សេចក្តីដកស្រង់ប្រសាសន៍ បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ៥ ឆ្នាំ
បិទយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ជុំទី ១, ចាក់វ៉ាក់សាំងកូវីដ-១៩ កុមារអាយុ ៥ ឆ្នាំ, បើកសាលារៀន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី នៅក្នុងពិធីប្រកាសបិទជាផ្លូវការ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី ១ ជូនដល់ប្រជាជនអាយុ(ចាប់)ពី ៦ ឆ្នាំឡើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង(កូវីដ-១៩) ជាផ្លូវការ កាលពីថ្ងៃទី ៤ មីនា ២០២១ សម្រាប់ប្រជាជន ដែលមានអាយុពី ១៨ ឆ្នាំឡើង ជាមួយនឹងការប្រកាសដើម្បីបិទយុទ្ធនាការចាក់វ៉ាក់សាំង (បង្ការជំងឺកូវីដ-១៩) ជុំទី ១ របស់យើង។ ថ្ងៃនេះ យើងក៏មានការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង(បង្ការជំងឺកូវីដ-១៩) សម្រាប់កុមារអាយុ ៥ ឆ្នាំតែម្តង។ ថ្ងៃនេះ យើងក៏បានដឹងថា សាលានៅទូទាំងប្រទេសក៏ត្រូវបានបើកទ្វារ។ ខ្ញុំក៏បានទទួលតាមរយៈហ្វេសប៊ុកផេករបស់ខ្ញុំ នូវកុមារដែលបានស្លៀកពាក់ឯកសណ្ឋាន(ជាសិស្ស)ចូលរៀន ហើយត្រូវឪពុក(ម្តាយ) បានវាយបញ្ចូលមកក្នុងខម្មិន(របស់ខ្ញុំ) ថតរូបភាពកូនរបស់ខ្លួន ដែលបានចេញទៅរៀន។ ជាមួយគ្នានេះ ថ្ងៃនេះ យើងចាប់ផ្តើមបើកប្រទេសឡើងវិញ។…