សេចក្តីដកស្រង់ប្រសាសន៍ សារសំឡេងបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត លុបចោលការប្រមូលមនុស្ស ហ្វឹកហាត់អំពីការបោះឆ្នោតសាកល្បង

ឯកឧត្តម លោកជំទាវ អភិបាលរាជធានីខេត្ត ថ្ងៃនេះ ខ្ញុំបានទើបតែទទួលព័ត៌មានថា នៅថ្ងៃទី ២០ ខែ មិថុនា ខាងមុខ នឹងមានការបោះឆ្នោតសាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំពុំបានដឹងនូវហេតុការណ៍នេះទេ។ ខ្ញុំទើបនឹងទទួលព័ត៌មានពីខេត្តសៀមរាប អំពីតម្រូវការនៃការហ្វឹក​ហ្វឺន​ប្រជាជនធ្វើការបោះឆ្នោតសាកល្បង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់ឆ្នាំ ២០២១។ ដោយយោងទៅលើសភាពការណ៍ជាក់ស្តែង នៅកម្ពុជា(ដែល)ជំងឺកូវីដ-១៩ កំពុងវាយលុក ហើយក្នុងមួយថ្ងៃៗ (មាន)ប្រជាជនឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះគ្មានការចាំបាច់ណាដើ​ម្បីធ្វើការបោះឆ្នោតសាកល្បងនោះទេ។ ពេលវេលានេះ យើងត្រូវផ្តល់អាទិភាព និងប្រមូលគ្រប់កម្លាំងទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ មិនមែនជាពេលវេលាដើម្បីប្រមូលប្រជាជនមកធ្វើការរៀនសូត្រ ហើយធ្វើការបោះឆ្នោតសាកល្បងនោះឡើយ។ ពេលវេលានេះ សូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវចូលរួមដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩​(ដែរ)។ ការប្រមូលប្រជាជនណាមួយមកជួបជុំ ដើម្បីហ្វឹកហាត់សម្រាប់ការបោះឆ្នោតសាកល្បងគឺគ្មានការចាំបាច់នោះទេ។ ក្នុងនាមរាជរដ្ឋាភិបាល (ខ្ញុំ)កំពុងធ្វើលិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសូមឱ្យលុបចោលការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ។ ប៉ុន្តែ ដើម្បីចៀសវាងនូវកិច្ចការបន្ទាន់ ដែលថ្ងៃស្អែកនេះគឺមានការហ្វឹកហាត់ សូម្បីតែនៅខេត្តសៀមរាប ស្រុក ២ ដែលមានការឆ្លងរីករាលដាលក៏ត្រូវប្រមូលប្រជាជនរាប់រយនាក់ ដើម្បីទៅធ្វើការសាកល្បងរៀនសូត្រក្នុងការបោះឆ្នោត ក្នុងពេលដែលយើងកំពុងតែប្រឈមជាមួយនឹងការឆ្លងរីករាលដាល…