សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ថ្ងៃនេះគឺជាថ្ងៃភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃដែលប្រជាជនសាទរធ្វើបុណ្យធ្វើទាន ទោះបីការធ្វើបុណ្យធ្វើទាននោះ (ប្រព្រឹត្ត)ទៅតាមគន្លងថ្មី ដើម្បីរួមគ្នាទប់ស្កាត់នូវកូវីដ-១៩ (ក៏ដោយ)។ ជាមួយគ្នានេះ ប្រជាជនបានធ្វើការចល័តបម្លាស់ទី ពីកន្លែងមួយទៅកាន់កន្លែងមួយ និងទៅតាមតំបន់ទេសចរណ៍នានាតាំងពីប៉ុន្មានថ្ងៃមកហើយ។ (ការផ្លាស់ទីនេះ បានកើតមាន)ម្សិលមិញ (និងនៅបន្តមាន)ថ្ងៃនេះ ថ្ងៃស្អែក និងអាចក្រោយក្រោយពីថ្ងៃនេះទៀត។ នេះគឺជាការសាកល្បងធំណាស់សម្រាប់ប្រទេសរបស់យើង នៅក្នុងសភាពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី ២ និងមានដូសជំរុញថែមទៀត។ យើងនឹងតាមដានពិនិត្យអំពី(វិបាក)ដែលចេញពីការសាកល្បង(នេះ) ដែលយើង(អាចនិយាយបានថា)មិនមែនជាការសាកល្បងដ៏ប្រថុយប្រថានទេ ប៉ុន្តែក៏មិនមែនជាការច្បាស់លាស់ ១០០ ភាគរយ ថាវាគ្មានបញ្ហានោះដែរ។ យើងបានប្រុងប្រៀបខ្លួនដើម្បីនឹងទទួលយកនូវសភាពការណ៍អាក្រក់ដែលអាចនឹងកើតមានឡើង ដូចជាករណីនៅឥណ្ឌា បន្ទាប់ពីពិធីសាសនារួចហើយ ការឆ្លងរីករាលដាលបានបង្កឲ្យមានការឆ្លង និងស្លាប់យ៉ាងច្រើន។
សម្រាប់កម្ពុជាយើង យើងបានត្រៀមបម្រុងទុកចំពោះករណីអាក្រក់ដែលអាចកើតឡើងសម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជនរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថាព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គនៅតាមទីអារាម ក៏ដូចជាបងប្អូនធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានា នឹងមានការប្រុងប្រយ័ត្ន។ នេះគឺជាចំណុចនៃការសាកល្បងដើម្បី(ដឹងបាន)ថា តើបន្ទាប់ពីការភ្ជុំបិណ្ឌរួចហើយនោះយើងមានការឆ្លងធ្ងន់ជំងឺធ្ងរឬទេ? ប្រសិនបើមានជំងឺឆ្លងធ្ងន់ធ្ងរ ការគ្រោងបើកប្រទេសលើគ្រប់វិស័យឡើងវិញនឹងមិនអាចធ្វើទៅបានទេ។ ប៉ុន្តែ ប្រសិនបើបងប្អូនអាចការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមាន(កើតនិងកើន)ឡើងធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើងនឹងទទួលបានរួមគ្នានូវការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសសាលារៀន ក៏ដូចជាទេសចរណ៍ផ្ទៃក្នុងដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។
