ថ្ងៃ ១៦ មីនា ឆ្នាំ ២០១៦ ថ្លែងក្នុងពិធីសម្ពោធស្ថានីយ៍អ្នកដំណើរថ្មី នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សមិទ្ធិផលថ្មីនេះ នឹងជម្រុញបន្ថែមទៀតនូវសមត្ថភាពនៃព្រលានយន្តហោះ ក្នុងការទទួលអ្នកដំណើរប្រមាណ ៥ លាននាក់ក្នុងមួយឆ្នាំ និងឆ្លើយតបទៅនឹងការកើនឡើងនូវការមកដល់នៃភ្ញៀវ ក្នុងពេលពីប្រាំ ទៅ ប្រាំបីឆ្នាំខាងមុខ។ សម្តេចតេជោ បានគូសបញ្ជាក់ ថា “កាលពីឆ្នាំកន្លងទៅ ចំនួនទេសចរមកទស្សនាកម្ពុជាបានឡើងដល់ ៤,៧ លាននាក់ អាស្រ័យដោយសន្តិភាពពេញលេញក្នុងប្រទេស បន្ទាប់ពីការអនុវត្តគោលនយោបាយឈ្នះ/ឈ្នះ”។ ក្នុងពេលដែលវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបានទទួលអោយចុះចតនូវយន្តហោះប្រភេទធំៗនានា មានទាំងយន្តហោះនៃប្រធានាធិបតីសហរដ្ឋអាមេរិកផង សម្តេចតេជោ បានជម្រុញអោយមន្ត្រីទាំងឡាយ នៃបណ្តាផ្នែកការងារពាក់ព័ន្ធនៅតាមព្រលានយន្តហោះទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា អោយយកចិត្តទុកដាក់ផ្តល់សេវាល្អ និងមានប្រសិទ្ធិភាព ដើម្បីទាក់ទាញទេសចរច្រើនឡើងទៀត អោយមកទស្សនកិច្ចនៅកម្ពុជា។ សូមជំរាបថា កាលពី ខែ កុម្ភៈ ឆ្នាំនេះ ព្រលានយន្តហោះនៅកម្ពុជា បានទទួល និងជូនដំណើរអ្នកដំណើរ ៦៨៥ ពាន់នាក់ មានចលនាយន្តហោះប្រមាណ ១៤០០០ ជើង ដែលជាការកើនឡើង ៧,១% និង ១២,៥% រៀងគ្នា ធៀបទៅឆ្នាំមុន។ ដោយឡែក ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានទទួលអ្នកដំណើរជាង ២៨៨ ពាន់នាក់ ជាការកើនឡើង ១៥,២%៕
Share this post