យុទ្ធនាការវ៉ាក់សាំងកុមារអាយុ ០៦ ដល់ ១២ ឆ្នាំ និងចាក់ដូសជំរុញជូនប្រជាពលរដ្ឋពីអាយុ ១៨ ឆ្នាំ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់
ថ្ងៃនេះ យើងបានជួបជុំគ្នាដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុ ០៦ ដល់ ១២ ឆ្នាំ ក៏ដូចជាការបើកនូវយុទ្ធនាការ … (ចាក់)ដូសទីបី សម្រាប់ប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ។ វាជាការចាំបាច់ដើម្បីឲ្យយើងធ្វើបែបនេះ ព្រោះថា យើងត្រូវបោះជំហានមុន ប្រសិនបើយើងមិនបោះជំហានមុនទេ សភាពការណ៍អាចកើតឡើង ហើយយើងនឹងពិបាកស្រោចស្រង់នៅក្រោយ។ សឹងហ្គាពួរ ដែលជាប្រទេសជឿនលឿនមួយនៅក្នុងក្របខ័ណ្ឌតំបន់របស់យើង ក៏បានបង្ហាញ(ពីការកើនឡើងករណីឆ្លង)កាលពីប៉ុន្មានថ្ងៃមុននេះ។ កម្រិតនៃការឆ្លងរបស់សឹងហ្គាពួរ កាលពី ០៣ ថ្ងៃមុន គឺមានកុមាររហូតទៅដល់ ៣៦៧ នាក់ ហើយសុទ្ធតែប្រភេទ Delta ទៀត ដែលត្រូវបានទេសមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសនៅក្នុងសភា។ ក្នុងចំណោម ៣៦៧ នាក់នេះ ៥០ ករណីមានអាយុ ០១ ឆ្នាំ, ៨៣ ករណី អាយុពី ០២ ដល់ ០៤ ឆ្នាំ, ៧៦ ករណី ពីអាយុ ០៥ ដល់ ០៦ ឆ្នាំ, ១៥៨ ករណីចាប់ពីអាយុ ០៧ ទៅ ១២ ឆ្នាំ។ នេះជាស្ថានភាពដែលបានកើតឡើងនៅលើទឹកដីសឹងហ្គាពួរ ដែលជាទឹកដីមានវេជ្ជសាស្ត្រខ្ពង់ខ្ពស់។ ថ្ងៃនេះ យោងទៅលើរបាយការណ៍ សូមបើកមើល សឹងហ្គាពួរ បានបញ្ចេញតួលេខនៃអត្រាឆ្លងរហូតដល់ ៩១០ នាក់ ហើយមានការស្លាប់ម្នាក់ផង។
ធ្វើវ៉ាក់សាំងកុមារបន្ថែម ធានានូវសិទ្ធិ ៣ របស់កុមារ និងជំរុញភាពស៊ាំក្នុងសហគមន៍
ដូច្នេះស្ថានភាពជំងឺ កូវីដ-១៩ គឺមិនមែនជាបញ្ហាធម្មតាសម្រាប់យើង ហើយសម្រាប់ពិភពលោក ឬតំបន់របស់យើងផងដែរ។ សម្រាប់យើង គឺយើងបានធ្វើរួចមកហើយ តាមរយៈការខិតខំនៃកម្លាំងទាំងអស់ ប្រមូលម្ដុំគ្នា ដើម្បីធ្វើកិច្ចការជាអាទិភាពរបស់យើង។ មកដល់ពេលនេះ យើងសម្រេចចាក់វ៉ាក់សាំង បានចំនួនគួរឲ្យចាប់អារម្មណ៍ ដែលអាចចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងច្រើន។ ខ្ញុំនឹងបកស្រាយទៅលើចំណុចមួយចំនួនថែមទៀត។ ប្រសិនបើយើងមិនបានគិតគូរអំពីបញ្ហានេះទេ ភាពស៊ាំក្នុងសហគមន៍ វាមិនទាន់គ្រប់គ្រាន់។ អ្វីដែលយើងបាននិងកំពុងធ្វើនេះ សំដៅឆ្ពោះទៅរកការដោះស្រាយនូវសិទ្ធិ ៣ យ៉ាងសម្រាប់កុមារ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបានការអប់រំ។ ពួកគេត្រូវទទួលបាននូវការចូល(រៀននៅកម្រិត)បឋមសិក្សា ក្នុងចន្លោះពីអាយុ ០៦ ឆ្នាំឡើងទៅ … បើ(យើងបើក)ត្រឹមតែអនុវិទ្យាល័យ វាស្មើនឹងបាត់គ្រឹះនៃវិស័យអប់រំយើងតែម្ដង។ ដើម្បីឈានទៅដល់មធ្យមសិក្សា វាត្រូវឆ្លងកាត់បឋមសិក្សាសិន។ ដូច្នេះ យើងមានការចាំបាច់ដើម្បីធ្វើ។
ក្រៅពីសិទ្ធិទាំង ០៣ នេះ នៅមានចំណែកទាក់ទិននឹងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹង កូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រវ៉ាក់សាំង ដែលជំរុញភាពស៊ាំនៅក្នុងសហគមន៍ ហើយ(ចំនួនអ្នកបានទទួលវ៉ាក់សាំងគ្រប់ដូស)កើនឡើងរហូតប្រមាណជា ៨៥ ភាគរយ ឬអាចលើសពីនេះ។ សព្វថ្ងៃនេះ … ប្រសិនបើយើងចាក់ត្រឹមកម្រិតពី ១២ ឆ្នាំឡើង ភាពស៊ាំក្នុងសហគមន៍របស់យើង បានប្រមាណជា ៧៥ ភាគរយតែប៉ុណ្ណោះ។ កុំថាឡើយភាពស៊ាំក្នុងសហគមន៍ សូម្បីតែនៅក្នុងផ្ទះមួយ ក៏ភាពស៊ាំ វាអត់គ្រប់គ្រាន់ទេ។
ខ្ញុំបានទទួលនូវសាររបស់ឯកឧត្តម សួន សេរីរដ្ឋា។ បន្ទាប់ពីខ្ញុំបានប្រកាសសារសំឡេង គាត់បានវាយតាមសារមួយបញ្ជូនមកខ្ញុំថា “អរណាស់ គាត់នឹងនាំកូនរបស់គាត់ ០២ នាក់ មកចាក់វ៉ាក់សាំងដែរ ព្រោះនៅផ្ទះរបស់គាត់ បានចាក់តែប្ដីប្រពន្ធ កូន ០៤ នាក់អត់បានចាក់”។ អញ្ចឹង គ្រាន់តែនៅផ្ទះ វាមានចំនួនមនុស្សមិនបានចាក់វ៉ាក់សាំងច្រើនជាងចំនួនមនុស្សដែលបានចាក់វ៉ាក់សាំង។ ដូចនេះភាពស៊ាំក្នុងសហគមន៍ក្នុងគ្រួសារនីមួយៗ ក៏វាមិនទាន់គ្រប់គ្រាន់។ សំណាងល្អ ដោយសារខ្ញុំក្លាយទៅជាមនុស្សចាស់ ដែលមានចៅ។ ប៉ុន្តែដល់ទៅ(មាន)ចៅច្រើន ភាពស៊ាំនៅក្នុងគ្រួសារ(ក៏ជាចំណោទ)។ ចៅទៅលេងជីដូនជីតាម្ដងៗ មានតែជីដូនជីតា ដែលជាអ្នកបានចាក់វ៉ាក់សាំង ក្រៅពីនោះអត់បានចាក់វ៉ាក់សាំង។
ចំណុចនេះ យើងត្រូវរិះរកវិធី ដើម្បី(ធ្វើ)ការចាក់វ៉ាក់សាំងក្មេង ក្រៅពីរួមចំណែកបម្រើឱ្យគោលដៅសិទ្ធិទាំង ០៣ គឺ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការថែទាំសុខភាព សិទ្ធិទទួលបាននូវការអប់រំ ដែលពួកគេត្រូវចូលសាលា យើងនៅមានចំណែកក្នុងក្របខ័ណ្ឌនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩។ យើងធ្វើបានភ្លាមៗ ដោយសារតែយើងមានបទពិសោធន៍គ្រប់គ្រាន់។ យើងបាននិងកំពុងដំណើរការចាក់វ៉ាក់សាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយយើងមានវ៉ាក់សាំងនៅក្នុងដៃ ដែលយកមកប្រើប្រាស់នៅពេលនេះ គឺវ៉ាក់សាំងជាង ៤ លានដូស ដែលបន្ដិចទៀតខ្ញុំនឹងជំរាបជូនអំពីស្ថានភាពវ៉ាក់សាំង និងការចាក់វ៉ាក់សាំងរបស់កម្ពុជា។
ប៉ុន្ដែ ក្នុងរយៈពេលជាងមួយឆ្នាំ គ្រូពេទ្យរបស់យើងពិតជាហត់នឿយ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធរបស់យើងពិតជាមានការហត់នឿយ។ គ្រូពេទ្យរបស់យើងពិតជាមានការហត់នឿយខ្លាំងណាស់។ ខ្ញុំនៅតែពេញចិត្ត នូវបទចម្រៀងអ្នកគ្រូក្រមុំ។ ខ្ញុំផ្ដាំផ្ញើអស់លោក និងយុវជនយុវនារី មូលហេតុដែលខ្ញុំចូលចិត្តស្ដាប់ចម្រៀងអ្នកគ្រូក្រមុំ ដោយសារតែកាលដែលខ្ញុំស្រឡាញ់ប្រពន្ធ ប្រពន្ធរបស់ខ្ញុំជាអ្នកគ្រូពេទ្យ … ហើយបានកូនប្រុសមួយទៀត(ជា)កូនច្បង យក(ប្រពន្ធជា)គ្រូពេទ្យក្រមុំដែរ។ ឥឡូវ (មានកូនប្រសារ)ជាបណ្ឌិតសុខភាពសាធារណៈ ប៉ុន្តែវាផ្ដើមចេញពីពេទ្យ។
… និយាយលេងបន្ដិច។ យកប្រពន្ធក្រមុំក៏ដោយ យកប្តីកំលោះក៏ដោយ ត្រូវមានចំណុចពីរទើបអាចទៅរួច៖ ទី១ កុំប្រចណ្ឌ, ទី២ គឺថាឱ្យមានការអត់ធ្មត់ … បើប្រពន្ធខ្ញុំវិញ (គាត់ជា)ឆ្មប។ អញ្ចឹង ជួនកាលក្មេងកើតម៉ោង ០៣ ភ្លឺ គេទៅចោលយើងបាត់ទៅ។ ជួនកាលគេទៅប្រចាំការ។ ដូច្នេះ មិនអាចនៅជាមួយយើងបាន(គ្រប់ពេលទេ)។ អញ្ចឹងទី១ កុំប្រចណ្ឌ, ទី២ គឺថាយើងត្រូវធ្វើចិត្តអត់ធ្មត់ … បើថាប្រចណ្ឌ នៅជាមួយគ្នាអត់បានទេ។ ខ្ញុំមិនដឹងថា លោកជំទាវ យក់ សម្បត្តិ និងលោកជំទាវ ឱ វណ្ណឌីន ជួបប្រទះនូវបញ្ហាហ្នឹងអត់? ទាំងប្រុសទាំងស្រីត្រូវប្រយ័ត្ន ត្រង់កន្លែងហ្នឹង។ ជួនកាលយកប្តីធ្វើគ្រូពេទ្យ។ គ្រូពេទ្យគ្នាត្រូវទៅប្រចាំការ។ ទៅប្រចណ្ឌអីពេទ្យ។ ធ្វើឱ្យគេធ្វើការមិននឹងនរ។ (បើ)ធ្វើពេទ្យវះកាត់ផង កាន់កាំបិតកន្ត្រៃអត់នឹង រឿងទៀត។
កូវីដ-១៩ មិនទាន់ថមថយ ហើយចំនួនឆ្លងមានការកើនឡើងវិញ
ខ្ញុំសុំនិយាយអំពីស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជាបន្ដិច ដើម្បីយើងអាចឆ្លុះបញ្ចាំងជាមួយគ្នាអំពីតម្រូវការនៃការដែលយើងត្រូវធ្វើ ហើយដែលយើងចាប់ផ្ដើមវាយតម្លៃ។ សភាពការណ៍នៅលើពិភពលោក កូវីដ-១៩ មិនទាន់ថមថយទេ។ ឥឡូវ ហាក់ដូចជាកាន់តែធ្ងន់ទៅទៀត បើយោងទៅលើស្ថិតិ។ យោងទៅលើព័ត៌មានប្រចាំថ្ងៃ គឺរីករាលដាល។ ការឆ្លងវាហាក់ដូចជាបានវិលត្រឡប់មកវិញ។ សូម្បីតែនៅសហរដ្ឋអាមេរិក ឥឡូវនេះ ម៉ោងត្រឹមពេលនេះ នៅអាមេរិក (មានអ្នក)ឆ្លង ១៥០ ៩២៤ នាក់ ហើយនឹងស្លាប់ ១ ៨៦៧ នាក់។ ធម្មតា គេ update រហូតដល់ម៉ោង ៩ បានគេបិទ។ សម្តេច ឯកឧត្តម លោកជំទាវ មានចំណាំដូចខ្ញុំទេ ត្រង់ថា រៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ នៅសហរដ្ឋអាមេរិក គឺចំនួនអ្នកឆ្លងធ្លាក់ចុះ អ្នកស្លាប់ធ្លាក់ចុះ។ មិនមែនបានសេចក្ដីថា អ្នកស្លាប់ធ្លាក់ចុះទេ គ្រូពេទ្យមិនធ្វើការថ្ងៃសៅរ៍ ថ្ងៃអាទិត្យ … ថ្ងៃមុនចំរើន (អភិបាលខេត្ត)ខេត្តព្រះសីហនុ ទូរស័ព្ទជួបខ្ញុំថា “សម្ដេច នៅសហរដ្ឋអាមេរិក (ចំនួនអ្នកឆ្លង)ឡើងចុះៗ អញ្ចឹង?” ខ្ញុំថា ចំរើន អើយ! ត្រូវចាំ តែថ្ងៃសៅរ៍ ថ្ងៃអាទិត្យនៅសហរដ្ឋអាមេរិក គឺតួលេខវាធ្លាក់ចុះ ដោយសារអត់គ្រូពេទ្យកត់ត្រា …។
និយាយជាទូទៅ បើទោះបីជាមានការចាក់វ៉ាក់សាំង សូម្បីតែនៅប្រទេសអ៊ីស្រាអែល ក៏មានការកើនឡើងវិញ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង ជាភ័ព្វសំណាងមួយដែល(ចំនួនឆ្លងនៅ)ឥណ្ឌូនេស៊ី បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីកើនឡើងយ៉ាងខ្លាំង។ ឥណ្ឌូនេស៊ី មានការថយចុះគួរឱ្យចាប់អារម្មណ៍។ អាចទាញយកបទពិសោធន៍នៃការធ្លាក់ចុះរបស់ឥណ្ឌូនេស៊ី បន្ទាប់ពីការកើនឡើងខ្ពស់ បន្ទាប់ពីផ្ទុះនូវប្រទេសឥណ្ឌា។ ឥឡូវនេះ នៅពេលដែលឥណ្ឌូនេស៊ីធ្លាក់ចុះ បែរជាកើននៅវៀតណាម នៅថៃ សឹងហ្គាពួរ ក្បែរហ្នឹងនោះ ដែលធ្លាប់តែកើនត្រឹមតែ ២ ខ្ទង់ ឥឡូវឡើងដល់ ៣ ខ្ទង់នឹងគេដែរ។ ឥណ្ឌូនេស៊ី (ចំនួនអ្នកឆ្លងតែ) ៣ ១៤៥ នាក់ទេ។ ឥណ្ឌូនេស៊ី (មានតួលេខឆ្លង)ធ្លាក់ចុះខ្លាំងមែនទែន នៅក្នុងចំណោមប្រជាជន ៣២០ លាននាក់ … សម្រាប់យើង និយាយលេខគត់ ប្រជាជន ១៦ លាននាក់ ចំនួនអ្នកឆ្លងមាន ១០ ម៉ឺននាក់។ អញ្ចឹងតើត្រូវប៉ុន្មានភាគរយ? ដូចជាត្រឹម ឬមិនបាន ០,១ ភាគរយ។ ប៉ុន្តែ Maldives ឆ្លង ៨៣ ០០០ នាក់ជាង ក្នុងពេលដែល(មាន)ប្រជាជន ៥៥ ម៉ឺននាក់។ ដូច្នេះ អត្រានេះគឺវាប្រមាណជា ២០ ភាគរយនៃចំនួនឆ្លងក្នុងចំណោមប្រជាជនសរុប។
ឥឡូវហ្នឹង ចំនួនអ្នកឆ្លង(នៅ)ចិនតិចជាងយើង។ ប្រជាជនដល់ទៅ ១ ៤០០ លាននាក់ គិតទៅវាតូចណាស់។ ថ្ងៃមុន ខ្ញុំជួប(ទទួលទាន)បាយជាមួយនឹងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស … ពេលនោះ ទាំងសងខាង(មានករណី)ឆ្លងជាង ៩ ម៉ឺននាក់ ឬយើងចំនួនអ្នកស្លាប់ជាង ២ ០០០ នាក់ ឯចិនចំនួនអ្នកស្លាប់ជាង ៤ ០០០ នាក់។ ចំណុចនេះយើងកំពុងតាមដាននូវសភាពការណ៍។ ការវិវត្តនៅលើពិភពលោក កំពុងតែបានដាក់ចេញបញ្ហាច្រើនណាស់។ ក្នុងតំបន់របស់យើងក៏ដាក់ចេញបញ្ហាប្រឈមជាច្រើន។ គួរកត់សម្គាល់ ប្រទេសប្រ៊ុយណេ គឺមានមនុស្សឆ្លង ក៏មានមនុស្សស្លាប់ ក្នុងពេលដែលប្រទេសមួយនេះមានប្រជាជនត្រឹមតែ ៤៤ ម៉ឺននាក់។ ដូច្នេះ មិនថាប្រទេសធំ ឬប្រទេសតូច ប្រទេសមានប្រជាជនច្រើន ឬប្រជាជនតិចទេ សុទ្ធតែមានការឆ្លងទាំងអស់។
វិធានការ ០៣ សំខាន់ ច្បាមប្រចាំថ្ងៃ
សម្រាប់កម្ពុជា យើងបានខិតខំប្រឹងប្រែង ហើយតាំងពីខែកក្កដាមក និយាយរួមគ្របដណ្តប់ទៅលើព្រឹត្តិការណ៍ ២០ កុម្ភៈ វាបានគំរាមកំហែងដល់យើងយ៉ាងខ្លាំង ជាពិសេសព្រឹត្តិការណ៍ Delta ដែលឆ្លងចូលក្នុងសហគមន៍តាំងពីខែកក្កដា រហូតមកដល់ពេលនេះ។ យើងបានខិតខំ ដើម្បីនឹងដាក់ចេញនូវវិធានការ ដែលខ្ញុំបានលើកឡើងកាលពីពេលមុន (រួមមាន)យុទ្ធសាស្ត្រទាំង ០៦ នោះ ប៉ុន្តែវិធានការ ០៣ សំខាន់ ដែលយើងច្បាមប្រចាំថ្ងៃ។
ទី១ ទប់ស្កាត់(ការឆ្លង) ដែលមានការធ្វើចត្តាឡីស័ក និងការប្រើប្រាស់តេស្ដរហ័ស។ មុននេះ យើងព្រួយបារម្ភធំណាស់ គឺពលករមកពីប្រទេសថៃ។ ប៉ុន្តែ ដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋបាលកម្ពុជា និងរដ្ឋបាលថៃ ធ្វើឲ្យការវិលត្រឡប់ដោយមានរបៀបរៀបរយរបស់ពលករយើងនៅក្នុងប្រទេសថៃ បូកជាមួយនឹងវិធានការដែលបានប្រកាន់យកនៅក្នុងប្រទេសថៃ។
តាមព័ត៌មានដែលខ្ញុំទទួលបាន (ដែល)ទីប្រឹក្សារបស់ខ្ញុំបានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ថៃ គឺពលកររបស់យើងបានចាក់វ៉ាក់សាំង បានប្រមាណជា ៥២ ០០០ នាក់នៅក្នុងប្រទេសថៃ។ តួលេខនៅព្រឹកនេះ ដែលខ្ញុំបញ្ជូនចូលទៅក្នុងគ្រូប ដែលលោកជំទាវ យក់ សម្បត្តិ បូកសរុប នៅក្នុងមណ្ឌលចត្តាឡីស័កតាមព្រំដែន សល់តែជាង ៧ ០០០ នាក់ទេ។ មុននេះឡើងដល់ជិត ១៥ ០០០ នាក់។ ឱ្យតែមកពីប្រទេសថៃ ភាគច្រើន(មាន)ឆ្លង ហើយសុទ្ធតែ(វីរុសប្រភេទ) Delta ទៀត។ អញ្ចឹង (ទីមួយគឺ)ការប្រឹងប្រែង ដើម្បីទប់ស្កាត់ការនាំចូល និងទប់ស្កាត់ការរីករាលដាលតាមរយៈការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស។ ការធ្វើតេស្តរហ័ស ផ្តល់ឱកាសឱ្យគ្រប់គ្រងបានមុខសញ្ញា និងកាត់បន្ថយការចម្លង។
នេះជាបទពិសោធន៍មួយដែលខ្ញុំសុំដាក់ចេញជាវិធានការសុខាភិបាល មិនមែនជាអ្នកបញ្ជាទេ ក៏ប៉ុន្តែគ្រាន់ថា វាដូចជាឱ្យយោបល់ ដើម្បីដាក់ចេញជាវិធានការសុខាភិបាល។ ថ្ងៃមុន នៅពេលដែលមានការប្រគល់ទទួលពហុកីឡដ្ឋាន(មរតកតេជោ) ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន មានអ្នកយកព័ត៌មានយើងម្នាក់មានវិជ្ជមាន កូវីដ-១៩។ យើងអត់បានយកអ្នកដើរមុខនិងដើរក្រោយ(ជាមួយនឹងអ្នកមានវិជ្ជមាន កូវីដ-១៩)នេះចេញ … ទៅធ្វើចត្តាឡីស័កទេ … វាប៉ះចំអ្នកថតរូបរបស់ខ្ញុំមួយនៅក្នុងហ្នឹង។ ថ្ងៃក្រោយ បើថាធ្វើតេស្ដរហ័សរកឃើញវិជ្ជមាន កូវីដ-១៩ អញ្ចឹង ប៉ុន្មាននាក់ដើរមុខដើរក្រោយ គួរតែត្រូវបានដកចេញ ឱ្យនៅមួយកន្លែង។
អញ្ចឹងទេ គ្រាន់តែជាការដាស់តឿនសម្រាប់វិស័យសុខាភិបាល … បើមានអ្នកវិជ្ជមាន កូវីដ-១៩ អ្នកដើរមុខនិងអ្នកដើរក្រោយ គប្បីត្រូវបានទុកមួយកន្លែង ឱ្យធ្វើចត្តាឡីស័ក ព្រោះអ្នកទាំងនេះ(នៅខាងមុខខាងក្រោយ) មានលទ្ធភាពផ្នែកណាមួយ អាចថា ៥០ ភាគរយ គឺឆ្លង។ យើង(គប្បី)ទុកឱ្យគាត់ធ្វើចត្តាឡីស័ក ល្អជាងទុកឱ្យគាត់ដើរតទៅទៀត … នេះជាបទពិសោធន៍មួយ ក្នុងចំណោមបទពិសោធន៍អំពីបញ្ហាការធ្វើតេស្ដរហ័ស និងការធ្វើចត្តាឡីស័ក។ វិធានការទី ១ គឺខ្ញុំបាននិយាយអម្បាញ់មិញ។
ទី ២ ការចាក់វ៉ាក់សាំង ឬប្រើពាក្យមួយផ្សេងទៀត គឺស្រោចវ៉ាក់សាំងលើប្រជាជន កុមារ និងយុវវ័យ។ ប្រើពាក្យ ស្រោចវ៉ាក់សាំង។ ខ្ញុំជាបញ្ជាការដោយផ្ទាល់ទៅលើរឿងវ៉ាក់សាំងហ្នឹង។ ខ្ញុំអត់ចាក់ត្រង់នេះបន្ដិច ត្រង់នោះបន្ដិចទេ។ ប្រហែលជា អ្នកសារព័ត៌មានរបស់យើង ប្រជាពលរដ្ឋរបស់យើងបានស្ដាប់សារសំឡេងរបស់ខ្ញុំ។ ពេលនោះ ខេត្តមួយចំនួនមានការឆ្លង … កន្លែងនេះសុំវ៉ាក់សាំង កន្លែងនោះសុំវ៉ាក់សាំង។ សុំមកខ្ញុំផង សុំទៅគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំងក្របខ័ណ្ឌទូទាំងប្រទេសផង។ ខ្ញុំបានប្រាប់ថា ចាក់រាយប៉ាយរបៀបនេះ វាអត់មានប្រសិទ្ធភាពទេ។ សូម្បីតែមានករណីឆ្លងខ្លាំងនៅក្រុងព្រះសីហនុ ក៏ខ្ញុំអត់ឱ្យដែរ។ សម្រុកចាក់ស្រោចនៅទីក្រុងភ្នំពេញ នៅខេត្តកណ្ដាលឱ្យសព្វ បន្ទាប់ទៅបានព្រលែងទៅស្រោចត្រង់ណា គឺស្រោចឱ្យជោក។ អាហ្នឹងបានទៅជា គេហៅថា ភាពស៊ាំសហគមន៍។
សារព័ត៌មានរបស់អូស្ត្រាលី គាត់បាននិយាយថា ដោយសារកម្ពុជាជិតស្និតជាមួយនឹងចិន ធ្វើឲ្យរដ្ឋធានីរបស់កម្ពុជា គឺមានចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅលើពិភពលោក។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ជូនថា បើគ្មានវិធីសាស្ត្រនៅក្នុងការគ្រប់គ្រង បញ្ជា នៅក្នុងការចាក់វ៉ាក់សាំងទេ វ៉ាក់សាំងនេះវានៅរាយប៉ាយដដែល។ មិនមែនមកពីយើងជិតស្និតជាមួយចិន ទើប(មាន)វ៉ាក់សាំងចាក់នៅក្នុងទីក្រុង បានច្រើនជាងគេលើពិភពលោក(នោះទេ) នេះគឺមកពីកម្រិតបញ្ជា។ បើយើងយកមកចែកត្រង់នេះបន្ដិច ត្រង់នោះបន្ដិច ភាពស៊ាំ(ក្នុងសហគមន៍)អត់មាន។ ឧទាហរណ៍ថា បានវ៉ាក់សាំង ២ លានដូសមក ចែកស្មើៗគ្នា ខេត្តធំបានប៉ុណ្ណេះទៅ គិតជាភាគរយទៅតាមចំនួនមនុស្សតាមហ្នឹង។ ឧទាហរណ៍ នៅរាជធានីភ្នំពេញ ២ លាននាក់ រួចហើយទីចុងបំផុត ចាក់បានត្រឹមតែ ៣០ ម៉ឺននាក់។ តើភាពស៊ាំវានៅកន្លែងណា?
