FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប នឹងសុំកិច្ចសហការជាមួយស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការលើម្ចាស់គណនី Facebook ទាំងឡាយណា ដែលមានចេតនាផ្សព្វផ្សាយបំភ័ន្តប្រជាពលរដ្ឋ ឲ្យយល់ច្រឡំរឿងសន្លឹកឆ្នោតអត់បានការ និងសកម្មភាពផ្សេងៗទៀត។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានគណនី Facebook មួយ បានបង្ហោះផ្សាយអំពីចំណុចត្រូវយល់ដឹង ពេលបោះឆ្នោត ២៨ កក្កដា ២០១៣ ដោយបានបង្ហាញពីសន្លឹកឆ្នោតអត់បានការ ក្នុងនោះមាន សញ្ញា Tick សញ្ញាខ្វែង សញ្ញាដក សញ្ញាបូក និងរូបស្ទិកឃ័រក្នុងប្រអប់ ព្រមទាំងសញ្ញាធិចក្រៅប្រអប់ជាដើម។
អ្វីដែលជាការចាប់អារម្មណ៍នោះ មានពលរដ្ឋម្នាក់បាន Comment សួរថា «ពេលចុះមូលដ្ឋានណែនាំឲ្យគាត់គូស Tick តែមហាជនគូសរូបបេះដូង អាហ្នឹងម៉េចវិញបង?» និងសរសេរបន្តថា «ហើយគាត់និយាយថា មកពីចិត្តស្រឡាញ់»។
បញ្ហាទាំងនេះ ត្រូវបានលោក ហង្ស ពុទ្ធា ថ្លែងបំភ្លឺថា ក្នុងករណីដែលម្ចាស់គណនី Facebook ធ្វើមិនត្រឹមត្រូវ និងធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ គ.ជ.ប នឹងធ្វើលិខិតជូនដំណឹងណែនាំទៅគាត់ ដើម្បីសុំឲ្យគាត់ធ្វើការកែតម្រូវ ឬចាត់ចែងតាមការគួរឡើងវិញ។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងករណីដែលម្ចាស់គណនី Facebook នៅតែមិនអនុវត្តតាមការណែនាំ ហើយរកឃើញថា មានចេតនាធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត មានការភ័ន្តច្រឡំនោះ គ.ជ.ប នឹងសហការជាមួយស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ ដើម្បីឆែករកប្រភពដើមនៃគណនី Facebook នោះ ចាត់ការតាមនីតិវិធីច្បាប់ ហើយអាចផាកពិនិយជាទឹកប្រាក់ពី ៥លាន ទៅ២០លានរៀល ទៀតផង។
សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ គ.ជ.ប បានជូនដំណឹងពីគំរូសន្លឹកឆ្នោតអត់បានការ ជាផ្លូវការចំនួន ២០ទម្រង់ បង្ហាញជូនប្រជាពលរដ្ឋឲ្យបានឃើញច្បាស់ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំនៅពេលបោះឆ្នោត ហើយគ្មានគំរូណាផ្សេង ក្រៅពីគំរូទាំង២០ទម្រង់នោះឡើយ៕