គ.ជ.ប ចេញប្រកាសថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោតរយៈពេលមួយសប្ដាហ៍ មានភាពល្អប្រសើរ, មនុស្ស២នាក់ស្លាប់ក្នុងពេលឃោសនា

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល៦ថ្ងៃមកនេះ មានមនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលម្នាក់ជាបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តពោធិ៍សាត់ និងម្នាក់ទៀតជាប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង។

លោកបញ្ជាក់ដូចនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីដំណើរការប្រព្រឹត្តទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅទីស្នាក់ គ.ជ.ប។

លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «ខាងខេត្តបាត់ដំបង ក្បូងដង្ហែរបស់គណបក្សប្រជាជនកម្ពុជា បានប៉ះទង្គិចដល់ប្រជាពលរដ្ឋម្នាក់ បណ្ដាលឲ្យស្លាប់ នៅពេលទៅដល់មន្ទីរពេទ្យ ហើយខាងគណបក្សប្រជាជន លោកក៏បានសន្យាថា ទទួលខុសត្រូវទាំងស្រុងទៅលើការស្លាប់នេះដែរ ហើយនៅក្នុងខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបេក្ខជនរបស់ CNRP លំដាប់លេខរៀងទី៣ ស្លាប់បាត់បង់ជីវិត»។

លោកអ្នកនាំពាក្យបន្តថា រយៈពេល៦ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី២០-២៥ ខែឧសភា ឆ្នាំ២០១៧) គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានទទួលបណ្ដឹងចំនួន ៣៤បណ្ដឹង ពីគណបក្សនយោបាយ ក្នុងនោះមាននៅ៖ ខេត្តបន្ទាយមានជ័យ ២បណ្តឹង, ខេត្តបាត់ដំបង ២បណ្តឹង, ខេត្តកំពង់ឆ្នំាង ១បណ្តឹង, ខេត្តកំពង់ស្ពឺ ១បណ្តឹង, ខេត្តកំពង់ធំ ១១បណ្តឹង, ខេត្តព្រៃវែង ៤បណ្តឹង, ខេត្តសៀមរាប ៣បណ្តឹង, ខេត្តស្ទឹងត្រែង ២បណ្តឹង, ខេត្តស្វាយរៀង ១បណ្តឹង, ខេត្តតាកែវ ៣បណ្តឹង និងខេត្តប៉ៃលិន ៤បណ្តឹង...Read More


គ.ជ.ប នឹងចាត់ការលើម្ចាស់ Facebook ដែលផ្សព្វផ្សាយបំភ័ន្តប្រជាពលរដ្ឋ រឿងសន្លឹកឆ្នោតអត់បានការ, អ្នកប្រព្រឹត្តអាចត្រូវពិន័យពី ៥លាន ទៅ២០លានរៀល

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប នឹងសុំកិច្ចសហការជាមួយស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការលើម្ចាស់គណនី Facebook ទាំងឡាយណា ដែលមានចេតនាផ្សព្វផ្សាយបំភ័ន្តប្រជាពលរដ្ឋ ឲ្យយល់ច្រឡំរឿងសន្លឹកឆ្នោតអត់បានការ និងសកម្មភាពផ្សេងៗទៀត។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានគណនី Facebook មួយ បានបង្ហោះផ្សាយអំពីចំណុចត្រូវយល់ដឹង ពេលបោះឆ្នោត ២៨ កក្កដា ២០១៣ ដោយបានបង្ហាញពីសន្លឹកឆ្នោតអត់បានការ ក្នុងនោះមាន សញ្ញា Tick សញ្ញាខ្វែង សញ្ញាដក សញ្ញាបូក និងរូបស្ទិកឃ័រក្នុងប្រអប់ ព្រមទាំងសញ្ញាធិចក្រៅប្រអប់ជាដើម។

អ្វីដែលជាការចាប់អារម្មណ៍នោះ មានពលរដ្ឋម្នាក់បាន Comment សួរថា «ពេលចុះមូលដ្ឋានណែនាំឲ្យគាត់គូស Tick តែមហាជនគូសរូបបេះដូង អាហ្នឹងម៉េចវិញបង?» និងសរសេរបន្តថា «ហើយគាត់និយាយថា មកពីចិត្តស្រឡាញ់»។

