មេធាវីរាជរដ្ឋាភិបាលកម្ពុជាប្រកាសទាត់ចោលទាំងស្រុងនូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian

FN ៖ មេធាវីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសបដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ដោយផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។ ការចុះផ្សាយថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ»។ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយដែលមានចេតនាបំភ្លៃការពិតនេះ។ ក្រុមមេធាវីរាជរដ្ឋាភិបាល មានការខកចិត្តយ៉ាងខ្លាំង ដែលសារព័ត៌មាន The Guardian ក្នុងនាមជាសារព័ត៌មានដែលមានកិត្តិនាមមួយនៅទ្វីបអឺរ៉ុប បែរជាមិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយចុះផ្សាយខ្លឹមសារដែលគ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុងបែបនេះ។

កម្ពុជានាំចេញអង្ករបានជាង៤១ម៉ឺនតោន ទទួលចំណូលជិត៣០០លានដុល្លារ

FN ៖ របាយការណរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែតុលានេះបានបញ្ជាក់ថា នៅរយៈពេល៩ខែនៃឆ្នាំ២០២១ កម្ពុជាបានធ្វើការនាំចេញបានចំនួន ៤១០ ៦៩៨ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៣.៦៩លានដុល្លារអាមេរិក។ ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជា បានកត់សម្គាល់ឃើញថា នៅត្រីមាសទី៣នៃឆ្នាំ២០២១នេះ (៣ខែចុងក្រោយ) ប្រទេសកម្ពុជា បាននាំចេញអង្ករបានចំនួន ១៣០ ២៤៨ តោន គិតជាទឹកប្រាក់មានចំនួនជាង៨១លានដុល្លារអាមេរិក ដែលមានកំណើន៤២.៩៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួនត្រឹមតែ ៩១១១៥ តោនតែប៉ុណ្ណោះ។ ក្នុងរយៈពេល៩ខែកន្លងមកនេះ សម្រាប់ទីផ្សារដែល បាននាំចេញធំជាងគេ គឺប្រទេសចិន និងតំបន់ស្វយ័តរដ្ឋបាល ហុងកុង ម៉ាកាវ មានចំនួន ៤៩.៥០% និងប្រទេសនៅបណ្តាសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេស មានចំនួន ២៦.៩១% ប្រទេសក្នុងបណ្តាសហគមន៍អាស៊ានមានចំនួន ១០.០៩% និងបណ្តាលគោលដៅផ្សេងៗ ចំនួន២២មានចំនួន ១៣.៥០%។ ប្រភេទអង្ករដែលនាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៩.៧១% អង្ករសបាយទុន ២៧.១៨% អង្ករចំហុយ ១.៧១%…

កងទ័ពមួកខៀវកម្ពុជា ជិត៣០០នាក់ បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ

FN ៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ចំនួន ២៩៨នាក់ ក្នុងនោះមានស្ត្រីនា២៥នាក់ ដែលជាកងទ័ពទី៧របស់កម្ពុជា នៅប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដោយជោគជ័យ។ ពិធីទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ត្រូវបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។ បន្ថែមពីនេះ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងកម្លាំងទាំងអស់ ត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល២១ថ្ងៃ នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ បន្ថែមទៀត ដើម្បីធានាឱ្យបានថាគ្មានកងទ័ពមួកខៀវណាម្នាក់វិជ្ជមានជំងឺកូវីដ១៩ ក្រោយបញ្ចប់បេសកកម្ម ដើម្បីមាតុភូមិ។ បន្ទាប់ពី១៤ថ្ងៃ កម្លាំងទាំងអស់នឹងត្រូវពិនិត្យសំណាកទាំង២លើក បញ្ជាក់ថាលទ្ធផលអវិជ្ជមាន កម្លាំងទាំងអស់នឹងត្រូវធ្វើតេស្តរកមេរោគគ្រុនចាញ់ មុននឹងអនុញ្ញាតឱ្យឈប់សម្រាកច្បាប់នៅតាមគេហដ្ឋានរៀងៗខ្លួន។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ…