ជំនួបទ្វេភាគី ពង្រឹងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ

រសៀលថ្ងៃទី ២៣ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សា​ការងារទ្វេភាគីជាមួយ ឯឧ Li Keqiang នាយករដ្ឋមន្រ្តីចិន ដើម្បីពង្រឹងមិត្តភាព និងសហប្រតិបត្តិការ ជាដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ សម្តេចតេជោ បានស្នើអោយមិត្តចិន ជួយពិនិត្យ និងសម្រេចអោយបានឆាប់នូវ​គម្រោងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ និងមន្ទីរពេទ្យចំនួន ៣ ដែលមិត្តចិនបានយល់ព្រមរួចហើយ។ សម្តេចតេជោ បានស្នើសុំអោយមិត្តចិនជួយកសាងផ្លូវរថភ្លើងលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលាន​យន្ត​ហោះថ្មីនៅខេត្តសៀមរាប។ សម្តេចតេជោ សង្ឃឹមយ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ​នឹង​កើនឡើងដល់ ៥ ពាន់លានដុល្លារ នៅពេលដ៏ខ្លី ហើយស្នើអោយមិត្តចិនជួយផ្តល់លទ្ធភាពអោយបានទូលាយ​ក្នុងការនាំផលិតផលកសិកម្ម ជាពិសេស អង្ករពីកម្ពុជាមកប្រទេសចិន។ នាយករដ្ឋមន្រ្តី Li Keqiang បាន​គាំទ្រដល់សំណើទាំងអស់ ហើយអះអាងថាភាគីចិននឹងពិនិត្យឯកសារគម្រោងអោយបានរហ័ស ដើម្បីអាច​ចាប់ដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ហើយសន្យាជួយគៀងគរ និងជំរុញអ្នកវិនិយោគ​ទុនចិន​អោយបណ្តាក់ទុននៅកម្ពុជា រួមទាំងការតម្លើងរោងចក្រប្រកបដោយបច្ចេកទេសខ្ពស់ ដើម្បីកម្ពុជាមាន​លទ្ធ​ភាពផលិតទំនិញមានគុណភាព តាមស្តង់ដាអន្តរជាតិសម្រាប់នាំចេញទៅកាន់ប្រទេសចិន និងបណ្តា​ប្រទេស​នានាក្នុងពិភពលោក។ ជាមួយគ្នានេះ ភាគីចិនពេញចិត្តក្នុងការចូលរួមជួយកម្ពុជា ធ្វើការថែរក្សា និងជួសជុល​ប្រាសាទព្រះវិហារអោយបានគង់វង្ស៕

...Read More

ក្រសួង ៨ នឹងមានការរុះរើ, មន្ត្រីបក្សហ៊្វុនស៊ិនប៉ិច រក្សាមុខតំណែងក្នុងរដ្ឋាភិបាល

ព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៦ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យន័រតុន សម្តេចតេជោ ហ៊ុន សែន បានអះអាងកំណត់យកថ្ងៃទី ៤ ខែ មេសា ខាងមុខ សូមអោយរដ្ឋសភា​រៀបចំ​ការ​បោះឆ្នោតផ្លាស់ប្តូរសមាសភាពរាជរដ្ឋាភិបាល ក្នុងសំណើរុះរើគណរដ្ឋមន្រ្តី ដើម្បីធ្វើឲ្យ​ការងារមានប្រសិទ្ធិ​ភាពជាងមុន។ សម្តេចតេជោ បានបង្ហើបថា ក្រសួង ៨ នឹងមានការផ្លាស់ប្តូររដ្ឋមន្រ្តី ហើយខេត្តចំនួន ៤ គឺ កំពង់ស្ពឺ កំពត បន្ទាយមានជ័យ និងស្វាយរៀង ក៏នឹងមានការផ្លាស់ប្តូរចៅហ្វាយខេត្ត។ «នេះជាការពង្រឹង​នូវប្រសិទ្ធិភាពការងារ។ មិនមែនរដ្ឋមន្រ្តី(ដែលត្រូវដូរផ្លាស់)ទាំងនោះ ជាមនុស្សដែលត្រូវកម្ចាត់ចោលទេ។ ប៉ុន្តែ (រាជរដ្ឋាភិបាល)ទាមទារឲ្យមានការរៀបចំ និងពង្រឹងថែមទៀតនូវប្រសិទ្ធិភាព» សម្តេចបញ្ជាក់។ ជា​មួយនោះ សម្តេចតេជោ បានផ្ញើសារទៅកាន់ភាគីជម្លោះទាំង ២ នៃគណបក្សហ៊្វុនស៊ីនប៉ិច គឺទាំង​អ្នកគាំ​ទ្រ​ឯកឧត្តម ញឹក ប៊ុនឆៃ និងអ្នកគាំទ្រសម្តេចក្រុមព្រះ ដែលមួយចំនួនជារដ្ឋលេខាធិការ និងជាទីប្រឹក្សាក្នុង​រាជ​រដ្ឋាភិបាលថា បើទោះបីជាបុគ្គលនោះគាំទ្រភាគីណាមួយក៏ដោយ (អោយតែនៅជាសមាជិកបក្សហ្វ៊ុន​ស៊ីនប៉ិច) ក៏នៅរក្សាមុខតំណែងជូន។ «សូមកុំចេញទៅបក្សប្រឆាំង ឬបក្សផ្សេងក្រៅពីបក្សសម្តេចក្រុមព្រះ និងបក្សឯកឧត្តម ញឹក ប៊ុនឆៃ … ហើយបើជ្រើសរើសមកគណបក្សប្រជាជន គណបក្សប្រជាជននឹងទទួល អត់បញ្ហាទេ…»៕