អញ្ចឹងទេ បានប្រមូលផ្ដុំចាក់នៅហ្នឹងតែម្ដង។ បន្ទាប់ពីហ្នឹងទៅ បានរុញទៅតាមខេត្ត ហើយខេត្តនោះទៀត ជ្រើសរើសយកខេត្ត(ណាគន្លឹះ) ដើម្បីកាត់ផ្ដាច់ភាពចម្លង មានខេត្តព្រះសីហនុ និងខេត្តកោះកុង ហើយរុញទៅបណ្ដាស្រុក បណ្ដាខេត្ត ក៏ផ្ដល់អាទិភាពថា សម្រុកលើស្រុកនេះៗ អាហ្នឹងមានផែនការដើមរបស់យើងទៅអញ្ចឹង ដែលហៅថា ស្ថានភាពផ្ការីក គឺវាយពីក្នុងចេញក្រៅ។ គ្រប់ទីកន្លែងទាំងអស់សុទ្ធតែវាយពីក្នុងចេញក្រៅ។ បានសេចក្ដីថា វាយនៅក្នុងទីប្រជុំជនហើយ ទើបពង្រីក … មិនមែនគ្រាន់តែផ្ការីកក្នុងក្របខ័ណ្ឌទូទាំងប្រទេសទេ តាមបណ្តាខេត្តមួយៗចាក់វ៉ាក់សាំងពីទីប្រជុំជនមុន ហើយបានរីកទៅក្រៅ។
ទី ៣ វិធានការព្យាបាលដោយប្រើប្រាស់នូវថ្នាំ និងវិធីព្យាបាលថ្មីៗ ស្ថានភាពជំងឺ កូវីដ-១៩ ស្ថិតនៅក្នុងកម្រិតលើការគ្រប់គ្រងបាន។ យើងសង្កេតឃើញបញ្ហាដ៏ច្បាស់លាស់មួយនៃប្រសិទ្ធភាពវ៉ាក់សាំង គឺមើលនៅភ្នំពេញ និងខេត្តកណ្ដាលនេះតែម្ដង។ ភ្នំពេញ និងខេត្តកណ្តាលនេះ ដែលជាតំបន់ឆ្លងខ្លាំង ឥឡូវចំនួនឆ្លងមានការធ្លាក់ចុះ។ ខាងគ្រូពេទ្យ TYDA បានធ្វើការសិក្សាជាមួយនឹងសាលាក្រុងរយៈពេលមួយ សប្តាហ៍ ប្រៀបធៀបទៅនឹងខែមេសា ឧសភា មានការធ្លាក់ចុះយ៉ាងខ្លាំង ហ្នឹងទី ១។ ទី ២ អត្រានាំទៅរក ជំងឺធ្ងន់ធ្ងរ បើទោះបីមានការឆ្លង ក៏មានចំនួនតិចណាស់។ អ្នកឆ្លងខ្លះអត់ទាំងដឹងថាខ្លួនឆ្លងផង។ មួយទៀត អត្រាមរណភាពគឺមានចំនួនតិច ដែលមុននេះភ្នំពេញនាំមុខនៃការស្លាប់ មិនមែនមនុស្សអ្នកភ្នំពេញស្លាប់ទេ ប៉ុន្តែគ្រប់ខេត្តទាំងអស់បញ្ជូនមនុស្សមកព្យាបាលនៅភ្នំពេញ។ អញ្ចឹង មន្ទីរពេទ្យនៅភ្នំពេញ នេះ គឺ(កត់ត្រា)ថាកើតឡើងនូវចំនួនមនុស្សស្លាប់។
មួយរយៈចុងក្រោយនេះ មន្ទីរពេទ្យនៅទីក្រុងភ្នំពេញ មានចំនួនអ្នកស្លាប់តិច។ យើងថយនៅ ១ ខ្ទង់ ៣ ថ្ងៃ ម្សិលមិញឡើង ២ ខ្ទង់ឡើងវិញ។ ម្សិលមិញឡើង ១២ នាក់។ ប៉ុន្មានថ្ងៃមុនគឺ ៩ ឬ ៨ នាក់។ មានថ្ងៃណាមួយ យើងចុះមកនៅត្រឹម ៦ នាក់។ នៅពេលដែលវ៉ាក់សាំងជ្រាបចូលក្នុងខ្លួន ទោះបីឆ្លងក៏វាមិននាំទៅដល់ភាពធ្ងន់ធ្ងរ ឬនាំទៅដល់ការស្លាប់។ ដោយសាររឿងនេះ បានជាមានកន្លែងខ្លះ ដោយអាងខ្លួនមានវ៉ាក់សាំងហើយ គឺខ្វះវិធានការ ៣ កុំ។ នេះក៏ជាចំណុចដែលផ្នែកឃោសនាក្នុងគណៈកម្មការ លោកជំទាវ ឱ វណ្ណឌីន បង្កើនការអប់រំលើបញ្ហានេះ។ វ៉ាក់សាំងតែមួយមុខគឺអត់គ្រប់គ្រាន់ទេ គឺត្រូវវិធានការ ៣ កុំ ៣ ការពារនេះ គឺត្រូវតែបន្តដោយគ្មានការលើកលែង។ វិធានការអប់រំ វិធានការរដ្ឋបាល និងផ្លូវ ច្បាប់ត្រូវបន្ត …។
ក្នុងខែកញ្ញា SINOVAC បានទិញ បានបញ្ជាទិញ និងជំនួយ អាចមាន ៩ លានដូស
នេះជាស្ថានភាព កូវីដ-១៩ នៅកម្ពុជារបស់យើងដែលបានកើតឡើងយ៉ាងដូច្នេះ។ ឥឡូវ នៅពេលដែល យើងចាក់វ៉ាក់សាំងនេះ តើស្ថានភាពវ៉ាក់សាំងរបស់យើងវាយ៉ាងម៉េច …? ខ្ញុំសូមជំរាបជូនថា យោងតាមរបាយការណ៍របស់លោកជំទាវ ឱ វណ្ណឌីន ដែលបានរៀបចំនៅក្នុងនេះ ថ្ងៃចាប់ផ្តើម(នៃយុទ្ធនាការ យើងមាន) វ៉ាក់សាំងដែលនៅសល់ក្នុងឃ្លាំង ៤ ២៤៩ ៧០០ ដូស។ អញ្ចឹងថ្ងៃនេះ យើងបើកយុទ្ធនាការសម្រាប់ភ្នំពេញ កណ្តាល ខេត្តព្រះសីហនុ និងកោះកុង ត្រូវប្រើប្រាស់វ៉ាក់សាំងចំនួន ៧៧៣ ៤៣៧ ដូស សម្រាប់កុមារចំនួន ៣៨៩ ៧១៩ នាក់។ យើងនៅសល់វ៉ាក់សាំង ជាង ៤ លានដូស។ នេះមិនទាន់គិតពីវ៉ាក់សាំងដែលនៅតាមបណ្តាខេត្ត ហើយខេត្តខ្លះគឺនៅសល់វ៉ាក់សាំងកំពុងតែប្រុងប្រៀបផ្ទេរមកកាន់ទីក្រុងភ្នំពេញវិញ។ ជាទម្លាប់ ខ្ញុំមិនឲ្យកងទ័ពខ្វះគ្រាប់ក្នុងការធ្វើសង្គ្រាម ហើយបើគ្មានរបស់ក្នុងដៃទេ ខ្ញុំមិនចេញបញ្ជាឲ្យវាយទេ។ ដូចគ្នានេះដែរ បើគ្មានវ៉ាក់សាំងនៅក្នុងដៃទេ គឺមិនឲ្យធ្វើទេ … ស្អែកនេះនឹងត្រូវចាប់ផ្តើមបើកចាក់អស់ចំនួន ៣ ០២១ ៣៣២ ដូស … ក្រោយពីការចែកចាយនេះរួចហើយ យើងនៅសល់វ៉ាក់សាំងចំនួន ៤៥៤ ៩៣៧ មិនទាន់គិតពីវ៉ាក់សាំងដែលនៅសល់ពីតាមខេត្តដែលត្រូវបញ្ជូន(មកវិញ)។ ហ្នឹងយើងកុំអាលគិត ព្រោះកន្លែងខ្លះ បើសិនមានវ៉ាក់សាំង SINOVAC ឲ្យគាត់ប្រើប្រាស់សម្រាប់ចាក់ក្មេងតែម្តងទៅ ដើម្បីកុំឲ្យពិបាកដឹកចុះដឹកឡើង។ (បរិមាណវ៉ាក់សាំង)ប៉ុណ្ណឹង តើគ្រប់ទេ? នៅខែ ១០ នេះ មានតម្រូវការចាប់ផ្តើមដូសទី ៣ ហើយ។
ខ្ញុំសុំជម្រាបជូនថា ថ្ងៃ ២៤ នេះនឹងមកដល់ ៣ លានដូស ហើយថ្ងៃ ២៦ និង ២៧ នឹងមកដល់ ៣ លានដូសទៀត។ នេះគឺយើងបញ្ជាទិញ។ មួយគឺកំណត់ពេលវេលាជាក់លាក់ហើយ។ បង់លុយហើយ គឺ ៣ លានដូសសម្រាប់ថ្ងៃ ២៤។ ឥឡូវយើងនៅសល់តែ ៧ ថ្ងៃទៀត។ មួយអាទិត្យ បាន ៣ លានដូស។ ហើយ ៣ លានដូសទៀត ខ្ញុំសុំបញ្ជាក់ ខ្ញុំបញ្ជាត្រង់ទៅលោកជំទាវ យក់ សម្បត្តិ ថាឲ្យទាក់ទងទៅ SINOVAC ភ្លាម យក ៣ លានដូសបន្ថែម ហើយសុំបន្ទាន់។ តែ ២០ ម៉ោងទេ។ ខ្ញុំគិតជាម៉ោងវិញ ២០ ម៉ោង យើងទទួលបានការបញ្ជាក់ថាផ្តល់ជូន ៣ លានដូស ដែលនឹងមកដល់គ្រាន់តែមិនទាន់កំណត់ច្បាស់នូវពេលវេលា។ គេថាថ្ងៃ ២៦ ឬថ្ងៃ ២៧ តែប៉ុណ្ណឹង ៣ លានដូសទៀត។ អញ្ចឹងយើងមាន ៦ លានដូសក្នុងខែ ៩ ហ្នឹងតែម្តង។ ឲ្យមកដេកក្នុងឃ្លាំងសិន ជាមួយនឹង ៤ សែនដូសដែលនៅសល់។ នៅសល់ ៣ លានដូសដែលរដ្ឋមន្ត្រីការបរទេសមកថ្ងៃមុនឲ្យទៀត។ មិនជាយូរទេ តែគាត់ហ៊ានប្រកាសហើយ អត់យូរទេ។ អញ្ចឹង SINOVAC នឹងមកដល់សរុបនៅពេលខាងមុខ ៩ លានដូស។
យើងនៅមានការសន្យាពីមិត្តភក្តិរបស់យើង គឺអូស្ត្រាលី ថានឹងផ្តល់ឲ្យយើងចំនួន ២ ៣០០ ០០០ ដូស Pfizer ជាមួយនឹងប្រព័ន្ធត្រជាក់ ៨០ អង្សារក្រោមសូន្យ។ ត្រង់ថាពេលណា ខ្ញុំក៏មិនច្បាស់ដែរ។ ខ្ញុំមិនហ៊ានធានាទេ។ ប៉ុន្តែ បើជាមួយចិន អាហ្នឹងខ្ញុំច្បាស់ ព្រោះហោះតែប៉ុន្មានម៉ោងមកដល់។ សង្ឃឹមថាមិត្តអូស្ត្រាលីនឹងជួយយើង។ ខ្ញុំក៏នៅតែបន្តឲ្យគណៈកម្មការវ៉ាក់សាំងពិនិត្យ ព្រោះឥឡូវនេះ យើងត្រូវយកគេហៅថាស្តង់ដារមួយ។ បើចាក់វ៉ាក់សាំងដូសទី ១ ទី ២ ហើយ ត្រូវតែមានដូសទី ៣ ត្រូវយកស្តង់ដារចឹងតែម្តង។ បើមិនអញ្ចឹងវាអត់មានភាពស៊ាំ។ ប៉ុន្តែកុំទៅទិញប្រដាប់ធ្វើតេស្តអង់ទីគ័រ អាហ្នឹងរកមិនឃើញទេ។ ខ្ញុំឲ្យពេទ្យៗយកឈាមខ្ញុំទៅមើល ទាំងខ្ញុំទាំងប្រពន្ធខ្ញុំ គឺថាអត់អង់ទីគ័រ។ វានៅតិចបំផុត។ បានពេទ្យសុំឲ្យខ្ញុំចាក់ឲ្យរហ័ស។ ហ្នឹង AstraZeneca។ អញ្ចឹង ដោយមនុស្សទេ។ មនុស្សខ្លះគឺមានច្រើនទៅ មនុស្សខ្លះមានតិចទៅ។ ប៉ុន្តែយើងចាក់ ប្រសើរជាងយើងមិនចាក់។ អញ្ចឹងពេទ្យយកឈាមទៅមើល ឃើញអង់ទីគ័រតិច …។
បញ្ហាវ៉ាក់សាំងក៏សុំជម្រាបជូនថា វាមិនមែនជាចំណោទបញ្ហាទេ។ យើងមានវ៉ាក់សាំងក្នុងដៃ។ ហោចណាស់យើងមាន ៩ លានដូសសម្រាប់បំរើឲ្យការចាក់វ៉ាក់សាំងដូសទី ៣ ជូនប្រជាជនយើង ក្នុងពេលដែលថ្ងៃនេះ យើងចាក់ដូសទី ៣ បាន ៨០ ម៉ឺននាក់ហើយបាត់ហើយ។ ដោយសារមានតម្រូវការដូសទី ៣ នេះ យើងចាក់ ១៣ លាននាក់ យើងរក ១៣ លានមកចាក់ មិនមែនរក ២៦ លានទេ រកឲ្យបាន ១៣ លាន ព្រោះយកគោលការណ៍ចាក់ដូសទី ១ ដូសទី ២ ហើយត្រូវតែមានដូសទី ៣។ យកគោលការណ៍ហ្នឹងតែម្តង ដើម្បីកុំឲ្យពិបាក។ អ្នកណាចាក់ អ្នកណាអត់ គឺត្រូវតែអនុវត្តគោលការណ៍ហ្នឹង ព្រោះបើមិនដូច្នោះ … អង់ទីគ័រវានឹងអស់ ធ្វើឲ្យចាក់ ២ ដូស បាត់បង់ប្រសិទ្ធិភាព គេថាដូសជម្រុញគឺជាដូសល្អ។ អញ្ចឹងវ៉ាក់សាំងរបស់យើងមានចំនួន ៤ លានកំពុងតែចេញធ្វើចរាចរណ៍ហើយ។ គាត់ចេញដំណើរទៅរកកុមារ …។
ថ្ងៃទី ១៥ កញ្ញា ចាប់ពីអាយុ ១២ ឆ្នាំឡើង អ្នកបានចាក់ដូសទី ២ ស្មើ ៨២,៦៥% នៃ ១៦ លាននាក់
និយាយពីចំនួនចាក់វ៉ាក់សាំងវិញ នេះបើយោងទៅលើតួលេខយប់មិញនេះ បើខ្ញុំយក គឺចំនួនគោលដៅ ១០ លាននាក់នោះ ស្មើនឹង ៩៨,០៥%។ ហ្នឹងសម្រាប់អាយុពី ១៨ ឡើង។ ដល់អាយុពី ១២ ឆ្នាំឡើងបានស្មើនឹង ៨៧,៥៤% ហើយបើគិតសរុបទាំងពីរផ្នែកអត្រាគ្របដណ្តប់របស់យើងបាន ៧២,០៤% ជាចំនួនដែលបានចាក់។ ប៉ុន្តែ បើយកតួលេខកាលពីថ្ងៃទី ១៥ អ្នកដែលចាក់ដូសទី ១ រួច ចាប់ពីអាយុ ១២ ឆ្នាំឡើងស្មើនឹង ១១ ៥០៦ ១៩៧ នាក់ ស្មើនឹង ៩៦,១៥%។ អ្នកដែលចាក់ដូសទី ២ ឬគ្រប់ដូស ៩ ៨៩០ ៤៤៦ នាក់ ស្មើ ៨២,៦៥% និងអ្នកចាក់ដូសជម្រុញបាន ៧៩៩ ៩០៨ ហើយយប់មិញឡើងដល់ ៨០ ម៉ឺននាក់បាត់ទៅហើយ។ អញ្ចឹង បើយើងពិនិត្យអំពីក្រុមមនុស្សចាប់ពីអាយុ ១២ ឆ្នាំឡើង ប្រៀបធៀបទៅនឹងប្រជាជន ១៦ លាននាក់ ដូសទី ១ គឺស្មើនឹង ៧១,៩% ដូសទី ២ គឺស្មើនឹង ៦១% ដូសជម្រុញ គឺចំនួនដែលខ្ញុំបានលើកឡើងពីខាងលើ។
ឥឡូវនេះខ្ញុំសុំនិយាយទៅដល់បញ្ហាយុទ្ធនាការវ៉ាក់សាំងជូនកុមារ និងដូសជម្រុញសម្រាប់ប្រជាពលរដ្ឋទូ ទាំងប្រទេស។ ទី ១ ថ្ងៃនេះ យើងបើកយុទ្ធនាការរបស់យើង អ្វីដែលខ្ញុំបានបញ្ជាក់ខ្លះៗរួចមកហើយ ចាប់ពីថ្ងៃនេះទៅ ហើយបើនិយាយពីខេត្តព្រះសីហនុ គេមានបទពិសោធន៍ គេចាក់លើកមុន គេចាក់តែ ៧ ថ្ងៃទេ បន្ទាប់ទៅគេរង់ចាំដូសទី ២។ ប៉ុន្តែ យើងក៏ត្រូវតែប្រយ័ត្នដែរ លោកជំទាវ ឱ វណ្ណឌីន ធ្វើជំនួយស្មារតីមកឲ្យខ្ញុំ។ ក្រសួងសុខាភិបាលត្រូវតែប្រយ័ត្នប្រយែង ក្មេងខ្លាចម្ជុល។ ប្រយ័ត្នវាគ្រលែងចឹង។ ព្រឹកមិញខ្ញុំទៅពង្រឹងស្មារតីរបស់ចៅៗខ្ញុំ។ ខ្ញុំទៅអង្គុយក្បែរហ្នឹង … យប់មិញខ្ញុំបានភ្ញាក់តាំងពីម៉ោង ៣ កន្លះ ដេកទៅវិញមិនលក់ បើកមើលនេះមើលនោះ ទៅឃើញមន្ត្រីសង្គមស៊ីវិល ដែលមានអ្នកនៅអូស្ត្រាលីក៏បានបង្ហាញពីកង្វល់(ដល់)អ្នកនៅក្នុងស្រុក។ លោក យ៉ង់ គឹមហេង ក៏បង្ហាញពីការកង្វល់ ប៉ុន្តែកង្វល់រឿងស្លាប់ក្មេងជាកង្វល់ធំ។ នៅពេលដែលសភាពការណ៍ត្រួតត្រាមិនបាន ស្លាប់មនុស្សចាស់វាស្ទើរតែជារឿងធម្មតា ប៉ុន្តែកូនក្មេងស្លាប់ អ្វីទៅដែលហៅថាទំពាំងស្នងឫស្សីនោះ។
