សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ចែកសញ្ញាបត្រនិស្សិត​នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

(១) សិស្សប្រមាណជា ៤ លាននាក់រៀនតាមអនឡាន/ឌីជីថល, ០១ វិច្ឆិកា ២០២១ ខួប ១ ឆ្នាំ នៃការបើក​ប្រទេសឡើងវិញ, កំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ ធ្លាក់ដល់ -៣,១%, ២០២១ ឡើងមក ៣% និងនៅឆ្នាំ ២០២២ នឹងកើនដល់ ៥,៥%, វិធានការណ៍សុខាភិបាល “៣កុំ”ពិបាកនឹងអនុវត្ត ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកសាជាថ្មីចែកសញ្ញាបត្រចំពោះនិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច រហូត(ទៅ)ដល់ ៦ ៣០៧ នាក់ ដែលអាចចាត់ទុកថា ជាចំនួនមួយដ៏ច្រើន … ប្រហែលជាបន្តិចទៀតក្លាយទៅជាបុរសដែលមានឆ្អឹងដែកស្បែកស្ពាន់ពិតប្រា​កដហើយ ដោយសារតែសកម្មភាព(មួយរយៈ)នេះវាជាប់រហូតពេក។ ប៉ុន្មានថ្ងៃនេះ គឺជុំវិញបឹងទន្លេសាប (និង)ហួសដល់ព្រៃវែង ដើម្បីជួយដល់ប្រជាជន(ជួបបញ្ហាជំនន់ទឹកភ្លៀង)។ ម៉្យាងទៀតក៏សូមជម្រាបជូនដែរ ម៉េចបានលោក ហ៊ុន សែន មកចែកសញ្ញាបត្រចោលក្រវ៉ាត់កអស់? រឿងដែលមិនពាក់ក្រវ៉ាតក សូមយោគយល់ ទី(១) អត់ចេះចងក្រវ៉ាត់កទេ។ ប្រហែលមួយជីវិតនេះអត់ចេះចងក្រវ៉ាត់ករហូត។ ចងវាអត់កើត។ ឯទី(២)…

សេចក្តីដកស្រង់ សារសំឡេងជូនជនរួមជាតិ អំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្ត “៣ កុំ ៣ ការពារ” និងតាមមើលស្ថានភាពឆ្លងជំងឺ កូវីដ-១៩ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះគឺជាថ្ងៃភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃដែលប្រជាជនសាទរធ្វើបុណ្យធ្វើទាន ទោះបីការធ្វើបុណ្យធ្វើទាននោះ (ប្រព្រឹត្ត)ទៅតាមគន្លងថ្មី ដើម្បីរួមគ្នាទប់ស្កាត់នូវកូវីដ-១៩ (ក៏ដោយ)។ ជាមួយគ្នានេះ ប្រជាជនបានធ្វើការចល័តបម្លាស់ទី ពីកន្លែងមួយទៅកាន់កន្លែងមួយ និងទៅតាមតំបន់ទេសចរណ៍នានាតាំងពីប៉ុន្មានថ្ងៃមកហើយ។ (ការផ្លាស់ទីនេះ បានកើតមាន)ម្សិលមិញ (និងនៅបន្តមាន)ថ្ងៃនេះ ថ្ងៃស្អែក និងអាចក្រោយក្រោយពីថ្ងៃនេះទៀត។ នេះគឺជាការសាកល្បងធំណាស់សម្រាប់ប្រទេសរបស់យើង នៅក្នុងសភាពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី ២ និងមានដូសជំរុញថែមទៀត។ យើងនឹងតាមដានពិនិត្យ​អំពី(វិបាក)ដែលចេញពីការសាកល្បង(នេះ) ដែលយើង(អាចនិយាយបានថា)មិនមែនជាការសាកល្បងដ៏ប្រថុយប្រថានទេ ប៉ុន្តែក៏មិនមែនជាការច្បាស់លាស់ ១០០ ភាគរយ ថាវាគ្មានបញ្ហានោះដែរ។ យើងបានប្រុងប្រៀបខ្លួនដើម្បីនឹងទទួលយកនូវសភាពការណ៍អាក្រក់ដែលអាចនឹងកើតមានឡើង ដូចជាករណីនៅឥណ្ឌា បន្ទាប់ពីពិធីសាសនារួចហើយ ការឆ្លងរីករាលដាលបានបង្កឲ្យមានការឆ្លង និងស្លាប់យ៉ាងច្រើន។ សម្រាប់កម្ពុជា​យើង យើងបានត្រៀមបម្រុងទុកចំពោះករណីអាក្រក់ដែលអាចកើតឡើងសម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជនរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថាព្រះតេជព្រះ​គុណ​ព្រះសង្ឃគ្រប់ព្រះអង្គនៅតាមទីអារាម ក៏ដូចជាបងប្អូនធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានា នឹងមានការប្រុងប្រយ័ត្ន។ នេះគឺជាចំណុចនៃការសាកល្បងដើម្បី(ដឹងបាន)ថា តើបន្ទាប់ពីការភ្ជុំបិណ្ឌរួចហើយនោះយើងមានការឆ្លងធ្ងន់ជំងឺធ្ងរឬទេ? ប្រសិនបើមានជំងឺឆ្លងធ្ងន់ធ្ងរ ការគ្រោងបើកប្រទេសលើគ្រប់វិស័យឡើងវិញនឹងមិនអាចធ្វើទៅបានទេ។ ប៉ុន្តែ ប្រសិនបើបងប្អូនអាចការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមាន(កើតនិងកើន)ឡើងធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើងនឹងទទួលបានរួមគ្នានូវការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសសាលារៀន ក៏ដូចជាទេសចរណ៍ផ្ទៃក្នុងដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។ សេដ្ឋកិច្ចរបស់យើងបានដំណើរការពេញបន្ទុកទៅលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ ការនាំចេញរបស់យើងក្នុងផ្នែកកសិកម្មក្តី ឧស្សាហកម្មក្តី មានកំណើនដ៏ល្អ។…