ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន;
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ ២០២២;
ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ ២០២២;
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ជាទីមេត្រី !
ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ៖ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ខ្ញុំក៏មានសេចក្តីរីករាយដោយកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍ថ្ងៃនេះទទួលបានការចាប់អារម្មណ៍ និងមានការចូលរួមពីបុគ្គលសំខាន់ៗ ដែលនឹងផ្ដល់នូវអនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុង ការកំណត់អាទិភាពការងារ ក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ ដើម្បីដោះស្រាយនូវបញ្ហាដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ។ បន្ថែមលើនេះ, ខ្ញុំកត់សម្គាល់ផងដែរថា ប្រធានបទដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលនេះ មានលក្ខណៈស្របទៅនឹងមូលបទរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងគោលបំណងពន្លឿន និងសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែងជារួមរបស់អាស៊ាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ នូវរបៀបវារៈសមាហរណកម្មសេដ្ឋកិច្ច និងការកសាងឡើងវិញប្រកបដោយបរិយាប័ន្ន, ភាពប្រកួតប្រជែង, ភាពធន់រឹងមាំ និងសមធម៌ក្រោយវិបត្តិកូវីដ-១៩។ ជាការពិត, យើងទាំងអស់គ្នាត្រូវសហការគ្នា ដើម្បីធានាថា អាស៊ាននៅតែជាតំបន់ដែលមានភាពទាក់ទាញ និងរស់រវើក សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
ជិតបីឆ្នាំមកនេះ អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញវិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩, កាត់បន្ថយផលប៉ះពាល់មកលើសង្គមសេដ្ឋកិច្ច, និងជាពិសេស បានដាក់ចេញនូវ “ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និង វិនិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្តារឡើងវិញពីការវិបត្តិនៃជំងឺកូវីដ-១៩។ ជាក់ស្តែង, យោងតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយនឹងការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១% ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុកនូវកំណើនក្នុងអត្រា ៥,៣% និង ៤.៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា។
ឆ្លៀតឱកាសនេះ, ខ្ញុំសូមជម្រាបជូនកិច្ចប្រជុំកំពូលនេះផងដែរថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ ក៏បានកំណត់បន្ថែមនូវ “គោលដៅយុទ្ធសាស្ត្រចំនួន៤» នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ (១). ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; (២). ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន; (៣). ការជំរុញសមាហរណកម្ម, បរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឲ្យខ្លាំងជាងមុន; និង (៤). អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ផងដែរ។ ឈរលើមូលដ្ឋាននេះ, សមាជិកអាស៊ានបានខិតខំយ៉ាងសកម្ម ក្នុងការសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (Priority Economic Deliverables) ទាំង ១៩ ដែលត្រូវបានកំណត់កន្លងមក។
- ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល កំពុងស្រាកស្រាន្ដគួរឱ្យកត់សម្គាល់, ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និងងាយរងនូវវិបត្តិថ្មី, ដោយយើងនៅបន្តប្រឈមនឹងបញ្ហាថ្មីៗ និងកាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជាបន្តបន្ទាប់, ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន និងភូមិសាស្ត្រនយោបាយ។ ក្នុងស្មារតីនេះ, អាស៊ានត្រូវបន្តប្រកាន់ភ្ជាប់នូវគោលការណ៍ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្តជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់អាស៊ាន ឱ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាប័ន្ន, ទន្ទឹមត្រូវបន្តរក្សាឱ្យបាននូវ «មជ្ឈភាព» និង «ឯកភាពអាស៊ាន» ក្នុងការកសាងទំនាក់ទំនងសកល និងតំបន់។ បន្ថែមលើនេះ, អាស៊ានក៏ត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សាបាននូវទំនើបកម្ម, ទាន់សម័យ, មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះនិន្នាការធុរកិច្ច និងការវិនិយោគ នាបច្ចុប្បន្ន។