...Read More

សម្ពោធស្ថានីយ៍អ្នកដំណើរថ្មី នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ថ្ងៃ ១៦ មីនា ឆ្នាំ ២០១៦ ថ្លែងក្នុង​​ពិធីសម្ពោធស្ថានីយ៍អ្នកដំណើរថ្មី នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សមិទ្ធិផលថ្មីនេះ នឹងជម្រុញបន្ថែមទៀតនូវសមត្ថភាពនៃព្រ​លានយន្តហោះ ក្នុងការទទួលអ្នកដំណើរប្រមាណ ៥ លាននាក់ក្នុងមួយឆ្នាំ និងឆ្លើយតបទៅនឹងការកើន​ឡើងនូវការមកដល់នៃភ្ញៀវ ក្នុងពេលពីប្រាំ ទៅ ប្រាំបីឆ្នាំខាងមុខ។ សម្តេចតេជោ បានគូសបញ្ជាក់ ថា “កាលពីឆ្នាំកន្លងទៅ ចំនួនទេសចរ​មកទស្សនាកម្ពុជាបានឡើងដល់ ៤,៧ លាននាក់ អាស្រ័យ​ដោយ​សន្តិភាពពេញលេញក្នុងប្រទេស បន្ទាប់​ពីការអនុវត្តគោលនយោបាយឈ្នះ/ឈ្នះ”។ ក្នុងពេលដែលវាយ​តម្លៃខ្ពស់ពីវឌ្ឍនភាពនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបានទទួលអោយចុះចតនូវយន្តហោះប្រ​ភេទធំៗនានា មានទាំងយន្តហោះនៃប្រធានាធិបតីសហរដ្ឋអាមេរិកផង សម្តេចតេជោ បានជម្រុញអោយ​មន្ត្រីទាំងឡាយ នៃបណ្តាផ្នែកការងារពាក់ព័ន្ធនៅតាមព្រលានយន្តហោះទាំងអស់នៃព្រះរាជាណាចក្រ​កម្ពុជា អោយយកចិត្តទុកដាក់ផ្តល់សេវាល្អ និងមានប្រសិទ្ធិភាព ដើម្បីទាក់ទាញទេសចរច្រើនឡើង​ទៀត អោយមកទស្សនកិច្ចនៅកម្ពុជា។ សូមជំរាបថា កាលពី ខែ កុម្ភៈ ឆ្នាំនេះ ព្រលានយន្តហោះនៅកម្ពុជា បានទទួល និងជូនដំណើរអ្នកដំណើរ ៦៨៥ ពាន់នាក់ មានចលនាយន្តហោះប្រមាណ ១៤០០០ ជើង ដែលជាការកើនឡើង ៧,១% និង ១២​,៥% រៀងគ្នា ធៀបទៅឆ្នាំមុន។ ដោយឡែក ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ បានទទួលអ្នកដំណើរជាង ២៨៨ ពាន់នាក់ ជាការកើនឡើង ១៥,២%៕

...Read More

៣ ករណីអំពី មីក្រូហិរញ្ញវត្ថុ

ថ្ងៃទី ១៤ មីនា ឆ្នាំ ២០១៦ ថ្លែងបើកសន្និសីទស្តីពីការអភិវឌ្ឍមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសូមអោយប្រជាពលរដ្ឋកម្ពុជា មានការប្រុងប្រយ័ត្នចំពោះការដែលអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលប្រែទៅជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយនឹងបំណងហាក់បីដូចជា ដើម្បីរឹបអូសផ្ទះសម្បែង និងដីធ្លី​របស់ប្រជាពលរដ្ឋ។ សម្តេចបានទាញអារម្មណ៍ថា ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុទាំងនោះមិនបានគិតគូរថា ការផ្តល់កម្ចីនេះគឺសម្រាប់យកទៅធ្វើអាជីវកម្ម ឬជម្រុញផលិតកម្មរកប្រាក់ចំណូលនោះទេ។ សម្តេចតេជោ​ក៏​បានដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាមួយអ្នកដែលហៅខ្លួនឯងថាជាប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ឬអ្នកផ្តល់កម្ចីដែលគ្មានការទទួលស្គាល់ពីច្បាប់, ទោះបីជាពួកគេសន្យាថានឹងផ្តល់ការប្រាក់ខ្ពស់ក៏ដោយ, ប៉ុន្តែ ការពិតមានចរិតជាការបោកប្រាស់។ សម្តេចបានសង្កត់ធ្ងន់ថា «ប្រជាពលរដ្ឋត្រូវតែដឹងឲ្យច្បាស់អំពីការ ឃោសនាបោកប្រាស់របស់បក្សនយោបាយ ឬតំណាងរាស្រ្ត ឬមេបក្សនយោបាយណា ដែលសន្យាថា ពួកគេ​នឹងលុបចោលរាល់បំណុលទាំងអស់របស់ប្រជាពលរដ្ឋ ដោយចាត់ទុកថាជាបំណុលរបស់រដ្ឋ»។ សម្តេចតេជោ បានជម្រុញឲ្យមានការចាប់ខ្លួននៅនឹងកន្លែង ជនណាម្នាក់ដែលធ្វើសកម្មភាពបោកបញ្ឆោតទាំងនេះ ព្រោះ​វា​ជាបទល្មើសជាក់ស្តែង និងបញ្ជាក់ថា ប្រជាពលរដ្ឋនឹងនៅតែជាជនរងគ្រោះ ដោយសារការបន្តទៅខ្ចីលុយ ជាមួយនឹងការគិតថាមិនចាំបាច់សង។ សម្តេចបានផ្តាំផ្ញើ ដល់ប៉ូលីស និងអាជ្ញាធរទាំងអស់ ឲ្យចាប់ខ្លួនភ្លាមៗ ជនណាដែលឃោសនាបែបនេះ ល្អជាងទៅគាំទ្រម្ចាស់ហិរញ្ញវត្ថុ ក្នុងការរឹបអូសយកផ្ទះ/ដី ពីប្រជាពលរដ្ឋ ដោយមិនបានឆ្លងកាត់តុលាការ៕

...Read More

ជួបជាមួយកីឡាករគ្រប់ប្រភេទ នៅថ្ងៃកំណើត ០៤ មេសា

រសៀលថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសជួបកីឡាករជ័យលាភីនៃការប្រកួតកីឡាអាស៊ានប៉ារ៉ា ហ្គេម លើកទី ៨ នៅ​​ប្រទេសសឹង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars ដែលរៀបចំឡើងនៅ វិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានសូមអោយរដ្ឋមន្ត្រីពីររូប គឺរដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋ​មន្ត្រី​ក្រ​សួងទេសចរណ៍ ដែលជាប្រធានគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា រៀបចំនូវការជួបជុំគ្នាមួយ រវាង​សម្ដេច និងកីឡាករគ្រប់ប្រភេទ នៅកោះពេជ្រ មុនថ្ងៃចូលឆ្នាំខ្មែរ នាវេលាល្ងាចថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ដែលជាថ្ងៃខួបកំណើតសិប្បនិមិ្មតរបស់សម្តេច។ ក្នុងឱកាសដដែលនោះ សម្តេចតេជោ បានរំ​លឹក​ថា សម្តេចមិនបានប្រើបណ្តាញទំនាក់ទំនងសង្គម Facebook ប្រកួតប្រជែងជាមួយអ្នកណា ឬដើម្បីប្រជា​ប្រិយភាពទេ តែគឺដើម្បីបម្រើជាតិឲ្យមានប្រសិទ្ធិភាព និងថាជាមួយបណ្តាញទំនាក់ទំនងនេះ មិនមាន​នរ​ណា​​អាចបោកប្រាស់សម្តេចបានទៀតឡើយ។ ​Facebook Page របស់សម្ដេចតេជោ មានអ្នក Like ច្រើន​ជាង​គេនៅកម្ពុជា ហើយទើបតែមានចំនួនលើសពីចំនួន Like នៃ Facebook វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) កាលពី ថ្ងៃ ច័ន្ទទី ០៧ ខែ មីនា កន្លងទៅនេះ៕