ចំនួនក្មេងដែលយើងត្រូវចាក់នៅក្នុងយុទ្ធនាការនេះមាន ១ ៨៩២ ៣៨២ នាក់ ឬស្មើ ១ លាន ៩ សែននាក់ ហើយការចាក់នេះក៏ចាក់លើគោលការណ៍ស្ម័គ្រចិត្ត ព្រោះជួនកាលក្មេងៗសុខភាពគ្នាមិនគ្រប់គ្រាន់។ ខ្ញុំនៅសល់ចៅ ៣ នាក់ដែលមិនទាន់អនុញ្ញាត រាប់ទាំងគ្រូពេទ្យផង មិនទាន់អនុញ្ញាតឱ្យចាក់។ ចៅមួយនោះ ចៅខ្ញុំទាំងអស់មិនសូវមានអ្នកណាពាក់ខ្សែកទេ ច្រើនតែពាក់កថា ខ្សែដៃក៏អំបោះ ខ្សែកក៏អំបោះ នៅចៅស្រី ២ នាក់ និងចៅប្រុសម្នាក់ត្រូវតាមដានសុខភាពវាបន្តិច អញ្ចឹងនៅសល់ចៅ ៣ នាក់ អញ្ចឹងត្រូវលើគោលការណ៍ស្ម័គ្រចិត្ត ឪពុកម្តាយគេត្រូវមានការយល់ព្រម អញ្ចឹងត្រូវមានភាពសាំញាំបន្តិច ត្រូវឱ្យឪពុកម្តាយគេស្ម័គ្រចិត្ត ត្រូវធ្វើសម្ភាសន៍ ព្រោះក្មេងៗហៅមកសម្ភាសន៍ម៉េចរួច វាត្រូវតែឪពុកម្តាយជូនមក។ អញ្ចឹងដាក់ទីកន្លែងនៃការរៀបចំចាក់ទូទាំងប្រទេស។ ពីដើមធ្លាប់មានមនុស្សធំមានកៅអីតែមួយទេ តែឥឡូវត្រូវមានកៅអី ២ ឱ្យកូន ១ ឱ្យ ឪពុក ឬម្តាយ ១ ដើម្បីធ្វើសម្ភាសន៍ …។ ធម្មតាក្មេងវាខ្លាចម្ជុល។ ជួនកាលវាស្រែកយំ …។
វ៉ាក់សាំងកាតព្វកិច្ច, លិខិតឆ្លងដែនវ៉ាក់សាំង, ទេសចរវ៉ាក់សាំង
អញ្ចឹងទេសូមឱ្យឈរលើគោលការណ៍ស្ម័គ្រចិត្ត។ និយាយពីចិត្តសាស្រ្តទៅវិញ ដោយសារឪពុកម្តាយ ជីដូនជីតា បានចាក់រួចទៅហើយ អាបងៗ វាបានចាក់រួចហើយ ដូច្នេះវាទៅជាមានចលនាមួយចង់ចាក់។ នៅក្នុងហ្វេសប៊ុកខ្ញុំ ប៉ុន្មានថ្ងៃមានការចូលមកខម្មិនថា សម្តេចបើបានបញ្ចុះមក ៥ ឆ្នាំ កាន់តែល្អ។ បើ ៥ឆ្នាំបានចៅស្រី ណាណា ចាក់នឹងគេដែរ។ វ៉ាក់សាំងនេះវាក្លាយជាបញ្ហាធម្មតាទៅហើយ។ ក្រែងមានវ៉ាក់សាំង ១២ មុខហើយ។ បន្តិចទៀត កូវីដ-១៩ នេះ វានឹងទៅជាទី ១៣ ហើយ … វានឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចរបស់មនុស្សតែម្តង។ ចាំមើលៗ នៅលើពិភពលោកវាយ៉ាងម៉េចនៅពេល ដែលខ្ញុំនិយាយពីវ៉ាក់សាំងកាតព្វកិច្ច។ យើងធ្វើច្បាប់(ស្តីពីបញ្ហានេះ) ហើយដូច(ជាមាន)អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ស្នើឱ្យខ្ញុំលុបអនុក្រឹត្យអំពីវ៉ាក់សាំងកាតព្វកិច្ចហ្នឹងចោល។ ឥឡូវសូមទៅស្នើប្រធានាធិបតីបារាំងឱ្យលុបច្បាប់វ៉ាក់សាំងកាតព្វកិច្ច នៅប្រទេសបារាំង។ ឥឡូវ(បារាំង)បញ្ឈប់គ្រូពេទ្យប្រមាណ ៣ ពាន់នាក់ អត់ឱ្យប្រាក់ខែទេ ព្រោះគ្រូពេទ្យមិនព្រមចាក់វ៉ាក់សាំងខ្លួនឯង។ អញ្ចឹងគេមិនឱ្យចូលធ្វើការ គេមិនបើកប្រាក់ខែឱ្យ។ នៅអាមេរិកកំពុងតែដល់ហើយឥឡូវ មន្ត្រីសហព័ន្ធទាំងអស់ត្រូវតែចាក់។
ខ្ញុំមិនមែនគ្រូគេទេ ប៉ុន្តែខ្ញុំព្យាករឃើញថាសភាពការណ៍វាទៅជាអញ្ចឹង។ ថ្ងៃខាងមុខ ច្បាស់ណាស់អ្នកដែលមិនព្រមទទួលវ៉ាក់សាំង … ថ្ងៃក្រោយប្រហែលស្ថិតនៅក្នុងស្ថានភាពឯកោ ដែលគេមិនហ៊ានទៅជិត … ដោយសារតែផ្ទះគេគ្រប់គ្នាមានវ៉ាក់សាំងការពារ ដល់ផ្ទះខ្លួនឯងអត់មានវ៉ាក់សាំង គេបិទផ្ទះហ្នឹង។ អាចឈានដល់ហ្នឹង។ អាកូនក៏ឆ្លង ម៉ែក៏ឆ្លង អីក៏ឆ្លង វាមិនត្រូវ Lockdown។ ចូលធ្វើការជាមួយគេ គេមិនឱ្យចូល។ នេះគ្រាន់ជាការទស្សន៍ទាយរបស់ខ្ញុំ។ ប្រទេសនៅលើលោកនឹងត្រូវជំរុញឱ្យមានការចាក់វ៉ាក់សាំងហើយ។ ក្រុមហ៊ុននៅក្រៅប្រទេសគេអត់យកមនុស្សដែលអត់បានចាក់វ៉ាក់សាំងទេ។
ឥឡូវគេប្រុងបង្កើតលិខិតឆ្លងដែនវ៉ាក់សាំងទៀត។ បើគ្មានចាក់វ៉ាក់សាំងគេមិនឱ្យចូលប្រទេសគេ។ យើងអាចប្រុងលេងគេហៅថាទេសចរវ៉ាក់សាំងនៅពេលខាងមុខ។ ប្រសិនបើយើងចាក់ហើយ យោងតាមតួលេខគេហៅថាតួលេខជំរឿនពី ១២ ឆ្នាំឡើង យើងបូកក្រុមដែលមានអាយុ ១២ ឆ្នាំ(ឡើង) ចំនួន ១២ លាន ៧ សែននាក់ ដែលមានមនុស្សបន្ថែមដែលយើងបានចាក់នេះឡើងដល់ ១៤ លាន ៦ សែននាក់ អញ្ចឹងអត្រាគ្របដណ្តប់របស់យើងកើនដល់ ៩១% នៃប្រជាជន ១៦ លាននាក់។ ចំនួននេះអាចថាជាចំនួនច្រើនប្រៀបធៀបទៅនឹងបណ្តាប្រទេសដែលមានចំនួនច្រើនដែរ។ មិនត្រូវចាត់ទុកនេះជាការរត់ប្រណាំងលើបញ្ហាវ៉ាក់សាំងទេ តែកម្ពុជាត្រូវមានកាតព្វកិច្ចការពារជីវិតពលរដ្ឋរបស់ខ្លួន ហើយមានកាតព្វកិច្ចដើម្បីធ្វើឱ្យសង្គមសេដ្ឋកិច្ចត្រូវបានស្តារឡើងវិញ ក្នុងនោះរាប់ទាំងវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពរបស់យើង។
សង្ឃឹមយ៉ាងខ្លាំងថា វ៉ាក់សាំងរបស់យើងនឹងធ្វើដំណើរទៅដោយរលូន
អញ្ចឹងទេខ្ញុំសង្ឃឹមយ៉ាងខ្លាំងថា វ៉ាក់សាំងរបស់យើងនឹងធ្វើដំណើរទៅដោយរលូន ដោយឆ្លងកាត់តាមបទពិសោធន៍ដែលយើងមានរួចមកហើយ។ ឯសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ដូសទី ៣ ឬដូសជំរុញសម្រាប់ប្រជាពលរដ្ឋទូទៅ ចាប់ពីខែតុលាទៅ ត្រូវមានដំណាក់របស់វាភ្នំពេញ និងកណ្តាល ចាប់ផ្តើមមុនគេ បន្ទាប់ទៅបានទៅតាមខេត្តនានាដែល ព្រោះត្រូវគិតពីចន្លោះ ៤ ទៅ ៦ ខែ។ អញ្ចឹងទេ យើងអត់ត្រូវការ វ៉ាក់សាំងគំហុកទេ។ ត្រូវរុញទៅតាមដំណាក់ ព្រោះដូចយើងបានជូនទៅពោធិ៍សាត់ ទៅស្រុកប៉ុន្មានមុនអញ្ចឹងទៅ។ ស្រុកហ្នឹងត្រូវបានទទួលការចាក់មុន ដោយស្រុកដែលចាក់ក្រោយក៏ត្រូវបញ្ជូនទៅតាមក្រោយ។ អញ្ចឹងត្រូវមានប្រក្រតិទិនជាក់លាក់តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ជាតិ ដើម្បីយើងចាត់ចែងការបញ្ជូនវ៉ាក់សាំងទៅ បើមានការចាំបាច់បញ្ជូនទៅក្រុមគ្រូពេទ្យ។
យោងទៅលើអ្វីដែលគេបានធ្វើ មិនមែនគ្រាន់តែប្រទេសយើងនោះទេដែលបានចាក់វ៉ាក់សាំងសម្រាប់កុមារនោះ ប្រទេសមួយចំនួនផ្សេងទៀតគេក៏បានធ្វើហើយ នៅចិន គូបា អារ៉ាប់រួម ប៉េរូ អាល់សាវ៉ាដរ អាល្លឺម៉ង់ បារ៉ែន ឯអាមេរិក និងអ៊ីស្រាអ៊ែល កំពុងរៀបចំសិក្សាអំពីការចាក់ជូនកុមារ។ អញ្ចឹង យើងពិនិត្យមើល អារ៉ាប់រួមនេះ ជាប្រទេសដែលមានការជឿនលឿនមួយដែលគេចាក់ ហើយឈីលីនោះគឺទើបនឹងអនុម័តយក Sinovac ទៅចាក់ដូចគ្នា។ អញ្ចឹងយើងត្រូវបោះជំហានទៅមុខជាមុនការពារកុមាររបស់យើង ការពារកូនចៅយើងឱ្យពួកគេរស់រានមានជីវីត ឱ្យពួកគេទទួលបានការថែទាំសុខភាពពីសំណាក់យើងជាមនុស្សចាស់ ឱ្យពួកគេបានចូលសាលាដោយមានសុវត្ថិភាពទាំងគ្រូទាំងសិស្សនៅបឋមសិក្សា។ បើយើងមិនអាចបើកបឋមសិក្សាបានទេ ការបើកវិទ្យាល័យ ឬអនុវិទ្យាល័យមិនអាចដើរទាន់សភាពការណ៍នោះទេ ដាច់ឫសតែម្តង។ ឥឡូវបើយើងពិនិត្យមើលទៅលើជនបទទៅវិញ ទាក់ទងទៅនឹងការបើកសាលារៀន ថ្ងៃនេះគឺថ្ងៃទី ៣ហើយ។ ចំនួនសាលារៀនដែល ឯកឧត្តម ហង់ ជួនណារ៉ុន បានបញ្ជូនមកក៏ដូចជានៅក្នុងការរៀបចំនេះ យើងបើកសាលាសរុប ២ ៦៤១ សាលា ក្នុងនោះកម្រិតមតេយ្យ ១៥៣ កម្រិតបឋម ១ ៥០០ កម្រិតអនុវិទ្យាល័យ ៧១៦ កម្រិតវិទ្យាល័យ ២៧២ …។
ខ្ញុំសូមរំលឹក អភិក្រមបើកសាលារៀនឡើងវិញជូនដល់ស្ថាប័នក៏ដូចជាអាជ្ញាធររាជធានីខេត្ត ទី១៖ នៅជនបទដែលគ្មានហានិភ័យ ឬមានហានិភ័យទាប។ គ្រឹះស្ថានសិក្សាគ្រប់កម្រិតអាចបើកដំណើរការបាន ដោយអនុវត្តរៀនតាមបណ្តុំមិនលើស ១៥ នាក់ ដោយគោរពតាមស្តង់ដារប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាលអានេះទី ១។ ទី២៖ នៅតំបន់ដែលមានហានិភ័យមធ្យមត្រូវផ្តល់អាទិភាពដល់សិស្សថ្នាក់ទី ៩ និងទី ១២ ព្រោះអាទី ៩ និងទី ១២ វាត្រូវប្រឡងឌីប្លូម និងបាក់ឌុប ហើយពេលវេលាប្រឡងនៅពេលណានោះ ឯកឧត្តម ហង់ ជួនណារ៉ុន ត្រូវសិក្សា ព្រោះមិនអាចដាក់ទើបចូលបានប៉ុន្មានថ្ងៃ ឱ្យប្រឡងបានទេ។ យើងរៀបចំទៅក្រោយបន្តិចទៅ។ ទី៣៖ នៅតាមតំបន់មានហានិភ័យខ្ពស់គួរបន្តរៀនតាមអនឡាញពីចម្ងាយ។ កន្លែងដែលមានហានិភ័យខ្ពស់រៀនតាមអនឡាញតទៅទៀត។ ទី៤៖ បង្កើតគណៈកម្មាធិការរៀបចំសាលារៀន ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា តំណាងមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគាំទ្រដល់សាលារៀន និងសម្រេចក្នុងការផ្អាកដំណើរការសាលារៀនបើសិនជាមានករណីសង្ស័យ។ ទី៥៖ បន្តតាមដានអ្នកជំងឺថ្មី និងប្រភពនៃការឆ្លង ដើម្បីចៀសវាងការឆ្លងចូលទៅក្នុងសាលារៀន។ សូមឱ្យអាជ្ញាធរខេត្តរាជធានីបន្តការប្រុងប្រយ័ត្ន ដែលត្រូវវាយតម្លៃជាប្រចាំនៃស្ថានភាព ការវិវត្ត និងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន រួមទាំងការធ្វើតេស្តរហ័ស នៅពេលដែលមានករណីសង្ស័យដើម្បីដាក់ចេញនូវវិធានការទប់ស្តាត់ទាន់ពេលវេលា។
នេះជាចំណុចដែលខ្ញុំបានថ្លែងជូនប្រជាពលរដ្ឋរបស់យើងឱ្យបានជ្រាបអំពីចំណុចនានា ដែលយើងបានធ្វើ ប៉ុន្តែចំណុចដែលត្រូវធ្វើនៅពេលខាងមុខខ្ញុំទុកនៅពេលបន្ទាប់ ព្រោះខ្ញុំទុកពេលឱ្យអ្នកសារព័ត៌មានសួរមកចំពោះខ្ញុំសិន។ ប្រសិនជាសំណួរនោះ ស្របជាមួយអ្វីដែលនឹងគោលដៅខាងមុខ ខ្ញុំនឹងឆ្លើយតែម្តង ហើយបើសិនកន្លែងណាដែលមិនទាន់មាននោះទេ ខ្ញុំក៏នឹងបញ្ជាក់បន្ថែម។ សូមអរគុណ ចំពោះការយកចិត្តទុកដាក់ស្តាប់ ហើយក៏សូមផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មាន ដើម្បីហ្នឹងដាក់ចេញជាសំណួរដើម្បីធ្វើការឆ្លើយតបរបស់ខ្ញុំ។
EAC News
សំណួរ៖ បាទសូមគោររពសម្តេចតេជោនាយករដ្ឋមន្ត្រី ខ្ញុំបាទឈ្មោះ ហ៊ុន សិរីវឌ្ឍ ពីសារព័ត៌មាន EAC News ខ្ញុំមាន ២ សំណួរ ដែលសួរទៅកាន់សម្តេច ទី១៖ គឺទាក់ទងជាមួយនឹងការចាក់វ៉ាក់សាំងចំពោះកុមារអាយុពី ៦ ឆ្នាំដល់ ១២ ឆ្នាំនេះ តើនឹងអាចមានការចាក់វ៉ាក់សាំងដូសទី ៣ ជូនពួកគាត់ឬអត់? សំណួរមួយទៀតគឺសម្រាប់មនុស្សធំដែលអាយុ ១៨ ឆ្នាំឡើង តើរដ្ឋាភិបាលអាចនឹងគ្រោងចាក់ដូសទី ៤ជូនពួកគាត់ឬអត់? ការបន្តចាក់ដូសទី ៤ ហ្នឹង តើនឹងធ្វើនៅពេលណា ហើយរដ្ឋាភិបាលបន្តចាក់ដោយឥតគិតថ្លៃទៀត ឬយ៉ាងណា? មួយសំណួរទៀតគឺដោយសារឥឡូវពលរដ្ឋកម្ពុជាបានចាក់វ៉ាក់សាំងបានច្រើន ទាំងទី ២ ទាំងទី ៣ អញ្ចឹង តើទាក់ទាងជាមួយអាជីវកម្មដែលមានហានិភ័យខ្ពស់ដូចជាបៀរហ្គាឌិន ជាដើម តើរដ្ឋាភិបាលនឹងពិចារណានឹងបើកឡើងវិញនៅពេលណាដែលសម្តេចបាទ? សូមអរគុណសម្តេច!
