FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល៦ថ្ងៃមកនេះ មានមនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលម្នាក់ជាបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តពោធិ៍សាត់ និងម្នាក់ទៀតជាប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង។
លោកបញ្ជាក់ដូចនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីដំណើរការប្រព្រឹត្តទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅទីស្នាក់ គ.ជ.ប។
លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «ខាងខេត្តបាត់ដំបង ក្បូងដង្ហែរបស់គណបក្សប្រជាជនកម្ពុជា បានប៉ះទង្គិចដល់ប្រជាពលរដ្ឋម្នាក់ បណ្ដាលឲ្យស្លាប់ នៅពេលទៅដល់មន្ទីរពេទ្យ ហើយខាងគណបក្សប្រជាជន លោកក៏បានសន្យាថា ទទួលខុសត្រូវទាំងស្រុងទៅលើការស្លាប់នេះដែរ ហើយនៅក្នុងខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបេក្ខជនរបស់ CNRP លំដាប់លេខរៀងទី៣ ស្លាប់បាត់បង់ជីវិត»។
លោកអ្នកនាំពាក្យបន្តថា រយៈពេល៦ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី២០-២៥ ខែឧសភា ឆ្នាំ២០១៧) គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានទទួលបណ្ដឹងចំនួន ៣៤បណ្ដឹង ពីគណបក្សនយោបាយ ក្នុងនោះមាននៅ៖ ខេត្តបន្ទាយមានជ័យ ២បណ្តឹង, ខេត្តបាត់ដំបង ២បណ្តឹង, ខេត្តកំពង់ឆ្នំាង ១បណ្តឹង, ខេត្តកំពង់ស្ពឺ ១បណ្តឹង, ខេត្តកំពង់ធំ ១១បណ្តឹង, ខេត្តព្រៃវែង ៤បណ្តឹង, ខេត្តសៀមរាប ៣បណ្តឹង, ខេត្តស្ទឹងត្រែង ២បណ្តឹង, ខេត្តស្វាយរៀង ១បណ្តឹង, ខេត្តតាកែវ ៣បណ្តឹង និងខេត្តប៉ៃលិន ៤បណ្តឹង ហើយបណ្ដឹងជិត៣០ ក៏ត្រូវបានដោះស្រាយរួចរាល់ហើយដែរ។
ក្នុងចំណោមបណ្ដឹងទាំង៣៤នោះ មាន២៩បណ្ដឹង ជាបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា និង៥បណ្ដឹងទៀត ជាបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ។ បណ្ដឹងដែលមានបញ្ហាធ្ងន់ជាងគេនោះ មានចំនួន២បណ្ដឹង គឺបណ្ដឹងកើតនៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ដែលគណបក្សប្រជាជនកម្ពុជា ប្ដឹងលើគណបក្សសង្គ្រោះជាតិ ពីបទរារាំងក្បូនឃោសនាបោះឆ្នោតរបស់ខ្លួន ឯគណបក្សសង្គ្រោះជាតិ ក៏បានប្ដឹងទាស់ត្រលប់ទៅគណបក្សប្រជាជនកម្ពុជាវិញដែរ ពីបទបរិហារកេរ្តិ៍ ដែលបណ្ដឹងនេះ កំពុងដោះស្រាយនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត និងមួយបណ្ដឹងទៀត គឺកើតឡើងនៅទីរួមខេត្តកំពង់ធំ រឿងគណបក្សសង្គ្រោះជាតិ ទាមទារសុំប្ដូរថ្ងៃឃោសនារបស់ខ្លួន ដែលជាហេតុធ្វើឲ្យមានបញ្ហាលំបាក ដល់អាជ្ញាធរក្នុងការរៀបចំជូនពួកគេ។
ទោះជាយ៉ាងណា ទាំង គ.ជ.ប និងអង្គការសង្គមស៊ីវិល សុទ្ធតែបានបញ្ជាក់ថា រយៈពេលមួយសប្ដាហ៍ នៃការឃោសនាបោះឆ្នោតឃុំ-សង្កាត់នេះ ស្ថានភាពសន្តិសុខ និងសុវត្ថិភាពនៃសកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ មានភាពល្អប្រសើរ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅសល់រយៈពេលតែ ៧ថ្ងៃទៀតប៉ុណ្ណោះ ពោលនឹងបិទបញ្ចប់នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដែលយុទ្ធនាការនេះ មានគណបក្សនយោបាយចំនួន១២ បានចូលរួមឃោសនារកសំឡេងឆ្នោត នៅតាមឃុំ-សង្កាត់ចំនួន ១,៦៤៦ឃុំ-សង្កាត់៕