ដោយឡែក, ខ្ញុំសូមយកឱកាសនេះគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) គឺជាសមិទ្ធផលមួយដ៏សំខាន់របស់អាស៊ានដោយយើងបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបើកទូលាយសេដ្ឋកិច្ចព្រមទាំងធ្វើពិពិធកម្មទីផ្សារតំបន់របស់យើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះនឹងជំរុញដល់ការធ្វើពាណិជ្ជកម្ម ទាំងក្នុង និងក្រៅអាស៊ាន ក៏ដូចជាធ្វើឱ្យកាន់តែទូលំទូលាយថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ដូច្នេះ, នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ កាលពីខែសីហាកន្លងទៅ, កម្ពុជាបានស្នើឱ្យមានលេខាធិការដ្ឋានអាសិប នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះពាណិជ្ជកម្មសេរី និងការបើកចំហក្នុងតំបន់អាស៊ាន។
- ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
ជាការពិត, ការសម្រេចបាននូវការស្ដារកំណើនសេដ្ឋកិច្ច ក៏ដូចជាការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញក្នុងតំបន់នាពេលកន្លងមក គឺមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជន។ ខ្ញុំសូមឆ្លៀតយកឱកាសនេះកោតសរសើរដល់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងការដាក់ចេញនូវសមិទ្ធផលការងារប្រចាំឆ្នាំ ព្រមទាំងលើកឡើងនូវអនុសាសន៍ល្អៗមួយចំនួនសម្រាប់អាស៊ានពិចារណា ដែលគាំទ្របន្ថែមទៀតដល់ដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈការជួយធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ក្នុងបរិការណ៍ដែលស្ថានភាពសង្គម-សេដ្ឋកិច្ចបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ, ខ្ញុំសូមគូសបញ្ជាក់ថា វិស័យឯកជនមានតួនាទីកាន់តែសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមជាមួយអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន, ភាពធន់ និង ចីរភាព ដូចជា៖ (១). ការជំរុញសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ, ជាពិសេស ការជំរុញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ានដែលមានស្រាប់; (២). ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន, បច្ចេកវិទ្យាឌីជីថល, ការស្រាវជ្រាវ និងអភិវឌ្ឍន៍, និងការលើកកម្ពស់នវានុវត្តន៍; (៣). ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹង និងចំណេះធ្វើ ការបណ្តុះបណ្តាលជំនាញឡើងវិញ (Re-skilling) និងការលើកកម្ពស់ជំនាញបន្ថែម (Upskilling); (៤). ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន និងការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ការកាត់បន្ថយគម្លាតឌីជីថល; (៥). ការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្ដារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ។ល។
- ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
សម្រាប់កម្ពុជា, ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់, ចីរភាព និង បរិយាប័ន្ន, រាជរដ្ឋាភិបាលបានអនុម័តនូវ «ច្បាប់ស្ដីពីវិនិយោគ» ថ្មីមួយ និងបានដាក់ចេញនូវ «ក្រប ខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។ រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និងឌីជីថល; លើកកម្ពស់គុណភាពសេវាឡូជីស្ទិក, បង្កើនប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈ, ជំរុញការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គម ជាដើម។ ជាមួយគ្នានេះ, ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងអាសិប, កម្ពុជាសូមបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធាននៃច្បាប់ និងសូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគី។
ជាងនេះទៅទៀត, ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និងការបំផ្លាញបរិស្ថាន ជាដើម, កម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ច ប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន។ កម្ពុជាសូមសម្តែងការប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរឱ្យកិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងសូមជូនពរឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មានសុខភាពល្អ និងមានជោគជ័យលើគ្រប់ភារកិច្ចរៀងៗខ្លួន ជាពិសេសទទួលបាននូវផាសុកភាព និងសេចក្តីរីករាយ ក្នុងអំឡុងនៃការស្នាក់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ានឆ្នាំ ២០២២ ពីពេលនេះតទៅ!
សូមអរគុណ!