- សូមថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈជាទីគោរពសក្ការៈ
- សូមថ្វាយបង្គំសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ- កម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ
- សម្តេចឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ តំណាងគ្រប់និកាយសាសនា
- បងប្អូនជនរួមជាតិជាទីស្រឡាញ់ !
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃការប្រារព្វពិធីអន្តរសាសនា ក្រោមប្រធានបទ សូមពិភពលោក រួចផុតពីគ្រោះ នៃជំងឺរាតត្បាតសកលកូវីដ-១៩ និងអំពើជួញដូរមនុស្ស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្មគ្រប់ជាតិសាសន៍ និងជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្មារតីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅក្នុងគ្រប់កាលៈទេសៈ ក៏ដូចជាពិភពលោកដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ។
ចាប់តាំងពីឆ្នាំ ២០១៧ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងប្រារព្ធពិធីអន្តរសាសនាយ៉ាងអធិកអធម ប្រឆាំងការជួញដូរមនុស្ស។ កន្លងមក ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំបានប្រគល់ភារកិច្ចនេះជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាតំណាង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេដឹកនាំគ្រប់និកាយសាសនា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំម្រន្តីរាជការ ពីគ្រប់ក្រសួងស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជនរាប់ពាន់នាក់ ដើម្បីធ្វើពិធីបួងសួងតាមបែបសាសនា និងប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សក្នុងគ្រប់រូបភាព។
កម្ពុជាបានផ្អាកការជួបជុំទ្រង់ទ្រាយធំកាលពីឆ្នាំ ២០២០ កន្លងទៅ ដើម្បីអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ នៅឆ្នាំ ២០២១ នេះ វិបត្តិ កូវីដ-១៩ នៅតែបន្តឆ្លងរាតត្បាត ចំណែកការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ក៏កំពុងត្រូវបានជនឆ្លៀតឱកាសប្រើគ្រប់មធ្យោបាយទាញយកផលចំណេញពីស្ថានភាពដ៏លំបាកនេះ។ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា វេទិកាអន្តរសាសនាត្រូវតែរៀបចំតាមគន្លងថ្មី ដើម្បីក្រើនរំលឹកផ្នែកស្មារតីដល់ប្រជាជនគ្រប់ជាតិសាសន៍ និងជំនឿសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោក ដើម្បីផ្លាស់ប្តូរ ហើយសម្របខ្លួនតាមបែបគន្លងថ្មីក្នុងសម័យកូវីដ ជាមួយនឹងការប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ សន្តោសប្រណី យកចិត្តទុកដាក់ដល់ឤយុជីវិត និងសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិគ្រប់ជាតិសាសន៍ និងជំនឿសាសនា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំមានមោទនភាពចំញេះការរក្សាបាននូវភាពសុខុដុមរមនានៃគ្រប់ជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងសកម្ម ជាពិសេស ការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ចែករំលែកពុំចេះរីងស្ងួត ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងគ្រាដ៏លំបាកនេះ។
- សម្តេចឯកឧត្តម លោកជំទាវ លោក លោកស្រី
- បងប្អូនជនរួមជាតិជាទីស្រឡាញ់ !
ពេលនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បាននិងកំពុងពុះពារគ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងសង្គម ជាពិសេសការបង្ការទប់ស្កាត់គ្រប់រូបភាពទៅនឹងជំងឺរាតត្បាតសកល ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ ដើម្បីឱ្យប្រទេសជាតិ និងប្រជាជនយើងវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈដៃម្ខាងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដៃម្ខាងទៀត ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ-១៩ តាមគ្រប់រូបភាព ទាំងការបង្ការទប់ស្កាត់ការព្យាបាល និងការស្តារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ដែលទទួលរងនូវផលប៉ះពាល់។ ដូច្នេះ ការដាក់ប្រជាពលរដ្ឋ ឬអ្នកត្រឡប់មកពីតំបន់មានហានិភ័យឱ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬផ្អាកការឆ្លងដែនខុសច្បាប់នៅក្នុងដំណាក់កាលនៃការរឹតបន្តឹងវិធានការការពារសុវត្ថិភាព មិនមានន័យថា ជាការបិទសិទ្ធិសេរីភាព ឬការរើសអើង ដូចក្រុមជនអគតិបង្កបញ្ហាមួយក្រុមដែលមាននិន្នាការប្រឆាំងផ្កាប់មុខ បាននិងកំពុងតែឃោសនាមួលបង្កាច់បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាវិធានការការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនេះ បន្ទាប់ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិតសម្រេចបានតាមផែនការជាស្ថាពរ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចាក់វ៉ាក់សាំងជូនកុមារ យុវវ័យ ឤយុចាប់ពី ១២ ឆ្នាំ និងក្រោម ១៨ ឆ្នាំ ឱ្យបានមុនដំណាច់ឆ្នាំ ២០២១ ដើម្បីបង្កើតភាពស៊ាំ កាត់បន្ថយការចម្លងចូលក្នុងសហគមន៍ ធ្វើឱ្យប្រជាជនយើង មានជីវភាពប្រក្រតីឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវអំណរគុណចំពោះស្មារតីសាមគ្គីភាព និងការជួយគ្នាក្នុងគ្រាលំបាក នៃបណ្តាប្រទេសជាមិត្តដែលបានផ្តល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិនដែលជាប្រទេសឈានមុខក្នុងការផ្តល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងតាមការបញ្ជាទិញ ក៏ដូចជាប្រទេសជប៉ុន ប្រទេសអង់គ្លេស ប្រទេសឤមេរិកដែលធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងប្រព្រឹត្តទៅលឿនជាងការគ្រោងទុក។ ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាពិសេសអង្គការសុខភាពពិភពលោក (WHO) ឤយអូអឹម (IOM) យូអិនអេហ្វភីអេ (UNFPA) យូនីសេហ្វ (UNICEF) អង្គការហ្វាវ (FAO) យូអិនឌីភី (UNDP) និងអង្គការដៃគូអភិវឌ្ឍអន្តរជាតិ និងស្ថានតំណាងពីបណ្តាប្រទេសនានាក្នុងសកលលោក ព្រមទាំងវិនិយោគិនបរទេស និងក្នុងស្រុកដែលតែងតែនៅជាមួយកម្ពុជា សហការជួយដោះស្រាយក្នុងស្ថានភាពដ៏លំបាកនេះ។ សូមថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន អង្គភាពក្រុមគ្រូពេទ្យ ទាំងស៊ីវិល ទាំងកងកម្លាំងការពារជាតិ កម្លាំងនគរបាល គ្រូពេទ្យស្ម័គ្រចិត្ត ឤជ្ញាធរសមត្ថកិច្ចគ្រប់ផ្នែក និងមន្ត្រីជួរមុខ តាមបណ្តាខេត្តជាប់ព្រំដែន អ្នកបម្រើការតាមមណ្ឌលចត្តាឡីស័ក តាមមន្ទីរព្យាបាល នៅសហគមន៍ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល គ្រប់និកាយសាសនា វិស័យឯកជន និងសប្បុរសជន ដែលបានលះបង់កម្លាំងកាយចិត្ត ធនធានសម្ភារ និងថវិកា ដើម្បីជួយជ្រោមជ្រែងរាជរដ្ឋាភិបាលដោះស្រាយគ្រប់បញ្ហា និងគ្រប់ដំណាក់កាល។ សូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ដឹកនាំសាសនា អង្គការការីតាសកម្ពុជា និងអន្តរជាតិ បណ្តាអង្គការជាដៃគូដែលបានចូលរួមគាំទ្រវេទិកាជាតិ អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩។ សូមបងប្អូនជនរួមជាតិនៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ-៣ កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំ ចៀសផុតពីការឆ្លងនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ។
ជាទីបញ្ចប់ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមថ្វាយព្រះពរចំពោះព្រះករុណាសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេ ប្រកបដោយព្រះរាជសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះប្រាជ្ញាភ្លឺថ្លា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅប្រជានុរាស្ត្រកម្ពុជា សូមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះសុខភាពល្អ ដើម្បីដឹកនាំសាសនាជាតិឱ្យបានរុងរឿងតរៀងទៅ និងសូមសម្ដេច ឯកឧត្តម លោកជំទាវ ឧកញ៉ា ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន លោក លោកស្រី លោកគ្រូ អ្នកគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទ ឤជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្រន្តីរាជការ ថ្នាក់ដឹកនាំ និងសាសនិកគ្រប់និកាយសាសនា សហគមន៍អន្តរជាតិ សង្គមស៊ីវិល អ្នកសារព័ត៌មាន និងបងប្អូនជនរួមជាតិ សូមមានសុខភាពល្អចៀសផុត ពីជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសបើកកម្មវិធីបួងសួង និងសូមព្រះបារមីដ៏ស័ក្តិសិទ្ធិនៃព្រះសម្មាសម្ពុទ្ធ ព្រះឤឡោះ ព្រះយេស៊ូគ្រិស្ត និងព្រះគ្រប់សាសនា ព្រមទាំងបារមីវត្ថុស័ក្តិសិទ្ធិលើលោក ប្រទានពរ សូមឱ្យពិភពលោករួចផុតពីគ្រោះនៃជំងឺរាតត្បាតសកលកូវីដ-១៩ និងអំពើជួញដូរមនុស្ស និងគ្រោះមហន្តរាយទាំងឡាយ ដែលបម្រុងកើតមាន សូមឱ្យធូរស្រាល និងសាបសូន្យបន្តិចម្តងៗ ចាប់ពីពេលនេះតទៅ។
(សម្លេង ស្គរ ជួង បន្លឺកងរំពង បន្ទាប់មក គឺពិធីបួងសួងតាមបែបសាសនានីមួយៗ)