រសៀល ថ្ងៃ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ, សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសធ្ងន់ៗ ទៅកាន់ក្រសួងសាធារណការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានភាពស្ពឹកស្រពន់នៅក្នុងការដោះស្រាយបញ្ហានានា ក្រោមចំណាត់ការរបស់ខ្លួន។ សម្តេចតេជោ បានបង្ហើបថា កំពុងពិចារណាថាត្រូវមានការរុះរើគណរដ្ឋមន្រ្តីឬយ៉ាងណា។ «ខ្ញុំកំពុងតែគិត តើខ្ញុំដោះដូរគណៈរដ្ឋមន្ត្រីក្នុងឆ្នាំនេះឬទេ? … ព្រោះបើទុកម្លឹងៗ មិនកើតទេ។ វាងាប់ខ្ញុំ អាពាក្យគ្នាឯងៗ គ្រោះថ្នាក់ដល់ខ្លួនឯង» ។
ទាក់ទងនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ សម្តេចតេជោ ជម្រុញឲ្យមន្រ្តីគ្រប់ក្រសួងទាំងអស់បង្កើនល្បឿនផ្តល់សេវាតម្រូវការនានា ដូចជា ការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត/អាពាហ៍ពិពាហ៍/មរណភាព ប័ណ្ណបើកបរ ស្លាកលេខយានយន្ត។ល។ ដោយផ្អែកតាមគោលការណ៍ ៣ គឺ «ធ្វើឲ្យបាន ឲ្យលឿន និងមានតម្លាភាព» និងលើកឡើងពីបំណងចុះទៅពិនិត្យផ្ទាល់ ដោយមិនប្រាប់មុន តាមមូលដ្ឋានតែម្តង ដើម្បីដឹងថាតើការងារថ្នាក់មូលដ្ឋានមានសកម្មភាព ឬអត់។
បន្ថែមពីលើនោះ សម្តេចបានបញ្ជាជាកំហិតឲ្យតាមចាប់រថយន្តដឹកអង្ករ ដែលបានបង្កការខូចខាតស្ពានទ្សឹបាសា កាលពីថ្មីៗនេះ និងព្រមានបិទក្រុមហ៊ុនទាំងឡាយណា ដែលល្មើសច្បាប់ដឹកជញ្ជូន។ ដោយសង្កេតឃើញការកើនឡើង នូវការប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀន នាពេលថ្មីនេះ ដែលបង្កឡើងដោយក្រុមចោរ ឬក្រុមជួញដូរគ្រឿងញៀន ដែលទើបនឹងត្រូវបានដោះលែងពីពន្ធធនាគារ សម្តេចតេជោ បានបញ្ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអ្នកកាន់ពន្ធធនាគារ ពិនិត្យឲ្យបានម៉ត់ចត់ មុននឹងស្នើសុំដោះលែងឧក្រិដ្ឋជនណាមួយ ឬបើសិនជាអាច ធ្វើជាបញ្ជីឈ្មោះចោរដែលសុំដោះលែង ជាមួយនឹងសំណុំរឿង ឲ្យសម្តេចបានពិនិត្យ មុននឹងចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រឡាយព្រះហស្ថលើកលែងទោស។ សម្តេចតេជោ បញ្ជាក់ថា បើចេះតែដោះលែង ទីចុងបំផុត អ្នកទាំងនោះចេញមកធ្វើសកម្មភាពដដែល៕