FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានស្នើទៅដល់រដ្ឋាភិបាលបរទេស ព្រមទាំងអង្គការអន្តរជាតិនានាជុំវិញពិភពលោក បញ្ជូនអ្នកសង្កេតការណ៍ចូលរួមសង្កេតដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសនានា ក៏ដូចជាអង្គការអន្តរជាតិលើពិភពលោក គឺជាការផ្តល់នូវទំនឹកចិត្តយ៉ាងមុតមាំទៅលើការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។ តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេស បានស្នើអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ឲ្យស្វែងរកមូលនិធិដោយខ្លួនឯង។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក្រសួងការបរទេសបានបញ្ជាក់ថា ដោយយោងតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ ខ្លួនបានអញ្ជើញស្ថានបេសកកម្មការទូត អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេស ក្នុងនោះ ក៏មាន «សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី (ICAPP)» ផងដែរ ឲ្យបញ្ជូនតំណាងរបស់ខ្លួនមកសង្កេតការណ៍ក្នុងប្រទេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
ក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គោរពយ៉ាងខ្ជាប់ខ្ជួនចំពោះច្បាប់ស្តីពីការបោះឆ្នោត និងច្បាប់ពាក់ព័ន្ធនានា ដើម្បីធានាឲ្យបានថា ការចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ ស្ថិតនៅក្នុងដែនកំណត់នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាបានក្លាយជាប្រទេសនីតិរដ្ឋមួយ ដែលជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសន្តិភាព និងវិបុលភាព។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ក៏បានច្រានចោលនូវការចេញផ្សាយរបស់កាសែត Cambodia Daily ដែលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រើថវិការ៉ាប់រងការចាយវាយរបស់អ្នកសង្កេតការណ៍អន្តរជាតិ ជាហេតុនាំឲ្យប៉ះពាល់ដល់ភាពអព្យាក្រិតនៃការងាររបស់អ្នកសង្កេតការណ៍។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ខ្លួនមិនមានមន្រ្តីឈ្មោះ លឹម ស្រីនិត ដែលទម្លាយព័ត៌មានជូនកាសែតគាំទ្រដោយសហរដ្ឋអាមេរិកមួយនេះឡើយ៕