បញ្ហាទាំងនេះ ត្រូវបានលោក ហង្ស ពុទ្ធា ថ្លែងបំភ្លឺថា ក្នុងករណីដែលម្ចាស់គណនី Facebook ធ្វើមិនត្រឹមត្រូវ និងធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ គ.ជ.ប នឹងធ្វើលិខិតជូនដំណឹងណែនាំទៅគាត់ ដើម្បីសុំឲ្យគាត់ធ្វើការកែតម្រូវ ឬចាត់ចែងតាមការគួរឡើងវិញ។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងករណីដែលម្ចាស់គណនី Facebook នៅតែមិនអនុវត្តតាមការណែនាំ ហើយរកឃើញថា មានចេតនាធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត មានការភ័ន្តច្រឡំនោះ គ.ជ.ប នឹងសហការជាមួយស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ ដើម្បីឆែករកប្រភពដើមនៃគណនី Facebook នោះ ចាត់ការតាមនីតិវិធីច្បាប់ ហើយអាចផាកពិនិយជាទឹកប្រាក់ពី ៥លាន ទៅ២០លានរៀល ទៀតផង។

សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧...Read More


សេចក្តីអំពាវនាវ! ប្រធាន គ.ជ.ប ប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឈប់ទទួល និងប្រគល់អត្តសញ្ញាណបណ្ណ​ជូនពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃបោះឆ្នោត

FN ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក​ ប៊ុនហុក បានអំពាវនាវដល់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវឈប់ទទួលយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋ និងត្រូវប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ ប្រធានស្ថានប័ន គ.ជ.ប ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។

ប្រធាន គ.ជ.ប មានសង្ឃឹម យ៉ាងមុតមោះថា «អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារ និងហិរញ្ញាវត្ថុ និងប្រតិបត្តិករឥណទានជនបទ សហការ តាមសេចក្តីអំពាវនាវ ក្នុងស្មារតីទទួលខុសត្រូវ ដោយគោរពច្បាប់ជាធរមាន ដើម្បីឲ្យប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ជាកំណត់»។

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការព្រមាន នឹងដកហូតអាជ្ញាបណ្ណ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានណា ដែលមិនគោរពតាមការណែនាំ ចំពោះការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។

សេចក្តីជូនដំណឹងរបស់ធនាគារជាតិ បានឲ្យដឹងថា «កន្លងមកធនាគារជាតិនៃកម្ពុជា បានជូនដំណឹងអំពីការហាមឃាត់​ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។ ប៉ុន្តែធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ មួយចំនួននៅតែអនុវត្តមិនទាន់ បានពេញលេញតាមសេចក្តីជូនដំណឹង»។

ហេតុដូច្នេះក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទណា នៅតែបន្តសកម្មភាព និងមិនយកចិត្តទុកដាក់អនុវត្តតាម សេចក្តីជូនដំណឹងនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាន​ជនបទទាំងនោះ នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និងឈានទៅរកការដកហូតអាជ្ញាបណ្ណ...Read More


គ.ជ.ប និងក្រសួងមហាផ្ទៃ ស្នើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឲ្យប្រើតួនាទីបំភិតបំភ័យប្រជាពលរដ្ឋនៅថ្ងៃបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងមហាផ្ទៃ បានអំពាវនាវរួមគ្នាទៅដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកុំឲ្យយកតួនាទី និងសិទ្ធិអំណាចទៅបំភិតបំភ័យ និងគំរាមកំហែងប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ។

ក្នុងសេចក្តីថ្លែងណែនាំរួមរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ក្នុងនាមជាមន្រ្តីអនុវត្តច្បាប់ សមាជិកនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិគ្រប់រូបត្រូវមានឆន្ទៈ និងស្មារតីមុះមុតចូលរួមយ៉ាងសកម្មក្នុងការរក្សាបរិយាកាសសន្តិសុខ ដោយឈរលើការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងខិតខំជំរុញរាល់សកម្មភាព ដើម្បីរក្សាឲ្យបានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពសង្គម និងចូលរួមបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

«គ្រប់ដំណាក់កាលនៃការបោះឆ្នោត ហាមដាច់ខាតការយកតួនាទី សិទ្ធិអំណាច ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធរបស់ជាតិ ដើរបំផុសបំផុល បំភិតបំភ័យ និងគំរាមកំហែងតាមគ្រប់រូបភាព បង្កឲ្យមានភាពរំជើបរំជួល បាត់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាពិសេសមិនត្រូវប្រើអំណាច ឬ ឥទ្ធិពលទៅប្រព្រឹត្តសកម្មភាពណាមួយ ដើម្បីគាំទ្រ ឬ ប្រឆាំងនឹងបេក្ខជនឈរឈ្មោះបោះឆ្នោត តំណាង ឬភ្នាក់ងារ សកម្មជន និងអ្នកគាំទ្ររបស់គណបក្សនយោបាយណាមួយឡើយ»។ នេះជាការអំពាវនាវបន្ថែមរបស់សម្តេចក្រឡាហោម ស ខេង និងលោក ស៊ិក ប៊ុនហុក។

