សេចក្តីដកស្រង់ សារសំឡេងជូនជនរួមជាតិ អំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្ត “៣ កុំ ៣ ការពារ” និងតាមមើលស្ថានភាពឆ្លងជំងឺ កូវីដ-១៩ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះគឺជាថ្ងៃភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃដែលប្រជាជនសាទរធ្វើបុណ្យធ្វើទាន ទោះបីការធ្វើបុណ្យធ្វើទាននោះ (ប្រព្រឹត្ត)ទៅតាមគន្លងថ្មី ដើម្បីរួមគ្នាទប់ស្កាត់នូវកូវីដ-១៩ (ក៏ដោយ)។ ជាមួយគ្នានេះ ប្រជាជនបានធ្វើការចល័តបម្លាស់ទី ពីកន្លែងមួយទៅកាន់កន្លែងមួយ និងទៅតាមតំបន់ទេសចរណ៍នានាតាំងពីប៉ុន្មានថ្ងៃមកហើយ។ (ការផ្លាស់ទីនេះ បានកើតមាន)ម្សិលមិញ (និងនៅបន្តមាន)ថ្ងៃនេះ ថ្ងៃស្អែក និងអាចក្រោយក្រោយពីថ្ងៃនេះទៀត។ នេះគឺជាការសាកល្បងធំណាស់សម្រាប់ប្រទេសរបស់យើង នៅក្នុងសភាពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី ២ និងមានដូសជំរុញថែមទៀត។ យើងនឹងតាមដានពិនិត្យ​អំពី(វិបាក)ដែលចេញពីការសាកល្បង(នេះ) ដែលយើង(អាចនិយាយបានថា)មិនមែនជាការសាកល្បងដ៏ប្រថុយប្រថានទេ ប៉ុន្តែក៏មិនមែនជាការច្បាស់លាស់ ១០០ ភាគរយ ថាវាគ្មានបញ្ហានោះដែរ។ យើងបានប្រុងប្រៀបខ្លួនដើម្បីនឹងទទួលយកនូវសភាពការណ៍អាក្រក់ដែលអាចនឹងកើតមានឡើង ដូចជាករណីនៅឥណ្ឌា បន្ទាប់ពីពិធីសាសនារួចហើយ ការឆ្លងរីករាលដាលបានបង្កឲ្យមានការឆ្លង និងស្លាប់យ៉ាងច្រើន។ សម្រាប់កម្ពុជា​យើង យើងបានត្រៀមបម្រុងទុកចំពោះករណីអាក្រក់ដែលអាចកើតឡើងសម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជនរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថាព្រះតេជព្រះ​គុណ​ព្រះសង្ឃគ្រប់ព្រះអង្គនៅតាមទីអារាម ក៏ដូចជាបងប្អូនធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានា នឹងមានការប្រុងប្រយ័ត្ន។ នេះគឺជាចំណុចនៃការសាកល្បងដើម្បី(ដឹងបាន)ថា តើបន្ទាប់ពីការភ្ជុំបិណ្ឌរួចហើយនោះយើងមានការឆ្លងធ្ងន់ជំងឺធ្ងរឬទេ? ប្រសិនបើមានជំងឺឆ្លងធ្ងន់ធ្ងរ ការគ្រោងបើកប្រទេសលើគ្រប់វិស័យឡើងវិញនឹងមិនអាចធ្វើទៅបានទេ។ ប៉ុន្តែ ប្រសិនបើបងប្អូនអាចការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមាន(កើតនិងកើន)ឡើងធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើងនឹងទទួលបានរួមគ្នានូវការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសសាលារៀន ក៏ដូចជាទេសចរណ៍ផ្ទៃក្នុងដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។ សេដ្ឋកិច្ចរបស់យើងបានដំណើរការពេញបន្ទុកទៅលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ ការនាំចេញរបស់យើងក្នុងផ្នែកកសិកម្មក្តី ឧស្សាហកម្មក្តី មានកំណើនដ៏ល្អ។…

សារពិសេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់!  “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ការឆ្លងក្នុងសហគមន៍លើកទី ៣ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានកិច្ចការបន្ទាន់ ដើម្បីនឹងប្រកាសជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញតែម្ដង។ មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ មានការប្រជុំពិសេសមួយរបស់មន្រ្តីថ្នាក់ដឹកនាំដែលជាប់ការពាក់ព័ន្ធជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយនឹង កូវីដ-១៩ ​។ ឥឡូវសភាពការណ៍បានឈានដល់ដំណាក់កាលថ្មីមួយ ដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ បានធ្វើការសន្និដ្ឋានច្បាស់ថា នេះជាការឆ្លងក្នុងសហគមន៍លើកទី ៣ បន្ទាប់ពីព្រឹត្តិការណ៍ឆ្លងសហគមន៍ ៣ វិច្ឆិកា ដែលផ្ដើមចេញដោយរដ្ឋមន្រ្តីការបរទេសហុងគ្រី។ បន្ទាប់ទៅ ពឹ្រត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ពិតមែនតែព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីថ្ងៃទី ១៨-១៩ ប៉ុន្តែដោយសារតែវិធានការដែលត្រូវប្រកាន់យកនិងការប្រជុំបន្ទាន់នេះ ត្រូវបានធ្វើនៅថ្ងៃទី ២០ កុម្ភៈ ខ្ញុំព្រះករុណាខ្ញុំ សម្រេចដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ​។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ផ្ដើមពីការរកឃើញកូវីដ-១៩ លើអ្នកសុំធ្វើតេស្ដចេញទៅក្រៅប្រទេស…