...Read More

ស្រាយបៀវត្សភរិយា/កូន ក្នុងឆ្នាំ ២០១៧, ការយោគយល់ក្នុងទំនាក់ទំនងបុរស/នារី

ក្នុងពិធីអបអរខួបលើកទី ១០៥ ទិវាអន្តរជាតិ ៨ មីនា, ឆ្លើយតបទៅសំណូមពរ ស្តីពី ការតម្លើងប្រាក់បៀវត្សសម្រាប់ភរិយា និងកូនៗ នៃមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សម្តេចតេជោ បានអរគុណចំពោះការផ្តល់មតិ និងបញ្ជាក់ថា បានបញ្ជូនសំណូមពរអោយរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីមុខងារសាធារណៈ រកដំណោះស្រាយហើយ។ សម្តេចតេជោ ជំរាបជូនថា “បើទោះជាមិនអាចតម្លើងបៀវត្ស សម្រាប់ភរិយា ​និងកូន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ (នៅឆ្នាំនេះក្តី) ខ្ញុំសង្ឃឹមថា អាចមានចំណែកខ្លះ នៅពេលភ្ជុំ ជា​ដើម … ប៉ុន្តែឆ្នាំ ២០១៧ បៀវត្សនេះនឹងត្រូវបានបង្កើន …”។ ទន្ទឹមនោះ      សម្តេច​តេ​ជោ បានទាញអារម្មណ៍ថា ក្នុងខែមេសា ដល់ពេលដែល​ត្រូវតម្លើងបៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធហើយ។ ទាក់ទងនឹងទិវានារីអន្តរជាតិ សម្តេចបានក្រើនរំលឹកអោយស្រ្តី និងបុរស មានការអត់ធ្មត់ និង​យោគយល់គ្នា ក្នុងទំនាក់ទំនងទ្វេទិស ដើម្បីជៀសវាងជម្លោះ ការលែងលះ បែកបាក់គ្រួសារ៕

...Read More

ហូបអំបិលកម្ពុជា មិនពកក, ខេត្តនានាត្រៀមដី សហការជាមួយ “ភូមិកុមារ SOS អន្តរជាតិ”

ព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសសម្ពោធភូមិកុមារ អេសអូអេស ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប អោយងាកមកប្រើប្រាស់អំបិលក្នុងស្រុកវិញ ព្រោះជាអំបិលផលិត​ចេញ​ពីទឹកសមុទ្រ មិនដូចអំបិលនាំចូលពីបរទេស ដែលផលិតចេញពីរ៉ែក្រោមដីឡើយ។ លើសពីនេះទៀត សម្តេច​បានទាញ​អារម្មណ៍ថា អំបិលកម្ពុជាមានបញ្ចូលនូវសារធាតុអ៊ីយ៉ូត ដែលជួយការពារមិនអោយមានជំងឺពកកផង។ ពាក់ព័ន្ធនឹង​សកម្មភាពអង្គការ “ភូមិកុមារ SOS អន្តរជាតិ” សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវសេចក្ដីរីករាយ និងពេញចិត្ត​ចំពោះកិច្ច​សហ​ប្រតិ​បត្តិការរួម ចាប់តាំងពីឆ្នាំ ១៩៩៩ ដែលមកទល់គ្នានឹងពេលនេះ បានចំណាយថវិកាប្រមាណជាង ២៦ លានដុល្លារ រួមចំណែកជួយដល់កុមារកម្ពុជា នៅ ៦ ទីតាំង ផ្តល់សេវាជំនួយដល់កុមារកម្ពុជាជិត ២ ពាន់នាក់។  សម្ដេចតេជោ អះអាងថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចសហការជាមួយ អង្គការ “ភូមិកុមារ SOS អន្តរជាតិ” បន្តទៀត និងបានដាស់តឿនដល់ខេត្តនានា ត្រៀមដីទុកឱ្យហើយ បើមានបំណងចង់ឱ្យអង្គការ “ភូមិកុមារ SOS អន្តរជាតិ” ទៅ​ជួយ។ សម្តេចតេជោ ចាត់ទុក “ភូមិកុមារ SOS អន្តរជាតិ” បានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាម​រយៈសកម្មភាពក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួយដល់កុមារកំព្រាកម្ពុជា​ឱ្យទទួលមាន​ការ​រស់នៅ ការអប់រំ ការការពារសិទ្ធិ សេរីភាព អភិវឌ្ឍខ្លួនកាន់តែប្រសើរឡើង និងបានសម្រេចផ្តល់ដីសាងសង់វិទ្យាល័យ​ ផ្តល់ការអប់រំកម្រិតមធ្យមនៅ “ភូមិកុមារ​ SOS កំពត” និងជាប្រយោជន៍ដល់កូនចៅអ្នកស្រុកដែលនៅតំបន់ក្បែរនោះ៕