ក្នុងសេចក្តីណែនាំដដែលនេះ ក៏បានស្នើទៅដល់សមាជិកនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ដែលត្រូវបានចាត់ឲ្យបំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវយកចិត្តទុកដាក់សហការអនុវត្តឲ្យបានម៉ឹងម៉ាត់តាមគោលការណ៍ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។

សូមបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចសរុបជិតពីរម៉ឺននាក់ត្រូវបានគេដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទាំងក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោត ហើយកម្លាំងសមត្ថកិច្ចជិត ៤ម៉ឺននាក់ ត្រូវបានរៀបចំសម្រាប់ការការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត៕

...Read More

កម្ពុជា ស្នើរដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិ បញ្ជូនអ្នកសង្កេតការណ៍មកសង្កេតការបោះឆ្នោតនៅកម្ពុជា

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានស្នើទៅដល់រដ្ឋាភិបាលបរទេស ព្រមទាំងអង្គការអន្តរជាតិនានាជុំវិញពិភពលោក បញ្ជូនអ្នកសង្កេតការណ៍ចូលរួមសង្កេតដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសនានា ក៏ដូចជាអង្គការអន្តរជាតិលើពិភពលោក គឺជាការផ្តល់នូវទំនឹកចិត្តយ៉ាងមុតមាំទៅលើការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។ តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេស បានស្នើអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ឲ្យស្វែងរកមូលនិធិដោយខ្លួនឯង។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក្រសួងការបរទេសបានបញ្ជាក់ថា ដោយយោងតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ ខ្លួនបានអញ្ជើញស្ថានបេសកកម្មការទូត អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេស ក្នុងនោះ ក៏មាន «សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី (ICAPP)» ផងដែរ ឲ្យបញ្ជូនតំណាងរបស់ខ្លួនមកសង្កេតការណ៍ក្នុងប្រទេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គោរពយ៉ាងខ្ជាប់ខ្ជួនចំពោះច្បាប់ស្តីពីការបោះឆ្នោត និងច្បាប់ពាក់ព័ន្ធនានា ដើម្បីធានាឲ្យបានថា ការចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ ស្ថិតនៅក្នុងដែនកំណត់នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាបានក្លាយជាប្រទេសនីតិរដ្ឋមួយ ដែលជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសន្តិភាព និងវិបុលភាព។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ក៏បានច្រានចោលនូវការចេញផ្សាយរបស់កាសែត Cambodia Daily ដែលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រើថវិការ៉ាប់រងការចាយវាយរបស់អ្នកសង្កេតការណ៍អន្តរជាតិ ជាហេតុនាំឲ្យប៉ះពាល់ដល់ភាពអព្យាក្រិតនៃការងាររបស់អ្នកសង្កេតការណ៍។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ខ្លួនមិនមានមន្រ្តីឈ្មោះ លឹម ស្រីនិត ដែលទម្លាយព័ត៌មានជូនកាសែតគាំទ្រដោយសហរដ្ឋអាមេរិកមួយនេះឡើយ៕

 

...Read More

គ.ជ.ប ប្រចាំខេត្តកំពង់ធំប្រកាសថា ការដង្ហែក្បួនឃោសនារកសម្លេងឆ្នោត របស់គណបក្សសង្គ្រោះជាតិខុសច្បាប់ និងព្រមានចាត់វិធានការតាមច្បាប់​ បើសិនបន្តធ្វើខុសទៀត

FN ៖ គណៈកម្មការរៀបចំការបោះឆ្នោត ប្រចាំខេត្តកំពង់ធំ បានប្រកាសថា គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកស្រី កែ សុវណ្ណរ័ត្ន បានដង្ហែក្បួនឃោសនារកសម្លេងឆ្នោត កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ បានធ្វើឡើងដោយខុសច្បាប់ ដោយសារតែគណបក្សសង្គ្រោះជាតិ មិនបានជូនដំណឹងដល់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ ឲ្យបានមុន៣ថ្ងៃ តបទៅនឹងការណែនាំ និងច្បាប់របស់ គ.ជ.ប ដែលបានកំណត់។

មន្ត្រី គ.ជ.ប ប្រចាំខេត្តកំពង់ធំ បានព្រមានចាត់វិធានការតាមបទល្មើស និងមាត្រាដែលចែងពីកំហុសចំពោះ គណបក្សសង្គ្រោះជាតិ  ក៏ដូចជាគណបក្សនយោបាយផ្សេងទៀត បើសិនដឹកនាំការដង្ហែក្បួនខុសច្បាប់តាមការណែនាំរបស់ គ.ជ.ប។

លោក ផា ណង អនុប្រធានគណៈកម្មាការរៀបចំការបោះឆ្នោត ប្រចាំខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដោយសារតែគណបក្សសង្គ្រោះជាតិ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតខុសច្បាប់របស់ គ.ជ.ប ព្រមទាំងមាន​ពាក្យបណ្តឹងរបស់តំណាង គណបក្សប្រជាជនកម្ពុជាផងនោះ ទើបនៅរសៀលថ្ងៃនេះ ខាងគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញតំណាងគណបក្សនយោបាយ មកជួបប្រជុំដើម្បីធ្វើការណែនាំឲ្យគោរពទៅតាមនីតិវិធី និងច្បាប់ គ.ជ.ប ស្តីពីការដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងរយៈពេល១៤ថ្ងៃនេះ។

លោក ផា ណង បានថ្លែងថា នៅក្នុងកិច្ចប្រជុំនេះ គណបក្សសង្គ្រោះជាតិ បានទទួលស្គាល់ពីកំហុសរបស់ខ្លួន ហើយសន្យានឹងធ្វើឲ្យបានត្រឹមត្រូវតាមច្បាប់ គ.ជ.ប។ សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៣ ខែឧសភា លោកស្រី កែ សុវណ្ណរ័ត្ន បានដឹកនាំសមាជិកសមាជិកា គណបក្សសង្គ្រោះជាតិប្រមាណ៩០នាក់ នៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប៉ុន្តែយុទ្ធនាការនេះត្រូវបានមន្ត្រី គ.ជ.ប ខេត្តអះអាងថា ខុសច្បាប់ដោយមិនបានជូនដំណឹង ជាមុនដល់គណៈកម្មការរៀបចំការបោះឆ្នោតឃុំ ឲ្យបានមុខ៣ថ្ងៃ ទើបខាង គ.ជ.ប ស្នើសុំកម្លាំងពីអាជ្ញាធរខេត្ត និងសមត្ថកិច្ច...Read More


ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញសេចក្តីណែនាំរួមអំពីស្តីពីការពង្រឹងវិន័យ និងការទទួលខុសត្រូវរបស់កងកម្លាំងប្រយុទ្ធគ្រប់ប្រភេទ ក្នុងដំណើរការ បោះឆ្នោតឃុំសង្កាត់ខាងមុខនេះ

FN៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានសម្រេចចេញសេចក្តីណែនាំរួមគ្នា ស្តីពីការពង្រឹងវិន័យ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់កងកម្លាំង កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

នៅក្នុងសេចក្តីណែនាំរួមនោះមានចំំណុចធំៗចំនួន៥ រួមមាន៖ ទី១៖ ការពង្រឹងវិន័យរបស់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ, ទី២៖ ការពង្រឹងភារកិច្ចរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោត, ទី៣៖ ដំណាក់កាលឃោសនាបោះឆ្នោត, ទី៤៖ ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងទី៥៖ ក្រោយការបោះឆ្នោត។

...Read More

គ.ជ.ប ចេញសេចក្តីសម្រេចលេខ ៣០៦ គ.ជ.ប.ស.រ.រ

NEC ៖ គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចស្ដីពី​ ការ​លុប​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៃ​គណបក្ស​នយោបាយ​ដែល​មាន​អាយុ​មិន​គ្រប់​ ២៥ឆ្នាំ​ គិត​មក​ទល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ មាន​ឈ្មោះ​លើស​ពី​មួយ​ លាឈប់ និង​ទទួល​មរណ​ភាព​។

...Read More

គ.ជ.ប សម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់៨៨រូប ព្រោះតែមិនបំពេញតាមលក្ខខណ្ឌច្បាប់ ស្តីពីការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ចំនួន ៨៨រូប ដោយសារតែបេក្ខជនទាំងនោះ មិនបំពេញទៅតាមលក្ខខណ្ឌច្បាប់ស្តីពីការបោះឆ្នោត និងខ្លះទៀតបានលាឈប់ និងមរណភាព។

យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា បេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានលុបឈ្មោះនេះ រួមមាន៖ បេក្ខជនមិនទាន់គ្រប់អាយុ២៥ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ចំនួន៦៣នាក់, បេក្ខជនឈរឈ្មោះឲ្យគណបក្សនយោបាយ រហូតដល់ទៅពីរគណបក្សមានចំនួន៤នាក់ និងបេក្ខជនលាឈប់ និងទទួលមរណភាពចំនួន២១នាក់។

បេក្ខជនដែលបានលុបឈ្មោះនេះមកពីគណបក្សនយោបាយចំនួន៧ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបកក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា។

បើតាម គ.ជ.ប បេក្ខជន ៤នាក់ ដែលឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យគណបក្សនយោបាយរហូតដល់ទៅពីរគណបក្សនោះមាននៅក្នុងឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្ដាល បេក្ខជនម្នាក់ ឈរឈ្មោះឲ្យគណបក្សអំណាចខ្មែរផង និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យផង។

នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បេក្ខជនម្នាក់ ឈរឈ្មោះឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យផង និងគណបក្សខ្មែររួបរួមជាតិផង។ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បេក្ខជនម្នាក់ ឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិផង និងគណបក្សខ្មែររួបរួមជាតិផង និងនៅឃុំព្រះធាតុ ស្រុកស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បេក្ខជនម្នាក់ ឈរឈ្មោះឲ្យគណបក្សហ៊្វុនស៊ិនប៉ិចផង និងគណបក្សខ្មែររួបរួមជាតិផង។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ដែលឈានមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានគណបក្សនយោបាយចំនួន១២ ដាក់បេក្ខភាពជាង៩ពាន់នាក់ ចូលរួមប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស ១,៦៤៦ឃុំ-សង្កាត់៕

...Read More

សេចក្តី​ប្រកាស​ព័ត៌​មាន លេខ​១១៥ ៖ សភាព​ការណ៍​ទូទៅ​នៃ​ការ​ធ្វើ​សកម្ម​ភាព​ឃោស​នា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

NEC ៖​ រយៈពេលពីរថ្ងៃ(ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០១៧)សភាពការណ៍ទូទៅនៃការធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា ។

គណបក្សនយោបាយទាំង ១២ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ គណបក្ស ហ៊្វុន ស៊ិន ប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្ស ខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្ស សញ្ជាតិកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា  បានធ្វើសកម្មភាពឃោសនាតាមកម្មវិធីរៀងៗខ្លួនដូចជា៖ ជួបជុំ និងដង្ហែក្បួនឃោសនា ចាក់មេក្រូចល័តតាមឃុំ សង្កាត់ ចាក់មេក្រូនៅទីស្នាក់ការគណបក្ស ឃោសនាតាមផ្ទះ ចែកខិត្តប័ណ្ណ បិទបដា ជាដើម ។

តាមរបាយការណ៍របស់គណៈកម្មការរាជធានីភ្នំពេញរៀបចំការបោះឆ្នោត បានឱ្យដឹងថានៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន ០៦ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ហើយសម្រាប់រយៈពេល ០២ថ្ងៃនេះ មានគណបក្សចំនួន ០២ បានហែក្បួនជាទ្រង់ទ្រាយធំ គឺគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ រីឯគណបក្សចំនួន ០៤ទៀត គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហ៊្វុន ស៊ិន ប៉ិច ខ្មែររួបរួមជាតិ និងសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសកម្មភាពហែក្បួនឃោសនា ចាក់មេក្រូចល័ត ចែកខិត្តប័ណ្ណ អាវយឺត មួក ស្លាកសញ្ញាគណបក្ស ពាក្យស្លោក នៅតាមសង្កាត់មួយចំនួនដែលខ្លួនបានចុះបញ្ជីបេក្ខជន ។

តាមរបាយការណ៍ពី គធ.ខប ចំនួន ១៩ បានបញ្ជាក់ថា ការធ្វើសកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនៅតាមបណ្តាខេត្តទាំងនោះ បានប្រព្រឹត្តទៅតាមកម្មវិធី...Read More


យុទ្ធនាការ​ឃោសនាបោះឆ្នោត​៣​ថ្ងៃ គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​មួយ​ករណី​ពី​CPP

fn-2017-05-05-15-42-19-0

​៖ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​៣​ថ្ងៃ​មកនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ពាក្យបណ្ដឹង​មួយ​ករណី ពី​បេក្ខជន​គណបក្ស​ប្រជាជន​កម្ពុជា  ពាក់ព័ន្ធ​និង​ការរារាំង​ផ្លូវ​ឃោសនា និង​ជេរប្រមាថ​គ្នា​។​​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹងថា ការឃោសនាបោះឆ្នោត​ប៉ុន្មាន​ថ្ងៃនេះ មាន​ភាព​វិជ្ជមាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ប៉ុន្តែ​ក៏មាន​បញ្ហា​ខ្លះ​កើតឡើង​រវាង​ឃោសនិក​នៃ​គណបក្សនយោបាយ​ផងដែរ​។ បើតាម​លោក ហង្ស ពុទ្ធា បញ្ហា​នៃ​ការឃោសនាបោះឆ្នោត​នោះ ភាគច្រើន​ដោយសារ​ក្បួន​ឃោសនា​ចំពេល​វេលា​គ្នា និង​នៅលើ​ផ្លូវ​តែមួយ គួបផ្សំ​និង​ការឃោសនា​ចំអក និង​ប្រមាថ​គ្នា​ទៅវិញទៅមក​រវាង​ឃោសនិក​គណបក្សនយោបាយ​ជាដើម​។​ ​តែ​យ៉ាងណា​បញ្ហា​ទាំងនេះ ត្រូវបាន​ដោះស្រាយ​បញ្ចប់​នៅ​ទីកន្លែង​ឃោសនា​តែម្ដង ។ ហើយ​មាន​តែមួយ​ករណី​នៃ​ការឃោសនា​នៅ​ស្រុក​កោះ​អ​ណ្ដែ​ក ខេត្តតាកែវ ទេ ដែល​បាន​ប្ដឹងផ្ដល់​គ្នាឡើងមក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្ត​។​ ​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំង​១២​ដែល​កំពុង​ឃោសនា​រក​សំឡេងឆ្នោត​ជូន​បេក្ខជន​ឃុំ​សង្កាត់​របស់ខ្លួន បន្ត​គោរព​នីតិវិធី​ច្បាប់ ក្រមសីលធម៌​នានា​ដើម្បី​ធានា​ឲ្យ​បរិយាកាស​ឃោសនា​មាន​ភាពល្អប្រសើរ​។ ការអំពាវនាវ​ក៏ត្រូវ​បាន​ផ្ញើ​ទៅ​ប្រជាពលរដ្ឋ និង​កម្លាំង​មាន​សមត្ថកិច្ច​ដែរ​។​
​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ឧសភា ដល់​ថ្ងៃទី​២ មិថុនា ដោយ​គជប អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ អាច​ដង្ហែរ​ក្បួន​ឃោសនា​បាន​ត្រឹម​២​ដង​ប៉ុណ្ណោះ​៕

...Read More

គ.ជ.ប អំពាវនាវពលរដ្ឋខ្មែរនៅក្រៅប្រទេស និងបានចុះឈ្មោះបោះឆ្នោតហើយនោះ ឲ្យវិលមកបោះឆ្នោតនៅថ្ងៃទី៤ មិថុនា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស និងបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦កន្លងទៅរួចរាល់នោះ ឲ្យវិលត្រលប់មកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងប្រទេសកំណើតវិញនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។

ក្នុងសេចក្ដីអំពាវនាវ គ.ជ.ប បានបញ្ជាក់ថា ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដែលឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនេះ បាននិងកំពុងធ្វើជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី០៤ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។

គ.ជ.ប ក៏បានស្នើស្ថានទូតកម្ពុជា នៅក្រៅប្រទេសទាំងអស់ ជួយផ្សព្វផ្សាយសេចក្ដីអំពាវនាវនេះ ដល់ប្រជាពលរដ្ឋដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសឲ្យទទួលបាននូវព័ត៌មាននេះផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧៖០០នាទីព្រឹក ដល់ម៉ោង ៣៖០០នាទីរសៀល។ មានគណបក្សនយោបាយចំនួន១២ បានដាក់បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ជាង ៩ពាន់នាក់ចូលរួមប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងឃុំ សង្កាត់ចំនួន ១,៦៤៦។

ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតមានប្រមាណ ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ នៃប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់៕

...Read More

ទៅមុខថយក្រោយ