ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
រដូវភ្លៀងជិតបញ្ចប់ ជំនួសដោយរដូវត្រជាក់។ រដូវរំហើយមកដល់នាពេលខាងមុខនេះ។ ថ្ងៃនេះចាប់ផ្តើមនូវព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ក៏បានបញ្ជាក់ឱ្យយើងបានដឹងបានឃើញអំពីធាតុអាកាសប្រែប្រួល ដែលរដូវភ្លៀងនឹងត្រូវបញ្ចប់ជំនួសទៅដោយរដូវរំហើយ ដែលជារដូវរងា។ ស្ថានភាពកូវីដ-១៩ របស់ប្រទេសរបស់យើងពិតមែនតែមានការថមថយ ក៏ប៉ុន្តែមិនទាន់បានបញ្ចប់នៅឡើយទេ។ បើទោះបីមិនទាន់មានការសិក្សាច្បាស់លាស់តាមបែបវិទ្យាសាស្ត្រក៏ដោយចុះ ក៏ប៉ុន្តែតាមបទពិសោធន៍ពីប្រទេសមួយចំនួននៅពេលដែលរដូវត្រជាក់បានចាប់ផ្តើម ជំងឺឆ្លងតែងកើតមាន។ ឥឡូវកូវីដ-១៩ ទោះបីបានធូរស្រាលនៅក្នុងប្រទេសរបស់យើង ក៏ប៉ុន្តែមិនទាន់បានបញ្ចប់នៅឡើយទេ។
ខ្ញុំព្រះករុណាខ្ញុំ សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ទៅលើការថែទាំសុខភាព នៅក្នុងពេលដែលមានភាពត្រជាក់កើតឡើង ជាពិសេសអំពាវនាវឱ្យយកចិត្តទុកដាក់ជាពិសេសសម្រាប់មនុស្សចាស់។ ក្រុមគ្រួសារនីមួយៗដែលមានជីដូនជីតា ឪពុកម្តាយចាស់ៗ សូមយកចិត្តទុកដាក់ជាពិសេសផ្គត់ផ្គង់សម្រាប់ពួកគាត់ ថែទាំពួកគាត់ឱ្យគាត់មានការកក់ក្តៅ តាមរយៈការផ្តល់ភួយសម្រាប់ក្រុមគ្រួសារទាំងនេះ។ យើងមិនអាចមើលស្រាលនូវអ្វីដែលប្រុងនឹងកើតឡើងទេ ត្រូវមានជំហានចាំបាច់ត្រៀមទុកជាមុន។ ក្នុងនោះ សូម្បីតែកងកម្លាំងប្រដាប់អាវុធក៏បានដោះស្រាយរួចទៅហើយ នូវអាវរងាសម្រាប់ការពារនូវជំងឺឆ្លង ឬការពារកុំឱ្យមានការរងាសម្រាប់កងកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែ ការកង្វល់ធំ គឺស្ថិតនៅត្រង់មនុស្សចាស់ ដែលពួកគាត់ចាញ់រងា។ ដូច្នេះហើយ ខ្ញុំអំពាវនាវចំពោះក្រុមគ្រួសារដែលមានបិតាមាតា ជីដូនជីតា ជាមនុស្សចាស់ យកចិត្តទុកដាក់ទៅលើការថែទាំសុខភាពរបស់ពួកគាត់។
មួយផ្នែកទៀតខ្ញុំព្រះករុណាខ្ញុំក៏សូមអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាយកចិត្តទុកដាក់ជាមួយមនុស្សចាស់ដែលពុំមានទីពឹង មានន័យថា មនុស្សចាស់ដែលពុំមានកូនចៅនៅជាមួយ ត្រូវផ្តល់នូវសម្ភារចាំបាច់ជាមុង ជាភួយ ដើម្បីឱ្យពួកគាត់មានការកក់ក្តៅនៅក្នុងកាលៈទេសៈ ដែលត្រូវឆ្លងកាត់នៅក្នុងដំណាក់កាលនៃរដូវរងានេះ។ សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជនក៏ដូចជាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ទៅលើអ្នកដែលពុំមានទីពឹងពំនាក់ ដែលពួកគាត់ងាយនឹងរងគ្រោះដោយសារជំងឺផ្សេងៗ ជាពិសេសគឺកូវីដ-១៩ នេះតែម្ដង។