...Read More

បម្រែបម្រួលប្រជាសាស្ត្រ និងការអភិវឌ្ឍ, ផាកពិន័យការបង្ហុយផ្សែងបារី

ព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៦ ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នៅវិមានសន្តិភាព ដែលពិនិត្យលើ សេច​ក្តីព្រាងគោលនយោបាយជាតិប្រជាជន ឆ្នាំ ២០១៦-២០៣០ និងសេចក្តីព្រៀងអនុក្រឹត្យ ស្តីពីវិធានការហាមការ​ជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំ​អំពីការតម្លើងតួនាទីនៅថ្នាក់ក្រោមជាតិ ដូចជា អភិបាលខេត្ត/ក្រុង/ស្រុក ដោយតម្រូវឲ្យជ្រើសរើសមន្រ្តី នៅនឹង​មូល​ដ្ឋាន​នោះតែម្តង ដោយមិនយកមន្រ្តីពីថ្នាក់ជាតិទៅយកមុខតំណែងទាំងនោះ ដើម្បីធ្វើអោយមានប្រ​សិទ្ធិភាព​ការ​ងារ​។ គោលនយោបាយជាតិប្រជាជន ផ្តោតការយកចិត្តទុកដាក់លើចំណងទាក់ទងគ្នា​រវាងបម្រែ​បម្រួល​ប្រជាសាស្រ្ត និងការ ធ្វើផែនការអភិវឌ្ឍន៍ មានវិស័យអាទិភាពបួន គឺការអភិវឌ្ឍ ​និងពង្រីកហេដ្ឋា​រចនាសម្ព័ន្ធ​រូប​វ័ន្ត, ការគ្រប់គ្រងទេសន្តរ​ប្រវេសន៍ និងនគរូបនីយកម្ម, ការពង្រីកវិស័យកសិកម្ម និងសកម្មភាពពាក់ព័ន្ធ និងការវិនិ​យោគ​លើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។ អនុក្រឹត្យ ស្តីពីវិធានការហាមការ​ជក់ ឬបង្ហុយផ្សែងផលិត​ផល​ថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ មានរៀបរាប់ពីការផាកពិន័យជាទឹកប្រាក់ចំនួន ២ ម៉ឺនរៀលចំពោះអ្នក​ប្រព្រឹត្តល្មើស និង ៥ ម៉ឺន​រៀល​ចំពោះម្ចាស់ហាងដែលមិនបានដាក់ស្លាកហាមជក់បារី។ សម្តេចតេជោ នៅបានក្រើនរំ​លឹក​​ដល់​ក្រសួងសា​ធារ​ណ​ការ និងដឹកជញ្ជូនឲ្យបង្កើនល្បឿន និងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើ និងផ្ទេរប័ណ្ណ​សម្គាល់​យានយន្ត ជូនប្រជា​ពល​រដ្ឋ ទៅតាមការកំណត់នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៕

...Read More

សម្តេចតេជោ៖ “កម្ពុជាក្រប្រាក់ តែមិនក្រចិត្ត” ជួយមិត្តភក្តិវិញទេ

នៅរសៀល ថ្ងៃទី ០១ មីនា ឆ្នាំ ២០១៦ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅវិមានសន្តិភាព, សម្តេចតេជោ បានរៀបរាប់ពី​មហិច្ឆតា របស់កម្ពុជា ក្នុងការពង្រីកកម្លាំងបញ្ជូនទៅក្រៅប្រទេស បើសិនជា​មានសំណូមពរពីអង្គការសហប្រជាជាតិ។ «ខ្ញុំមានមហិច្ឆតា​ ព្រោះមិត្តភក្តិ(ធ្លាប់)បានជួយមកដល់យើង។ យើងក៏​បានជួយ​ទៅ​ដល់​មិត្តភក្តិវិញផង​ដែរ។ ពិតមែនតែកម្ពុជាក្រប្រាក់កាស ក៏ប៉ុន្តែកម្ពុជា​មិនក្រផ្លូវ​ចិត្តទេ … (ហើយ)  បើសិនកម្ពុជា(ក្លាយ)ជាប្រទេស​អ្នក​មានខាងសេដ្ឋកិច្ចវិញ កម្ពុជានឹងផ្តល់ជំនួយ​ទៅក្រៅប្រទេសឲ្យស្មើនឹង ០.៧% នៃ GDP។ នេះជាមហិច្ឆតា​របស់ខ្ញុំ» សម្តេចបន្ថែម។

