនៅកន្លែងផ្សេង ដើម្បីកុំឲ្យនាំ Covid-19 ចូល។ អញ្ចឹងខ្ញុំត្រូវចេះប្រើខ្លួនឯង។ printer ឥឡូវនេះ អត់មានចាំបាច់ពាក់ខ្សែទេ វាទៅតាមប្រព័ន្ធអ៊ិនធើណេត ភ្ជាប់អ៊ិនធើណេត គឺព្រីនចេញមក។ ខ្ញុំចារយល់ព្រម ឬក៏ស្អីនៅក្នុងហ្នឹង រួចហើយបាញ់ត្រឡប់ទៅវិញភ្លាម។ បាញ់ទៅខុទ្ទកាល័យ ដើម្បីយកទៅចេញ ស.ជ.ណ។
អញ្ចឹងរឿងនេះបានប្រគល់នៅក្នុងហ្នឹង គឺចង្អុលបង្ហាញឲ្យវិស្វកម្មតេជោរបស់ ខេង សុមេធ ធ្វើផ្លូវខូចខាតដោយទឹកជំនន់នេះ អំពីការភ្លៀង សម្រាប់ឡើងទៅប្រាសាទព្រះវិហារ ដោយសារយើងបានធ្វើកាលពីមុនហើយអាហ្នឹងប៉ុន្តែថាគ្រាន់តែសោកស្តាយ។ ឥឡូវហ្នឹងរបស់ ខេង សុមេធ ខ្ញុំគិតថា ប្រហែលជាខ្ទង់ ១០ ថ្ងៃ។ ចាំមើលកាលបរិច្ឆេទ តើប៉ុន្មានថ្ងៃចេញរួច។ ចាំឲ្យខុទ្ទកាល័យរបស់ខ្ញុំបាញ់ចំណាររបស់ខ្ញុំលើកំណត់បង្ហាញរបស់ ប៊ិន ឈិន តាមសំណើរបស់លោកជំទាវ ភឿង សក្កណា។ តើខ្ញុំបានចារពីថ្ងៃណា បានជាមកដល់ថ្ងៃនេះហើយ ស.ជ.ណ អត់ទាន់ចេញ។ ហ្នឹងខ្ញុំត្រូវតែពិនិត្យអំពីទម្រង់ការងារ ព្រោះល្បឿនការងារត្រូវតែលឿន ហ្នឹងហើយប្រសិទ្ធិភាពពិតប្រាកដ។ នៅទីនេះ ជា សុផារ៉ា ត្រូវធ្វើរបាយការណ៍ឲ្យខ្ញុំរៀងរាល់ល្ងាច រៀងរាល់ថ្ងៃ ទាក់ទិនជាមួយនឹងរឿងការចាប់ឆ្នោតនៅទីនេះ។ គាត់អនុវត្តវិន័យហ្នឹងជាប់រហូតមក។
ឆាយ ថន បាញ់ឲ្យខ្ញុំរៀងរាល់ល្ងាចអំពីលទ្ធផលចាប់ឆ្នោត ដើម្បីថាចាប់ឆ្នោតបានប៉ុន្មាន។ វង សូត បាញ់ឲ្យខ្ញុំ អាហ្នឹងជាទម្លាប់ធម្មតាពីមុនមក មិនមែនគ្រាន់តែនេះទេ គ្របដណ្តប់នៃការបើកប្រាក់សម្រាប់ ៧០ ម៉ឺនគ្រួសារនោះ ដែលមានមនុស្សជិត ៣ លាននាក់នោះ អស់ប៉ុន្មានក្នុងថ្ងៃហ្នឹង។ ស្ត្រីមានផ្ទៃពោះអស់លុយប៉ុន្មានក្នុងថ្ងៃហ្នឹង? អ៊ិត សំហេង ត្រូវវាយឲ្យខ្ញុំរៀងរាល់ថ្ងៃ កម្មការិនីឆ្លងទន្លេក្នុងថ្ងៃហ្នឹងប៉ុន្មាននាក់ បានកូនប៉ុន្មាន ព្រោះអ្នកខ្លះបានកូនភ្លោះ ថ្ងៃខ្លះភ្លោះដល់ទៅ ៣ គូរ។ អម្បាញ់មិញទើបបាញ់មកទៀត ព្រោះអាហ្នឹងជាទម្លាប់ការងារដែលខ្ញុំត្រូវការ។ បានកូន ១៩២ អត់មានភ្លោះទេ។ ស្ថិតិស្ត្រីឆ្លងទន្លេថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ចំនួន ១៩២ នាក់ កូន ១៩២ បានផ្តល់ប្រាក់ឧបត្ថម្ភ ៧៦ លាន ៨ សែនរៀល។
ហ្នឹងជារបាយការណ៍ដែលត្រូវធ្វើជាប្រចាំ។ គិតពីថ្ងៃ ១ ខែមករា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ មានកម្មការិនីឆ្លងទន្លេ ៤២,៦០៨ នាក់ កូនចំនួន ៤២,៩២២ នាក់។ បើគិតពីចំនួនអ្នកឆ្លងទន្លេមានចំនួនតែ ៤២,៦០០ គិតលេខគត់ ដល់កូនឡើងទៅដល់ ៤២,៩០០ អញ្ចឹងមានន័យថា គ្រាន់តែកូនភ្លោះជាង ៣០០ នាក់។ អញ្ចឹងយើងបានប្រើប្រាស់លុយអស់ចំនួន ១៧ ពាន់លាន ១៦៨ លាន ៨ សែនរៀល។ ហ្នឹងជាការធានាសង្គមមួយសម្រាប់កម្មការិនីឆ្លងទន្លេ ហើយបើគិតពីពេលដែលយើងចាប់ផ្តើមអនុវត្ត ថ្ងៃ ១ ខែមករា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ កម្មការិនីឆ្លងទន្លេមានចំនួន ៣៣០,៧២២ នាក់ កើតបានកូន ៣៣៣,០០៧ នាក់ អស់ទឹកប្រាក់ចំនួន ១៣៣ ពាន់លាន និយាយលេខគត់។
ហ្នឹងគឺជាការទទួលខុសត្រូវដើម្បីសម្រាលការលំបាកចំពោះអ្នកដែលមានផ្ទៃពោះ។ ហ្នឹងសម្រាប់កម្មការិនី ប៉ុន្តែនៅមានរបបមួយទៀតថា ខាងផ្នែកសង្គមទៅវិញ ស្ត្រីមានផ្ទៃពោះដែលយើងបាននឹងកំពុងអនុវត្ត គ្រប់គ្រងដោយឯកឧត្តម វង សូត គឺយើងក៏ត្រូវរាយការណ៍រាល់ថ្ងៃ។ ថាថ្ងៃហ្នឹងឆ្លងទន្លេប៉ុន្មាន? អីប៉ុន្មាន? ព្រោះបាញ់ធម្មតាគឺម៉ោង ៥ ម៉ោង ៦ នេះ … អញ្ចេះឲ្យតែចាប់ផ្តើមមានផ្ទៃពោះ គឺរដ្ឋចាប់ផ្តើមឧបត្ថម្ភហើយ ៤ ដងមុនពេលឆ្លងទន្លេ ត្រូវទៅពិនិត្យ ៤ ដង ពេលឆ្លងទន្លេត្រូវឧបត្ថម្ភម្តង ដល់ពេលឆ្លងទន្លេហើយ ត្រូវឧបត្ថម្ភ ១០ ដងទៀត ទោះបីមិនច្រើន តែម្តង ៤ ម៉ឺនៗ ១០ ដង បាន ៤០ ម៉ឺន។ ហ្នឹងគ្រាន់ផ្សំៗជាតិជៅនានាដើម្បីឲ្យកុមារឆាប់រីកធំធាត់។ ម្សិលមិញនេះ ១៩៥ នាក់ ការអនុវត្តពិនិ្យសុខភាព បូកសរុបទៅ យើងប្រើប្រាស់ឲ្យថវិកាចំនួន ៨៣ ពាន់លាន ១៨១ ពាន់ និយាយរួមនិយាយលេខគត់ ៨៣ ពាន់លាន ជាង ២០ លានដុល្លារ សម្រាប់ស្ត្រីក្រីក្រ។ ក្នុងចំណោមហ្នឹងស្ត្រីណាមានផ្ទៃពោះ ចាប់ផ្តើមដឹងថាហ្នឹងកូននាំសំណាងមកហ្មង ព្រោះយើងដាក់អ្នកទាំងហ្នឹងជាអ្នកក្រីក្រទាំងអស់ ទោះបីមានកង់បីក៏ដោយ ឬក៏មាន Mercedes ជិះក៏ចាត់ទុកថា អ្នកក្រដែរ ព្រោះយើងមានតម្រូវការឲ្យលើកទឹកចិត្តឲ្យមានការមកនៅទីនេះ យ៉ាងហោចណាស់ធានាថ្លៃអង្ករដែរ។
(សម្តេចនិយាយលេងជាមួយស្ត្រី) អញ្ចឹងបានសេចក្តីថា ចាស់ៗគាត់និយាយមិនខុសទេ គេឲ្យភរិយាចាត់ទុកប្តីដូចឪពុក ហើយស្វាមីត្រូវចាត់ទុកប្រពន្ធដូចជាម្តាយ នេះគឺសុខដុមរមនា។ ខ្ញុំសុំកោតសរសើរណាស់ ហើយផ្តាំសួរសុខទុក្ខស្វាមីផង។ ចុងបញ្ចប់ សុំជូនពរសម្តេចឯកឧត្តម អស់លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សុំឲ្យទេវតារក្សាព្រៃភ្នំក្រងថ្ម សុំឲ្យទេវតារក្សាប្រាង្គប្រាសាទទាំងឡាយ ជាពិសេសប្រាសាទអង្គរ សុំឲ្យភូមិទេវតា រុក្ខទេវតា អាកាសទេវតា ផ្តល់ពរជ័យឲ្យយើងទាំងអស់គ្នាបានសេចក្តីសុខទាំងអស់គ្នា។ ហើយក៏សុំជូនពរ សុំជួបប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