- ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយឥតឧបមាដោយបានមកចូលរួមដោយផ្ទាល់ក្នុង ពិធីអបអរសាទរការផ្ដល់វ៉ាក់សាំង ដោយជោគជ័យរបស់ប្រទេសចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ជុំទីមួយរបស់កម្ពុជា។ ខ្ញុំក៏សូមសម្ដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) បន្ថែមចំនួន ២ លានដូស នាថ្ងៃនេះ។
នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក ការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ការពារសុខភាពសាធារណៈ និងជួយសង្រ្គោះអាយុជីវិតប្រជាជន។ ក្នុងស្មារតីនេះ កម្ពុជាបានចាត់ទុក វ៉ាក់សាំងជាទំនិញយុទ្ធសាស្រ្ត និងបានរៀបចំយុទ្ធសាស្រ្តទិញឲ្យបានគ្រប់គ្រាន់ និងឆាប់បំផុត ដើម្បីចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ប្រជាជន ដោយមិនរង់ចាំរហូតដល់ពេលមានការបែងចែកទូលំទូលាយជាសកលនោះទេ។ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តនេះ កម្ពុជាបានជ្រើសយកចិនជាបង្អែកយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង។ ការសម្រេចចិត្តដ៏ត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលានេះ ធ្វើឲ្យកម្ពុជាទទួលបាននូវបរិមាណវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាប់ផ្ដើមពីមន្រ្តី និងកងកម្លាំងបម្រើសេវាជួរមុខ បន្ទាប់មកប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង កុមារ និងយុវវ័យដែលមានអាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ និងចុងក្រោយនេះកុមារដែលមានអាយុ ៥ ឆ្នាំ។
ការទទួលបាននូវវ៉ាក់សាំងជាប់មិនដាច់ ដែលផ្ដល់ដោយប្រទេសចិន ទាំងជាវ៉ាក់សាំងជំនួយ និងទាំងជាវ៉ាក់សាំងដែលបានបញ្ជាទិញ រួមជាមួយនឹងការទទួលបាននូវជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍនានា បានផ្ដល់លទ្ធភាពឲ្យកម្ពុជា សម្រេចបានជោគជ័យមុនផែនការកំណត់ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ជុំទី ១ ជូនដល់ប្រជាជនអាយុចាប់ពី ៦ ឆ្នាំឡើងទៅ ក្នុងក្របខណ្ឌទូទាំងប្រទេស និងបានប្រកាសបិទបញ្ចប់ជាផ្លូវការនូវយុទ្ធនាការជាតិនេះ ព្រមទាំងបានប្រកាសជាផ្លូវការនូវការបើកប្រទេសឡើងវិញ លើគ្រប់វិស័យជាបណ្ដើរៗ សំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញតាម «គន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ។
គិតត្រឹមថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ប្រជាជនកម្ពុជាដែលមានអាយុ ៥ ឆ្នាំឡើង បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានរហូតជាង ៨៧,៧% ក្នុងចំណោមប្រជាជនក្នុងប្រទេសសរុបចំនួនប្រមាណ ១៦ លាននាក់ ហើយសង្ឃឹមថាយប់នេះអត្រានៃការចាក់វ៉ាក់សាំងនឹងឡើងលើសពី ៨៨ ភាគរយ ដែលជាអត្រាគ្របដណ្តប់។ ការណ៍នេះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេស ដែលមានអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ទាំងក្នុងតំបន់ និងសកលលោក សម្រេចបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ ដែលនឹងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការឆ្លងរាលដាល ការចម្លង ការវិវត្តទៅរកភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងស្ដារ និងជំរុញឡើងវិញនូវកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ភាពជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់កម្ពុជាខាងលើនេះ គឺមិនអាចកាត់ផ្ដាច់ចេញពីការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រទេសចិនបានឡើយ។ គិតត្រឹមថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ មិត្តចិនបានផ្ដល់ជាជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៦.៨០០.០០០ ដូស ដោយក្នុងនោះ វ៉ាក់សាំងជាជំនួយចំនួន ៨.៣០០.០០០ ដូស និងវ៉ាក់សាំងបញ្ជាទិញ ២៨.៥០០.០០០ ដូស។ ទន្ទឹមនឹងនេះ ជំនួយវ៉ាក់សាំងបន្ថែមចំនួន ២.០០០.០០០ ដូស ដែលប្រគល់-ទទួលនាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនទូទៅ អាយុចាប់ពី ១៨ ឆ្នាំឡើង និងចាក់វ៉ាក់សាំងដូសមូលដ្ឋាន ជូនដល់កុមារអាយុ ៥ ឆ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស។
- សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
វ៉ាក់សាំងដែលមានប្រភពមកពីប្រទេសចិន បានដើរតួនាទីជាវ៉ាក់សាំងយុទ្ធសាស្រ្តស្នូលរបស់កម្ពុជា និងជាកូនសោរគន្លឹះ ក្នុងការការពារសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដែកថែបដ៏ពិតប្រាកដ ដែលតែងតែជួយគាំទ្រកម្ពុជាក្នុងគ្រាលំបាក បានទាន់ពេល និងដោយគ្មានលក្ខខណ្ឌ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះមិត្តចិន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេត្តមនុស្សជាតិនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងតែងតែគាំទ្រ ហើយយកចិត្តទុកដាក់លើដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ ទន្ទឹមនេះ ការផ្ដល់វ៉ាក់សាំងរបស់មិត្តចិនដល់កម្ពុជា និងបណ្ដាប្រទេសដទៃទៀត ក៏ជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីភាពដឹកនាំសកលរបស់ប្រទេសចិន ក្នុងការចាត់ទុកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាទំនិញសាធារណៈសកល (Global Public Goods) និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃជំងឺកូវីដ-១៩។
(ផ្តើមសេចក្តីអធិប្បាយ)
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិជាទីស្នេហា!
កាលពីល្ងាចថ្ងៃចន្ទនេះ ខ្ញុំបានពិភាក្សាដោយផ្លែផ្កាជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីចិន Li Keqiang ដែលពេលនោះប្រធានបទជាច្រើនត្រូវលើកមកពិភាក្សា។ ប៉ុន្តែ អ្វីដែលសំខាន់ខ្ញុំបានបញ្ជាក់ថា នេះគ្រាន់តែជាការបញ្ចប់នូវដំណាក់កាលទី ១ ប៉ុន្តែ កម្ពុជានៅត្រូវការនូវការផ្គត់ផ្គង់វ៉ាក់សាំងពីប្រទេសចិនមកជាបន្តទៀត។ មិនមែនបញ្ចប់នៅថ្ងៃនេះទេ នេះជាការបញ្ចប់នូវជុំទី ១ នៃជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន ក៏បានសន្យាអំពីការបន្តការផ្គត់ផ្គង់វ៉ាក់សាំង។
នៅមុននេះបន្តិចខ្ញុំបាននិយាយជាមួយនឹងឯកឧត្តមអគ្គរដ្ឋទូត Wang Wentianទាក់ទងជាមួយនឹងការផ្គត់ផ្គង់បន្ត។ យើងក៏បានដើរដល់គំនិតផ្តួចផ្តើមស្តីអំពីការផលិតវ៉ាក់សាំងនៅនឹងកម្ពុជាតែម្តង។ ហើយក្នុងនោះមានប្រទេសមួយចំនួនបានធ្វើរួចទៅហើយ ដែលគេបានផលិតជាវ៉ាក់សាំងសម្រេចចុងក្រោយនៅនឹងកម្ពុជា…។នេះគេហៅថារបៀបនៃកិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំងដែលមានមូលដ្ឋានផលិតវ៉ាក់សាំងនៅនឹងកម្ពុជា ហើយដែលផ្តល់ប្រភពវ៉ាក់សាំងចេញពីប្រទេសចិន។ ធ្វើយ៉ាងដូច្នេះ កម្ពុជាមានលទ្ធភាពដើម្បីទិញយកវ៉ាក់សាំង ដែលផលិតនៅក្នុងរោងចក្រ ដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីប្រើប្រាស់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃទៀតតាមរយៈនៃការបញ្ជាទិញពីប្រទេសដទៃ។
ខ្ញុំសង្ឃឹមថាឯកឧត្តម Wang Wentian នឹងបញ្ជូននូវសំណើរបស់ខ្ញុំជូនឯកឧត្តម ប្រធានាធិបតី Xi Jinping ឯកឧត្តមនាយករដ្ឋមន្រ្តី Li Keqiang ក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀតដើម្បីបើកឱកាសឲ្យមានការផលិតវ៉ាក់សាំងក្នុងប្រទេសរបស់យើង ព្រោះយើងមិនបានដឹងថាតើ កូវីដ–១៩ វាត្រូវបញ្ចប់នៅពេលណាទេ។ ដូច្នេះ ប្រសិនបើយើងអាចបង្កើតបានស្ថានភាពនៃការផលិតវ៉ាក់សាំង ដែលជាដំណាក់កាលចុងក្រោយជាផលិតផលសម្រេចនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងមានឱកាសច្រើនណាស់សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជារបស់យើង ដោយយើងមិនចាំបាច់ខ្វល់ខ្វាយទៅរកនៅទីកន្លែងណាផ្សេង ហើយត្រូវការដឹកជញ្ជូននៅក្នុងចម្ងាយដ៏ឆ្ងាយនោះទេ។ ក៏ប៉ុន្តែ វត្ថុធាតុដើមវ៉ាក់សាំងដែលបានផលិតត្រូវយកមក(ពីចិនហើយ)រៀបចំឲ្យទៅជាផលិតផលសម្រេចនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថា បើយើងធ្វើបានយ៉ាងដូច្នេះ គឺយើងធានាថា បើទោះបីជាកូវីដ–១៩ ត្រូវអូសបន្លាយ ២ ទៅ ៣ ឆ្នាំទៀត ឬ ៥ ឆ្នាំទៀត យើងមានមូលដ្ឋានវ៉ាក់សាំងនៅក្នុងប្រទេសរបស់យើង។ ហើយក៏សូមប្រគល់ការងារនេះ ជូនក្រសួងសុខាភិបាលធ្វើការបន្តជាមួយនឹងអគ្គរដ្ឋទូតចិននៅទីនេះ ក៏ដូចជាបណ្តាផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីបើកឲ្យមានការផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីក៏បានធ្វើបែបនេះដូចកម្ពុជា ដូចអ្វីដែលខ្ញុំនិយាយ ប្រទេសថៃក៏មានការធ្វើ AstraZeneca ត្រូវបានផលិតនៅក្នុងប្រទេសថៃ តាមរយៈនៃការដឹកជញ្ជូនយកមករៀបចំផលិតចុងក្រោយនៅក្នុងប្រទេសថៃ។ យើងក៏មានលទ្ធភាពដើម្បីនឹងធ្វើករណីនេះ គឺដឹកជា Sinovac ឬ Sinopharm មករៀបចំ ឬផលិតនៅដំណាក់កាលចុងក្រោយចេញពីកម្ពុជា ដែលផ្តល់ឱកាសឲ្យកម្ពុជាអាចមានវ៉ាក់សាំងចាក់សម្រាប់ប្រជាជនខ្លួនឯងផង (ដោយ)ទិញយកពីរោងចក្រដើម្បីផ្គត់ផ្គង់ចាក់ដោយខ្លួនឯងផង និងសម្រាប់ចែកចាយទៅខាងក្រៅផង។
សង្ឃឹមថាឯកឧត្តមនឹងជូនព័ត៌មាននេះយ៉ាងឆាប់ ទៅកាន់ឯកឧត្តមប្រធានាធិបតី Xi Jinping នាយករដ្ឋមន្រ្តី Li Keqiang និងផ្នែកពាក់ព័ន្ធដទៃទៀត។ ហើយនេះក៏ជាសារនយោបាយមួយជូនប្រជាជនកម្ពុជាអំពីកិច្ចការដែលរាជរដ្ឋាភិបាលត្រូវធ្វើកិច្ចការសហប្រតិបត្តិការជាមួយមិត្តចិន ដែលមុននេះជាប្រភពផ្គត់ផ្គង់យុទ្ធសាស្រ្តសម្រាប់ការផ្តល់វ៉ាក់សាំងចំពោះយើង តែឥឡូវនេះ យើងប្រើវិធីសាស្រ្ត ១ ផ្សេងទៀតដែលមានល្បឿនលឿនជាងមុន ហើយធានាជាងមុនមួយកម្រិតទៀត ដើម្បីធានាថាប្រទេសកម្ពុជានឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីនឹងចាក់ជូនប្រជាពលរដ្ឋរបស់យើងនៅពេលដែលមានការចាំបាច់។
(បញ្ចប់សេចក្តីអធិប្បាយ)
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ជាទីបញ្ចប់ ខ្ញុំក៏សូមអំពាវនាវដល់ជនរួមជាតិទាំងអស់នាំយកកូន-ចៅ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងទៅចាក់វ៉ាក់សាំងដូសជំរុញខ្លួនឯង ទៅតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច សូមបន្តអនុវត្តនូវរាល់វិធានការសុខាភិបាលដែលបានដាក់ចេញ និងសូមប្រកាន់ខ្ជាប់នូវ «៣ ការពារ ៣ កុំ»»»»។ ដោយប្រទេសយើងបាន និងកំពុងបើកដំណើរការឡើងវិញ លើគ្រប់វិស័យជាបណ្ដើរៗ សូមជនរួមជាតិទាំងអស់រៀបចំ ចាត់ចែង និងគ្រប់គ្រងសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ដោយប្រកាន់នូវគោលការណ៍ «មិនហ៊ានពេក និងមិនត្រូវខ្លាចជ្រុលពេក» ដើម្បីលើកស្ទួយជីវភាពខ្លួនឯង ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច។
ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ឲ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងការរីកចម្រើនរុងរឿងទៅមុខជានិរន្តរ៍៕
សូមអរគុណ!