ក្នុងពិធីអបអរខួបលើកទី ១០៥ ទិវាអន្តរជាតិ ៨ មីនា, ឆ្លើយតបទៅសំណូមពរ ស្តីពី ការតម្លើងប្រាក់បៀវត្សសម្រាប់ភរិយា និងកូនៗ នៃមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សម្តេចតេជោ បានអរគុណចំពោះការផ្តល់មតិ និងបញ្ជាក់ថា បានបញ្ជូនសំណូមពរអោយរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីមុខងារសាធារណៈ រកដំណោះស្រាយហើយ។ សម្តេចតេជោ ជំរាបជូនថា “បើទោះជាមិនអាចតម្លើងបៀវត្ស សម្រាប់ភរិយា និងកូន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ (នៅឆ្នាំនេះក្តី) ខ្ញុំសង្ឃឹមថា អាចមានចំណែកខ្លះ នៅពេលភ្ជុំ ជាដើម … ប៉ុន្តែឆ្នាំ ២០១៧ បៀវត្សនេះនឹងត្រូវបានបង្កើន …”។ ទន្ទឹមនោះ សម្តេចតេជោ បានទាញអារម្មណ៍ថា ក្នុងខែមេសា ដល់ពេលដែលត្រូវតម្លើងបៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធហើយ។ ទាក់ទងនឹងទិវានារីអន្តរជាតិ សម្តេចបានក្រើនរំលឹកអោយស្រ្តី និងបុរស មានការអត់ធ្មត់ និងយោគយល់គ្នា ក្នុងទំនាក់ទំនងទ្វេទិស ដើម្បីជៀសវាងជម្លោះ ការលែងលះ បែកបាក់គ្រួសារ៕
Share this post