អរគុណ! ដំបូងទាក់ទងនឹងសំណួរទី ១ អម្បាញ់មិញខ្ញុំទើបនឹងនិយាយផុត គោលការណ៍របស់យើងកាលណាចាក់ដូសទី ២ រួចហើយ ត្រូវតែមានដូសទី ៣ ហ្នឹងគឺខ្ញុំចង់និយាយពីក្របខ័ណ្ឌទូទៅហើយ។ ក្មេងពី ៦ ឆ្នាំ ទៅ ១២ ឆ្នាំ ក៏ដូចគ្នា។ អម្បាញ់មិញខ្ញុំនិយាយគ្របដណ្តប់ទាំងអស់ដោយមិនមានការបែងចែកទេ។ កាលណាទទួលបានវ៉ាក់សាំង ២ ដូសហើយ ត្រូវតែមានដូសទី ៣ ហ្នឹងជាគោលការណ៍ទូទៅ។
ឯចំពោះសំណួរទី ២៖ ថាតើ នឹងចាក់ដូសទី ៤ ឬអត់? រឿងនេះវាអាស្រ័យទៅលើស្ថានភាពវិវត្តន៍របស់កូវីដ-១៩ និងប្រសិទ្ធភាពវ៉ាក់សាំងយើងត្រូវតាមដានលើបញ្ហានេះ នៅក្នុងការអនុវត្តជាក់ស្តែងរបស់ពិភពលោក ជាមួយនឹងប្រសិទ្ធភាពវ៉ាក់សាំងដែលត្រូវបន្ត គួបផ្សំជាមួយការណែនាំជារឿយៗ ពីអង្គការសុខភាពពិភពលោកផងដែរ។ ខ្ញុំបានដឹងថាមិត្តភក្តិបរទេសរបស់យើងមួយចំនួនគេបានដើរទៅដល់ដូសទី ៤ រួចស្រេចទៅហើយ តែខ្ញុំមិនបញ្ចេញថាតើជាប្រទេសណាទេ … បើសិនជាចេញដូសទី ៤ មែន តម្រូវឱ្យយើងចាយលុយទៀតហើយ តែយើងត្រូវតែធ្វើចៀសមិនបានទេ។ បញ្ហានេះវាទាក់ទងទៅនឹងការសិក្សានៅពេលខាងមុខ ការវិវត្តនាពេលខាងមុខ។
ចំពោះសំណួរទី ៣ អម្បាញ់មិញអំពីការបើក(សកម្មភាព)ឡើងវិញ។ ប្រសិនបើសភាពការណ៍វាល្អបើកទាំងអស់។ អ្នកណាចង់ឱ្យអញ្ចឹង សព្វថ្ងៃប្រជាពលរដ្ឋរបស់យើងគាត់ចង់ដើរលេង។ ដំបូងចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់ទៅយើងបើកវិស័យសេវា។ វិស័យសេវានេះគឺខ្ញុំចង់ធ្វើ ២ ជំហាន។ ជំហានទី ១ គឺ បើកទេសចរណ៍ក្នុងស្រុក ព្រោះប្រជាពលរដ្ឋគាត់ក៏មានតម្រូវការដើរកម្សាន្ត ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ក៏ជាឱកាសមួយបានឱ្យប្រជាពលរដ្ឋរបស់យើងបានស្គាល់ប្រទេសខ្លួនឯង។ ដោយគាត់មិនអាចចេញទៅក្រៅប្រទេសបានទេ គាត់នៅក្នុងស្រុក។ ម្សិលមិញខ្ញុំបានប្រាប់ទៅ សាយ សំអាល់ ក្នុងពេលដែលរាយការណ៍ឱ្យខ្ញុំអំពីទេសចរសហគមន៍នៅតំបន់ការពារ ហាក់ដូចជាមានមនុស្សទៅលេងកាន់តែច្រើន ហើយប្រជាពលរដ្ឋបានរួមចំណែកការពារព្រៃឈើ និងការពារធនធានធម្មជាតិដើម្បីបម្រើឱ្យវិស័យទេសចរណ៍។ ខ្ញុំបានប្រាប់តាមសារសម្លេងទៅឱ្យប្រុងប្រៀប ព្រោះអាចនឹងមានតំបន់ធម្មជាតិមួយចំនួនត្រូវបានទេសចរជនជាតិខ្មែរយើងទៅលេង។ កុំមើលងាយមើលស្រាលទេសចរផ្ទៃក្នុងចាយលុយច្រើនណាស់។ អ្នកមកពីក្រៅទេចាយ(លុយ)សន្សំ តែអ្នកនៅក្នុងស្រុកគឺចាយ(លុយ)អាក្រក់អាក្រីណាស់។ អញ្ចឹងផលប្រយោជន៍នេះបានទៅប្រជាជនមូលដ្ឋានគាត់លក់ដូរ គាត់អាចជួលផ្ទះឬកន្លែងដែលគេទៅបោះតង់ រួមជាមួយគ្នា គាត់អាចនាំគេចូលព្រៃដើម្បីមើលដើមឈើ។ ឯបណ្ដាភោជនីយដ្ឋាន បើកដំណើរការឡើងវិញ ព្រោះជាចរន្តនៃសេដ្ឋកិច្ច ហើយវាក៏ទាក់ទងជាមួយតម្រូវការរបស់ប្រជាជនមួយផ្នែក។ ក៏វាជាចំណូលរបស់រដ្ឋដែរ។ ប្រជាជនផឹកទឹកក្រូចមួយកំប៉ុង វាមានចំណូលពន្ធដាររបស់វានៅក្នុងហ្នឹង។ យើងខ្លាចតែប្រជាជនគាត់មិនចាយលុយ ឬគាត់អត់លុយចាយទេតើ។ ប្រជាជនគាត់ចង់ដើរលេង។ អញ្ចឹងខ្ញុំបានសម្រុកធ្វើអាហ្នឹងក្នុងគោលដៅបើកទេសចរណ៍ផ្ទៃក្នុង។
ឥឡូវជំងឺនេះនៅក្នុងប្រទេសរបស់យើង ភាពស៊ាំសហគមន៍បានកើត … ម្សិលមិញពិភាក្សាជាមួយលោកជំទាវ យក់ សម្បត្តិ បង ម៉ម ប៊ុនហេង គាត់នៅហ្នឹង(សៀមរាប) ចាប់ទូរស័ព្ទនិយាយជាមួយអភិបាលខេត្ត ទៀ សីហា បួនឃុំមិនបាច់ធ្វើតេស្តទេ ដាក់ថ្នាំព្យាបាលតែម្ដង ចាត់ទុកថា គាត់សង្ស័យមានជំងឺ(កូវីដ-១៩) ដាក់ថ្នាំតែម្ដង។ ដឹកទៅហើយ។ ឱ្យគាត់ពិសាថ្នាំ។ ចាំមួយសប្ដាហ៍ក្រោយចាំនាំគ្នាធ្វើតេស្ត ព្រោះអត់មានសញ្ញាអីសោះ។ លើកលែងតែគាត់មានសញ្ញាឈឺចាំយើងយកមកពេទ្យ។ បើគាត់អត់មានសញ្ញាឈឺទេឱ្យគាត់សម្រាកនៅផ្ទះលេបថ្នាំតែម្ដង។ យើងធ្វើអញ្ចេះវិញ។ ឥឡូវកោះពេជ្រដែលធ្លាប់ដាក់មនុស្សជិត ១ ម៉ឺននាក់ យើងបិទទៅហើយ។ ដោយសារអី? ល្មមៗ យើងឲ្យគាត់ព្យាបាលនៅតាមផ្ទះ។ នៅភ្នំពេញសព្វថ្ងៃ ព្យាបាលតាមផ្ទះច្រើន។ អញ្ចឹងទេ ការដើរកម្សាន្ត យើងអាចធ្វើទៅរួច ភោជនីយដ្ឋាន ហាងកាហ្វេ អាចធ្វើទៅរួច ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាល ៣ ការពារ ៣ កុំ គឺកុំចោល។ ពិតហើយចូលទៅក្នុងហាងវាមិនអាចពាក់ម៉ាសកើតទេ ចូលទៅដំបូងពាក់ម៉ាស តែដល់ពេលត្រូវទទួលទានហើយគឺដោះម៉ាសបានញាត់មាត់ចូលហ្នឹងជំហានទី ១។
ជំហានទី ២ ខ្ញុំចង់លេងជាមួយប្រទេសមួយចំនួន គឺទេសចរវ៉ាក់សាំង … ខ្ញុំឱ្យជាគំនិតដើម្បីពិចារណានៅក្នុងគណៈរដ្ឋមន្ត្រីក៏ដូចជាក្រសួងទេសចរណ៍។ អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ អាចមកទស្សនកិច្ចនៅកម្ពុជា ធ្វើទេសចរនៅកម្ពុជា។ ពេលមកដល់ អនុញ្ញាតឱ្យធ្វើចត្តាឡីស័ក ៧ ថ្ងៃ ប៉ុន្តែ ៧ ថ្ងៃមិនមែននៅក្នុងបន្ទប់ទេ។ ៧ ថ្ងៃនេះអាចដើរមើលទីក្រុងដែលអ្នកចុះចតឱ្យនៅក្នុងខេត្ត ឧទាហរណ៍នៅក្នុងសៀមរាប គឺយើងមិនឲ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារសៀមរាបទេ យើងអនុញ្ញាតឱ្យគាត់ធ្វើចត្តាឡីស័កនៅក្នុងក្របខណ្ឌតំបន់ហ្នឹង។ យើងគូសជាតំបន់មួយទៅ។ អញ្ចឹងចត្តាឡីស័កមែន ប៉ុន្តែគាត់អាចមើលប្រាង្គប្រាសាទបាន។ នៅខេត្តព្រះសីហនុក៏ដូចគ្នា។ ពេលគាត់មកដល់ ឲ្យគាត់ធ្វើចត្តាឡីស័ក ប៉ុន្តែគាត់អាចទៅងូតទឹកសមុទ្រ គាត់អាចទៅលេងកោះអីបាន។ ថ្ងៃមុនវាជាការភ្លេចភ្លាំងមួយរបស់ខ្ញុំ។ ចង់ពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរបស់ចិន ថាយើងសហការគ្នាធ្វើ។ បានសេចក្ដីថា ធ្វើចត្តាឡីស័ក ៧ ថ្ងៃ ប៉ុន្តែអ្នកមានសិទ្ធិដើរនៅក្នុងក្រុងដែលអ្នកធ្វើចត្តាឡីស័ក គឺមិនមែនធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ទេ។ បន្ទាប់ទៅ ផុត ៧ ថ្ងៃអ្នកឯងអាចចេញទៅខេត្តដទៃ។ សូមជួយគិតគ្នាមើល ដើម្បីឈានទៅរកការបើកទេសចរណ៍ឡើងវិញ។ កុំភ្លេចឱ្យសោះ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន(គឺមាន)ផ្នែកសេវានាំមុខទាំងអស់។ បើកមើលទៅ។ អាមេរិក បារាំង អាល្លឺម៉ង់ ជប៉ុនក្តី កសិកម្មគ្របដណ្ដប់ប៉ុន្មានភាគរយ។ តិចណាស់កសិកម្ម។ ជួនកាលកសិកម្មមានមិនដល់មួយភាគរយផង ប៉ុន្តែគេមានសមត្ថភាពចិញ្ចឹមប្រជាជនគេ។ ឧស្សាហកម្មក៏ទាប សេវាទេដែលទទួលប្រាក់ចំណូលធំ។
យើងដោះស្រាយបញ្ហាវ៉ាក់សាំង មិនមែនគ្រាន់តែដោះស្រាយតែការពារជីវិតប្រជាជនទេ តែរឿងបញ្ហាសេដ្ឋកិច្ចសង្គម។ ការបើកសេដ្ឋកិច្ចសង្គមឡើងវិញគឺជារឿងចាំបាច់។ យើងសុខចិត្តចំណាយរាប់រយលានដុល្លាររកវ៉ាក់សាំងយកមកចាក់ ដើម្បីទាញយកមកវិញរាប់ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ឥឡូវកសិកម្មរបស់យើងធ្វើលើសផែនការដូចជាជិត ១១០ ភាគរយ។ ស្រូវដើមរដូវបានច្រូតកាត់ទិន្នផលប្រមាណជាង ២ លានតោនរួចស្រេចទៅហើយ។ ស្រូវវស្សានេះលើសផែនការចូលជិតដល់ ៣ លានហិកតាឯណោះ។ ឧស្សាហកម្មរបស់យើងដំណើរការធម្មតា។ ឥឡូវគេបញ្ជាទិញរហូតដល់ខ្ញុំត្រូវការដេរម៉ាសឱ្យកងទ័ព នគរបាល ដើម្បីឱ្យវាស្របជាមួយនឹងសម្លៀកបំពាក់និងអាចបោកទឹកបាន ហើយដាក់ Logo របស់កងទ័ពរបស់នគរបាល។ រោងចក្របួនដែលធ្លាប់តែដេរម៉ាសនេះ ឥឡូវគេបង្វែរទៅដេរខោអាវសម្រាប់ការនាំចេញ ព្រោះគេបញ្ជាទិញយ៉ាងច្រើន។
រឿង EBA វាមិនសំខាន់ទេ។ វាអត់សំខាន់អីសម្រាប់កម្ពុជាទេកម្ពុជានាំចេញ … វាមិនត្រឹមតែ(មិន)បិទរោងចក្រ រោងចក្រមកថ្មីកាន់តែច្រើនទៅទៀត ព្រោះប្រេស៊ីល បង់ក្លាដែស មីយ៉ាន់ម៉ាផ្គត់ផ្គង់មិនបាន។ (មានផល)ប៉ះពាល់ដល់វៀតណាម។ ឥឡូវសម្រុកមកបញ្ជាទិញពីស្រុកខ្មែរ។ ស្រុកខ្មែរសុវត្ថិភាពជាង។ ប៉ុន្តែបញ្ហាខកខានរបស់យើងមួយគឺបញ្ហាសេវាទេសចរណ៍ ទាំងទេសចរណ៍ផ្ទៃក្នុង/ក្រៅ ទាំងភោជនីយដ្ឋាន ហាងកាហ្វេ។ គេថាផឹកកាហ្វេមួយពែង ៥-៧ ដុល្លារស្រុកខ្មែរ។ ខ្មែរហ៊ានចាយណាស់។ បើកាលណាសេវាអស់ហ្នឹងបើក កន្លែងនីមួយៗមានមនុស្សធ្វើការ។ អញ្ចឹងយើងដោះស្រាយការងារធ្វើឱ្យប្រជាពលរដ្ឋរបស់យើងបានច្រើនណាស់។ សូមផ្ដាំទៅ Guide ប្រយ័ត្នគេមិនឱ្យនាំភ្ញៀវ ព្រោះនេះគេហៅទេសចរវ៉ាក់សាំង។ អ្នកដែលមិនព្រមចាក់វ៉ាក់សាំងប្រហែលជាគ្មានការងារធ្វើទេ គឺបានសេចក្ដីថាផ្នែកទេសចរណ៍ត្រូវតែគ្រប់គ្រង។ អ្នកឯងមិនបានចាក់វ៉ាក់គឺមិនអាចធ្វើជាមគ្គុទេសក៍ទេសចរដើរឧទ្ទេសនាមបានទេ។ ផ្ដាំផ្ញើទៅឱ្យហើយក្រែងដល់ពេលហ្នឹងស្ដាយក្រោយ។ ដល់ពេលហ្នឹងត្រូវធ្វើលិខិតសុំចាក់វ៉ាក់សាំងហើយ …។
ចំពោះសំណួរទី ៤៖ ទាក់ទងការចាក់ក្មេងអាយុ ៣-៦ ឆ្នាំ។ ក្នុងនេះ យោងទៅលើអ្វីដែលជាកិច្ចការទៅខាងមុខដែលខ្ញុំត្រៀមនឹងជម្រាប គឺមានការសុំឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង Covid-19 ក្នុងក្របខណ្ឌទូទាំងប្រទេសនិងក្រុមជំនាញវេជ្ជសាស្ត្រជាន់ខ្ពស់ ធ្វើការសិក្សាបន្ថែមលើលទ្ធភាពចាក់វ៉ាក់សាំងលើកុមារដែលមានអាយុ ៣-៦ ឆ្នាំ ដែលមានចំនួន ៩០១ ៥៤៦ នាក់ ហើយរាយការណ៍ឲ្យខ្ញុំ។ នេះជាកិច្ចការទីមួយដែលត្រូវធ្វើនៅពេលខាងមុខដែលខ្ញុំត្រៀមជម្រាប ប៉ុន្តែបានចេញសំណួរហ្នឹងមកល្អហើយ។ ចាត់ទុកថាបានប្រគល់ការងារហ្នឹងទៅឲ្យគណៈកម្មការចំពោះកិច្ច និងអ្នកជំនាញជាន់ខ្ពស់ផ្នែកសិក្សាការចាក់វ៉ាក់សាំងពីអាយុ ៣-៦ ឆ្នាំ។ ៦ ឆ្នាំចាក់ហើយ។ ត្រឹម ៥ ឆ្នាំចុះ។ អញ្ចឹងបានវានៅសល់តិច។ ចំនួននេះ ចាយវ៉ាក់សាំងអស់ប្រហែល ២ លានដូសទៅចុះ ដើម្បីឲ្យវាទៅមតេ្តយ្យ។ បានសេចក្ដីថានៅសល់តែកូនង៉ានៅផ្ទះទេ ដែលមិនទាន់ចាក់ ព្រោះក្រុមហ្នឹងកំពុងចាក់វ៉ាក់សាំងសម្រាប់ការពារកញ្ជ្រិល អុច … នេះគឺជាចម្លើយរបស់ខ្ញុំ មានតែប៉ុណ្ណឹង តើមានអ្នកណាផ្តល់នូវសំណួរថែមទៀត?
BTV
១. បច្ចុប្បន្ននៅតែមានការឆ្លងរីករាលដាលនូវ កូវីដ-១៩ ចើ្រន ប៉ុន្តែភាគច្រើនស្រាលទេ។ តើជាគោលការណ៍សម្រាប់អ្នកដែលមានជំងឺស្រាលត្រូវតែព្យាបាលនៅតាមផ្ទះទាំងអស់ដែរឬទេ? ឬទាល់តែធ្ងន់ទើបយើងរៀបចំទីកន្លែងសម្រាប់ព្យាបាលពួកគាត់?
២. បច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំង កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើងមានវឌ្ឍនភាពល្អ ហើយរាជរដ្ឋាភិបាលព្យាបាលមិនគិតប្រាក់ទៀត។ ប៉ុន្តែ ចំណុចមួយទៀត (រដ្ឋ)អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនអាចនាំវ៉ាក់សាំងចូលមកលក់នៅកម្ពុជាបានដែរ សម្រាប់បំពេញតម្រូវការឱ្យប្រជាពលរដ្ឋណាដែលគាត់ចង់ចាក់ ។ តើរាជរដ្ឋាភិបាលមានគោលការណ៍នៅក្នុងការកំណត់តម្លៃសម្រាប់ក្រុមហ៊ុនឯកជនដែលនាំចូលមកលក់នៅកម្ពុជា (ដូចជា)កំណត់ភាគរយប៉ុន្មានដែលឱ្យគាត់កំណត់ចំណេញនៃតម្លៃដើមកុំឱ្យមានការកំណត់ថ្លៃលើសខ្លាំងពេក?
ទាក់ទិនជាមួយបញ្ហាការព្យាបាល។ ឥឡូវនេះបើយើងពិនិត្យទៅស្ថិតក្នុងស្ថានភាព ៣ បែប។ បែបទី ១ អ្នកដែលមានជំងឺ ដែលយើងគិតថាវាជាជំងឺដែលគប្បីត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ចំនួននេះកាន់តែមានការថយចុះ ដោយសារតែអត្រាគ្របដណ្ដប់ការចាក់វ៉ាក់សាំង បានគ្របដណ្ដប់ច្រើន។ ដូច្នេះចំនួនអ្នកធ្ងន់នៅក្នុងមន្ទីរពេទ្យគឺមានស្ថានភាពធ្លាក់ចុះ។ ការព្យាបាលទី ២ គឺព្យាបាលនៅតាមតំបន់ដែលយើងបានរៀបចំ។ យើងនៅតែបន្តការព្យាបាល ព្រោះពេលខ្លះអ្នកទាំងនេះគ្មានលទ្ធភាពព្យាបាលនៅក្នុងផ្ទះទេ ដោយសារផ្ទះតូច។ អញ្ចឹងយើងនៅតែទទួលឱ្យមានការព្យាបាលនៅក្នុងមន្ទីរពេទ្យ ពិតមែនតែនៅក្នុងទីក្រុងយើងបិទដូចជានៅកោះពេជ្រដែលយើងធ្លាប់ទទួលរាប់ពាន់ឬជិតដល់ម៉ឺននាក់។ យើងលើកទឹកចិត្តឱ្យមានការព្យាបាលនៅតាមផ្ទះ។ ហើយការព្យាបាលនៅតាមផ្ទះ វាគឺជាកាអនុវត្តតាំងពីដើមទីនៅប្រទេសជឿនលឿនដូចជានៅសហរដ្ឋអាមេរិកឬបារាំង និងប្រទេសជឿនលឿនដទៃទៀត។ មន្ត្រីការទូតរបស់យើងបានកើត កូវីដ-១៩ នៅក្នុងប្រទេសទាំងនោះ គេគ្រាន់តែឱ្យថ្នាំមកព្យាបាលនៅផ្ទះ។ គេអត់ឱ្យនៅដេកពេទ្យទេ។ ពេទ្យគេទទួលតែអ្នកជំងឺធ្ងន់តែប៉ុណ្ណោះ។ យើងលើកទឹកចិត្តឱ្យមានការព្យាបាលនៅតាមផ្ទះ ប៉ុន្តែបញ្ហាដែលយើងត្រូវប្រុងប្រយ័ត្នគឺ Delta។ បើសិនជារកឃើញ Delta យើងត្រូវតែមានការគ្រប់គ្រង ដើម្បីកុំឱ្យ Delta វាឆ្លងរាលដាលចេញពីខ្លួនហ្នឹងចូលក្នុងផ្ទះទាំងមូល។ ហើយចេញពីផ្ទះហ្នឹងចូលទៅក្នុងកន្លែងដទៃដែលគ្រប់គ្រងមិនបាន។ ត្រូវប្រុងប្រយ័ត្ន។ ប៉ុន្តែឥឡូវនេះយើងហាក់បីដូចជាបានឃើញថា Delta និង Alpha វាស្ទើរតែក្បែរគ្នាទៅហើយ។ អត់ដឹងខ្លួនដូចគ្នា។ គ្រាន់តែនៅចំណុចមួយសំខាន់របស់ឥទ្ធិពល Delta ត្រង់ថាវាឆ្លងលឿន។ ប៉ុន្តែវាឆ្លងចូលទៅក្នុងរាងកាយមនុស្ស វាសឹងតែដូច Alpha ដដែលគ្រាន់តែយើងត្រូវប្រុងប្រយ័ត្នទប់ស្កាត់ Delta ដែលយើងតែងធ្វើការវិភាគជារៀងរាល់ថ្ងៃទៅតាមសំណាកថា តើ Delta មួយថ្ងៃៗឆ្លងប៉ុន្មានហើយនៅកន្លែងណា។
ចំពោះបញ្ហាទី ២ ទាក់ទិនជាមួយបញ្ហាតើក្រុមហ៊ុនឯកជនអាចធ្វើបានទេ? យើងផ្ដល់ឱកាសឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើរឿងនេះ យើងផ្ដល់រួចហើយ ប៉ុន្តែបញ្ហានៅត្រង់ថាក្រុមហ៊ុនឯកជនរកទិញវ៉ាក់សាំងមិនបាន។ វានៅកន្លែងហ្នឹង។ បានសេចក្ដីថា ប្រទេសខ្លះជាប្រទេសមានលុយ ក៏ប៉ុន្តែអត់វ៉ាក់សាំងចាក់ឱ្យប្រជាជន។ អានេះមិនមែនទៅទិញមួយយួរហើយដាក់យន្តហោះមកធម្មតាទេ។ បើថា Pfizer 60 អង្សារក្រោមសូន្យ ហើយដឹកមកត្រូវមានកន្លែងតម្កល់។ តើក្រុមហ៊ុនឯកជនអាចធ្វើទៅរួចឬអត់។ មានវ៉ាក់សាំងដទៃទៀតដែលត្រូវការកម្រិតសីតុណ្ហភាពខ្ពស់ ឬត្រជាក់ខ្លាំងយើងបានអនុញ្ញាតឱ្យធ្វើអាហ្នឹង។ កន្លងទៅយើងបានដឹង គេថាពីមុនចង់ទិញសំបុត្រយន្តហោះទៅចាក់វ៉ាក់សាំងនៅប្រទេសបារាំងដើម្បីបានចាក់វ៉ាក់សាំងល្អ។ ឥឡូវគេប្រើពាក្យថាជិះឡានទៅចាក់វ៉ាក់សាំងនៅព្រៃវែង នៅត្បូងឃ្មុំ ព្រោះអី? ព្រោះយើងបានបញ្ជូន Johnson & Johnson (ទៅទីនោះ)។ អ្នកនៅកន្លែងមួយចំនួនជិះឡានទៅតាមចាក់អាហ្នឹង។ មានរឿងហ្នឹងកើតឡើង។ ខ្ញុំបានទទួលសារសម្លេងយប់មិញថាកើតឡើងនៅព្រៃវែង។ ហើយសួរទៀតថា អ្នកហ្នឹងមកពីណា? មកពីពញាក្រែកទៀត។ ថាសាច់ញាតិគេនៅហ្នឹង។ ដោយយើងអនុវត្តគោលការណ៍មួយគេហៅថាគោលការណ៍កម្ពុជាតែមួយ បានសេចក្តីថាយើងដាក់ចេញបទបញ្ជាថា មកពីណាក៏ដោយឱ្យតែមកដល់កន្លែងហ្នឹងគឺត្រូវចាក់ឱ្យតែម្ដង។ អញ្ចឹងគឺអត់ចាំបាច់ថានៅភូមិហ្នឹង ឃុំហ្នឹងទើបអាចចាក់បានទេ។ ដល់អញ្ចឹងគឺគាត់មក។ គាត់បានចាក់ទៅ។ ជួនកាលគាត់ឱ្យគ្រូពេទ្យ ៤-៥ ម៉ឺនរៀលចាយអញ្ចឹងទៅ។ វាបង្កើតជាបញ្ហាចចាមអារ៉ាមទៅរឿងវាអញ្ចឹង។ ប៉ុន្តែ Johnson & Johnson វាអស់ហើយចុងក្រោយសល់ប៉ុន្មានឱ្យទៅត្បូងឃ្មុំ។ នៅសល់តែ Sinovac និង Sinopharm ហ្នឹងឯង។
ខ្ញុំចង់និយាយបញ្ហាទាក់ទងនឹងទីផ្សារ។ ដែលហៅថា សេដ្ឋកិច្ចទីផ្សារ គេត្រូវតែចំណេញ។ ប៉ុន្តែ រាជរដ្ឋាភិបាលក៏គួរត្រូវត្រួតពិនិត្យលើបញ្ហាហ្នឹងដែរ ព្រោះបញ្ហាសេដ្ឋកិច្ចទីផ្សារវាទាក់ទងគ្នាធំបំផុតរវាងអ្នកលក់ និងអ្នកទិញ។ បើអ្នកលក់ថ្លៃ អ្នកទិញមិនព្រមទិញ អាហ្នឹងរឿងរបស់អ្នកទិញ។ អ្នកលក់ និងអ្នកទិញ គេត្រូវរ៉ូវគ្នា។ ពិតហើយ យើងត្រូវតែអំពាវនាវកុំឲ្យគេហៅថា ចូលទៅដល់កម្រិតអារក។ ប៉ុន្តែ ខ្ញុំគិតថាអញ្ចេះ បើគេមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំង ដែលរដ្ឋផ្ដល់ទេ គេច្បាស់ជាហ៊ានចាយទៅយកអ្វីដែលគេចង់ហើយ។ អញ្ចឹងកុំមកត្អូញត្អែរថាវាថ្លៃណាស់។ ដូចធ្វើតេស្ដរហ័ស (Rapid Test) ស្រែកតាមហ្វេសប៊ុកថាថ្លៃណាស់ ខ្ញុំក៏សួរអំពីបញ្ហាហ្នឹង។ ដល់សួរទៅ គេឆ្លើយមកសមហេតុសមផល។ គេថា គេមិនមែនគិតតែពីរឿង Rapid Test ហ្នឹងឯណា គេគិតតាំងពីសម្លៀកបំពាក់គ្រូពេទ្យ(ដែលពាក់នៅពេល)យកឲ្យអ្នកឯង គេយកទាំងអាហ្នឹង ហើយនៅសេវាមួយចំនួនទៀត។ អញ្ចឹងបើសិនជាចង់ចៀសវាងកុំឲ្យគេយកថ្លៃ មកធ្វើតេស្ដកន្លែងពេទ្យដែលគេធ្វើឲ្យទទេ ម៉េចក៏មិនព្រម? មកពីយើងគេច។ ដល់ឯងរត់ទៅពឹងឯកជន ថាឯកជនថ្លៃណាស់។ ដល់មកពឹងកន្លែងរដ្ឋ មិនព្រមមក។ ឥឡូវដោះស្រាយថាម៉េច? ចូលក្នុងហ្វេសប៊ុករបស់ខ្ញុំ … ខ្ញុំក៏សួររឿងហ្នឹងដែរ។ តែខាងពេទ្យឯកជនគេបានឆ្លើយមកថា គេបានគិតទាំងសម្លៀកបំពាក់ មួយកំប្លេៗថ្លៃ ដើ់ម្បីទៅធ្វើតេស្ដឲ្យបុគ្គលម្នាក់។ អញ្ចឹងគេមិនមែនគិតតែតម្លៃ ២ ឬ ៣ ដុល្លារ សម្រាប់ Rapid Test មួយកំប្លេនោះទេ គេគិតទាំងសេវាកម្មផ្សេងៗ អញ្ចឹងវាចេញថ្លៃ។ អញ្ចឹងបើមិនចង់ថ្លៃទេ មករកកន្លែង(របស់រដ្ឋ)ដែលគេកំពុងធ្វើនោះ។ រាល់ថ្ងៃយើងដាក់ពេញតែភ្នំពេញហ្នឹង ទៅរកកន្លែងនោះធ្វើទៅ។ ធ្វើនៅកន្លែងណា យើងមានប្រដាប់ប្រដា យើងមានកន្លែងសម្រាប់ការយកសំណាកទៅធ្វើតេស្ដដោយមិនយកប្រាក់។
ប៉ុន្តែ គោលការណ៍កំណត់តម្លៃ ឲ្យរដ្ឋលូកដៃទៅកំណត់តម្លៃ អញ្ចឹងបានជាខ្ញុំចេះតែនិយាយ “ជេរឯងថាកុម្មុយនីស្ត តែបង្ខំឲ្យតែឯងធ្វើកុម្មុយនីស្ត”។ វានៅកន្លែងណា? សេដ្ឋកិច្ចផែនការ ដែលគេហៅថា សេដ្ឋកិច្ចរបស់ពួកកុម្មុយនីស្តនោះ គឺរដ្ឋកំណត់ថ្លៃ។ បើរដ្ឋលូកដៃចូលកំណត់ថ្លៃហើយ គឺចូលសេដ្ឋកិច្ចផែនការចាប់បង្ខំ គឺសេដ្ឋកិច្ចកុម្មុយនីស្ត។ អញ្ចឹងបានពួកក្រុមជ្រុលនិយមខ្លះជេររដ្ឋាភិបាលភ្នំពេញថា សុទ្ធតែពួកកុម្មុយនីស្ត ប៉ុន្តែ ចាប់បង្ខំឲ្យរដ្ឋាភិបាលភ្នំពេញធ្វើកុម្មុយនីស្ត។ អត់ស្គាល់អ្វីដែលហៅថា សេដ្ឋកិច្ចផ្សារ អត់ស្គាល់អ្វីដែលហៅថាសេដ្ឋកិច្ចផែនការរបស់ពួកកុម្មុយនីស្ត។ សូម្បីតែសេដ្ឋកិច្ចក្នុងប្រទេសដែលមានតែបក្សមួយ ហៅថា បក្សកុម្មុយនីស្តវៀតណាម បក្សកុម្មុយនីស្ដចិន ប្រទេសចិន និងវៀតណាម រដ្ឋអត់មានកំណត់ថ្លៃទេ ទុកឲ្យទីផ្សារជាអ្នកកំណត់។ ទីផ្សារនោះគឺជំនួបរវាងអ្នកលក់ និងអ្នកទិញ។ នេះគឺវាតែប៉ុណ្ណឹង។ ប៉ុន្តែ ពួកអ្នកដែលចេះមិនដល់ យល់មិនដល់ គេហៅថា ពួកអាល្ងង់ទូ វាជេរឯងកុម្មុយនីស្ដហើយ តែវាបង្ខំឲ្យឯងធ្វើកុម្មុយនីស្ដ។ អាចត្រឹមតែរដ្ឋអំពាវនាវ កុំឲ្យវាថ្លៃពេកបាន តែបើឲ្យរដ្ឋកំណត់ថ្លៃ គឺរដ្ឋធ្វើមិនកើតទេ។ អញ្ចឹងគ្មានអ្នកណាគេធ្វើទេ បើគេធ្វើទៅខាត គេធ្វើៗអី?
Fresh News៖ … សំណូមពរមួយពីនិស្សិតបានទទួលអាហារូបករណ៍នៅចិន។ តាំងពីផ្ទុះកូវីដ-១៩ គាត់បានមកស្រុកខ្មែរយើងវិញ ហើយក៏ជាប់រៀនអនឡាញរហូតមក។ ដល់ពេលនេះបានទទួលវ៉ាក់សាំងហើយ តែក៏មិនទាន់បានត្រឡប់ទៅរៀនផ្ទាល់នៅប្រទេសចិនវិញ។ គាត់ថារៀនអនឡាញបានធ្វើឲ្យធ្លាក់ចុះគុណភាពនៃការសិក្សា។ គាត់សូមសំណូមពរសម្ដេច ធ្វើយ៉ាងណាឲ្យពួកគាត់បានទៅរៀនដោយផ្ទាល់នៅចិនវិញ បើទោះបីភាគីចិនតម្រូវឲ្យចត្តាឡីស័កយ៉ាងម៉េចៗ ក៏គាត់ទទួលយកដែរ …។
ជាសំណួរទី ១ … បើសិនជាមានការចាក់ដូសទី ៤ ពិតមែន តើរាជរដ្ឋាភិបាលនៅតែមានលទ្ធភាពក្នុងការរកវ៉ាក់សាំងដើម្បីចាក់ជូន ហើយចាក់ដោយឥតគិតថ្លៃទៀត ឬក៏ត្រូវគិតថ្លៃ ឬត្រូវចេញអីយ៉ាងម៉េច? …
សំណួរទី ២ … ទាក់ទងនឹងការចង់ឲ្យមានទេសចរណ៍វ៉ាក់សាំង … តើកម្ពុជា និងចិន អាចនឹងមានបើកកិច្ចពិភាក្សាគ្នាណាមួយពិសេស ដើម្បីឲ្យមានការធ្វើទេសចរណ៍ចិន និងកម្ពុជា ជាពិសេសដែរ ដើម្បីជួយឲ្យដំណើរទេសចរណ៍នៅកម្ពុជាយើងអាចកម្រើកឡើងវិញ ហើយជួយទៅដល់អ្នករកស៊ីទាក់ទងវិស័យទេសចរណ៍ហ្នឹងអាចមានដង្ហើមនៃអាជីវកម្មឡើងវិញ?
សំណួរទី ៣ … ទាក់ទងរឿងនយោបាយ ទាក់ទងធ្លាយសារសម្លេងពីការជ្រៀតចូលការប្រជុំរបស់ពួកប្រឆាំង … តើពិតឬទេដែលការជ្រៀតចូលរបស់សម្ដេចទៅក្នុងការប្រជុំ Zoom របស់ក្រុមប្រឆាំងហ្នឹង វាអាចជាទឹកមន្តប្រោសឲ្យវិញ្ញាណបិសាចរស់ឡើងវិញ ឬយ៉ាងណា?
សម្ដេចតេជោ៖ អរគុណលោក សារ៉ាយ ចំពោះសំណួរ។ ទី ១ ទាក់ទងនឹងបញ្ហានិស្សិតរបស់កម្ពុជាយើង ទៅរៀននៅចិន ខ្ញុំក៏បានចូល និងបានមើលឃើញ អំពីកូនក្មួយដែលបានចូលមក comment ក្នុងហ្វេសប៊ុករបស់ខ្ញុំ សូមឲ្យសម្ដេចជួយដើម្បីឲ្យបានទៅសិក្សានៅប្រទេសចិនវិញ ព្រោះបានមកពីចិនតាំងពីដើមឆ្នាំ ២០២០។ រឿងនេះ តើអស់លោកនៅចាំទេថា ខ្ញុំបានចាប់អារម្មណ៍តាំងពីដើមទីមកម្ល៉េះ។ ខ្ញុំមានការខ្វាយខ្វល់ជាមួយអនាគតរបស់ពួកគេ។ មនុស្សមួយចំនួនមានការទិតៀនជាមួយខ្ញុំ។ តែឥឡូវបានឃើញការពិតហើយ។ ពេលនោះខ្ញុំបាននិយាយថា ប្រសិនបើនិស្សិតរបស់យើងរត់ចោលចិននៅក្នុងដំណាក់កាលនេះ ខ្ញុំបារម្ភក្រែងលោពិបាកត្រឡប់ទៅរៀននៅប្រទេសចិនវិញ។ អញ្ចឹងបានជាខ្ញុំទៅកាន់ប្រទេសចិន ម្ខាងគឺដើម្បីសួរសុខទុក្ខ ចូលរួមផ្ដល់កម្លាំងចិត្ត ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ … ម្ខាងទៀត ជាសារមួយបញ្ជាក់កុំឲ្យនិស្សិតខ្មែរចាកចេញពីប្រទេសចិន ក្នុងគ្រាដែលមិត្តចិនមានការលំបាក។ ឥឡូវ រឿងវាបានដើរដល់ដំណាក់កាលហ្នឹង។ ជួនកាលគេអាចគិតដែរថា ពេលដែលពិបាកឯងរត់ចោលអញ ឥឡូវមិនបាច់មកវិញទេ រៀនតាមអនឡាញនោះទៅ។ ហ្នឹង គេចេះឲ្យរៀនតាមអនឡាញ។ ប៉ុន្តែ យើងមិនបោះបង់ចោលការខិតខំទេ។ សូមឯកឧត្ដម ហង់ ជួនណារ៉ុន ពិភាក្សាជាមួយមិត្តចិន ដើម្បីឲ្យនិស្សិតរបស់យើងបានវិលត្រឡប់ទៅរៀនផ្ទាល់នៅប្រទេសចិនវិញ។
រឿងនេះវាប្រហាក់ប្រហែលជាមួយនឹងអ្វីដែលកើតឡើងនៅកូរ៉េ។ ពេលនោះ ខាងថៃបានត្រៀមយន្តហោះជម្លៀសកម្មករចេញពីកូរ៉េខាងត្បូង ព្រោះ(បារម្ភថា)អាចមានសង្គ្រាម ខណៈពេលនោះកូរ៉េខាងជើងប្រកាសថាត្រៀមនឹងវាយកូរ៉េខាងត្បូង។ មនុស្សមួយចំនួន ពិសេសបក្សប្រឆាំងពេលនោះ ឥឡូវទៅជាខ្មោចបក្ស បានទិតៀនខ្ញុំមិនតិចទេ ថាខ្ញុំមិនយកចិត្តទុកដាក់ចំពោះពលករ។ តែខ្ញុំបានឆ្លើយត្រឡប់ទៅវិញថា បើប្រជាជនកូរ៉េគេរស់នៅបានយ៉ាងម៉េច ត្រូវរស់នៅជាមួយគេទៅ។ បើរត់ចេញមកហើយ កុំសង្ឃឹមថា បានទៅធ្វើការនៅប្រទេសគេវិញ។ ករណីដូចគ្នានេះ គឺរឿងនិស្សិតខ្មែរ។ និស្សិតមួយចំនួនបន្តការរៀនរហូតដល់ចប់ គេអត់ទៅណា។ និស្សិតមួយចំនួនរត់ចេញ។ ឥឡូវចាប់ផ្ដើមចូលដល់ស្ថានភាពដែលខ្ញុំបាននិយាយតាំងពីដើមឆ្នាំទៅ។ តែយើងត្រូវមានការទទួលខុសត្រូវ ដើម្បីនឹងពិភាក្សាជាមួយមិត្តចិន ដើម្បីឲ្យនិស្សិតរបស់យើងបានវិលត្រឡប់ទៅរៀននៅប្រទេសចិនវិញ។ ហ្នឹងចំណុចទី ១។
ចំណុចទី ២ ចំពោះបញ្ហាការចាក់ដូសទី ៤ អាច(នឹងមានការ)យកលុយទេ? បញ្ហានេះត្រូវផ្ដល់ការសិក្សា ទី ១ សិក្សាថាតើមានការចាំបាច់ត្រូវចាក់ដូសទី ៤ ឬអត់? ហើយមានវ៉ាក់សាំងឬទេសម្រាប់ចាក់? ឲ្យតែមានយើងដឹងតែទិញបានហើយ។ ទី ២ ខ្ញុំគិតថា រដ្ឋនៅតែទទួលខុសត្រូវភាគច្រើន ប៉ុន្តែ យើងអាចស្នើឲ្យក្រុមហ៊ុនឯកជនជួយចេញនូវវ៉ាក់សាំងចាក់ឲ្យបុគ្គលិករបស់ខ្លួន។ ដូចជាស្ថានីយទូរទស្សន៍នានាអញ្ចឹង មានបុគ្គលិកប៉ុន្មាន ឲ្យក្រុមហ៊ុនជួយចេញលុយ។ (សម្រាប់)រោងចក្រ ឲ្យរោងចក្រ(ខ្លួនឯង)ជួយចេញលុយ។ ធនាគារ ភោជនីយដ្ឋាននានា ឲ្យជួយចេញលុយ(ចាក់បុគ្គលិកខ្លួន)។ វាក៏ជាការរួមចំណែកមួយ។ ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋ ជាកម្មករ ជាកសិករ ជាអ្នករកស៊ីក្រៅប្រព័ន្ធ ក្រីក្រ គឺយើងត្រូវតែហ៊ានទទួលខុសត្រូវក្នុងការចាក់ជូនប្រជាពលរដ្ឋរបស់យើងហើយ។
ឯចំពោះចំណុចទី ៣ ដូចខ្ញុំបាននិយាយអម្បាញ់មិញអញ្ចឹង ទេសចរដែលជាគោលដៅទាក់ទាញធំបំផុត គឺ(ទេសចរមកពី)ចិន ដែលយើងខិតខំជម្រុញឲ្យឡើងទៅ ៧ លាននោះ ឬ ១០ លាននោះ ព្រោះក្នុងពេលដែលខ្ញុំនិយាយជាមួយ ឯកឧត្ដម Xi Jinping គឺពេលនោះយើងថាត្រូវការ ៥ លាន ឬ ០,០៥% កាលពីពេលនោះ។ ឥឡូវនេះ យើងក៏នៅត្រូវការទេសចរចិន ១០ លាននាក់។ ថៃក៏ចង់បានទេសចរចិន សាំងហ្គាពួរក៏ចង់បានទេសចរចិន យើងក៏ចង់បានទេសចរចិន។ អញ្ចឹងទេ វ៉ាក់សាំងទេសចរណ៍របស់យើង ប្រហែលជាចាប់ផ្ដើមជាមួយនឹងចិនមុនគេ។
មានបណ្ឌិតមួយនៅស្រុកខ្មែរ គឺបណ្ឌិត មាស នី និយាយឲ្យត្រង់ៗទៅ។ អីក៏ដោយ ឲ្យតែយើងធ្វើជាមួយចិន គឺខុសទាំងអស់។ ពីមុននេះ ប្រទេសនៅអឺរ៉ុប អង់គ្លេស បារាំង អ៊ីតាលី អាមេរិកស្អីៗ ដែលឆ្លងខ្លាំង យើងបិទផ្អាក(មិនឲ្យមកចូលប្រទេសយើងនូវ)អ្នកទាំងហ្នឹង តែយើងមិនបានផ្អាកចិនទេ។ គាត់ថ្នាំងថ្នាក់ជាមួយនឹងការដែលយើងមិនបានផ្អាកចិន។ ប៉ុន្តែ ខ្ញុំសូមនិយាយខ្លីមួយម៉ាត់។ បើសិនជាផ្អាកចិន ស្មើនឹងបិទច្រមុះខ្លួនឯងតែម្ដង ព្រោះច្រកដែលនៅសល់សម្រាប់យើងគឺតែចិន និងកូរ៉េខាងត្បូង ដែលហោះចូលមកកម្ពុជា។ ខ្ញុំគ្រាន់តែប្រាប់បណ្ឌិត មាស នី លោកបណ្ឌិតមានសិទ្ធិបញ្ចេញមតិហើយ តែបណ្ឌិតគួរកុំព្រហើនពេកលើគោលនយោបាយការបរទេសនោះ។ ប្រជាធិបតេយ្យ ឬមិនប្រជាធិបតេយ្យ សូមអញ្ជើញបញ្ចេញមតិទៅចុះ សព្វថ្ងៃក្រែងអស់លោកកំពុងតែនិយាយហ្នឹង ក្រែងហ្នឹងមិនបញ្ចេញមតិ? ប្រជាធិបតេយ្យហើយ? ទារអីទៀត? ឥឡូវខ្ញុំបញ្ចេញឈ្មោះតែម្ដង បណ្ឌិតមួយហ្នឹងធ្វើអីមិនដែលត្រូវចិត្តវាទេ។ ហើយនៅបណ្ឌិតមួយទៀត មានដីកាចាប់ខ្លួនរួចហើយ ព្រោះ(បាន)គាំទ្រលក្ខខណ្ឌ ៦ ចំណុចដែលអាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសបាន។ តុលាការចេញដីការួចហើយ។ បើរត់ៗ ឲ្យបានឆ្ងាយៗ បន្តិច។ រត់ក្បែរៗ ហ្នឹងរត់មិនរួចទេ។ ប្រាប់ឲ្យហើយ។ ឲ្យតែរឿងពាក់ព័ន្ធនឹងចលនាប្រដាប់អាវុធ រដ្ឋាភិបាលក្រៅប្រទេសត្រូវតែចាប់ខ្លូន … និយាយឲ្យត្រង់អញ្ចឹងហ្មង។ បញ្ជាក់ថ្ងៃនេះ សូមកុំឲ្យចូលទៅក្នុងគន្លងជាប់គុក។ មិនមែនជាសិទ្ធិបញ្ចេញមតិទេ ព្រោះឲ្យតែហៅថា រដ្ឋាភិបាល ឬចលនា គឺសុទ្ធតែឧទ្ទាមប្រដាប់អាវុធហើយ។
មានបណ្ឌិតឆ្កួតមួយទៀត ថ្ងៃមុនខ្ញុំចោទសួរនៅពហុកីឡដ្ឋាននោះ ខ្ញុំថា ពាក្យដែលថា “បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំពឹងអ្នកណា?” វាបែរជានិយាយថា ពាក្យហ្នឹង “ត្រូវ” តែមិនត្រូវនិយាយទេ។ ហ្អាក! អ្ហែងជាបណ្ឌិតឡប់ឬស្អី? ពាក្យហ្នឹងត្រូវ ប៉ុន្តែមិនត្រូវនិយាយ។ អញ្ចឹង ថ្ងៃក្រោយ អ្ហែងកុំទារសិទ្ធិទទួលបាននូវព័ត៌មាន។ ពាក្យត្រូវ តែមិនឲ្យនិយាយ។ វាចប់ត្រឹមប៉ុណ្ណឹង។ ពេលហ្នឹង គេសួរខ្ញុំថា អ្នកឯងលម្អៀងទៅចិន។ តើឲ្យខ្ញុំឆ្លើយថាយ៉ាងម៉េច? វាត្រូវតែឆ្លើយការពិត។ បើខ្ញុំមិនពឹងចិន ឲ្យខ្ញុំទៅពឹងអ្នកណា។ ចាំបាច់លាក់អី ភាសាហ្នឹង។ បើរឿងពិតវាអញ្ចឹង។ អញ្ចឹងអ្នកឯងចង់ឲ្យខ្ញុំលាក់បាំងការពិតនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនមែនទេ? … ម៉េចដល់ថ្នាក់ប៉ុណ្ណឹង។ ហាមនាយករដ្ឋមន្រ្តីមិនឲ្យនិយាយ រួចហើយវាថាអាហ្នឹងត្រូវ … គេក្លាហាន គេហ៊ាននិយាយ គេម្ចាស់ប្រទេស គ្រប់គ្រងប្រទេសមួយដែរណា អ្នកដទៃនិយាយបាន ម៉េច ហ៊ុន សែន និយាយមិនបាន កម្ពុជានិយាយមិនបាន?
ខ្លាចប៉ះទៅដល់អ្នកដទៃឬ? តែអ្នកដទៃខ្ញុំមិនដែល(ទាត់ចោល)នេះអី ឧទាហរណ៍ និយាយថា ជប៉ុនទៅចុះ ខ្ញុំក៏អាចនិយាយបានដែរ ស្ពានអ្នកលឿង បើមិនឲ្យខ្ញុំពឹងជប៉ុន តើឲ្យខ្ញុំពឹងអ្នកណា? ខ្ញុំអាចនិយាយភាសាហ្នឹងបាន។ ស្ពានគីហ្សូណា បើមិនឲ្យខ្ញុំពឹងជប៉ុន តើឲ្យខ្ញុំពឹងអ្នកណា? ផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ៥ បើមិនឲ្យខ្ញុំពឹងជប៉ុន តើឲ្យខ្ញុំពឹងអ្នកណា? ខ្ញុំក៏អាចនិយាយបាន។ ឲ្យតែប្រទេសនានាធ្វើមក ខ្ញុំនិយាយបានដូចគ្នា ខ្ញុំអត់មានខ្លាចប៉ះចិនឯណា? ហេតុអីមកហាមឃាត់ខ្ញុំថាអាហ្នឹងមិនត្រូវនិយាយ … ហើយចង់បានណាស់នូវសិទ្ធិទទួលបានព័ត៌មាន។ នៅពេលដែលវាលម្អៀងពេក។ ប៉ុន្តែខ្ញុំបានជាបង្ហើបទៅហើយ ព្រោះអាហ្នឹងមានដីកាចាប់ខ្លួន។ មើលយកវាមកសួរទៅមើល ៦ ចំណុច ជាលក្ខខណ្ឌសម្រាប់បង្កើតរដ្ឋាភិបាលក្រៅប្រទេស។ អ្ហែងលើកទឹកចិត្តបង្កើត អ្ហែងបង្កើត អ្ហែងគុក។ មិនមែនត្រឹមតែគុកទេ ដែលហៅថា ចលនាឧទ្ទាម គេរកឃើញគេបាញ់ មិនមែនជាសិទ្ធិបញ្ចេញមតិទេ។ សូមបញ្ជាក់ឲ្យហើយ អារឿងក្របខណ្ឌបក្សនយោបាយផ្សេង រឿងចលនាប្រដាប់អាវុធផ្សឹង។ គេចង់ធ្វើតាមបែបភូមា មានចលនាប្រដាប់អាវុធ មានអង្គការចាត់តាំងនយោបាយ និងយោធារបស់គេ … ជួញងាប់ហើយ។ រឿងមកចាប់ ហ៊ុន សែន បង្កើតរឿងជាប់គុកមិនតិច។ នេះជាចលនាប្រដាប់អាវុធ ហើយមកចាប់ ហ៊ុន សែន។ មិនទាន់រួចខ្លួនអាហ្នឹងផង។
ខ្ញុំគ្រាន់តែដាស់តឿនអ្នកវិភាគ កុំឲ្យវិភាគជ្រុលហួស ហើយកុំថា(រាជ)រដ្ឋាភិបាល ហ៊ុន សែន មិនហ៊ានទៅវាយខ្នោះអស់លោក។ ឲ្យតែហ៊ានចូលទៅក្នុងហ្វេសប៊ុក ហើយមិនបានដកចេញហើយ វានៅហ្នឹងហើយ ចាត់ទុក(ជា)បទល្មើសជាក់ស្តែង។ ម៉ោង ១២ យប់ ក៏ចាប់ដែរ។ និយាយគ្នាឲ្យហើយ កុំថា ហ៊ុន សែន ផ្តាច់ការ។ ជារបៀបគ្រប់គ្រងរដ្ឋ។ សូមកុំធ្វើការវិភាគណាមួយ ដែលបន្សល់ទុកនូវបទល្មើស ដែលត្រូវផ្តន្ទាទោស ហើយក៏ជាបទល្មើសជាក់ស្តែង។ ឥឡូវ ការវិភាគ ៦ ចំណុចហ្នឹង ហ្អែងដកចេញឬនៅ? លក្ខខណ្ឌ ៦ យ៉ាង ដែលអាចបង្កើតរដ្ឋាភិបាលបាន។ តិចតុលាការគេចេញដីការគ្រឹប។ តាមរកស្មានតែវានៅពោធិ៍សាត់ តែវានៅបាងកកឯណោះ …។
ក្នុងក្របខណ្ឌអាស៊ានមានកិច្ចសន្យាមួយ មិនអនុញ្ញាតឲ្យប្រទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងប្រទេសដទៃ។ ខ្វះអីក្រុមរបស់លោក ថាក់ស៊ីន អាវក្រហម អាវអីមកនៅស្រុកខ្មែរកាលពីមុន ប៉ុន្តែ ខ្មែរបានហាម ទី (១) មិនឲ្យអ្នកឯងចេញហ្វេសប៊ុកជេរព្រះមហាក្សត្រថៃ/រដ្ឋាភិបាលថៃ។ ទី (២) មិន ឲ្យអ្នកឯងមានចលនាប្រដាប់អាវុធ។ ខ្ញុំអាចទទួលអ្នកឯងបាន ព្រោះអាហ្នឹងវាមានទៅ/មក ហើយប្រទេសនីមួយៗសុទ្ធតែមានការសន្យាមិនអនុញ្ញាតផ្តល់ទឹកដីឲ្យប្រទេសដទៃប្រើប្រាស់ ដើម្បីប្រឆាំងប្រទេសមួយ ទៀត។ កាលពីឆ្នាំ ២០១៩ តើគេមានឲ្យមេឧទ្ទាមចូលក្នុងប្រទេសរបស់គេ ដើម្បីឲ្យឆ្លងកាត់មកទេ? គេអត់ឲ្យទេ ព្រោះបើសិនជាធ្វើ វាជាការរំលោភគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងអាស៊ានគ្នាឯង ហើយវាជាកិច្ចការធម្មតា។ សូម្បីតែ ស៊ុន យ៉ាសិទ្ធិ មកផ្ទុះអាវុធនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីកាលពីឆ្នាំ ២០០០ តុលាការអាមេរិកកាត់ទោស ស៊ុន យ៉ាសិទ្ធិ ជាប់គុកមួយជីវិត ព្រោះសហរដ្ឋអាមេរិកហាមឃាត់ការធ្វើសកម្មភាពប្រដាប់អាវុធប្រឆាំងនឹងរដ្ឋដទៃ ព្រោះមិនមែនជាគោលការណ៍ ដែលរដ្ឋាភិបាលអាមេរិកត្រូវនាំកងទ័ពទៅប្រទេសនេះ/នោះឯណា? តែនេះជាសកម្មភាពបុគ្គលជាជនជាតិអាមេរិក ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលប្រទេសមួយផ្សេង។
ជាភ័ព្វសំណាងរបស់អ្នកឯងហើយ។ ឪពុកម្តាយ (និង)ក្រុមគ្រួសារអ្នកឯងរស់នៅលើទឹកដីខ្មែរ ក្នុងពេល អ្នកឯងជេរប្រទេចពីខាងក្រៅមក។ (រាជ)រដ្ឋាភិបាលខ្មែរនៅចាក់វ៉ាក់សាំងជូនឪពុកម្តាយអ្នកឯងទៀត នៅយក អង្ករ/ថ្នាំពេទ្យទៅជួយឪពុកម្តាយអ្នកឯងទៀត។ តើផ្តាច់ការយ៉ាងម៉េចទៅ? ជំនាន់ ប៉ុល ពត គ្រាន់តែបងត្រូវចាប់ខ្លួន (គឺត្រូវ)ចាប់(ទាំង)ប្អូន ចាប់ទាំងអស់ គេហៅថា ជីកស្មៅត្រូវជីកទាំងប្ញស។ តែ(ករណី)នេះអត់ទេ។ តើគុណធម៌ប៉ុនណាទៀត? តែអ្នកឯងកុំល្មើសហួស។ ឪពុកម្តាយនៅទីនេះ បើឃើញកូនអញ្ចឹង ល្មមអប់រំកូនផង។ អ្នកខ្លះវាទៅជា ហ៊ុន សែន ងាប់បាត់ទៅហើយ។ អ្នកខ្លះ ហ៊ុន សែន រៀបវះកាត់ហើយ ត្រូវប្រគល់អំណាចទៅឲ្យ ស ខេង។ វាចេះទៅអញ្ចឹងទៅទៀត។ ឧបមាថា ខ្ញុំវះកាត់ទៅចុះ បើខ្ញុំមិនទាន់ងាប់ទេ អ្ហែងប្រកាច់ទៅណា បើអញនៅធ្វើនាយករដ្ឋមន្ត្រី?
ខ្ញុំសូមប្រកាសសាជាថ្មី មូលហេតុដែលខ្ញុំប្រកាសថា ធ្វើនាយករដ្ឋមន្ត្រីគ្មានកាលកំណត់ ចាប់ផ្តើមពីអី? (គឺ)ចាប់ផ្តើមពីមានមេឧទ្ទាមម្នាក់ចេញមកប្រកាសថា របបរាជនិយមនៅកម្ពុជានឹងរលាយនៅពេល ហ៊ុន សែន អស់អំណាច ដូចនៅអុីតាលី។ អញ្ចឹង ខ្ញុំត្រូវតែនៅទីនេះដោយគ្មានការកំណត់រយៈពេល ដើម្បីធានា ការពាររាជានិយម/រាជបល្ល័ង្ក ព្រោះអាសត្វចង្រៃអស់ទាំងនេះវាខ្លាចជាងគេ (គឺ)ខ្លាច ហ៊ុន សែន ហ្នឹងតែ ម្តង។ មាន ហ៊ុន សែន នៅ រាជានិយមនៅ រាជបល្ល័ង្កគង់វង្ស។ អញ្ចឹង បានជាវារកវិធីគ្រប់យ៉ាងទាំងអស់ ដើម្បីបំផ្លាញខ្ញុំ។ ប៉ុល ពត ហើយដែលរកវិធីបំផ្លាញ ហ៊ុន សែន ខ្លាំងជាងគេ តែទីចុងបំផុត ប៉ុល ពត ចាញ់ក្រោមដៃ ហ៊ុន សែន។
សូមអ្នកវិភាគធ្វើជាទស្សនវិទូឲ្យបានត្រឹមត្រូវ កុំធ្វើអាល្ងង់ទូ។ ត្រឹមត្រូវណាស់ តែមិនត្រូវនិយាយទេ វាអស់ឆ្ងល់ត្រឹមប៉ុណ្ណឹង? បើវិភាគវិញ អាចអញ្ចេះៗ គ្រាន់តែអាចហ្នឹងវាច្រើនណាស់ អ្ហែងនិយាយឲ្យវាចំ ទៅមើល? ត្រង់ណាឲ្យពិតប្រាកដ? បើអញ្ចឹងៗតាំងខ្លួនជាបណ្ឌិត? ឥឡូវ និយាយពីបញ្ហាចូលក្នុង Zoom។ ម្សិលមិញខ្ញុំបានឆ្លើយតបហើយ ប៉ុន្តែ អាម្នាក់នេះដំបូងវាចូលមកអញ្ចេះ បានជាខ្ញុំប្រើពាក្យអាក្បត់ជាតិទៅជាមួយ។ មូលហេតុដំបូង ចាប់ផ្តើមវាប្រើពាក្យអញ្ចេះ “សម្តេចចូល Zoom ជាមួយក្រុមក្បត់ជាតិអញ្ចឹង អត់ខ្លាចគេចោទសម្តេចថាជាក្រុមតែមួយទេរឺ? ខ្ញុំគ្រាន់តែប្រាប់សម្តេចយកបុណ្យទេ ប្រយ័ត្នជាប់គុក។ ខិៗ គេសើច”។ អញ្ចឹង ចម្លើយខ្ញុំត្រឡប់ទៅវិញ ខ្ញុំមិនដឹងប្រើពាក្យយ៉ាងម៉េច ខ្ញុំត្រូវតែនិយាយ តាមចាប់ពួកក្បត់ជាតិ ត្រូវចូលដល់កន្លែងពួកក្បត់ជាតិ ទើបចាប់បាន។ យល់ទេ? ដល់ស្អែក ឡើងវាចាប់ផ្តើមចូលមកថា “យល់! ហើយវាលើកអំពីបញ្ហាអញ្ចេះអញ្ចុះ អីវប្បធម៌សន្ទនា”។ ឥឡូវ វាលុបអាហ្នឹងចេញបាត់ទៅហើយ។ ប៉ុន្តែ ខ្ញុំបានឆ្លើយទៅនឹងសំណួរហ្នឹងថា ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់ពីរឿងបង្រួបបង្រួមជាតិទេ ពេលនេះគ្មានរឿងនយោបាយ ដែលត្រូវដោះស្រាយដោយការចរចានោះទេ អ្វីដែលត្រូវធ្វើ គឺអ្នកទោសត្រូវជាប់គុក ២/៣ សិន ចាំគិតដល់ការលើកលែងទោស ឬការបន្ធូរបន្ថយទោស។
សម្រាប់ដំណើរការនយោបាយ យើងបាននិងកំពុងឈានទៅបោះឆ្នោតឃុំ/សង្កាត់(នៅឆ្នាំ)២០២២ និង បោះឆ្នោតថ្នាក់ជាតិ(នៅឆ្នាំ)២០២៣ ដោយមានការចូលរួមពីគណបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។ សូមកុំយល់ខុសថា ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុន ជាការផ្តល់សញ្ញាសម្រាប់ការចរចាឲ្យសោះ តែការចូលទៅនោះ គឺចង់ជូនសារព្រមានទៅក្រុមឧទ្ទាម ឲ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ។ សូមប្រុងប្រយ័ត្ន កុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ។ សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយ (គឺ)ភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom។ ខ្ញុំមិនមែន(ទើប)ស្តាប់អា Zoom ហ្នឹងលើកទី ១ ទេ។ បើគិតទៅមិនតិចជាង ២០ ដងទេ ដែលខ្ញុំបានស្តាប់ Zoom ហ្នឹង ហើយប្រហែលជាមានលើសពី ៥០ ឃ្លីប ដែលគេបញ្ជូនមកឲ្យខ្ញុំ។ ប្រជុំហើយភ្លាម(គេបញ្ជូន)មកដល់ខ្ញុំភ្លាម។ អ្នកណាចូលប្រជុំខ្លះ។ មុនខ្ញុំចូលក្នុង Zoom មួយថ្ងៃ មានការប្រជុំមួយជាមួយបណ្តាញនៅបាងកក/ហ្វីលីពីន ខ្ញុំមិនចាំបាច់និយាយថាអ្នកណាដឹកនាំការប្រជុំទេ ព្រោះខ្ញុំក៏បានដឹងដែរថា ខ្លឹមសារនោះត្រូវបានបញ្ជូនទៅកាន់អ្នកដែលដឹកនាំការប្រជុំនោះទៅហើយ។ ប៉ុន្តែ វាមាននៅនឹងខ្ញុំ។ កាលពីមុនខ្ញុំចាក់នៅកោះនរា ដែលខ្ញុំថា អាវ៉ាន់ អើយ! ល្មមហើយ។ ព្រោះ ហូ វ៉ាន់ អ្នកបញ្ជា។
ពួកគេបាននិយាយថា ហ៊ុន សែន បានត្រឹមអួត។ ខ្ញុំអត់មាន Hack ចូលទេ ក៏ប៉ុន្តែ នៅកន្លែងណាក៏មាន ផ្ទៃក្នុងរបស់ខ្ញុំបញ្ជូនកូដមកឲ្យខ្ញុំដែរ។ ខ្ញុំគ្មានពេល ខ្ញុំឲ្យសហការីរបស់ខ្ញុំដើម្បីថតសម្លេងទុក។ ខ្ញុំមិនមែន Hack ចូលទេ ហើយនេះមិនមែនបញ្ហារំលោភសិទ្ធិឯកជនទេ ព្រោះអ្នកឯងនិយាយទាក់ទងនឹងរឿងប្រឆាំងជាមួយជាតិ។ ខ្ញុំមានសិទ្ធិចូលតើ! បើអ្នកឯងកំពុងតែសាហាយស្មន់ជាមួយគ្នាតាម Zoom អាហ្នឹងខ្ញុំមិនចូលទៅឆាឆៅទេ អាហ្នឹងជាសិទ្ធិឯកជនរបស់អ្នកឯង។ ប៉ុន្តែ អ្នកឯងកំពុងពិភាក្សា ពង្រឹងកម្លាំងនៅទីក្រុងភ្នំពេញ។ ខ្ញុំអង្គុយស្តាប់មួយសន្ទុះហើយតើ។ មានមួយខ្លឹមសារខ្លី ខ្ញុំថតខ្លួនឯងទេ ខ្ញុំបញ្ជូនចេញទៅអាខ្លឹមសារខ្លី តែអាខ្លឹមសារចាស់នោះនិយាយយូរក្រែលហើយ មានផ្សេងទៀត។ ឃ្លីបអ្នកឯងប៉ុណ្ណឹងមិនទាន់គ្រប់ទេ រឿងអ្នកឯងនិយាយពីមុនមកនោះ ឬត្រូវឲ្យខ្ញុំបញ្ចេញរឿងហ្នុង?
