សម្ដេច ឯកឧត្ដម លោកជំទាវ,
ហើយក៏សូមគោរពផងដែរ បណ្ដាខេត្ត/រាជធានី ក៏ដូចជាបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងគ្រប់បណ្ដាញ ដែលបានចូលរួមការប្រជុំថ្ងៃនេះតាមវីដេអូ និងការប្រជុំផ្ទាល់របស់គណៈរដ្ឋមន្រ្តីរបស់យើង!
ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ យើងបានផ្អាកការប្រជុំនេះអស់មួយរយៈ ក៏ប៉ុន្តែបន្ទាប់ពីវ៉ាក់សាំងបានស្រោចស្រពទាំងនៅទីក្រុង និងជនបទ ស្ថានភាពរបស់យើងបានប្រសើរ សង្ឃឹមថាយើងនឹងរៀបចំឲ្យមានការប្រជុំ ការជួបជំុតាមរបៀបថ្មីរបស់យើង។ ដូចជា រាល់ដង គណៈរដ្ឋមន្រ្តីរបស់យើងប្រជុំតែអង្គុយនឹងតុនេះទេ តែឥឡូវយើងរក្សាគម្លាត ពាក់ម៉ាស។ ដូច្នេះ គឺជារឿងដែលយើងអាចធ្វើទៅរួច។
ថ្ងៃនេះគណៈរដ្ឋមន្រ្តីរបស់យើងបើកការប្រជុំពេញអង្គ សំដៅទី ១ គឺសេចក្ដីព្រៀងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្មមាត្រា ១៩ មាត្រា ៨២ មាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការប្រក្រតី នៃស្ថាប័នជាតិ។ (ទី) ២ សេចក្ដីព្រៀងច្បាប់ស្ដីពីភាពជាដៃគូ រវាងរដ្ឋ និងឯកជន។ ឯសេចក្ដីព្រៀងកម្មវិធីវិនិយោគសាធារណៈរំកិល ៣ ឆ្នាំ ខ្ញុំសូមលើកទៅពេលក្រោយ ដោយសារតែយើងមិនមានពេលគ្រប់គ្រាន់ដើម្បីនឹងធ្វើការប្រជុំថ្ងៃនេះ ដោយសារទី ១ សេចក្ដីព្រៀងច្បាប់ទាក់ទិនទៅនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញគឺត្រូវពិនិត្យឲ្យបានហ្មត់ចត់ ជាមួយនិងច្បាប់ភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ម្យ៉ាងទៀត បញ្ហាផ្សេងៗក៏តម្រូវឲ្យខ្ញុំមានយោបល់ច្រើននៅថ្ងៃនេះផងដែរ។ ដូច្នេះសូមលើកកម្មវិធីវិនិយោគសាធារណៈទៅសប្ដាហ៍ក្រោយ ដែលមានរបៀបវារៈផ្សេងៗទៀត។ ហើយនៅក្នុងសប្ដាហ៍ទី ៤ នៃខែនេះ ច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២ ក៏នឹងត្រូវដាក់ឆ្លង ដូច្នេះ យើងក៏ត្រូវមានពេលប្រជុំផ្សេងទៀត។
ចំពោះបញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើសេចក្ដីព្រៀងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្ម ការប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។
មុនចូលដល់របៀបវារៈ អនុញ្ញាតឲ្យខ្ញុំបានយកឱកាសនេះផ្ញើជូននូវការនឹករលឹក និងកោតសរសើរចំពោះបណ្ដាខេត្ត និងរាជធានី ក៏ដូចជាបណ្ដាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំក្នុងរយៈពេលភ្ជុំបិណ្ឌកន្លងទៅនេះ ក្នុងការការពារប្រជាពលរដ្ឋ ហើយបើយោងទៅលើចំនួននៃការឆ្លងកូវីដ-១៩ ក៏ដូចជាការស្លាប់ដោយសារកូវីដ-១៩ ដូចម្សិលមិញនេះចំនួននៃការស្លាប់ដោយសារកូវីដមានតិចជាងចំនួនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដែលជារឿងគួរឲ្យសោកស្ដាយ។ ម្ខាងទៀត គឺប្រជាពលរដ្ឋរបស់យើងក៏មានការដើរលេងនៅទីកន្លែងនេះ/នោះ ហើយដែលខ្ញុំបានចេញផ្សាយថា ដើម្បីរំលឹកថានេះជាការសាកល្បងដ៏ធំរបស់យើង ដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។ ប្រសិនបើក្នុងរង្វង់ ១០ ទៅ ១៥ ថ្ងៃ ស្ថានភាពរបស់យើងនៅនឹងនរ អត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ថ្ងៃ និងអត្រាការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ ខ្ញុំគិតថា ដល់ពេលវេលាដែលយើងត្រូវបើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ តែត្រូវតាមគន្លងថ្មី ជាមួយនឹងវិធានការ ៣ កុំ និង ៣ ការពារ របស់យើង ដែលនឹងនាំទៅដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើង។
ឥឡូវ ទាំង IMF ទាំងធនាគារពិភពលោក និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត បានព្យាករតម្លើងអត្រានៃកំណើនសេដ្ឋកិច្ចរបស់យើង ពី ១,៨% ទៅ ២,២%។ តែមុននោះ ឆ្នាំទៅយើងប្រជុំគ្នានៅទីនេះ ដាក់ព្យាករណ៍កំណើនសេដ្ឋកិច្ច ៤,១% ក៏ប៉ុន្តែ ដោយសារតែការវាយលុកពីជំងឺរាតត្បាត គឺមានការព្យាករសាជាថ្មីថាយើងធ្លាក់មកនៅត្រឹម ១,៨% ហើយឥឡូវនេះគេព្យាករថានឹងឡើងទៅ ២,២%។ ប៉ុន្តែ ប្រសិនបើ ២ ខែចុងឆ្នាំនេះ យើងអាចបើកបាន ជាពិសេស គឺទេសចរណ៍ផ្ទៃក្នុងមុន និងសេវាដទៃទៀត កំណើនសេដ្ឋកិច្ចគឺអាចនឹងមានការឡើងលើសហ្នឹងបន្តិច។ ចំណូលថវិកាជាតិ នឹងអាចវិលត្រឡប់មកកាន់ស្ថានភាពល្អប្រសើរ។
អញ្ចឹងទេ ខ្ញុំពិតជាអរគុណណាស់ចំពោះការចូលរួមទាំងអស់នៃតួអង្គពាក់ព័ន្ធ ជាពិសេស អរគុណចំពោះប្រជាពលរដ្ឋដែលបានខិតខំការពារខ្លួនឯង ខិតខំការពារក្រុមគ្រួសារ ព្រោះបញ្ហាកូវីដ-១៩នេះចាប់ផ្ដើមពីមនុស្សម្នាក់ៗតែម្ដង។ ខ្ញុំក៏បានឲ្យស្រាវជ្រាវអំពីថា ចំនួនអ្នកស្លាប់កាលមុននោះ ២ ភាគ ៣ គឺអត់បានចាក់វ៉ាក់សាំង ដោយសារតែវ៉ាក់សាំងទៅមិនទាន់ដល់។ ប៉ុន្តែឥឡូវនេះ ម្សិលមិញនេះ គឺបានឃើញថែមទៀតហើយ មរណភាព ១០ នាក់ ក្នុងនោះ ៥ នាក់ បានចាក់វ៉ាក់សាំង និង ៥ នាក់ អត់បានចាក់វ៉ាក់សាំង។ យប់មិញខ្ញុំឲ្យសួរ ព្រោះខ្ញុំឲ្យរាយការណ៍ឲ្យខ្ញុំ អ្នកដែលមិនបានចាក់វ៉ាក់សាំងដោយសារមូួលហេតុអី? នៅទីក្រុងភ្នំពេញនេះបានរកឃើញ ២ ករណីហើយ គឺក្រុមក្បាលរឹង និយាយឲ្យត្រង់។ លទ្ធផលបានហើយ គឺលើកមុនបានស្លាប់ម្នាក់ដោយសារក្រុមមិនព្រមចាក់វ៉ាក់សាំង។ យប់មិញបានរាយការណ៍ឲ្យខ្ញុំថា ម្នាក់នេះគឺមិនបានចាក់វ៉ាក់សាំងទេ ជាស្រ្តី ហើយប្រហែលស្ថិតនៅក្នុងក្រុមដែលមិនព្រមចាក់។ អញ្ចឹងខ្ញុំឲ្យស្រាវជ្រាវភ្លាម ទាំងប្ដី ទាំងឪពុក អត់ចាក់។ អញ្ចឹងទេ យើងចង់រកកន្លែងហ្នឹង ដើម្បីយើងអប់រំពួកគាត់ឲ្យទទួលយកវ៉ាក់សាំង ព្រោះនៅពេលខាងមុខ អ្វីក៏វ៉ាក់សាំងដែរ មិនថាតែនៅកម្ពុជា។
ហើយខ្ញុំសូមជម្រាបពាក្យវ៉ាក់សាំងកាតព្វកិច្ចគឺជាពាក្យដើមរបស់ខ្ញុំ កម្មសិទ្ធិបញ្ញារបស់ខ្ញុំ ឥឡូវត្រូវគេយកប្រើទូទាំងពិភពលោក និយាយឲ្យពិត ខ្ញុំមិនមែនមោទនភាពទេ។ មុនដំបូងអង្គការក្រៅរដ្ឋាភិបាលស្ថិតនៅក្នុងប្រទេសកម្ពុជា សុំឱ្យខ្ញុំដកអនុក្រឹត្យហើយថាខ្ញុំបំពានសិទ្ធិុគេ ប៉ុន្តែឥឡូវប្រធានាធិបតីបារាំងដាក់ចេញនូវវិធានការច្បាប់ រហូតដល់កាត់ប្រាក់ខែគ្រូពេទ្យ ៣ ពាន់នាក់ជាង ដែលមិនព្រមចាក់វ៉ាក់សាំង។ អាមេរិកប្រធានាធិបតី Joe Biden បានដាក់ចេញបទបញ្ជាឱ្យចាក់វ៉ាក់សាំងចំពោះមន្ត្រីសហព័ន្ធ ឥឡូវរដ្ឋ Los Angeles ដាក់កាតព្វកិច្ចវ៉ាក់សាំងចំពោះកូនសិស្ស។ អញ្ចឹងអាហ្នឹងជាអ្វីដែរ? ពិតមែនតែ ហ៊ុន សែន និយាយមុន ក៏ប៉ុន្តែរង់ចាំមើលទៅគ្រប់ប្រទេសទាំងអស់ នឹងលែងល្បែងវ៉ាក់សាំងកាតព្វកិច្ច ព្រោះបើមិនអញ្ចឹងអ្នកឯងមិនអាចចូលចុះជាមួយគេទេ ឆ្លងកាត់ទៅប្រទេសគេរៀនសូត្រក៏អត់បាន គេមិនឱ្យទៅ។
អញ្ចឹងទេបានជាខ្ញុំគិតថា យើងត្រូវប្រឹងប្រែងរួមគ្នាដើម្បីស្រាវជ្រាវ ព្រោះមានក្រុមមួយក្រុមដែលបានឃោសនាមិនព្រមចាក់វ៉ាក់សាំង ហើយទៅឃោសនាមិនឱ្យគេចាក់វ៉ាក់សាំង។ ពិតមែនតែយើងចាក់បាន ១៣ លាន ៤ សែន ៥ ម៉ឺននាក់ រួចស្រេចទៅហើយ ដែលអត្រាគ្របដណ្ដប់ជាង ៨៤% ប៉ុន្តែយើងមិនចង់ទុកឱ្យអ្នកប្រឆាំងដែលជឿតាមការឃោសនាអកុសល ពួកគេស្លាប់ទេ យើងចង់ឱ្យពួកគេរស់។ អញ្ចឹងខ្ញុំសូមផ្ញើតាមរយៈទូរទស្សន៍ដែលផ្សព្វផ្សាយទៅនេះ សុំក្រុមអ្នកដែលប្រឆាំងទាំងឡាយបានឃើញឧទាហរណ៍ហើយ។ នៅភ្នំពេញមាន ២ ករណី។ ករណីមុន អាយុ ៤២ ឆ្នាំ ដែលជាអតីតកម្មករ រួចហើយនៅខាងភ្នំប្រសិទ្ធ ប៉ុន្តែដាក់ឈ្មោះក្នុងបញ្ជីមកដេកពេទ្យនៅភ្នំពេញស្លាប់។ ម្សិលមិញមានស្លាប់មួយទៀតនៅភ្នំពេញ ដល់សួរទៅមិនបានចាក់វ៉ាក់សាំង សួរថាមកពីអី? ថាដូចជាលំអៀងទៅរកក្រុមមិនព្រមចាក់។ ដល់ផ្ញើសម្លេងឱ្យស្រាវជ្រាវថា ឥឡូវសួរមើល ឪពុក និងប្ដី បានចាក់ឬអត់? ថាអត់ទាំងអស់។ អញ្ចឹងយើងមិនចង់ឱ្យឪពុក និងប្ដី ស្លាប់បន្តទេ ព្រោះវ៉ាក់សាំងនេះបានជួយច្រើនណាស់ កាត់បន្ថយនៃភាពធ្ងន់ធ្ងរនៃជំងឺ។ ប៉ុន្តែ អ្នកដទៃទៀត លោកយាយ លោកតា គាត់មានវ័យចំណាស់អាយុពី ៧០ ទៅ ៩០ ឆ្នាំហើយគាត់មានជំងឺរ៉ាំរ៉ៃ អាហ្នឹងជារឿងមួយ។ ប៉ុន្តែយើងត្រូវតែស្រាវជ្រាវថា មូលហេតុអីដែលមិនព្រមចាក់វ៉ាក់សាំង ក្នុងពេលដែលវ៉ាក់សាំងរបស់យើងនៅក្នុងឃ្លាំងសល់ ១១ លានដូស សម្រាប់ប្រើប្រាស់ទៅលើការចាក់ដូសទី ៣។ គេចាក់ដល់ដូសទី ៣ ហើយឯងមិនព្រមចាក់។ អញ្ចឹងថ្ងៃក្រោយទៅរស់នៅជាមួយអ្នកណា? អាចថ្ងៃក្រោយផ្ទះរបស់ខ្លួនត្រូវគេបិទទៅទៀត ព្រោះដោយសារឯងវាឆ្លងនៅក្នុងផ្ទះហ្នឹង អញ្ចឹងគេត្រូវតែបិទ។ អាហ្នឹងជាបញ្ហា ដែលខ្ញុំសូមធ្វើការអំពាវនាវចំពោះបងប្អូនទាំងឡាយដែលជឿការញុះញង់ក្រុមអគតិ។
