FN ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវឈប់ទទួលយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋ និងត្រូវប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ ប្រធានស្ថានប័ន គ.ជ.ប ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។
ប្រធាន គ.ជ.ប មានសង្ឃឹម យ៉ាងមុតមោះថា «អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារ និងហិរញ្ញាវត្ថុ និងប្រតិបត្តិករឥណទានជនបទ សហការ តាមសេចក្តីអំពាវនាវ ក្នុងស្មារតីទទួលខុសត្រូវ ដោយគោរពច្បាប់ជាធរមាន ដើម្បីឲ្យប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ជាកំណត់»។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការព្រមាន នឹងដកហូតអាជ្ញាបណ្ណ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានណា ដែលមិនគោរពតាមការណែនាំ ចំពោះការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។
សេចក្តីជូនដំណឹងរបស់ធនាគារជាតិ បានឲ្យដឹងថា «កន្លងមកធនាគារជាតិនៃកម្ពុជា បានជូនដំណឹងអំពីការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។ ប៉ុន្តែធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ មួយចំនួននៅតែអនុវត្តមិនទាន់ បានពេញលេញតាមសេចក្តីជូនដំណឹង»។
ហេតុដូច្នេះក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទណា នៅតែបន្តសកម្មភាព និងមិនយកចិត្តទុកដាក់អនុវត្តតាម សេចក្តីជូនដំណឹងនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងនោះ នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និងឈានទៅរកការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតចុះបញ្ជី បញ្ឈប់សកម្មភាពអាជីវកម្ម។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងឈានចូលមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះហើយ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦ និងត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ៕