ខ្ញុំចង់ទូន្មាន។ ខ្ញុំមានហេតុផលរបស់ខ្ញុំ។ ទី (១) ខ្ញុំចង់ប្រដៅអ្នកឯងថា កុំចេះតែហ៊ាន។ ទី (២) ខ្ញុំចង់បង្ហាញខ្លួនឲ្យអ្នកឯងឃើញមុខខ្ញុំថា ខ្ញុំនៅរស់ទេតើ។ ម៉េចក៏អ្នកឯងនៅតែនិយាយថាខ្ញុំងាប់? ក្រែងឯងចាញ់ជាមួយអញច្រើនដងហើយតើ។ ចាញ់មួយជីវិត។ គេមួលបង្កាច់ខ្ញុំ ថាខ្ញុំទៅបបួលគេឲ្យធ្វើច្បាប់លើកលែងទោស។ បើអ្ហែងហ៊ានស្បថ អ្ហែងស្បថឲ្យងាប់ទាំងពូជ (ដែល)ថា ហ៊ុន សែន ត្រូវការឲ្យមានច្បាប់លើកលែងទោស សម្រាប់មនុស្ស ៣ នាក់ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។ អ្ហែងហ៊ានស្បថទេ ថាអញបបួលអ្ហែងធ្វើ? អ្ហែងអ្នកបបួលអញធ្វើ តែអញមិនធ្វើ។ ខ្ញុំបានទទួល សំណើសុំធ្វើហ្នឹងតាំងពីឆ្នាំ ១៩៩៩ (កាល) អ៊ឹង ហួត មកទីស្តីការគណៈរដ្ឋមន្ត្រីចាស់ សូមសម្តេចជួយធ្វើច្បាប់ការពារអភ័យឯកសិទ្ធិសម្រាប់អតីតនាយករដ្ឋមន្ត្រី។ បន្ទាប់ទៅ សម្តេចក្រុមព្រះ ក៏បានស្នើទៀត។ ខ្ញុំមិនយល់ព្រម។ ប៉ុន្តែ ឥឡូវឯងចង់ដឹង(ឬ?) ច្បាប់មួយរឿងអីបង្កើតមិនកើតឬ? បើសិនជាចង់បានមែន កុំថាច្បាប់ សូម្បីតែរដ្ឋធម្មនុញ្ញ ក៏ CPP កែបានដែរ ដាក់បញ្ជូលក្នុងរដ្ឋធម្មនុញ្ញ។ អ្នកឯងចង់សាក? (ពួកឯង)ថាលោក ហ៊ុន សែន ចាស់ហើយ គាត់ត្រូវការច្បាប់លើកលែងទោស។ ឥឡូវ ដាក់ចេញជាសំណួរ តាំងពីអាល្ងើឯងជួយកែរដ្ឋធម្មនុញ្ញពី ២/៣ មក ៥០+១ ច្បាប់គ្មានត្រូវការពួកអ្ហែងមកគាំទ្រទេ និយាយឲ្យច្បាស់អញ្ចឹងតែម្តងទៅ។ អ្ហែងហ៊ានស្បថឲ្យធ្លាក់យន្តហោះងាប់ទេ។ នៅចាំទេ ឆ្នាំ ២០០៨ CPP មាន(សម្លេង)លើសពី ២/៣ អាចកែរដ្ឋធម្មនុញ្ញបាន ម៉េចក៏គណបក្សប្រជាជនមិនធ្វើច្បាប់ហ្នឹង? សូម្បីតែ(ឆ្នាំ)២០១៣ CPP មានសម្លេង(ឆ្នោត)ថយចុះ ក៏ប៉ុន្តែ ច្បាប់នានាអត់មានត្រូវការពួកអ្ហែងមកជួយឯណា? ជាក់ស្តែងច្បាប់ពង្រឹងលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ ដែលអនុញ្ញាតឲ្យតុលាការកំពូលរំលាយគណបក្សណារំលោភច្បាប់។ គេធ្វើបានលើក្បាលពួក អ្ហែងបានតើ! ម៉េចក៏អ្ហែងមិនយល់? គេចាំបាច់កម្លាំងអ្ហែងមកជួយ បើគេត្រូវការច្បាប់ហ្នឹង?
ឥឡូវ បើអ្ហែងចង់ដឹង អ្ហែងចង់សាក អញដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ព្រោះរដ្ឋធម្មនុញ្ញមានមួយឃ្លា “ព្រះមហាក្សត្រ គ្មាននរណារំលោភបាន” យើងចែងបន្តមកទៀតលើបញ្ញត្តិណាមួយ “ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី” ត្រូវមានអភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់ ហើយអាចបន្ថែមរបបប្រាក់ខែ/អង្គរក្សទៀត ដូចប្រធានាធិបតីអាមេរិកអញ្ចឹង។ អ្ហែងចង់សាកជាមួយ ហ៊ុន សែន? តែដាក់រួចហើយ អ្ហែងកុំសង្ឃឹមថាកែបាន វានៅជាប់មួយជីវិត ព្រោះអ្ហែងទៅរក ២/៣ មកពីត្រង់ណា បើអ្ហែងរកតែ ៥០+១ រកមិនទាំងបានផង? ហើយផ្តាំទៅប្អូន លឹម គ្រឹស្នា ព្រឹកមិញបងស្តាប់ប្អូននិយាយ ប្អូននិយាយខុសមួយចំណុច ថា(ឆ្នាំ) ២០០៣ បក្សប្រឆាំងឈ្នះ។ ពេលនោះប្អូននៅក្នុងគណបក្សនោះ។ ប្អូននិយាយខុសហើយ។ ទោះបីជាសន្លឹកឆ្នោតអ្នកឯងកើនក៏ដោយ តែ CPP នៅតែជាគណបក្សឈ្នះឆ្នោត អត់មានរឿងបន្លំសន្លឹកឆ្នោតទេ។ ស្បថឲ្យងាប់ទាំងពូជរបស់អ្នកឯងទៅ ព្រោះប្រឹបភ្លាម គណបក្សប្រជាជនយកកៅអីតូចៗប៉ុន្មានទៅហើយ។ អាមួយកៅអីៗនោះ។ គេស្គាល់ប្រៀបរបស់គេច្បាស់ណាស់។ ហ៎! កោះកុង ប៉ៃលិន កំពង់សោម កែប រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ គេដឹងថាគេមាន ៩ កៅអីបាត់ទៅហើយ ព្រោះអ្នកឯងតាមអត់ទាន់ទេ។ ទោះបីនៅកន្លែងមួយចំនួនគណបក្សប្រជាជនបាត់ប្រៀប ក៏ប៉ុន្តែ អ្នកឯងទៅទូទាត់ជាមួយអា ៩ កៅអី អត់ទៅរួចទេ ហើយសន្លឹកឆ្នោតនោះ គឺជាសន្លឹកឆ្នោតខឹងសម្បា មិនមែនសន្លឹកឆ្នោតស្រឡាញ់អ្នកឯងទេ។
ឥឡូវ អ្នកឯងចង់សាក ហ៊ុន សែន ចង់បានច្បាប់មែនទេ? ឥឡូវ ហ៊ុន សែន មិនមែនចង់បានត្រឹមតែច្បាប់ ទេ បានជាជ្រុលអញ្ចឹងទៅហើយ ឥឡូវ បញ្ចូលក្នុងរដ្ឋធម្មនុញ្ញតែម្តង។ អ្ហែងហ៊ានស្បថឲ្យងាប់ទាំងឪម៉ែ ទាំងប្រពន្ធ/កូន/ចៅ និងខ្លួនអ្ហែងទេ ថាអញបបួល? បើអញចង់មិនមែនត្រឹមធ្វើច្បាប់ទេ បញ្ចូលក្នុងរដ្ឋធម្មនុញ្ញតែម្តង ហើយគ្មានថ្ងៃកែបានទេ ព្រោះរដ្ឋធម្មនុញ្ញត្រូវធ្វើបានគេហាមកែតែ ២ ចំណុចទេក្នុងរដ្ឋធម្មនុញ្ញ ទោះបីសភាខ្លួនឯងក៏មិនមានសិទ្ធិដែរ គេហាមតែ ២ ចំណុចទេមិនឲ្យកែរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្សមិនអាចកែបានទេ ប៉ុន្តែអានេះវាហ៊ាននិយាយថាអស់ ហ៊ុន សែន រាជានិយមស្រុកខ្មែរគឺរលាយ។ អញ្ចឹងអានេះសំដៅរំលាយរដ្ឋធម្មនុញ្ញចោល ព្រោះរដ្ឋធម្មនុញ្ញគេហាមកែអាកន្លែងហ្នឹង។ របបរាជានិយមនៅស្រុកខ្មែរនៅតែស្ថិតស្ថេរជាអមតៈលើកលែងតែអ្នកឯងធ្វើរដ្ឋប្រហារយោធាលុបចោលរដ្ឋធម្មនុញ្ញ។ បើអ្នកឯងនៅដំណើរការប្រជាធិបតេយ្យធម្មតាគឺអ្នកឯងអត់មានសិទ្ធិកែទេ។ និយាយអញ្ចឹងថា ហ៊ុន សែន និយាយខ្លាំងៗ។ ទេ! យើងធ្លាប់ឮទេ? សម្រែករាជសី សម្តីសារិកា។ ខ្ញុំអាចនិយាយឲ្យប្រពន្ធខ្ញុំកាលពីនៅក្រមុំទន់ចិត្តជាមួយខ្ញុំបាន រឿងអីដែលខ្ញុំមិនអាចនិយាយទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ជាមួយអ្នកស្លូតត្រង់ ជាមួយនឹងមនុស្សធម្មតា ប៉ុន្តែសម្រែករាជសីគឺច្បាស់លាស់ហើយ អាហ្នឹងគេមានតាំងពីដើមតើ។ ខ្លួនខ្ញុំត្រូវបានមនុស្សជាច្រើនប្រសិទ្ធនាមថាជាមនុស្សដែលមានសំរែករាជសី សម្តីសារិកា។ ខ្ញុំអាចនិយាយឲ្យមនុស្សហូរទឹកភ្នែក តែខ្ញុំអាចនិយាយឲ្យមនុស្សមានការភ្ញាក់ផ្អើលឮលាន់កងរំពង។ វាទៅជាឆ្កួតឡប់។ ហ៊ុន សែន ត្រូវការចរចា។ ខ្ញុំគ្មានត្រូវការចរចាជាមួយក្បាលអ្នកឯងទេ ប្រាប់អ្នកឯងឲ្យហើយទៅ។
ឥឡូវនេះ បញ្ហារបស់ខ្ញុំគឺដោះស្រាយកូវីដ–១៩ ដោះស្រាយសេដ្ឋកិច្ច-សង្គម ឈានទៅបោះឆ្នោតឃុំ-សង្កាត់ ២០២២ និងឈានទៅបោះឆ្នោតថ្នាក់ជាតិ ២០២៣។ ការងាររបស់ខ្ញុំមានតែបុណ្ណឹង។ រឿងរបស់ពួកឯងទុកនៅតុលាការទៅ។ ខ្ញុំគ្មានត្រូវការចរចាជាមួយអ្នកឯងទេ ព្រោះខ្ញុំបានធ្វើសព្វគ្រប់ហើយ។ គ្មានកិច្ចព្រមព្រៀងប៉ារីសលើកទី ២ ទេ។ កុំសង្ឃឹមព្រោះប្រទេសនេះមិនមែនប្រទេសវាយគ្នាឯណា។ អាខ្លះវាថា យើងអាស៊ីអឺរ៉ុបតាម video មកពីយើងខ្លាចពួកអឺរ៉ុបមកទិតៀន។ ខ្ញុំផ្តាំទៅអ្នកឯងសម័យនេះប្រទេសណាមកប្រជុំបាន? សូម្បីតែអាស៊ាន ពេញមួយឆ្នាំនេះ លើកលែងតែប្រជុំករណីពិសេសនៅហ្សាកាតា អាស៊ានឆ្នាំនេះប្រជុំតាម video conference។ សួរថា បើសិនជាកម្ពុជាប្រជុំអាស៊ីអឺរ៉ុប ២៧ ប្រទេស សរុបទាំងអស់ ៥២ ប្រទេស តើនាយករដ្ឋមន្រ្តី និងប្រធានាធិបតីប្រទេសគេមកប្រទេសយើងទេ? ក្នុងពេលដែលយើងកំពុងទប់ស្កាត់កូវីដ-១៩? ហើយភាពមិនច្បាស់លាស់ សូម្បីតែវៀតណាមក៏បិទស៊ីហ្គេម ២០២១ ចោលបាត់ទៅហើយ។ ប្រ៊ុយណេមិនហ៊ានប្រជុំផង។ ម៉េចអ្នកឯងមិនយល់ប៉ុណ្ណឹង។ ឆ្នាំក្រោយកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះអាស៊ាន កំពុងតែខ្វាយខ្វល់ តើដល់ពេលនោះយើងអាចប្រជុំទល់មុខគ្នាបានឬអត់? ខ្ញុំបានទូរស័ព្ទទៅសួរឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ព្រោះត្រូវទិញ camera មកច្រើនណាស់ ថាចុះបើយើងអត់ប្រជុំអាស៊ីអឺរ៉ុបផង តើយើងបញ្ចេញលុយទៅទិញ camera អីច្រើនម្ល៉េះ? ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នក៏បានបញ្ជាក់មកវិញថា បើយើងអត់ប្រជុំឆ្នាំហ្នឹងទេ ឆ្នាំក្រោយយើងធ្វើប្រធានអាស៊ានដដែល ទិញមកដើម្បីឲ្យនគរបាលតាមផ្លូវតាមស្អីហ្នឹងមានប្រព័ន្ធវីដេអូត្រឹមត្រូវសម្រាប់ដាក់តាមផ្លូវ។
ចាំមើលប៉ុន្មានថ្ងៃហ្នឹងវាជេរ … ហើយខ្ញុំសូមសរសើរទៅដល់មីង សុខ សាន ផង។ បងស្រី សុខ សាន ប្រហែលជាមិនមែនមីងទេមើលទៅ។ គាត់ទៅធ្វើបាតុកម្មម្នាក់ឯងហើយគ្នាប៉ុន្មាននាក់។ លោកពូ ម៉ក់ ហឿន និងក្មួយ ចិត្រា ដាក់ថែមពីលើហ្នឹង បូកជាមួយ គ្រឹស្នា និងតា ចេម សុខ បូកជាមួយនឹងបងប្អូនមួយចំនួនទៀតដាក់ពីលើហ្នឹងទៀត វាទៅបកស្រាយឆ្កួតៗ មួយទៀតដូចជា ហ៊ុន សែន ត្រូវការផ្ទេរអំណាចឲ្យទៅ ហ៊ុន ម៉ាណែត ត្រូវបរាជ័យ។ ខ្ញុំបានបញ្ជាក់ថា បើឪវានៅធ្វើអញ្ចឹង ឪវាប្រកាសថាធ្វើនាយករដ្ឋមន្រ្តីអត់មានការកំណត់ តើអាកូនវាត្រូវការមកដណ្តើមអំណាចពីឪវាអី? បើទោះបីវាគ្រប់លក្ខណសម្បត្តិក៏ដោយចុះ តែវាមិនទាន់ដល់ពេលមកជំនួសឪរបស់វាទេ ព្រោះឪរបស់វាត្រូវការបន្ត។ កូនវាត្រូវការមកដណ្តើមស្អី។ អញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញ។ ខ្ញុំចូលក្នុង Zoom ពិតប្រាកដ ហើយខ្ញុំចូលដើម្បីបញ្ជាក់ឲ្យលោកឯងបានភ្លឺភ្នែក ប្រាប់ថាខ្ញុំមិនមែនស្តាប់លោកឯងត្រឹមម្តងទេ សូម្បីតែលោកឯងប្រជុំគ្នា លោកឯងនៅអាមេរិក និងរវាងអាមេរិក និងក្នុងអឺរ៉ុបក៏ខ្ញុំបានទទួលដែរ។
កុំភ្លេចឲ្យសោះ ហើយថាលោក ហ៊ុន សែន ដាក់ខ្លួន។ គាត់មានការច្រើនគាត់មិនធ្វើ។ តែសូមកុំភ្លេចណា ខ្ញុំរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ប៉ុលពត ចាប់ផ្តើមពី កែវ ពង្ស ពី អុី ឈាន និង សុខ ភាព ហើយសុំកុំភ្លេចណា DIFID។ ប្រយ័ត្នចូលអា DIFID ចុងក្រោយ។ ប្រហែលជាពួកនេះមិនបានសិក្សាអំពីអ្វីដែលហៅថាយុទ្ធសាស្រ្ត DIFID ដែលនាំមកនូវការរលំរលាយរបបខ្មែរក្រហម។ អក្សរកាត់ ៥ តួអក្សរបញ្ចប់ខ្មែរក្រហមមួយបាន។ ប៉ុន្តែតាមរយៈនយោបាយឈ្នះ–ឈ្នះ។ D មានន័យថាបំបែក តាំងពីមុនសង្គ្រាមសាមកុក វាត្រូវតែធ្វើអញ្ចឹង។ DEVIDE, ISOLATE, FINISH, INTERGRATE និងអាចុងក្រោយប្រយ័ត្ន D ចុងក្រោយមានន័យ ២ យ៉ាង អាមួយ DEVELOP អាមួយទៀត DESTROY តែម្តង។ ពួកអ្នកឯងល្មមហ្នឹងចូលអា DESTROY។ អ្នកណាដឹងខ្លួនមកមុនមក។ ធ្វើបក្សនយោបាយទៅ។ បង្កើតបក្សនយោបាយទៅ ហើយរកស៊ីធម្មតាទៅ។ ខ្ញុំគិតថាវាល្មមហើយ។ ហើយក៏មានពេលប្រដៅពួកអាអស់នេះដែរ … វាជេរខ្ញុំអាក្រក់ពេក។ ខ្ញុំមិនជេរបញ្ចោរវាទេ តែ ខ្ញុំក៏មិនអាចហៅវាឯកឧត្តម លោកជំទាវបានដែរព្រោះភាសាខ្មែរ វាពិបាកមានប៉ុណ្ណឹង។ អង់គ្លេសប្រើតែ you និង your បារាំង vous និង votre ឲ្យអ្នកឯងភ្លឺភ្នែក។ អត់មានរឿងដោះស្រាយ។ មិនដោះស្រាយទេ។
អាឡប់មួយដែលថាលក្ខខណ្ឌ ៦ យ៉ាង។ អ្នកឯងវិភាគឲ្យច្បាស់។ អ្នកឯងនៅថៃនេះទេ។ ប៉ុន្តែអានោះតែមិនស្រួលដាក់គូទសាប៊ូធ្លាក់អឺរ៉ុប។ មិនទាន់ទៅណាឆ្ងាយទេ។ តែអ្នកឯងកម្រើកខ្លួនលើបញ្ហាបង្កើតរដ្ឋាភិបាល ខ្ញុំមិនខ្លាចរដ្ឋាភិបាលអ្នកឯងទេ ប៉ុន្តែអ្នកឯងដើរចូលអន្ទាក់តែប៉ុណ្ណឹង។ ខ្ញុំសុំផ្តាំទៅថាអ្នកឯងដើរចូលអន្ទាក់ ព្រោះអី? អាអ្នកនៅខាងក្នុង (យើងប្រើ)ភាសាងើបមួយ វាយមួយ គឺសម្តៅទៅលើអាកម្លាំងប្រដាប់អាវុធ ងើបមួយវាយមួយ ងើប ២ វាយ ២។ អញ្ចឹងបើអ្នកឯងចង់ឲ្យអ្នកខាងក្នុងជាប់គុក អ្នកឯងធ្វើទៅ។ អាអ្នកខាងក្នុងងើបដាក់ៗ ព្រោះអាហ្នឹងប្រដាប់អាវុធចូលដល់អបគមន៍ស្អីហើយ … ថ្ងៃមុនដូចជាគណបក្សកែទម្រង់ ត្រូវបានចុះបញ្ជីហើយ។ នៅគណបក្សបេះដូងជាតិ។ គណបក្សហ្នឹងរឹងរូស។ សម្តេចក្រឡាហោម ស ខេង បានព្រមានថា បើមិនកែលក្ខន្តិកៈ ឲ្យស្រមតាមច្បាប់ស្តីពីបក្សនយោបាយ នឹងមិនចុះបញ្ជីឲ្យ។ នៅមិនព្រម។ តើវារឹងអីវា។ តែរឹងអត់តែប៉ុណ្ណឹង។ បើច្បាប់គេអនុញ្ញាតឲ្យធ្វើអញ្ចឹង។
អញ្ចឹងបានខ្ញុំបញ្ជាក់ឡើងវិញ បើអ្នកឯងនៅហ៊ានបន្ត កែរដ្ឋធម្មនុញ្ញសុខចិត្តឲ្យអ្នកឯងជេរ។ នីតិវិធីនៃការកែរដ្ឋធម្មនុញ្ញ ជួនកាលសមាជិកសភាមួយក្រុមសុំស្នើដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញការពារអភ័យឯកសិទ្ធិសម្រាប់អតីតប្រធានព្រឹទ្ធសភា អតីតប្រធានរដ្ឋសភា អតីតនាយករដ្ឋមន្រ្តីស្នើថ្វាយទៅព្រះមហាក្សត្រព្រះមហាក្សត្រសួរមកក្រុមប្រឹក្សាធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញគេពិនិត្យសំខាន់តែចំណុច ២ ទេ។ តើវាមានផ្ទុយជាមួយនឹងចំណុចទាក់ទង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យពហុបក្សឬអត់? បើអត់ទេគឺកែបានហើយ។ តែកែហើយមួយជាតិស្រុកខ្មែរនេះ នៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងរហូត។ អ្នកឯងចងសឿង។ ហ៊ុន សែន ហ្នឹងហើយដែលមិនព្រមធ្វើអាហ្នឹង។ អឹង ហួត ស្នើមុនគេ ព្រោះ អឹងហួតគាត់ធ្លាប់ធ្វើអាហ្នឹង។ សម្តេចក្រុមព្រះលោក ក៏ស្នើតែខ្ញុំមិនព្រម។ ហើយអាមួយហ្នឹងវាក៏ស្នើ ខ្ញុំមិនព្រម។