សេដ្ឋកិច្ចរបស់យើងបានដំណើរការពេញបន្ទុកទៅលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ ការនាំចេញរបស់យើងក្នុងផ្នែកកសិកម្មក្តី ឧស្សាហកម្មក្តី មានកំណើនដ៏ល្អ។ មានដំណើរការដ៏ល្អ។ ប៉ុន្តែ ការប៉ះពាល់ទៅលើសេវា ជាពិសេសទៅលើសេវាទេសចរណ៍ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់យើងធ្លាក់ចុះ បើទោះបីជាថ្មីៗនេះ ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍអាស៊ី បានព្យាករថាកំណើនសេដ្ឋកិច្ចរបស់យើងនឹងកើនពី ១,៨ ភាគរយ ទៅកាន់ ២,២ ភាគរយក៏ដោយ។ យើងបានខិតខំធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែប្រសើរឡើង ដែលកាលពីដើមឆ្នាំយើងកំណត់(ថានឹងសំរេចអោយបានកំណើន) ៤,១ ភាគរយ។ ក៏ប៉ុន្តែ ការបិទខ្ទប់នៅក្នុងអំឡុងខែ ៤ និងខែ ៥ (បាន)កាត់បន្ថយ(លទ្ធភាពសំរេចបាន) …
(យើង)ទើបនឹងឃើញថា ក្រោយចាក់វ៉ាក់សាំង(គ្រប់ដូសព្រមទាំងដូសជំរុញ) ជំងឺឆ្លងមានការថយ។ ដូច្នេះហើយ បានជាមានការវាយតម្លៃសេដ្ឋកិច្ចរបស់យើងថានឹងអាចមានកំណើន ២,២ ភាគរយ។ បើសិននៅចុងឆ្នាំនេះ យើងអាចបើកសកម្មភាពសេដ្ឋកិច្ច(ឡើងវិញ)បាន ជាពិសេសសេវាទេសចរណ៍ផ្ទៃក្នុងប្រទេសជាបឋម កំណើនសេដ្ឋកិច្ចរបស់យើងអាចនឹងលើស ២,២ ភាគរយ តាមការវាយតម្លៃនៅក្នុងខែ កញ្ញា កន្លងទៅនេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូន ជនរួមជាតិ ទៅលេងនៅតំបន់នានា រក្សាឲ្យបានខ្ជាប់ខ្ជួននូវ វិធានការ “៣ កុំ ៣ ការពារ” ធានាកុំឲ្យក្រោយពេលបុណ្យ យើងបែជាមានអ្នកដែលត្រូវធ្វើបុណ្យឲ្យយើងវិញ ដែលជាមហន្តរាយកើតឡើងបន្ទាប់ពីការសប្បាយរីករាយ។
ផ្ទុយទៅវិញ បើសិនជាយើងអនុវត្តបានល្អកុំឲ្យមានការឆ្លងរីករាលដាល ទោះបីយើងមិនបានចាត់តាំងពិធីអុំទូកអកអំបុក បងប្អូនប្រជាពលរដ្ឋរបស់យើងនឹងទទួលបានការសប្បាយរីករាយច្រើនជាងមុន (ដោយ)សភាពការណ៍អាចនឹងរៀបចំជាការដើរកំសាន្តសប្បាយនៅក្នុងពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ហើយទេសចរផ្ទៃក្នុងក៏នឹងមានការរីកលូតលាស់ បន្ថែមទៅដល់ការគ្រោងរៀបចំទទួលទេសចរសុវត្ថិភាព ដែលជាទេសចរវ៉ាក់សាំងមកពីក្រៅប្រទេស …។
ខ្ញុំអំពាវនាវឲ្យអាជ្ញាធរគ្រប់ទីកន្លែង យកចិត្តទុកដាក់ពិនិត្យមើលអំពីភាពកកកុញទាំងឡាយ ដើម្បីរក្សានូវគម្លាតពីក្រុមគ្រួសារមួយទៅកាន់ក្រុមគ្រួសារមួយ ពីមនុស្សដែលមិនស្គាល់គ្នា … ក្រុមគ្រួសារនីមួយៗ គេអាចនៅកៀកគ្នាបាន ដោយសារគេនៅផ្ទះជាមួយគ្នា ជិះឡានជាមួយគ្នា។ ដើម្បីការពារ គឺត្រូវធានាសុវត្ថិភាព(ក្នុងស្ថានភាពមាន)ការកកកុញមនុស្សច្រើន។ យើងមិនបានដឹងថា នរណាមួយដែលបានមានជំងឺនោះ និងដែលនាំទៅដល់គ្រោះថ្នាក់ទេ។ ការពាក់ម៉ាសនៅតាមទីធ្លាសាធារណៈដែលយើងកំពុងដើរកម្សាន្តជាការចាំបាច់ ការលាងដៃក្រោយពីការកាន់នេះកាន់នោះហើយ ដោយអាល់កុល ឬជែល គឺវាជាការចាំបាច់។