ហើយអ្វីដែលជាមោទនភាពធំបំផុតរបស់យើង កុមារដែលអាយុ ៦-១២ ដែលខ្ញុំព្រួយបារម្ភខ្លាចក្មេងខ្លាចម្ជុល ប៉ុន្តែទីចុងបំផុតយើងពិនិត្យតួលេខដែលខ្ញុំបាញ់ជូនជារៀងរាល់យប់ គឺចំនួននេះទៅជាចាក់បានច្រើនជាងចំនួនកុមារដែលមានអាយុច្រើនជាង។ … យើងមើលអត្រាគ្របដណ្ដប់នៃវ៉ាក់សាំង ខ្ញុំសុំបញ្ជាក់ថាអ្នកដែល(ចាក់វ៉ាក់សាំង)ពីអាយុ ១៨ ឆ្នាំ ឡើងក្នុងចំណោម ១០ លាននាក់ គឺយើងចាក់បាន ៩៩,១៤% កុមារ និងយុវវ័យ អាយុពី ១២-១៨ ឆ្នាំ ចាក់បាន ៨៩,៦៨% កុមារអាយុពី ៦-១២ ឆ្នាំ ចាក់បាន ៩៣,៧៨% អញ្ចឹងវាមានល្បឿនលឿនជាង។ យើងព្រួយបារម្ភក្រែងក្មេងខ្លាចម្ជុល តែនេះវាក្លាហានជាងអីទៀត។ អញ្ចឹងជាចំនួនមួយមិនតូចទេដែលយើងចាក់រហូតទៅដល់ ១៣ លាន ៤ សែន ៥ ម៉ឺននាក់ ក្នុងចំណោមប្រជាជន ១៦ លាននាក់ ដែលអត្រាគ្របដណ្ដប់មកដល់ពេលនេះរហូតទៅដល់ ៨៤,៨១%។ អញ្ចឹងសួរថា ៨៤,៨១% នេះ អាចនៅក្រោមក្មេងអាយុ ១ ខួប ដល់អាយុ ៦ ឆ្នាំ ប៉ុន្តែក៏អាចមានមនុស្សមួយចំនួនមិនព្រមចាក់។ អ្នកដែលមិនព្រមចាក់នេះគឺជាអ្នកដែលនៅឯកោពីគេ ដែលថ្ងៃក្រោយកូនត្រូវទៅរៀនក៏ពិបាក ខ្លួនឯងទៅធ្វើការនៅកន្លែងណា ក៏គេមិនទទួលដែរ គេមិនឱ្យដើរចូល។
អញ្ចឹងខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះបងប្អូនដែលចាញ់បោកគេ ព្រោះយើងទុកកន្លែងចាក់វ៉ាក់សាំងនៅគ្រប់ទីកន្លែង ទៅចាក់ទៅកុំខ្មាសកុំអៀនអីការស្លាប់មិនមកវិញទេ ហើយនឹងធ្វើឱ្យអ្នកនៅក្នុងផ្ទះរបស់ខ្លួនក្លាយទៅជាជនរងគ្រោះនៅពេលក្រោយថែមទៀត។ គ្រាន់តែជាការអំពាវនាវ ព្រោះគ្មានអ្នកណាទៅស្លាប់ជួសយើងទេ និយាយឱ្យច្បាស់ៗជាមួយគ្នា។ ខំរកវ៉ាក់សាំង ថវិកាមានតិចតួច បញ្ចេញថវិកាទៅទិញ និងស្នើសុំគេ យកវ៉ាក់សាំងមកសម្រាប់ធ្វើការចាក់។ ប៉ុន្តែអ្វីដែលខ្ញុំស្ងើចសរសើរ គឺបងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង បានប្រឹងប្រែងណាស់ ក្នុងរយៈកាលនៃដំណាក់កាល COVID-19 នេះហាក់ដូចជាស្ទើរតែទន់ដៃទន់ជើងទៅហើយ ដែលការខិតខំក្នុងនោះក្រុមគ្រូពេទ្យរបស់យើងបានខិតខំធ្វើការ។
ហើយថ្ងៃនេះយើងឆ្លងសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្ម។ អាចចោទចេញជាសំណួរថា ម៉េចក៏ធ្វើលឿនម្ល៉េះ? សុំបញ្ជាក់ថា ហេតុផលដែលធ្វើលឿន ទី ១ យើងធ្វើការអត់ដេកអត់ពួននិយាយតាមមួយបែប។ អ្នកឯងធ្វើការមួយខែ ខ្ញុំធ្វើការតែ ៣ ថ្ងៃ គ្រប់គ្រាន់ ព្រោះប៉ុន្មានមាត្រានៅក្នុងរដ្ឋធ្មនុញ្ញ គឺបានសិក្សាបញ្ចូល ដូច្នេះវាអត់សាំញ៉ាំ ធ្វើការអត់ដេក។ ទី ២ ដើម្បីបញ្ចប់ឋានៈរបស់ ហ៊ុន សែន អោយស្រូតបំផុតតាមដែលអាចធ្វើទៅបាន។ នៅពេលដែលធម្មនុញ្ញចូលជាធរមានហើយ គឺឋានៈនាទីរបស់ ហ៊ុន សែន ត្រូវបានបញ្ចប់ ព្រោះដោយសាតែគេចោទប្រកាន់ថា ហ៊ុន សែន មានសញ្ជាតិពីរ។ ប៉ុន្តែ បើសិនជា ហ៊ុន សែន អត់មានសញ្ជាតិ ២ ទេ ហ៊ុន សែន នៅតែបន្ត។ ខ្ញុំបង្ហោះក្នុង Facebook តើ លេងកុំខឹង ខឹងកុំលេងព្រោះទ្វារបានបិទជារៀងរហូតហើយ សម្រាប់អ្នកមានសញ្ជាតិពីរហើយប៉ុនប៉ងយកតំណែង ឬហៅថាស្វែងរកតំណែងកំពូលទាំងបី ពិសេសតំណែងនាយករដ្ឋមន្ដ្រី ត្រូវបានបិទជាស្ថាពរ ព្រោះដាក់ចូលក្នុងរដ្ឋធម្មនុញ្ញព្រឹប លោកឯងចាំដល់ជាតិក្រោយក៏មិនអាចស្វែងរកសម្លេងពីរភាគបីបានដែរ។ អញ្ចឹងយើងត្រូវធ្វើឲ្យបានស្រូត ដើម្បីឲ្យមានភាពច្បាស់លាស់ ថាតើអ្នកណាសញ្ជាតិមួយ អ្នកណាសញ្ជាតិពីរ?
បញ្ហាមានបញ្ហាចំពោះមុខ តែវាមានផលប្រយោជន៍រយៈពេលសម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្ដីភាពចំពោះជាតិមាតុភូមិ។ ហេតុអ្វីបានជាមិនហ៊ានយកសញ្ជាតិតែមួយ? … ហើយកន្លែងនេះវាទំនាស់ផលប្រយោជន៍។ ការជ្រៀតជ្រែកពីបរទេសទៅលើតំណែងដ៏សំខាន់នេះ គឺអាចកើតមានយ៉ាងច្បាស់ ព្រោះអ្នកមានសញ្ជាតិពីរ ត្រូវបង់ពន្ធនៅក្រៅប្រទេស ហើយគេអាចកំញើញថា បើមិនធ្វើតាមគេ ទ្រព្យសម្បតិ្ដអ្នកឯងនៅក្រៅប្រទេស គេអាចនឹងរឹបអូស ឬអីផ្សេងៗ ដូចនេះនៅក្រោមឥទ្ធិពលគេ។ ប៉ុន្ដែ យើងធ្វើនេះ សំដៅមកប៉ះពាល់មនុស្សតែ ៤ នាក់ទេ។ បងប្អូនខ្លះតាមការស្ទង់មតិ សូម្បីបណ្ឌិត សេង សារី ដែលធ្វើសម្ភាសន៍ គាត់ថា គាត់ចង់គ្របដណ្ដប់ចាប់តាំងពីអនុរដ្ឋលេខាធិការឡើងទៅ បានសេចក្ដីថាមន្ដ្រីមុខងារនយោបាយគឺគ្របដណ្ដប់ទាំងអស់ ទុកតែមន្ដ្រីសាធារណៈ។ ប៉ុន្ដែបើយើងធ្វើអញ្ចឹង វានឹងប៉ះពាល់ទៅដល់បងប្អូនដទៃទៀត ដែលបង្ខំរត់ភៀសខ្លួនចេញទៅក្រៅប្រទេស ហើយបានទៅនៅបរទេស ហើយត្រឡប់មកវិញ ដើម្បីរួមចំណែកកសាងប្រទេសក្នុងឋានៈជាមន្ដ្រីថ្នាក់នេះ/នោះ។ បើយើងបិទច្រករបៀបនេះ វាជាភាពចង្អៀតចង្អល់មួយ ខណៈប្រទេសរបស់យើងខុសពីប្រទេសដទៃ។ ប្រទេសដទៃ សូម្បីសិង្ហបុរី បើចង់ចូលសញ្ជាតិសិង្ហបុរី ត្រូវលាសញ្ជាតិខ្មែរ ខ្ញុំចុះហត្ថលេខាស្នើ។ (និយាយ)បញ្ជាក់ដើម្បីបានយល់ពីបញ្ហាហ្នឹង។