បើអ្នកឯងចង់ធ្វើចង់សាក ខ្ញុំមិនធ្វើច្បាប់ទេ ព្រោះច្បាប់គេលុបចោលបាន។ ខ្ញុំដាក់ក្នុងរដ្ឋធម្មនុញ្ញ។ មូលហេតុដែលខ្ញុំបង្ខំចិត្តនិយាយ ដោយសារអ្នកឯងតើដែលខ្ញុំត្រូវនិយាយ។ បើគេចង់ធ្វើ គេមិនមែនធ្វើត្រឹមតែច្បាប់ទេ គេកែដាក់ចូលក្នុងរដ្ឋធម្មនុញ្ញដើម្បីធានាឲ្យខ្លួនរបស់គេ។ BORIS YELTSIN មុនពេលផ្ទេរទៅឲ្យ PUTIN ក៏ត្រូវទទួលបាននូវការលើកលែងទោសបានគាត់ព្រមផ្ទេរ។ ហើយស្ថានភាពនេះ វាក៏ដើម្បីបញ្ចៀសករណីកូរ៉េខាងត្បូង … ប្រធានាធិបតីកូរ៉េខាងត្បូងជាប់គុក(គឺ) LEE MYUNGBAK ដែលមកប្រជុំជាមួយយើងឆ្នាំ ២០១២ … ROH MOOHYUN គាត់មិនចូលគុក ប៉ុន្តែគាត់ឈឺចាប់គេចោទប្រកាន់គាត់ គាត់លោតពីលើភ្នំសម្លាប់ខ្លួនទៅ។ ឥឡូវពួកឯងស្អីហ្នឹងគេដែរ? ខ្ញុំមិនចង់ធ្វើដោយខ្ញុំមិនចង់ឲ្យមានបុគ្គលដឹកនាំណាផ្អែកលើច្បាប់ដែលមានចែង សំអាងលើច្បាប់នោះហើយធ្វើសកម្មភាពបំផ្លាញដល់ផលប្រយោជន៍ជាតិ ហើយអត់មានទោសទេ … រឿងអីអ្នកឯងមកចោទអញ្ចឹង។ អ្នកឯងហ៊ានស្បថឲ្យងាប់ទាំងប្រពន្ធកូនអ្នកឯងទេ? ខ្ញុំហ៊ានស្បថថា ខ្ញុំមិនបាននិយាយជាមួយអ្នកឯង។ ខ្ញុំបានបដិសេធជាមួយអ្នកឯង ហើយខ្ញុំបានបដិសេធជាមួយ អឹង ហួត និងសាយ កុម្ភៈ ហើយបើខ្ញុំចង់ធ្វើខ្ញុំធ្វើបានមិនមែនធ្វើត្រឹមតែច្បាប់ទេ ធ្វើដល់របបរដ្ឋធម្មនុញ្ញ។ ដាក់ចូលក្នុងរដ្ឋធម្មនុញ។ អ្នកណាអាចរារាំងបាន បើកៅអីគណបក្សប្រជាជនទាំងអស់ទៅហើយហ្នឹង។ គេត្រូវការតែ ៨៤ តើ ។ ៨៤ សម្លេងវាគ្រប់។ តើម៉េចបានមិនដឹងខ្យល់ក្រែងខ្លួនឯងអួតណាស់ពីបណ្ឌិត ពីអ្នកចេះ ពីបញ្ញវ័ន។ សមតែលោកពូ ម៉ក់ ហឿន ហើយនិងលោកក្មួយចិត្រា ផាឲ្យរាល់តែថ្ងៃ។ ផ្តាំទៅលោកពូ ម៉ក់ ហឿន ខែ ១១ និង ១២ លោកពូមកលេងស្រុក ពេលហ្នឹងគឺចំខែអំបុក ធ្លាក់ខ្យល់ពីជើង ត្រីល្អ។ ក្បែរភ្លឺហ្នឹងខ្ញុំមើល live show របស់គាត់។ មើលប៉ុន្មានឃ្លីប។ តាំងពីម៉ោង ៣ កន្លះដេកអត់លក់។ ឲ្យតែមានបញ្ហាអញ្ចឹងថ្ងៃហ្នឹង ត្រូវធ្វើការស្អែកហ្នឹង យប់ហ្នឹងគឺភ្ញាក់រហ័ស។ ស្អែកហ្នឹងគិតវាយកូនគោលខានវាយចង់ ៣ ខែហើយ ព្រោះពេលកូវីដ-១៩ … ម្ខាងគិតគូររឿងបញ្ហាកូវីដ-១៩ ម្ខាងទៀតក្រែងលោវាឆ្លងខ្លួនឯង។ ប៉ុន្តែឃើញតែពួកហ្នឹងនៅតែក្នុងតារាង។ គិតតែស្អែកហ្នឹងអត់ទៅតារាង។ ទៅតែក្រោយផ្ទះតែប៉ុណ្ណឹង ហើយវាយជាមួយនឹងអាមួយនោះវាឌឺដងពេក។ ចង់ចេញទៅវាយបន្តិច។ ពិតមែនទើបចាក់វ៉ាក់សាំងគេឲ្យថ្មមខ្លួនមួយអាទិត្យ។ អត់ទេ មិនចាំបាច់មួយអាទិត្យទេ។ ចាក់ពីខ្សោយទៅខ្លាំងតែម្តង អត់មានបញ្ហាអីផង។
ឥឡូវខ្ញុំសូមបញ្ជាក់បន្ថែម ឥឡូវតើអស់លោកមានសំណួរអីទៀត ចង់សួរសំណួរអីទៀតទេ ខ្ញុំគិតថាយើងគួរតែបញ្ចប់សំណួរ។ តើអស់លោកចង់សួរសំណួរអីទៀតទេ? ខ្ញុំគិតថាយើងអាចគួរបញ្ចប់សំណួរ ប៉ុន្តែខ្ញុំនឹងបញ្ជាក់អំពីកិច្ចការទី ១ អម្បាញ់មិញខ្ញុំបានបញ្ជាក់ហើយ។ ទិសដៅបន្តគឺឲ្យសិក្សាក្មេងចាប់ពីអាយុ ៣ ទៅ ៦ ឆ្នាំដែលមានជាង ៩ សែននាក់អាចចាក់បានឬទេ? បើមានសញ្ញាថាចាក់បាន យើងមិនខ្លាចនឹងចំណាយប្រាក់កាក់ទិញវ៉ាក់សាំងដើម្បីចាក់ការពារកុមាររបស់យើងនោះទេ។
ទី២ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវរៀបចំយុទ្ធនាការវ៉ាក់សាំងសម្រាប់កុមារអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ និងដូសជម្រុញដល់ប្រជាជនទូទៅដែលមានអាយុ ១៨ ឆ្នាំឡើង បានសេចក្ដីថាថ្ងៃនេះគឺប្រកាស ពី(ការចាក់កុមារ)ពីអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ និង អាដូសទី ៣។ ទោះបីដូសទី ៣ បានចាប់ផ្ដើមហើយក៏ដោយ ប៉ុន្ដែយកថ្ងៃនេះធ្វើជាយុទ្ធនាការមួយដើម្បីរុញ ហើយសូមឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់ទៅលើ(អ្នកធ្វើសេដ្ឋកិច្ចក្រៅប្រព័ន្ធ) បងប្អូនកង់បី (ដែលបាន)ចូលទៅខមិ្មនថាចង់ចាក់វ៉ាក់សាំងណាស់សម្ដេច។ ខ្ញុំថានឹងចាក់។ កម្មករស៊ិនទ្រីដូចបានចាក់ហើយឬ? ប៉ុន្ដែត្រូវខិតខំ។ ខ្ញុំខមិ្មនត្រឡប់ទៅវិញថានេះជាអាទិភាពត្រូវយកចិត្តទុកដាក់ មានទាំងកង់បី មាន(អ្នកធ្វើ)សេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយបងប្អូនអ្នកលក់ដូរតាមផ្សារ តាមកញ្ច្រែងអី អ្នកនោះត្រូវបានទទួលមុន។ ឥលូវមានអ្នកម៉ូតូដឹកអីវ៉ាន់តាមអនឡាញនេះ អ្នកនឹងត្រូវទទួលមុន ព្រោះពួកគេត្រូវយកអីវ៉ាន់តាមផ្ទះនានា គួរត្រូវបានទទួល។ សូមយកចិត្តទុកដាក់លើបញ្ហានេះ។ ដូសទី ៣ ត្រូវតែជាដូសដែលផ្តល់អាទិភាព សម្រាប់អ្នកមានហានិភ័យសម្រាប់ការឆ្លង និងចម្លងទៅអ្នកដទៃ។ កម្មករក្រៅប្រព័ន្ធ និយាយរួមយើងអត់ខ្វះវ៉ាក់សាំងសម្រាប់ការចាក់ទេ ឥឡូវនេះមិនបាច់ចាក់ពីរដូសទេ ចាក់តែមួយហ្នឹង។
ក្នុងបញ្ហាហ្នឹងដែរ ខ្ញុំសូមបញ្ជាក់បន្ដិច ដោយមានការចូលទៅខមិនក្នុងហ្វេសប៊ុករបស់ខ្ញុំ ហៅខ្ញុំសម្ដេចពុក លោកតា ថា ខ្ញុំជ្រុះបាត់លិខិត(លិខិតអញ្ចឹងមានតែក្រសួងការពារជាតិ) តើខ្ញុំចូលរៀនបានឬអត់? ខ្ញុំថាចៅចូលបាន ចៅទៅទាក់ទងជាមួយនឹងគ្រូពេទ្យដែលចាក់ឲ្យចៅ ដើម្បីចៅយកកាតចាក់។ យើងត្រូវការពិនិត្យកាត។ ប៉ុន្ដែ សូមឲ្យឯកឧត្តម ហង់ ជួនណារ៉ុន អនុញ្ញាតឲ្យក្មួយៗទាំងនេះបានចូលសិក្សា បើទោះបីគាត់បញ្ជាក់ថាគាត់បាត់ ហើយគាត់មិនទាន់អាចទៅយកលិខិតបញ្ជាក់នោះមកវិញបាន។ ធ្វើម៉េចសម្រួលឲ្យបានចូលសិក្សា។ ខ្លះបាត់ទាំងអត្ដសញ្ញាណប័ណ្ណ ហើយបាត់ទាំងកាតនោះទៀត អញ្ចឹងត្រូវសម្រួលកន្លែងហ្នឹង។
ការងារទី ៣ គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងបង្ការកូវីដ-១៩ សម្របសម្រួលទទួលជាជំនួយ ឬទិញបន្ថែមដើម្បីបង្គ្រប់តម្រូវនៃយុទ្ធនាការពីរខាងលើ។ អញ្ចឹង ឯកឧត្តម វង្សី វិស្សុត ពិនិត្យមើលតម្រូវការចាក់របស់យើង ព្រោះឥឡូវយើងយកគោលការណ៍ថា ចាក់ដូសមូលដ្ឋានហើយ ត្រូវមានដូសទី ៣។ អញ្ចឹងបានចាក់ អស់ ១៣ លាន យើងត្រូវតែមាន ១៣ លាន ។ មិនមែនត្រឹម ១៣ លាន ទេ យើងត្រូវត្រៀមសម្រាប់ការខូចខាតផងដែរ ធម្មតាយើងត្រៀម ៥% តាមរបាយការណ៍រាល់ថ្ងៃតែងតែមានខូចពីបណ្ដាខេត្ត។
រឿង(វ៉ាកសាំង)ហ្នឹងមួយជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលរបស់គណបក្សជាជនដឹកនាំរាជរដ្ឋាភិបាល។ ជាមរតករបស់អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ជាមរតកធំណាស់ ពិតមែនតែខ្ញុំមានតួនាទីសម្រេចអ្វីៗទាំងអស់ ក៏ប៉ុន្ដែប្រសិនគ្មានព្រះរាជតម្រិះ គ្មានការគាំទ្រពីព្រះមហាក្សត្រ និងហ្លួងម៉ែទេ កិច្ចការរបស់យើងមិនបានឈានដល់តំណាក់កាលជ្រៅជ្រះប៉ុណ្ណេះទេ។ ព្រះអង្គបានប្រទានព្រះរាជទ្រព្យចូលរួមទិញវ៉ាក់សាំង មន្ទីរពេទ្យ ចូលរួមនូវដំណើរការនានា ក្នុងការប្រឆាំងកូវីដ-១៩។ អញ្ចឹងមរតកវ៉ាក់សាំងនេះជាមរតករួមរបស់ប្រទេសរបស់យើង។ នៅក្នុងរជ្ជកាលព្រះរាជា ព្រះបាទ បរមនាថ នរោត្តម សីហមុនី គ្រងរាជ។ បើយើងចាក់(វ៉ាក់សាំង)ហ្នឹងហើយ ខ្ញុំគិតថាចូលដំណាក់កាលនេះ យើងអាចទៅផុតពីសិង្ហបុរី។ សិង្ហបុរីអាចចុងឆ្នាំទើបចាក់។ តែកម្ពុជាបានចាក់មុន។ ក្នុងអាស៊ានអាចយើងចាក់មុនគេ។ តែយើងមិនគិតថាអ្នកណាមុនអ្នកណាក្រោយទេ រឿងសំខាន់គឺរឿងយើង ខ្មែរធ្វើបាន។
ទី ៤ ក្រសួងអប់រំ និងក្រសួងសុខាភិបាល ដឹកនាំនិងសម្របសម្រួលជាមួយអាជ្ញាធរខេត្ត រាជធានីក្នុងការបើកសាលារៀនឡើងវិញ ដោយពិនិត្យស្ថានភាពជាក់ស្ដែងនៃទីតាំងនីមួយៗ និងគោរពទៅតាមស្ដង់ដារសុខាភិបាល។ នេះជាកិច្ចការដែលត្រូវបន្ដ ក្នុងកិច្ចការដែលត្រូវបន្ដនេះមានសំណួរមួយបានចូលមក។
រឿងវាតែប៉ុណ្ណឹង។ វាអត់ទៅណាឆ្ងាយពីកម្ពុជាទេ។ វានៅតែជាមួយកម្ពុជាមួយហ្នឹង។ អត់ចេះរត់ចោលស្រុកផង។ អ្នកដែលមិនត្រូវរត់ វារត់ទៅធ្វើអី ហើយមកចាំបាច់សុំច្បាប់ធ្វើអី។ ម៉េចមិនមក។ ចាំបាច់គេហៅ។ អ្នកមានដីកាតុលាការ អាហ្នឹងមកដល់គេចាប់ ហ្នឹងរឿងរបស់ច្បាប់។ មិនបាច់ថា ហ៊ុន សែន រារាំងមិនឲ្យចូលទេ។ ខ្ញុំមានរារាំងអ្នកឯងពីអង្កាល់ … ហើយថា ហ៊ុន សែន និយាយ ក្រឡូវៗ។ យីមិនក្រឡូវ យ៉ាងម៉េច! ចាំបាច់ថា ឯកឧត្តម លោកជំទាវ ចង់ទៅពលិកម្មឯណា ឬមរណភាពឯណា អាហ្នឹងនិយាយបានតែជាមួយអ្នកដែលគ្មានការប្រឈមមុខដាក់គ្នាទេ តែដល់ពេលវេលាមួយត្រូវតែនិយាយឲ្យច្បាស់ជាមួយគ្នា ចង់ទៅងាប់ឯណា ងាប់ទៅ។ មិនបាច់មកសួរអញ។ ភាសាវាមានតែប៉ុណ្ណឹង។ បើនៅក្នុងទាហាន ភាសាច្រើនជាងហ្នឹងទៅទៀត។ ប៉ុន្មានថ្ងៃនេះ គេអរគេថាលោក ហ៊ុន សែន បន្ទាបខ្លួនច្បាស់ជាលោកទ័លច្រករឿងនេះ រឿងនោះហើយ បានជាលោក ហ៊ុន សែន ចូលក្នុង Zoom។ បើភ្លើអញ្ចឹងៗ រកឈ្នះ ហ៊ុន សែន ម៉េចនឹងកើត។ វាមិនឈ្នះ ហ៊ុន សែន កើតទេ។ អាល្ងង់ខ្លះ គេប្រើអស់សាច់ហើយ ធ្វើមកជាអ្នកចេះ។ មនុស្សស្រួលប្រើជាងគេគឺ … មិនបាច់និយាយឈ្មោះវាទេ។ គេដឹងហើយ អាណាជួយកែរដ្ឋធម្មនុញ្ញ។ មកពីអ្នកឯងភ្លើ។ ពីដើម ប្រជុំសភាម្ដងៗ គេដាក់ផ្លែផ្កាឲ្យ បើពូកែណាស់ ចាំបាច់មកពឹងគេធ្វើអី។ កាលនឹងមានតែ ៧៣ កៅអី ហើយយើងត្រូវការកូរ៉ុមដល់ទៅ ៨៤ ការអនុម័តត្រូវការ ៨២។ ធ្វើជានាយករដ្ឋមន្ដ្រីពិតជាពិបាក។ ដល់អាមួយនោះវាចង់សងសឹកសម្ដេចក្រុមព្រះ ឯងចេះលេងសាមកុក អញក៏ចេះ លេងសាមកុកដែរ។ ឆ្លៀតឯងកំពុងតែអញ្ចឹង ឲ្យធ្វើសំបុត្រ។ ស្រួលប្រើជាងអីទៀត។ តែដល់ចេញក្រៅ ឪមេឃ ជីតាយក្ស។
ប្អូន គ្រឹស្នា និយាយព្រឹកមិញថាសម្ដែងក្នុងសភា និយាយនឹងត្រឹមត្រូវ។ ប្អូន គ្រឹស្នា ថាបន្ដិចៗ ឃើញគេដឹកដៃគ្នាជាការសម្ដែង។ ត្រូវហើយជាការសម្ដែងមែន។ ហ្នឹងបង្ហាញឲ្យឃើញសាមគ្គីភាព មិនមែនសម្ដែងឲ្យឃើញក្នុងន័យអីទេ។ ត្រង់អ្នកឯងមានក្រុមពីរក្នុងបក្សតែមួយ ហ្នឹងជារឿងរបស់អ្នកឯង។ បក្សពីរក្នុងបក្សតែមួយនោះជារឿងអ្នកឯង។ ត្រង់ខ្ញុំហៅអ្នកណា គឺរឿងរបស់ខ្ញុំ។ ម្ខាងទៀត គេសុំជួបខ្ញុំ ដឹកដៃទៅជួបគ្នាទៅ។ ដល់អត់ឃើញម្ខាងទៅទៀត គេថាបំបែកបំបាក់។ បើដឹងបំបែកបំបាក់ ម៉េចក៏ទៅជាមួយគេ។ ហើយក៏ល្ងង់អញ្ចឹងៗ។ យើងមិនមែនអ្នកពូកែទេ ប៉ុន្ដែឆ្លងកាត់បទពិសោធន៍នៃការដឹកនាំ តាំងពីអាយុ ២៥ ឆ្នាំ ធ្វើមេចលនាតស៊ូខាងកើតទន្លេមេគង្គ ២៦ ឆ្នាំ ចូលក្នុងក្បាលម៉ាស៊ីនដឹកនាំប្រទេស ២៧ ឆ្នាំ មិនទាន់គ្រប់ ២៧ ឆ្នាំផងធ្វើរដ្ឋមន្ដ្រីការបរទេស ២៩ ឆ្នាំ ធ្វើឧបនាយករដ្ឋមន្ដ្រី ៣២ ធ្វើជានាយករដ្ឋមន្ដ្រី ឥលូវនេះអាយុ ៦៩ ចូល ៧០ ឆ្នាំ ហើយ។ វាល្មមគ្រប់គ្រាន់ផ្ដល់មេរៀនឲ្យពួកឯងមិនថានយោបាយ ផ្លូវច្បាប់។ ក្របខណ្ឌគិតគូរពីភាពលំអិត ខ្ញុំទៅមិនរួចទេ ប៉ុន្ដែក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច ឬម៉ាក្រូនយោបាយ ខ្ញុំអាចធ្វើទៅរួច ប៉ុន្ដែចូលលំអិតខ្ញុំទៅមិនរួចទេ …។
សរុបឡើងវិញ(ការចាក់)វ៉ាក់សាំងបានចាប់ផ្ដើមនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ កោះកុង សម្រាប់កុមារអាយុពី ៦ ឆ្នាំ ដល់ ១២ ឆ្នាំ។ ថ្ងៃស្អែកចាប់ផ្ដើមគ្រប់ខេត្តក្រុងទាំងអស់ត្រូវដំណើរការ គ្រាន់តែបន្ថែមវ៉ាក់សាំងទៅ។ អញ្ចឹងយើងនឹងតាមដានលទ្ធផល។ គ្រាន់តែរបាយការណ៍ត្រូវកែតម្រូវដែរ។ កុមារ ៦ ទៅ ១២ ឆ្នាំ បានប៉ុន្មាននាក់ក្នុងមួយថ្ងៃ ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ បាន ១ លាន ៧ សែន នាក់ហើយ ក្នុងតួរលេខជំរឿន ១ លាន ៩ សែន នាក់ជាង និងតួលេខពីខេត្តជិត ២ លាន នាក់ ដូច្នេះចាក់ក្នុងល្បឿនមួយលឿន។ អរគុណឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមនៅក្នុងចលនាការពារកូវីដ តាមរយៈការទទួលយកវ៉ាក់សាំង។ ខ្ញុំប្រកាសសាជាថ្មីម្ដងទៀត គឺ បើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុពី ៦ ទៅ ១២ ឆ្នាំ និងការចាក់ដូសទី ៣ សម្រាប់ប្រជាជនទូទៅ អាយុ ចាប់ ពី ១៨ ឆ្នាំឡើងចាប់ពីពេលនេះតទៅ។ សូមអរគុណ៕