… នេះគឺជាការសាកល្បងដ៏ធំរវាងមហន្តរាយនិងសុវត្ថិភាព។ ប្រសិនបើយើងធ្វើបានត្រឹមត្រូវ មហន្តរាយវានឹងមិនមានទេ ហើយវាមិននាំទៅដល់ការមិនបានបើកប្រទេសឡើងវិញ … សុវត្ថិភាពនឹងអាចកើតមានបានអាស្រ័យទៅលើមនុស្សម្នាក់ៗ និងក្រុមគ្រួសារនីមួយៗ ក្នុងពេលដើរកម្សាន្តនេះ។ (ការមាន)សុវត្ថិភាពក្រោយពេលភ្ជុំបិណ្ឌនេះ វានឹងនាំឲ្យយើងអាចបើកប្រទេសឡើងវិញគ្រប់វិស័យ តាំងពីភោជនីយដ្ឋាន អាហារដ្ឋាន រហូតដល់កន្លែងនានាទាក់ទងនឹងសេវា នឹងត្រូវបើកពេញលេញសំរាប់ដំណើរការសេដ្ឋកិច្ច ដែលទៅទាំងព្រម កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដើម្បីនាំប្រទេសវិលត្រឡប់ទៅរកជីវភាពធម្មតាដូចមុនសម័យកូវីដ តាមបែបគន្លងថ្មី។ គន្លងថ្មីនោះ បងប្អូនបានដឹងហើយថាយើងត្រូវរស់នៅដោយមានការពាក់ម៉ាស លាងដៃ រក្សាគម្លាត ដែលជាតម្រូវការក្នុងផ្នែកសុខាភិបាល។
ខ្ញុំព្រះករុណាខ្ញុំ កំពុងស្ថិតនៅក្នុងស្ថានភាពមិនហ៊ានចេញទៅណា (នៅ)តាមដានសភាពការណ៍នេះនៅគ្រប់ទីកន្លែង តាមរយៈអាជ្ញាធរខេត្ត រាជធានី ក៏ដូចជាក្រសួងទេសចរណ៍រាយការណ៍ជាប្រចាំនូវការវិវត្តទាំងឡាយមកកាន់ខ្ញុំព្រះករុណាខ្ញុំ។ ខ្ញុំព្រះករុណាខ្ញុំត្រូវតាមដានឲ្យជាប់ ហើយគណៈកម្មការប្រឆាំងកូវីដរបស់យើងនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ … កំពុងតាមដានសភាពការណ៍នៅក្នុងខេត្តរបស់ខ្លួន។ និយាយជារួម យើងត្រូវធ្វើកិច្ចការងារនេះឲ្យល្អ។ សប្បាយហើយ មិននាំទុក្ខមកឲ្យខ្លួន និងក្រុមគ្រួសារតាមរយៈការឆ្លងកូវីដ-១៩នោះទេ។ សប្បាយរួចហើយ ប្រទេសយើងនៅតែសុខសាន្ត ដោយផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាលធ្វើការសម្រេចចិត្តដើម្បីនឹងបើកប្រទេសឡើងវិញ ដែលខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា នឹងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនរបស់យើងនឹងមានភាពប្រសើរឡើង។
(ម្យ៉ាងទៀត) ការសាកល្បង(នេះ) មិនមែនយកជីវិតប្រជាជនទៅប្រថុយប្រថានឲ្យគ្រោះថ្នាក់ទេ។ ដោយសារតែជឿទុកចិត្តទៅលើការចូលរួមរបស់ប្រជាជន បូករួមនឹងការដែលយើងបានចាក់វ៉ាក់សាំង(គ្រប់គ្រាន់) យើងក៏អនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់យើងបានធ្វើដំណើរកម្សាន្ត។ យើងពិតជាជឿជាក់ទៅលើការយល់ដឹង និងការចូលរួមពីប្រជាជន។ សូមអាជ្ញាធរគ្រប់ទីកន្លែង និងគ្រប់ទីអារាមទាំងអស់ ព្រះមេត្តា និងមេត្តា យកចិត្តទុកដាក់ឲ្យបានហ្មត់ចត់។ សូមបងប្អូនប្រជាពលរដ្ឋការពារខ្លួន ការពារក្រុមគ្រួសារ កុំឲ្យកូវីដកើតក្រោយពេលភ្ជុំបិណ្ឌ …។
សូមអរព្រះគុណចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ដែលនឹងនាំ ឬមួយយើងត្រូវជួបនូវមហន្តរាយក្រោយពិធីបុណ្យនេះ ឬមួយយើងមានសុវត្ថិភាព និងផ្ដល់ឱកាសឲ្យយើងបើកប្រទេសឡើងវិញ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ សូមអរព្រះគុណ និងសូមអរគុណ៕