នៅរសៀល ថ្ងៃទី ០១ មីនា ឆ្នាំ ២០១៦ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅវិមានសន្តិភាព, សម្តេចតេជោ បានរៀបរាប់ពីមហិច្ឆតា របស់កម្ពុជា ក្នុងការពង្រីកកម្លាំងបញ្ជូនទៅក្រៅប្រទេស បើសិនជាមានសំណូមពរពីអង្គការសហប្រជាជាតិ។ «ខ្ញុំមានមហិច្ឆតា ព្រោះមិត្តភក្តិ(ធ្លាប់)បានជួយមកដល់យើង។ យើងក៏បានជួយទៅដល់មិត្តភក្តិវិញផងដែរ។ ពិតមែនតែកម្ពុជាក្រប្រាក់កាស ក៏ប៉ុន្តែកម្ពុជាមិនក្រផ្លូវចិត្តទេ … (ហើយ) បើសិនកម្ពុជា(ក្លាយ)ជាប្រទេសអ្នកមានខាងសេដ្ឋកិច្ចវិញ កម្ពុជានឹងផ្តល់ជំនួយទៅក្រៅប្រទេសឲ្យស្មើនឹង ០.៧% នៃ GDP។ នេះជាមហិច្ឆតារបស់ខ្ញុំ» សម្តេចបន្ថែម។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការសម្រេចចិត្តដ៏លំបាកពីរលើក ទីមួយ ការទទួលយកអង្គការសហប្រជាជាតិចូលមកប្រតិបត្តិការនៅកម្ពុជា ក្នុងគ្រាដែលកម្ពុជាកំពុងតែមានជម្លោះ និងស្ថិតក្នុងស្ថានភាពចរចាសន្តិភាព និងទីពីរ ពេលដែលកម្ពុជាខ្លួនឯងកំពុងលំបាក ប៉ុន្តែបែរជាចិត្តធំ ហ៊ានបញ្ជូនកងទ័ពទៅក្រៅប្រទេស។ យ៉ាងណាក្តី សម្តេចតេជោ វាយតម្លៃថា “ការសម្រេចចិត្តទាំងពីរ គឺសុទ្ធតែជាការសម្រេចចិត្តដែលត្រឹមត្រូវ និងគួរជាទីមោទនៈ”។
សម្តេចតេជោ នៅបានកោតសរសើរដល់កងកម្លាំង ដែលបញ្ជូនទៅក្រៅប្រទេសរបស់កម្ពុជាថា មិនបានធ្វើឲ្យអាប់អោនដល់កម្ពុជាទេ ដែលប្រការនេះវាផ្ទុយពីទាហាន អាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ ឬ UNTAC ដែលបានចម្លងជម្ងឺអេដស៍ និងបន្សល់ទុកកូនកាត់នៅប្រទេសកម្ពុជា ក្នុងកំឡុងពេល ប្រតិបត្តិការរបស់ខ្លួន ហើយបានផ្តាំផ្ញើទៅកងកម្លាំងមួកខៀវទាំងអស់ អោយពង្រីកចំណេះដឹងទូទៅ ពិសេសផ្នែកភាសាបរទេស, គោរពវិន័យ ច្បាប់ទម្លាប់ អនុសាសន៍ និងបទបញ្ជា, បន្តទំនាក់ទំនងល្អជាមួយប្រជាជននៅកន្លែងដែលខ្លួនប្រតិបត្តិការ និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ ព្រមទាំងចេះជួយយកអាសារគ្នាទៅវិញទៅមក៕