ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី!
ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម លោកជំទាវ ធុរជន និងវិនិយោគិនទាំងអស់នៃបណ្តាប្រទេសអាស៊ី-អ៊ឺរ៉ុប ដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី ១ នាថ្ងៃនេះ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានកិត្តិយស និងមោទនភាពក្រៃលែង ក្នុងការទទួលរៀបចំវេទិកានេះឡើង ជាលើកដំបូង ដោយប្រព្រឹត្តទៅ អមជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ។
ជាការពិត វេទិកានេះមានភាពចាំបាច់ សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឱកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ជាពិសេសការផ្លាស់ប្ដូរយោបល់លើមូលបទដ៏មានសារៈសំខាន់ គឺ “ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី ៤” សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងគន្លងប្រក្រតីភាពថ្មី។
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី!
យើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍរួម។ ជាមួយគ្នា កិច្ចសហប្រតិបត្តិការនេះ នៅមានសក្ដានុពលជាច្រើនទៀត ដែលយើងត្រូវចាប់យក ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ជាក់ស្ដែង ទំហំសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប មានចំណែកប្រមាណ ៦៥ ភាគរយនៃសេដ្ឋកិច្ចសកល ខណៈដែលទំហំពាណិជ្ជកម្ម មានប្រមាណជា ៥៥ ភាគរយនៃពាណិជ្ជកម្មសកល។ ជាទិសដៅទៅមុខ ខណៈដែលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានរំពឹងថា នឹងស្រាកស្រាន្ដនាពេលដ៏ឆាប់ខាងមុខ ការជំរុញប្រក្រតីភាពនៃរំហូរពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ ឱ្យស្របទៅនឹងការផ្លាស់ប្តូរថ្មីជាសកល គឺជាការងារសំខាន់ និងបន្ទាន់ ដើម្បីស្តារ និងជំរុញការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបឡើងវិញ។
ទោះជាយ៉ាងនេះក្ដី ពិភពលោកនៅតែប្រឈមនឹងបញ្ហាស្មុគស្មាញផ្សេងៗទៀត ដែលរួមមាន៖ (១). ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និងច្រវាក់ផលិតកម្មសកល (២). ការលេចឡើងកាន់តែច្បាស់ នូវប្រព័ន្ធពហុប៉ូល និងភាពតានតឹងភូមិសាស្ត្រនយោបាយ (៣). ការធ្លាក់ចុះផលិតភាពសកល (៤). ការកើនឡើងនៃវិសមភាពសង្គម និងភាពក្រីក្រ (៥). ចរន្តកាន់តែខ្លាំង និងលឿន នៃការផ្លាស់ទីតាំងរោងចក្រផលិតកម្ម ដែលបង្កឡើងដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និង (៦). ការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាដើម។ ក្នុងបរិការណ៍នេះ ខ្ញុំសូមយកឱកាសនេះ លើកឡើងនូវទស្សនៈមួយចំនួន ដែលយើងត្រូវយកចិត្តទុកដាក់ សំដៅស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូចខាងក្រោម៖
ទី១. ក្នុងក្របខណ្ឌពហុភាគី យើងសង្កេតឃើញថា ប្រទេសមួយចំនួននៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ និងសកល។ ក្នុងន័យនេះ យើងមានភាពចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហា ក្នុងគ្រប់វិស័យ និងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់យើង ប្រកបដោយចីរភាព និងបរិយាបន្ន។
ទី២. ពាណិជ្ជកម្មអន្តរជាតិ គឺជាក្បាលម៉ាស៊ីនមួយសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន។ ជាមួយនឹងនិន្នាការនៃផ្លាស់ប្តូរនៅក្នុងពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ខ្ញុំយល់ឃើញថា តំបន់យើងទាំងពីរ ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេស ការជំរុញការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលុបបំបាត់របាំងសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីទាញយកសក្តានុពល ជាអតិបរមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ី-អ៊ឺរ៉ុប។
ទី៣. ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី នឹងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅ ការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។ អាស្រ័យហេតុនេះ យើងត្រូវរួមគ្នាទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី ៤ នេះ ឱ្យបានជាអតិបរមា ជាពិសេសសម្រាប់ប្រទេស ដែលមានកម្រិត នៃការអភិវឌ្ឍសេដ្ឋកិច្ចតិចតួច ដោយត្រូវផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើតជាចន្ទល់កំណើនសេដ្ឋកិច្ចមួយថ្មី ដែលរឹងមាំ។
ទី៤. ជាមួយគ្នា ការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយផងដែរ។ ប្រការនេះទាមទារនូវការលើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ស្របតាមគន្លងប្រក្រតីថ្មី ដោយផ្តោតជាសំខាន់លើការជំរុញដល់ការចាប់យកសក្តានុពលពីបដិវត្តន៍ឧស្សាហកម្មទី ៤ ការលើកកម្ពស់ បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាដើម តាមរយៈការលើកកម្ពស់ការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន។
ទី៥. ការជំរុញការអភិវឌ្ឍបៃតង ក៏ជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចសម្រាប់រយៈពេលវែង ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ទៅនឹងអាកាសធាតុ។ ក្នុងន័យនេះ យើងត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដើម្បីជំរុញការអភិវឌ្ឍបៃតងនេះ ជាពិសេស ការជំរុញវិស័យឯកជនឱ្យបង្កើនការវិនិយោគបៃតង ពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក្នុងគ្រប់វិស័យពាក់ព័ន្ធ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី!
ឆ្លៀតឱកាសដ៏កម្រនេះ ខ្ញុំសូមជម្រាបជូនអង្គប្រជុំដោយសង្ខេប អំពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ជាមួយនឹងការគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបាន ក្នុងអត្រាជាង ៨៨% នៃចំនួនប្រជាជន ក្នុងប្រទេស សរុប ១៦ លាននាក់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់ និងរឹង ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ក្នុងនោះ រួមមាន (១). កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) (២). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង(៣). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខ។ ជារួម ការវិវត្តជាវិជ្ជមានទាំងនេះ បាននិងកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន ជាពិសេស ពីតំបន់អឺរ៉ុប។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យអង្គវេទិការបស់យើង ប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា និងទទួលបានជោគជ័យត្រចះត្រចង់ ដើម្បីជាឧត្តមប្រយោជន៍ជូនដល់ប្រជាជាតិយើងទាំងអស់គ្នា៕
ខ្ញុំសូមប្រកាសបើកជាផ្លូវការនូវវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី ១ នាពេលនេះ!
សូមអរគុណ!