សារសម្លេង ក្រើនរំលឹកឲ្យយកចិត្តទុកដាក់ការពារសុខភាព ជាមួយនឹងការមកដល់ខាងមុខនៃរដូវ​រំហើយ និងអាកាសធាតុត្រជាក់

ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! រដូវភ្លៀងជិតបញ្ចប់ ជំនួសដោយរដូវត្រជាក់។ រដូវរំហើយមកដល់នាពេលខាងមុខនេះ។ ថ្ងៃនេះចាប់ផ្តើមនូវព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ក៏បានបញ្ជាក់ឱ្យយើងបានដឹងបានឃើញអំពីធាតុអាកាសប្រែប្រួល ដែលរដូវភ្លៀងនឹងត្រូវបញ្ចប់ជំនួសទៅដោយរដូវរំហើយ ដែលជារដូវរងា។ ស្ថានភាពកូវីដ-១៩ របស់ប្រទេសរបស់យើងពិតមែនតែមានការថមថយ ក៏ប៉ុន្តែមិនទាន់បានបញ្ចប់នៅឡើយទេ។ បើទោះបីមិនទាន់មានការសិក្សាច្បាស់​លាស់​តាមបែបវិទ្យាសាស្ត្រក៏ដោយចុះ ក៏ប៉ុន្តែតាមបទពិសោធន៍ពីប្រទេសមួយចំនួននៅពេលដែលរដូវត្រជាក់បានចាប់ផ្តើម ជំងឺឆ្លងតែងកើតមាន។ ឥឡូវកូវីដ-១៩ ទោះបីបានធូរស្រាលនៅក្នុងប្រទេសរបស់យើង ក៏ប៉ុន្តែមិនទាន់បានបញ្ចប់នៅឡើយទេ។ ខ្ញុំព្រះករុណាខ្ញុំ សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ទៅលើការថែទាំសុខភាព នៅក្នុងពេលដែលមានភាពត្រជាក់កើតឡើង ជាពិសេសអំពាវនាវឱ្យយកចិត្តទុកដាក់ជាពិសេសសម្រាប់មនុស្សចាស់។ ក្រុមគ្រួសារនីមួយៗដែលមានជីដូនជីតា ឪពុកម្តាយចាស់ៗ សូមយកចិត្តទុកដាក់ជាពិសេសផ្គត់ផ្គង់សម្រាប់ពួកគាត់ ថែទាំពួកគាត់ឱ្យគាត់មានការកក់ក្តៅ តាមរយៈការផ្តល់ភួយសម្រាប់ក្រុមគ្រួសារទាំងនេះ។ យើងមិនអាចមើលស្រាលនូវអ្វីដែលប្រុងនឹងកើតឡើងទេ ត្រូវមានជំហានចាំបាច់ត្រៀមទុកជាមុន។ ក្នុងនោះ សូម្បីតែកងកម្លាំងប្រដាប់អាវុធក៏បានដោះស្រាយរួចទៅហើយ នូវអាវរងាសម្រាប់ការពារនូវជំងឺឆ្លង ឬការពារកុំឱ្យមានការរងាសម្រាប់កងកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែ ការកង្វល់ធំ គឺស្ថិតនៅត្រង់មនុស្សចាស់ ដែលពួកគាត់ចាញ់រងា។ ដូច្នេះហើយ ខ្ញុំអំពាវនាវចំពោះក្រុមគ្រួសារដែលមានបិតាមាតា ជីដូនជីតា ជាមនុស្សចាស់ យកចិត្តទុកដាក់ទៅលើការថែទាំសុខភាពរបស់ពួកគាត់។ មួយផ្នែកទៀតខ្ញុំព្រះករុណាខ្ញុំក៏សូមអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាយកចិត្តទុកដាក់ជាមួយមនុស្សចាស់ដែលពុំមានទីពឹង មានន័យថា មនុស្សចាស់ដែលពុំមានកូនចៅនៅជាមួយ ត្រូវផ្តល់នូវសម្ភារចាំបាច់ជាមុង ជាភួយ ដើម្បីឱ្យពួកគាត់មានការកក់ក្តៅនៅក្នុងកាលៈទេសៈ ដែលត្រូវឆ្លងកាត់នៅក្នុងដំណាក់កាលនៃរដូវរងានេះ។ សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជនក៏ដូចជាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ទៅលើអ្នកដែលពុំមានទីពឹងពំនាក់…