សម្តេចតេជោ ហ៊ុន សែន បានរំលឹក​ពីការសម្រេចចិត្តដ៏លំបាកពីរលើក ទីមួយ ការទទួលយកអង្គការ​សហប្រ​ជា​ជាតិចូលមកប្រតិបត្តិការនៅកម្ពុជា ក្នុងគ្រាដែលកម្ពុជាកំពុងតែមានជម្លោះ និងស្ថិតក្នុងស្ថានភាព​ចរចា​សន្តិភាព និងទីពីរ ពេលដែលកម្ពុជាខ្លួនឯងកំពុងលំបាក ប៉ុន្តែ​បែរជាចិត្តធំ ហ៊ានបញ្ជូនកងទ័ពទៅក្រៅ​ប្រ​ទេស។ យ៉ាងណាក្តី សម្តេចតេជោ វាយតម្លៃថា “ការសម្រេចចិត្តទាំងពីរ គឺសុទ្ធតែជាការសម្រេចចិត្តដែលត្រឹម​ត្រូវ និងគួរជាទីមោទនៈ”។

សម្តេចតេជោ នៅបានកោតសរសើរដល់កងកម្លាំង ដែលបញ្ជូនទៅក្រៅប្រទេសរបស់កម្ពុជាថា មិនបានធ្វើឲ្យ​អាប់​អោនដល់កម្ពុជាទេ ដែលប្រការនេះវាផ្ទុយពីទាហាន អាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ ឬ UNTAC ដែលបានចម្លងជម្ងឺអេដស៍ និងបន្សល់ទុកកូន​កាត់នៅប្រទេសកម្ពុជា ក្នុងកំឡុងពេល ប្រតិបត្តិការ​របស់​ខ្លួន ហើយបានផ្តាំផ្ញើទៅកងកម្លាំងមួក​ខៀវទាំងអស់ អោយពង្រីកចំណេះដឹងទូទៅ ពិសេសផ្នែកភា​សាប​រ​ទេស, គោរពវិន័យ ច្បាប់ទម្លាប់ អនុសាសន៍ និងបទបញ្ជា, បន្តទំនាក់ទំនងល្អជាមួយប្រជាជននៅកន្លែង​ដែល​ខ្លួនប្រតិបត្តិ​ការ និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ ព្រមទាំងចេះជួយយកអាសារគ្នាទៅវិញទៅមក៕

