FN ៖ គណៈកម្មការរៀបចំការបោះឆ្នោត ប្រចាំខេត្តកំពង់ធំ បានប្រកាសថា គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកស្រី កែ សុវណ្ណរ័ត្ន បានដង្ហែក្បួនឃោសនារកសម្លេងឆ្នោត កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ បានធ្វើឡើងដោយខុសច្បាប់ ដោយសារតែគណបក្សសង្គ្រោះជាតិ មិនបានជូនដំណឹងដល់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ ឲ្យបានមុន៣ថ្ងៃ តបទៅនឹងការណែនាំ និងច្បាប់របស់ គ.ជ.ប ដែលបានកំណត់។
មន្ត្រី គ.ជ.ប ប្រចាំខេត្តកំពង់ធំ បានព្រមានចាត់វិធានការតាមបទល្មើស និងមាត្រាដែលចែងពីកំហុសចំពោះ គណបក្សសង្គ្រោះជាតិ ក៏ដូចជាគណបក្សនយោបាយផ្សេងទៀត បើសិនដឹកនាំការដង្ហែក្បួនខុសច្បាប់តាមការណែនាំរបស់ គ.ជ.ប។
លោក ផា ណង អនុប្រធានគណៈកម្មាការរៀបចំការបោះឆ្នោត ប្រចាំខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដោយសារតែគណបក្សសង្គ្រោះជាតិ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតខុសច្បាប់របស់ គ.ជ.ប ព្រមទាំងមានពាក្យបណ្តឹងរបស់តំណាង គណបក្សប្រជាជនកម្ពុជាផងនោះ ទើបនៅរសៀលថ្ងៃនេះ ខាងគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញតំណាងគណបក្សនយោបាយ មកជួបប្រជុំដើម្បីធ្វើការណែនាំឲ្យគោរពទៅតាមនីតិវិធី និងច្បាប់ គ.ជ.ប ស្តីពីការដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងរយៈពេល១៤ថ្ងៃនេះ។
លោក ផា ណង បានថ្លែងថា នៅក្នុងកិច្ចប្រជុំនេះ គណបក្សសង្គ្រោះជាតិ បានទទួលស្គាល់ពីកំហុសរបស់ខ្លួន ហើយសន្យានឹងធ្វើឲ្យបានត្រឹមត្រូវតាមច្បាប់ គ.ជ.ប។ សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៣ ខែឧសភា លោកស្រី កែ សុវណ្ណរ័ត្ន បានដឹកនាំសមាជិកសមាជិកា គណបក្សសង្គ្រោះជាតិប្រមាណ៩០នាក់ នៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប៉ុន្តែយុទ្ធនាការនេះត្រូវបានមន្ត្រី គ.ជ.ប ខេត្តអះអាងថា ខុសច្បាប់ដោយមិនបានជូនដំណឹង ជាមុនដល់គណៈកម្មការរៀបចំការបោះឆ្នោតឃុំ ឲ្យបានមុខ៣ថ្ងៃ ទើបខាង គ.ជ.ប ស្នើសុំកម្លាំងពីអាជ្ញាធរខេត្ត និងសមត្ថកិច្ច ជួយទប់ស្កាត់ ហើយយករថយន្តមួយគ្រឿងទៅបាំងផ្លួវ ពេលក្បូនជិតដល់ឃុំមួយទៀត។
បើតាមលោក ផា ណង ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត នៅក្នុងខេត្តកំពង់ធំ គឺមានតែគណបក្សសង្គ្រោះជាតិ មួយប៉ុណ្ណោះ ដែលបានធ្វើខុសតាមច្បាប់ គ.ជ.ប៕