សុន្ទរកថា ថ្លែងក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី ១ ក្រោមមូលបទ៖ ““ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី ៤”

ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម លោកជំទាវ ធុរជន និងវិនិយោគិនទាំងអស់នៃបណ្តាប្រទេសអាស៊ី-អ៊ឺរ៉ុប ដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី ១ នាថ្ងៃនេះ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានកិត្តិយស និងមោទនភាព​ក្រៃលែង ក្នុងការទទួលរៀបចំវេទិកានេះឡើង ជាលើកដំបូង ដោយប្រព្រឹត្តទៅ អមជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ។​ ជាការពិត វេទិកានេះមានភាពចាំបាច់ សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឱកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ជាពិសេសការផ្លាស់ប្ដូរយោបល់លើមូលបទដ៏មានសារៈសំខាន់ គឺ “ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី ៤” សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងគន្លងប្រក្រតីភាពថ្មី។ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី! យើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច…