រសៀលថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសជួបកីឡាករជ័យលាភីនៃការប្រកួតកីឡាអាស៊ានប៉ារ៉ា ហ្គេម លើកទី ៨ នៅប្រទេសសឹង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars ដែលរៀបចំឡើងនៅ វិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានសូមអោយរដ្ឋមន្ត្រីពីររូប គឺរដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំនូវការជួបជុំគ្នាមួយ រវាងសម្ដេច និងកីឡាករគ្រប់ប្រភេទ នៅកោះពេជ្រ មុនថ្ងៃចូលឆ្នាំខ្មែរ នាវេលាល្ងាចថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ដែលជាថ្ងៃខួបកំណើតសិប្បនិមិ្មតរបស់សម្តេច។ ក្នុងឱកាសដដែលនោះ សម្តេចតេជោ បានរំលឹកថា សម្តេចមិនបានប្រើបណ្តាញទំនាក់ទំនងសង្គម Facebook ប្រកួតប្រជែងជាមួយអ្នកណា ឬដើម្បីប្រជាប្រិយភាពទេ តែគឺដើម្បីបម្រើជាតិឲ្យមានប្រសិទ្ធិភាព និងថាជាមួយបណ្តាញទំនាក់ទំនងនេះ មិនមាននរណាអាចបោកប្រាស់សម្តេចបានទៀតឡើយ។ Facebook Page របស់សម្ដេចតេជោ មានអ្នក Like ច្រើនជាងគេនៅកម្ពុជា ហើយទើបតែមានចំនួនលើសពីចំនួន Like នៃ Facebook វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) កាលពី ថ្ងៃ ច័ន្ទទី ០៧ ខែ មីនា កន្លងទៅនេះ៕
Share this post