...Read More

អប់រំគ្នា ស្រាយបញ្ហាជាមួយគ្នា រក្សាភាពថ្លៃថ្នូរនៃគ្រូពេទ្យភាគច្រើន

ថ្ងៃច័ន្ទ ទី ២៩ កុម្ភៈ ២០១៦ អញ្ជើញសម្ពោធអគារថ្មីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាជំនួយរបស់ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា “ដើម្បីចៀសវាងការដែលមនុស្សមួយចំនួនបំផ្លាញកិត្តិនាមរបស់រាជរដ្ឋា​ភិបាល ក៏ដូចជារដ្ឋាភិបាលជប៉ុន … (សូមអោយអ្នកទាំងនោះ) សួរទៅអគ្គរដ្ឋទូតជប៉ុន ប្រធាន JICA ឬសួររដ្ឋាភិ​បាល​ជប៉ុនចុះ”។ សម្តេចបញ្ជាក់ថា គំរោងជំនួយជប៉ុន មិនមែនដេញថ្លៃនៅស្រុកខ្មែរទេ គឺធ្វើនៅតូក្យូ​ ហើយមានតែក្រុមហ៊ុន​​ជប៉ុនទៀត ទើបមានសិទ្ធិសាងសង់។ ទាក់ទងនឹងការរិះគន់ដល់គ្រូពេទ្យថ្មីៗនេះ សម្តេចតេជោបានរំលឹកថា (បុគ្គលិក​ពេទ្យធ្វើការ)​គ្មានថ្ងៃឈប់សម្រាក គ្មានថ្ងៃបុណ្យទានទេ​ បើប្រៀបធៀបជាមួយនឹងអ្នកធ្វើការដទៃទៀត។ សម្តេចតេជោ​ចាត់ទុកថា នេះជាការលះបង់របស់គ្រូពេទ្យ ដែលភាគ​ច្រើនមានក្រមសីលធម៌ មានវិជ្ជាជីវៈ ប្រកបដោយការទទួល​ខុស​ត្រូវ និងលះបង់ ដើម្បីជួយអ្នកជម្ងឺ។ យ៉ាងណាក្តី សម្តេចទទួលស្គាល់ថា អាចមានគ្រូពេទ្យមួយចំនួនតូច ​ធ្វើឲ្យមានការ​ប៉ះពាល់ដល់​​មន្ទីរពេទ្យទាំងមូល។ សម្តេចតេជោ បានស្នើថា វិធីដែលល្អជាងគេ គឺការជួយអប់រំគ្នា គ្រប់គ្រងដោះស្រាយ​បញ្ហាជាមួយគ្នា ដើម្បីម្យ៉ាង លើកកម្ពស់ការយកចិត្តទុកដាក់ពិនិត្យ ព្យាបាលអ្នកជម្ងឺ និងម្យ៉ាងទៀតរក្សា​នូវ​ភាព​ថ្លៃថ្នូរ​របស់​គ្រូពេទ្យភាគច្រើន។ សម្តេចតេជោ ចាត់ទុកការវិភាគថា “គ្រូពេទ្យ ១០០ នាក់ ខូចអស់ ៩៩” ជាសំដីប្រ​មាថ៕

...Read More

សម្តេចតេជោ៖ មន្ត្រីជញ្ជីងត្រូវបើកភ្នែកមើល អ្វីបំផ្លាញស្ពាន/ថ្នល់ និងសុវត្ថិភាពសាធារណៈ

ដោយសង្កេតឃើញថា គ្រោះថ្នាក់បង្កឡើងដោយរថយន្តតូចធំ រថយន្តសណ្តោងដឹកទំនិញលើសកំណត់ ដូចជាករណីដឹកកាត់ស្ពានអ្នកលឿង(ទ្សឹបាស្សា) បានបណ្តាលឲ្យខូចខាតស្ពាន រហូតមានបានករណីរថ​យន្តដឹកដីខ្នាតធំបុកម៉ូតូយុវសិស្ស បណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតផង, ក្នុងសារតាមហ្វេសប៊ុកព្រឹកថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០១៦, ក្រៅពីបញ្ជាក់ថា ទម្ងន់បែបនេះអាចនឹងកំទេច​ស្ពាន បើបណ្តោយអោយ​ឆ្លង​កាត់​រាល់​ថ្ងៃ ដោយអាជ្ញាធរ និងសមត្ថកិច្ចប្រាកដជាបានឃើញ​ពេលរថយន្ត​ខ្នាត​យក្ស​ដឹក​សណ្តោង​លើស​កំ​ណត់​តោន ជាពិសេសសមត្ថកិច្ចដែលយាមនៅគល់ស្ពាន សម្តេចតេជោ ហ៊ុន សែន បានព្រមានទាំ​ង​អ្នក​បើកបរ ទាំងក្រុមហ៊ុន ថា សម្តេចនឹងមិនឲ្យជនល្មើសណា ដែលបង្កការ​ខូច​ខាតដល់ស្ពានថ្នល់ បង្កគ្រោះ​​ថ្នាក់​ដល់ប្រជាពលរដ្ឋ​ហើយ​​រត់គេចមិនទទួលខុសត្រូវ បានរួចខ្លួនតទៅ​ទៀត​ឡើយ។

ស្របនឹងបានចេញបញ្ជាឲ្យក្រសួង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការតឹងរ៉ឹង និងម៉ឺងម៉ាត់បំ​ផុតទៅលើជនទាំងនោះ សម្តេចតេជោ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ក្រុមហ៊ុនដឹកអ្នក​ដំ​ណើរ និងក្រុមហ៊ុនដឹកទំនិញ ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំដឹកលើសទម្ងន់ ចៀសវាងគ្រោះ​ថ្នាក់ ធានាបានសុវត្ថិភាពខ្ពស់ និងការថែរក្សាគុណភាពស្ពានថ្នល់បានយូរអង្វែង។ «ក្រុមមន្រ្តីជញ្ជីងត្រូវ​បើក​ភ្នែកមើលអោយឃើញ អ្វីដែលកំពុងបំផ្លាញផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ ព្រោះត្រូវទទួលទោស​ដូច​គ្នា» សម្តេចបញ្ជាក់៕

...Read More

សម្តេចតេជោ៖ ពិចារណារុះរើគណរដ្ឋមន្ត្រី, ពន្លឿនសេវាសាធារណ, បង្កើនវិធានការណ៍សន្តិសុខ

រសៀល ថ្ងៃ ទី ២៥ ខែ កុម្ភៈ​ ឆ្នាំ ២០១៦ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់​ក្រសួង​មហាផ្ទៃ, សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសធ្ងន់ៗ ទៅកាន់ក្រសួងសាធារណការ និងក្រសួងកសិ​កម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដែលមានភាពស្ពឹកស្រពន់នៅក្នុងការដោះស្រាយបញ្ហានានា ក្រោមចំណាត់ការ​របស់​ខ្លួន។ សម្តេចតេជោ បានបង្ហើបថា កំពុងពិចារណាថាត្រូវមានការរុះរើគណរដ្ឋមន្រ្តីឬយ៉ាងណា។ «ខ្ញុំ​កំ​ពុង​តែ​គិត តើ​​ខ្ញុំ​ដោះដូរគណៈរដ្ឋមន្ត្រីក្នុងឆ្នាំនេះឬទេ? … ព្រោះបើ​ទុកម្លឹងៗ មិនកើតទេ។ វាងាប់ខ្ញុំ អាពាក្យគ្នាឯងៗ គ្រោះ​ថ្នាក់​ដល់ខ្លួនឯង» ។

ទាក់ទងនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ សម្តេចតេជោ ជម្រុញឲ្យមន្រ្តីគ្រប់ក្រសួងទាំងអស់បង្កើន​ល្បឿន​ផ្តល់​សេវាតម្រូវការនានា ដូចជា ការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត/អាពាហ៍​ពិពាហ៍​/​មរណ​ភាព ប័ណ្ណបើកបរ ស្លាកលេខយានយន្ត។ល។ ដោយផ្អែកតាមគោលការណ៍ ៣ គឺ «ធ្វើឲ្យបាន ឲ្យលឿន និង​មាន​តម្លាភាព» និងលើកឡើងពីបំណងចុះទៅ​ពិនិត្យផ្ទាល់ ដោយមិនប្រាប់មុន ​តាមមូលដ្ឋានតែម្តង ដើម្បី​ដឹង​ថាតើការងារថ្នាក់មូលដ្ឋាន​មានសកម្មភាព ឬអត់។

បន្ថែមពីលើនោះ សម្តេចបានបញ្ជាជាកំហិតឲ្យតាមចាប់រថយន្តដឹកអង្ករ ដែលបានបង្កការខូចខាត​ស្ពាន​ទ្សឹបា​សា​ កាលពី​ថ្មីៗនេះ និង​ព្រ​មានបិទក្រុមហ៊ុនទាំងឡាយណា ដែលល្មើសច្បាប់ដឹកជញ្ជូន។ ដោយសង្កេត​ឃើញ​ការកើនឡើង នូវការប្លន់​ប្រ​ដាប់អាវុធ និងជួញដូរគ្រឿងញៀន នាពេលថ្មីនេះ ដែលបង្កឡើងដោយ​ក្រុម​ចោរ ឬក្រុមជួញដូរ​គ្រឿងញៀន ដែលទើបនឹងត្រូវបានដោះលែងពីពន្ធធនាគារ សម្តេចតេជោ បានបញ្ជា​រដ្ឋ​មន្រ្តី​ក្រសួងយុត្តិធម៌ និងអ្នកកាន់ពន្ធ​ធនាគារ ពិនិត្យឲ្យបានម៉ត់ចត់ មុននឹងស្នើសុំដោះ​លែងឧក្រិដ្ឋ​ជន​ណា​មួយ ឬបើសិនជាអាច ធ្វើជាបញ្ជី​ឈ្មោះចោរដែលសុំដោះលែង ជាមួយនឹងសំណុំរឿង ឲ្យសម្តេចបានពិនិត្យ មុន​នឹងចុះហត្ថលេខាស្នើសុំ​ព្រះ​មហាក្សត្រឡាយព្រះហស្ថលើកលែងទោស។ សម្តេចតេជោ បញ្ជាក់ថា បើចេះ​តែ​ដោះលែង ទីចុងបំផុត អ្នកទាំងនោះចេញមកធ្វើសកម្មភាពដដែល៕

...Read More

ទៅមុខថយក្រោយ