សេចក្ដីស្រង់ប្រសាសន៍ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះមេដឹកនាំស្ថាប័នកំពូលរបស់ជាតិ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី

  សម្ដេច ឯកឧត្ដម លោកជំទាវ, ហើយក៏សូមគោរពផងដែរ បណ្ដាខេត្ត/រាជធានី ក៏ដូចជាបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងគ្រប់បណ្ដាញ ដែលបានចូលរួមការប្រជុំថ្ងៃនេះតាមវីដេអូ និងការប្រជុំផ្ទាល់របស់គណៈរដ្ឋមន្រ្តីរបស់យើង! ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ យើងបានផ្អាកការប្រជុំនេះអស់មួយរយៈ ក៏ប៉ុន្តែបន្ទាប់ពីវ៉ាក់សាំងបានស្រោចស្រពទាំងនៅទីក្រុង និងជនបទ ស្ថានភាពរបស់យើងបានប្រសើរ សង្ឃឹមថាយើងនឹងរៀបចំឲ្យមានការប្រជុំ ការជួបជំុតាមរបៀបថ្មីរបស់យើង។ ដូចជា រាល់ដង គណៈរដ្ឋមន្រ្តីរបស់យើងប្រជុំតែអង្គុយនឹងតុនេះទេ តែឥឡូវយើងរក្សាគម្លាត ពាក់ម៉ាស។ ដូច្នេះ គឺជារឿងដែលយើងអាចធ្វើទៅរួច។ ថ្ងៃនេះគណៈរដ្ឋមន្រ្តីរបស់យើងបើកការប្រជុំពេញអង្គ សំដៅទី ១ គឺសេចក្ដីព្រៀងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្មមាត្រា ១៩ មាត្រា ៨២ មាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការប្រក្រតី នៃស្ថាប័នជាតិ។…

សុន្ទរកថា ថ្លែងបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និង ជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ ២០២១

  សូមថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈជាទីគោរពសក្ការៈ សូមថ្វាយបង្គំសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ- កម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ សម្តេចឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ តំណាងគ្រប់និកាយសាសនា បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃការប្រារព្វពិធីអន្តរសាសនា ក្រោមប្រធានបទ សូមពិភពលោក រួចផុតពីគ្រោះ នៃជំងឺរាតត្បាតសកលកូវីដ-១៩ និងអំពើជួញដូរមនុស្ស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្មគ្រប់ជាតិសាសន៍ និងជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្មារតីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅក្នុងគ្រប់កាលៈទេសៈ ក៏ដូចជាពិភពលោកដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ។ ចាប់តាំងពីឆ្នាំ ២០១៧ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងប្រារព្ធពិធីអន្តរសាសនាយ៉ាងអធិកអធម ប្រឆាំងការជួញដូរមនុស្ស។ កន្លងមក ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំបានប្រគល់ភារកិច្ចនេះជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាតំណាង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេដឹកនាំគ្រប់និកាយសាសនា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំម្រន្តីរាជការ ពីគ្រប់ក្រសួងស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជនរាប់ពាន់នាក់ ដើម្បីធ្វើពិធីបួងសួងតាមបែបសាសនា និងប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សក្នុងគ្រប់រូបភាព។ កម្ពុជាបានផ្អាកការជួបជុំទ្រង់ទ្រាយធំកាលពីឆ្នាំ ២០២០ កន្លងទៅ ដើម្បីអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ នៅឆ្នាំ ២០២១ នេះ វិបត្តិ កូវីដ-១៩ នៅតែបន្តឆ្លងរាតត្បាត ចំណែកការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា…

សេចក្តីដកស្រង់ប្រសាសន៍ សារសំឡេងបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត លុបចោលការប្រមូលមនុស្ស ហ្វឹកហាត់អំពីការបោះឆ្នោតសាកល្បង

ឯកឧត្តម លោកជំទាវ អភិបាលរាជធានីខេត្ត ថ្ងៃនេះ ខ្ញុំបានទើបតែទទួលព័ត៌មានថា នៅថ្ងៃទី ២០ ខែ មិថុនា ខាងមុខ នឹងមានការបោះឆ្នោតសាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំពុំបានដឹងនូវហេតុការណ៍នេះទេ។ ខ្ញុំទើបនឹងទទួលព័ត៌មានពីខេត្តសៀមរាប អំពីតម្រូវការនៃការហ្វឹក​ហ្វឺន​ប្រជាជនធ្វើការបោះឆ្នោតសាកល្បង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់ឆ្នាំ ២០២១។ ដោយយោងទៅលើសភាពការណ៍ជាក់ស្តែង នៅកម្ពុជា(ដែល)ជំងឺកូវីដ-១៩ កំពុងវាយលុក ហើយក្នុងមួយថ្ងៃៗ (មាន)ប្រជាជនឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះគ្មានការចាំបាច់ណាដើ​ម្បីធ្វើការបោះឆ្នោតសាកល្បងនោះទេ។ ពេលវេលានេះ យើងត្រូវផ្តល់អាទិភាព និងប្រមូលគ្រប់កម្លាំងទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ មិនមែនជាពេលវេលាដើម្បីប្រមូលប្រជាជនមកធ្វើការរៀនសូត្រ ហើយធ្វើការបោះឆ្នោតសាកល្បងនោះឡើយ។ ពេលវេលានេះ សូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវចូលរួមដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩​(ដែរ)។ ការប្រមូលប្រជាជនណាមួយមកជួបជុំ ដើម្បីហ្វឹកហាត់សម្រាប់ការបោះឆ្នោតសាកល្បងគឺគ្មានការចាំបាច់នោះទេ។ ក្នុងនាមរាជរដ្ឋាភិបាល (ខ្ញុំ)កំពុងធ្វើលិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសូមឱ្យលុបចោលការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ។ ប៉ុន្តែ ដើម្បីចៀសវាងនូវកិច្ចការបន្ទាន់ ដែលថ្ងៃស្អែកនេះគឺមានការហ្វឹកហាត់ សូម្បីតែនៅខេត្តសៀមរាប ស្រុក ២ ដែលមានការឆ្លងរីករាលដាលក៏ត្រូវប្រមូលប្រជាជនរាប់រយនាក់ ដើម្បីទៅធ្វើការសាកល្បងរៀនសូត្រក្នុងការបោះឆ្នោត ក្នុងពេលដែលយើងកំពុងតែប្រឈមជាមួយនឹងការឆ្លងរីករាលដាល…