ព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសសម្ពោធភូមិកុមារ អេសអូអេស ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប អោយងាកមកប្រើប្រាស់អំបិលក្នុងស្រុកវិញ ព្រោះជាអំបិលផលិតចេញពីទឹកសមុទ្រ មិនដូចអំបិលនាំចូលពីបរទេស ដែលផលិតចេញពីរ៉ែក្រោមដីឡើយ។ លើសពីនេះទៀត សម្តេចបានទាញអារម្មណ៍ថា អំបិលកម្ពុជាមានបញ្ចូលនូវសារធាតុអ៊ីយ៉ូត ដែលជួយការពារមិនអោយមានជំងឺពកកផង។ ពាក់ព័ន្ធនឹងសកម្មភាពអង្គការ “ភូមិកុមារ SOS អន្តរជាតិ” សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវសេចក្ដីរីករាយ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរួម ចាប់តាំងពីឆ្នាំ ១៩៩៩ ដែលមកទល់គ្នានឹងពេលនេះ បានចំណាយថវិកាប្រមាណជាង ២៦ លានដុល្លារ រួមចំណែកជួយដល់កុមារកម្ពុជា នៅ ៦ ទីតាំង ផ្តល់សេវាជំនួយដល់កុមារកម្ពុជាជិត ២ ពាន់នាក់។ សម្ដេចតេជោ អះអាងថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចសហការជាមួយ អង្គការ “ភូមិកុមារ SOS អន្តរជាតិ” បន្តទៀត និងបានដាស់តឿនដល់ខេត្តនានា ត្រៀមដីទុកឱ្យហើយ បើមានបំណងចង់ឱ្យអង្គការ “ភូមិកុមារ SOS អន្តរជាតិ” ទៅជួយ។ សម្តេចតេជោ ចាត់ទុក “ភូមិកុមារ SOS អន្តរជាតិ” បានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួយដល់កុមារកំព្រាកម្ពុជាឱ្យទទួលមានការរស់នៅ ការអប់រំ ការការពារសិទ្ធិ សេរីភាព អភិវឌ្ឍខ្លួនកាន់តែប្រសើរឡើង និងបានសម្រេចផ្តល់ដីសាងសង់វិទ្យាល័យ ផ្តល់ការអប់រំកម្រិតមធ្យមនៅ “ភូមិកុមារ SOS កំពត” និងជាប្រយោជន៍ដល់កូនចៅអ្នកស្រុកដែលនៅតំបន់ក្បែរនោះ៕
Share this post