FN ៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ចំនួន ២៩៨នាក់ ក្នុងនោះមានស្ត្រីនា២៥នាក់ ដែលជាកងទ័ពទី៧របស់កម្ពុជា នៅប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដោយជោគជ័យ។
ពិធីទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ត្រូវបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។
បន្ថែមពីនេះ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងកម្លាំងទាំងអស់ ត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល២១ថ្ងៃ នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ បន្ថែមទៀត ដើម្បីធានាឱ្យបានថាគ្មានកងទ័ពមួកខៀវណាម្នាក់វិជ្ជមានជំងឺកូវីដ១៩ ក្រោយបញ្ចប់បេសកកម្ម ដើម្បីមាតុភូមិ។
បន្ទាប់ពី១៤ថ្ងៃ កម្លាំងទាំងអស់នឹងត្រូវពិនិត្យសំណាកទាំង២លើក បញ្ជាក់ថាលទ្ធផលអវិជ្ជមាន កម្លាំងទាំងអស់នឹងត្រូវធ្វើតេស្តរកមេរោគគ្រុនចាញ់ មុននឹងអនុញ្ញាតឱ្យឈប់សម្រាកច្បាប់នៅតាមគេហដ្ឋានរៀងៗខ្លួន។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ដែលទើបបញ្ចប់បេសកកម្មស្វែងរកសន្តិភាព នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រោម ដែលបានលះបង់គ្រប់បែបយ៉ា ដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិជាដើម។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះទាំង២៩៨នាក់ ទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលនេះ គឺដើម្បីស្វែងរកជំងឺកូវីដ១៩ បើទោះបីជាកងទ័ពរបស់យើង បានធ្វើតេស្តនៅប្រទេសដែលកំពុងបេសកកម្មរកមិនឃើញមានវិជ្ជមានជំងឺកូវីដ១៩ ក៏ដោយ ដែលចំណុចទាំងនេះ គឺជាយកចិត្តទុកដាក់យ៉ាងធំធេងពីសុខភាពពីសំណាក់ថ្នាក់ដឹកនាំ។ ដូច្នេះ សូមកងទ័ពដែលត្រូវធ្វើចត្តាឡីស័កទាំងអស់ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រុមគ្រួពេទ្យដែលកំពុងតែប្រចាំការនៅកន្លែងធ្វើចត្តាឡីស័ក នៅទៅនោះជាដើម។
នាយឧត្តមសេនីយ៍ ក៏បានជូនពរដល់កងទ័ពមួកខៀវកម្ពុជាទាំងអស់ ដែលបញ្ចប់បេសកកម្មរបស់ខ្លួននៅក្រៅប្រទេស ដែលកំពុងធ្វើចត្តាឡីស័ក សូមឱ្យជួបប្រទះតែសេចក្តីសប្បាយជារៀងរហូតផងដែរ។
សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។
ដោយឡែកបច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