សុន្ទរកថា ក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២
ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ ២០២២; ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ ២០២២; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ជាទីមេត្រី ! ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ៖ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ខ្ញុំក៏មានសេចក្តីរីករាយដោយកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍ថ្ងៃនេះទទួលបានការចាប់អារម្មណ៍ និងមានការចូលរួមពីបុគ្គលសំខាន់ៗ ដែលនឹងផ្ដល់នូវអនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុង ការកំណត់អាទិភាពការងារ ក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ ដើម្បីដោះស្រាយនូវបញ្ហាដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ។ បន្ថែមលើនេះ, ខ្ញុំកត់សម្គាល់ផងដែរថា ប្រធានបទដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលនេះ មានលក្ខណៈស្របទៅនឹងមូលបទរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងគោលបំណងពន្លឿន និងសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែងជារួមរបស់អាស៊ាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ នូវរបៀបវារៈសមាហរណកម្មសេដ្ឋកិច្ច និងការកសាងឡើងវិញប្រកបដោយបរិយាប័ន្ន, ភាពប្រកួតប្រជែង, ភាពធន់រឹងមាំ និងសមធម៌ក្រោយវិបត្តិកូវីដ-១៩។ ជាការពិត, យើងទាំងអស់គ្នាត្រូវសហការគ្នា ដើម្បីធានាថា អាស៊ាននៅតែជាតំបន់ដែលមានភាពទាក់ទាញ និងរស់រវើក សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ ជិតបីឆ្នាំមកនេះ…