៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៣ថ្ងៃមកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងមួយករណី ពីបេក្ខជនគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនិងការរារាំងផ្លូវឃោសនា និងជេរប្រមាថគ្នា។អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃនេះ មានភាពវិជ្ជមានច្រើនគួរឲ្យកត់សម្គាល់។ ប៉ុន្តែក៏មានបញ្ហាខ្លះកើតឡើងរវាងឃោសនិកនៃគណបក្សនយោបាយផងដែរ។ បើតាមលោក ហង្ស ពុទ្ធា បញ្ហានៃការឃោសនាបោះឆ្នោតនោះ ភាគច្រើនដោយសារក្បួនឃោសនាចំពេលវេលាគ្នា និងនៅលើផ្លូវតែមួយ គួបផ្សំនិងការឃោសនាចំអក និងប្រមាថគ្នាទៅវិញទៅមករវាងឃោសនិកគណបក្សនយោបាយជាដើម។ តែយ៉ាងណាបញ្ហាទាំងនេះ ត្រូវបានដោះស្រាយបញ្ចប់នៅទីកន្លែងឃោសនាតែម្ដង ។ ហើយមានតែមួយករណីនៃការឃោសនានៅស្រុកកោះអណ្ដែក ខេត្តតាកែវ ទេ ដែលបានប្ដឹងផ្ដល់គ្នាឡើងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្ត។ អ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយទាំង១២ដែលកំពុងឃោសនារកសំឡេងឆ្នោតជូនបេក្ខជនឃុំសង្កាត់របស់ខ្លួន បន្តគោរពនីតិវិធីច្បាប់ ក្រមសីលធម៌នានាដើម្បីធានាឲ្យបរិយាកាសឃោសនាមានភាពល្អប្រសើរ។ ការអំពាវនាវក៏ត្រូវបានផ្ញើទៅប្រជាពលរដ្ឋ និងកម្លាំងមានសមត្ថកិច្ចដែរ។
យុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ មិថុនា ដោយគជប អនុញ្ញាតឲ្យគណបក្សនយោបាយ អាចដង្ហែរក្បួនឃោសនាបានត្រឹម២ដងប៉ុណ្ណោះ៕