ឯកឧត្តម លោកជំទាវ អភិបាលរាជធានីខេត្ត
ថ្ងៃនេះ ខ្ញុំបានទើបតែទទួលព័ត៌មានថា នៅថ្ងៃទី ២០ ខែ មិថុនា ខាងមុខ នឹងមានការបោះឆ្នោតសាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំពុំបានដឹងនូវហេតុការណ៍នេះទេ។ ខ្ញុំទើបនឹងទទួលព័ត៌មានពីខេត្តសៀមរាប អំពីតម្រូវការនៃការហ្វឹកហ្វឺនប្រជាជនធ្វើការបោះឆ្នោតសាកល្បង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់ឆ្នាំ ២០២១។ ដោយយោងទៅលើសភាពការណ៍ជាក់ស្តែង នៅកម្ពុជា(ដែល)ជំងឺកូវីដ-១៩ កំពុងវាយលុក ហើយក្នុងមួយថ្ងៃៗ (មាន)ប្រជាជនឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះគ្មានការចាំបាច់ណាដើម្បីធ្វើការបោះឆ្នោតសាកល្បងនោះទេ។ ពេលវេលានេះ យើងត្រូវផ្តល់អាទិភាព និងប្រមូលគ្រប់កម្លាំងទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ មិនមែនជាពេលវេលាដើម្បីប្រមូលប្រជាជនមកធ្វើការរៀនសូត្រ ហើយធ្វើការបោះឆ្នោតសាកល្បងនោះឡើយ។
ពេលវេលានេះ សូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវចូលរួមដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩(ដែរ)។ ការប្រមូលប្រជាជនណាមួយមកជួបជុំ ដើម្បីហ្វឹកហាត់សម្រាប់ការបោះឆ្នោតសាកល្បងគឺគ្មានការចាំបាច់នោះទេ។ ក្នុងនាមរាជរដ្ឋាភិបាល (ខ្ញុំ)កំពុងធ្វើលិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសូមឱ្យលុបចោលការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ។ ប៉ុន្តែ ដើម្បីចៀសវាងនូវកិច្ចការបន្ទាន់ ដែលថ្ងៃស្អែកនេះគឺមានការហ្វឹកហាត់ សូម្បីតែនៅខេត្តសៀមរាប ស្រុក ២ ដែលមានការឆ្លងរីករាលដាលក៏ត្រូវប្រមូលប្រជាជនរាប់រយនាក់ ដើម្បីទៅធ្វើការសាកល្បងរៀនសូត្រក្នុងការបោះឆ្នោត ក្នុងពេលដែលយើងកំពុងតែប្រឈមជាមួយនឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ព្រមទាំងការបង្កបង្កើនផលរបស់ប្រជាជនផង។
ដូច្នេះ ខ្ញុំសូមចេញបទបញ្ជាជូនទៅ ឯកឧត្តម លោកជំទាវ ដែលជាអភិបាលរាជធានី ខេត្ត ទាំងអស់សូមកុំប្រមូលប្រជាជនមកធ្វើការបណ្តុះបណ្តាល រៀនសូត្រសម្រាប់ការបោះឆ្នោតសាកល្បងនេះ ចាប់ពីពេលទទួលបទបញ្ជានេះ។ ខ្ញុំបានដឹងថា ថ្ងៃស្អែកនេះនឹងមានការហ្វឹកហាត់នៅខេត្តមួយចំនួន។ ដូច្នេះ ខ្ញុំត្រូវបង្ខំចិត្តចេញបទបញ្ជានេះដើម្បីទប់ស្កាត់ការប្រមូលប្រជាជនមកហ្វឹកហាត់ប្រើប្រាស់ប៊ិច ឬក៏របៀបបណាមួយនោះក្នុងការបោះឆ្នោតសាកល្បងដែលគ្មានការចាំបាច់។
ខ្ញុំសូមអភ័យទោសចំពោះ ឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រោះខ្ញុំគ្មានជម្រើសណាឱ្យល្អជាងជម្រើសដែលខ្ញុំត្រូវអំពាវនាវចំពោះប្រជាពលរដ្ឋ ដាក់បទបញ្ជាឱ្យអភិបាលខេត្ត រាជធានី ដើម្បីបញ្ឈប់ការប្រមូលប្រជាជនមក ធ្វើការរៀនសូត្រតាមការចាត់តាំងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតទាំងថ្នាក់ជាតិ ឬថ្នាក់ខេត្ត ឬថ្នាក់ណាក៏ដោយចុះ។ សូមឯកឧត្តម ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលយកនូវលិខិតស្នើសុំជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងឋានៈជាតំណាងឱ្យជាតិទាំងមូលក្នុងការគ្រប់គ្រង និងដោះស្រាយការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក៏ដូចជាកិច្ចការទាក់ទងនឹងសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ហើយសូមមេត្តាលុបចោលនូវការបោះឆ្នោត ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ តាមសំណូមពរនៃលិខិតផ្លូវការ ក៏ដូចជាសារសម្លេងរបស់ខ្ញុំនេះ។
សូមឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ចាត់តាំងអនុវត្តឱ្យបានត្រឹមត្រូវ។ យើងគោរពទៅដល់ឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវតែយល់កិច្ចការដ៏លំបាករបស់អង្គនីតិប្រតិបត្តិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាយល់ទៅដល់ការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងតែរងសម្ពាធនៃការវាយលុកនៃកូវីដ-១៩ ក៏ដូចជាកំពុងតែខិតខំស្តារឡើងវិញនូវជីវភាពទាំងសេដ្ឋកិច្ចសង្គម។ សូមអរគុណសម្រាប់ការយកចិត្តទុកដាក់ស្តាប់នូវសារសម្លេងបន្ទាន់របស់ខ្ញុំនេះ ហើយសាជាថ្មីម្តងទៀត សូមបញ្ឈប់ការប្រមូលផ្តុំប្រជាជនមកហ្វឹកហាត់ ដើម្បីរៀនសូត្រសាកល្បងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ ដែលគ្រោងនឹងធ្វើនៅ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ។ សូមអរគុណ៕