សេចក្តីដកស្រង់ប្រសាសន៍ បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ៥ ឆ្នាំ

បិទយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ជុំទី ១, ចាក់វ៉ាក់សាំងកូវីដ-១៩ កុមារអាយុ ៥ ឆ្នាំ, បើកសាលារៀន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី​ នៅក្នុងពិធីប្រកាសបិទជាផ្លូវការ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី ១ ជូនដល់ប្រជាជនអាយុ(ចាប់)ពី ៦ ឆ្នាំឡើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង(កូវីដ​​-១៩) ជាផ្លូវការ កាលពីថ្ងៃទី ៤ មីនា ២០២១ សម្រាប់ប្រជាជន ដែលមានអាយុពី ១៨ ឆ្នាំឡើង ជាមួយនឹងការប្រកាសដើម្បីបិទយុទ្ធនាការចាក់វ៉ាក់សាំង (បង្ការជំងឺកូវីដ-១៩) ជុំទី ១ របស់យើង។ ថ្ងៃនេះ យើងក៏មានការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង(បង្ការជំងឺកូវីដ-១៩) សម្រាប់កុមារអាយុ ៥ ឆ្នាំតែម្តង។ ថ្ងៃនេះ យើងក៏បានដឹងថា សាលានៅទូទាំងប្រទេសក៏ត្រូវបានបើកទ្វារ។ ខ្ញុំក៏បានទទួលតាមរយៈហ្វេសប៊ុកផេករបស់ខ្ញុំ នូវកុមារដែលបានស្លៀកពាក់ឯកសណ្ឋាន(ជាសិស្ស)ចូលរៀន ហើយត្រូវឪពុក(ម្តាយ) បានវាយបញ្ចូលមកក្នុងខម្មិន(របស់ខ្ញុំ) ថតរូបភាពកូនរបស់ខ្លួន ដែលបានចេញទៅរៀន។ ជាមួយគ្នានេះ ថ្ងៃនេះ យើងចាប់ផ្តើមបើកប្រទេសឡើងវិញ។…

សេចក្តីដកស្រង់ សារសំឡេងជូនជនរួមជាតិ អំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្ត “៣ កុំ ៣ ការពារ” និងតាមមើលស្ថានភាពឆ្លងជំងឺ កូវីដ-១៩ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះគឺជាថ្ងៃភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃដែលប្រជាជនសាទរធ្វើបុណ្យធ្វើទាន ទោះបីការធ្វើបុណ្យធ្វើទាននោះ (ប្រព្រឹត្ត)ទៅតាមគន្លងថ្មី ដើម្បីរួមគ្នាទប់ស្កាត់នូវកូវីដ-១៩ (ក៏ដោយ)។ ជាមួយគ្នានេះ ប្រជាជនបានធ្វើការចល័តបម្លាស់ទី ពីកន្លែងមួយទៅកាន់កន្លែងមួយ និងទៅតាមតំបន់ទេសចរណ៍នានាតាំងពីប៉ុន្មានថ្ងៃមកហើយ។ (ការផ្លាស់ទីនេះ បានកើតមាន)ម្សិលមិញ (និងនៅបន្តមាន)ថ្ងៃនេះ ថ្ងៃស្អែក និងអាចក្រោយក្រោយពីថ្ងៃនេះទៀត។ នេះគឺជាការសាកល្បងធំណាស់សម្រាប់ប្រទេសរបស់យើង នៅក្នុងសភាពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី ២ និងមានដូសជំរុញថែមទៀត។ យើងនឹងតាមដានពិនិត្យ​អំពី(វិបាក)ដែលចេញពីការសាកល្បង(នេះ) ដែលយើង(អាចនិយាយបានថា)មិនមែនជាការសាកល្បងដ៏ប្រថុយប្រថានទេ ប៉ុន្តែក៏មិនមែនជាការច្បាស់លាស់ ១០០ ភាគរយ ថាវាគ្មានបញ្ហានោះដែរ។ យើងបានប្រុងប្រៀបខ្លួនដើម្បីនឹងទទួលយកនូវសភាពការណ៍អាក្រក់ដែលអាចនឹងកើតមានឡើង ដូចជាករណីនៅឥណ្ឌា បន្ទាប់ពីពិធីសាសនារួចហើយ ការឆ្លងរីករាលដាលបានបង្កឲ្យមានការឆ្លង និងស្លាប់យ៉ាងច្រើន។ សម្រាប់កម្ពុជា​យើង យើងបានត្រៀមបម្រុងទុកចំពោះករណីអាក្រក់ដែលអាចកើតឡើងសម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជនរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថាព្រះតេជព្រះ​គុណ​ព្រះសង្ឃគ្រប់ព្រះអង្គនៅតាមទីអារាម ក៏ដូចជាបងប្អូនធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានា នឹងមានការប្រុងប្រយ័ត្ន។ នេះគឺជាចំណុចនៃការសាកល្បងដើម្បី(ដឹងបាន)ថា តើបន្ទាប់ពីការភ្ជុំបិណ្ឌរួចហើយនោះយើងមានការឆ្លងធ្ងន់ជំងឺធ្ងរឬទេ? ប្រសិនបើមានជំងឺឆ្លងធ្ងន់ធ្ងរ ការគ្រោងបើកប្រទេសលើគ្រប់វិស័យឡើងវិញនឹងមិនអាចធ្វើទៅបានទេ។ ប៉ុន្តែ ប្រសិនបើបងប្អូនអាចការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមាន(កើតនិងកើន)ឡើងធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើងនឹងទទួលបានរួមគ្នានូវការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសសាលារៀន ក៏ដូចជាទេសចរណ៍ផ្ទៃក្នុងដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។ សេដ្ឋកិច្ចរបស់យើងបានដំណើរការពេញបន្ទុកទៅលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ ការនាំចេញរបស់យើងក្នុងផ្នែកកសិកម្មក្តី ឧស្សាហកម្មក្តី មានកំណើនដ៏ល្អ។…

សេចក្តីដកស្រង់ប្រសាសន៍ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ ចាប់ពីអាយុ ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំ និងសន្និសីទសារព័ត៌មាន

យុទ្ធនាការវ៉ាក់សាំងកុមារអាយុ ០៦ ដល់ ១២ ឆ្នាំ និងចាក់ដូសជំរុញជូនប្រជាពលរដ្ឋពីអាយុ ១៨ ឆ្នាំ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់ ថ្ងៃនេះ យើងបានជួបជុំគ្នាដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុ ០៦ ដល់ ១២ ឆ្នាំ ក៏ដូចជាការបើកនូវយុទ្ធនាការ … (ចាក់)ដូសទីបី សម្រាប់ប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ។​ វាជាការចាំបាច់ដើម្បីឲ្យយើងធ្វើបែបនេះ ព្រោះថា យើងត្រូវបោះជំហានមុន ប្រសិនបើយើងមិនបោះជំហានមុនទេ សភាពការណ៍អាចកើតឡើង ហើយយើងនឹងពិបាកស្រោចស្រង់នៅក្រោយ។ សឹងហ្គាពួរ ដែលជាប្រទេសជឿនលឿនមួយនៅក្នុងក្របខ័ណ្ឌតំបន់របស់យើង ក៏បានបង្ហាញ(ពីការកើនឡើងករណីឆ្លង)កាលពីប៉ុន្មានថ្ងៃមុននេះ។ កម្រិតនៃការឆ្លងរបស់សឹងហ្គាពួរ កាលពី ០៣ ថ្ងៃមុន គឺមានកុមាររហូតទៅដល់ ៣៦៧ នាក់ ហើយសុទ្ធតែប្រភេទ Delta ទៀត ដែលត្រូវបានទេសមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសនៅក្នុងសភា។ ក្នុងចំណោម ៣៦៧ នាក់នេះ ៥០ ករណីមានអាយុ ០១…