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអំពាវនាវចំពោះព្រះចៅអធិការវត្តគ្រប់ទីអារាម សូមព្រះមេត្តាយកចិត្តទុកដាក់ជាមួយនឹងយាយជី តាជី និយាយរួមគឺមនុស្សចាស់ ដែលបានទៅសុំសីលសុំទាន និងជ្រកនៅតាមទីអារាមនានា សូមមេត្តាយកចិត្តទុកដាក់ជួយពួកគាត់ បង្កលក្ខណៈឲ្យពួកគាត់មានភាពកក់ក្ដៅ តាមរយៈនៃការផ្ដល់ជាភួយ មុង នៅក្នុងគ្រាដ៏លំបាកនេះ។ សូម្បីតែព្រះសង្ឃខ្លួនឯង ដែលមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែទាំនូវសុខភាពរបស់ព្រះសង្ឃ ដែលមួយចំនួនមានព្រះជន្មចាស់ណាស់ទៅហើយ។
រដូវរងាតែនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្ដាសាយ ហើយភាពផ្ដាសាយនេះនៅក្នុងពេលដែលកើតកូវីដ-១៩នេះ វាងាយនាំទៅដល់ការឆ្លងនៃជំងឺកូវីដ-១៩ពិតប្រាកដ។ ដូច្នេះជារួមសារមួយនេះ ខ្ញុំសំដៅអំពាវនាវជូនចំពោះប្រជាពលរដ្ឋរបស់យើង ឲ្យយកចិត្តទុកដាក់ការពារសុខភាពនៅក្នុងរយៈពេលនៃរដូវរងា រដូវរំហើយនេះ ដែលធម្មតាតែងតែមានជំងឺឆ្លងនៅក្នុងដំណាក់កាលនៃប្រទេសរបស់យើង ពុំទាន់បានបញ្ចប់នូវកូវីដ-១៩។ ហានិភ័យនៅមានខ្ពស់នៅឡើយ ប៉ុន្តែ ប្រសិនបើយើងទាំងអស់គ្នាមានការយកចិត្តទុកដាក់ថែទាំសុខភាពនេះ គឺយើងអាចឆ្លងកាត់បាននៅក្នុងដំណាក់កាលដែលនឹងមកដល់ពេលខ្លីខាងមុខនេះ។
សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរកម្សាន្តនៅទីកន្លែងនានា យកចិត្តទុកដាក់ការពារសុខភាពនៅក្នុងដំណាក់កាលនៃពិធីបុណ្យសំពះព្រះខែ បណ្ដែតប្រទីប អកអំបុក អុំទូក បើទោះបីយើងមិនបានចាត់តាំងប្រមូលផ្ដុំក៏ដោយ សូមឲ្យយកចិត្តទុកដាក់ថែទាំតាមទីកន្លែងនានា នូវម្ខាងជាសុវត្ថិភាពទាក់ទងនឹងសន្តិសុខ តែម្ខាងទៀតសុវត្ថិភាពទាក់ទងនឹងជំងឺឆ្លង ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ ៣ ការពារ និង ៣ កុំ ដើម្បីចៀសវាងនូវការឆ្លង ហើយនិងត្រូវមានវិធានការគ្រប់គ្រងកូវីដ-១៩ឡើងវិញ ក្នុងពេលដែលយើងទើបនឹងបើកបានក្នុងរយៈពេល ១៨ ថ្ងៃ តែប៉ុណ្ណោះ។
សង្ឃឹមថា ប្រទេសរបស់យើងនឹងទទួលបាននូវផលប្រយោជន៍ ពីការរួមគ្នាដើម្បីការពារនូវសុខភាពប្រជាពលរដ្ឋ ជាពិសេស សារអំពាវនាវនេះគឺសំដៅឆ្ពោះទៅរកមនុស្សចាស់ ដែលភាគច្រើនចាញ់រងា ដោយត្រូវផ្ដល់ជូនពួកគាត់នូវមុង នូវភួយ និងអាវរងា ដែលអាចផ្ដល់ឲ្យពួកគាត់នូវភាពកក់ក្ដៅមួយ ដើម្បីចៀសវាងឲ្យខាងតែបាននូវការរងារហូតទៅគ្រោះថ្នាក់ដល់អាយុជីវិត ឬដល់ការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសកូវីដ–១៩នេះតែម្ដង។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមទៅលើព្រះសង្ឃគ្រប់ព្រះអង្គ ទៅលើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទៅលើក្រុមគ្រួសារនីមួយៗ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ជីដូនជីតា ឪពុកម្ដាយរបស់ខ្លួន៕