ប៉ុន្ដែ យើងទុកឱកាសសម្រាប់ឲ្យអ្នកដែលមានសញ្ជាតិពីរអាចធ្វើបានជា រដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី អនុប្រធានសភា អនុប្រធានព្រឹទ្ធសភា ប៉ុន្ដែប៉ះពាល់ជាមួយតែមនុស្សបួននាក់តើ។ ចាំមើល! ខ្ញុំរង់ចាំមើល អ្នកណាប្រឆាំងនឹងការធ្វើនេះ អ្នកនោះគឺមានបំណងចង់ធ្វើនាយករដ្ឋមន្ដ្រី ឬគាំទ្រអ្នកត្រៀមធ្វើនាយករដ្ឋមន្ដ្រី(មានសញ្ជាតិពីរ) ហើយចាំស៊ីពែធ្វើជាតំណែងរដ្ឋមន្ដ្រី ឬរដ្ឋលេខាធិការ អាហ្នឹងយើងនឹងចាំមើល ព្រោះប៉ះពាល់មនុស្សតែបួននាក់ទេ គឺអ្នកកាន់តំណែង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី និងអ្នកកាន់តំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ អញ្ចឹងផលប្រយោជន៍រយៈពេលវែងកម្ពុជានៅពេលអនាគតត្រូវធ្វើខ្មែរូបនីយកម្ម លើបញ្ហាបន្ថែមទៀតនៅពេលក្រោយ។ ពេលនោះយើងនឹងគិតដល់ តែឥឡូវនេះវាមិនទាន់ដល់ពេលទេ ។
ហើយរឿងនេះ ហេតុអ្វីបានត្រូវធ្វើស្រូត? ខ្ញុំបញ្ជាក់អម្បាញ់មិញ ដើម្បីបញ្ជាក់ ទី ១ គឺល្បឿនការងាររបស់យើងគឺលឿន។ ទី ២ គឺដើម្បីបញ្ជាក់ឲ្យច្បាស់។ ហើយឯកឧត្តម ប្រាក់ សុខុន ត្រូវតែធ្វើកិច្ចការងារនេះឲ្យបានល្អជាមួយ រដ្ឋស៊ីបព្រ (Cyprus) នេះជាទំនាក់ទំនង រដ្ឋនិងរដ្ឋ។ រដ្ឋទាំងពីរទទួលរងគ្រោះដូចគ្នា។ រាជរដ្ឋាភិបាលកម្ពុជាប៉ះពាល់ទៅលើមេដឹកនាំកម្ពុជា គឺនាយករដ្ឋមន្ដ្រីកម្ពុជា។ ឯស៊ីបព្រ (Cyprus) ខ្លួនឯងត្រូវខូចឈ្មោះខ្លួនឯង ដោយសារគេយកឈ្មោះស៊ីបព្រទៅបន្ដុះបង្អាប់ថា ហ៊ុន សែន ទិញសញ្ជាតិ និង មាន passport។ អញ្ចឹងទេ រដ្ឋទាំងពីរសុទ្ធតែជារដ្ឋរងគ្រោះដូចគ្នា ដោយសារតែសារព័ត៌មាន The Guardian។ ពិតមែនតែសារព័ត៌មានបានកែទៅហើយ តែយើងត្រូវបញ្ជាក់រវាងរដ្ឋ និងរដ្ឋជាមួយគ្នា។ បើចាំបាច់ ឯកឧត្តម ប្រាក់ សុខុន ឬ ឯកឧត្តម កើត រិទ្ធ ជួបរដ្ឋមន្ដ្រីការបរទេស ឬរដ្ឋមន្ដ្រីយុត្ដិធម៌ តាមប្រព័ន្ធវីដេអូ និយាយគ្នាឲ្យច្បាស់រឿងហ្នឹង ព្រោះរឿងនេះ វាមិនត្រូវចប់ទេ ព្រោះយើងបានស្នើសុំកិច្ចសហប្រតិបត្ដិការក្នុងនាមរដ្ឋនិងរដ្ឋ មិនអាចយកអាហ្នឹងធ្វើជាល្បែងលេងសើចថារឿងនេះជារឿងតូចតាច មិនមែនជារឿងតូចតាចទេ ជារឿងទាក់ទងនឹងមេដឹកនាំជាតិមួយ ដែលត្រូវគេមួលបង្កាច់។ ឯនៅស៊ីបព្រ (Cyprus) វាខូចខាតមុខមាត់របស់រដ្ឋាភិបាលស៊ីបព្រនោះតែម្ដង អញ្ចឹងយើងត្រូវធ្វើ។ … ឲ្យទូតយើងនៅប៉េកាំងជួបទូត Cyprus ដែលបានបញ្ជាក់ហើយ បើគាត់មិនឆ្លើយទេ យើងធ្វើ note ទូតៗ។ ប៉ុន្ដែ រកការសហការ។ ឥឡូវយើងបានធ្វើ note ទូត បញ្ជូនទៅអគ្គរដ្ឋទូត EU នៅភ្នំពេញ ធ្វើ note ទូត បញ្ជូនលិខិតរបស់រដ្ឋមន្ដ្រីការបរទេស និងរដ្ឋមន្ដ្រីយុត្ដិធម៌ ឲ្យបណ្ដាអគ្គរដ្ឋទូតនៅសភាពអឺរ៉ុប រាប់ទាំងអង់គ្លេស ដោយសារតែកាសែតហ្នឹងវាជារបស់អង់គ្លេស។
អញ្ចឹងចាំបាច់ត្រូវធ្វើអាហ្នឹងឲ្យបានលឿន ព្រោះសម្លេងគាំទ្រវាធំ ទំហំមហាសាល។ ថ្ងៃមុន ខ្ញុំបានដាក់ឲ្យសិក្សាថា តើគួរធ្វើសេចក្ដីព្រៀងច្បាប់ ឬធ្វើសេចក្ដីស្នើច្បាប់? ប៉ុន្ដែឥឡូវ យើងយកសេចក្ដីព្រៀងច្បាប់។ នាយករដ្ឋមន្ដ្រីមានគំនិតផ្ដួចផ្ដើមធ្វើសេចក្ដីព្រៀងច្បាប់តើ។ រដ្ឋធម្មនុញ្ញបើក រួចហើយនាយករដ្ឋមន្ដ្រីធ្វើលិខិតថ្វាយព្រះមហាក្សត្រ សុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រព្រះអង្គទ្រង់សួរទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញថ្វាយព្រះរាជយោបល់ទៅព្រះមហាក្សត្រ។ ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមើល តើប៉ះពាល់អ្វីដែលរដ្ឋធម្មនុញ្ញហាមឃាត់ឬអត់? ជាពិសេសរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ បើអត់ប៉ះពាល់ទេ ធ្វើបាន។ ព្រះមហាក្សត្រទទួលបាននូវយោបល់ពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រះមហាក្សត្រនឹងបញ្ជាក់មករាជរដ្ឋាភិបាល ហើយរដ្ឋាភិបាលនឹងបញ្ជូនទៅសភា។ អញ្ចឹងរដ្ឋធម្មនុញ្ញមួយចេញបាន។ នេះហើយជាមូលហេតុដែលថ្ងៃនេះត្រូវដកនូវកថាខណ្ឌទាក់ទិនជាមួយនឹងកម្មវិធីសេចក្ដីព្រៀងវិនិយោគសាធារណៈទុកវាមួយឡែកសិន។
ឥឡូវនេះ សូមអ្នកសារព័ត៌មានចាកចេញពីទីនេះ ហើយយកសម្លេងនេះចែកគ្នាចាក់ផ្សាយ៕